អត្ថបទសិក្សា ១៩
ចម្រៀងលេខ៦ អ្វីៗនៅលើមេឃបង្ហាញសិរីរុងរឿងរបស់ព្រះ
ចូរយកតម្រាប់ពួកទេវតាដ៏ស្មោះត្រង់
«ចូរសរសើរព្រះយេហូវ៉ា ឱទេវតា . . . ទាំងឡាយអើយ»។—ចសព. ១០៣:២០
ចំណុចផ្ដោត
មេរៀនដែលយើងអាចរៀនពីគំរូរបស់ពួកទេវតាដ៏ស្មោះត្រង់។
១-២. (ក) តើយើងខុសគ្នាយ៉ាងណានឹងពួកទេវតា? (ខ) តើយើងមានអ្វីខ្លះដែលស្រដៀងនឹងពួកទេវតា?
ពេលព្រះយេហូវ៉ាទាញនាំអ្នកចូលក្នុងសេចក្ដីពិត គឺលោកអញ្ជើញអ្នកឲ្យចូលក្នុងក្រុមគ្រួសារជាអ្នកគោរពប្រណិប័តន៍លោកដែលពោរពេញដោយសេចក្ដីស្រឡាញ់និងមានភាពខុសៗគ្នា ដែលរួមមានពួកទេវតាដ៏ស្មោះត្រង់រាប់លានរូប។ (ដាន. ៧:៩, ១០) ពេលដែលយើងគិតអំពីទេវតា យើងច្រើនតែគិតអំពីភាពខុសគ្នារវាងទេវតានិងយើង។ ជាឧទាហរណ៍ ទេវតាមានជីវិតរស់នៅជាយូរមុនដែលយើងបានត្រូវបង្កើត។ (យ៉ូប ៣៨:៤, ៧) ពួកគេមានកម្លាំងខ្លាំងក្លាជាងយើង ហើយពួកគេបរិសុទ្ធនិងសុចរិតជាងយើងឆ្ងាយណាស់ ព្រោះយើងជាមនុស្សមិនល្អឥតខ្ចោះ។—លូក. ៩:២៦
២ ទោះជាមានភាពខុសគ្នាទាំងនេះក្ដី យើងមានអ្វីជាច្រើនដែលស្រដៀងនឹងពួកទេវតា។ ជាឧទាហរណ៍ ដូចទេវតា យើងអាចបង្ហាញគុណសម្បត្តិដ៏ថ្លៃថ្លារបស់ព្រះយេហូវ៉ា។ បន្ថែមទៅទៀត ដូចទេវតាដែរ យើងមានចិត្តសេរី មានឈ្មោះផ្ទាល់ខ្លួន មានបុគ្គលិកលក្ខណៈនិងភារកិច្ចផ្សេងៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ម្យ៉ាងទៀត ដូចទេវតាយើងត្រូវគោរពប្រណិប័តន៍អ្នកបង្កើតរបស់យើង។—១ពេ. ១:១២
៣. តើយើងអាចរៀនអ្វីពីពួកទេវតាដ៏ស្មោះត្រង់?
