របៀបអប់រំមនសិការរបស់អ្នក
«មនសិការជ្រះថ្លាគឺជាខ្នើយដ៏ល្អបំផុត»។ នេះជាការថ្លែងចាស់ ដែលបញ្ជាក់នូវហេតុការណ៍ពិត៖ ពេលដែលយើងធ្វើតាមមនសិការរបស់យើង យើងនឹងមានសន្ដិភាពនិងសុខដុមខាងក្នុងចិត្ត។
ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាចង់ធ្វើទេ។ អាដុស ហិត្លើ បានថ្លែងថាខ្លួនគាត់មានមុខងារដើម្បីរំដោះមនុស្ស ចេញពីមាយាការ ដែលជាមនសិការ។ ការគ្រប់គ្រងដ៏រន្ធត់របស់គាត់ បានឃើញនូវមនុស្សអាចទៅជាសាហាវណាស់ បើកាលណាគេបោះបង់ចោលមនសិការរបស់គេ។ ប៉ុន្តែ ក៏សាហាវដូចគ្នា គឺឧក្រិដ្ឋជនដ៏ឃោរឃៅជាច្រើននៃសម័យនេះ—គឺអស់អ្នកដែលរំលោភនិងធ្វើឃាតកម្ម ដោយឥតមានវិប្បដិសារី។ ឧក្រិដ្ឋជនទាំងនេះដែលកាន់តែមានច្រើនឡើង គឺមានអាយុក្មេងណាស់។ សៀវភៅមួយដែលស្រាវជ្រាវអំពីព្រឹត្ដិការណ៍នេះ ក៏មានចំណងជើង កូនក្មេងដែលឥតមានមនសិការ។
ទោះជាមនុស្សភាគច្រើនមិនគិតអំពីការប្រព្រឹត្តបទឧក្រិដ្ឋដ៏ឃោរឃៅក៏ដោយ តែមនុស្សជាច្រើនឥតនឹករអែងនឹងអំពើឥតសីលធម៌ខាងកាម ការភូតភរ ឬការលួចបន្លំឡើយ។ សីលធម៌គឺកំពុងតែចុះឱនថយពេញពិភពលោក។ ក្នុងការសំដៅទៅសេចក្ដីក្បត់ជំនឿដ៏ធំពីការថ្វាយបង្គំពិត សាវ័កប៉ុលបានសរសេរថា ពួកគ្រីស្ទានខ្លះនឹងចុះចូលធ្វើតាមឥទ្ធិពលនៃលោកីយ៍ ដូច្នេះហើយក៏បានក្លាយទៅជា«មានបញ្ញាចិត្តរលាក»។ (ធីម៉ូថេទី១ ៤:២) ការគំរាមកំហែងនៃអំពើពុករលួយ គឺកាន់តែមានខ្លាំងទៀតសព្វថ្ងៃនេះ ក្នុងកំឡុង«ថ្ងៃជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១) ដូច្នេះ ពួកគ្រីស្ទានត្រូវតែខំប្រឹងដើម្បីការពារមនសិការរបស់គេ។ យើងអាចធ្វើបែបនេះ ដោយការអប់រំនិងបណ្ដុះមនសិការ។
គំនិត ចិត្ត និងមនសិការរបស់អ្នក
សាវ័កបានមានប្រសាសន៍ថា៖ «ខ្ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង»។ (រ៉ូម ៩:១) ដូច្នេះ មនសិការអាចធ្វើជាអ្នកសាក្សី។ មនសិការអាចពិនិត្យមើលដំណើរនៃចរិយា ហើយអាចយល់ព្រម ឬក៏ផ្ដន្ទាទោស។ ការដឹងខុសត្រូវរបស់យើងបានដាក់មកក្នុងយើង ដោយព្រះជាអ្នកបង្កើតរបស់យើង។ ប៉ុន្តែ មនសិការរបស់យើងអាចបំពាក់បំប៉ននិងអប់រំបាន។ តើតាមរបៀបណា? ដោយយើងយកចូលចំណេះត្រឹមត្រូវពីបន្ទូលរបស់ព្រះ។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) កាលដែលអ្នកបំពាក់បំប៉នគំនិតរបស់ព្រះនិងព្រះហឫទ័យរបស់ទ្រង់ ក្នុងគំនិតរបស់អ្នក នោះមនសិការរបស់អ្នកនឹងចាប់ផ្ដើមដើរតាមផ្លូវរបស់ព្រះ។
ស្មរបន្ទាល់ព្រះយេហូវ៉ាបានជួយមនុស្សរាប់លាននាក់នៅជុំវិញផែនដី ឲ្យ‹យកចូលចំណេះនៃព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ›។ (យ៉ូហាន ១៧:៣) តាមរយៈរបៀបរៀបចំនៃការសិក្សាព្រះគម្ពីររបស់គេ ពួកគេបង្រៀនមនុស្សដែលមានចិត្តស្មោះត្រង់ នូវខ្នាតគំរូរបស់ព្រះយេហូវ៉ាអំពីការរួមដំណេក ភេសជ្ជៈជាតិស្រា ការរស់នៅជាស្វាមីភរិយា ការទាក់ទងខាងពាណិជ្ជកម្ម និងប្រធានជាច្រើនទៀត។a (សុភាសិត ១១:១; ម៉ាកុស ១០:៦-១២; កូរិនថូសទី១ ៦:៩, ១០; អេភេសូរ ៥:២៨-៣៣) ការយកចូល«ចំណេះត្រឹមត្រូវ»នេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបណ្ដុះមនសិការរបស់ព្រះ។ (ភីលីព ១:៩) ប្រាកដហើយ ទោះបីគ្រីស្ទានម្នាក់បានទទួលការយល់ច្បាស់នៃព្រះគម្ពីរក៏ដោយ គាត់ត្រូវតែបន្តក្នុងការបំប៉នគំនិតរបស់គាត់ ពីបន្ទូលរបស់ព្រះឲ្យបានទៀងទាត់ ប្រសិនបើគាត់ចង់ឲ្យមនសិការមានសុខភាពល្អ។—ទំនុកដំកើង ១:១-៣
ព្រះគម្ពីរក៏ភ្ជាប់មនសិការនឹងចិត្តដែរ ដែលទាក់ទងនឹងអារម្មណ៍និងមនោសញ្ចេតនារបស់យើង។ (រ៉ូម ២:១៥) គំនិតនិងចិត្តត្រូវតែដើរជាមួយគ្នាដោយគ្មានការខ្វែងគំនិត ប្រសិនបើចង់ឲ្យមនសិការដើរយ៉ាងត្រឹមត្រូវ។ នេះមានសេចក្ដីថា មិនជាគ្រប់គ្រាន់ទេ ដោយគ្រាន់តែដាក់ពត៌មានក្នុងគំនិតរបស់អ្នក។ អ្នកក៏ត្រូវបំពាក់បំប៉នចិត្តរបស់អ្នកដែរ—អារម្មណ៍ខាងក្នុង សេចក្ដីប្រាថ្នា និងចំណង់ខ្លាំង។ ដូច្នេះ សៀវភៅនៃសុភាសិតប្រើឃ្លាដូចជា«ផ្ចង់ចិត្ត» «មានចិត្ត» «ដំរង់ចិត្ត»។ (សុភាសិត ២:២; ២៣:១៩; ២៧:២៣) វិធីមួយក្នុងការធ្វើដូច្នេះ គឺតាមរយៈការរំពឹងគិតនិងសញ្ជឹងគិតលើបទគម្ពីរទាំងឡាយ។ ទំនុកដំកើង ៧៧:១២ ចែងថា៖ «ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន»។ ការរំពឹងគិតជួយយើងឲ្យឈោងដល់អារម្មណ៍និងបំណងចិត្តខាងក្នុងរបស់យើង។
ឧបមាថា អ្នកមានទម្លាប់មិនស្អាតមួយ ដូចជាការញៀនលើថ្នាំជក់។ ដូចមនុស្សភាគច្រើន អ្នកច្បាស់ជាដឹងនូវគ្រោះថ្នាក់លើសុខភាពហើយ។ ប៉ុន្តែ ទោះបីមិត្តទាំងឡាយនិងគ្រួសារបានដាស់តឿនយ៉ាងណាក៏ដោយ អ្នកមានការពិបាកនឹងឈប់ជក់។ តើការរំពឹងគិតលើសាររបស់ព្រះគម្ពីរ ពង្រឹងមនសិការរបស់អ្នកយ៉ាងណាក្នុងករណីនេះ?
