កូឡុស
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក* របស់គ្រិស្ត* យេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ព្រមទាំងធីម៉ូថេជាប្អូនប្រុសរបស់យើង ២ ជូនចំពោះពួកអ្នកបរិសុទ្ធនិងបងប្អូនស្មោះត្រង់ទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តនៅក្រុងកូឡុស៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះជាបិតារបស់យើង។
៣ នៅពេលដែលយើងអធិដ្ឋានឲ្យអ្នករាល់គ្នា យើងតែងតែអរគុណព្រះជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ៤ ពីព្រោះយើងបានឮអំពីជំនឿដែលអ្នករាល់គ្នាមានក្នុងគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះពួកអ្នកបរិសុទ្ធទាំងអស់ ៥ ដោយសារមានសេចក្ដីសង្ឃឹមឲ្យបានអ្វីដែលបានត្រូវបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។ អ្នករាល់គ្នាបានឮអំពីសេចក្ដីសង្ឃឹមនេះតាមរយៈការប្រកាសអំពីសេចក្ដីពិត ពោលគឺដំណឹងល្អ ៦ ដែលបានមក ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏ដុះដាលបង្កើតផលពេញពិភពលោក ដូចដែលកំពុងដុះដាលបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានស្គាល់ច្បាស់នូវការពិតអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។ ៧ នោះជាអ្វីដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសជាទីស្រឡាញ់របស់យើង ដែលជាខ្ញុំបម្រើជាមួយនឹងយើង។ គាត់ជាអ្នកបម្រើគ្រិស្តយ៉ាងស្មោះត្រង់ដើម្បីជាប្រយោជន៍ដល់យើង ៨ និងដែលរៀបរាប់ប្រាប់យើងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបណ្ដុះឲ្យមានដោយជំនួយពីសកម្មពល* របស់ព្រះ។
៩ ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮរឿងនោះ យើងបានអធិដ្ឋានឥតឈប់ឲ្យអ្នករាល់គ្នា ដោយសូមឲ្យអ្នករាល់គ្នាបានពោរពេញទៅដោយចំណេះត្រឹមត្រូវអំពីបំណងប្រាថ្នារបស់លោក ដោយមានប្រាជ្ញាសព្វគ្រប់និងការយល់ដឹងដែលសកម្មពលរបស់លោកផ្ដល់ឲ្យ ១០ យ៉ាងនោះ អ្នករាល់គ្នានឹងប្រព្រឹត្តសមនឹងព្រះយេហូវ៉ា ដើម្បីធ្វើឲ្យលោកពេញចិត្តទាំងស្រុង។ ដំណាលគ្នានោះ អ្នករាល់គ្នានឹងបន្តបង្កើតផលក្នុងគ្រប់ការល្អទាំងអស់ ព្រមទាំងមានចំណេះត្រឹមត្រូវអំពីព្រះកាន់តែច្រើនឡើងៗ ១១ ដោយទទួលកម្លាំងខ្លាំងក្លា ដោយសារឫទ្ធានុភាពរុងរឿងរបស់លោក ដើម្បីឲ្យអ្នករាល់គ្នាស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្តធ្ងន់ដោយអំណរ ១២ ដោយអរគុណបិតានៅស្ថានសួគ៌ដែលបានធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ដើម្បីមានចំណែកក្នុងមត៌ករបស់ពួកអ្នកបរិសុទ្ធដែលនៅក្នុងពន្លឺ។
១៣ លោកបានសង្គ្រោះយើងពីអំណាចនៃភាពងងឹត ហើយផ្លាស់យើងទៅនៅក្នុងរាជាណាចក្រនៃបុត្រជាទីស្រឡាញ់របស់លោក ១៤ ដោយសារលោក យើងបានត្រូវលោះ ហើយនេះមានន័យថាការខុសឆ្គង* របស់យើងបានត្រូវអភ័យទោស។ ១៥ លោកនិងព្រះដែលយើងមើលមិនឃើញ មានលក្ខណៈដូចគ្នាទាំងស្រុង។ លោកក៏ជាបុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត ១៦ ពីព្រោះអ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដីបានត្រូវបង្កើតមកតាមរយៈលោក គឺអ្វីដែលមនុស្សមើលឃើញនិងអ្វីដែលមនុស្សមើលមិនឃើញ ទោះជាបល្ល័ង្ក ការគ្រប់គ្រង រដ្ឋាភិបាល ឬអាជ្ញាធរក្ដី។ អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតតាមរយៈលោក និងសម្រាប់លោក។ ១៧ ម្យ៉ាងទៀត មានលោកមុនអ្វីៗឯទៀតទាំងអស់ ហើយតាមរយៈលោក អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតមក ១៨ ហើយលោកជាក្បាលនៃរូបកាយ ពោលគឺជាប្រមុខនៃក្រុមជំនុំ។ លោកជាទីចាប់ផ្ដើមនៃអ្វីៗទាំងអស់ ជាបុត្រច្បងនិងជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញមុនគេ ដើម្បីឲ្យលោកអាចធ្វើជាអ្នកមុនគេក្នុងគ្រប់ការទាំងអស់ ១៩ ព្រោះព្រះពេញចិត្តឲ្យអ្វីៗនៅក្នុងខ្លួនលោកបានពេញខ្នាត ២០ ហើយតាមរយៈបុត្ររបស់លោក ព្រះផ្សះផ្សាអ្វីៗឯទៀតទាំងអស់ឲ្យជានឹងលោកឡើងវិញ ទោះជាអ្វីនៅផែនដី ឬនៅស្ថានសួគ៌ក្ដី ដោយធ្វើឲ្យមានសន្ដិភាពតាមរយៈឈាមរបស់គ្រិស្តដែលបានត្រូវបង្ហូរលើបង្គោលទារុណកម្ម។*
២១ អ្នករាល់គ្នាដែលធ្លាប់នៅដាច់ឆ្ងាយពីព្រះនិងជាសត្រូវ ព្រោះមានគំនិតលម្អៀងទៅរកអំពើទុច្ចរិត ២២ ឥឡូវជាអ្នកដែលលោកបានផ្សះផ្សាឲ្យជានឹងលោកឡើងវិញ តាមរយៈរូបកាយសាច់ឈាមរបស់លោកដែលបានស្លាប់ ដើម្បីអាចនាំអ្នករាល់គ្នាមកឲ្យនៅចំពោះមុខលោក ដោយបរិសុទ្ធ ឥតសៅហ្មង និងគ្មានកន្លែងចាប់កំហុសបាន ២៣ ឲ្យតែអ្នករាល់គ្នាបន្តកាន់តាមជំនឿ ហើយត្រូវតាំងឡើងមាំមួនលើគ្រឹះ ដោយមិនឲ្យអ្នកណាធ្វើឲ្យចាកចេញពីសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានលើដំណឹងល្អដែលអ្នករាល់គ្នាបានឮ ហើយដែលបានត្រូវប្រកាសក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ។ ខ្ញុំ ប៉ូល បានទៅជាអ្នកបម្រើនៃដំណឹងល្អនេះ។
២៤ ឥឡូវខ្ញុំអរសប្បាយនឹងអ្វីដែលខ្ញុំរងទុក្ខដើម្បីអ្នករាល់គ្នា ហើយខ្ញុំចាត់ទុកថាខ្ញុំមិនទាន់រងទុក្ខពេញកម្រិតក្នុងនាមជាអវយវៈនៃរូបកាយរបស់គ្រិស្ត ពោលគឺក្រុមជំនុំ។ ២៥ ខ្ញុំបានក្លាយទៅជាអ្នកបម្រើនៃក្រុមជំនុំនេះ ស្របតាមភារកិច្ចដែលព្រះបានផ្ញើទុកនឹងខ្ញុំ ដើម្បីឲ្យខ្ញុំប្រកាសបណ្ដាំរបស់ព្រះឲ្យបានសព្វគ្រប់ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ២៦ គឺប្រកាសអាថ៌កំបាំងដ៏ពិសិដ្ឋដែលបានត្រូវលាក់ពីរបៀបរបបពិភពលោកមុនៗ និងជំនាន់មុនៗ។ ប៉ុន្តែឥឡូវនេះអាថ៌កំបាំងពិសិដ្ឋនោះបានត្រូវបើកបង្ហាញដល់ពួកអ្នកបរិសុទ្ធរបស់លោក ២៧ ដែលលោកពេញចិត្តធ្វើឲ្យដឹងអំពីទ្រព្យរុងរឿងនៃអាថ៌កំបាំងដ៏ពិសិដ្ឋនេះ ក្នុងចំណោមជនជាតិនានា។ អាថ៌កំបាំងពិសិដ្ឋនេះ គឺគ្រិស្តកំពុងរួបរួមជាមួយនឹងអ្នករាល់គ្នា ដែលមានន័យថាអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមរួមចំណែកក្នុងសិរីរុងរឿងរបស់លោក។ ២៨ យើងប្រកាសផ្សាយអំពីលោក ដោយដាស់តឿននិងបង្រៀនមនុស្សគ្រប់រូបដោយប្រាជ្ញាសព្វគ្រប់ ដើម្បីយើងអាចនាំមនុស្សគ្រប់រូបឲ្យនៅចំពោះមុខព្រះ ដោយមានភាពចាស់ទុំជាអ្នកកាន់តាមគ្រិស្ត។ ២៩ ដើម្បីធ្វើដូច្នេះ ខ្ញុំកំពុងធ្វើការយ៉ាងនឿយហត់ ខំប្រឹងព្យាយាមដោយឫទ្ធានុភាពរបស់លោកដែលកំពុងមានសកម្មភាពក្នុងខ្ញុំ។