៣ ដោយសារយើងមានអ្វីជាច្រើនដែលស្រដៀងនឹងពួកទេវតា នោះគំរូល្អរបស់ពួកគេអាចលើកទឹកចិត្តយើងនិងបង្រៀនយើងនូវមេរៀនសំខាន់ៗជាច្រើន។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចមានចិត្តរាបទាប មានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ចេះស៊ូទ្រាំ និងខំប្រឹងរក្សាភាពស្អាតស្អំក្នុងក្រុមជំនុំដូចពួកទេវតាដ៏ស្មោះត្រង់។
ពួកទេវតាមានចិត្តរាបទាប
៤. (ក) តើពួកទេវតាបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីពួកទេវតាមានចិត្តរាបទាប? (ចម្រៀងសរសើរព្រះ ៨៩:៧)
៤ ពួកទេវតាដ៏ស្មោះត្រង់មានចិត្តរាបទាប។ ពួកគេធ្វើតាមការណែនាំពីព្រះយេហូវ៉ា ទោះបីជាពួកគេមានបទពិសោធន៍ មានកម្លាំងខ្លាំងក្លា និងមានប្រាជ្ញាក្ដី។ (ចសព. ១០៣:២០) កាលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនដែលអួតអំពីអ្វីដែលពួកគេបានធ្វើ ឬប្រើឫទ្ធានុភាពរបស់ខ្លួនដើម្បីធ្វើឲ្យខ្លួនលេចធ្លោនោះទេ។ ពួកគេសប្បាយធ្វើអ្វីណាក៏ដោយដែលព្រះយេហូវ៉ាសុំ ទោះបីជាអ្នកឯទៀតមិនស្គាល់ឈ្មោះរបស់ពួកគេក្ដី។a (ដក. ៣២:២៤, ២៩; ២បស. ១៩:៣៥) ពួកគេមិនព្រមទទួលការសរសើរដែលព្រះយេហូវ៉ាសមនឹងទទួល។ ហេតុអ្វីពួកទេវតាមានចិត្តរាបទាបយ៉ាងខ្លាំងបែបនេះ? ដោយសារពួកគេស្រឡាញ់ព្រះយេហូវ៉ានិងគោរពលោកយ៉ាងជ្រាលជ្រៅ។—សូមអាន ចម្រៀងសរសើរព្រះ ៨៩:៧
៥. តើទេវតាមួយរូបបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេចពេលកែតម្រង់សាវ័កយ៉ូហាន? (សូមមើលរូបភាពផងដែរ)
៥ សូមពិចារណាកំណត់ហេតុមួយដែលបង្ហាញថាពួកទេវតាមានចិត្តរាបទាប។ ប្រហែលនៅឆ្នាំ៩៦ គ.ស. យ៉ូហានបានទទួលការបើកបង្ហាញដ៏គួរឲ្យកោតស្ងើចតាមរយៈទេវតាមួយរូបដែលយើងមិនស្គាល់ឈ្មោះ។ (បប. ១:១) តើយ៉ូហានមានប្រតិកម្មយ៉ាងណាចំពោះការបើកបង្ហាញនោះ? គាត់បានលំឱនកាយដើម្បីគោរពប្រណិប័តន៍ទេវតានោះ។ ប៉ុន្តែ ភ្លាមៗទេវតានោះបានបញ្ឈប់គាត់ ហើយនិយាយថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក . . . ចូរគោរពប្រណិប័តន៍ព្រះ!»។ (បប. ១៩:១០) ទេវតានោះពិតជាមានចិត្តរាបទាបមែន! គាត់មិនចង់ទទួលការសរសើរតម្កើងទេ។ ភ្លាមៗ គាត់បានប្រាប់យ៉ូហានឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នៅដំណាលគ្នា ទេវតានោះមិនបានមើលងាយយ៉ូហានទេ។ ទោះជាទេវតានោះបម្រើព្រះយេហូវ៉ាអស់រយៈពេលយូរនិងមានកម្លាំងខ្លាំងក្លាជាងយ៉ូហានក៏ដោយ គាត់មានចិត្តរាបទាប ហើយប្រាប់យ៉ូហានថាគាត់ក៏ជាខ្ញុំបម្រើដូចយ៉ូហានដែរ។ ម្យ៉ាងទៀត ទោះជាទេវតានោះត្រូវកែតម្រង់យ៉ូហានក្ដី គាត់មិនបានស្ដីបន្ទោសឬប្រព្រឹត្តដោយគ្មានមេត្តាចំពោះសាវ័កដែលមានវ័យចាស់នោះទេ។ ផ្ទុយទៅវិញ ទេវតានោះបាននិយាយដោយសប្បុរស។ គាត់ទំនងជាទទួលស្គាល់ថាយ៉ូហានធ្វើដូចនោះ ដោយសារគាត់កោតស្ងើចចំពោះអ្វីដែលគាត់បានឃើញ។
ទេវតានោះបានបង្ហាញចិត្តរាបទាបពេលនិយាយនិងកែតម្រង់យ៉ូហាន (សូមមើលវគ្គ៥)
៦. តើយើងអាចមានចិត្តរាបទាបដូចពួកទេវតាយ៉ាងដូចម្ដេច?
