ថ្ងៃច័ន្ទ ទី២១ ខែកក្កដា
ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក។—១ថែ. ៥:១១, «កំ.ស.»
ហេតុអ្វីការសម្រាលទុក្ខអ្នកឯទៀតគឺជារបៀបសំខាន់មួយដើម្បីបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ? តាមឯកសារយោងមួយអំពីគម្ពីរ ពាក្យដែលប៉ូលបានប្រើសម្រាប់«សម្រាលទុក្ខ»មានន័យថា«ឈរក្បែរបុគ្គលណាម្នាក់ដើម្បីលើកទឹកចិត្តគាត់ពេលគាត់ជួបទុក្ខលំបាកដ៏ធ្ងន់ធ្ងរ»។ ដូច្នេះ ដោយផ្ដល់ការសម្រាលទុក្ខ យើងជួយបងប្អូនរួមជំនឿដែលពិបាកចិត្តឲ្យក្រោកឈរឡើង ហើយបន្តដើរនៅលើផ្លូវទៅឯជីវិត។ រាល់ដងដែលយើងសម្រាលទុក្ខបងប្អូន យើងបង្ហាញគាត់ថាយើងស្រឡាញ់គាត់។ (២កូ. ៧:៦, ៧, ១៣) ការមានចិត្តអាណិតមេត្តានិងការសម្រាលទុក្ខជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ តើតាមរបៀបណា? ពេលបុគ្គលម្នាក់មានចិត្តអាណិតមេត្តាចំពោះអ្នកដែលរងទុក្ខ គាត់ចង់សម្រាលទុក្ខអ្នកនោះ ហើយធ្វើអ្វីដើម្បីជួយអ្នកនោះ។ ដូច្នេះ ដំបូងយើងមានចិត្តអាណិតមេត្តា បន្ទាប់មកយើងផ្ដល់ការសម្រាលទុក្ខ។ ប៉ូលបានពន្យល់ថាសេចក្ដីអាណិតមេត្តារបស់ព្រះយេហូវ៉ាចំពោះមនុស្សជំរុញចិត្តលោកឲ្យសម្រាលទុក្ខពួកគេ។ ប៉ូលបានរៀបរាប់អំពីព្រះយេហូវ៉ាថាជា«បិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—២កូ. ១:៣ w២៣.១១ ទំ.៩-១០ វ.៨-១០
ថ្ងៃអង្គារ ទី២២ ខែកក្កដា
ចូរយើងត្រេកអរកាលដែលមានទុក្ខវេទនា។—រ៉ូម ៥:៣
ពួកអ្នកកាន់តាមគ្រិស្តទាំងអស់អាចរំពឹងថានឹងរងទុក្ខវេទនា។ សូមគិតអំពីគំរូរបស់សាវ័កប៉ូល។ គាត់និយាយទៅកាន់បងប្អូននៅក្រុងថែស្សាឡូនិចថា៖ «ពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងធ្លាប់ប្រាប់ទុកជាមុនថា យើងត្រូវរងទុក្ខវេទនា . . . ហើយថា យើងបានរងទុក្ខវេទនាមែន»។ (១ថែ. ៣:៤) ម្យ៉ាងទៀត គាត់បានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូសថា៖ «បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីវេទនាដែលយើងបានជួបប្រទះ . . . យើងគិតថាយើងប្រហែលជានឹងបាត់បង់ជីវិត»។ (២កូ. ១:៨; ១១:២៣-២៧) គ្រិស្តសាសនិកនៅសព្វថ្ងៃនេះក៏អាចរំពឹងថានឹងជួបទុក្ខវេទនាផងដែរ។ (២ធី. ៣:១២) កាលដែលអ្នកមានជំនឿលើលោកយេស៊ូនិងកាន់តាមលោក មិត្តភក្ដិនិងសាច់ញាតិប្រហែលជាប្រព្រឹត្តមកលើអ្នកយ៉ាងសាហាវឃោរឃៅ។ តើការតាំងចិត្តប្រព្រឹត្តយ៉ាងទៀងត្រង់ក្នុងគ្រប់ការទាំងអស់ធ្វើឲ្យអ្នកមានបញ្ហានៅកន្លែងធ្វើការឬទេ? (ហេ. ១៣:១៨) តើអ្នកបានជួបការប្រឆាំងពីរដ្ឋាភិបាលដោយសារអ្នកផ្សព្វផ្សាយអំពីសេចក្ដីសង្ឃឹមរបស់អ្នកដល់អ្នកឯទៀតឬ? មិនថាយើងជួបទុក្ខវេទនាយ៉ាងណាក្ដី ប៉ូលបាននិយាយថាយើងគួរត្រេកអរ។ w២៣.១២ ទំ.១០-១១ វ.៩-១០
ថ្ងៃពុធ ទី២៣ ខែកក្កដា
កូនទាំងពីរបាននាំឲ្យមានរឿងធំដល់ពុកហើយ។—ដក. ៣៤:៣០
យ៉ាកុបបានស៊ូទ្រាំនឹងបញ្ហាជាច្រើន។ កូនប្រុសពីរនាក់របស់យ៉ាកុបគឺស៊ីម្មាននិងលេវីបានធ្វើឲ្យក្រុមគ្រួសារអាប់ឱនកិត្តិយស និងធ្វើឲ្យគេតិះដៀលនាមរបស់ព្រះយេហូវ៉ា។ បន្ថែមទៅទៀត រ៉ាជែលប្រពន្ធជាទីស្រឡាញ់របស់យ៉ាកុបបានស្លាប់កាលដែលនាងកំពុងសម្រាលកូនទី២។ មួយវិញទៀត ដោយសារមានការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ យ៉ាកុបត្រូវរើទៅស្រុកអេហ្ស៊ីបទាំងវ័យចាស់។ (ដក. ៣៥:១៦-១៩; ៣៧:២៨; ៤៥:៩-១១, ២៨) ទោះជាយ៉ាកុបជួបបញ្ហាទាំងអស់នេះក្ដី គាត់មិនដែលបាត់បង់ជំនឿលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកទេ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានបង្ហាញយ៉ាកុបថាលោកពេញចិត្តគាត់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានឲ្យទ្រព្យសម្បត្តិជាច្រើនដល់យ៉ាកុប។ ម្យ៉ាងទៀត សូមគិតថាយ៉ាកុបច្បាស់ជាមានចិត្តកតញ្ញូខ្លាំងយ៉ាងណាចំពោះព្រះយេហូវ៉ា ពេលគាត់បានជួបជុំយ៉ូសែបម្ដងទៀតជាកូនប្រុសដែលគាត់គិតថាបានស្លាប់បាត់ជាយូរមកហើយ។ ចំណងមិត្តភាពជិតស្និទ្ធរបស់យ៉ាកុបជាមួយព្រះយេហូវ៉ាបានជួយគាត់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាករបស់គាត់។ (ដក. ៣០:៤៣; ៣២:៩, ១០; ៤៦:២៨-៣០) ពេលយើងរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា យើងក៏អាចស៊ូទ្រាំនឹងទុក្ខលំបាកដែលមិនបានរំពឹងទុកដែរ។ w២៣.០៤ ទំ.១៥ វ.៦-៧