ការប្រឈមមុខនឹងទីបញ្ចប់នៃពិភពលោកនេះជាមួយគ្នា
«យើងទាំងអស់គ្នាជាអវយវៈនៃរូបកាយតែមួយ»។—អេភេសូរ ៤:២៥
១, ២. តើព្រះចង់ឲ្យរាស្ត្ររបស់លោក ទាំងក្មេងទាំងចាស់គោរពប្រណិប័តន៍លោកតាមរបៀបណា?
តើអ្នកជាមនុស្សវ័យក្មេងឬទេ? បើមែន អ្នកអាចប្រាកដថាអ្នកគឺជាសមាជិកដ៏សំខាន់នៃក្រុមជំនុំសាក្សីព្រះយេហូវ៉ាទូទាំងពិភពលោក។ នៅប្រទេសជាច្រើន មនុស្សមួយចំនួនធំដែលទទួលការជ្រមុជទឹកគឺជាមនុស្សវ័យក្មេង។ នេះពិតជាលើកទឹកចិត្តយើងមែន កាលដែលឃើញមនុស្សវ័យក្មេងជាច្រើនសម្រេចចិត្តបម្រើព្រះយេហូវ៉ា!
២ ជាមនុស្សវ័យក្មេងម្នាក់ តើអ្នកចូលចិត្តចំណាយពេលជាមួយអ្នកឯទៀតដែលមានអាយុស្រករអ្នកឬទេ? អ្នកទំនងជាចូលចិត្តមែន។ យើងចូលចិត្តចំណាយពេលជាមួយនឹងមិត្តភក្ដិដែលមានអាយុស្រករយើង។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាចង់ឲ្យយើងគោរពប្រណិប័តន៍លោកជាមួយនឹងបងប្អូនរួមជំនឿទាំងអស់របស់យើង។ លោកចង់ឲ្យរាស្ត្ររបស់លោកមានសាមគ្គីភាព ទោះជាពួកគេមានអាយុប៉ុន្មាន ឬមានជីវប្រវត្ដិបែបណាក៏ដោយ។ សាវ័កប៉ូលបានសរសេរថាគឺជាបំណងប្រាថ្នារបស់ព្រះដែល«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៣, ៤) ការបើកបង្ហាញ ៧:៩ រៀបរាប់ថាអ្នកដែលគោរពប្រណិប័តន៍ព្រះជាមនុស្សដែលមកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»។
៣, ៤. (ក) តើមនុស្សវ័យក្មេងជាច្រើននាក់សព្វថ្ងៃនេះមានចិត្តគំនិតបែបណា? (ខ) នៅអេភេសូរ ៤:២៥ តើប៉ូលបានរៀបរាប់យ៉ាងណាអំពីក្រុមជំនុំ?
៣ មនុស្សវ័យក្មេងដែលបម្រើព្រះយេហូវ៉ាគឺខុសគ្នាឆ្ងាយណាស់នឹងមនុស្សវ័យក្មេងដែលមិនបម្រើលោក។ មនុស្សជាច្រើនដែលមិនបម្រើព្រះយេហូវ៉ាគិតតែអំពីខ្លួនឯង និងអ្វីដែលពួកគេចង់បានប៉ុណ្ណោះ។ អ្នកស្រាវជ្រាវខ្លះបាននិយាយថាមនុស្សវ័យក្មេងសព្វថ្ងៃនេះគឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងជាងសម័យមុនទៅទៀត។ របៀបដែលពួកគេនិយាយនិងរបៀបដែលពួកគេស្លៀកពាក់បង្ហាញថាពួកគេមិនគោរពអ្នកឯទៀតឡើយ ជាពិសេសមនុស្សវ័យចាស់។
ការមានសាមគ្គីភាពនឹងរឹតតែសំខាន់ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃពិភពលោករបស់សាថាន
៤ ចិត្តគំនិតនោះមាននៅគ្រប់ទីកន្លែង ដូច្នេះយើងត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីជៀសវាងចិត្តគំនិតនោះ និងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ នៅសតវត្សរ៍ទី១ ប៉ូលក៏បានព្រមានគ្រិស្តសាសនិកអំពីការមានចិត្តគំនិតដែលស្រដៀងគ្នាដែរ។ គាត់បានហៅចិត្តគំនិតនោះជា«ចិត្តគំនិតដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (សូមអាន អេភេសូរ ២:១-៣) ពេលយើងឃើញប្អូនៗវ័យក្មេងក្នុងក្រុមជំនុំមិនមានចិត្តគំនិតដូចនោះ នេះលើកទឹកចិត្តយើង។ ពួកគេចង់បម្រើព្រះយេហូវ៉ាជាមួយនឹងបងប្អូនរបស់ពួកគេ។ ពួកគេយល់ថាក្រុមជំនុំគឺដូចជារូបកាយដែលមានអវយវៈជាច្រើន ដែលធ្វើការជាមួយគ្នា។ ដូចប៉ូលបានសរសេរ«យើងទាំងអស់គ្នាជាអវយវៈនៃរូបកាយតែមួយ»។ (អេភេសូរ ៤:២៥) ការមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើងនឹងរឹតតែសំខាន់ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃពិភពលោករបស់សាថាន។ គំរូក្នុងគម្ពីរជាបន្តបន្ទាប់នេះនឹងជួយយើងឲ្យយល់អំពីមូលហេតុដែលយើងត្រូវនៅជាប់ជាមួយគ្នា ពោលគឺមានសាមគ្គីភាព។
ពួកគេនៅជាប់ជាមួយគ្នា
៥, ៦. តើយើងទាញមេរៀនអ្វីពីឡុតនិងគ្រួសាររបស់គាត់?
៥ នៅអតីតកាល រាស្ត្ររបស់ព្រះយេហូវ៉ាបានស៊ូទ្រាំនឹងស្ថានភាពខ្លះដែលមានគ្រោះថ្នាក់។ ព្រះយេហូវ៉ាបានការពារពួកគេ ពេលដែលពួកគេមានសាមគ្គីភាព ហើយជួយគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា ទាំងចាស់ទាំងក្មេងអាចទាញមេរៀនពីគំរូទាំងនេះនៅក្នុងគម្ពីរ។ សូមឲ្យយើងពិចារណាអ្វីដែលបានកើតឡើងដល់ឡុត។
៦ ឡុតនិងគ្រួសាររបស់គាត់ជួបគ្រោះថ្នាក់។ ព្រះយេហូវ៉ាហៀបនឹងបំផ្លាញក្រុងសូដុម ជាក្រុងដែលពួកគាត់រស់នៅ។ លោកបានចាត់ទេវតាឲ្យមកព្រមានឡុតឲ្យចាកចេញពីក្រុងនោះ ហើយរត់ទៅភ្នំ។ ពួកទេវតាបានប្រាប់គាត់ថា៖ «ចូររត់ទៅឲ្យបានរួចជីវិតចុះ!»។ (លោកុប្បត្តិ ១៩:១២-២២) ឡុតនិងកូនស្រីពីរនាក់របស់គាត់បានធ្វើតាមបង្គាប់នោះ។ គួរឲ្យស្ដាយ អ្នកឯទៀតក្នុងក្រុមគ្រួសារឡុតមិនបានធ្វើដូច្នេះទេ។ ពេលឡុតបានប្រាប់បុរសដែលនឹងរៀបការជាមួយនឹងកូនស្រីរបស់គាត់ថាពួកគេត្រូវចាកចេញពីក្រុងនោះ ពួកគេគិតថាឡុតគ្រាន់តែជាមនុស្សចាស់ដែល«និយាយលេង»ប៉ុណ្ណោះ។ ពួកគេមិនគិតថាពាក្យដែលគាត់និយាយជាពាក្យពិតទេ ដូច្នេះពួកគេបានស្លាប់ពេលដែលក្រុងនោះបានត្រូវបំផ្លាញ។ (លោកុប្បត្តិ ១៩:១៤) មានតែឡុតនិងកូនស្រីពីរនាក់របស់គាត់ប៉ុណ្ណោះបានរួចជីវិត ដោយសារពួកគាត់បានស្ដាប់បង្គាប់ ហើយបាននៅជាប់ជាមួយគ្នា។
៧. តើតាមរបៀបណាព្រះយេហូវ៉ាបានជួយមនុស្សមួយក្រុមដែលមានសាមគ្គីភាពដែលបានចាកចេញពីស្រុកអេស៊ីប?