ជាឧទាហរណ៍ សូមសាករំពឹងលើពាក្យរបស់សាវ័កប៉ុល ក្នុងកូរិនថូសទី២ ៧:១ គឺ៖ «ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។ ចូរធ្វើយ៉ាងណាឲ្យយល់ពាក្យទាំងនេះ។ សូមសួរខ្លួន ‹តើអ្វីទៅជា«សេចក្ដីសន្យាទាំងនេះ» ដែលប៉ុលបានសំដៅនោះ? ដោយអានសាច់រឿង អ្នកនឹងសង្កេតឃើញថា ខមុនៗ ចែងថា៖ «‹«ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក» «កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ»; «នោះអញនឹងទទួលឯងរាល់គ្នា»›; ‹«អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នា នឹងធ្វើជាកូនប្រុសកូនស្រីដល់អញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្ដាបំផុត›»។—កូរិនថូសទី២ ៦:១៧, ១៨
សេចក្ដីបង្គាប់របស់ប៉ុលឲ្យ‹សំអាតខ្លួនយើងពីសេចក្ដីស្មោកគ្រោក› ឥឡូវនេះគឺមានអនុភាពខ្លាំងឡើង! ជាគ្រឿងលើកទឹកចិត្តយ៉ាងខ្លាំងក្នុងធ្វើនេះ ព្រះទ្រង់សន្យាថា នឹង‹យកយើងចូល› នេះគឺថា ដាក់យើងក្រោមការមើលថែរក្សាការពាររបស់ទ្រង់។ អ្នកប្រហែលជាសួរខ្លួនថា ‹តើខ្ញុំនឹងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយទ្រង់—ដូចកូនប្រុសឬស្រីម្នាក់ជាមួយឪពុកខ្លួនទេ›? តើគំនិតនៃ‹ការយកចូល› ឬបានស្រឡាញ់ដោយព្រះដែលប្រកបដោយប្រាជ្ញានិងសេចក្ដីស្រឡាញ់ មិនជាអ្វីដ៏ទាក់ទាញចិត្តទេឬ? ប្រសិនបើគំនិតនេះ ហាក់បីដូចជាចម្លែកចំពោះអ្នក នោះសូមសង្កេតមើលរបៀបដែលឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ សម្ដែងនូវសេចក្ដីស្រឡាញ់និងអារម្មណ៍ដ៏ថ្នាក់ថ្នមដល់កូនចៅរបស់គេ។ ឥឡូវនេះ សូមគិតថា ចំណងបែបនេះគឺមានរវាងអ្នកនិងព្រះយេហូវ៉ា! កាលណាអ្នករំពឹងគិតអំពីរឿងនេះថែមទៀត នោះអ្នកនឹងមានសេចក្ដីប្រាថ្នាចង់បានទំនាក់ទំនងបែបនេះឲ្យដុះច្រើនឡើងដែរ។
ប៉ុន្តែ សូមកត់សម្គាល់៖ ភាពជិតស្និទ្ធជាមួយព្រះ គឺអាចមានបាន លុះត្រាអ្នក‹ឈប់ពាល់របស់ស្មោកគ្រោក›។ សូមសួរខ្លួនមើល៖ ‹តើការញៀនលើថ្នាំជក់ មិនមែនជាអ្វីក្នុងចំណោម«របស់ស្មោកគ្រោក» ដែលព្រះទ្រង់ផ្ដន្ទាទោសទេឬ? តើការប្រើថ្នាំជក់នេះ នឹងធ្វើឲ្យ‹សាច់ឈាមទៅជាស្មោកគ្រោក› ដែលធ្វើឲ្យខ្ញុំមានគ្រោះថ្នាក់គ្រប់ប្រភេទទេឬ? ពីព្រោះព្រះយេហូវ៉ាជា«បរិសុទ្ធ» តើទ្រង់នឹងយល់ព្រម ដល់ការធ្វើឲ្យប្រឡាក់សាច់ឈាមរបស់ខ្ញុំដោយចេតនាបែបនេះឬ›? (ពេត្រុសទី១ ១:១៥, ១៦) សូមសង្កេតថា ប៉ុលក៏បានព្រមានប្រឆាំងលើ‹សេចក្ដីស្មោកគ្រោកនៃវិញ្ញាណរបស់ខ្លួន› ឬការទោរទន់ខាងគំនិតដែរ។ សូមសួរខ្លួនមើល៖ ‹តើខ្ញុំគិតលើតែការញៀននេះឬ? តើខ្ញុំនឹងខំប្រឹងដើម្បីបំពេញចិត្តរបស់ខ្ញុំ ប្រហែលដោយប្រថុយដល់សុខភាព គ្រួសារ ឬជំហររបស់ខ្ញុំជាមួយព្រះឬ? តើដល់កំរិតណាដែលខ្ញុំអនុញ្ញាតឲ្យការញៀនលើថ្នាំជក់ ធ្វើឲ្យហិនហោចដល់ជីវិតរបស់ខ្ញុំនោះ›? ការប្រឈមដោះស្រាយសំនួរដ៏ឈឺចាប់ទាំងនេះ នឹងប្រហែលជាធ្វើឲ្យអ្នកមានចិត្តក្លាហានដើម្បីនឹងឈប់ប្រព្រឹត្តទៀត!
ប្រាកដហើយ អ្នកប្រហែលជាត្រូវការជំនួយនិងការជ្រោមជ្រែងពីពួកអ្នកដទៃ ដើម្បីឲ្យបានឈ្នះការញៀនលើថ្នាំជក់។ ប៉ុន្តែ ដោយរំពឹងគិតលើព្រះគម្ពីរ អាចមានផលប្រយោជន៍ច្រើន ក្នុងការអប់រំនិងពង្រឹងមនសិការរបស់អ្នក ដើម្បីឲ្យអ្នករួចផុតពីការញៀននេះ។
ពេលដែលយើងប្រព្រឹត្តខុស
ទោះជាយើងខំប្រឹងឲ្យធ្វើត្រឹមត្រូវយ៉ាងណាក៏ដោយ ពេលខ្លះ ភាពមិនគ្រប់ល័ក្ខណ៍របស់យើងបានឈ្នះលើយើង ហើយយើងក៏ប្រព្រឹត្តខុស។ រួចមក មនសិការរបស់យើងនឹងធ្វើទុក្ខដល់យើង ប៉ុន្តែយើងប្រហែលជាបានល្បួងមិនអើពើអំពីរឿងនេះ។ ឬ យើងប្រហែលជាក្លាយទៅជាធ្លាក់ទឹកចិត្តដល់ម្ល៉េះ ដែលយើងចង់ចុះចាញ់មិនខំប្រឹងបំរើព្រះ។ ប៉ុន្តែ សូមនឹកចាំពីករណីនៃស្តេចដាវីឌ។ ក្រោយពីបានប្រព្រឹត្តការផិតគ្នារវាងបាតសេបា មនសិការរបស់ទ្រង់បានធ្វើទុក្ខដល់ទ្រង់។ ទ្រង់បានរៀបរាប់សេចក្ដីទុក្ខវេទនា ថា៖ «ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចនៅរដូវក្ដៅ»។ (ទំនុកដំកើង ៣២:៤) ពោរពេញដោយការឈឺចាប់ទេ? ប្រាកដហើយ! ប៉ុន្តែ សេចក្ដីទុក្ខព្រួយដោយកោតខ្លាចព្រះ បានជំរុញដាវីឌឲ្យប្រែចិត្ត និងបានផ្សះផ្សាជាមួយព្រះវិញ។ (ប្រៀបធៀប កូរិនថូសទី២ ៧:១០) សេចក្ដីអង្វរដ៏ឈឺចាប់របស់ដាវីឌ រកការអត់ឱនទោស ផ្ដល់ភស្តុតាងជាច្រើននៃការប្រែចិត្តដ៏ស្មោះរបស់គាត់។ ពីព្រោះគាត់បានធ្វើតាមមនសិការរបស់គាត់ ដាវីឌបានទទួលជំនួយឲ្យប្រែ ហើយនៅទីបំផុត មានអំណរឡើងវិញ។—ទំនុកដំកើង ៥១
រឿងស្រដៀងនេះក៏អាចកើតឡើងសព្វថ្ងៃនេះដែរ។ មនុស្សខ្លះដែលបានសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ពេលខ្លះបានឈប់ ពេលដែលដឹងថា ជីវិតរបស់គេឥតសមស្របតាមខ្នាតគំរូដ៏ខ្ពង់ខ្ពស់របស់ព្រះ។ ប្រហែលជាគេកំពុងរស់នៅជាមួយភេទផ្ទុយ ដោយឥតរៀបការ ឬមានទម្លាប់ស្មោកគ្រោក។ មនសិការរបស់គេបានធ្វើឲ្យគេឈឺចាប់!
ប្រសិនបើអ្នកក្នុងស្ថានការណ៍បែបនេះ សូមពិចារណាមើលពាក្យនៃសាវ័កពេត្រុសនៅថ្ងៃនៃបុណ្យភិន្ដាកុស។ ពេលដែលគាត់បានលាតត្រដាងអំពើបាបនៃពួកយូដា «គេមានសេចក្ដីចាក់ចុចក្នុងចិត្ត»។ ជាជាងចុះចាញ់ គេបានធ្វើតាមឱវាទរបស់ពេត្រុសឲ្យប្រែចិត្ត ហើយគេមានអនុគ្រោះរបស់ព្រះ។ (កិច្ចការ ២:៣៧-៤១) អ្នកក៏អាចធ្វើស្រដៀងគ្នានេះដែរ! ជាជាងបោះបង់ចោលព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ ដោយសារមនសិការរបស់អ្នកធ្វើឲ្យអ្នកឈឺចាប់ នោះសូមឲ្យមនសិការរបស់អ្នកជំរុញអ្នកឲ្យ«ប្រែចិត្ត ហើយវិលមកចុះ»។ (កិច្ចការ ៣:១៩) ដោយមានការប្ដេជ្ញានិងការខំប្រឹង អ្នកអាចធ្វើការកែប្រែ ដែលត្រូវការដើម្បីទទួលអនុគ្រោះរបស់ព្រះ។
‹មានមនសិការជ្រះថ្លា›
មិនថាអ្នកគ្រាន់តែចាប់ផ្ដើមរៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា ឬមានការពិសោធជាច្រើនឆ្នាំជាគ្រីស្ទានដែលមានគំនិតចាស់ទុំក៏ដោយ ឱវាទរបស់ពេត្រុស គឺសមហេតុផល៖ ‹ចូរឲ្យមានមនសិការជ្រះថ្លា›។ (ពេត្រុសទី១ ៣:១៦) នេះជាអត្ថប្រយោជន៍ មិនមែនជាបន្ទុកទេ។ ចូរអប់រំមនសិការ ដោយបំប៉នគំនិតនិងចិត្ត ដោយប្រើប្រាជ្ញាដែលមានក្នុងបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ សូមធ្វើតាមមនសិការរបស់អ្នក ពេលដែលវាព្រមានអ្នក។ ចូរឲ្យមានសន្ដិសុខខាងក្នុង ដែលធ្វើតាមមនសិការអាចធ្វើឲ្យមាននោះ។
ជាសារភាព ការអប់រំនិងការបំពាក់បំប៉ន មិនមែនជាកិច្ចការស្រួលនោះទេ។ ប៉ុន្តែ អ្នកអាចអធិស្ឋានទៅព្រះយេហូវ៉ាឲ្យជួយអ្នក។ ដោយមានជំនួយពីទ្រង់ អ្នកអាចបំរើព្រះ‹ពីមនសិការជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ›។—ធីម៉ូថេទី១ ១:៥
[កំណត់សម្គាល់]
a សូមកុំខ្លាចទៅទាក់ទងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងតំបន់ ឬក៏សរសេរដល់អ្នកបោះពុម្ពផ្សាយនៃទស្សនាវដ្ដីនេះ ប្រសិនបើអ្នកចាប់អារម្មណ៍ទទួលយកការសិក្សាព្រះគម្ពីរតាមផ្ទះដែលឥតគិតថ្លៃ។
[រូបភាពនៅទំព័រ៦]
ការអាននិងការរំពឹងគិតលើបន្ទូលរបស់ព្រះ ជួយយើងឲ្យអប់រំមនសិការរបស់យើង