ថ្ងៃអាទិត្យ ទី២០ ខែកក្កដា
គំនិតរបស់ខ្ញុំមិនដូចគំនិតរបស់អ្នកទេ។—អេ. ៥៥:៨
បើយើងមិនទាន់ទទួលបានអ្វីដែលយើងបានសុំក្នុងការអធិដ្ឋាន យើងអាចសួរខ្លួនថា ‹តើខ្ញុំកំពុងអធិដ្ឋានអំពីអ្វីត្រឹមត្រូវឬទេ?›។ យើងច្រើនតែគិតថាយើងស្គាល់អ្វីដែលល្អបំផុតសម្រាប់ខ្លួន។ ប៉ុន្តែ យើងប្រហែលជាសុំអ្វីដែលមិនផ្ដល់ប្រយោជន៍យូរអង្វែងដល់យើងទេ។ បើយើងអធិដ្ឋានអំពីបញ្ហាណាមួយ ប្រហែលជាមានវិធីដោះស្រាយល្អជាងអ្វីដែលយើងបានសុំ។ ម្យ៉ាងទៀត សំណូមពរខ្លះរបស់យើងប្រហែលជាមិនស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាឡើយ។ (១យ៉ូន. ៥:១៤) ជាឧទាហរណ៍ សូមគិតអំពីឪពុកម្ដាយដែលបានអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យកូនរបស់ពួកគាត់នៅជាប់នឹងសេចក្ដីពិត។ នេះស្ដាប់ទៅជាសំណូមពរសមត្រឹមត្រូវ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនបង្ខំបុគ្គលណាម្នាក់ឲ្យបម្រើលោកទេ។ លោកចង់ឲ្យយើងទាំងអស់គ្នា រួមទាំងកូនៗ សម្រេចចិត្តគោរពប្រណិប័តន៍លោក។ (បច. ១០:១២, ១៣; ៣០:១៩, ២០) ដូច្នេះ ឪពុកម្ដាយអាចអធិដ្ឋានសុំព្រះយេហូវ៉ាបែបនេះវិញ គឺជួយឲ្យពួកគេមានឥទ្ធិពលទៅលើចិត្តរបស់កូនដើម្បីជំរុញចិត្តកូនឲ្យស្រឡាញ់ព្រះយេហូវ៉ានិងទៅជាមិត្តរបស់លោក។—សុភ. ២២:៦; អេភ. ៦:៤ w២៣.១១ ទំ.២១ វ.៥; ទំ.២៣ វ.១២
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា
ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក។—១ថែ. ៥:១១, «កំ.ស.»
ហេតុអ្វីការសម្រាលទុក្ខអ្នកឯទៀតគឺជារបៀបសំខាន់មួយដើម្បីបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ? តាមឯកសារយោងមួយអំពីគម្ពីរ ពាក្យដែលប៉ូលបានប្រើសម្រាប់«សម្រាលទុក្ខ»មានន័យថា«ឈរក្បែរបុគ្គលណាម្នាក់ដើម្បីលើកទឹកចិត្តគាត់ពេលគាត់ជួបទុក្ខលំបាកដ៏ធ្ងន់ធ្ងរ»។ ដូច្នេះ ដោយផ្ដល់ការសម្រាលទុក្ខ យើងជួយបងប្អូនរួមជំនឿដែលពិបាកចិត្តឲ្យក្រោកឈរឡើង ហើយបន្តដើរនៅលើផ្លូវទៅឯជីវិត។ រាល់ដងដែលយើងសម្រាលទុក្ខបងប្អូន យើងបង្ហាញគាត់ថាយើងស្រឡាញ់គាត់។ (២កូ. ៧:៦, ៧, ១៣) ការមានចិត្តអាណិតមេត្តានិងការសម្រាលទុក្ខជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ តើតាមរបៀបណា? ពេលបុគ្គលម្នាក់មានចិត្តអាណិតមេត្តាចំពោះអ្នកដែលរងទុក្ខ គាត់ចង់សម្រាលទុក្ខអ្នកនោះ ហើយធ្វើអ្វីដើម្បីជួយអ្នកនោះ។ ដូច្នេះ ដំបូងយើងមានចិត្តអាណិតមេត្តា បន្ទាប់មកយើងផ្ដល់ការសម្រាលទុក្ខ។ ប៉ូលបានពន្យល់ថាសេចក្ដីអាណិតមេត្តារបស់ព្រះយេហូវ៉ាចំពោះមនុស្សជំរុញចិត្តលោកឲ្យសម្រាលទុក្ខពួកគេ។ ប៉ូលបានរៀបរាប់អំពីព្រះយេហូវ៉ាថាជា«បិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—២កូ. ១:៣ w២៣.១១ ទំ.៩-១០ វ.៨-១០
ថ្ងៃអង្គារ ទី២២ ខែកក្កដា
ចូរយើងត្រេកអរកាលដែលមានទុក្ខវេទនា។—រ៉ូម ៥:៣
ពួកអ្នកកាន់តាមគ្រិស្តទាំងអស់អាចរំពឹងថានឹងរងទុក្ខវេទនា។ សូមគិតអំពីគំរូរបស់សាវ័កប៉ូល។ គាត់និយាយទៅកាន់បងប្អូននៅក្រុងថែស្សាឡូនិចថា៖ «ពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងធ្លាប់ប្រាប់ទុកជាមុនថា យើងត្រូវរងទុក្ខវេទនា . . . ហើយថា យើងបានរងទុក្ខវេទនាមែន»។ (១ថែ. ៣:៤) ម្យ៉ាងទៀត គាត់បានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូសថា៖ «បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីវេទនាដែលយើងបានជួបប្រទះ . . . យើងគិតថាយើងប្រហែលជានឹងបាត់បង់ជីវិត»។ (២កូ. ១:៨; ១១:២៣-២៧) គ្រិស្តសាសនិកនៅសព្វថ្ងៃនេះក៏អាចរំពឹងថានឹងជួបទុក្ខវេទនាផងដែរ។ (២ធី. ៣:១២) កាលដែលអ្នកមានជំនឿលើលោកយេស៊ូនិងកាន់តាមលោក មិត្តភក្ដិនិងសាច់ញាតិប្រហែលជាប្រព្រឹត្តមកលើអ្នកយ៉ាងសាហាវឃោរឃៅ។ តើការតាំងចិត្តប្រព្រឹត្តយ៉ាងទៀងត្រង់ក្នុងគ្រប់ការទាំងអស់ធ្វើឲ្យអ្នកមានបញ្ហានៅកន្លែងធ្វើការឬទេ? (ហេ. ១៣:១៨) តើអ្នកបានជួបការប្រឆាំងពីរដ្ឋាភិបាលដោយសារអ្នកផ្សព្វផ្សាយអំពីសេចក្ដីសង្ឃឹមរបស់អ្នកដល់អ្នកឯទៀតឬ? មិនថាយើងជួបទុក្ខវេទនាយ៉ាងណាក្ដី ប៉ូលបាននិយាយថាយើងគួរត្រេកអរ។ w២៣.១២ ទំ.១០-១១ វ.៩-១០