ការយកចិត្តទុកដាក់នឹងវិចារណញ្ញាណរបស់ខ្លួន
«ពួកសាសន៍ដទៃដែលគ្មានក្រិត្យវិន័យ[របស់ព្រះ]បានប្រព្រឹត្តតាមក្រិត្យវិន័យ[«ដោយឯកឯង»]»។—រ៉ូម ២:១៤; ខ.ស.
១, ២. (ក) តើការយកចិត្តទុកដាក់ចំពោះអ្នកដទៃបានជំរុញមនុស្សខ្លះឲ្យប្រព្រឹត្តយ៉ាងណា? (ខ) តើមានឧទាហរណ៍អ្វីខ្លះក្នុងគម្ពីរ ដែលបង្ហាញពីមនុស្សដែលចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ?
ម្ដងម្កាលយើងឮដំណឹងអំពីមនុស្សដែលបានជួយសង្គ្រោះជីវិតអ្នកដទៃ ហើយជួនកាលពួកគេក៏សុខចិត្តផ្សងគ្រោះថ្នាក់ដើម្បីជួយអ្នករងគ្រោះ។ មនុស្សជាច្រើនចាត់ទុកមនុស្សបែបនោះ ជាវីរបុរសដែលក្លាហានណាស់! ប៉ុន្តែ បុរសម្នាក់ដែលបានជួយប្អូនប្រុសម្នាក់ទៀតបានមានប្រសាសន៍ថា៖ «យើងគួរតែជួយគេ។ ខ្ញុំមិនចង់ឲ្យនរណាម្នាក់សរសើរតម្កើងទេ តែខ្ញុំគ្រាន់តែចង់ជួយគាត់ប៉ុណ្ណោះ»។
២ អ្នកប្រហែលជាស្គាល់នរណាម្នាក់ដែលបានប្រថុយជីវិតដើម្បីជួយអ្នកដទៃដែរ។ សប្បុរសជនច្រើននាក់បានធ្វើដូច្នេះក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ដោយជួយលាក់បំបាំងគ្នា។ សូមគិតអំពីបទពិសោធន៍របស់សាវ័កប៉ុលដែរ ពេលគាត់និងមនុស្ស២៧៥នាក់ទៀតបានរងគ្រោះថ្នាក់កាលដែលសំពៅរបស់ពួកគេលិចនៅកោះមេលីត។ មនុស្សនៅកោះនោះបានជួយជនរងគ្រោះទាំងឡាយ ហើយបានបង្ហាញ«ចិត្តសប្បុរសលើសជាងធម្មតា»។ (កិច្ចការ ២៧:២៧–២៨:២) ណាមួយទៀត សូមគិតអំពីនារីជនជាតិអ៊ីស្រាអែលម្នាក់ដែលពួកស៊ីរីបានចាប់យកទៅស្រុកគេ។ ទោះជានាងមិនបានប្រថុយជីវិតក្ដី នាងនៅតែបង្ហាញថានាងយកចិត្តទុកដាក់ចំពោះសុខមាលភាពនៃម្ចាស់នាង ដែលជាជនជាតិស៊ីរីនោះ។ (ពង្សាវតារក្សត្រទី២ ៥:១-៤) សូមគិតដែរ អំពីរឿងប្រៀបប្រដូចល្បីមួយរបស់ព្រះយេស៊ូ អំពីបុរសជនជាតិសាម៉ារីដែលជួយជនរងគ្រោះម្នាក់តាមផ្លូវ។ សង្ឃម្នាក់និងបុរសម្នាក់ពីកុលសម្ព័ន្ធលេវីបានដើរវាងបុរសជនជាតិគ្នីគ្នានោះ គឺជនជាតិយូដា ប៉ុន្តែបុរសជនជាតិសាម៉ារីម្នាក់បានចាត់វិធានការដើម្បីជួយជនរងគ្រោះនោះទៅវិញ។ រាប់រយឆ្នាំហើយ រឿងនេះមានឥទ្ធិពលទៅលើមនុស្សពីគ្រប់មជ្ឈដ្ឋាននិងជនជាតិ។—លូកា ១០:២៩-៣៧
៣, ៤. ហេតុអ្វីក៏ស្មារតីលះបង់របស់មនុស្សដែលចង់ជួយអ្នកដទៃ មិនស៊ីគ្នានឹងទ្រឹស្តីវិវត្តន៍?