៧ យើងក៏អាចរៀនពីគំរូរបស់ជនជាតិអ៊ីស្រាអែលដែរ ពេលដែលពួកគេបានចេញពីស្រុកអេស៊ីប។ ពួកគេមិនបានបំបែកគ្នាទៅជាក្រុមតូចៗ ដោយក្រុមនីមួយៗជ្រើសរើសផ្លូវរៀងខ្លួនដើម្បីទៅស្រុកដែលព្រះបានសន្យាឡើយ។ ផ្ទុយទៅវិញ ពួកគេបានធ្វើដំណើរជាមួយគ្នាជាក្រុមមួយដែលមានសាមគ្គីភាព។ ម្យ៉ាងទៀត ពេលព្រះយេហូវ៉ាបានញែកទឹកសមុទ្រក្រហម ម៉ូសេមិនបានដើរឆ្លងកាត់តែម្នាក់ឯង ឬទៅជាមួយនឹងជនជាតិអ៊ីស្រាអែលតែប៉ុន្មាននាក់ប៉ុណ្ណោះទេ។ ប្រជាជាតិទាំងមូលបានទៅជាមួយនឹងម៉ូសេ ហើយព្រះយេហូវ៉ាបានការពារពួកគេ។ (និក្ខមនំ ១៤:២១, ២២, ២៩, ៣០) មនុស្សជាច្រើនដែលមិនមែនជាជនជាតិអ៊ីស្រាអែលក៏បានសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយបានចេញពីស្រុកអេស៊ីបជាមួយនឹងពួកគេដែរ។ ពួកគេទាំងអស់គ្នាបាននៅជាប់ជាមួយគ្នា។ (និក្ខមនំ ១២:៣៨) បើមនុស្សមួយក្រុមតូចដែលប្រហែលជាមនុស្សវ័យក្មេងធ្វើដំណើរដោយខ្លួនឯងតាមទិសដៅដែលពួកគេគិតថាល្អបំផុត នោះគឺជាការល្ងង់ខ្លៅ។ អ្នកណាក៏ដោយដែលបានទៅតាមផ្លូវរៀងខ្លួននឹងមិនទទួលការការពារពីព្រះយេហូវ៉ាឡើយ។—កូរិនថូសទី១ ១០:១
៨. នៅសម័យយេហូសាផាត តើរាស្ត្ររបស់ព្រះមានសាមគ្គីភាពយ៉ាងដូចម្ដេច?
៨ នៅសម័យស្តេចយេហូសាផាត កងទ័ពដ៏ធំនិងខ្លាំងក្លាមួយបានមកវាយប្រហាររាស្ត្ររបស់ព្រះ។ (របាក្សត្រទី២ ២០:១, ២) តើជនជាតិអ៊ីស្រាអែលបានធ្វើអ្វី ពេលសត្រូវដ៏គួរឲ្យខ្លាចនេះបានឡោមព័ទ្ធពួកគេ? ពួកគេបានទុកចិត្តព្រះយេហូវ៉ា ហើយបានអធិដ្ឋានសុំការណែនាំពីលោក។ (សូមអាន របាក្សត្រទី២ ២០:៣, ៤) ជនជាតិអ៊ីស្រាអែលម្នាក់ៗមិនបានព្យាយាមរកវិធីដោះស្រាយដោយខ្លួនឯងទេ ប៉ុន្តែពួកគេទាំងអស់បានប្រជុំគ្នា។ គម្ពីរចែងថា៖ «ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ នឹងប្រពន្ធ ហើយក្មេងៗនៅជាមួយផង»។ (របាក្សត្រទី២ ២០:១៣) ប្រជាជាតិទាំងមូល ទាំងចាស់ទាំងក្មេងបានទុកចិត្តព្រះយេហូវ៉ា ហើយបានធ្វើតាមការណែនាំ។ ពួកគេបាននៅជាមួយគ្នា ហើយព្រះយេហូវ៉ាបានការពារពួកគេពីសត្រូវ។ (របាក្សត្រទី២ ២០:២០-២៧) នេះគឺជាគំរូដ៏ល្អអំពីរបៀបដែលរាស្ត្រព្រះជាក្រុមអាចប្រឈមមុខនឹងការប្រឆាំង។
៩. តើយើងអាចរៀនអ្វីពីគ្រិស្តសាសនិកនៅសតវត្សរ៍ទី១?
