បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ទំ. ៧២១-៧២៤
  • ៥ «បង្គោលទារុណកម្ម»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៥ «បង្គោលទារុណកម្ម»
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
៥ «បង្គោលទារុណកម្ម»

៥ ​«​បង្គោល​ទារុណកម្ម​»​

ភាសា​ក្រិច σταυρός (​ស្ដាវរ៉ុស​); ភាសា​ឡាតាំង crux (​គ្រុខ​)

​«​បង្គោល​ទារុណកម្ម​»​ នៅ​ម៉ាថាយ ២៧:៤០ បាន​ត្រូវ​ប្រើ​សម្រាប់​ប្រហារ​ជីវិត​លោក​យេស៊ូ​នៅ​ឯ​កន្លែង​ដែល​ហៅ​ថា​លលាដ៍​ក្បាល។ គ្មាន​ទី​សំ​អាង​ដែល​ថា ពាក្យ​ភាសា​ក្រិច​ស្ដាវរ៉ុស​នៅ​ទី​នេះ​សំដៅ​ទៅ​ឈើ​ឆ្កាង​ដូច​អ្នក​មិន​ជឿ​គ្រិស្ត​សាសនា​ធ្លាប់​ប្រើ​ជា​និមិត្តរូប​សាសនា រាប់​រយ​ឆ្នាំ​មុន​សម័យ​គ្រិស្ត​នោះ​ទេ។

តាម​ភាសា​ក្រិច​សម័យ​បុរាណ​ពាក្យ​ស្ដាវរ៉ុស គ្រាន់តែ​សំដៅ​ទៅ​បង្គោល​ត្រង់​ទៅ​លើ ឬ​សសរ​មួយ​ដូច​ដែល​គេ​ប្រើ​ដើម្បី​ទ្រ​គ្រឹះ។ កិរិយាសព្ទ​ស្ដាវរ៉ុអូ មាន​ន័យ​ថា​ធ្វើ​របង​បង្គោល​សម្រួច​ចុង។ អ្នក​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ បាន​សរសេរ​ជា​ភាសា​ក្រិច​សាមញ្ញ (​ខូអ៊ីណេ​) ហើយ​ប្រើ​ពាក្យ​ស្ដាវរ៉ុស​ក្នុង​ន័យ​ដូច​គ្នា​នឹង​ភាសា​ក្រិច​សម័យ​បុរាណ ពោល​គឺ បង្គោល​ធម្មតា​ដែល​គ្មាន​ឈើ​ខ្វែង​គ្នា​ទេ។ គ្មាន​ទី​សំ​អាង​ណា​ដែល​បញ្ជាក់​ផ្សេង​ពី​នោះ​ទេ។ សាវ័ក​ពេត្រុស និង​ប៉ូល​ក៏​បាន​ប្រើ​ពាក្យ​គ្ស៉ីឡន់​ដែរ ពេល​សំដៅ​ទៅ​ឧបករណ៍​សម្រាប់​ធ្វើ​ទារុណកម្ម​ដែល​គេ​បាន​យក​លោក​យេស៊ូ​ទៅ​បោះដែកគោល​ភ្ជាប់​នោះ ហើយ​នេះ​បញ្ជាក់​ថា​ឈើ​នោះ​ជា​បង្គោល​ត្រង់​ទៅ​លើ​ដោយ​គ្មាន​ឈើ​ខ្វែង​ទេ ព្រោះ​នេះ​ជា​អត្ថន័យ​ពិសេស​នៃ​ពាក្យ​គ្ស៉ីឡន់។ (​សកម្មភាព ៥:៣០; ១០:៣៩; ១៣:២៩; កាឡាទី ៣:១៣; ពេត្រុសទី១ ២:២៤​) ក្នុង​សេបធួជីន យើង​ឃើញ​ពាក្យ​គ្ស៉ីឡន់ នៅ​អែសរ៉ា ៦:១១ (​អេសត្រាសទី២ ៦:១១​) ហើយ​ខ​នោះ​ប្រើ​គ្ស៉ីឡន់​សំដៅ​ទៅ​បង្គោល​ដែល​បាន​ត្រូវ​ប្រើ​សម្រាប់​ព្យួរ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដូច​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​សកម្មភាព ៥:៣០; ១០:៣៩។

វចនានុក្រម​មួយ​បញ្ជាក់​អត្ថន័យ​ពាក្យ​ស្ដាវរ៉ុស​ថា​៖ ​«​ន័យ​សំខាន់​នៃ​ពាក្យ​ស្ដាវរ៉ុស (​σταυρός​) គឺ​បង្គោល​ឈើ​ត្រង់​ទៅ​លើ។ អ្នក​ប្រព្រឹត្ត​អាក្រក់​បាន​ត្រូវ​បោះដែកគោល​ភ្ជាប់​នឹង​បង្គោល​បែប​នេះ​ដើម្បី​ប្រហារ​ជីវិត។ តាំង​ពី​ដើម​ដំបូង គេ​មិន​ដែល​ប្រើ​នាមសព្ទ​និង​កិរិយាសព្ទ​ស្ដាវរ៉ុអូ ដែល​មាន​ន័យ​ថា ភ្ជាប់​នឹង​បង្គោល​ឈើ ដើម្បី​សំដៅ​ទៅ​ឈើ​ពីរ​ខ្វែង​គ្នា​ដូច​ដែល​គេ​ប្រើ​ក្នុង​ពិភព​គ្រិស្ត​សាសនា​ទេ។ រូប​ឈើ​ឆ្កាង​មាន​ដើម​កំណើត​នៅ​ស្រុក​ខាល់ដេ​នា​សម័យ​បុរាណ ហើយ​បាន​ត្រូវ​ប្រើ​ជា​និមិត្តរូប​នៃ​ព្រះ​ថា​មូស (​ដោយ​មាន​រាង​ដូច​អក្សរ​ថោ[​Tau​]ដែល​ជា​អក្សរ​ដំបូង​នៃ​ឈ្មោះ​របស់​ព្រះ​នោះ ហើយ​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​អក្សរ​ស័ក្ដិសិទ្ធិ​) នៅ​ប្រទេស​នោះ និង​នៅ​ប្រទេស​ជិត​ខាង​រួម​ទាំង​ប្រទេស​អេស៊ីប​ដែរ។ ដល់​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៣ គ.ស. ពិភព​គ្រិស្ត​សាសនា​បាន​បែរ​ចេញ ឬ​បាន​បំប្លែង​សេចក្ដី​បង្រៀន​ខ្លះ​នៃ​ជំនឿ​គ្រិស្ត​សាសនា។ ដើម្បី​ធ្វើ​ឲ្យ​គ្រិស្ត​សាសនា​ដែល​បាន​ក្បត់​ជំនឿ​មាន​កិត្យានុភាព អ្នក​ដែល​មិន​ជឿ​គ្រិស្ត​សាសនា​បាន​ត្រូវ​ទទួល​ចូល​ក្នុង​គ្រិស្ត​សាសនា​ដោយ​មិន​ចាំ​បាច់​ប្ដូរ​ជំនឿ​ទេ ហើយ​ពួក​គេ​ភាគ​ច្រើន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ទុក​សញ្ញា​និង​និមិត្តរូប​សាសនា​របស់​ខ្លួន។ ម្ល៉ោះ​ហើយ អក្សរ​ថោ​(​Tau​) ឬ​អក្សរ​ធី​(​T​) ដែល​មាន​គំនូស​ទទឹង​នៅ​ពាក់​កណ្ដាល​វិញ តាម​របៀប​ដែល​គេ​សរសេរ​ច្រើន​ជាង​គេ បាន​ត្រូវ​យក​មក​ប្រើ​ជា​តំណាង​ឈើ​ឆ្កាង​របស់​គ្រិស្ត​»​ (​An Expository Dictionary of New Testament Words (1966 reprint), Vol.I, p.256​)។

វចនានុក្រម​ភាសាឡាតាំង និពន្ធ​ដោយ​លូអ៊ីស​និង​ហ៊្ស៊ត បាន​បក​ស្រាយ​អត្ថន័យ​នៃ​ពាក្យ​គ្រុខ​ថា​៖ ​«​ដើម​ឈើ ឈើ ឬ​ឧបករណ៍​ផ្សេង​ទៀត​ដែល​ធ្វើ​ពី​ឈើ សម្រាប់​ប្រហារ​ជីវិត ដែល​គេ​ប្រើ​ដើម្បី​ព្យួរ​ឧក្រិដ្ឋជន​»។ ដូច្នេះ នៅ​ដើម​ដំបូង ពាក្យ​គ្រុខ​មិន​មាន​ន័យ​ថា​«​ឈើ​ឆ្កាង​»​នោះ​ទេ។ តាម​ភាសា​ឡាតាំង​គ្រុខ​សិម​ផ្លេច​សំដៅ​ទៅ​បង្គោល​ត្រង់​មួយ​សម្រាប់​ព្យួរ​ឧក្រិដ្ឋជន។ ឧបករណ៍​ទារុណកម្ម​បែប​នេះ​បាន​ត្រូវ​បង្ហាញ​ក្នុង​សៀវភៅ​ដែល​និពន្ធ​ដោយ​យូស្ទូស លិភសៀស (​ឆ្នាំ​១៥៤៧​-​ឆ្នាំ​១៦០៦​)។ យើង​បាន​ដាក់​រូប​នោះ​នៅ​ទី​នេះ (​De cruce libri tres, Antwerp, 1629, p. 19​)។

សៀវភៅ​មួយ​បញ្ជាក់​ថា​៖ ​«​មិន​មាន​ដើម​ឈើ​នៅ​គ្រប់​កន្លែង​ដែល​គេ​ជ្រើស​រើស​សម្រាប់​ការ​ប្រហារ​ជីវិត​ជា​សាធារណៈ​ទេ។ ដូច្នេះ គេ​ធ្លាប់​បោះ​បង្គោល​មួយ​ក្នុង​ដី រួច​បាន​ទាញ​ដៃ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើង​លើ ហើយ​ដៃ​និង​ជួនកាល​ជើង​របស់​អ្នក​នោះ​បាន​ត្រូវ​ចង​ភ្ជាប់​ទៅ​លើ​បង្គោល​នោះ​ឬ​បោះ​ដែក​គោល​ភ្ជាប់​ទៅ​លើ​បង្គោល​នោះ​»។ ក្រោយ​ពី​បាន​បញ្ជាក់​ទី​សំ​អាង​ជា​ច្រើន អ្នក​និពន្ធ​បាន​បញ្ចប់​សេចក្ដី នៅ​ទំព័រ ២១៩, ២២០ ​ថា​៖ ​«​លោក​យេស៊ូ​បាន​ស្លាប់​លើ​បង្គោល​មរណៈ​ដ៏​សាមញ្ញ​មួយ​៖ យើង​និយាយ​ដូច្នេះ ដោយ​ផ្អែក​លើ: (​ក​) ទំនៀម​ទម្លាប់​ប្រហារ​ជីវិត​នៅ​បូព៌ា​ប្រទេស​នា​សម័យ​នោះ (​ខ​) អ្វី​ដែល​ប្រវត្ដិ​សាស្ត្រ​បញ្ជាក់​អំពី​ការ​រង​ទុក្ខ​របស់​លោក​យេស៊ូ ហើយ (​គ​) សម្ដី​ជា​ច្រើន​របស់​ពួក​មេ​ដឹក​នាំ​គ្រិស្ត​សាសនា​នៅ​សម័យ​ដើម​»​ (​Das Kreuz und die Kreuzigung by Hermann Fulda, Breslau, 1878, p. 109​)។

ក្នុង​សៀវភៅ​មួយ​ដែល​និពន្ធ​ដោយ​ប៉ូល វិលហេល្ម ស្មីត ជា​សាស្ដ្រាចារ្យ​នៅ​សកលវិទ្យាល័យ​បាសិល គាត់​បាន​ស្រាវជ្រាវ​ពាក្យ​ស្ដាវរ៉ុស​យ៉ាង​ល្អិត​ល្អន់។ នៅ​ទំព័រ​៣៨៦ គាត់​បាន​សរសេរ​ថា​៖ ​«​σταυρός [​ស្ដាវរ៉ុស​]សំដៅ​ទៅ​គ្រប់​ទាំង​បង្គោល​ត្រង់​ទៅ​លើ ឬ​ដើម​ឈើ​»។ នៅ​ទំព័រ​៣៨៧​-​៣៨៩​គាត់​សរសេរ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លោក​យេស៊ូ​ថា​៖ ​«​យោង​ទៅ​តាម​កំណត់​ហេតុ​សៀវភៅ​ដំណឹង​ល្អ ក្រៅ​ពី​ការ​វាយ​វាត់​នឹង​រំពាត់​ខ្សែតី ជន​ជាតិ​រ៉ូម​ព្យួរ​លោក​យេស៊ូ​តាម​របៀប​សាមញ្ញ​បំផុត ពោល​គឺ​ព្យួរ​លោក​នឹង​បង្គោល​ឈើ​ដោយ​គ្មាន​សម្លៀក​បំពាក់ ជា​បង្គោល​ដែល​គេ​ឲ្យ​លោក​យេស៊ូ​លី ឬ​អូស​ទៅ​កន្លែង​ប្រហារ​ជីវិត​ដើម្បី​ធ្វើ​ទណ្ឌកម្ម​លោក​កាន់​តែ​ខ្លាំង​ឡើង​តាម​របៀប​គួរ​ឲ្យ​អាម៉ាស់​មុខ។ . . . ដោយ​សារ​គេ​ធ្លាប់​ប្រហារ​ជីវិត​មនុស្ស​ទាំង​ហ្វូង​ៗ គេ​អាច​ប្រហារ​ជីវិត​មនុស្ស​ដោយ​របៀប​សាមញ្ញ ស្រួល​ធ្វើ​ប៉ុណ្ណោះ ដូច​ជា​ការ​ប្រហារ​ជីវិត​មនុស្ស​មួយ​ដង​២.០០០​នាក់​ដោយ​វ៉ារឹស (Jos. Ant. XVII 10. 10) ដោយ​ក្វាដ្រាតឹស (Jewish Wars II 12. 6) ដោយ​ភេលីច​ជា​ប្រមុខ​ខេត្ត (Jewish Wars II 15. 2 [13.2]) ដោយ​ទីតុស (Jewish Wars VII. 1 [V 11.1])​»​ (​Die Geschichte Jesu (The History of Jesus), Vol. 2, Tübingen and Leipzig, 1904, pp. 386-394​)។

ដូច្នេះ គ្មាន​ទី​សំ​អាង​សោះ​ដែល​ថា​លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​ព្យួរ​លើ​ឈើ​ពីរ​ខ្វែង​គ្នា។ យើង​មិន​ចង់​បន្ថែម​អ្វី​ក្នុង​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ ដោយ​ដាក់​បញ្ចូល​គំនិត​អំពី​ឈើ​ឆ្កាង​ដែល​មក​ពី​អ្នក​មិន​ជឿ​គ្រិស្ត​សាសនា​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បក​ប្រែ​ពាក្យ​ស្ដាវរ៉ុស​និង​គ្ស៉ីឡន់​តាម​ន័យ​ដើម​របស់​ពាក្យ​នោះ។ ដោយ​សារ​លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​ស្ដាវរ៉ុស​ជា​តំណាង​ការ​រង​ទុក្ខ​លំបាក​និង​ការ​អាម៉ាស់​មុខ ឬ​ទារុណកម្ម​ដែល​ពួក​អ្នក​កាន់​តាម​លោក​នឹង​ទទួល (​ម៉ាថាយ ១៦:២៤​) យើង​បាន​បក​ប្រែ​ស្ដាវរ៉ុស​ជា​«​បង្គោល​ទារុណកម្ម​»​ ដើម្បី​ឲ្យ​ឃើញ​ថា​ខុស​ពី​ពាក្យ​គ្ស៉ីឡន់​ដែល​យើង​បាន​បក​ប្រែ​ថា​«​បង្គោល​»។

[​រូបភាព​នៅ​ទំព័រ​៧២៣​]

រូបភាព​ដែល​បង្ហាញ​គ្រុខ​សិម​ផ្លេច

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក