បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១០ ទំ. ៣-៩
  • ចូរមានជំនឿមាំមួនទៅលើរាជាណាចក្រ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានជំនឿមាំមួនទៅលើរាជាណាចក្រ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​សន្យា​មួយ​ដែល​បង្ហាញ​នូវ​របៀប​ដែល​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច
  • កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បញ្ជាក់​ឲ្យ​ដឹង​អំពី​ពូជ​របស់​ស្ត្រី
  • កិច្ច​ព្រម​ព្រៀង​មួយ​ធានា​ថា រាជាណាចក្រ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត
  • កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប
  • រាជាណាចក្រ​មាន​មូលដ្ឋាន​លើ​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់
  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «ប្រាជ្ញានៃព្រះនៅក្នុងសេចក្ដីអាថ៌កំបាំងមួយដ៏ពិសិដ្ឋ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១០ ទំ. ៣-៩

ចូរ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​រាជាណាចក្រ

​«​ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​»។—ហេប្រឺ ១១:១

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

សូម​ប្រើ​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​​»​ដើម្បី​ពិនិត្យ​សា​ឡើង​វិញ​នូវ . . . 

  • សេចក្ដី​សន្យា​នៅ​សួន​អេដែន។

  • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​និង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ។

  • កិច្ច​ព្រម​ព្រៀង​ដើម្បី​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក។

១, ២​. តើ​អ្វី​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​តាម​រយៈ​រាជាណាចក្រ គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ថា​រាជាណាចក្រ​ព្រះ​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​សម្រាប់​បញ្ហា​របស់​យើង។ ប៉ុន្តែ តើ​យើង​ពិត​ជា​ជឿ​ជាក់​ថា​រាជាណាចក្រ​គឺ​ជា​អ្វី​ដែល​ពិត​ប្រាកដ ហើយ​ថា​តាម​រយៈ​រាជាណាចក្រ​នោះ គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច​ឬ​ទេ? ហេតុ​អ្វី​យើង​អាច​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​រាជាណាចក្រ​នោះ?—ហេប្រឺ ១១:១

២ តាម​រយៈ​រាជាណាចក្រ​មេស្ស៊ី គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ​នឹង​បាន​សម្រេច។ គ្រឹះ​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​រាជាណាចក្រ​នេះ គឺ​សិទ្ធិ​គ្រប់​គ្រង​ដ៏​ពេញ​លេញ​របស់​ព្រះ​យេហូវ៉ា។ តើ​អ្នក​ណា​ជា​ស្តេច​នៃ​រាជាណាចក្រ​នេះ? តើ​អ្នក​ណា​ទៀត​នឹង​គ្រប់​គ្រង​ជា​មួយ​ស្តេច​អង្គ​នេះ? តើ​អ្វី ហើយ​តើ​អ្នក​ណា​នៅ​ក្រោម​អំណាច​របស់​ពួក​គាត់? ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឡើង​ដោយ​ស្រប​ច្បាប់​នូវ​ផ្នែក​សំខាន់​ៗ​ទាំង​នេះ​នៃ​រាជាណាចក្រ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នានា។ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​គឺ​ជា​កិច្ច​សន្យា​ស្រប​ច្បាប់​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​យេហូវ៉ា ឬ​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក។ ពេល​យើង​ពិនិត្យ​ពិចារណា​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ យើង​នឹង​យល់​ច្បាស់​ជាង​នូវ​របៀប​ដែល​គោលបំណង​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច​និង​មូលហេតុ​ដែល​យើង​អាច​ទុក​ចិត្ត​ថា​រាជាណាចក្រ​នោះ​នឹង​ស្ថិតស្ថេរ។—សូម​អាន អេភេសូរ ២:១២

៣​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ក្នុង​អត្ថបទ​នេះ​និង​នៅ​អត្ថបទ​បន្ទាប់?

៣ នៅ​ក្នុង​គម្ពីរ កិច្ច​ព្រម​ព្រៀង​សំខាន់​ចម្បង​៦​គឺ​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​មេស្ស៊ី​ដែល​គ្រប់​គ្រង​ដោយ​លោក​យេស៊ូ​គ្រិស្ត។ កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​គឺ (​១​) កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ (​២​) កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ (​៣​) កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ (​៤​) កិច្ច​ព្រម​ព្រៀង​ដើម្បី​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក (​៥​) កិច្ច​ព្រម​ព្រៀង​ថ្មី និង(​៦​) កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ។ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​កិច្ច​ព្រម​ព្រៀង​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​នោះ ហើយ​ឈាន​ទៅ​សម្រេច​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែន​ដី​និង​មនុស្សជាតិ (​សូម​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា ​«​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​»​)។

សេចក្ដី​សន្យា​មួយ​ដែល​បង្ហាញ​នូវ​របៀប​ដែល​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច

៤​. ដូច​សៀវភៅ​លោកុប្បត្តិ​បាន​ចែង តើ​ព្រះ​យេហូវ៉ា​បាន​ចេញ​បង្គាប់​អ្វី​ខ្លះ​ដែល​មាន​ឥទ្ធិពល​លើ​មនុស្ស?

៤ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផែន​ដី​របស់​យើង​ដើម្បី​ឲ្យ​មនុស្ស​អាច​រស់​នៅ។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចេញ​បង្គាប់​ដូច​ត​ទៅ​នេះ (​១​) ព្រះ​នឹង​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។ (​២​) មនុស្ស​នឹង​ប្រែ​ក្លាយ​ផែន​ដី​ឲ្យ​ទៅ​ជា​សួន​ឧទ្យាន ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​កូន​ៗ​ដ៏​សុចរិត​របស់​ពួក​គេ។ (​៣​) មនុស្ស​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​ឡើយ។ (​លោកុប្បត្តិ ១:២៦, ២៨; ២:១៦, ១៧​) បង្គាប់​ទាំង​បី​នេះ​គឺ​ជា​ការ​រៀប​រាប់​យ៉ាង​សព្វ​គ្រប់​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ​និង​ផែន​ដី។ ដូច្នេះ ហេតុ​អ្វី​ព្រះ​ត្រូវ​ធ្វើ​កិច្ច​ព្រម​ព្រៀង?

៥, ៦​. (​ក​) តើ​សាថាន​បាន​ព្យាយាម​យ៉ាង​ណា​ដើម្បី​រារាំង​គោល​បំណង​របស់​ព្រះ​មិន​ឲ្យ​បាន​សម្រេច? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ចំពោះ​ការ​បះបោរ​នៅ​សួន​អេដែន?

៥ សាថាន​បាន​ចាប់​ផ្ដើម​បះបោរ​ប្រឆាំង​ព្រះ​និង​គោល​បំណ​ង​របស់​លោក។ វា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​មនុស្ស​ស្ដាប់​បង្គាប់​ព្រះ ដោយ​ល្បួង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ។ (​លោកុប្បត្តិ ៣:១​-​៥; ការ​បើក​បង្ហាញ ១២:៩​) ដោយ​ធ្វើ​ដូច្នេះ វា​បាន​ប្រឆាំង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ក្រោយ​មក សាថាន​ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា​មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។—យ៉ូប ១:៩​-​១១; ២:៤, ៥

៦ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​ការ​បះបោរ​នេះ? លោក​អាច​បំផ្លាញ​ពួក​អ្នក​បះបោរ​ទាំង​នោះ​ចោល។ ប៉ុន្តែ នោះ​មាន​ន័យ​ថា​គោល​បំណង​របស់​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​កូន​របស់​អាដាម​និង​អេវ៉ា​នឹង​មិន​បាន​សម្រេច​ឡើយ។ ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​មិន​បំផ្លាញ​ចោល​ពួក​អ្នក​បះបោរ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រកាស​ទំនាយ​ដ៏​សំខាន់​មួយ ពោល​គឺ​សេចក្ដី​សន្យា​នៅ​សួន​អេដែន។ សេចក្ដី​សន្យា​នេះ​បាន​ធានា​ថា​ចំណុច​ល្អិត​ល្អន់​ទាំង​អស់​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​ផែន​ដី​និង​មនុស្សជាតិ​នឹង​បាន​សម្រេច។—សូម​អាន លោកុប្បត្តិ ៣:១៥

សេចក្ដី​សន្យា​នៅ​សួន​អេដែន​បាន​ធានា​ថា ចំណុច​ល្អិត​ល្អន់​ទាំង​អស់​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​ផែន​ដី​និង​មនុស្សជាតិ​នឹង​បាន​សម្រេច

៧​. តើ​សេចក្ដី​សន្យា​នៅ​សួន​អេដែន​បង្ហាញ​អ្វី​ស្តី​អំពី​សត្វ​ពស់​និង​ពូជ​របស់​វា?