៩ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នាដោយមានសេចក្ដីសុខសាន្តនិងដោយសុខដុមរមនានឹងគ្នា។ ជាឧទាហរណ៍ បន្ទាប់ពីជនជាតិយូដានិងជនជាតិដទៃជាច្រើននាក់បានទៅជាគ្រិស្តសាសនិក ពួកគេទាំងអស់បានធ្វើតាមសេចក្ដីបង្រៀនរបស់ពួកសាវ័ក។ ពួកគេបានចំណាយពេលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ហើយអធិដ្ឋានជាមួយគ្នា។ (សកម្មភាព ២:៤២) ម្យ៉ាងវិញទៀត ពេលគ្រិស្តសាសនិកបានត្រូវគេបៀតបៀន ពួកគេបានរក្សាសាមគ្គីភាព។ នោះគឺជាពេលដែលពួកគេត្រូវការគ្នាទៅវិញទៅមកខ្លាំងជាងពេលណាទាំងអស់។ (សកម្មភាព ៤:២៣, ២៤) ពេលយើងទទួលការបៀតបៀន យើងក៏ត្រូវមានសាមគ្គីភាព ហើយគាំទ្រគ្នាទៅវិញទៅមកដែរ។
ចូរមានសាមគ្គីភាព មុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់
១០. ជាងពេលមុនៗទៅទៀត តើយើងនឹងត្រូវមានសាមគ្គីភាពនៅពេលណា?
១០ មិនយូរទៀត យើងនឹងប្រឈមមុខនឹងគ្រាដ៏ពិបាកបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ អ្នកប្រកាសទំនាយយ៉ូអែលរៀបរាប់អំពីគ្រានោះថា ជា«ថ្ងៃងងឹត ហើយមីរស្រទំ»។ (យ៉ូអែល ២:១, ២; សេផានា ១:១៤) នៅពេលនោះ ជាងពេលមុនៗទៅទៀត រាស្ត្ររបស់ព្រះនឹងត្រូវមានសាមគ្គីភាព។ សូមចាំពាក្យរបស់លោកយេស៊ូដែលថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ»។—ម៉ាថាយ ១២:២៥
១១. ស្តីអំពីសាមគ្គីភាព តើរាស្ត្ររបស់ព្រះអាចរៀនអ្វីពីទំនុកតម្កើង ១២២:៣, ៤? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១១ តើយើងនឹងត្រូវមានសាមគ្គីភាពដល់កម្រិតណា? យើងអាចទាញមេរៀនពីរបៀបដែលគេបានសង់ផ្ទះនៅក្រុងយេរូសាឡិមសម័យបុរាណ។ ផ្ទះទាំងនោះបានត្រូវសង់ឡើងជិតគ្នាដល់ម្ល៉េះបានជាអ្នកតែងទំនុកតម្កើងបានរៀបរាប់ថា ក្រុងនោះ«ណែនណាន់ជាប់គ្នា»។ បណ្ដាជនមានអារម្មណ៍ថាមានសុវត្ថិភាព ដោយសារពួកគេរស់នៅជិតៗគ្នា ហើយអាចងាយស្រួលជួយគ្នានិងការពារគ្នាទៅវិញទៅមក។ ការដែលផ្ទះនៅជិតៗគ្នាក៏ប្រហែលជាបានរំលឹកអ្នកតែងទំនុកតម្កើងដែរអំពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ពេលពួកគេបានប្រជុំគ្នាជាប្រជាជាតិមួយដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១២២:៣, ៤) នៅឥឡូវនេះ និងនៅគ្រាដ៏ពិបាកដែលនឹងមកដល់ គឺសំខាន់ណាស់ដែលរាស្ត្ររបស់ព្រះយេហូវ៉ាបន្តនៅ«ជាប់គ្នា»។
គោលបំណងរបស់ព្រះយេហូវ៉ាគឺដើម្បីបង្រួបបង្រួមអស់អ្នកដែលនៅស្ថានសួគ៌និងនៅផែនដីឲ្យទៅជាក្រុមគ្រួសារមួយដែលគោរពប្រណិប័តន៍លោក
១២. តើអ្វីនឹងជួយយើងឲ្យរួចជីវិត ពេលកុកវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា?