៦ តើយើងអាចមានចិត្តរាបទាបដូចពួកទេវតាយ៉ាងដូចម្ដេច? ដូចពួកទេវតា ពេលយើងបំពេញភារកិច្ចរបស់យើង យើងមិនអួតខ្លួនឬព្យាយាមធ្វើឲ្យអ្នកឯទៀតគិតថាយើងមានសមត្ថភាពពិសេសឡើយ។ (១កូ. ៤:៧) បន្ថែមទៅទៀត ទោះបីជាយើងបម្រើព្រះយេហូវ៉ាយូរជាងឬមានភារកិច្ចដែលអ្នកឯទៀតមិនមានក្ដី យើងមិនគួរមានអារម្មណ៍ថាយើងប្រសើរជាងអ្នកឯទៀតទេ។ តាមពិត ពេលយើងមានភារកិច្ចកាន់តែច្រើន យើងគួរចាត់ទុកខ្លួនជាអ្នកតូចជាងគេ។ (លូក. ៩:៤៨) ដូចពួកទេវតាដែរ យើងចង់បម្រើអ្នកឯទៀត។ យើងមិនព្យាយាមធ្វើឲ្យអ្នកឯទៀតគិតថាយើងសំខាន់ជាងពួកគេទេ។
៧. តើយើងអាចបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេចពេលយើងត្រូវកែតម្រង់ឬឲ្យឱវាទនរណាម្នាក់?
៧ យើងក៏អាចបង្ហាញចិត្តរាបទាបដែរ បើយើងត្រូវកែតម្រង់ឬឲ្យឱវាទនរណាម្នាក់ ដូចជាបងប្អូនរួមជំនឿឬកូនរបស់យើងជាដើម។ ពេលឲ្យឱវាទ យើងប្រហែលជាត្រូវម៉ឺងម៉ាត់។ ប៉ុន្តែ ដូចទេវតាដែលបានកែតម្រង់យ៉ូហានដោយចិត្តសប្បុរស យើងក៏អាចឲ្យឱវាទយ៉ាងម៉ឺងម៉ាត់ដែរ តែដោយមិនធ្វើឲ្យអ្នកឯទៀតធ្លាក់ទឹកចិត្ត។ បើយើងមិនគិតថាយើងប្រសើរជាងអ្នកឯទៀត នេះនឹងជួយយើងឲ្យឱវាទពីគម្ពីរតាមរបៀបដែលបង្ហាញការគោរពនិងសេចក្ដីស្រឡាញ់។—កូឡ. ៤:៦
ពួកទេវតាស្រឡាញ់មនុស្ស
៨. (ក) យោងទៅតាមលូកា ១៥:១០ តើតាមរបៀបណាពួកទេវតាបង្ហាញថាពួកគេស្រឡាញ់មនុស្ស? (ខ) តើពួកទេវតាជួយយើងយ៉ាងណាក្នុងកិច្ចបម្រើផ្សាយ? (សូមមើលរូបភាពផងដែរ)
៨ ពួកទេវតាមិនព្រងើយកន្តើយនឹងអ្វីដែលកើតឡើងចំពោះមនុស្ស ឬគិតថាយើងមិនសំខាន់ទេ។ ផ្ទុយទៅវិញ ពួកគេស្រឡាញ់មនុស្ស។ ពួកគេអរសប្បាយពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងប្រែចិត្ត ពោលគឺពេលចៀមដែលវង្វេងបាត់ត្រឡប់មកព្រះយេហូវ៉ាវិញ ឬពេលបុគ្គលម្នាក់កែប្រែរបៀបរស់នៅ ហើយចូលមកក្នុងសេចក្ដីពិត។ (សូមអាន លូកា ១៥:១០) ពួកទេវតាក៏ជួយគាំទ្រយើងពេលយើងផ្សព្វផ្សាយដែរ។ (បប. ១៤:៦) ទោះជាពួកគេមិនផ្សព្វផ្សាយដល់មនុស្សដោយផ្ទាល់ក្ដី