ជំពូកទី២
តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស?
«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសឡើយ»។—ពេត្រុសទី១ ៣:១៦
១, ២. ហេតុអ្វីត្រីវិស័យជាឧបករណ៍ដ៏ចាំបាច់? ហើយតើវាអាចប្រៀបបាននឹងសមត្ថភាពវិនិច្ឆ័យយ៉ាងដូចម្ដេច?
សូមគិតអំពីអ្នកបើកសំពៅនៅលម្ហសមុទ្រ អ្នកដើរព្រៃកំពុងធ្វើដំណើរកាត់តំបន់ស្ងាត់ជ្រងំ ហើយអ្នកបើកយន្តហោះកំពុងធ្វើដំណើរកាត់អាកាសពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត។ តើអ្នកដឹងថាពួកគេទាំងបីនាក់មានអ្វីដូចគ្នាឬទេ? គឺពួកគេប្រហែលជានឹងវង្វេងទិសបើគ្មានត្រីវិស័យ។
២ ត្រីវិស័យជាប្រដាប់មួយប្រភេទ មានរង្វង់មុខស្រដៀងនឹងនាឡិកា ហើយមានទ្រនិចដែលត្រូវទាញដោយកម្លាំងម៉ាញេទិកឲ្យវិលចង្អុលទៅទិសខាងជើងជានិច្ច។ បើត្រីវិស័យកំពុងដើរត្រឹមត្រូវ ហើយជាពិសេសបើប្រើជាមួយនឹងផែនទីត្រឹមត្រូវមួយ នោះវាអាចជួយយើងឲ្យរួចពីគ្រោះថ្នាក់បាន។ ក្នុងន័យមួយ ត្រីវិស័យអាចប្រៀបបាននឹងអំណោយដ៏វិសេសមួយដែលព្រះយេហូវ៉ាបានឲ្យយើង ពោលគឺសមត្ថភាពវិនិច្ឆ័យ។ (យ៉ាកុប ១:១៧) បើយើងគ្មានសមត្ថភាពវិនិច្ឆ័យនោះយើងនឹងដូចមនុស្សដែលធ្វើដំណើរវង្វេងទិស ដោយសារគ្មានអ្វីជួយបង្ហាញផ្លូវ។ បើយើងប្រើសមត្ថភាពវិនិច្ឆ័យយ៉ាងត្រឹមត្រូវ នោះអាចជួយយើងឲ្យរកមាគ៌ាត្រឹមត្រូវក្នុងជីវិត ហើយដើរតាមផ្លូវនោះជានិច្ច។ ដូច្នេះ យើងនឹងរៀនឲ្យដឹងថាសមត្ថភាពវិនិច្ឆ័យជាអ្វី ហើយក៏នឹងរៀនអំពីរបៀបដែលវាដំណើរការដែរ។ រួចមកយើងអាចពិចារណាអំពីចំណុចមួយចំនួនដូចតទៅនេះ: (១) តើយើងអាចអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងដូចម្ដេច? (២) ហេតុអ្វីយើងគួរគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត? ហើយ (៣) បើយើងមិនធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស តើនោះមានប្រយោជន៍អ្វីខ្លះ?
អត្ថន័យនៃសមត្ថភាពវិនិច្ឆ័យនិងរបៀបដែលវាដំណើរការ
៣. តើពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«សមត្ថភាពវិនិច្ឆ័យ»មានអត្ថន័យយ៉ាងណា? ហើយតើនេះសំដៅទៅលើសមត្ថភាពពិសេសអ្វីរបស់មនុស្ស?
៣ ក្នុងគម្ពីរ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«សមត្ថភាពវិនិច្ឆ័យ»មានន័យស្រដៀងនឹងពាក្យ«ដឹងខ្លួន»។ មនុស្សយើងខុសពីសត្វឯទៀតទាំងអស់ដែលមាននៅផែនដី ពីព្រោះព្រះបានបង្កើតយើងឲ្យមានសមត្ថភាពដឹងខ្លួន។ យើងអាចពិចារណាអំពីខ្លួនយើង រួចវិនិច្ឆ័យថាយើងបានធ្វើអ្វីខុសឬបានធ្វើអ្វីត្រូវវិញ។ សមត្ថភាពវិនិច្ឆ័យរបស់យើងគឺប្រៀបដូចជាចៅក្រមមួយដែលនៅក្នុងចិត្តយើង ហើយអាចវិនិច្ឆ័យមើលការប្រព្រឹត្ត ចិត្តគំនិត និងការសម្រេចចិត្តរបស់យើង។ សមត្ថភាពវិនិច្ឆ័យនោះអាចនាំយើងឲ្យធ្វើការសម្រេចចិត្តដ៏ល្អ ឬអាចព្រមានយើងអំពីការសម្រេចចិត្តដែលមិនល្អ។ បន្ទាប់មក វាអាចធ្វើឲ្យយើងមានអារម្មណ៍សប្បាយដោយសារយើងបានសម្រេចចិត្តត្រឹមត្រូវ ឬអាចដាក់ទោសយើងដោយធ្វើឲ្យពិបាកចិត្តខ្លាំង ពីព្រោះបានធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ។
៤, ៥. (ក) ហេតុអ្វីយើងដឹងថាអាដាមនិងអេវ៉ាមានសមត្ថភាពវិនិច្ឆ័យ? ហើយតើអ្វីបានកើតឡើងដោយសារពួកគេបំពានច្បាប់របស់ព្រះ? (ខ) តើគំរូរបស់អ្នកណាខ្លះបង្ហាញថាមនុស្សស្មោះត្រង់មុនសម័យគ្រិស្ត ធ្លាប់ប្រើសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន?