១២ ហេតុអ្វីសាមគ្គីភាពរបស់យើងនៅពេលអនាគតគឺសំខាន់ម្ល៉េះ? អេសេគាលជំពូកទី៣៨ប្រកាសទុកជាមុនថា «កុកនៃស្រុកម៉ាកុក»នឹងវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា។ នោះនឹងមិនមែនជាពេលដែលយើងអនុញ្ញាតឲ្យអ្វីណាក៏ដោយមកបំបែកបំបាក់យើងទេ។ បើយើងគិតថាពិភពលោករបស់សាថាននឹងការពារយើង នោះក៏ជាកំហុសដ៏ធំមួយដែរ។ ផ្ទុយទៅវិញ យើងនឹងត្រូវនៅជាប់ជាមួយនឹងបងប្អូនរួមជំនឿរបស់យើង។ យើងនឹងមិនរួចជីវិត ដោយសារតែយើងជាសមាជិកនៃក្រុមណាមួយឡើយ។ យើងផ្ទាល់ត្រូវទុកចិត្តព្រះយេហូវ៉ា ហើយស្ដាប់បង្គាប់លោក។ បើយើងធ្វើដូច្នេះ ព្រះយេហូវ៉ានិងលោកយេស៊ូនឹងនាំយើងឆ្លងកាត់ការវាយប្រហារនោះដោយសុវត្ថិភាព ហើយចូលទៅក្នុងពិភពលោកថ្មី។ (យ៉ូអែល ២:៣២; ម៉ាថាយ ២៨:២០) ប៉ុន្តែ យើងក៏ត្រូវរក្សាសាមគ្គីភាពជាមួយនឹងរាស្ត្ររបស់ព្រះដែរ។ តើអ្នកគិតថាព្រះយេហូវ៉ានឹងសង្គ្រោះពួកអ្នកដែលសម្រេចចិត្តទៅផ្លូវរបស់ពួកគេរៀងខ្លួនឬទេ?—មីកា ២:១២
១៣. តើមនុស្សវ័យក្មេងអាចទាញមេរៀនអ្វីខ្លះពីគំរូមួយចំនួនដែលយើងបានពិចារណា?
១៣ បើអ្នកជាមនុស្សវ័យក្មេង តើអ្នកអាចឃើញឬទេថាការនៅជិតស្និទ្ធជាមួយនឹងបងប្អូនគឺជាការប្រព្រឹត្តដ៏ឈ្លាសវៃ? ចូរតយុទ្ធនឹងភាពទោរទន់ដែលនាំឲ្យអ្នកចំណាយពេលតែជាមួយនឹងមនុស្សដែលមានអាយុស្រករអ្នកប៉ុណ្ណោះ ឬនាំឲ្យអ្នកញែកខ្លួនចេញពីមនុស្សដែលនៅជុំវិញអ្នក។ មិនយូរទៀត យើងទាំងអស់គ្នា ទាំងក្មេងទាំងចាស់នឹងត្រូវការគ្នាទៅវិញទៅមកខ្លាំងជាងពេលមុនៗទៅទៀត។ នៅឥឡូវនេះ ចូរពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងបងប្អូន ហើយបម្រើព្រះយេហូវ៉ាជាមួយនឹងពួកគេដោយចិត្តសប្បាយ។ នៅអនាគត សាមគ្គីភាពជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ានឹងសង្គ្រោះជីវិតរបស់អ្នក!
«អវយវៈដែលត្រូវការគ្នាទៅវិញទៅមក»
១៤, ១៥. (ក) ហេតុអ្វីព្រះយេហូវ៉ាកំពុងបង្ហាត់បង្រៀនយើងឲ្យមានសាមគ្គីភាព? (ខ) តើព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឱវាទអ្វីដើម្បីយើងអាចមានសាមគ្គីភាព?
១៤ ព្រះយេហូវ៉ាកំពុងជួយយើងឲ្យ«ព្រមចិត្តគ្នានឹងគោរពដល់ទ្រង់»ជាមួយនឹងបងប្អូនរបស់យើង។ (សេផានា ៣:៨, ៩) លោកកំពុងបង្ហាត់បង្រៀនយើងសម្រាប់ថ្ងៃអនាគត ពេលលោកនឹង«បង្រួបបង្រួមអ្វីៗទាំងអស់ម្ដងទៀតក្នុងគ្រិស្ត»។ (សូមអាន អេភេសូរ ១:៩, ១០) គោលបំណងរបស់ព្រះយេហូវ៉ាគឺដើម្បីបង្រួបបង្រួមអស់អ្នកដែលនៅស្ថានសួគ៌និងនៅផែនដីឲ្យទៅជាក្រុមគ្រួសារមួយដែលគោរពប្រណិប័តន៍លោក។ ព្រះយេហូវ៉ាប្រាកដជានឹងធ្វើដូច្នេះ។ ប្អូនៗវ័យក្មេងទាំងឡាយអើយ ប្អូនអាចធ្វើជាសមាជិកនៃក្រុមគ្រួសារនោះជារៀងរហូតបាន។ តើប្អូនចង់មានសាមគ្គីភាពជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?
១៥ ព្រះយេហូវ៉ាកំពុងបង្ហាត់បង្រៀនយើងឲ្យមានសាមគ្គីភាពនៅឥឡូវនេះដើម្បីយើងអាចរស់នៅដោយមានសេចក្ដីសុខសាន្តជាមួយគ្នាក្នុងពិភពលោកថ្មី។ ដោយចិត្តអត់ធ្មត់ លោកបង្រៀនយើងឲ្យ«យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក» មាន«មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ» «បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក» និង«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (កូរិនថូសទី១ ១២:២៥; រ៉ូម ១២:១០; ថែស្សាឡូនិចទី១ ៤:១៨; ៥:១១) ព្រះយេហូវ៉ាដឹងថា ដោយសារយើងមិនល្អឥតខ្ចោះ ការមានសាមគ្គីភាពគឺមិនតែងតែស្រួលសម្រាប់យើងទេ។ នោះជាមូលហេតុដែលលោកប្រាប់យើងឲ្យបន្ត«អភ័យទោសឲ្យគ្នាទៅវិញទៅមក»។—អេភេសូរ ៤:៣២
១៦, ១៧. (ក) តើអ្វីជាមូលហេតុមួយដែលយើងមានកិច្ចប្រជុំ? (ខ) តើមនុស្សវ័យក្មេងអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
១៦ របៀបមួយទៀតដែលព្រះយេហូវ៉ាជួយយើងឲ្យរៀននៅជាប់ជាមួយគ្នាគឺតាមរយៈកិច្ចប្រជុំ។ ហេប្រឺ ១០:២៤, ២៥រំលឹកយើងថា មូលហេតុមួយដែលយើងប្រជុំគ្នាគឺដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យធ្វើអ្វីដែលល្អ។ យើងនឹងត្រូវការកិច្ចប្រជុំរបស់យើងកាន់តែខ្លាំងឡើង កាលដែលយើងចូលកាន់តែជិតដល់ថ្ងៃរបស់ព្រះយេហូវ៉ា។
១៧ លោកយេស៊ូជាគំរូល្អសម្រាប់យើង ដោយសារលោកសប្បាយប្រជុំជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ ពេលលោកមានអាយុ១២ឆ្នាំ លោកបានទៅកិច្ចប្រជុំដ៏ធំនៅវិហារជាមួយនឹងឪពុកម្ដាយរបស់លោក។ នៅពេលមួយ ឪពុកម្ដាយរបស់លោកយេស៊ូមិនអាចរកលោកឃើញទេ។ តើលោកបានចេញទៅដើម្បីចំណាយពេលជាមួយនឹងមនុស្សវ័យក្មេងឯទៀតឬ? មិនមែនទេ ពេលដែលឪពុកម្ដាយរបស់លោកបានរកលោកឃើញ លោកយេស៊ូបាននៅជាមួយនឹងពួកគ្រូនៅវិហារ ហើយកំពុងពិភាក្សាគ្នាអំពីបទគម្ពីរ។—លូកា ២:៤៥-៤៧
១៨. ហេតុអ្វីការអធិដ្ឋានអាចពង្រឹងសាមគ្គីភាពរបស់យើង?
១៨ យើងក៏អាចពង្រឹងសាមគ្គីភាពរបស់យើងដោយអធិដ្ឋានឲ្យបងប្អូនរបស់យើងដែរ ហើយសុំព្រះយេហូវ៉ាជួយពួកគាត់តាមរបៀបជាក់លាក់។ ហេតុអ្វីនេះនឹងពង្រឹងសាមគ្គីភាពរបស់យើង? ពីព្រោះការអធិដ្ឋានឲ្យបងប្អូនរបស់យើងនឹងរំលឹកយើងថាយើងយកចិត្តទុកដាក់នឹងពួកគាត់យ៉ាងខ្លាំង។ គឺជាការសំខាន់ដែលយើងស្រឡាញ់បងប្អូនរបស់យើង លើកទឹកចិត្តពួកគាត់នៅកិច្ចប្រជុំ ហើយអធិដ្ឋានឲ្យពួកគាត់។ ប្អូនៗវ័យក្មេង តើប្អូនបានព្យាយាមធ្វើអ្វីទាំងនេះដើម្បីប្អូនអាចក្លាយទៅជាមិត្តភក្ដិជិតស្និទ្ធជាងជាមួយនឹងបងប្អូនក្នុងក្រុមជំនុំហើយឬនៅ? ដើម្បីរួចជីវិតពេលទីបញ្ចប់មកដល់ យើងនឹងត្រូវនៅជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿរបស់យើង មិនមែនជាមួយនឹងពិភពលោករបស់សាថានទេ។
ការបង្ហាញថាយើង«ជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក»
១៩-២១. (ក) ដោយសារយើង«ជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក» តើនេះជំរុញចិត្តយើងឲ្យធ្វើអ្វី? សូមលើកឧទាហរណ៍ខ្លះ។ (ខ) តើអ្នករៀនអ្វីពីរបៀបដែលបងប្អូនរបស់យើងជួយគ្នាទៅវិញទៅមកក្នុងអំឡុងពេលមានមហន្តរាយ?
១៩ គំរូជាច្រើនបង្ហាញថារាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ«ជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក»។ (រ៉ូម ១២:៥) ពេលដែលមហន្តរាយបណ្ដាលឲ្យបងប្អូនរបស់យើងរងទុក្ខ យើងអាណិតពួកគាត់ ហើយចង់ជួយពួកគាត់។ នៅខែធ្នូ ឆ្នាំ២០១១ ខ្យល់ព្យុះបានបក់បោកលើកោះមីនដាណាវ នាប្រទេសហ្វីលីពីន។ ក្នុងរយៈពេលមួយយប់ ទឹកបានជន់លិចផ្ទះជាង៤០.០០០ខ្នង រួមមានផ្ទះជាច្រើនខ្នងរបស់បងប្អូនយើង។ ការិយាល័យសាខាបានរាយការណ៍ថា មុនជំនួយពីគណៈកម្មាធិការផ្ដល់ជំនួយក្នុងតំបន់ផ្សេងៗបានទៅដល់ «បងប្អូនគ្រិស្តសាសនិកពីតំបន់ឯទៀតកំពុងផ្ញើជំនួយ»។
២០ នៅប្រទេសជប៉ុន បងប្អូនរបស់យើងបានរងទុក្ខក្រៃលែង ពេលដែលមានការរញ្ជួយដីយ៉ាងខ្លាំងនិងរលកយក្សស៊ូណាមីនៅភាគខាងកើតនៃប្រទេសនោះ។ មនុស្សជាច្រើននាក់គ្មានសល់អ្វីឡើយ។ ជាឧទាហរណ៍ បងស្រីយ៉ូស៊ីកូបានបាត់បង់ផ្ទះរបស់គាត់។ គាត់បានរស់នៅឆ្ងាយពីសាលប្រជុំ ដែលមានចម្ងាយប្រហែលជា៤០គីឡូម៉ែត្រ(២៥ម៉ៃល៍)។ គាត់និយាយថា៖ «ក្រោយមក