ពួកគេអាចណែនាំអ្នកផ្សព្វផ្សាយឲ្យជួបបុគ្គលណាម្នាក់ដែលចង់រៀនអំពីព្រះយេហូវ៉ា។ យើងមិនអាចនិយាយយ៉ាងប្រាកដថា ពួកទេវតាបានណែនាំយើងឲ្យជួបបុគ្គលណាម្នាក់ទេ ដោយសារព្រះយេហូវ៉ាអាចប្រើរបៀបផ្សេងទៀត ដូចជាឫទ្ធានុភាពបរិសុទ្ធរបស់លោក ដើម្បីជួយមនុស្សដែលចង់ស្គាល់លោក ឬណែនាំអ្នកបម្រើរបស់លោកឲ្យជួបបុគ្គលទាំងនោះ។ (សកម្ម. ១៦:៦, ៧) ប៉ុន្តែ លោកប្រើពួកទេវតាឲ្យជួយយើងពេលយើងផ្សព្វផ្សាយ។ ដូច្នេះ ពេលយើងផ្សព្វផ្សាយដំណឹងល្អ យើងអាចមានទំនុកចិត្តថាពួកទេវតានឹងជួយយើង (សូមមើលប្រអប់ដែលមានចំណងជើងថា «សេចក្ដីអធិដ្ឋានរបស់ពួកគេបានត្រូវតបឆ្លើយ»)។
ប្ដីប្រពន្ធមួយគូទើបតែផ្សព្វផ្សាយសាធារណៈចប់ ហើយនៅតាមផ្លូវទៅផ្ទះវិញ បងស្រីដែលជាប្រពន្ធបានឃើញស្ត្រីម្នាក់កំពុងអង្គុយក្រៀមក្រំចិត្ត។ បងស្រីនោះទទួលស្គាល់ថាពួកទេវតាអាចណែនាំឲ្យជួបពួកអ្នកដែលស្វែងរកការណែនាំពីព្រះ។ នេះជំរុញចិត្តគាត់ឲ្យនិយាយសម្រាលទុក្ខស្ត្រីនោះ (សូមមើលវគ្គ៨)
៩. តើយើងអាចមានសេចក្ដីស្រឡាញ់ចំពោះមនុស្សដូចពួកទេវតាមានយ៉ាងដូចម្ដេច?
៩ តើតាមរបៀបណាយើងអាចយកតម្រាប់ពួកទេវតាដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស? ពេលយើងឮសេចក្ដីជូនដំណឹងថាបុគ្គលណាម្នាក់ចូលក្រុមជំនុំឡើងវិញ យើងអាចអរសប្បាយដូចពួកទេវតាដែរ។ យើងអាចធ្វើឲ្យប្រាកដថាបងប្អូននោះដឹងថាយើងស្រឡាញ់គាត់ ហើយថាយើងសប្បាយដែលគាត់បម្រើព្រះយេហូវ៉ាម្ដងទៀត។ (លូក. ១៥:៤-៧; ២កូ. ២:៦-៨) យើងក៏អាចយកតម្រាប់ពួកទេវតាដោយខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយដែរ។ (អទ. ១១:៦) ម្យ៉ាងទៀត ដូចពួកទេវតាគាំទ្រយើងកាលដែលយើងផ្សព្វផ្សាយដំណឹងល្អ យើងអាចរកវិធីដើម្បីគាំទ្របងប្អូនរបស់យើងក្នុងកិច្ចបម្រើផ្សាយរបស់ពួកគេ។ ជាឧទាហរណ៍ តើយើងអាចណាត់ផ្សព្វផ្សាយជាមួយបងប្អូនដែលជាអ្នកផ្សព្វផ្សាយថ្មីឬទេ? តើយើងអាចជួយបងប្អូនវ័យចាស់ឬបងប្អូនដែលមានបញ្ហាសុខភាពឲ្យទៅផ្សព្វផ្សាយជាមួយយើងឬទេ?
១០. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងសារ៉ា?
១០ ចុះយ៉ាងណា បើកាលៈទេសៈរបស់យើងមិនអនុញ្ញាតឲ្យយើងធ្វើច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា? យើងនៅតែអាចស្វែងរករបៀបផ្សេងៗដើម្បីសហការជាមួយនឹងពួកទេវតាក្នុងកិច្ចបម្រើផ្សាយ។ សូមគិតអំពីបទពិសោធន៍របស់បងស្រីសារ៉ាbនៅប្រទេសឥណ្ឌា។ ក្រោយពីត្រួសត្រាយអស់ប្រហែលជា២០ឆ្នាំ បងសារ៉ាបានធ្លាក់ខ្លួនឈឺ ហើយមិនអាចក្រោកពីគ្រែបានឡើយ។ គាត់ពិតជាធ្លាក់ទឹកចិត្តខ្លាំងណាស់។ ប៉ុន្តែ ដោយមានជំនួយពីបងប្អូនរួមជំនឿ និងការអានគម្ពីរជាទៀងទាត់ បងសារ៉ាចាប់ផ្ដើមមានអំណរឡើងវិញ។ គាត់ត្រូវផ្លាស់ប្ដូររបៀបផ្សព្វផ្សាយ។ គាត់អាចផ្សព្វផ្សាយតាមទូរស័ព្ទប៉ុណ្ណោះ ដោយសារគាត់មិនអាចងើបពីគ្រែដើម្បីសរសេរសំបុត្របានទេ។ ដូច្នេះ គាត់បានទូរស័ព្ទទៅការត្រឡប់ទៅជួប ហើយពួកគេបានប្រាប់អំពីពួកអ្នកដែលប្រហែលជាចាប់អារម្មណ៍រៀនគម្ពីរ។ តើមានលទ្ធផលអ្វី? ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បងសារ៉ាមានសិស្សគម្ពីរ៧០នាក់! គាត់មិនអាចបង្រៀនពួកគេទាំងអស់គ្នាតែម្នាក់ឯងបានទេ។ ដូច្នេះ គាត់បានសុំបងប្អូនខ្លះនៅក្នុងក្រុមជំនុំឲ្យជួយបង្រៀនសិស្សខ្លះ។ ឥឡូវសិស្សគម្ពីរជាច្រើននាក់ចូលរួមកិច្ចប្រជុំ។ ពួកទេវតាច្បាស់ជាសប្បាយណាស់សហការជាមួយបងប្អូនរួមជំនឿដូចបងសារ៉ាដែលខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ!
ពួកទេវតាចេះស៊ូទ្រាំ
១១. តើពួកទេវតាដ៏ស្មោះត្រង់បានទុកគំរូដ៏ល្អប្រសើរយ៉ាងណាស្ដីអំពីការចេះស៊ូទ្រាំ?
១១ ពួកទេវតាដ៏ស្មោះត្រង់បានទុកគំរូដ៏ល្អប្រសើរស្ដីអំពីការចេះស៊ូទ្រាំ។ ពួកគេបានស៊ូទ្រាំនឹងអំពើអយុត្តិធម៌និងអំពើអាក្រក់អស់រាប់ពាន់ឆ្នាំ។ ពួកគេបានឃើញសាថាននិងបុគ្គលវិញ្ញាណជាច្រើនឯទៀតដែលធ្លាប់បម្រើព្រះយេហូវ៉ាជាមួយនឹងពួកគេ បះបោរប្រឆាំងព្រះយេហូវ៉ា។ (ដក. ៣:១; ៦:១, ២; យូ. ៦) គម្ពីរប្រាប់អំពីទេវតាដ៏ស្មោះត្រង់មួយរូបដែលបានទទួលការប្រឆាំងចំៗពីវិញ្ញាណកំណាចដ៏ខ្លាំងក្លាមួយរូប។ (ដាន. ១០:១៣) បន្ថែមទៅទៀត ក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ពួកទេវតាបានឃើញតែមនុស្សមួយចំនួនតូចប៉ុណ្ណោះគោរពប្រណិប័តន៍ព្រះពិត។ ទោះជាយ៉ាងនោះក្ដី ទេវតាដ៏ស្មោះត្រង់ទាំងនោះបានបន្ដបម្រើព្រះយេហូវ៉ាដោយអំណរនិងចិត្តខ្នះខ្នែង។ ពួកគេដឹងថានៅពេលត្រឹមត្រូវព្រះនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងអស់។
១២. តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំ?
១២ តើយើងអាចស៊ូទ្រាំដូចពួកទេវតាយ៉ាងដូចម្ដេច? ដូចពួកទេវតា យើងប្រហែលជាឃើញអំពើអយុត្តិធម៌។ ប៉ុន្តែ យើងជឿជាក់ដូចពួកគេថានៅពេលត្រឹមត្រូវព្រះនឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់។ ដូច្នេះ ដូចពួកទេវតាដ៏ស្មោះត្រង់ យើង«មិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ»។ (កាឡ. ៦:៩) ព្រះសន្យាថាលោកនឹងជួយយើងឲ្យស៊ូទ្រាំ។ (១កូ. ១០:១៣) យើងអាចអធិដ្ឋានសុំឫទ្ធានុភាពពីព្រះយេហូវ៉ាដែលជួយយើងឲ្យមានចិត្តអត់ធ្មត់និងមានអំណរ។ (កាឡ. ៥:២២; កូឡ. ១:១១) ចុះយ៉ាងណាបើអ្នកជួបការប្រឆាំង? សូមទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយកុំភ័យខ្លាចសោះឡើយ។ ព្រះយេហូវ៉ានឹងតែងតែគាំទ្រអ្នកនិងពង្រឹងកម្លាំងអ្នក។—ហេ. ១៣:៦
ពួកទេវតាជួយរក្សាក្រុមជំនុំឲ្យស្អាតស្អំ
១៣. តើពួកទេវតាមានភារកិច្ចពិសេសអ្វីក្នុងអំឡុងគ្រាចុងក្រោយបង្អស់? (ម៉ាថាយ ១៣:៤៧-៤៩)
១៣ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចដ៏ពិសេសដល់ពួកទេវតា។ (សូមអាន ម៉ាថាយ ១៣:៤៧-៤៩) កិច្ចការផ្សព្វផ្សាយទាក់ទាញមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកឲ្យចាប់អារម្មណ៍ដំណឹងល្អ។ មនុស្សទាំងនេះខ្លះធ្វើការកែប្រែក្នុងជីវិតដើម្បីរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយបម្រើលោកតាមរបៀបដែលលោកពេញចិត្ត តែអ្នកឯទៀតមិនធ្វើដូចនោះទេ។ ពួកទេវតាបានត្រូវចាត់ឲ្យ«ញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត»។ នេះមានន័យថាពួកគេបានត្រូវចាត់ឲ្យការពារក្រុមជំនុំឲ្យស្អាតបរិសុទ្ធ។ តែនេះមិនមែនមានន័យថាមនុស្សគ្រប់រូបដែលឈប់ចូលរួមជាមួយយើងមិនអាចត្រឡប់មកវិញទេ ហើយក៏មិនមែនមានន័យថាក្រុមជំនុំនឹងគ្មានបញ្ហាសោះដែរ។ ប៉ុន្តែ យើងអាចប្រាកដថាពួកទេវតាខំប្រឹងជួយរក្សាក្រុមជំនុំឲ្យមានភាពស្អាតស្អំ។
១៤-១៥. តើតាមរបៀបណាយើងអាចបង្ហាញការយកចិត្តទុកដាក់ដូចពួកទេវតាចំពោះភាពស្អាតស្អំខាងការគោរពប្រណិប័តន៍និងខាងសីលធម៌ក្នុងក្រុមជំនុំ? (សូមមើលរូបភាពផងដែរ)
១៤ តើតាមរបៀបណាយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះភាពស្អាតស្អំក្នុងក្រុមជំនុំដូចពួកទេវតា? គឺដោយខំអស់ពីសមត្ថភាពដើម្បីរក្សាភាពស្អាតស្អំខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ព្រះនៅក្នុងក្រុមជំនុំ។ យ៉ាងនេះ យើងព្យាយាមការពារចិត្តរបស់យើងដោយជ្រើសរើសមិត្តល្អ និងបដិសេធអ្វីណាក៏ដោយដែលអាចធ្វើឲ្យចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាចុះខ្សោយ។ (ចសព. ១០១:៣) យើងក៏អាចជួយបងប្អូនរួមជំនឿរបស់យើងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ជាឧទាហរណ៍ តើយើងគួរធ្វើយ៉ាងណាបើយើងដឹងថាបងប្អូនរួមជំនឿណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? ដោយសារយើងស្រឡាញ់គាត់ យើងនឹងលើកទឹកចិត្តគាត់ឲ្យនិយាយជាមួយពួកអ្នកចាស់ទុំ។ បើគាត់មិនធ្វើដូច្នោះទេ យើងនឹងប្រាប់ពួកអ្នកចាស់ទុំអំពីរឿងនោះ។ យើងចង់ឲ្យបងប្អូនរួមជំនឿនោះដែលមានចំណងមិត្តភាពប្រេះឆាជាមួយនឹងព្រះយេហូវ៉ាទទួលជំនួយយ៉ាងឆាប់បំផុត!—យ៉ា. ៥:១៤, ១៥
១៥ គួរឲ្យស្ដាយណាស់ បុគ្គលខ្លះដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបានត្រូវដកចេញពីក្រុមជំនុំ។ ក្នុងករណីនោះ យើង«ឈប់ទាក់ទង»ជាមួយនឹងពួកគេ។c (១កូ. ៥:៩-១៣) ការរៀបចំនេះជួយរក្សាក្រុមជំនុំឲ្យមានភាពស្អាតស្អំ។ បន្ថែមទៅទៀត ការសម្រេចចិត្តមិនសេពគប់ជាមួយបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំគឺជាអ្វីដែលសប្បុរស ដោយសារនេះអាចជួយពួកគេឲ្យដឹងថាពួកគេត្រូវត្រឡប់មកព្រះយេហូវ៉ាវិញ។ បើពួកគេធ្វើដូច្នេះ យើងនឹងអរសប្បាយជាមួយនឹងព្រះយេហូវ៉ានិងពួកទេវតារបស់លោក។—លូក. ១៥:៧
តើយើងគួរធ្វើអ្វីបើយើងដឹងថាបងប្អូនរួមជំនឿណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? (សូមមើលវគ្គ១៤)d
១៦. តើអ្នកនឹងព្យាយាមយកតម្រាប់ពួកទេវតាតាមរបៀបណាខ្លះ?
១៦ គឺជាឯកសិទ្ធិណាស់ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងស្គាល់អំពីពួកទេវតានិងសហការជាមួយនឹងពួកគេ! សូមឲ្យយើងយកតម្រាប់គុណសម្បត្តិដ៏ថ្លៃថ្លារបស់ពួកគេ ពោលគឺចិត្តរាបទាប សេចក្ដីស្រឡាញ់ចំពោះមនុស្ស ការចេះស៊ូទ្រាំ ហើយការយកចិត្តទុកដាក់ចំពោះភាពស្អាតស្អំខាងសីលធម៌ និងខាងការគោរពប្រណិប័តន៍នៅក្នុងក្រុមជំនុំ។ បើយើងយកតម្រាប់ពួកទេវតាដ៏ស្មោះត្រង់ យើងក៏អាចធ្វើជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ា ដែលជាអ្នកគោរពប្រណិប័តន៍លោកជារៀងរហូតតទៅ។
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
a ក្នុងចំណោមទេវតារាប់រយលានរូប គម្ពីរប្រាប់ឈ្មោះតែទេវតាពីររូបប៉ុណ្ណោះ គឺមីកែលនិងកាព្រីយ៉ែល។—ដាន. ១២:១; លូក. ១:១៩
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
c ដូចបានលើកឡើងនៅឆ្នាំ២០២៤ របាយការណ៍ថ្មីទី២ពីគណៈអភិបាល បើបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំចូលរួមកិច្ចប្រជុំក្រុមជំនុំ នោះបងប្អូនអាចប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរដើម្បីសម្រេចចិត្តថានិយាយស្វាគមន៍គាត់ឬយ៉ាងណា។
d ការពណ៌នាអំពីរូបភាព៖ បងស្រីម្នាក់លើកទឹកចិត្តមិត្តភក្ដិឲ្យទៅនិយាយជាមួយនឹងពួកអ្នកចាស់ទុំ។ ក្រោយពីទុកពេលឲ្យមិត្តភក្ដិរបស់គាត់អស់មួយរយៈ តែមិនឃើញមិត្តភក្ដិនោះទៅនិយាយទេ នោះបងស្រីក៏ទៅនិយាយជាមួយអ្នកចាស់ទុំអំពីរឿងនោះ។