៤ តាំងពីដើមដំបូង មនុស្សជាតិបានត្រូវបង្កើតឲ្យមានសមត្ថភាពនេះ។ អាដាមនិងអេវ៉ាទាំងពីរនាក់បានបង្ហាញថាពួកគេមានសមត្ថភាពវិនិច្ឆ័យ។ នេះបានត្រូវសឲ្យឃើញដោយហេតុថាពួកគេមានអារម្មណ៍អៀនខ្មាសបន្ទាប់ពីបានប្រព្រឹត្តអំពើខុសឆ្គង។ (លោកុប្បត្តិ ៣:៧, ៨) ពិតមែនតែសមត្ថភាពវិនិច្ឆ័យបានធ្វើទុក្ខពួកគេ ប៉ុន្តែគួរឲ្យស្ដាយណាស់ថា នេះមិនអាចជួយពួកគេនៅពេលនោះបានទេ ពីព្រោះពួកគេបានបំពានច្បាប់របស់ព្រះដោយចេតនា។ ដោយធ្វើដូច្នេះ ពួកគេបានសម្រេចចិត្តប្រឆាំងព្រះយេហូវ៉ា ហើយក្លាយទៅជាសត្រូវរបស់លោក។ អាដាមនិងអេវ៉ាជាមនុស្សល្អឥតខ្ចោះ ដូច្នេះពួកគេមិនមែនប្រព្រឹត្តដោយមិនដឹងខ្លួនទេ។ ក្រោយពីបានប្រព្រឹត្តខុសហើយ ពួកគេមិនអាចត្រឡប់មកព្រះវិញបានទេ។
៥ មនុស្សជាច្រើនដែលមិនល្អឥតខ្ចោះបានប្រព្រឹត្តផ្ទុយពីអាដាមនិងអេវ៉ា គឺពួកគេបានធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន។ ជាឧទាហរណ៍ យ៉ូបដែលជាបុរសស្មោះត្រង់នឹងព្រះបាននិយាយថា៖ «ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប»។a (យ៉ូប ២៧:៦) យ៉ូបបានយកចិត្តទុកដាក់ធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់ដោយឲ្យវាដឹកនាំការប្រព្រឹត្តនិងការសម្រេចចិត្តរបស់គាត់។ ហេតុនេះគាត់អាចនិយាយដោយចិត្តរីករាយថា សមត្ថភាពវិនិច្ឆ័យរបស់គាត់មិនបានប្រកាន់ទោសគាត់ ដោយនាំឲ្យគាត់ស្ដាយក្រោយនិងមានអារម្មណ៍អៀនខ្មាសឡើយ។ ឥឡូវសូមប្រៀបធៀបយ៉ូបនិងដាវីឌ។ បន្ទាប់ពីដាវីឌបានប្រព្រឹត្តដោយឥតគោរពទៅលើសូល ជាស្តេចដែលព្រះយេហូវ៉ាបានរើសតាំង «នោះដាវីឌក៏មានសេចក្ដីឈឺចិត្តស្ដាយ»។ (សាំយូអែលទី១ ២៤:៥) ការឈឺចិត្តនោះច្បាស់ជាបានជួយដាវីឌមិនឲ្យប្រព្រឹត្តដោយឥតគោរពទៀតនៅពេលក្រោយ។
៦. តើអ្វីបង្ហាញថាសមត្ថភាពវិនិច្ឆ័យជាអំណោយមួយដែលមនុស្សជាតិទាំងឡាយបានទទួល?
៦ តើមានតែអ្នកបម្រើព្រះយេហូវ៉ាប៉ុណ្ណោះដែលបានទទួលសមត្ថភាពវិនិច្ឆ័យជាអំណោយឬ? សូមពិចារណាអំពីអ្វីដែលសាវ័កប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះថា៖ «កាលណាជនជាតិដទៃដែលមិនមានច្បាប់ នៅតែធ្វើអ្វីៗក្នុងច្បាប់ដោយសារជាលក្ខណៈធម្មជាតិរបស់ពួកគេ នោះពួកគេជាច្បាប់សម្រាប់ខ្លួនហើយ ទោះជាពួកគេមិនមានច្បាប់ក៏ដោយ។ គឺអ្នកទាំងនោះហើយដែលសឲ្យឃើញថាខ្លឹមសារនៃច្បាប់បានត្រូវចារទុកក្នុងចិត្តពួកគេ ហើយចិត្តរបស់ពួកគេក៏រួមធ្វើជាសាក្សីវិនិច្ឆ័យពួកគេដែរ រួចកាលពួកគេរិះគិតពិចារណាអំពីការនោះ គំនិតរបស់ពួកគេប្រកាន់ទោសពួកគេ ឬក៏ថាពួកគេគ្មានទោសទេ»។ (រ៉ូម ២:១៤, ១៥) សូម្បីតែមនុស្សដែលមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាសោះ ក៏ជួនកាលសមត្ថភាពវិនិច្ឆ័យរបស់ពួកគេ ជំរុញពួកគេឲ្យធ្វើតាមគោលការណ៍របស់ព្រះដែរ។
៧. ហេតុអ្វីជួនកាលសមត្ថភាពវិនិច្ឆ័យអាចនាំយើងដើរផ្លូវខុស?
៧ ក៏ប៉ុន្តែ ជួនកាលសមត្ថភាពវិនិច្ឆ័យរបស់យើងអាចនាំយើងដើរផ្លូវខុស។ ហេតុអ្វីដូច្នេះ? សូមគិតអំពីត្រីវិស័យម្ដងទៀត។ បើដាក់វានៅជិតរបស់ធ្វើពីដែក នោះអាចទាញទ្រនិចវាឲ្យចង្អុលទៅទិសផ្សេងវិញ មិនមែនចង្អុលទៅទិសខាងជើងទេ។ ម្យ៉ាងទៀត បើប្រើត្រីវិស័យតែគ្មានផែនទីត្រឹមត្រូវ នោះត្រីវិស័យមិនសូវមានប្រយោជន៍ទេ។ ស្រដៀងគ្នាដែរ បើយើងឲ្យចំណង់ចំណូលចិត្តរបស់យើងមានឥទ្ធិពលខ្លាំងពេកទៅលើសមត្ថភាពវិនិច្ឆ័យរបស់យើង នោះវាអាចនាំយើងដើរផ្លូវខុស។ ម្យ៉ាងទៀត បើប្រើសមត្ថភាពវិនិច្ឆ័យដោយមិនមានការណែនាំពីបណ្ដាំរបស់ព្រះ នោះក្នុងរឿងសំខាន់ៗជាច្រើនយើងប្រហែលជាមិនអាចដឹងថាអ្វីគឺខុសនិងអ្វីគឺត្រូវទេ។ តាមពិត ដើម្បីឲ្យសមត្ថភាពវិនិច្ឆ័យដំណើរការយ៉ាងត្រឹមត្រូវ យើងត្រូវការនូវការដឹកនាំពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ប៉ូលបានសរសេរថា៖ «ស្របតាមសកម្មពលបរិសុទ្ធ ចិត្តដែលវិនិច្ឆ័យខ្ញុំក៏រួមធ្វើជាសាក្សីជាមួយនឹងខ្ញុំ»។ (រ៉ូម ៩:១) ប៉ុន្តែ តើយើងអាចធ្វើដូចម្ដេចដើម្បីប្រាកដថាសមត្ថភាពវិនិច្ឆ័យរបស់យើងដំណើរការស្របតាមសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា? យើងត្រូវតែអប់រំវា។
របៀបអប់រំសមត្ថភាពវិនិច្ឆ័យ
៨. (ក) តើចិត្តយើងអាចមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពវិនិច្ឆ័យរបស់យើង? ហើយពេលយើងធ្វើការសម្រេចចិត្ត តើអ្វីត្រូវជាចំណុចសំខាន់បំផុត? (ខ) បើសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកម្នាក់បញ្ជាក់ថាគាត់គ្មានទោស ហេតុអ្វីនេះមិនតែងតែគ្រប់គ្រាន់ទេ? (សូមមើលកំណត់សម្គាល់)
៨ តើអ្នកធ្វើការសម្រេចចិត្តដែលផ្អែកលើសមត្ថភាពវិនិច្ឆ័យយ៉ាងដូចម្ដេច? តាមមើលទៅ មនុស្សខ្លះសម្រេចចិត្តស្របតាមអារម្មណ៍ឬគំនិតរបស់ខ្លួនប៉ុណ្ណោះ។ បន្ទាប់មក ពួកគេប្រហែលជានិយាយថា«សម្រាប់ខ្ញុំ មិនខុសអ្វីទេ»។ សេចក្ដីប៉ងប្រាថ្នារបស់ចិត្តយើងអាចមានឥទ្ធិពលខ្លាំងណាស់ រហូតដល់ទាញសមត្ថភាពវិនិច្ឆ័យឲ្យទៅតាមទៀតផង។ គម្ពីរចែងថា៖ «ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន?»។ (យេរេមា ១៧:៩) បើដូច្នេះ ពេលដែលធ្វើការសម្រេចចិត្ត យើងមិនត្រូវចាត់ទុកអ្វីដែលចិត្តយើងចង់បានជាអ្វីសំខាន់បំផុតនោះទេ។ ផ្ទុយទៅវិញ មុនបង្អស់យើងគួរពិចារណាឲ្យដឹងថា ព្រះយេហូវ៉ាពេញចិត្តឲ្យយើងសម្រេចចិត្តយ៉ាងណា។b
៩. តើការកោតខ្លាចព្រះជាអ្វី? ហើយតើការកោតខ្លាចព្រះអាចមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពវិនិច្ឆ័យរបស់យើង?
៩ បើយើងធ្វើការសម្រេចចិត្តដែលផ្អែកលើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំ នោះការសម្រេចចិត្តរបស់យើងនឹងបង្ហាញថាយើងកោតខ្លាចព្រះ មិនមែនបង្ហាញអំពីចំណង់ចំណូលចិត្តរបស់យើងទេ។ សូមគិតអំពីគំរូមួយ។ នេហេមា ដែលជាអភិបាលស្មោះត្រង់នឹងព្រះ មានសិទ្ធិទារពន្ធ ប្រាក់បំណាច់ និងអ្វីផ្សេងៗទៀតពីបណ្ដាជននៅក្រុងយេរូសាឡិម។ ក៏ប៉ុន្តែគាត់មិនបានធ្វើដូច្នោះទេ។ ហេតុអ្វី? ពីព្រោះការធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត ដោយជិះជាន់រាស្ត្ររបស់លោកជាអ្វីដែលនេហេមាស្អប់ណាស់ សូម្បីតែគិតអំពីការនោះក៏គាត់មិនចង់គិតដែរ។ នេហេមានិយាយថា៖ «ខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្ដីកោតខ្លាចដល់ព្រះ»។ (នេហេមា ៥:១៥) ការកោតខ្លាចព្រះជាការក្រែងរអែងមិនចង់ធ្វើឲ្យបិតារបស់យើងនៅស្ថានសួគ៌មិនពេញចិត្ត។ ជាការចាំបាច់ណាស់ដែលយើងកោតខ្លាចព្រះដោយស្មោះអស់ពីចិត្ត។ បើយើងធ្វើដូច្នោះ នោះនឹងជំរុញយើងឲ្យស្វែងរកការណែនាំក្នុងបណ្ដាំរបស់លោកនៅពេលដែលយើងត្រូវធ្វើការសម្រេចចិត្ត។
១០, ១១. តើគម្ពីរមានគោលការណ៍អ្វីខ្លះដែលទាក់ទងនឹងការពិសាស្រា? ហើយតើយើងអាចទទួលការណែនាំពីព្រះយ៉ាងដូចម្ដេចដើម្បីអនុវត្តតាមគោលការណ៍ទាំងនោះ?
១០ ជាឧទាហរណ៍សូមគិតអំពីការពិសាស្រា។ នេះជាការសម្រេចចិត្តមួយដែលយើងជាច្រើននាក់ត្រូវប្រឈមមុខពេលដែលជប់លៀងជាមួយនឹងអ្នកឯទៀត។ យើងត្រូវសម្រេចចិត្តថាយើងនឹងពិសាស្រាឬមិនពិសា។ មុនសម្រេចចិត្ត យើងត្រូវការចំណេះដឹង។ តើគម្ពីរមានគោលការណ៍អ្វីខ្លះដែលទាក់ទងនឹងរឿងនេះ? គម្ពីរមិនផ្ដន្ទាទោសការពិសាស្រាទេ ឲ្យតែមិនហួសប្រមាណ។ តាមពិត គម្ពីរសរសើរព្រះយេហូវ៉ាដោយសារបានផ្ដល់ស្រាជាអំណោយសម្រាប់មនុស្ស។ (ទំនុកតម្កើង ១០៤:១៤, ១៥) ក៏ប៉ុន្តែគម្ពីរផ្ដន្ទាទោសការពិសាស្រាហួសប្រមាណនិងការជប់លៀងសប្បាយឥតបើគិត។ (លូកា ២១:៣៤; រ៉ូម ១៣:១៣) ម្យ៉ាងទៀត គម្ពីររាប់បញ្ចូលការផឹកស្រាស្រវឹងក្នុងចំណោមអំពើខុសឆ្គងឯទៀតដ៏ធ្ងន់ធ្ងរដូចជា អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។c—កូរិនថូសទី១ ៦:៩, ១០
១១ គ្រិស្តសាសនិកពិតអប់រំសមត្ថភាពវិនិច្ឆ័យរបស់ខ្លួនដោយអនុវត្តតាមគោលការណ៍ទាំងនេះក្នុងជីវិតរបស់ពួកគេ។ យ៉ាងនេះ សមត្ថភាពវិនិច្ឆ័យរបស់ពួកគេអាចដាស់ស្មារតីពួកគេអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ដូច្នេះ ពេលដែលយើងប្រឈមមុខនឹងការសម្រេចចិត្តថាយើងនឹងពិសាស្រាឬមិនពិសាស្រានៅឯពិធីជប់លៀងនោះយើងសួរខ្លួនយើងនូវសំណួរដូចតទៅនេះ: ‹តើនោះជាពិធីជប់លៀងបែបណា? តើពួកគេប្រហែលជានឹងបណ្ដោយឲ្យពិធីនោះក្លាយទៅជាការជប់លៀងសប្បាយឥតបើគិតឬទេ? តើខ្ញុំមានចំណុចខ្សោយអ្វីខ្លះ? តើខ្ញុំស្រេកស្រាឬទេ? តើខ្ញុំអត់ស្រាអត់បានឬ? តើខ្ញុំពិសាស្រាដើម្បីជួយគ្រប់គ្រងអារម្មណ៍និងការប្រព្រឹត្តរបស់ខ្ញុំឬទេ? តើខ្ញុំអាចទប់ចិត្តកុំឲ្យពិសាស្រាហួសប្រមាណឬទេ?›។ កាលដែលយើងពិចារណាអំពីគោលការណ៍គម្ពីរនិងសំណួរដែលគោលការណ៍ទាំងនោះចោទឡើង ជាការល្អបើយើងអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១៣៩:២៣, ២៤) ធ្វើដូច្នេះ យើងកំពុងសុំព្រះយេហូវ៉ាដឹកនាំយើងដោយសកម្មពលរបស់លោក។ ម្យ៉ាងទៀត យើងកំពុងអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យដំណើរការសមស្របតាមគោលការណ៍របស់ព្រះ។ ក៏ប៉ុន្តែ មានកត្ដាសំខាន់មួយទៀតដែលយើងគួរពិចារណាពេលដែលធ្វើការសម្រេចចិត្ត។
ហេតុអ្វីគប្បីគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត?
សមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំតាមគម្ពីរអាចជួយអ្នកសម្រេចចិត្តថាអ្នកនឹងពិសាស្រាឬមិនពិសា
១២, ១៣. តើមានមូលហេតុអ្វីខ្លះដែលគ្រិស្តសាសនិកពិតមានសមត្ថភាពវិនិច្ឆ័យខុសគ្នា? ហើយតើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនដែលមានសមត្ថភាពវិនិច្ឆ័យខុសពីយើង?
១២ ជួនកាលអ្នកប្រហែលជាភ្ញាក់ផ្អើលពេលឃើញថាសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកពិតម្នាក់ៗគឺខុសគ្នាឆ្ងាយ។ បងប្អូនម្នាក់គិតថាការប្រព្រឹត្តឬទម្លាប់ណាមួយមិនល្អទេ រីឯបងប្អូនម្នាក់ទៀតចូលចិត្តការប្រព្រឹត្តនោះ ហើយគិតថាគ្មានមូលហេតុផ្ដន្ទាទោសទង្វើនោះឡើយ។ ជាឧទាហរណ៍ មានបងប្អូនម្នាក់ដែលចូលចិត្តពិសាស្រាបន្ដិចបន្តួចជាមួយនឹងមិត្តភក្ដិ កាលដែលជួបជុំសំណេះសំណាលគ្នាពេលល្ងាច ចំណែកបងប្អូនម្នាក់ទៀត គាត់មានអារម្មណ៍ថាទម្លាប់នោះមិនសមរម្យទេ។ ហេតុអ្វីសមត្ថភាពវិនិច្ឆ័យគឺខុសគ្នាដូច្នេះ? ហើយតើភាពខុសគ្នានោះគួរមានឥទ្ធិពលយ៉ាងណាទៅលើការសម្រេចចិត្តរបស់យើង?
១៣ មានមូលហេតុជាច្រើនដែលបងប្អូនមានសមត្ថភាពវិនិច្ឆ័យខុសគ្នា។ មូលហេតុមួយគឺបងប្អូនមានប្រវត្ដិខុសគ្នាឆ្ងាយ។ ជាឧទាហរណ៍ បងប្អូនខ្លះចាំមិនភ្លេចនូវចំណុចខ្សោយដែលពួកគេបានខំប្រឹងយកឈ្នះនៅអតីតកាល ហើយប្រហែលជាពេលខ្លះពួកគេបានចាញ់ឥទ្ធិពលនៃចំណុចខ្សោយនោះ។ (ពង្សាវតារក្សត្រទី១ ៨:៣៨, ៣៩) សមត្ថភាពវិនិច្ឆ័យរបស់ពួកគេទំនងជាឆាប់មានប្រតិកម្មពេលមានអ្វីដែលទាក់ទងនឹងការពិសាស្រា។ បើបងប្អូនបែបនេះមកផ្ទះរបស់អ្នក សមត្ថភាពវិនិច្ឆ័យរបស់គាត់ប្រហែលជាជំរុញគាត់ឲ្យបដិសេធ បើអ្នកចង់ជូនស្រាគាត់ពិសា។ តើអ្នកនឹងអាក់អន់ចិត្តឬទេ? តើអ្នកនឹងបង្ខំគាត់ឲ្យពិសាឬទេ? អ្នកមិនធ្វើដូច្នោះទេ។ ទោះជាអ្នកយល់ឬមិនយល់អំពីមូលហេតុដែលគាត់បដិសេធ ហើយទោះជាគាត់មិនចង់ប្រាប់អំពីមូលហេតុនៅពេលនោះក៏ដោយ សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿនឹងឃាត់អ្នកមិនឲ្យបង្ខំគាត់ពិសាស្រាទេ។
១៤, ១៥. តើបងប្អូនក្នុងក្រុមជំនុំនៅសតវត្សរ៍ទី១ធ្លាប់មានសមត្ថភាពវិនិច្ឆ័យខុសគ្នាចំពោះរឿងអ្វី? ហើយតើប៉ូលបានជូនយោបល់អ្វី?
១៤ នៅសតវត្សរ៍ទី១ សាវ័កប៉ូលឃើញថាសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកម្នាក់ៗគឺខុសគ្នាឆ្ងាយ។ នៅសម័យនោះ គ្រិស្តសាសនិកបានខ្វល់ចិត្តអំពីអាហារដែលមនុស្សធ្លាប់សែនរូបព្រះ។ (កូរិនថូសទី១ ១០:២៥) ក្រោយមក អាហារនោះត្រូវគេយកទៅលក់តាមផ្សារ។ សមត្ថភាពវិនិច្ឆ័យរបស់ប៉ូលពុំបានផ្ដន្ទាទោសការបរិភោគអាហារនោះទេ។ ចំពោះគាត់ រូបព្រះមិនមែនជាអ្វីទេ ក៏មិនអាចទៅជាម្ចាស់លើអាហារដែលមកពីព្រះយេហូវ៉ាដែរ ពីព្រោះតាមពិតនោះជារបស់លោក។ ប៉ុន្តែ ប៉ូលក៏យល់ដែរថា អ្នកឯទៀតមិនមានទស្សនៈដូចគាត់ចំពោះរឿងនេះឡើយ។ បងប្អូនខ្លះប្រហែលជាធ្លាប់ជឿស៊ប់ទៅលើការសែនរូបព្រះ មុនពួកគេទៅជាគ្រិស្តសាសនិក។ ចំពោះបងប្អូនទាំងនោះ អ្វីក៏ដោយដែលធ្លាប់ពាក់ព័ន្ធនឹងការសែនរូបព្រះ ជាអ្វីដែលសមត្ថភាពវិនិច្ឆ័យរបស់ពួកគេផ្ដន្ទាទោស។ តើប៉ូលបានដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច?
១៥ ប៉ូលបានសរសេរថា៖ «ក៏ប៉ុន្តែយើងដែលជាអ្នកមានជំនឿខ្លាំងគួរទ្រាំទ្រពួកអ្នកដែលមានចំណុចខ្សោយ ហើយយើងមិនត្រូវរកបំពេញចិត្តខ្លួនយើងឡើយ។ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកដែរ»។ (រ៉ូម ១៥:១, ៣) ប៉ូលបានវែកញែកថា យើងគួរគិតអំពីសេចក្ដីត្រូវការរបស់អ្នកឯទៀត ជាជាងអ្វីដែលយើងត្រូវការ ដូចគ្រិស្តបានធ្វើដែរ។ នៅពេលមួយផ្សេងទៀត ប៉ូលបានបញ្ជាក់ថាគាត់សុខចិត្តមិនបរិភោគសាច់សោះ ជាជាងធ្វើឲ្យបងប្អូនម្នាក់ជំពប់ដួល ពីព្រោះបងប្អូននោះជាចៀមជាទីស្រឡាញ់របស់គ្រិស្ត ហើយលោកបានបូជាជីវិតដើម្បីគាត់។—សូមអាន កូរិនថូសទី១ ៨:១៣; ១០:២៣, ២៤, ៣១-៣៣
១៦. ហេតុអ្វីបងប្អូនដែលមានសមត្ថភាពវិនិច្ឆ័យដែលឃាត់មិនឲ្យធ្វើអ្វីមួយ មិនគួររិះគន់អ្នកដែលមានសមត្ថភាពវិនិច្ឆ័យខុសពីពួកគេ?
១៦ ក៏ប៉ុន្តែ បងប្អូនដែលមានសមត្ថភាពវិនិច្ឆ័យដែលឃាត់មិនឲ្យធ្វើអ្វីមួយ មិនគួររិះគន់អ្នកឯទៀតដោយចង់បង្ខំមនុស្សទាំងអស់ឲ្យមានទស្សនៈដូចពួកគេ អំពីរឿងដែលត្រូវទុកឲ្យសមត្ថភាពវិនិច្ឆ័យសម្រេចនោះទេ។ (សូមអាន រ៉ូម ១៤:១០) បើនិយាយឲ្យចំទៅ យើងគួរប្រើសមត្ថភាពវិនិច្ឆ័យដើម្បីវិនិច្ឆ័យខ្លួនយើង មិនមែនប្រើជាមូលដ្ឋានដើម្បីវិនិច្ឆ័យអ្នកឯទៀតទេ។ សូមចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ»។ (ម៉ាថាយ ៧:១) បងប្អូនទាំងអស់ក្នុងក្រុមជំនុំគួរជៀសវាងពីការរករឿងអ្នកឯទៀត អំពីអ្វីដែលពួកគេត្រូវសម្រេចចិត្តតាមសមត្ថភាពវិនិច្ឆ័យរៀងខ្លួន។ ផ្ទុយទៅវិញ យើងគួររកវិធីបង្កើតឲ្យមានសេចក្ដីស្រឡាញ់និងសាមគ្គីភាព ហើយជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ មិនមែនបំផ្លាញគ្នាទេ។—រ៉ូម ១៤:១៩
តើសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសមានប្រយោជន៍អ្វីខ្លះ?
សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសជួយបង្ហាញផ្លូវដែលយើងត្រូវដើរក្នុងជីវិតប្រចាំថ្ងៃ ហើយធ្វើឲ្យមានអំណរនិងសេចក្ដីសុខសាន្តក្នុងចិត្ត
១៧. តើសមត្ថភាពវិនិច្ឆ័យរបស់មនុស្សជាច្រើនសព្វថ្ងៃនេះបានទៅជាយ៉ាងណា?
១៧ សាវ័កពេត្រុសបានសរសេរថា៖ «កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសឡើយ»។ (ពេត្រុសទី១ ៣:១៦) សមត្ថភាពវិនិច្ឆ័យដែលព្រះយេហូវ៉ាចាត់ទុកថាគ្មានទោសគឺជាពរដ៏អស្ចារ្យមួយ។ នេះខុសពីសមត្ថភាពវិនិច្ឆ័យរបស់មនុស្សជាច្រើននៅសព្វថ្ងៃនេះ។ ប៉ូលធ្លាប់រៀបរាប់អំពីអ្នកទាំងនោះថា៖ «មានសមត្ថភាពវិនិច្ឆ័យស្ពឹកដូចស្បែកដែលរលាកដោយដែកដុត»។ (ធីម៉ូថេទី១ ៤:២) សមត្ថភាពវិនិច្ឆ័យរបស់មនុស្សជាច្រើនគឺហាក់ដូចជាស្លាប់ហើយ គឺលែងព្រមាន ជំទាស់ ឬលែងធ្វើឲ្យមានអារម្មណ៍ស្ដាយនិងអៀនខ្មាសពេលដែលធ្វើខុស។ មនុស្សជាច្រើនសប្បាយចិត្តណាស់ ពេលមានសមត្ថភាពវិនិច្ឆ័យដែលមិនបន្ទោសពួកគេ។
១៨, ១៩. (ក) តើអារម្មណ៍ស្ដាយនិងអៀនខ្មាសអាចមានប្រយោជន៍អ្វី? (ខ) បើយើងធ្លាប់ធ្វើអំពើខុសឆ្គងនៅអតីតកាលតែបានប្រែចិត្តហើយ តើយើងអាចធ្វើយ៉ាងណាបើសមត្ថភាពវិនិច្ឆ័យរបស់យើងនៅតែបន្ទោសយើង?
១៨ តាមពិត ពេលដែលយើងមានអារម្មណ៍ស្ដាយ នេះអាចមកពីសមត្ថភាពវិនិច្ឆ័យរបស់យើងកំពុងបញ្ជាក់ថាយើងបានធ្វើខុស។ ពេលដែលអារម្មណ៍បែបនេះនាំឲ្យមនុស្សប្រែចិត្តក្រោយបានធ្វើអំពើខុសឆ្គង នោះសូម្បីតែអ្នកដែលបានប្រព្រឹត្តអំពើខុសធ្ងន់បំផុតក៏ដោយ ក៏អាចទទួលនូវការអភ័យទោសបានដែរ។ ជាឧទាហរណ៍ ស្តេចដាវីឌមានទោសដោយសារប្រព្រឹត្តអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរ ប៉ុន្តែមូលហេតុសំខាន់បំផុតដែលគាត់បានទទួលការអភ័យទោស គឺដោយសារគាត់បានប្រែចិត្តយ៉ាងស្មោះ។ ដាវីឌបានស្អប់អំពើខុសឆ្គងរបស់ខ្លួន ហើយបានតាំងចិត្តធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាចាប់ពីពេលនោះទៅ។ ហេតុនេះគាត់បានពិសោធឃើញដោយផ្ទាល់ខ្លួនថា ព្រះយេហូវ៉ា«ទ្រង់ល្អទ្រង់បំរុងតែនឹងអត់ទោស»។ (ទំនុកតម្កើង ៥១:១-១៩; ៨៦:៥) ប៉ុន្តែ ចុះបើយើងបានប្រែចិត្ត ហើយបានទទួលការអភ័យទោស តែនៅមានអារម្មណ៍ស្ដាយនិងអៀនខ្មាសជាខ្លាំងយូរក្រោយមកទៀត?
១៩ ជួនកាលសមត្ថភាពវិនិច្ឆ័យអាចផ្ដន្ទាទោសខ្លាំងពេក។ ក្រោយពីអារម្មណ៍ស្ដាយបានជំរុញឲ្យអ្នកដែលធ្វើខុសប្រែចិត្តហើយ នោះសមត្ថភាពវិនិច្ឆ័យនៅតែធ្វើទុក្ខអ្នកនោះតទៅទៀត ដោយនាំឲ្យគាត់នឹកស្ដាយយ៉ាងខ្លាំងអស់រយៈពេលយូរ។ ក្នុងករណីបែបនេះយើងប្រហែលជាត្រូវពង្រឹងទំនុកចិត្តខ្លួនថា ព្រះយេហូវ៉ាគឺ‹ធំជាងចិត្តរបស់មនុស្ស›និងអារម្មណ៍ទាំងអស់ដែលនៅក្នុងចិត្តពួកគេ។ យើងត្រូវព្រមទទួលនិងជឿជាក់លើសេចក្ដីស្រឡាញ់និងការអភ័យទោសពីលោក ដូចយើងលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើដែរ។ (សូមអាន យ៉ូហានទី១ ៣:១៩, ២០) ផ្ទុយទៅវិញ សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសធ្វើឲ្យយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត និងអំណរដ៏ខ្លាំង។ មនុស្សជាច្រើនដែលធ្លាប់ប្រព្រឹត្តអំពើខុសធ្ងន់មានអារម្មណ៍ដូចនោះ ព្រមទាំងធូរស្រាលក្នុងចិត្ត ហើយនៅសព្វថ្ងៃនេះពួកគេអាចបម្រើព្រះយេហូវ៉ាដោយមិនទទួលការផ្ដន្ទាទោសពីសមត្ថភាពវិនិច្ឆ័យ។—កូរិនថូសទី១ ៦:១១
២០, ២១. (ក) តើសៀវភៅនេះបានត្រូវរៀបចំឡើងក្នុងបំណងអ្វី? (ខ) ដោយសារយើងជាគ្រិស្តសាសនិក តើយើងមានសេរីភាពធ្វើអ្វី? ប៉ុន្តែតើយើងគួរប្រើសេរីភាពនេះយ៉ាងដូចម្ដេច?
២០ សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជួយអ្នកឲ្យទទួលបានអំណរដែលមកពីការមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏លំបាកនៃរបៀបរបបពិភពលោករបស់សាថាន។ សៀវភៅនេះពុំអាចពន្យល់នូវច្បាប់និងគោលការណ៍ទាំងអស់ក្នុងគម្ពីរដែលអ្នកត្រូវពិចារណានិងអនុវត្តតាមក្នុងជីវិតប្រចាំថ្ងៃបានទេ។ ម្យ៉ាងទៀត កុំសង្ឃឹមថាអ្នកនឹងបានវិន័យចំៗអំពីរឿងដែលត្រូវសម្រេចដោយសមត្ថភាពវិនិច្ឆ័យ។ សៀវភៅនេះបានត្រូវរៀបចំឡើងក្នុងបំណងជួយអ្នកឲ្យអប់រំសមត្ថភាពវិនិច្ឆ័យរបស់អ្នក ដោយសិក្សានិងអនុវត្តតាមបណ្ដាំរបស់ព្រះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ «ច្បាប់គ្រិស្ត»គឺខុសគ្នាពីច្បាប់ម៉ូសេ ពីព្រោះច្បាប់របស់គ្រិស្តលើកទឹកចិត្តអ្នកកាន់តាម ឲ្យប្រព្រឹត្តតាមសមត្ថភាពវិនិច្ឆ័យរបស់ខ្លួននិងតាមគោលការណ៍ ជាជាងវិន័យជាលាយលក្ខណ៍អក្សរ។ (កាឡាទី ៦:២) ដោយសារព្រះយេហូវ៉ាធ្វើដូច្នេះ នោះលោកឲ្យគ្រិស្តសាសនិកមានសេរីភាពច្រើនណាស់។ ប៉ុន្តែបណ្ដាំរបស់លោករំលឹកយើងថា មិនត្រូវប្រើសេរីភាពនោះ«ជាវិធីបិទបាំងអំពើអាក្រក់ឡើយ»។ (ពេត្រុសទី១ ២:១៦) ផ្ទុយទៅវិញ សេរីភាពនោះផ្ដល់ឱកាសដ៏ល្អឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។
២១ បើអ្នកអធិដ្ឋាននិងពិចារណាអំពីរបៀបល្អបំផុតដែលអ្នកអាចរស់នៅសមស្របតាមគោលការណ៍គម្ពីរ រួចធ្វើតាមការយល់ឃើញនោះ អ្នកនឹងបន្តធ្វើអ្វីដ៏ចាំបាច់មួយ ដែលអ្នកបានចាប់ផ្ដើមធ្វើពេលទើបតែស្គាល់ព្រះយេហូវ៉ា ពោលគឺ អ្នកនឹងបន្ត‹បង្វឹកបង្ហាត់សមត្ថភាពយល់ដឹង›តាមរយៈការ«ប្រើប្រាស់»។ (ហេប្រឺ ៥:១៤) សមត្ថភាពវិនិច្ឆ័យរបស់អ្នកដែលបានត្រូវអប់រំដោយប្រើគម្ពីរនឹងផ្ដល់ប្រយោជន៍ឲ្យអ្នកជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដូចត្រីវិស័យដែលជួយបង្ហាញផ្លូវអ្នកដែលធ្វើដំណើរ នោះសមត្ថភាពវិនិច្ឆ័យរបស់អ្នកនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តដែលធ្វើឲ្យគាប់ចិត្តបិតារបស់អ្នកនៅស្ថានសួគ៌។ ដោយធ្វើដូច្នេះ អ្នកប្រាកដជានឹងរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
a ទោះជាបទគម្ពីរនេះមិនប្រើពាក្យសមត្ថភាពវិនិច្ឆ័យក៏ដោយ ក៏ខនេះបង្ហាញឲ្យឃើញច្បាស់ថាពាក្យ«ចិត្ត»សំដៅទៅលើ«សមត្ថភាពវិនិច្ឆ័យ»។ បទគម្ពីរភាសាហេប្រឺច្រើនតែប្រើពាក្យ«ចិត្ត» ពេលសំដៅទៅលើសមត្ថភាពវិនិច្ឆ័យ។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«សមត្ថភាពវិនិច្ឆ័យ»មានប្រហែល៣០ដង។
b គម្ពីរបញ្ជាក់ថា បើយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស នោះមិនតែងតែគ្រប់គ្រាន់ទេ។ ជាឧទាហរណ៍ ប៉ូលធ្លាប់និយាយថា៖ «ខ្ញុំមិនឃើញថាខ្ញុំបានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ នេះមិនបញ្ជាក់ថាខ្ញុំជាមនុស្សសុចរិតទេ តែអ្នកដែលវិនិច្ឆ័យខ្ញុំគឺព្រះយេហូវ៉ា»។ (កូរិនថូសទី១ ៤:៤) សូម្បីតែមនុស្សដែលបៀតបៀនគ្រិស្តសាសនិក ដូចប៉ូលធ្លាប់ធ្វើ ក៏ប្រហែលជាធ្វើនោះដោយសមត្ថភាពវិនិច្ឆ័យមិនផ្ដន្ទាទោសដែរ ពីព្រោះពួកគេគិតថាព្រះពេញចិត្តនឹងការនោះ។ អ្វីដែលចាំបាច់គឺមិនគ្រាន់តែសមត្ថភាពវិនិច្ឆ័យរបស់យើងមិនផ្ដន្ទាទោសប៉ុណ្ណោះទេ តែព្រះក៏ត្រូវចាត់ទុកថាអ្វីដែលយើងបានធ្វើជាការត្រឹមត្រូវដែរ។—សកម្មភាព ២៣:១; ធីម៉ូថេទី២ ១:៣
c សូមកត់សម្គាល់ថាគ្រូពេទ្យជាច្រើនប្រាប់ថាមនុស្សដែលញៀនស្រាពុំអាចពិសាស្រាដោយចេះប្រមាណបានទេ។ សម្រាប់ពួកគេ «ការចេះប្រមាណ»មានន័យថាពុំអាចពិសាស្រាសោះឡើយ។