៧ តាម​រយៈ​សេចក្ដី​សន្យា​នៅ​សួន​អេដែន ព្រះ​បាន​កាត់​ទោស​សត្វ​ពស់​និង​ពូជ​របស់​វា​ឲ្យ​ត្រូវ​ស្លាប់ ពោល​គឺ​មេកំណាច​សាថាន​និង​ពួក​អ្នក​ដែល​នឹង​កាន់​ជំហរ​ខាង​វា​ដោយ​ប្រឆាំង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ ព្រះ​បាន​ឲ្យ​ពូជ​របស់​ស្ត្រី​ក្នុង​ទំនាយ​នោះ​មាន​អំណាច​បំផ្លាញ​ពួក​អ្នក​បះបោរ​ទាំង​នេះ​ចោល។ ដូច្នេះ សេចក្ដី​សន្យា​នៅ​សួន​អេដែន​បាន​បង្ហាញ​ថា​សាថាន​និង​ឥទ្ធិពល​នៃ​ការ​បះបោរ​របស់​វា​នឹង​ត្រូវ​បំបាត់​ចោល។ សេចក្ដី​សន្យា​នោះ​ក៏​បាន​បញ្ជាក់​ដែរ​អំពី​របៀប​ដែល​នេះ​នឹង​កើត​ឡើង។

៨​. តើ​យើង​រៀន​អ្វី​ស្តី​អំពី​អត្តសញ្ញាណ​របស់​ស្ត្រី​និង​ពូជ​របស់​នាង?

៨ តើ​អ្នក​ណា​ខ្លះ​ជា​ពូជ​ស្ត្រី​នោះ? ពូជ​ស្ត្រី​នឹង​ត្រូវ​តែ​ជា​បុគ្គល​វិញ្ញាណ។ ហេតុ​អ្វី? ពី​ព្រោះ​ពូជ​នេះ​នឹង​«​បំផ្លាញ​ចោល​»​សាថាន​ដែល​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ (​ហេប្រឺ ២:១៤​) ដូច្នេះ ស្ត្រី​ដែល​បង្កើត​ពូជ​នេះ​ក៏​នឹង​ត្រូវ​តែ​ជា​បុគ្គល​ដែល​យើង​មើល​មិន​ឃើញ​ដែរ។ កាល​ដែល​ពូជ​របស់​សត្វ​ពស់​បាន​កើន​ឡើង អត្តសញ្ញាណ​របស់​ស្ត្រី​នោះ​និង​ពូជ​របស់​នាង​នៅ​តែ​ជា​អាថ៌​កំបាំង​អស់​រយៈ​ពេល​ប្រហែល​ជា​៤.០០០​ឆ្នាំ​ក្រោយ​សេចក្ដី​សន្យា​នៅ​សួន​អេដែន។ ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ដែល​បញ្ជាក់​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​ពូជ​របស់​ស្ត្រី​នោះ ហើយ​បង្ហាញ​របៀប​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​របស់​សាថាន។

កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បញ្ជាក់​ឲ្យ​ដឹង​អំពី​ពូជ​របស់​ស្ត្រី

៩​. តើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​គឺ​ជា​អ្វី ហើយ​តើ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​សុពលភាព​នៅ​ពេល​ណា?

៩ ប្រហែល​ជា​២.០០០​ឆ្នាំ​ក្រោយ​សេចក្ដី​សន្យា​នៅ​សួន​អេដែន​បាន​ត្រូវ​ធ្វើ​ឡើង ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ក្រុង​អ៊ើរ ហើយ​ទៅ​ស្រុក​កាណាន។ (​សកម្មភាព ៧:២, ៣​) ព្រះ​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្ដាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ជា​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់មនុស្ស​ទាំង​ឡាយ អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្ដាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្ដាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែន​ដី​នឹង​បាន​ពរ​ដោយ​សារ​ឯង​»។ (​លោកុប្បត្តិ ១២:១​-​៣​) សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អាប្រាហាំ​បាន​ត្រូវ​ហៅ​ថា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ។ យើង​មិន​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​ជា​មួយ​នឹង​អាប្រាហាំ​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ យើង​ដឹង​ថា​កិច្ច​ព្រម​ព្រៀង​នោះ​បាន​មាន​សុពលភាព​នៅ​ឆ្នាំ​១៩៤៣ មុន​គ.ស. ពេល​អាប្រាហាំ​ដែល​មាន​អាយុ​៧៥​ឆ្នាំ​បាន​ចាក​ចេញ​ពី​ក្រុង​ហារ៉ាន ហើយ​បាន​ឆ្លង​ទន្លេ​អឺប្រាត។

១០​. (​ក​) តើ​តាម​របៀប​ណា​អាប្រាហាំ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​មាំ​មួន​លើ​សេចក្ដី​សន្យា​របស់​ព្រះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​នូវ​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ខ្លះ​ស្តី​អំពី​ពូជ​របស់​ស្ត្រី?

១០ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​សេចក្ដី​សន្យា​របស់​លោក​នឹង​អាប្រាហាំ​ប៉ុន្មាន​លើក ហើយ​រាល់​លើក​លោក​បាន​បន្ថែម​ព័ត៌មាន​ល្អិត​ល្អន់​ជាង។ (​លោកុប្បត្តិ ១៣:១៥​-​១៧; ១៧:១​-​៨, ១៦​) អាប្រាហាំ​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​សុខ​ចិត្ត​ជូន​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​ទៅ​ព្រះ​សម្រាប់​ជា​គ្រឿង​បូជា។ នេះ​បាន​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​ពង្រឹង​កិច្ច​ព្រម​ព្រៀង​ដោយ​ធានា​ថា សេចក្ដី​សន្យា​របស់​លោក​នឹង​បាន​សម្រេច។ (​សូម​អាន លោកុប្បត្តិ ២២:១៥​-​១៨; ហេប្រឺ ១១:១៧, ១៨​) ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​មាន​សុពលភាព ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​នូវ​ព័ត៌មាន​សំខាន់​ៗ​ស្តី​អំពី​ពូជ​របស់​ស្ត្រី។ ពូជ​នោះ​នឹង​កើត​មក​ពី​ក្រុម​គ្រួសារ​អាប្រាហាំ នឹង​រួម​បញ្ចូល​មនុស្ស​ជា​ច្រើន នឹង​បម្រើ​ជា​ស្តេច នឹង​បំផ្លាញ​សត្រូវ​ទាំង​អស់​របស់​ព្រះ ហើយ​នឹង​ជា​ពរ​សម្រាប់​មនុស្ស​ជា​ច្រើន។

១១, ១២​. តើ​បទ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​សេចក្ដី​សន្យា​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​នឹង​បាន​សម្រេច​តាម​របៀប​ប្រសើរ​ជាង ហើយ​តើ​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

១១ សេចក្ដី​សន្យា​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​បាន​សម្រេច​ជា​លើក​ដំបូង ពេល​ដែល​កូន​ចៅ​របស់​អាប្រាហាំ​បាន​ទទួល​ជា​មត៌ក​នូវ​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ប៉ុន្តែ គម្ពីរ​បាន​បង្ហាញ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។ (​កាឡាទី ៤:២២​-​២៥​) សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​ផ្នែក​សំខាន់​ចម្បង​នៃ​ពូជ​របស់​អាប្រាហាំ គឺ​លោក​យេស៊ូ​គ្រិស្ត។ ផ្នែក​បន្ទាប់ ឬ​បន្ថែម សំដៅ​លើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​១៤៤.០០០​នាក់។ (​កាឡាទី ៣:១៦, ២៩; ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១, ៤​) ស្ត្រី​នៅ​ក្នុង​សេចក្ដី​សន្យា​នៅ​សួន​អេដែន គឺ​ជា​ផ្នែក​នៅ​ស្ថាន​សួគ៌​នៃ​អង្គ​ការ​របស់​ព្រះ។ ស្ត្រី​នេះ​បាន​ត្រូវ​ហៅ​ថា​«​ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​»​ ហើយ​រួម​មាន​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ភក្ដី។ (​កាឡាទី ៤:២៦, ៣១​) ដូច​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​បាន​សន្យា ពូជ​របស់​ស្ត្រី​នោះ​នឹង​នាំ​ឲ្យ​មនុស្សជាតិ​ទទួល​ប្រយោជន៍​យូរ​អង្វែង។