៣ យើងកំពុងរស់នៅ«ជាន់ក្រោយបង្អស់» ដែលជា«គ្រាលំបាកណាស់» ហើយមនុស្សជាច្រើន«មានចិត្តសាហាវ»និង«មិនចូលចិត្តនឹងការល្អ»សោះ។ (ធីម៉ូថេទី២ ៣:១-៣) យ៉ាងណាក៏ដោយ យើងប្រហែលជាធ្លាប់ឃើញមនុស្សជួយអ្នកដទៃ ឬធ្លាប់មានគេជួយយើងក៏មិនដឹង។ ដោយសារមនុស្សជាច្រើនមានចិត្តល្អ ហើយចង់ជួយអ្នកដទៃ នេះបណ្ដាលឲ្យមហាជនមានទស្សនៈថា មនុស្សមានទំនោរចិត្តនេះតាំងពីកំណើត។
៤ ទ្រឹស្តីវិវត្តន៍បង្រៀនថា សត្វឬមនុស្សណាដែលខ្លាំងជាងគេ ត្រូវតែឈ្នះលើសត្វឬមនុស្សដែលខ្សោយ។ ប៉ុន្តែ មនុស្សគ្រប់ជនជាតិដែលមានទំនៀមទម្លាប់ខុសៗគ្នាក៏សុខចិត្តជួយគ្នា សូម្បីតែពេលដែលត្រូវលះបង់ប្រយោជន៍ខ្លួនឯងក្ដី។ ដូច្នេះ នេះបង្ហាញថា ទ្រឹស្តីវិវត្តន៍នោះមិនសមហេតុសមផលទេ។ អ្នកវិទ្យាសាស្ត្រម្នាក់នៅសហរដ្ឋអាម៉េរិកមានប្រសាសន៍ថា៖ «ពួកអ្នកដែលជឿថាមនុស្សបានវិវត្តន៍ដោយឯកឯង មានការពិបាកក្នុងការពន្យល់អំពីហេតុដែលមនុស្សមានស្មារតីលះបង់ដើម្បីជួយអ្នកដទៃ។ . . . បើហ្សែនរបស់មនុស្សមានទំនោរចិត្តចង់កើនឡើងតែឯង ដោយមិនគិតដល់ប្រយោជន៍អ្នកដទៃ នេះគឺខុសស្រឡះពីទំនោរចិត្តរបស់មនុស្សដែលមានស្មារតីលះបង់វិញ» (សាស្ដ្រាចារ្យ Francis S. Collins)។ គាត់ក៏មានប្រសាសន៍បន្ថែមទៀតថា៖ «អ្នកខ្លះសុខចិត្តពលីខ្លួនជំនួសអ្នកដទៃដែលពួកគេគ្មានអ្វីដូចគ្នាទាល់តែសោះ . . . តាមមើលទៅ ស្មារតីលះបង់របស់មនុស្សមិនស៊ីគ្នានឹងទ្រឹស្តីវិវត្តន៍របស់លោកដាវីនទេ»។
‹វិចារណញ្ញាណរបស់មនុស្ស›
៥. តើមនុស្សច្រើនតែមានទំនោរចិត្តបែបណា?
៥ អ្នកវិទ្យាសាស្ត្រដដែលនោះ ក៏សំដៅទៅលើមូលហេតុមួយដែលមនុស្សមានស្មារតីលះបង់ដើម្បីជួយអ្នកដទៃ។ គាត់មានប្រសាសន៍ថា៖ «វិចារណញ្ញាណដាស់តឿនមនុស្សឲ្យជួយអ្នកដទៃ សូម្បីតែគ្មានបានអ្វីមកវិញក៏ដោយ»។a ពាក្យ«វិចារណញ្ញាណ»ដែលគាត់ប្រើនោះ ប្រហែលជារំលឹកយើងពីសំណេររបស់សាវ័កប៉ុលដែលថា៖ ‹កាលណាពួកសាសន៍ដទៃដែលគ្មានក្រិត្យវិន័យ ប្រព្រឹត្តតាមក្រិត្យវិន័យ[«ដោយឯកឯង»] នោះពួកគេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថាក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេ។ បញ្ញាចិត្តហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសា›ផង។—រ៉ូម ២:១៤, ១៥; ខ.ស.
៦. ហេតុអ្វីក៏មនុស្សទាំងអស់ត្រូវតែទទួលខុសត្រូវចំពោះព្រះដែលបានបង្កើតរបស់សព្វសារពើ?
៦ ក្នុងសំបុត្រដែលប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម គាត់បញ្ជាក់ថា មនុស្សយើងអាចដឹងថាមានព្រះមែន និងទទួលស្គាល់គុណសម្បត្ដិរបស់ទ្រង់បាន ដោយពិចារណានូវអ្វីៗដែលយើងមើលឃើញ ពោលគឺធម្មជាតិដែលមាន«តាំងពីកំណើតលោកីយមក»។ (រ៉ូម ១:១៨-២០; ទំនុកដំកើង ១៩:១-៤) ប៉ុលបញ្ជាក់ទៀតថា ជាលទ្ធផលនោះ យើងត្រូវតែទទួលខុសត្រូវចំពោះព្រះដែលបានបង្កើតរបស់សព្វសារពើ។ ប៉ុន្តែ មនុស្សជាច្រើនមិនទទួលស្គាល់ថាមានព្រះ ហើយដូច្នេះក៏មានរបៀបរស់នៅដែលប្រាសចាកសីលធម៌វិញ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ានៅតែមានឆន្ទៈចង់ឲ្យមនុស្សទទួលស្គាល់ថា គោលការណ៍របស់ទ្រង់សុទ្ធតែសុចរិត ដូច្នេះពួកគេគួរប្រែចិត្តពីទង្វើអាក្រក់វិញ។ (រ៉ូម ១:២២–២:៦) ជនជាតិអ៊ីស្រាអែលពីបុរាណមិនអាចធ្វើខុសហើយរកលេសទេ ពីព្រោះពួកគេបានទទួលក្រឹត្យវិន័យល្អិតល្អន់ពីព្រះតាមរយៈលោកម៉ូសេ។ យ៉ាងណាក៏ដោយ សូម្បីតែមនុស្សដែលមិនធ្លាប់ឮ«ព្រះបន្ទូល»ជាបណ្ដាំរបស់ព្រះយេហូវ៉ាក្ដី ពួកគេក៏គួរតែទទួលស្គាល់ថាមានព្រះមែន។—រ៉ូម ២:៨-១៣; ៣:២
៧, ៨. តើមនុស្សច្រើនប៉ុណ្ណាមានសមត្ថភាពត្រិះរិះរាវរកហេតុផលឲ្យឃើញច្បាស់នូវភាពយុត្ដិធម៌និងអយុត្ដិធម៌? តើសមត្ថភាពនេះបញ្ជាក់អំពីអ្វី?
៧ មូលហេតុសំខាន់មួយដែលមនុស្សទាំងអស់គួរទទួលស្គាល់ព្រះ និងធ្វើតាមតម្រូវការរបស់ទ្រង់ គឺដោយសារយើងរាល់គ្នាមានសម្បជញ្ញៈពីអ្វីដែលខុសនិងត្រូវ។ សមត្ថភាពត្រិះរិះរាវរកហេតុផលឲ្យឃើញច្បាស់នូវភាពយុត្ដិធម៌និងអយុត្ដិធម៌នោះ បង្ហាញថាយើងមានវិចារណញ្ញាណ បញ្ញាចិត្ត មនសិការ។ សូមគិតអំពីកូនក្មេងនៅសាលាមត្តេយ្យដែលត្រូវឈរតម្រៀបជួរដើម្បីយកគ្រាប់ស្ករពីគ្រូ ស្រាប់តែក្មេងម្នាក់រត់ទៅយកមុនគេ។ ក្មេងឯទៀតស្រែកដំណាលគ្នាថា ‹ដល់អញតើ!›។ សូមគិតទៅមើល ម្ដេចបានជាកូនក្មេងខ្លះដឹងពីអ្វីដែលខុសនិងត្រូវទោះជាគ្មានអ្នកណាប្រាប់ក្ដី? ប្រតិកម្មរបស់ក្មេងទាំងនោះបង្ហាញពីវិចារណញ្ញាណរបស់ពួកគេ។ ប៉ុលសរសេរថា៖ ‹កាលណាពួកសាសន៍ដទៃដែលគ្មានក្រិត្យវិន័យប្រព្រឹត្តតាមក្រិត្យវិន័យដោយឯកឯង›នោះ គាត់ប្រើពាក្យ«កាលណា» មិនមែន«ប្រសិនបើ»ទេ ដែលហាក់ដូចជាមនុស្សកម្រប្រព្រឹត្តបែបនោះណាស់! ពាក្យ «កាលណា»ឬ‹ពេលណា›នោះ បង្កប់អត្ថន័យថា ពួកគេច្រើនតែ‹ប្រព្រឹត្តតាមក្រិត្យវិន័យដោយឯកឯង›។ ដូច្នេះ វិចារណញ្ញាណជំរុញពួកគេឲ្យប្រព្រឹត្តបែបសំណំនឹងអ្វីដែលយើងធ្លាប់អានក្នុងក្រឹត្យវិន័យរបស់ព្រះ។
៨ មនុស្សគ្រប់ជនជាតិក៏បានបង្ហាញថាពួកគេមានសមត្ថភាពត្រិះរិះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវដែរ។ សាស្ដ្រាចារ្យម្នាក់បានកត់សម្គាល់ថា ពួកបាប៊ីឡូន អេស៊ីបនិងក្រិច ព្រមទាំងអ្នកស្រុកដើមនៅប្រទេសអូស្ដ្រាលីនិងសហរដ្ឋអាម៉េរិកបានចាត់ទុក«ការសង្កត់សង្កិន ឃាតកម្ម ការបោកប្រាស់និងការភូតកុហកជាអ្វីដែលខុស» ហើយតម្រូវឲ្យបណ្ដាជន«ប្រព្រឹត្តដោយសប្បុរសចំពោះមនុស្សចាស់ ក្មេងនិងខ្សោយដូចៗគ្នា»។ អ្នកវិទ្យាសាស្ត្រដែលមានប្រសាសន៍ខាងលើ ក៏បានសរសេរថា៖ «មើលទៅដូចជាមនុស្សគ្រប់ជនជាតិស្គាល់ខុសនិងត្រូវ» (សាស្ដ្រាចារ្យ Collins)។ ទស្សនៈរបស់គាត់គឺប្រហាក់ប្រហែលនឹងអ្វីដែលបានសរសេរក្នុងសៀវភៅរ៉ូម ២:១៤ មែនទេ?
វិចារណញ្ញាណ បញ្ញាចិត្ត មនសិការដំណើរការយ៉ាងណា?
៩. តើបញ្ញាចិត្តជាអ្វី? តើបញ្ញាចិត្តអាចជួយយើងបានយ៉ាងណា មុនពេលសម្រេចចិត្តធ្វើអំពើណាមួយ?
៩ គម្ពីរបង្ហាញឲ្យដឹងថា បញ្ញាចិត្តជាសមត្ថភាពពិនិត្យមើលនិងវិនិច្ឆ័យការប្រព្រឹត្តរបស់ខ្លួន ដោយត្រិះរិះរាវរកហេតុផលដើម្បីស្គាល់ខុសនិងត្រូវ។ ប៉ុលបានសំដៅទៅលើវិចារណញ្ញាណនេះ ពេលដែលគាត់រៀបរាប់អំពី«បញ្ញាចិត្ត»ឬ«មនសិការ»របស់គាត់ ដែល«ធ្វើបន្ទាល់»ឬ«ជាសាក្សី»ពីការប្រព្រឹត្តរបស់ខ្លួន។ (រ៉ូម ៩:១; ខ.ស.) ជាឧទាហរណ៍ បញ្ញាចិត្តជាវិចារណញ្ញាណដែលជួយយើងឲ្យដឹងខ្លួនជាមុន ស្តីអំពីការខុសនិងត្រូវ ដោយជំរុញយើងឲ្យត្រិះរិះរាវរកហេតុផលនិងវិនិច្ឆ័យខ្លួនថា បើយើងប្រព្រឹត្តបែបនោះ តើយើងនឹងស្ដាយក្រោយឬយ៉ាងណា?
១០. តាមធម្មតា តើមនសិការជួយមនុស្សយ៉ាងណា?
១០ តាមធម្មតា មនសិការជាវិចារណញ្ញាណដែលធ្វើទុក្ខក្នុងចិត្តយើងក្រោយបានធ្វើអំពើដែលមិនគប្បី។ ជាឧទាហរណ៍ ក្នុងអំឡុងពេលដែលដាវីឌកំពុងរត់ពួនពីស្តេចសូល គាត់មានឱកាសធ្វើអ្វីដែលមិនបង្ហាញការគោរពចំពោះស្តេចដែលព្រះយេហូវ៉ាបានតែងតាំងឡើង។ ក្រោយដាវីឌបានធ្វើអំពើនោះ គាត់ក៏«ឈឺចិត្តស្ដាយ»ផង។ (សាំយូអែលទី១ ២៤:១-៥; ទំនុកដំកើង ៣២:៣, ៥) កំណត់ហេតុនោះមិនប្រើពាក្យ«មនសិការ»ចំៗទេ តែការឈឺចិត្តស្ដាយនោះ ជាវិប្បដិសារីរបស់ដាវីឌដែលបណ្ដាលមកពីមនសិការ។ យើងរាល់គ្នាក៏ធ្លាប់មានវិប្បដិសារីដូចគាត់ដែរ។ យើងប្រហែលជាបានធ្វើអំពើណាមួយ ហើយក្រោយមកក៏ពិបាកចិត្តបន្ដិច និងស្ដាយក្រោយពីការប្រព្រឹត្តរបស់ខ្លួន។ មនុស្សខ្លះគេចពន្ធ តែក្រោយមកមនសិការធ្វើទុក្ខ ដូច្នេះពួកគេក៏ទៅបង់ពន្ធឲ្យបានត្រឹមត្រូវវិញ។ ដោយសារមានវិប្បដិសារី អ្នកខ្លះដែលបានផិតស្វាមីឬភរិយា ក្រោយមកក៏មានចិត្តជំរុញឲ្យសារភាពប្រាប់គូរបស់ខ្លួន។ (ហេព្រើរ ១៣:៤) តាមធម្មតា ពេលមនុស្សប្រព្រឹត្តសមស្របនឹងវិចារណញ្ញាណដែលជួយរកហេតុផលឲ្យដឹងខុសនិងត្រូវ នោះពួកគេក៏មានចិត្តស្ងប់និងអារម្មណ៍សុខសាន្តផង។
១១. ម្ដេចក៏ការទុកចិត្តនិងធ្វើតាមបញ្ញាចិត្តរបស់ខ្លួនភ្លាមៗមិនតែងតែមានប្រយោជន៍? សូមរៀបរាប់ឧទាហរណ៍មួយ។
១១ បើដូច្នេះ តើយើងគួរទុកចិត្តនិងធ្វើតាមបញ្ញាចិត្តរបស់ខ្លួនភ្លាមៗទេ? តាមការពិត យើងគួរយកចិត្តទុកដាក់នឹងវិចារណញ្ញាណរបស់ខ្លួនមែន តែយើងត្រូវប្រយ័ត្នហើយរាវរកហេតុផលឲ្យបានច្បាស់លាស់សិន ពីព្រោះ‹មនុស្សខាងក្នុង›ឬ«ជំរៅចិត្តយើង»អាចណែនាំយើងឲ្យធ្វើការសម្រេចចិត្តដែលខុស។ (កូរិនថូសទី២ ៤:១៦; ខ.ស.) សូមពិចារណាមើលគំរូមួយនេះ។ គម្ពីររៀបរាប់អំពីលោកស្ទេផានជាអ្នកកាន់តាមព្រះគ្រិស្ត ថាគាត់«ពេញដោយសេចក្ដីជំនឿនឹងព្រះចេស្ដា»។ ជនជាតិយូដាខ្លះបានចាប់យកស្ទេផានទៅខាងក្រៅទីក្រុងយេរូសាឡិម ដើម្បីចោលគាត់នឹងថ្មរហូតដល់ស្លាប់។ បុរសម្នាក់ឈ្មោះសុល (ដែលក្រោយមកក្លាយទៅជាសាវ័កប៉ុល) បានឈរនៅក្បែរពួកគេ ទាំង«យល់ព្រមក្នុងការសម្លាប់»ស្ទេផាន។ តាមមើលទៅ ជនជាតិយូដាទាំងនោះជឿស៊ប់ថា ពួកគេបានធ្វើអំពើដ៏ល្អត្រឹមត្រូវ ពីព្រោះពួកគេគ្មានវិប្បដិសារីអ្វីសោះ។ ចិត្តរបស់សុលក៏ច្បាស់ជាមិនធ្វើទុក្ខគាត់ដែរ ពីព្រោះក្រោយនោះមក គាត់បាន«បញ្ចេញសេចក្ដីគំរាមនឹងពាក្យកំហែង ព្រមទាំងការសំឡាប់ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ»។ អាស្រ័យលើគំរូនេះ យើងអាចឃើញច្បាស់ថា បើយើងមិនប្រុងប្រយ័ត្ននោះ វិចារណញ្ញាណរបស់ខ្លួនអាចណែនាំយើងឲ្យធ្វើការសម្រេចចិត្តដែលខុសដែរ។—កិច្ចការ ៦:៨; ៧:៥៧–៨:១; ៩:១
១២. តើអ្វីអាចមានឥទ្ធិពលទៅលើវិចារណញ្ញាណ បញ្ញាចិត្ត មនសិការរបស់ខ្លួន?
១២ តើកាលៈទេសៈណាខ្លះក្នុងជីវិតរបស់សុលមានឥទ្ធិពលទៅលើវិចារណញ្ញាណរបស់គាត់? ប្រហែលជាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកដទៃបានជះឥទ្ធិពលទៅលើគាត់។ សូមគិតពីឧទាហរណ៍មួយ។ យើងភាគច្រើនធ្លាប់និយាយតាមទូរស័ព្ទជាមួយបុរសម្នាក់ដែលមានសំឡេងប្រហាក់ប្រហែលនឹងឪពុកគាត់។ តាមធម្មតា កូនមានទំហំសំឡេងដូចឪពុកមែន ពីព្រោះគាត់ជាកូន។ ប៉ុន្តែ កូនក៏ប្រហែលជានិយាយតាមរបៀបដែលឪពុកនិយាយដែរ។ ដូចគ្នាដែរ សុលប្រហែលជាបានទទួលឥទ្ធិពលពីជនជាតិយូដាដែលស្អប់ព្រះយេស៊ូ និងប្រឆាំងសេចក្ដីបង្រៀនរបស់ទ្រង់។ (យ៉ូហាន ១១:៤៧-៥០; ១៨:១៤; កិច្ចការ ៥:២៧, ២៨, ៣៣) មនុស្សដែលសុលសេពគប់ជាមួយនោះ ច្បាស់ជាមានឥទ្ធិពលទៅលើវិចារណញ្ញាណ បញ្ញាចិត្ត មនសិការរបស់គាត់។
១៣. តើមជ្ឈដ្ឋានដែលយើងរស់នៅអាចមានឥទ្ធិពលទៅលើវិចារណញ្ញាណរបស់ខ្លួនយ៉ាងដូចម្ដេច?
១៣ អាស្រ័យទៅលើតំបន់ដែលមនុស្សរស់នៅ ពួកគេក៏និយមនិយាយទៅតាមបែបនៃតំបន់នោះ។ ដូចគ្នាដែរ មជ្ឈដ្ឋាននិងទំនៀមទម្លាប់របស់មនុស្សនៅជុំវិញយើងអាចមានឥទ្ធិពលទៅលើសមត្ថភាពរបស់យើងក្នុងការវិនិច្ឆ័យខ្លួន។ (ម៉ាថាយ ២៦:៧៣) តាមមើលទៅ ជនជាតិអាសស៊ើរនៅសម័យបុរាណបានស្ថិតនៅក្នុងមជ្ឈដ្ឋានដែលជះឥទ្ធិពលអាក្រក់ទៅលើពួកគេ។ ពួកគេមានឈ្មោះល្បីជាមនុស្សដែលពូកែធ្វើសង្គ្រាម ហើយក្បាច់និងរូបចម្លាក់ផ្សេងៗបញ្ជាក់ពីទារុណកម្មដែលពួកគេបានធ្វើដល់ឈ្លើយសឹក។ (ណាហ៊ុម ២:១១, ១២; ៣:១) ស្តីអំពីមនុស្សនៅទីក្រុងនីនីវេរបស់ពួកអាសស៊ើរ ព្រះយេហូវ៉ាបានពិពណ៌នាថា ពួកគេជា«អ្នកដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ»។ នេះមានន័យថា ពួកគេមិនចេះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ាទាល់តែសោះ។ សូមគិតអំពីឥទ្ធិពលអាក្រក់ដែលមជ្ឈដ្ឋាននោះអាចមានទៅលើវិចារណញ្ញាណរបស់កូនក្មេងដែលធំឡើងក្នុងទីក្រុងនីនីវេ។ (យ៉ូណាស ៣:៤, ៥; ៤:១១) ដូចគ្នាដែរ ទស្សនៈរបស់អ្នកដទៃក៏អាចមានឥទ្ធិពលទៅលើវិចារណញ្ញាណរបស់មនុស្សម្នាក់ៗនៅសព្វថ្ងៃនេះផង។
វិធីបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួន
១៤. ស្របទៅតាមបទគម្ពីរក្នុងសៀវភៅលោកុប្បត្តិ ១:២៧ ហេតុអ្វីបានជាយើងមានសមត្ថភាពដឹងខុសនិងត្រូវ?
១៤ ព្រះយេហូវ៉ាបានប្រទានឲ្យអ័ដាមនិងអេវ៉ានូវសមត្ថភាពវិនិច្ឆ័យខ្លួន ហើយយើងក៏មានសមត្ថភាពដូចពួកគេដែរ។ សៀវភៅលោកុប្បត្តិ ១:២៧ បញ្ជាក់ថា ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានរូបដូចទ្រង់។ នេះមិនបានន័យថា យើងមានរូបកាយដូចព្រះយេហូវ៉ាទេ ពីព្រោះទ្រង់មានរូបកាយជាវិញ្ញាណ ហើយយើងមានរូបកាយជាសាច់ឈាម។ ផ្ទុយទៅវិញ យើងមានរូបដូចព្រះយេហូវ៉ាក្នុងន័យថា យើងមានលក្ខណៈសម្បត្ដិដូចទ្រង់ ដែលរួមបញ្ចូលសមត្ថភាពដឹងខុសនិងត្រូវ ដោយចេះត្រិះរិះរាវរកហេតុផលឲ្យបានច្បាស់លាស់ក្នុងការវិនិច្ឆ័យខ្លួន។ ហេតុការណ៍នេះក៏បញ្ជាក់ពីរបៀបមួយដែលយើងអាចបង្កើនសមត្ថភាពប្រើប្រាស់វិចារណញ្ញាណរបស់ខ្លួនឲ្យបានប្រសើរឡើង ដើម្បីធ្វើការសម្រេចចិត្តកាន់តែល្អ។ របៀបបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួន គឺដោយរៀនច្រើនថែមទៀតអំពីព្រះដែលបានបង្កើតយើង ដើម្បីចូលកាន់តែជិតស្និទ្ធនឹងទ្រង់ផង។
១៥. បើយើងរៀនឲ្យស្គាល់បិតារបស់យើងកាន់តែច្បាស់ តើនេះអាចផ្ដល់ប្រយោជន៍អ្វីខ្លះ?
១៥ គម្ពីរបង្ហាញថា ព្រះយេហូវ៉ាជាបិតារបស់យើងរាល់គ្នា ពីព្រោះទ្រង់បានបង្កើតជីដូនជីតាដំបូង។ (អេសាយ ៦៤:៨) គ្រិស្តសាសនិកទាំងឡាយដែលស្មោះត្រង់នឹងព្រះយេហូវ៉ា មិនថាមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ឬរស់ជារៀងរហូតក្នុងសួនមនោរមនៅផែនដីក្ដី អាចហៅទ្រង់ថាបិតា។ (ម៉ាថាយ ៦:៩) យើងគួរមានបំណងចង់បង្កើនឲ្យមានមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងបិតារបស់យើងជានិច្ច ដែលជួយយើងឲ្យមានទស្សនៈដូចទ្រង់ស្តីអំពីអ្វីដែលខុសនិងត្រូវ។ (យ៉ាកុប ៤:៨) មនុស្សជាច្រើនគ្មានបំណងចូលទៅជិតព្រះយេហូវ៉ាទេ។ ពួកគេមានលក្ខណៈដូចបណ្ដាជនយូដាដែលព្រះយេស៊ូបានពិពណ៌នាថា៖ «មិនដែលឮសំឡេង[ព្រះយេហូវ៉ា]ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង»។ ព្រះយេស៊ូក៏បញ្ជាក់ទៀតថា ពួកគេ«គ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ»។ (យ៉ូហាន ៥:៣៧, ៣៨) យើងក៏មិនដែលឮសំឡេងរបស់ព្រះយេហូវ៉ាដែរ ប៉ុន្តែយើងអាចអានគម្ពីរដែលជាបន្ទូលឬបណ្ដាំរបស់ទ្រង់ ហើយចំណេះដែលយើងទទួលនោះ អាចចូលទៅក្នុងខ្លួនដើម្បីជួយឲ្យមានលក្ខណៈដូចទ្រង់បេះបិទ ព្រមទាំងមានទស្សនៈប្រហាក់ប្រហែលនឹងទស្សនៈរបស់ទ្រង់ដែរ។
១៦. តើកំណត់ហេតុអំពីយ៉ូសែបផ្ដល់មេរៀនអ្វីស្តីអំពីសារៈសំខាន់នៃការបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួន និងការធ្វើតាមវិចារណញ្ញាណរបស់ខ្លួន?
១៦ កំណត់ហេតុអំពីកំលោះម្នាក់ឈ្មោះយ៉ូសែប ដែលបម្រើការក្នុងផ្ទះរបស់លោកប៉ូទីផារ បង្ហាញថាយើងអាចមានលក្ខណៈនិងទស្សនៈដូចព្រះយេហូវ៉ាបាន។ ភរិយារបស់ប៉ូទីផារចេះតែលួងចិត្តយ៉ូសែបរហូត ឲ្យរួមដំណេកជាមួយនាង។ នៅសម័យនោះ បណ្ដាំរបស់ព្រះយេហូវ៉ាមិនទាន់មានជាលាយលក្ខណ៍អក្សរទេ ហើយទ្រង់មិនទាន់ផ្ដល់ក្រឹត្យវិន័យទាំង១០ប្រការដល់អ្នកថ្វាយបង្គំទ្រង់ដែរ។ យ៉ាងណាក៏ដោយ យ៉ូសែបបានឆ្លើយតបនឹងភរិយារបស់ប៉ូទីផារថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន? ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»។ (លោកុប្បត្តិ ៣៩:៩) យ៉ូសែបបដិសេធនឹងនាង មិនមែនដោយមានបំណងចង់ឲ្យមាតាបិតានិងបងប្អូនក្នុងក្រុមគ្រួសារពេញចិត្តចំពោះគាត់ទេ ពីព្រោះពួកគេរស់នៅឆ្ងាយពីយ៉ូសែប ហើយមិនដឹងអំពីទង្វើរបស់គាត់សោះ។ មូលហេតុចម្បងដែលយ៉ូសែបមានប្រតិកម្មបែបនោះ គឺដោយសារគាត់ចង់ឲ្យព្រះយេហូវ៉ាពេញចិត្តចំពោះគាត់វិញ។ យ៉ូសែបដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ា ថាបុរសអាចមានភរិយាតែមួយ ហើយថាទាំងពីរនាក់ត្រូវតែជាប់គ្នាជា«សាច់តែ១»។ យ៉ូសែបច្បាស់ជាបានឮរឿងអំពីពេលដែលស្តេចអ័ប៊ីម្ម៉ាឡិចសូមស្រឡាញ់នាងរេបិកា តែក្រោយមកដឹងថានាងមានស្វាមីហើយ។ សូម្បីតែស្តេចនោះក៏ជ្រាបថា មិនជាការល្អទេឲ្យគាត់យកប្រពន្ធគេ ដោយដឹងថានេះអាចនាំឲ្យរាស្ត្ររងទុក្ខទោសវិញ។ ក្នុងករណីនោះ ព្រះយេហូវ៉ាបានប្រទានពរទៅលើពួកគេទាំងអស់គ្នា ដែលបង្ហាញថាទ្រង់ស្អប់អំពើកំផិត។ ដោយសារយ៉ូសែបដឹងរឿងទាំងអស់នោះ នេះច្បាស់ជាបានជួយគាត់ឲ្យត្រិះរិះរាវរកហេតុផលឲ្យបានត្រឹមត្រូវ ស្របទៅតាមវិចារណញ្ញាណដែលគាត់ទទួលពីកំណើតមក ហើយនេះបានជំរុញចិត្តគាត់ឲ្យបដិសេធនឹងអំពើដែលប្រាសចាកសីលធម៌។—លោកុប្បត្តិ ២:២៤; ១២:១៧-១៩; ២០:១-១៨; ២៦:៧-១៤
១៧. ក្នុងការត្រាប់តាមព្រះយេហូវ៉ាជាបិតា តើយើងមានជំនួយអ្វីខ្លះដែលយ៉ូសែបគ្មានសោះ?
១៧ នៅសព្វថ្ងៃនេះ យើងមានជំនួយច្រើនដែលយ៉ូសែបគ្មានសោះ។ យើងមានគម្ពីរទាំងមូលដែលជួយយើងឲ្យរៀនអំពីទស្សនៈនិងអារម្មណ៍របស់ព្រះយេហូវ៉ាដែលជាបិតាយើង ស្តីអំពីអ្វីដែលទ្រង់មិនស្អប់ ហើយអ្វីដែលទ្រង់ហាមជាដាច់ខាត។ បើយើងរៀនគម្ពីរកាន់តែច្រើន យើងនឹងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ ហើយនឹងមានទស្សនៈដូចទ្រង់ផង។ ពេលធ្វើដូច្នេះ យើងនឹងមានបញ្ញាចិត្តដូចបិតារបស់យើង។ យ៉ាងនោះ យើងនឹងមានសមត្ថភាពវិនិច្ឆ័យខ្លួនឲ្យស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ា ដូចជាកូនដែលនិយាយតាមរបៀបដែលឪពុកនិយាយដែរ។—អេភេសូរ ៥:១-៥
១៨. ទោះជាមនុស្សឯទៀតធ្លាប់មានឥទ្ធិពលទៅលើវិចារណញ្ញាណរបស់ខ្លួនក្ដី តើយើងអាចធ្វើអ្វីដើម្បីបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួនឲ្យបានត្រឹមត្រូវ?
១៨ ចុះយ៉ាងណាចំពោះមជ្ឈដ្ឋាននិងទំនៀមទម្លាប់របស់មនុស្សនៅជុំវិញយើង? តើពួកគេមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពរបស់យើងក្នុងការវិនិច្ឆ័យខ្លួន? ប្រហែលជាបងប្អូនញាតិមិត្តបានជះឥទ្ធិពលមកលើយើង ហើយពេលធំឡើងយើងក៏ចាប់ផ្ដើមប្រព្រឹត្តនិងមានចិត្តគំនិតដូចពួកគាត់ដែរ។ បើដូច្នេះ នេះអាចមានឥទ្ធិពលទៅលើវិចារណញ្ញាណ បញ្ញាចិត្ត មនសិការរបស់យើង ហើយជាលទ្ធផល យើងប្រហែលជាមិនសូវចេះត្រិះរិះរាវរកហេតុផលឲ្យបានច្បាស់លាស់ទេ។ នេះក៏អាចនាំឲ្យយើងវិនិច្ឆ័យខ្លួនដោយផ្អែកទៅលើអ្វីដែលអ្នកដទៃចាត់ទុកថា សមហេតុសមផលហើយខុសនិងត្រូវ។ តាមការពិត យើងមិនអាចកែប្រែកាលៈទេសៈដែលមានឥទ្ធិពលទៅលើជីវិតយើងពីមុននោះទេ។ ប៉ុន្តែ យើងអាចសម្រេចចិត្តសេពគប់ជាមួយមនុស្សល្អក្នុងមជ្ឈដ្ឋានដែលមានឥទ្ធិពលល្អទៅលើវិចារណញ្ញាណរបស់យើងពីឥឡូវនេះបាន។ វិធីសំខាន់មួយ គឺដោយចំណាយពេលជាទៀងទាត់ជាមួយគ្រិស្តសាសនិកឯទៀតដែលស្រឡាញ់ព្រះយេហូវ៉ាជាបិតារបស់ខ្លួន និងបានព្យាយាមធ្វើតាមគំរូរបស់ទ្រង់យូរយារមកហើយ។ កម្មវិធីប្រជុំព្រមទាំងការសំណេះសំណាលគ្នាមុននិងក្រោយប្រជុំផង ផ្ដល់ឱកាសឲ្យយើងសេពគប់ជាមួយមនុស្សល្អដែលមានឥទ្ធិពលល្អមកលើយើង។ យើងនឹងកត់សម្គាល់ថា របៀបដែលគ្រិស្តសាសនិកគ្នីគ្នាគិតនិងប្រព្រឹត្តនោះ គឺស្របទៅតាមឱវាទក្នុងគម្ពីរ។ ណាមួយទៀត គ្រិស្តសាសនិកទាំងនោះបង្ហាញថាពួកគេមានបញ្ញាចិត្តដោយរាវរកហេតុផលភ្លាមៗ ឲ្យស្គាល់ខុសនិងត្រូវស្របទៅតាមទស្សនៈនិងការប្រព្រឹត្តរបស់ព្រះយេហូវ៉ា។ បន្ដិចម្ដងៗ ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សបែបនោះ អាចជួយយើងឲ្យចេះវិនិច្ឆ័យខ្លួនសមស្របនឹងគោលការណ៍ក្នុងគម្ពីរ ហើយនេះអាចជួយយើងឲ្យមានលក្ខណៈដូចព្រះយេហូវ៉ា។ ដរាបណាដែលយើងបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួនឲ្យសមស្របនឹងទស្សនៈរបស់បិតាយើង ព្រមទាំងទទួលឥទ្ធិពលល្អពីគ្រិស្តសាសនិកគ្នីគ្នា ដរាបនោះឯងដែលយើងនឹងមានវិចារណញ្ញាណដ៏គួរឲ្យទុកចិត្ត ហើយក៏នឹងយកចិត្តទុកដាក់ចំពោះអ្វីដែលយើងរាវរកថា ជាការខុសនិងត្រូវ។—អេសាយ ៣០:២១
១៩. តើយើងគួរពិនិត្យមើលចំណុចអ្វីខ្លះទៀតស្តីអំពីសមត្ថភាពវិនិច្ឆ័យខ្លួន?
១៩ ទោះជាអ្នកខ្លះខំវិនិច្ឆ័យខ្លួនឲ្យបានត្រឹមត្រូវក៏ដោយ ពួកគេនៅតែមានការពិបាកក្នុងការត្រិះរិះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវ។ អត្ថបទបន្ទាប់នឹងពិនិត្យមើលកាលៈទេសៈខ្លះៗទាំងនោះ ដែលបងប្អូនគ្រិស្តសាសនិកបានជួបប្រទះ។ ការពិចារណាមើលព្រឹត្ដិការណ៍ផ្សេងៗទាំងនោះ ប្រហែលជាអាចជួយយើងឲ្យយល់កាន់តែច្បាស់នូវសារៈសំខាន់នៃសមត្ថភាពវិនិច្ឆ័យខ្លួន ព្រមទាំងយល់មូលហេតុដែលអ្នកផ្សេងអាចរាវរកហេតុផលផ្សេង និងរបៀបដែលយើងអាចយកចិត្តទុកដាក់កាន់តែច្រើនចំពោះអ្វីដែលយើងរាវរកថា ជាការខុសនិងត្រូវ។—ហេព្រើរ ៦:១១, ១២
[កំណត់សម្គាល់]
a ស្រដៀងគ្នាដែរ សាស្ដ្រាចារ្យម្នាក់ទៀតនៅសហរដ្ឋអាម៉េរិកបានសរសេរថា៖ «មូលហេតុដែលមនុស្សមានស្មារតីលះបង់នោះ . . . គឺពិបាកឲ្យអ្នកវិទ្យាសាស្ត្រពន្យល់ដោយពឹងទៅលើលក្ខណៈធម្មជាតិរបស់សត្វលោកតែប៉ុណ្ណោះ។ បើចង់យល់ ប្រហែលជាយើងត្រូវតែគិតពិចារណាអំពីទស្សនៈផ្សេងវិញ ដែលសំដៅទៅលើព្រះនិងលក្ខណៈដែលព្រះបានប្រគល់ឲ្យមនុស្សតាំងពីកំណើត ដែលរួមបញ្ចូលវិចារណញ្ញាណ» (សាស្ដ្រាចារ្យ Owen Gingerich នៅសកលវិទ្យាល័យ Harvard)។
តើអ្នកបានរៀនអ្វីខ្លះ?
• ទោះបើមនុស្សមានទំនៀមទម្លាប់ខុសៗគ្នាក៏ដោយ ម្ដេចក៏យើងទាំងអស់គ្នាមានវិចារណញ្ញាណ ដែលជាសមត្ថភាពត្រិះរិះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវ?
• ហេតុអ្វីបានជាមិនគប្បីឲ្យយើងទុកចិត្តនិងធ្វើតាមបញ្ញាចិត្តរបស់ខ្លួនភ្លាមៗ?
• តើយើងអាចបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួនឲ្យបានប្រសើរឡើងដោយវិធីណាខ្លះ?
[រូបភាពនៅទំព័រ១៦]
ចិត្តរបស់ដាវីឌបានធ្វើទុក្ខគាត់ . . .
[រូបភាពនៅទំព័រ១៦]
តែសុលពីទីក្រុងតើសុសមិនដែលមានវិប្បដិសារីទេ
[រូបភាពនៅទំព័រ១៨]
យើងអាចបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួនបាន