លូកា
១៥ ឯពួកអ្នកយកពន្ធនិងពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងកំពុងចូលទៅជិតលោកឥតដាច់ ដើម្បីស្ដាប់លោក។ ២ ដូច្នេះ ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ចេះតែរអ៊ូរទាំថា៖ «បុរសនេះទទួលពួកអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏បរិភោគជាមួយនឹងពួកគេទៀតផង»។ ៣ រួចមក លោកលើកឧទាហរណ៍ប្រាប់ពួកគេថា៖ ៤ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានចៀមមួយរយក្បាល តែបាត់ចៀមមួយ តើមិនទុកចៀមកៅសិបប្រាំបួនក្បាលទៀតនៅតំបន់ស្ងាត់ជ្រងំ រួចទៅរកចៀមដែលបាត់នោះទាល់តែឃើញទេឬ? ៥ លុះរកឃើញហើយ អ្នកនោះក៏ត្រេកអរ ហើយលើកចៀម នោះដាក់នៅលើ ក។ ៦ ក្រោយពីបានត្រឡប់មកផ្ទះវិញហើយ អ្នកនោះក៏ហៅមិត្តភក្ដិនិងអ្នកជិតខាងមកជុំគ្នា ហើយប្រាប់ថា៖ ‹សូមអរសប្បាយជាមួយនឹងខ្ញុំ ពីព្រោះចៀមរបស់ខ្ញុំដែលបាត់នោះ ខ្ញុំបានរកឃើញហើយ›។ ៧ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងម្នាក់ដែលប្រែចិត្ត ខ្លាំងជាងចំពោះមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្តនោះទេ។
៨ «ចុះបើមានស្ត្រីម្នាក់ដែលមានកាក់ប្រាក់* ដប់ តែបាត់កាក់ប្រាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ រកយ៉ាងហ្មត់ចត់ទាល់តែឃើញទេឬ? ៩ លុះរកឃើញហើយ នាងហៅពួកស្ត្រីជាមិត្តភក្ដិនិងអ្នកជិតខាងរបស់នាងមកជុំគ្នា ហើយប្រាប់ពួកគេថា៖ ‹សូមអរសប្បាយជាមួយនឹងខ្ញុំ ពីព្រោះខ្ញុំបានរកឃើញកាក់ប្រាក់ដែលខ្ញុំបាត់ហើយ›។ ១០ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទេវតារបស់ព្រះមានអំណរ ពេលដែលអ្នកប្រព្រឹត្តអំពើខុសឆ្គងសូម្បីតែម្នាក់ប្រែចិត្ត»។
១១ រួចមក លោកមានប្រសាសន៍ថា៖ «មានបុរសម្នាក់ មានកូនប្រុសពីរនាក់។ ១២ ហើយកូនប្អូនសុំបុរសជាឪពុកថា៖ ‹លោកឪពុក សូមប្រគល់ទ្រព្យសម្បត្ដិដែលជាចំណែករបស់ខ្ញុំ›។ បន្ទាប់មក ឪពុកចែកទ្រព្យសម្បត្ដិឲ្យពួកគេ។ ១៣ មិនយូរក្រោយពីនោះ កូនប្អូនបានប្រមូលអ្វីៗទាំងអស់ហើយធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះគាត់បង្ហិនទ្រព្យសម្បត្ដិខ្លួនដោយប្រព្រឹត្តអំពើអបាយមុខ។ ១៤ ក្រោយពីបានចាយវាយអ្វីៗអស់ហើយ នៅស្រុកនោះកើតអត់ឃ្លានជាខ្លាំងនៅគ្រប់កន្លែង ហើយគាត់ចាប់ផ្ដើមខ្វះខាត ១៥ រួចគាត់ទៅធ្វើជាកូនឈ្នួលរបស់ពលរដ្ឋម្នាក់នៅស្រុកនោះ រួចអ្នកនោះចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅឯវាល។ ១៦ គាត់តែងតែចង់ចម្អែតក្រពះដោយចំណីជ្រូកទាំងនោះ ហើយគ្មានអ្នកណាព្រមឲ្យអ្វីដល់គាត់បរិភោគសោះ។
១៧ «ពេលដែលគាត់ភ្ញាក់ខ្លួនហើយ គាត់ប្រាប់ខ្លួនគាត់ថា៖ ‹ពួកកូនឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមាននំប៉័ងបរិបូរ តែខ្ញុំវិញ ខ្ញុំជិតស្លាប់ដោយអត់ឃ្លាននៅទីនេះ! ១៨ ខ្ញុំនឹងក្រោកឡើង ធ្វើដំណើរទៅរកឪពុកខ្ញុំហើយជម្រាបថា៖ «លោកឪពុក ខ្ញុំបានធ្វើខុសនឹងព្រះ និងលោកឪពុក។ ១៩ ខ្ញុំមិនសមនឹងហៅជាកូនរបស់លោកឪពុកទៀតទេ។ សូមឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកឪពុកវិញ»›។ ២០ ដូច្នេះ គាត់ក្រោកឡើងហើយទៅរកឪពុក។ ពេលដែលគាត់នៅឆ្ងាយនៅឡើយ ឪពុកគាត់ក្រឡេកទៅឃើញ ក៏មានចិត្តក្ដួលអាណិត រួចរត់ទៅឱបកូនហើយថើបដោយក្ដីស្រឡាញ់។ ២១ កូនប្រុសនោះជម្រាបឪពុកថា៖ ‹លោកឪពុក ខ្ញុំបានធ្វើខុសនឹងព្រះ និងលោកឪពុក។ ខ្ញុំមិនសមនឹងហៅជាកូនរបស់លោកឪពុកទៀតទេ។ សូមឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកឪពុកវិញ›។ ២២ ប៉ុន្តែឪពុកប្រាប់ពួកខ្ញុំបម្រើថា៖ ‹ចូរប្រញាប់ទៅយកអាវផាយដ៏ល្អបំផុតបំពាក់ឲ្យគាត់ រួចយកចិញ្ចៀនមួយនិងស្បែកជើងបំពាក់ឲ្យផង។ ២៣ ហើយយកគោស្ទាវដែលយើងបានបំប៉នមកកាប់។ យើងបរិភោគហើយអរសប្បាយទៅ ២៤ ព្រោះកូនប្រុសខ្ញុំនេះបានស្លាប់ តែបានរស់ឡើងវិញ ក៏បានបាត់ តែបានត្រូវរកឃើញ›។ រួចមក ពួកគេចាប់ផ្ដើមអរសប្បាយ។
២៥ «ឯកូនប្រុសបងនៅឯស្រែចម្ការ។ ពេលដែលគាត់មកជិតដល់ផ្ទះហើយ គាត់ឮការប្រគំតន្ត្រីនិងការរាំរបាំ។ ២៦ ដូច្នេះ គាត់ហៅអ្នកបម្រើម្នាក់មក ហើយសួរថាមានអ្វីកំពុងកើតឡើង។ ២៧ អ្នកបម្រើនោះប្រាប់គាត់ថា៖ ‹ប្អូនប្រុសរបស់អ្នកបានមក ហើយឪពុករបស់អ្នកបានកាប់គោស្ទាវដែលយើងបានបំប៉ន ពីព្រោះប្អូនអ្នកមកវិញដោយមានសុវត្ថិភាព›។ ២៨ ប៉ុន្តែគាត់បែរជាខឹងយ៉ាងខ្លាំង ហើយមិនព្រមចូលក្នុងទេ។ រួចមក ឪពុករបស់គាត់ចេញមកអង្វរគាត់។ ២៩ គាត់តបទៅឪពុកថា៖ ‹ខ្ញុំបានធ្វើការជូនលោកឪពុកដូចជាខ្ញុំបម្រើអស់ជាច្រើនឆ្នាំហើយ ក៏មិនដែលរំលងបញ្ញត្ដិរបស់លោកឪពុកម្ដងណាឡើយ តែលោកឪពុកមិនដែលឲ្យខ្ញុំ សូម្បីតែកូនពពែមួយ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយនឹងមិត្តភក្ដិខ្ញុំទេ។ ៣០ ក៏ប៉ុន្តែពេលកូនប្រុសរបស់លោកឪពុកនេះ ដែលបង្ហិនបង្ហោចទ្រព្យសម្បត្ដិរបស់លោកជាមួយនឹងស្រីពេស្យាមកដល់ភ្លាម នោះលោកឪពុកកាប់គោស្ទាវដែលលោកបានបំប៉នដើម្បីទទួលវា›។ ៣១ រួចមក ឪពុកតបទៅកូនថា៖ ‹កូនអើយ កូនបាននៅជាមួយនឹងឪពុករហូត ហើយអ្វីៗទាំងអស់របស់ឪពុក ក៏ជារបស់កូនដែរ។ ៣២ ប៉ុន្តែយើងត្រូវតែអរសប្បាយហើយមានចិត្តរីករាយ ពីព្រោះប្អូនរបស់កូនបានស្លាប់ តែបានរស់ឡើងវិញ ក៏បានបាត់ តែបានត្រូវរកឃើញ›»។