តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកគួរឲ្យទុកចិត្តឬទេ?
«គោលបំណងនៃបង្គាប់នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ . . . និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។—ធីម៉ូថេទី១ ១:៥
១, ២. តើអ្នកណាបានផ្ដល់ឲ្យយើងនូវសមត្ថភាពវិនិច្ឆ័យ ហើយហេតុអ្វីយើងសប្បាយចិត្តដែលយើងមានសមត្ថភាពវិនិច្ឆ័យនោះ?
ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានចិត្តសេរី ពោលគឺមានសេរីភាពធ្វើការសម្រេចចិត្តផ្សេងៗ។ ដើម្បីជួយយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ ព្រះយេហូវ៉ាបានឲ្យយើងនូវអ្វីមួយដើម្បីដឹកនាំយើង។ អ្វីនោះបានត្រូវហៅថាសមត្ថភាពវិនិច្ឆ័យ ហើយវាគឺជាសមត្ថភាពដែលមាននៅក្នុងខ្លួនយើងដែលជួយយើងស្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ ពេលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងតាមរបៀបត្រឹមត្រូវ វាអាចជួយយើងធ្វើអ្វីដែលល្អ ហើយជៀសវាងពីអ្វីដែលអាក្រក់។ សមត្ថភាពវិនិច្ឆ័យរបស់យើងគឺជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយលោកចង់ឲ្យយើងទទួលជោគជ័យ។
២ នៅសព្វថ្ងៃនេះ មនុស្សខ្លះធ្វើអ្វីដែលល្អ ហើយស្អប់អ្វីដែលអាក្រក់ ទោះជាពួកគេមិនស្គាល់ខ្នាតតម្រាក្នុងគម្ពីរក៏ដោយ។ (សូមអាន រ៉ូម ២:១៤, ១៥) ហេតុអ្វីដូច្នោះ? នោះគឺដោយសារសមត្ថភាពវិនិច្ឆ័យរបស់ពួកគេ។ សមត្ថភាពវិនិច្ឆ័យរារាំងមនុស្សជាច្រើនមិនឲ្យធ្វើអ្វីដែលអាក្រក់។ សូមស្រមៃគិតថាបើមនុស្សគ្មានសមត្ថភាពវិនិច្ឆ័យ ពិភពលោកនឹងទៅជាអាក្រក់យ៉ាងណា! យើងទំនងជានឹងឮអំពីរឿងអាក្រក់កាន់តែច្រើនជាងអ្វីដែលយើងឮឥឡូវនេះទៅទៀត។ យើងសប្បាយចិត្តដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សជាតិនូវសមត្ថភាពវិនិច្ឆ័យ!
តើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អអាចជួយយើងយ៉ាងដូចម្ដេចពេលយើងត្រូវធ្វើការសម្រេចចិត្តផ្សេងៗ?
៣. តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងក្នុងក្រុមជំនុំ?
៣ មនុស្សភាគច្រើនមិនគិតអំពីការបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេទេ។ ប៉ុន្តែ រាស្ត្ររបស់ព្រះយេហូវ៉ាចង់ឲ្យសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដំណើរការយ៉ាងត្រឹមត្រូវ ដោយសារវាអាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជួយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ យើងចង់ឲ្យសមត្ថភាពវិនិច្ឆ័យរបស់យើងរំលឹកយើងអំពីខ្នាតតម្រាក្នុងគម្ពីរស្តីអំពីអ្វីដែលត្រូវនិងអ្វីដែលខុស អ្វីដែលល្អនិងអ្វីដែលអាក្រក់។ ប៉ុន្តែ ដើម្បីបង្វឹកបង្ហាត់និងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើង យើងមិនគ្រាន់តែត្រូវរៀនអំពីអ្វីដែលគម្ពីរចែងប៉ុណ្ណោះទេ គឺយើងត្រូវស្រឡាញ់ខ្នាតតម្រារបស់ព្រះ ហើយជឿថាខ្នាតតម្រាទាំងនោះមានប្រយោជន៍សម្រាប់យើង។ ប៉ូលបានសរសេរថា៖ «គោលបំណងនៃបង្គាប់នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ ផុសចេញពីជំនឿដែលគ្មានពុតត្បុត និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។ (ធីម៉ូថេទី១ ១:៥) ពេលយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង ហើយធ្វើតាមវា នោះយើងនឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ា ហើយមានជំនឿលើលោកកាន់តែខ្លាំងឡើង។ របៀបដែលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងបង្ហាញថាយើងមានចំណងមិត្តភាពជិតស្និទ្ធយ៉ាងណាជាមួយនឹងព្រះយេហូវ៉ា ហើយក៏បង្ហាញដែរថាយើងចង់ធ្វើឲ្យលោកពេញចិត្តខ្លាំងយ៉ាងណា។ សមត្ថភាពវិនិច្ឆ័យរបស់យើងក៏បង្ហាញដែរថាយើងគឺជាមនុស្សប្រភេទណា។
៤. តើតាមរបៀបណាយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង?
៤ ប៉ុន្តែ តើតាមរបៀបណាយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង? យើងត្រូវសិក្សាគម្ពីរជាទៀងទាត់ រំពឹងគិតអំពីអ្វីដែលយើងអាន ហើយសុំព្រះយេហូវ៉ាជួយយើងអនុវត្តអ្វីដែលយើងបានរៀន។ ការធ្វើដូច្នេះមានន័យថាយើងមិនត្រឹមតែត្រូវរៀនអំពីព័ត៌មានផ្សេងៗនិងច្បាប់ក្នុងគម្ពីរប៉ុណ្ណោះ។ ពេលយើងសិក្សាគម្ពីរ គោលដៅរបស់យើងគឺដើម្បីស្គាល់ព្រះយេហូវ៉ាឲ្យកាន់តែច្បាស់។ យើងស្គាល់លោកថាជាបុគ្គលបែបណា ហើយស្គាល់អ្វីដែលលោកចូលចិត្តនិងអ្វីដែលលោកមិនចូលចិត្ត។ កាលដែលយើងរៀនអំពីព្រះយេហូវ៉ាកាន់តែច្រើន នោះនៅទីបំផុត សមត្ថភាពវិនិច្ឆ័យរបស់យើងនឹងឆាប់សម្គាល់អ្វីដែលលោកចាត់ទុកថាខុសនិងអ្វីដែលលោកចាត់ទុកថាត្រូវ។ ពេលយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងកាន់តែច្រើន នោះយើងកាន់តែអាចមានទស្សនៈដូចព្រះយេហូវ៉ា។
៥. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៥ ប៉ុន្តែ យើងប្រហែលជាសួរថា តើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អអាចជួយយើងយ៉ាងដូចម្ដេចពេលយើងត្រូវធ្វើការសម្រេចចិត្តផ្សេងៗ? តើតាមរបៀបណាយើងអាចបង្ហាញការគោរពចំពោះសមត្ថភាពវិនិច្ឆ័យរបស់បងប្អូនរួមជំនឿម្នាក់? ម្យ៉ាងទៀត តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជំរុញចិត្តយើងឲ្យធ្វើអ្វីដែលល្អ? សូមឲ្យយើងពិចារណាអំពីស្ថានភាពបីយ៉ាងដែលយើងត្រូវការសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អ៖ (១) ការថែរក្សាសុខភាព (២) ការកម្សាន្ត ហើយ (៣) កិច្ចការផ្សព្វផ្សាយរបស់យើង។
ចូរធ្វើជាមនុស្សសមហេតុសមផល
៦. តើយើងធ្វើការសម្រេចចិត្តអ្វីខ្លះស្តីអំពីការថែរក្សាសុខភាពរបស់យើង?
៦ គម្ពីរប្រាប់យើងឲ្យជៀសវាងការប្រព្រឹត្តដែលនឹងនាំឲ្យយើងរងទុក្ខ ហើយក៏ប្រាប់យើងឲ្យមានតុល្យភាពស្តីអំពីទម្លាប់របស់យើងដែរ ដូចជាការបរិភោគនិងការផឹកជាដើម។ (សុភាសិត ២៣:២០; កូរិនថូសទី២ ៧:១) ពេលយើងធ្វើតាមឱវាទក្នុងគម្ពីរ នោះអាចជួយការពារសុខភាពរបស់យើង។ ប៉ុន្តែ យើងនៅតែចេះឈឺ ហើយចេះតែចាស់ទៅៗ។ តើយើងប្រហែលជាត្រូវធ្វើការសម្រេចចិត្តអ្វីខ្លះ? នៅប្រទេសខ្លះមានវិធីព្យាបាលដែលប្រើថ្នាំពេទ្យនិងវិធីព្យាបាលដែលមិនប្រើថ្នាំពេទ្យ។ ការិយាល័យសាខាទទួលសំបុត្រជារឿយៗពីបងប្អូនដែលសួរពួកគាត់អំពីវិធីព្យាបាលផ្សេងៗ។ ពួកគេជាច្រើននាក់បានសួរថា «តើអ្នកបម្រើព្រះយេហូវ៉ាម្នាក់អាចទទួលយកវិធីព្យាបាលនេះ ឬវិធីព្យាបាលនោះបានឬទេ?»។
៧. តើតាមរបៀបណាយើងអាចធ្វើការសម្រេចចិត្តអំពីឈាម?
៧ ការិយាល័យសាខា ឬអ្នកចាស់ទុំក្នុងក្រុមជំនុំមិនមានសិទ្ធិធ្វើការសម្រេចចិត្តអំពីវិធីព្យាបាលសម្រាប់គ្រិស្តសាសនិកម្នាក់ឡើយ ទោះជាបុគ្គលនោះសួរពួកគាត់ថាតើគាត់គួរធ្វើអ្វីក៏ដោយ។ (កាឡាទី ៦:៥) ប៉ុន្តែ អ្នកចាស់ទុំអាចប្រាប់អំពីប្រសាសន៍របស់ព្រះយេហូវ៉ាដើម្បីជួយគ្រិស្តសាសនិកម្នាក់ឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ជាឧទាហរណ៍ ព្រះបានបង្គាប់យើងឲ្យជៀសវាងពីឈាម។ (សកម្មភាព ១៥:២៩) បង្គាប់នេះច្បាស់ជាជួយគ្រិស្តសាសនិកម្នាក់យល់ថាគាត់មិនអាចទទួលវិធីព្យាបាលដែលរួមបញ្ចូលការចាក់បញ្ចូលឈាមសុទ្ធ ឬសមាសធាតុសំខាន់ៗទាំងបួននៃឈាមឡើយ។ ព័ត៌មាននេះថែមទាំងអាចមានឥទ្ធិពលលើសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកម្នាក់ ពេលដែលគាត់សម្រេចចិត្តថាគាត់នឹងព្រមទទួលឬមិនព្រមទទួលនូវផលិតផលផ្សេងៗដែលជាធាតុតូចៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗទាំងបួននៃឈាម។a (សូមមើលកំណត់សម្គាល់) តើឱវាទណាផ្សេងទៀតក្នុងគម្ពីរអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអំពីវិធីព្យាបាល?
៨. តើតាមរបៀបណាភីលីព ៤:៥ អាចជួយយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្តីអំពីការថែរក្សាសុខភាព?
៨ សុភាសិត ១៤:១៥ ចែងថា៖ «មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។ សព្វថ្ងៃនេះ ប្រហែលជាមានជំងឺខ្លះដែលមនុស្សមិនស្គាល់អំពីវិធីព្យាបាលទេ។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នអំពីវិធីព្យាបាលដែលគេអះអាងថាអាចធ្វើឲ្យជាបាន តែគ្មានទីសំអាងថានឹងមានជោគជ័យនោះទេ។ ប៉ូលបានសរសេរថា៖ «ចូរឲ្យមនុស្សទាំងអស់គ្នាឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុផល»។ (ភីលីព ៤:៥) ការធ្វើជាមនុស្សសមហេតុផលនឹងជួយយើងបន្តផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលទាក់ទងនឹងសុខភាព។ បើការថែរក្សាសុខភាពទៅជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង នោះយើងអាចទៅជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ (ភីលីព ២:៤) យើងដឹងថាយើងមិនអាចមានសុខភាពល្អឥតខ្ចោះក្នុងរបៀបរបបពិភពលោកនេះបានទេ។ ហេតុនេះ សូមពិចារណាឲ្យដឹងប្រាកដថាការបម្រើព្រះយេហូវ៉ាគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។—សូមអាន ភីលីព ១:១០
៩. តើរ៉ូម ១៤:១៣,១៩ មានឥទ្ធិពលយ៉ាងណាលើការសម្រេចចិត្តរបស់យើងអំពីសុខភាព ហើយតើអ្វីអាចធ្វើឲ្យសាមគ្គីភាពរបស់យើងបែកបាក់?
៩ គ្រិស្តសាសនិកដែលមានគំនិតសមហេតុសមផលនឹងមិនព្យាយាមបង្ខំអ្នកឯទៀតឲ្យធ្វើអ្វីដែលគាត់គិតថាគឺល្អបំផុតឡើយ។ នៅប្រទេសមួយ ប្ដីប្រពន្ធមួយគូបានលើកទឹកចិត្តអ្នកឯទៀតឲ្យបរិភោគសារធាតុបំប៉នផ្សេងៗ ហើយបរិភោគនិងតមអាហារខ្លះ។ ពួកគាត់បានបញ្ចុះបញ្ចូលបងប្អូនខ្លះឲ្យធ្វើដូច្នេះ ប៉ុន្តែបងប្អូនខ្លះទៀតសម្រេចចិត្តមិនធ្វើទេ។ ពេលដែលសារធាតុបំប៉ននិងរបបអាហារនោះមិននាំឲ្យទទួលលទ្ធផលល្អដូចដែលបងប្អូនជាច្រើននាក់សង្ឃឹម នោះពួកគេបានខឹង។ ប្ដីប្រពន្ធនោះមានសិទ្ធិសម្រេចចិត្តសម្រាប់ខ្លួនពួកគាត់ថាសាកល្បងសារធាតុបំប៉ននិងរបបអាហារនោះឬមិនសាកល្បង។ ប៉ុន្តែ តើជាការសមហេតុសមផលឬទេដែលសាមគ្គីភាពក្នុងក្រុមជំនុំអាចបែកបាក់ដោយព្រោះតែការថែរក្សាសុខភាព? នៅក្រុងរ៉ូមសម័យបុរាណ គ្រិស្តសាសនិកខ្លះមានមតិខុសៗគ្នាអំពីអាហារខ្លះនិងបុណ្យផ្សេងៗ។ តើប៉ូលបានផ្ដល់ឱវាទអ្វីដល់ពួកគេ? គាត់បាននិយាយថា៖ «មនុស្សម្នាក់វិនិច្ឆ័យថាថ្ងៃមួយគឺសំខាន់ជាងថ្ងៃមួយទៀត ឯមនុស្សម្នាក់ទៀតវិនិច្ឆ័យថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យមនុស្សម្នាក់ៗជឿប្រាកដក្នុងគំនិតរបស់ខ្លួន»។ សូមឲ្យយើងប្រុងប្រយ័ត្នជៀសវាងធ្វើឲ្យអ្នកឯទៀតជំពប់ដួល។—សូមអាន រ៉ូម ១៤:៥, ១៣, ១៥, ១៩, ២០
សូមពិចារណាឲ្យដឹងប្រាកដថាការបម្រើព្រះយេហូវ៉ាគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក
១០. ហេតុអ្វីយើងគួរគោរពការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នកឯទៀត? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ ជួនកាល យើងប្រហែលជាមិនយល់អំពីមូលហេតុដែលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំធ្វើការសម្រេចចិត្តមួយអំពីបញ្ហាផ្ទាល់ខ្លួនទេ។ តើយើងគួរធ្វើអ្វី? យើងមិនគួរឆាប់វិនិច្ឆ័យគាត់ ឬបង្ខំគាត់ឲ្យផ្លាស់ប្ដូរគំនិតរបស់គាត់ឡើយ។ ប្រហែលជាគាត់ត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់គាត់ថែមទៀត ឬប្រហែលជាសមត្ថភាពវិនិច្ឆ័យរបស់គាត់តឹងតែងពេក។ (កូរិនថូសទី១ ៨:១១, ១២) ឬក៏ប្រហែលជាយើងត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងថែមទៀត។ ស្តីអំពីការថែរក្សាសុខភាពនិងរឿងផ្សេងទៀត យើងម្នាក់ៗត្រូវសម្រេចចិត្តដោយខ្លួនយើង ហើយទទួលខុសត្រូវចំពោះការសម្រេចចិត្តនោះ។
ចូររីករាយនឹងការកម្សាន្ត
១១, ១២. តើតាមរបៀបណាគម្ពីរជួយយើងជ្រើសរើសការកម្សាន្ត?
១១ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យយើងអាចរីករាយនឹងការកម្សាន្ត ហើយទទួលប្រយោជន៍ពីការកម្សាន្តទាំងនោះ។ សាឡូម៉ូនបានសរសេរថា មាន«ពេលសើច»និង«ពេលសំរាប់លោតកញ្ឆេង»។ (សាស្ដា ៣:៤) ទោះជាយ៉ាងនោះក្ដី មិនមែនការកម្សាន្តទាំងអស់គឺមានប្រយោជន៍ លម្ហែកាយ ឬធ្វើឲ្យមានកម្លាំងចិត្តឡើងវិញទេ។ យើងក៏ត្រូវជៀសវាងការចំណាយពេលច្រើនពេកទៅលើការកម្សាន្តដែរ។ តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងសប្បាយនឹងការកម្សាន្តដែលព្រះយេហូវ៉ាពេញចិត្ត ហើយទទួលប្រយោជន៍ពីការកម្សាន្តបែបនោះ?
‹តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំព្រមានខ្ញុំពេលខ្ញុំកំពុងទទួលការល្បួងឬទេ?›
១២ គម្ពីរព្រមានអំពី«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»។ ការប្រព្រឹត្តទាំងនោះរួមមាន«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីៗដែលស្រដៀងនឹងការទាំងនេះ»។ ប៉ូលបានសរសេរថា៖ «អស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កាឡាទី ៥:១៩-២១) ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំជួយខ្ញុំជៀសវាងកីឡាដែលសាហាវ ប្រកួតប្រជែង ជាតិនិយម ឬកីឡាដែលប្រើហិង្សាឬទេ? តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំព្រមានខ្ញុំពេលខ្ញុំកំពុងត្រូវល្បួងឲ្យមើលភាពយន្តដែលមានឈុតឆាកអាសអាភាស ឬរឿងដែលលើកទឹកចិត្តឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ផឹកស្រាឲ្យស្រវឹង ឬអ្វីដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ឬទេ?›។
១៣. ស្តីអំពីការកម្សាន្ត តើឱវាទនៅធីម៉ូថេទី១ ៤:៨និងសុភាសិត ១៣:២០ អាចជួយយើងយ៉ាងណា?
១៣ គោលការណ៍គម្ពីរអាចជួយយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងស្តីអំពីការកម្សាន្ត។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្តួច»។ (ធីម៉ូថេទី១ ៤:៨) មនុស្សជាច្រើនយល់ថាការហាត់ប្រាណជាទៀងទាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ និងមានប្រយោជន៍សម្រាប់សុខភាព។ ប៉ុន្តែ ចុះយ៉ាងណាបើយើងចង់ហាត់ប្រាណជាក្រុម? តើយើងហាត់ប្រាណជាមួយនឹងអ្នកណាក៏បានឬ? សុភាសិត ១៣:២០ ប្រាប់យើងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ គឺជាការសំខាន់ដែលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរពេលជ្រើសរើសការកម្សាន្ត។
១៤. តើតាមរបៀបណាក្រុមគ្រួសារមួយបានធ្វើតាមរ៉ូម ១៤:២-៤?
១៤ បងគ្រីស្ទាននិងបងដានីអេឡាមានកូនស្រីជំទង់ពីរនាក់។ បងគ្រីស្ទាននិយាយថា៖ «ក្នុងអំឡុងល្ងាចគោរពប្រណិប័តន៍ជាក្រុមគ្រួសារ យើងបានពិភាក្សាអំពីការកម្សាន្ត។ យើងយល់ស្របថាការកម្សាន្តខ្លះគឺអាចទទួលយកបាន រីឯខ្លះទៀតមិនអាចទទួលយកបានទេ។ តើយើងអាចចាត់ទុកអ្នកណាថាជាការសេពគប់ល្អ? កូនស្រីម្នាក់របស់យើងបានត្អូញត្អែរថាក្នុងអំឡុងពេលម៉ោងចេញលេង សាក្សីយុវវ័យខ្លះធ្វើអ្វីដែលនាងគិតថាមិនសមត្រឹមត្រូវ។ ម្យ៉ាងទៀត នាងមានអារម្មណ៍ថាខ្លួនត្រូវតែធ្វើដូចពួកគេ។ យើងបានលើកហេតុផលថាយើងម្នាក់ៗមានសមត្ថភាពវិនិច្ឆ័យ ហើយគួរតែឲ្យវាដឹកនាំយើងពេលយើងសម្រេចចិត្តធ្វើអ្វីមួយនិងធ្វើអ្វីនោះជាមួយនឹងអ្នកណា»។—សូមអាន រ៉ូម ១៤:២-៤
១៥. ពេលយើងរៀបចំការកម្សាន្ត តើម៉ាថាយ ៦:៣៣អាចជួយយើងយ៉ាងដូចម្ដេច?
១៥ តើអ្នកចំណាយពេលប៉ុន្មានក្នុងការកម្សាន្ត? តើអ្នកចាត់ទុកសកម្មភាពដូចជាកិច្ចប្រជុំ កិច្ចបម្រើផ្សាយ និងការអានគម្ពីរជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកឬទេ ឬតើអ្នកចាត់ទុកការកម្សាន្តថាសំខាន់បំផុតវិញ? តើអ្វីគឺសំខាន់បំផុតចំពោះអ្នក? លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។ (ម៉ាថាយ ៦:៣៣) ពេលអ្នកសម្រេចចិត្តអំពីរបៀបចំណាយពេលវេលារបស់អ្នក តើសមត្ថភាពវិនិច្ឆ័យរបស់អ្នករំលឹកអ្នកអំពីឱវាទរបស់លោកយេស៊ូឬទេ?
សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរជំរុញចិត្តយើងឲ្យផ្សព្វផ្សាយ
១៦. តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងលើកទឹកចិត្តយើងឲ្យផ្សព្វផ្សាយ?
១៦ សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់មិនគ្រាន់តែព្រមានយើងឲ្យជៀសវាងធ្វើអ្វីដែលខុសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញចិត្តយើងឲ្យធ្វើអ្វីដែលល្អដែរ។ អ្វីមួយក្នុងចំណោមអ្វីៗដែលល្អទាំងនេះ គឺការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងការផ្សព្វផ្សាយដល់ពួកអ្នកដែលយើងជួបក្រៅផ្លូវការ។ នោះគឺជាអ្វីដែលប៉ូលបានធ្វើ។ គាត់បានសរសេរថា៖ «ខ្ញុំត្រូវតែប្រកាសដំណឹងល្អ។ តាមពិត ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អ ខ្ញុំត្រូវវេទនាណាស់!»។ (កូរិនថូសទី១ ៩:១៦) ពេលយើងយកតម្រាប់ប៉ូល នោះយើងនឹងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដោយដឹងថាយើងកំពុងធ្វើអ្វីដែលត្រឹមត្រូវ។ ម្យ៉ាងទៀត ពេលយើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត នោះមានឥទ្ធិពលលើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដោយធ្វើឲ្យពួកគេចង់ធ្វើអ្វីដ៏ត្រឹមត្រូវ។ ប៉ូលបាននិយាយថា៖ «ដោយសឲ្យឃើញសេចក្ដីពិត យើងធ្វើជាគំរូល្អដោយគិតដល់សមត្ថភាពវិនិច្ឆ័យរបស់មនុស្សទាំងឡាយ នៅចំពោះមុខព្រះ»។—កូរិនថូសទី២ ៤:២
១៧. តើតាមរបៀបណាប្អូនស្រីវ័យក្មេងម្នាក់បានធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ?
១៧ ពេលប្អូនស្រីចាកឃ្លីនមានអាយុ១៦ឆ្នាំ គាត់បានសិក្សាអំពីជីវវិទ្យានៅសាលា។ នៅពេលនោះសិស្សក្នុងថ្នាក់កំពុងរៀនអំពីទ្រឹស្តីនៃការវិវត្តន៍។ ប្អូនចាកឃ្លីនបាននិយាយថា៖ «សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំចូលរួមយ៉ាងពេញលេញក្នុងការពិភាក្សាដូចដែលខ្ញុំធ្លាប់ចូលរួមជាធម្មតានោះទេ។ ខ្ញុំមិនអាចគាំទ្រទ្រឹស្តីនៃការវិវត្តន៍បានឡើយ។ ដូច្នេះ ខ្ញុំបានទៅជួបគ្រូបង្រៀន ហើយពន្យល់អំពីជំនឿរបស់ខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដោយសារគាត់ព្រមស្ដាប់ ហើយបានផ្ដល់ឱកាសឲ្យខ្ញុំនិយាយអំពីប្រធានបទនៃការបង្កើតទៅសិស្សរួមថ្នាក់ទាំងអស់»។ ប្អូនចាកឃ្លីនស្កប់ចិត្តដោយដឹងថាគាត់បានស្ដាប់និងធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ។ តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកជំរុញអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវឬទេ?
១៨. ហេតុអ្វីយើងចង់មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងគួរឲ្យទុកចិត្ត?
១៨ គោលដៅរបស់យើងគឺរស់នៅសមស្របតាមគោលការណ៍និងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងសម្រេចគោលដៅនោះ។ ពេលយើងសិក្សានិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជាទៀងទាត់ ហើយអនុវត្តអ្វីដែលយើងរៀន នោះយើងនឹងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ ពេលយើងធ្វើដូច្នេះ យើងនឹងមានសមត្ថភាពវិនិច្ឆ័យដ៏គួរឲ្យទុកចិត្តដែលដឹកនាំយើងក្នុងជីវិតជាគ្រិស្តសាសនិក!
a សូមមើល«សំណួរពីអ្នកអាន» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ ទំព័រ២៨-៣២។