អត្ថបទសិក្សា ២១
ចម្រៀងលេខ១០៧ គំរូរបស់ព្រះអំពីការបង្ហាញសេចក្ដីស្រឡាញ់
របៀបរកមើលគូអាពាហ៍ពិពាហ៍
«តើអ្នកណាអាចរកបានប្រពន្ធល្អ? នាងមានតម្លៃលើសអស់ទាំងត្បូងថ្លៃៗទៅទៀត»។—សុភ. ៣១:១០
ចំណុចផ្ដោត
គោលការណ៍ដែលអាចជួយបុគ្គលណាម្នាក់ឲ្យរកឃើញគូអាពាហ៍ពិពាហ៍ដែលស័ក្តិសមនឹងខ្លួន និងរបៀបដែលបងប្អូនក្នុងក្រុមជំនុំអាចគាំទ្របងប្អូននៅលីវដែលចង់រៀបការ។
១-២. (ក) តើគ្រិស្តសាសនិកនៅលីវគួរគិតយ៉ាងដិតដល់អំពីអ្វីមុនពេលចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយនឹងអ្នកណាម្នាក់? (ខ) តើ«ការស្វែងយល់ចិត្តគ្នា»មានន័យយ៉ាងណា? (សូមមើល«ការពន្យល់ពាក្យ»)
តើអ្នកចង់រៀបការឬទេ? ទោះបីជាការរៀបអាពាហ៍ពិពាហ៍មិនមែនជាអ្វីដែលចាំបាច់ដើម្បីមានសុភមង្គលក៏ដោយ គ្រិស្តសាសនិកនៅលីវជាច្រើនមិនថាចាស់ឬក្មេងទន្ទឹងរង់ចាំមានគូអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខ។ ពិតណាស់ មុនស្វែងយល់ចិត្តអ្នកណាម្នាក់ អ្នកគួរមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ស្គាល់ខ្លួនឯងច្បាស់ និងអាចចេះទុកដាក់លុយកាក់ក្នុងជីវិតអាពាហ៍ពិពាហ៍។a (១កូ. ៧:៣៦) យ៉ាងនេះ អ្នកទំនងជានឹងមានជីវិតអាពាហ៍ពិពាហ៍ដ៏សប្បាយរីករាយ។
២ ប៉ុន្តែ មិនតែងតែងាយស្រួលឲ្យយើងរកគូដែលស័ក្ដិសមនឹងយើងទេ។ (សុភ. ៣១:១០) សូម្បីតែពេលដែលយើងរកឃើញបុគ្គលដែលយើងចង់ស្គាល់ច្បាស់ជាង ក៏ប្រហែលជាមិនស្រួលឲ្យយើងចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយគាត់នោះទេ។b ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលអាចជួយគ្រិស្តសាសនិកនៅលីវឲ្យរកឃើញគូល្អ ហើយចាប់ផ្ដើមស្វែងយល់ចិត្តគ្នា។ យើងក៏នឹងពិចារណាអំពីរបៀបដែលបងប្អូនក្រុមជំនុំអាចជួយពួកអ្នកដែលចង់រៀបការ។
របៀបស្វែងរកគូដ៏ស័ក្ដិសម
៣. តើគ្រិស្តសាសនិកនៅលីវគួរពិចារណាអ្វីខ្លះពេលស្វែងរកគូអាពាហ៍ពិពាហ៍?
៣ បើអ្នកចង់រៀបការគឺល្អបំផុតឲ្យអ្នកដឹងថាតើអ្នកចង់បានគូដែលមានលក្ខណៈបែបណា មុនអ្នកចាប់ផ្ដើមស្វែងយល់ចិត្តគ្នា។c បើមិនដូច្នេះទេ អ្នកប្រហែលជាមើលរំលងបុគ្គលណាម្នាក់ដែលអាចទៅជាគូល្អសម្រាប់អ្នក ឬអ្នកអាចចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយបុគ្គលម្នាក់ដែលមិនល្អសម្រាប់អ្នក។ ពិតមែន បុគ្គលដែលអ្នករកមើលជាគូគួរតែជាគ្រិស្តសាសនិកដែលទទួលការជ្រមុជទឹករួចហើយ។ (១កូ. ៧:៣៩) ប៉ុន្តែ មិនមែនបុគ្គលដែលទទួលការជ្រមុជទឹករួចហើយទាំងអស់ នឹងទៅជាគូអាពាហ៍ពិពាហ៍ល្អសម្រាប់អ្នកទេ។ ដូច្នេះ អ្នកអាចសួរខ្លួនអ្នកថា ‹តើខ្ញុំមានគោលដៅអ្វីខ្លះក្នុងជីវិត? តើខ្ញុំចាត់ទុកគុណសម្បត្តិណាសំខាន់ចាំបាច់ពីគូអាពាហ៍ពិពាហ៍? តើការរំពឹងរបស់ខ្ញុំសមហេតុផលឬទេ?›។
៤. តើបងប្អូនខ្លះសំណូមពរអ្វីខ្លះក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគេ?
៤ បើអ្នកចង់រៀបការ អ្នកទំនងជាបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ។ (ភី. ៤:៦) ពិតមែនថាព្រះយេហូវ៉ាមិនបានសន្យាថាអ្នកបម្រើរបស់លោកនឹងរកឃើញគូអាពាហ៍ពិពាហ៍ទេ តែលោកយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការនិងអារម្មណ៍របស់អ្នក ហើយលោកអាចជួយអ្នកពេលដែលអ្នកព្យាយាមស្វែងរកគូ។ ដូច្នេះ សូមបន្តប្រាប់លោកអំពីអារម្មណ៍និងបំណងចិត្តរបស់អ្នក។ (ចសព. ៦២:៨) សូមអធិដ្ឋានសុំចិត្តអត់ធ្មត់និងប្រាជ្ញា។ (យ៉ា. ១:៥) បងប្រុសនៅលីវម្នាក់ឈ្មោះចនdពីសហរដ្ឋអាម៉េរិកប្រាប់អំពីអ្វីដែលគាត់និយាយក្នុងសេចក្ដីអធិដ្ឋានរបស់គាត់ថា៖ «ខ្ញុំប្រាប់ព្រះយេហូវ៉ាអំពីគុណសម្បត្តិដែលខ្ញុំចង់ឲ្យគូអនាគតរបស់ខ្ញុំមាន។ ខ្ញុំអធិដ្ឋានសុំឲ្យខ្ញុំអាចមានឱកាសជួបបុគ្គលណាម្នាក់ដែលអាចទៅជាគូរបស់ខ្ញុំ។ ខ្ញុំក៏សុំព្រះយេហូវ៉ាជួយខ្ញុំឲ្យបណ្ដុះគុណសម្បត្តិដែលនឹងឲ្យខ្ញុំទៅជាប្ដីល្អដែរ»។ បងស្រីថានយ៉ាពីប្រទេសស្រីលង្កានិយាយថា៖ «ពេលដែលខ្ញុំស្វែងរកបុគ្គលណាម្នាក់ដែលអាចទៅជាគូរបស់ខ្ញុំ ខ្ញុំសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យរក្សាចិត្តស្មោះត្រង់ ទស្សនៈត្រឹមត្រូវ និងមានសុភមង្គល»។ សូម្បីតែអ្នកមិនទាន់រកឃើញបុគ្គលណាម្នាក់ដែលអាចទៅជាគូរបស់អ្នកក្ដី ក៏ព្រះយេហូវ៉ាសន្យាថានឹងបន្តបំពេញសេចក្ដីត្រូវការខាងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក។—ចសព. ៥៥:២២
៥. តើគ្រិស្តសាសនិកដែលនៅលីវមានឱកាសអ្វីខ្លះដើម្បីជួបបុគ្គលណាម្នាក់ដែលស្រឡាញ់ព្រះយេហូវ៉ា? (កូរិនថូសទី១ ១៥:៥៨) (សូមមើលរូបភាពផងដែរ)
៥ គម្ពីរលើកទឹកចិត្តយើងឲ្យ«ជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (សូមអាន កូរិនថូសទី១ ១៥:៥៨) បើអ្នកបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយចំណាយពេលជាមួយបងប្អូនផ្សេងៗ អ្នកនឹងមិនគ្រាន់តែមានការសេពគប់ដ៏លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានឱកាសជួបបុគ្គលនៅលីវឯទៀតដែលផ្ដោតអារម្មណ៍លើការបម្រើព្រះយេហូវ៉ាដូចអ្នក។ ម្យ៉ាងទៀត កាលដែលអ្នកខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះពេញចិត្ត អ្នកនឹងមានសុភមង្គលពិតប្រាកដ។
បើអ្នកជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយចំណាយពេលជាមួយបងប្អូនគ្រិស្តសាសនិកផ្សេងៗអ្នកប្រហែលជាជួបបុគ្គលឯទៀតដែលចាប់អារម្មណ៍ចង់រៀបការ (សូមមើលវគ្គ៥)
៦. តើគ្រិស្តសាសនិកដែលកំពុងស្វែងរកគូគួរនឹកចាំអំពីអ្វី?
៦ ប៉ុន្តែ សូមប្រយ័ត្នកុំឲ្យការស្វែងរកគូទៅជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ (ភី. ១:១០) សុភមង្គលពិតប្រាកដមិនអាស្រ័យទៅលើការរៀបការឬនៅលីវ តែអាស្រ័យទៅលើចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។ (ម៉ាថ. ៥:៣) ពេលដែលអ្នកនៅលីវ អ្នកប្រហែលជាមានសេរីភាពច្រើនជាងក្នុងការបង្កើនកិច្ចបម្រើព្រះ។ (១កូ. ៧:៣២, ៣៣) សូមប្រើពេលវេលានេះឲ្យកើតប្រយោជន៍ច្រើនបំផុត។ បងស្រីម្នាក់ពីសហរដ្ឋអាម៉េរិកឈ្មោះជេស៊ីកាបានរៀបការពេលដែលគាត់មានអាយុជិត៤០ឆ្នាំ គាត់និយាយថា៖ «ពេលខ្ញុំនៅលីវ ខ្ញុំបានបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះ ហើយនោះជួយខ្ញុំឲ្យស្កប់ចិត្តទោះជាខ្ញុំចង់រៀបការក៏ដោយ»។
សូមលៃពេលសង្កេតមើលមួយរយៈសិន
៧. ហេតុអ្វីគឺជាការឈ្លាសវៃឲ្យសង្កេតមើលបុគ្គលដែលអ្នកចាប់អារម្មណ៍មួយរយៈពេលសិន មុនបង្ហាញចំណាប់អារម្មណ៍លើគាត់? (សុភាសិត ១៣:១៦)
៧ ចុះបើអ្នកគិតថាបុគ្គលណាម្នាក់អាចទៅជាគូអាពាហ៍ពិពាហ៍ដ៏ល្អ? តើអ្នកគួរប្រាប់ថាអ្នកចាប់អារម្មណ៍បុគ្គលនោះភ្លាមៗឬទេ? គម្ពីរចែងថា បុគ្គលដែលមានប្រាជ្ញាទទួលចំណេះសិនទើបប្រព្រឹត្ត។ (សូមអាន សុភាសិត ១៣:១៦) ដូច្នេះ គឺជាការឈ្លាសវៃឲ្យលួចមើលអ្នកណាម្នាក់មួយរយៈពេលសិន មុនបង្ហាញចំណាប់អារម្មណ៍លើបុគ្គលនោះ។ បងអេស្វីនពីប្រទេសហូឡង់និយាយថា៖ «អារម្មណ៍ស្នេហាអាចឆាប់កើតមាន ហើយក៏ឆាប់បាត់ទៅវិញ។ ដូច្នេះ បើអ្នកទុកពេលមួយរយៈសិនដើម្បីសង្កេតមើលអ្នកណាម្នាក់ អ្នកនឹងមិនចាប់ផ្ដើមស្វែងយល់ចិត្តគ្នាដោយផ្អែកលើអារម្មណ៍មួយឆាវទេ»។ លើសពីនេះទៅទៀត កាលដែលអ្នកសង្កេតមើលបុគ្គលនោះ អ្នកប្រហែលជាឃើញថាបុគ្គលនោះមិនសមនឹងអ្នកឡើយ។
៨. តើបុគ្គលនៅលីវអាចសង្កេតមើលបុគ្គលដែលអាចទៅជាគូអនាគតយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៨ តើអ្នកអាចសង្កេតមើលបុគ្គលនោះតាមរបៀបណា? នៅកិច្ចប្រជុំក្រុមជំនុំឬនៅកម្មវិធីជួបជុំសេពគប់គ្នា អ្នកអាចកត់សម្គាល់អំពីបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់គាត់ ហើយថាតើគាត់មានចំណងមិត្តភាពខ្លាំងប៉ុនណាជាមួយព្រះ តើអ្នកណាខ្លះជាមិត្តរបស់គាត់ ហើយតើគាត់ចូលចិត្តនិយាយអំពីអ្វី។ (លូក. ៦:៤៥) តើគោលដៅរបស់គាត់ស្រដៀងនឹងអ្នកឬទេ? អ្នកអាចនិយាយជាមួយអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់គាត់ ឬគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលស្គាល់គាត់ច្បាស់។ (សុភ. ២០:១៨) អ្នកអាចសួរអំពីកេរ្តិ៍ឈ្មោះ និងគុណសម្បត្តិរបស់គាត់។ (រូថ ២:១១) កាលដែលអ្នកសង្កេតមើលបុគ្គលនោះ សូមប្រាកដថាអ្នកមិនធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល។ សូមគិតអំពីអារម្មណ៍របស់គាត់ ហើយកុំព្យាយាមចង់ដឹងចង់ឮរឿងផ្ទាល់ខ្លួនទាំងអស់របស់គាត់និងកុំតាមគាត់ស្អិត។
មុនប្រាប់ថាអ្នកចាប់អារម្មណ៍បុគ្គលណាម្នាក់ សូមលួចសង្កេតមើលគាត់មួយរយៈសិន (សូមមើលវគ្គ៧-៨)
៩. មុនទៅជួបបុគ្គលដែលអ្នកចាប់អារម្មណ៍ តើអ្នកគួរជឿជាក់អំពីអ្វី?
៩ តើអ្នកគួរសង្កេតមើលបុគ្គលនោះយូរប៉ុនណាមុនអ្នកប្រាប់គាត់ថាអ្នកចាប់អារម្មណ៍គាត់? បើអ្នកទៅជួបបុគ្គលណាម្នាក់លឿនពេក នោះអាចមើលទៅអ្នកជាមនុស្សដែលសម្រេចចិត្តដោយមិនបានគិតវែងឆ្ងាយ។ (សុភ. ២៩:២០) ផ្ទុយទៅវិញ បើអ្នកទុកពេលយូរពេក អ្នកអាចមើលទៅជាមនុស្សដែលបង្អែបង្អង់ក្នុងការធ្វើការសម្រេចចិត្ត ជាពិសេសបើបុគ្គលនោះសង្ស័យថាអ្នកចាប់អារម្មណ៍ទៅលើគាត់។ (អទ. ១១:៤) សូមចាំថាមុនទៅជួបបុគ្គលណាម្នាក់ អ្នកមិនចាំបាច់ជឿជាក់ថាអ្នកត្រូវតែរៀបការជាមួយនឹងគាត់នោះទេ។ ប៉ុន្តែ អ្នកគួរតែជឿជាក់ថាអ្នកត្រៀមលក្ខណៈរួចជាស្រេចដើម្បីរៀបការ ហើយថាបុគ្គលនោះអាចទៅជាគូដ៏ស័ក្ដិសមសម្រាប់អ្នក។
១០. តើអ្នកគួរធ្វើអ្វីបើអ្នកមានអារម្មណ៍ថាបុគ្គលម្នាក់ចាប់អារម្មណ៍លើអ្នក តែអ្នកមិនមានចិត្តលើគាត់?
១០ តើអ្នកគួរធ្វើអ្វីបើអ្នកមានអារម្មណ៍ថាបុគ្គលណាម្នាក់ចាប់អារម្មណ៍អ្នក? បើអ្នកមិនចាប់អារម្មណ៍ចង់ស្វែងយល់ចិត្តគ្នាជាមួយនឹងគាត់ទេ សូមបង្ហាញឲ្យច្បាស់ថាអ្នកមិនមានចិត្តលើគាត់ ហើយព្យាយាមមិនធ្វើឲ្យគាត់យល់ច្រឡំ ព្រោះនេះជាទង្វើដែលមិនសប្បុរស។—១កូ. ១០:២៤; អេភ. ៤:២៥
១១. នៅប្រទេសដែលមានអ្នករៀបចំឲ្យមានការស្វែងយល់ចិត្តគ្នាឬរៀបការ តើត្រូវនឹកចាំអំពីអ្វីខ្លះ?
១១ នៅប្រទេសខ្លះ គេរំពឹងថាឪពុកម្ដាយឬមនុស្សពេញវ័យឯទៀតរើសគូឲ្យសាច់ញាតិរបស់ពួកគេ។ នៅប្រទេសខ្លះទៀត ក្រុមគ្រួសារឬមិត្តភក្តិរកគូ និងរៀបចំឲ្យបុរសនិងស្ត្រីដែលនៅលីវពីរនាក់ជួបគ្នា ដើម្បីដឹងថាពួកគេចង់មានទំនាក់ទំនងស្នេហាជាមួយគ្នាឬយ៉ាងណា។ បើអ្នកបានត្រូវសុំឲ្យរៀបចំឲ្យមានការស្វែងយល់ចិត្តគ្នាឬរៀបការ សូមគិតអំពីចំណង់ចំណូលចិត្ត និងសេចក្ដីត្រូវការរបស់ពួកគេទាំងសងខាង។ បើអ្នកគិតថាបុគ្គលណាម្នាក់អាចទៅជាគូដ៏ល្អសម្រាប់មិត្តភក្តិឬក៏សាច់ញាតិណាម្នាក់ សូមព្យាយាមស្គាល់បុគ្គលនោះឲ្យច្បាស់ ស្គាល់គុណសម្បត្តិរបស់គាត់ ហើយសំខាន់បំផុតស្គាល់ថាតើគាត់មានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាឬយ៉ាងណា។ ការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាគឺសំខាន់ជាងលុយ ការអប់រំ ឬឋានៈក្នុងសង្គមឆ្ងាយណាស់។ ប៉ុន្តែ សូមចាំថានៅទីបំផុតបងប្អូនទាំងពីរនាក់ដែលនៅលីវនោះ គួរតែជាអ្នកសម្រេចចិត្តថារៀបការឬមិនរៀបការ។—កាឡ. ៦:៥
ការចាប់ផ្ដើមស្វែងយល់ចិត្តគ្នា
១២. បើអ្នកចង់ស្វែងយល់ចិត្តគ្នាជាមួយបុគ្គលណាម្នាក់ តើអ្នកអាចប្រាប់បុគ្គលនោះយ៉ាងដូចម្ដេច?
១២ បើអ្នកចង់ចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយអ្នកណាម្នាក់ តើអ្នកអាចប្រាប់គាត់យ៉ាងដូចម្ដេច?e អ្នកអាចណាត់និយាយគ្នាជាមួយបុគ្គលនោះមិនថានៅកន្លែងសាធារណៈ ឬដោយទូរស័ព្ទ។ សូមប្រាប់អំពីបំណងចិត្តរបស់អ្នកយ៉ាងច្បាស់។ (១កូ. ១៤:៩) បើចាំបាច់ សូមទុកពេលឲ្យបុគ្គលនោះគិតអំពីរបៀបតបឆ្លើយសិន។ (សុភ. ១៥:២៨) ម្យ៉ាងទៀត បើបុគ្គលនោះមិនចង់មានទំនាក់ទំនងស្នេហាជាមួយអ្នកទេ សូមទទួលយកចម្លើយរបស់គាត់។
១៣. តើអ្នកអាចធ្វើអ្វីបើបុគ្គលម្នាក់ប្រាប់ថាចាប់អារម្មណ៍អ្នក? (កូឡុស ៤:៦)
១៣ ចុះបើនរណាម្នាក់ប្រាប់អ្នកថាគាត់ចាប់អារម្មណ៍អ្នក? នេះទំនងជាតម្រូវឲ្យគាត់មានចិត្តក្លាហាន។ ដូច្នេះ សូមបង្ហាញចិត្តសប្បុរសនិងការគោរព។ (សូមអាន កូឡុស ៤:៦) បើអ្នកត្រូវការពេលដើម្បីគិតពិចារណាថាអ្នកចង់ចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយគាត់ឬយ៉ាងណា សូមប្រាប់គាត់។ ប៉ុន្តែ សូមព្យាយាមផ្ដល់ចម្លើយឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ (សុភ. ១៣:១២) បើអ្នកមិនចាប់អារម្មណ៍គាត់ទេ សូមប្រាប់គាត់ដោយសប្បុរសនិងយ៉ាងច្បាស់។ សូមកត់សម្គាល់អំពីរបៀបដែលបងប្រុសហាន់ពីប្រទេសអូទ្រីសតបឆ្លើយចំពោះបងស្រីម្នាក់ដែលសារភាពអារម្មណ៍ប្រាប់គាត់។ បងហាន់ថា៖ «ខ្ញុំបានប្រាប់គាត់អំពីការសម្រេចចិត្តរបស់ខ្ញុំយ៉ាងច្បាស់ដោយសប្បុរស។ ខ្ញុំបានប្រាប់គាត់ភ្លាមៗដោយសារខ្ញុំមិនចង់ឲ្យគាត់គិតថានៅតែអាចមានសង្ឃឹមជាមួយខ្ញុំទេ។ ខ្ញុំក៏ប្រយ័ត្នអំពីរបៀបដែលខ្ញុំនិយាយនិងប្រព្រឹត្តចំពោះគាត់ក្រោយៗមកដែរ»។ ផ្ទុយទៅវិញ បើអ្នកចង់ស្វែងយល់ចិត្តគ្នាជាមួយបុគ្គលដែលប្រាប់ថាចាប់អារម្មណ៍អ្នក សូមប្រាប់គាត់ ហើយនិយាយគ្នាអំពីអ្វីដែលអ្នករំពឹងថានឹងកើតឡើងនៅអំឡុងពេលដែលស្វែងយល់ចិត្តគ្នា។ ការរំពឹងរបស់អ្នកប្រហែលជាខុសពីការរំពឹងរបស់គាត់ អាស្រ័យទៅលើវប្បធម៌ឬកត្តាផ្សេងទៀត។
តើតាមរបៀបណាអ្នកឯទៀតអាចជួយគាំទ្រគ្រិស្តសាសនិកដែលនៅលីវ?
១៤. តើយើងអាចជួយគាំទ្រគ្រិស្តសាសនិកដែលនៅលីវដោយពាក្យសម្ដីរបស់យើងយ៉ាងដូចម្ដេច?
១៤ តើយើងទាំងអស់គ្នាអាចគាំទ្រគ្រិស្តសាសនិកនៅលីវដែលចង់រៀបការតាមរបៀបណា? របៀបមួយគឺដោយប្រុងប្រយ័ត្នអំពីរបៀបដែលយើងនិយាយ។ (អេភ. ៤:២៩) យើងអាចសួរខ្លួនថា ‹តើខ្ញុំនិយាយចំអន់ពួកអ្នកដែលចង់រៀបការឬទេ? ពេលខ្ញុំឃើញបងប្រុសនៅលីវនិងបងស្រីនៅលីវនិយាយគ្នា តើខ្ញុំសន្និដ្ឋានថាពួកគេចាប់អារម្មណ៍គ្នាឬទេ?›។ (១ធី. ៥:១៣) ម្យ៉ាងទៀត យើងមិនគួរធ្វើឲ្យគ្រិស្តសាសនិកនៅលីវមានអារម្មណ៍ថាខ្លួនអន់ដោយសារពួកគេមិនបានរៀបការទេ។ បងហាន់ដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «បងប្អូនខ្លះនិយាយថា ‹ហេតុអីមិនទាន់រៀបការ ឥឡូវវ័យក៏មិនក្មេងដែរ›។ ពាក្យសម្ដីបែបនេះធ្វើឲ្យអ្នកនៅលីវមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ហើយមានតែបន្ថែមសម្ពាធធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវតែរៀបការ»។ គឺជាការប្រសើរជាងឆ្ងាយណាស់ឲ្យរកឱកាសសរសើរគ្រិស្តសាសនិកដែលនៅលីវ!—១ថែ. ៥:១១
១៥. (ក) យោងទៅតាមគោលការណ៍នៅរ៉ូម ១៥:២ តើយើងគួរពិចារណាអ្វីខ្លះមុនជួយនរណាម្នាក់ឲ្យស្វែងរកគូអាពាហ៍ពិពាហ៍? (សូមមើលរូបភាពផងដែរ) (ខ) តើអ្នកចាប់អារម្មណ៍មេរៀនណាជាងគេពីវីដេអូ? (សូមមើលកំណត់សម្គាល់)
១៥ ចុះបើយើងគិតថាបងប្រុសម្នាក់និងបងស្រីម្នាក់ស័ក្ដិសមនឹងគ្នា? គម្ពីរប្រាប់យើងឲ្យគិតអំពីអារម្មណ៍អ្នកឯទៀត។ (សូមអាន រ៉ូម ១៥:២) បងប្អូនដែលនៅលីវជាច្រើននាក់មិនចង់ឲ្យគេណែនាំគូឲ្យពួកគេទេ ហើយយើងគួរធ្វើតាមបំណងចិត្តរបស់ពួកគេ។ (២ថែ. ៣:១១) បងប្អូនផ្សេងទៀតប្រហែលជាចង់ឲ្យយើងជួយ។ ប៉ុន្តែ យើងមិនគួរចាត់វិធានការបើពួកគេមិនបានសុំទេ។f (សុភ. ៣:២៧) បងប្អូននៅលីវខ្លះទៀត ចូលចិត្តរបៀបណែនាំឲ្យជួបគ្នាដោយប្រយោល។ បងស្រីនៅលីវម្នាក់ឈ្មោះលីឌាពីប្រទេសអាល្លឺម៉ង់និយាយថា៖ «ពេលហៅបងប្អូនជាក្រុមធំ អ្នកអាចរួមបញ្ចូលបងប្រុសឬបងស្រីដែលអ្នកគិតថាសមគ្នាឲ្យចូលរួមដែរ។ គ្រាន់តែបង្កើតឱកាសឲ្យពួកគេជួបគ្នា ហើយអ្វីផ្សេងទៀតទុកឲ្យពួកគេសម្រេចចិត្តដោយខ្លួនឯង»។
ការសេពគប់ជាក្រុមធំអាចបើកឱកាសឲ្យគ្រិស្តសាសនិកដែលនៅលីវជួបគ្នា (សូមមើលវគ្គ១៥)
១៦. តើគ្រិស្តសាសនិកនៅលីវគួរចាំអំពីអ្វី?
១៦ យើងទាំងអស់គ្នាមិនថានៅលីវឬរៀបការហើយ អាចមានជីវិតសប្បាយរីករាយនិងស្កប់ចិត្តបាន។ (ចសព. ១២៨:១) ដូច្នេះ បើអ្នកចង់រៀបការ តែមិនទាន់បានរកឃើញគូ សូមបន្តផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា។ បងស្រីម្នាក់ឈ្មោះស៊ីនយីពីក្រុងម៉ាកាវនិយាយថា៖ «បើប្រៀបធៀបពេលវេលាដែលអ្នកនឹងនៅជាមួយគូក្នុងសួនឧទ្យានទៅនឹងពេលវេលាដែលអ្នកនៅលីវ នោះគឺខ្លី។ ដូច្នេះ សូមសប្បាយរីករាយនឹងគ្រានេះ ហើយប្រើពេលវេលានោះឲ្យកើតប្រយោជន៍ច្រើនបំផុត»។ ប៉ុន្តែ ចុះបើអ្នករកឃើញគូ ហើយចាប់ផ្ដើមស្វែងយល់ចិត្តគ្នា? ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណារបៀបដែលអ្នកអាចមានការស្វែងយល់ចិត្តគ្នាដែលអាចនាំទៅដល់ការសម្រេចចិត្តដ៏ឈ្លាសវៃ។
ចម្រៀងលេខ១៣៧ ស្ត្រីគ្រិស្តសាសនិកស្មោះត្រង់
a ដើម្បីជួយអ្នកឲ្យដឹងថាតើអ្នកត្រៀមខ្លួនដើម្បីរៀបការហើយឬនៅ សូមមើលអត្ថបទដែលមានចំណងជើងថា «ការស្វែងយល់ចិត្តគ្នា ភាគទី១៖ តើខ្ញុំត្រៀមខ្លួនហើយឬនៅក្នុងការស្វែងយល់ចិត្តគ្នា?» នៅក្នុងគេហទំព័រjw.org/km។
b ការពន្យល់ពាក្យ៖ ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ «ការស្វែងយល់ចិត្តគ្នា»សំដៅលើពេលដែលបុរសនិងស្ត្រីរៀនឲ្យស្គាល់ពីគ្នាច្បាស់ជាងដើម្បីដឹងថាអាចទៅជាប្ដីនិងប្រពន្ធដែលស័ក្ដិសមនឹងគ្នាឬយ៉ាងណា។ នេះក៏ហៅថាការមើលចិត្តគ្នា ឬទំនាក់ទំនងស្នេហា។ ការស្វែងយល់ចិត្តគ្នាផ្ដើមពីបុរសម្នាក់និងស្ត្រីម្នាក់និយាយប្រាប់គ្នាយ៉ាងច្បាស់ថាពួកគេមានចិត្តលើគ្នា ហើយបន្តរហូតដល់ពួកគេសម្រេចចិត្តរៀបការឬបញ្ឈប់ការស្វែងយល់ចិត្តគ្នា។
c ដើម្បីស្រួលយល់ នៅវគ្គបន្តបន្ទាប់យើងនឹងសំដៅបុគ្គលដែលអាចទៅជាគូអាពាហ៍ពិពាហ៍ថាជាបងប្អូនប្រុស តែគោលការណ៍ទាំងនេះក៏សំដៅលើបងប្អូនស្រីដែរ។
d ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
e ក្នុងវប្បធម៌ខ្លះ ជាធម្មតាបងប្អូនប្រុសទៅជួបបងប្អូនស្រីមុន ដើម្បីចាប់ផ្ដើមការស្វែងយល់ចិត្តគ្នា។ ក៏ប៉ុន្តែ បងប្អូនស្រីក៏អាចទៅជួបបងប្អូនប្រុសមុនដែរ។—រូថ ៣:១-១៣
f សូមមើលវីដេអូដែលមានចំណងជើងថា បងប្អូនដែលតស៊ូដើម្បីការពារជំនឿដោយជោគជ័យ—បងប្អូនដែលនៅលីវ ក្នុងគេហទំព័រjw.org/km។