យើងភ្ញាក់ផ្អើលដោយដឹងថាថ្ងៃបន្ទាប់ពីការរញ្ជួយដីនោះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងបងប្រុសម្នាក់ទៀតបានមកស្វែងរកយើង»។ ដោយមានទឹកមុខញញឹមពព្រាយ គាត់បានបន្ថែមថា៖ «យើងពិតជាមានចិត្តដឹងគុណដែលសេចក្ដីត្រូវការរបស់យើងខាងការគោរពប្រណិប័តន៍បានត្រូវបំពេញយ៉ាងបរិបូរតាមរយៈក្រុមជំនុំ។ បន្ថែមពីនេះទៀត យើងបានទទួលអាវរងា ស្បែកជើង កាតាប និងខោអាវស្លៀកដេក»។ សមាជិកនៃគណៈកម្មាធិការផ្ដល់ជំនួយរៀបរាប់ថា៖ «បងប្អូនមកពីទូទាំងប្រទេសជប៉ុនបានធ្វើការស្រុះគ្នា ដើម្បីព្យាយាមជួយគ្នាទៅវិញទៅមក។ បងប្អូនខ្លះបានមកពីសហរដ្ឋអាម៉េរិកដើម្បីផ្ដល់ជំនួយទៀតផង។ ពេលយើងសួរអំពីមូលហេតុដែលពួកគាត់បានមកពីផ្លូវឆ្ងាយ ពួកគាត់បាននិយាយថា៖ ‹យើងមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើងនៅប្រទេសជប៉ុន ហើយពួកគាត់ត្រូវការជំនួយ›»។ តើអ្នកមានមោទនភាពឬទេ ដែលអ្នកជាសមាជិកអង្គការមួយដែលមានមនុស្សដែលពិតជាស្រឡាញ់គ្នាទៅវិញទៅមក? សូមស្រមៃគិតថាព្រះយេហូវ៉ាសប្បាយចិត្តយ៉ាងណា ពេលដែលឃើញបងប្អូនមានសាមគ្គីភាពបែបនេះ។
២១ បើយើងរៀនពឹងផ្អែកគ្នាទៅវិញទៅមកនៅឥឡូវនេះ យើងនឹងត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយគ្នានឹងស្ថានភាពពិបាកៗនៅពេលអនាគត។ ទោះជាយើងបាត់ទំនាក់ទំនងជាមួយបងប្អូនរបស់យើងនៅកន្លែងឯទៀតនៅផែនដីក៏ដោយ យើងនឹងរក្សាសាមគ្គីភាពជាមួយនឹងបងប្អូនដែលនៅក្នុងតំបន់របស់យើង។ នៅប្រទេសជប៉ុន បងស្រីហ្វូមីកូដែលបានរួចជីវិតពីព្យុះសង្ឃរា និយាយថា៖ «ទីបញ្ចប់គឺជិតណាស់។ យើងត្រូវបន្តជួយបងប្អូនរួមជំនឿរបស់យើង កាលដែលយើងទន្ទឹងរង់ចាំគ្រាដែលនឹងលែងមានមហន្តរាយទៀត»។
២២. តើសាមគ្គីភាពរបស់យើងនឹងជួយយើងយ៉ាងណានៅពេលអនាគត?
២២ ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា ដោយខំប្រឹងអស់ពីសមត្ថភាពដើម្បីមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់អ្នក។ ពេលដែលពិភពលោកដ៏អាក្រក់របស់សាថានបានត្រូវបំផ្លាញ ព្រះយេហូវ៉ានឹងសង្គ្រោះរាស្ត្ររបស់លោកដូចលោកបានធ្វើនៅអតីតកាល។ (អេសាយ ៥២:៩, ១០) ទោះជាអ្នកមានវ័យក្មេង ឬវ័យចាស់ក្ដី អ្នកត្រូវរក្សាសាមគ្គីភាពជាមួយនឹងរាស្ត្ររបស់ព្រះដើម្បីទទួលសេចក្ដីសង្គ្រោះ។ នៅអត្ថបទបន្ទាប់ យើងនឹងពិគ្រោះអំពីមូលហេតុដែលយើងក៏ត្រូវមានចិត្តដឹងគុណដែរចំពោះអ្វីដែលយើងបានទទួលរួចហើយ។