១២ កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​ផ្ដល់​ការ​ធានា​ស្រប​ច្បាប់​សម្រាប់​រាជាណាចក្រ​ស្ថាន​សួគ៌ ហើយ​បើក​ឱកាស​ឲ្យ​ស្តេច​និង​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​ទទួល​រាជាណាចក្រ​នោះ​ជា​មត៌ក។ (​ហេប្រឺ ៦:១៣​-​១៨​) តើ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​រហូត​ដល់​ពេល​ណា? លោកុប្បត្តិ ១៧:៧​ចែង​ថា កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​«​សេចក្ដី​សញ្ញា[​កិច្ច​ព្រម​ព្រៀង​]ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»។ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​រហូត​ដល់​រាជាណាចក្រ​បំផ្លាញ​សត្រូវ​របស់​ព្រះ​និង​រហូត​ដល់​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន​ដី​បាន​ទទួល​ពរ។ (​កូរិនថូស​ទី១ ១៥:២៣​-​២៦​) ប៉ុន្តែ ប្រយោជន៍​ដែល​កិច្ច​ព្រម​ព្រៀង​នេះ​ផ្ដល់​ឲ្យ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​នឹង​អាប្រាហាំ​បង្ហាញ​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​មាន​មនុស្ស​សុចរិត​នៅ​«​ពេញ​ពាស​លើ​ផែន​ដី​»​នឹង​បាន​សម្រេច។—លោកុប្បត្តិ ១:២៨

កិច្ច​ព្រម​ព្រៀង​មួយ​ធានា​ថា រាជាណាចក្រ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត

១៣, ១៤​. តើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ធានា​អ្វី?

១៣ សេចក្ដី​សន្យា​នៅ​សួន​អេដែន​និង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​បង្រៀន​យើង​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ផ្អែក​លើ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​ជា​និច្ច។ ដូច្នេះ រាជាណាចក្រ​មេស្ស៊ី​ដែល​ព្រះ​បាន​រៀបចំ​ឡើង​ក៏​ផ្អែក​លើ​ខ្នាត​តម្រា​ដ៏​សុចរិត​ទាំង​នោះ​ដែរ។ (​ទំនុក​តម្កើង ៨៩:១៤​) តើ​រាជាណាចក្រ​មេស្ស៊ី​នឹង​ខូច​អាក្រក់​ឬ? តើ​រាជរដ្ឋាភិបាល​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​រដ្ឋាភិបាល​មួយ​ទៀត​ឬ​ទេ? កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់​មួយ​ទៀត​ធានា​ថា​នេះ​នឹង​មិន​កើត​ឡើង​ទេ។

ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​នឹង​មិន​ខូច​អាក្រក់​សោះ​ឡើយ ហើយ​ប្រយោជន៍​ដែល​មក​ពី​ការ​គ្រប់​គ្រង​នោះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត

១៤ ព្រះ​យេហូវ៉ា​បាន​ធ្វើ​សេចក្ដី​សន្យា​នឹង​ដាវីឌ​ជា​ស្តេច​នៃ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ សេចក្ដី​សន្យា​នោះ​បាន​ត្រូវ​ហៅ​ថា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ។ (​សូម​អាន សាំយូអែល​ទី២ ៧:១២, ១៦​) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​មេស្ស៊ី​នឹង​ជា​កូន​ចៅ​ម្នាក់​របស់​ដាវីឌ។ (​លូកា ១:៣០​-​៣៣​) តាម​របៀប​នេះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ព័ត៌មាន​ជាក់​លាក់​ថែម​ទៀត​អំពី​វង្ស​ត្រកូល​របស់​មេស្ស៊ី។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​កូន​ចៅ​នេះ​របស់​ដាវីឌ​នឹង​មាន​«​ច្បាប់​ទទួល​»​ឬ​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ធ្វើ​ជា​ស្តេច​នៃ​រាជាណាចក្រ​មេស្ស៊ី។ (​អេសេគាល ២១:២៥​-​២៧​) តំណែង​របស់​ដាវីឌ​ជា​ស្តេច​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត ពី​ព្រោះ​លោក​យេស៊ូ​ដែល​ជា​កូន​ចៅ​របស់​ដាវីឌ​«​នឹង​ស្ថិតស្ថេរ​នៅ​ជា​រៀង​រាប​ដរាប​»។ បល្ល័ង្ក​របស់​លោក​នឹង‹ជាប់​នៅ​ដូច​ជា​ព្រះអាទិត្យ›។ (​ទំនុក​តម្កើង ៨៩:៣៤​-​៣៧​) យើង​អាច​ទុក​ចិត្ត​ថា​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​នឹង​មិន​ខូច​អាក្រក់​សោះ​ឡើយ ហើយ​ប្រយោជន៍​ដែល​មក​ពី​ការ​គ្រប់​គ្រង​នេះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត!

កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប

១៥​-​១៧​. យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក តើ​ពូជ​របស់​ស្ត្រី​នឹង​មាន​ភារកិច្ច​អ្វី​ថែម​ទៀត ហើយ​ហេតុ​អ្វី?

១៥ កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​និង​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​ដាវីឌ​ធានា​ថា​ពូជ​របស់​ស្ត្រី​នឹង​គ្រប់​គ្រង​ជា​ស្តេច។ ប៉ុន្តែ ដើម្បី​ឲ្យ​មនុស្សជាតិ​ទាំង​អស់​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ ពូជ​នោះ​នឹង​មិន​គ្រាន់​តែ​ជា​ស្តេច​ប៉ុណ្ណោះ​ទេ។ ពូជ​នោះ​ក៏​នឹង​ត្រូវ​ជា​សង្ឃ​ផង​ដែរ។ មាន​តែ​សង្ឃ​ប៉ុណ្ណោះ​អាច​ជូន​គ្រឿង​បូជា​ដែល​ចាំ​បាច់​ដើម្បី​មនុស្ស​អាច​រួច​ផុត​ពី​ភាព​ខុស​ឆ្គង ហើយ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី។ ដើម្បី​ប្រាកដ​ថា​ពូជ​នោះ​នឹង​ជា​សង្ឃ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់​មួយ​ទៀត ពោល​គឺ​កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក។

១៦ ព្រះ​បាន​បើក​បង្ហាញ​តាម​រយៈ​ស្តេច​ដាវីឌ​ថា​លោក​ផ្ទាល់​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​លោក​យេស៊ូ។ កិច្ច​ព្រម​ព្រៀង​នោះ​បាន​រួម​បញ្ចូល​អ្វី​ពីរ​យ៉ាង។ ទី១ គឺ​លោក​យេស៊ូ​នឹង​«​អង្គុយ​នៅ​ខាង​ស្ដាំ[​ព្រះ​]​»​ ហើយ​មាន​អំណាច​ដើម្បី​ឈ្នះ​សត្រូវ​របស់​លោក​ទាំង​អស់។ ទី២ គឺ​លោក​យេស៊ូ​នឹង​ជា​«​សង្ឃ​នៅ​អស់​កល្ប​ជា​និច្ច តាម​របៀប​លោក​មិលគីស្សាដែក​»។ (​សូម​អាន ទំនុក​តម្កើង ១១០:១, ២, ៤​) ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​នឹង​ជា​សង្ឃ​«​តាម​របៀប​លោក​មិលគីស្សាដែក​»​? ម៉េលគីសេដិក​បាន​ធ្វើ​ជា​ស្តេច​នៅ​ក្រុង​សាឡិម​និង​«​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​ មុន​ពូជ​របស់​អាប្រាហាំ​បាន​ច្បាំង​ឈ្នះ​ស្រុក​ដែល​ព្រះ​បាន​សន្យា។ (​ហេប្រឺ ៧:១​-​៣​) មុន​លោក​យេស៊ូ ម៉េលគីសេដិក​ជា​បុគ្គល​តែ​មួយ​គត់​ដែល​មាន​ឋានៈ​ទាំង​ពីរ​នោះ ហើយ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​តែង​តាំង​ម៉េលគីសេដិក​ជា​ស្តេច​និង​ជា​សង្ឃ។ ម្យ៉ាង​ទៀត ដោយ​សារ​គម្ពីរ​មិន​បាន​ចែង​អំពី​អ្នក​ណា​ផ្សេង​ទៀត​ដែល​មាន​ឋានៈ​នោះ​មុន ឬ​ក្រោយ​ម៉េលគីសេដិក គឺ​ហាក់​ដូច​ជា​គាត់​«​គឺ​ជា​សង្ឃ​ជា​និរន្តរ៍​»​ឬ​ជា​រៀង​រហូត។

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​សង្ឃ​ដោយ​ព្រះ​ផ្ទាល់

១៧ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​សង្ឃ​ដោយ​ព្រះ​ផ្ទាល់។ លោក​យេស៊ូ​នឹង​នៅ​ជា​«​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។ (​ហេប្រឺ ៥:៤​-​៦​) កិច្ច​ព្រម​ព្រៀង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ធានា​ថា​លោក​នឹង​ប្រើ​រាជាណាចក្រ​មេស្ស៊ី​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​និង​ផែន​ដី។

រាជាណាចក្រ​មាន​មូលដ្ឋាន​លើ​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់

១៨, ១៩​. (​ក​) តើ​កិច្ច​ព្រម​ព្រៀង​ដែល​យើង​បាន​ពិចារណា​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិគ្រោះ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ មក​ដល់​ត្រឹម​នេះ យើង​បាន​រៀន​អំពី​របៀប​ដែល​កិច្ច​ព្រម​ព្រៀង​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​មេស្ស៊ី​និង​អំពី​របៀប​ដែល​រាជាណាចក្រ​នេះ​មាន​មូលដ្ឋាន​រឹង​មាំ​លើ​កិច្ច​សន្យា​ស្រប​ច្បាប់។ សេចក្ដី​សន្យា​នៅ​សួន​អេដែន​ធានា​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​ពូជ​របស់​ស្ត្រី​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រាប់​ផែន​ដី​និង​មនុស្សជាតិ​បាន​សម្រេច។ កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​ពន្យល់​ថា​អ្នក​ណា​ជា​ពូជ​របស់​ស្ត្រី​និង​អំពី​តួនាទី​របស់​ពូជ​នោះ។

១៩ កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​វង្ស​ត្រកូល​របស់​មេស្ស៊ី។ កិច្ច​ព្រម​ព្រៀង​នោះ​ថែម​ទាំង​ផ្ដល់​ឲ្យ​លោក​យេស៊ូ​នូវ​សិទ្ធិ​គ្រប់​គ្រង​លើ​ផែន​ដី​ជា​រៀង​រហូត។ កិច្ច​ព្រម​ព្រៀង​សម្រាប់​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក​ធានា​ថា​ពូជ​របស់​ស្ត្រី​នឹង​បម្រើ​ជា​សង្ឃ។ ប៉ុន្តែ មិន​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ មាន​បុគ្គល​ឯ​ទៀត​ដែល​បាន​ត្រូវ​តែង​តាំង​ដើម្បី​បម្រើ​ជា​ស្តេច​និង​ជា​សង្ឃ។ តើ​ពួក​គាត់​នឹង​មក​ពី​ណា? នោះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​បន្ទាប់។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • រាជាណាចក្រ​មេស្ស៊ី: រដ្ឋាភិបាល​របស់​ព្រះ​ដែល​គ្រប់​គ្រង​ដោយ​គ្រិស្ត​និង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​១៤៤.០០០​នាក់

តួ​អង្គ​ក្នុង​លោកុប្បត្តិ ៣:១៥

  • ស្ត្រី: ផ្នែក​នៅ​ស្ថាន​សួគ៌​នៃ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ដែល​រួម​មាន​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ភក្ដី

  • ពូជ​របស់​ស្ត្រី: ផ្នែក​សំខាន់​ចម្បង​នៃ​ពូជ​របស់​ស្ត្រី គឺ​លោក​យេស៊ូ​គ្រិស្ត។ ផ្នែក​បន្ទាប់ ឬ​បន្ថែម សំដៅ​លើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​១៤៤.០០០​នាក់។ ពូជ​របស់​ស្ត្រី​នឹង​បំផ្លាញ​សាថាន​និង​ពូជ​របស់​វា​ចោល

  • សត្វ​ពស់: មេកំណាច​សាថាន

  • ពូជ​របស់​សត្វ​ពស់: បុគ្គល​វិញ្ញាណ​និង​មនុស្ស​ដែល​កាន់​ជំហរ​ខាង​សាថាន​ដោយ​ប្រឆាំង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ

របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក

សេចក្ដី​សន្យា​នៅ​សួន​អេដែន​បង្ហាញ​ថា​ព្រះ​នឹង​ប្រើ​រាជាណាចក្រ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រាប់​ផែន​ដី​និង​មនុស្សជាតិ​បាន​សម្រេច។ កិច្ច​ព្រម​ព្រៀង​៦​ជា​បន្ត​បន្ទាប់​នេះ​ជួយ​សម្រេច​គោល​បំណង​របស់​ព្រះ:

កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ

រវាង: ព្រះ​យេហូវ៉ា​និង​អាប្រាហាំ

គោល​បំណង: គឺ​ជា​ការ​ធានា​ស្រប​ច្បាប់​ថា​«​ពូជ​»​របស់​«​ស្ត្រី​»​ដែល​ចែង​នៅ​លោកុប្បត្តិ ៣:១៥​នឹង​គ្រប់​គ្រង​រាជាណាចក្រ

កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់

រវាង: ព្រះ​យេហូវ៉ា​និង​ប្រជា​ជាតិ​អ៊ីស្រាអែល

គោល​បំណង: គឺ​ការពារ​«​ពូជ​»​ ហើយ​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​មេស្ស៊ី

កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ

រវាង: ព្រះ​យេហូវ៉ា​និង​ដាវីឌ

គោល​បំណង: គឺ​បង្ហាញ​ថា​ស្តេច​ដែល​ជា​មេស្ស៊ី​ជា​កូន​ចៅ​របស់​ដាវីឌ ហើយ​ថា​រាជាណាចក្រ​នោះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត

កិច្ច​ព្រម​ព្រៀង​ដើម្បី​សង្ឃ​មួយ​រូប​ដូច​ម៉េលគីសេដិក

រវាង: ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ

គោល​បំណង: គឺ​ជា​ការ​ធានា​ស្រប​ច្បាប់​ថា​ផ្នែក​សំខាន់​ចម្បង​នៃ​«​ពូជ​»​របស់​ស្ត្រី ពោល​គឺ​លោក​យេស៊ូ​នឹង​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​ជា​រៀង​រហូត

កិច្ច​ព្រម​ព្រៀង​ថ្មី

រវាង: ព្រះ​យេហូវ៉ា​និង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង

គោល​បំណង: គឺ​ផ្ដល់​នូវ​គ្រឹះ​មូលដ្ឋាន​ស្រប​ច្បាប់​សម្រាប់​គ្រិស្ត​សាសនិក​១៤៤.០០០​នាក់​ឲ្យ​ធ្វើ​ជា​កូន​របស់​ព្រះ ហើយ​ក្លាយ​ជា​ផ្នែក​បន្ទាប់​នៃ​«​ពូជ​»​របស់​ស្ត្រី

កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ

រវាង: លោក​យេស៊ូ​និង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង

គោល​បំណង: គឺ​បង្រួប​បង្រួម​ដោយ​ស្រប​ច្បាប់​នូវ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ជា​មួយ​នឹង​គ្រិស្ត​ដើម្បី​ធ្វើ​ជា​ស្តេច​និង​បម្រើ​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក