សោកនាដកម្មនៃសង្គ្រាម
គ្មានអ្វីដែលមានឥទ្ធិពលមកលើមនុស្សខ្លាំងជាងសង្គ្រាមនិងជម្លោះហិង្សាទេ។ ទាហាននិងប្រជាជននៅជុំវិញពិភពលោក ដែលបានឆ្លងកាត់សង្គ្រាមគឺជាអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសោកនាដកម្មនេះ។
ទាហាន
ហ្គារីពីប្រទេសអង់គ្លេសបាននិយាយថា៖ «ពេលខ្ញុំឃើញនៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សស្លាប់ និងរងរបួសធ្ងន់ធ្ងរ នោះធ្វើឲ្យខ្ញុំតែងតែមានអារម្មណ៍ថាគ្មានសុវត្ថិភាពសោះ»។
វីលម៉ាពីប្រទេសកូឡុំប៊ីបាននិយាយថា៖ «ខ្ញុំបានត្រូវគេបាញ់ចំខ្នងនិងមុខ ហើយបានឃើញមនុស្សជាច្រើនត្រូវគេសម្លាប់រួមមានកូនក្មេង និងមនុស្សចាស់។ សង្គ្រាមអាចធ្វើឲ្យយើងលែងមានអារម្មណ៍ឬប្រតិកម្មអ្វីទាំងអស់ចំពោះទុក្ខវេទនានិងសេចក្ដីស្លាប់»។
ហ្សាហ្វីរ៉ាពីសហរដ្ឋអាម៉េរិកបានរៀបរាប់ថា៖ «យើងពិបាកបំភ្លេចក្រោយពីឃើញមនុស្សម្នាក់ត្រូវបានគេបាញ់សម្លាប់នៅមុខយើង។ យើងចេះតែនឹកឃើញសម្រែកថ្ងួចថ្ងូរនិងការឈឺចាប់របស់គាត់។ គ្មានថ្ងៃដែលយើងអាចភ្លេចអ្វីដែលកើតឡើងចំពោះបុគ្គលនោះបានឡើយ»។
ប្រជាជន
អូឡិកសាន់ដ្រាពីប្រទេសអ៊ុយក្រែនបានរៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចសប្បាយម្ដងទៀតបានទេ។ ខ្ញុំខ្លាចថាខ្ញុំត្រូវគេសម្លាប់ ហើយលើសពីនោះទៅទៀត ខ្ញុំក៏ខ្លាចគេសម្លាប់ក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំដែរ»។
ដេឡឺពីប្រទេសតាហ្ស៊ីគីស្ថានបានរៀបរាប់ថា៖ «ពេលដែលយើងឈរតម្រង់ជួរចាំយកម្ហូបចាប់ពីម៉ោង២ព្រឹកដល់ម៉ោង១១យប់ យើងភ័យខ្លាចណាស់ ព្រោះគេកំពុងប្រយុទ្ធគ្នានៅក្បែរនោះ។ ដូច្នេះយើងខ្លាចថាគ្រាប់កាំភ្លើងក៏អាចនឹងត្រូវយើងដែរ»។
ម៉ារីពីប្រទេសរវ៉ាន់ដាបានរៀបរាប់ថា៖ «សង្គ្រាមបានឆក់យកជីវិតឪពុកម្ដាយរបស់ខ្ញុំ ដែលបណ្ដាលឲ្យខ្ញុំទៅជាក្មេងកំព្រា ហើយគ្មានអ្នកណាមើលថែនិងសម្រាលទុក្ខខ្ញុំឡើយ»។
ទោះជាបុគ្គលដែលបានរៀបរាប់ខាងលើនេះបានរងផលប៉ះពាល់ដោយសារសង្គ្រាមក៏ដោយ តែឥឡូវពួកគាត់មានភាពសុខសាន្តនៅក្នុងចិត្ត។ លើសពីនោះទៅទៀត ពួកគាត់ជឿជាក់ថា បន្តិចទៀត សង្គ្រាមនិងជម្លោះហិង្សាទាំងអស់នឹងលែងមានទៀត។ ទស្សនាវដ្ដីប៉មយាមលេខនេះនឹងប្រើគម្ពីរដើម្បីពន្យល់អំពីរបៀបដែលអ្វីទាំងនេះនឹងកើតឡើង។