កូឡុស
៣ ក៏ប៉ុន្តែប្រសិនបើអ្នកបានត្រូវប្រោសឲ្យរស់ឡើងវិញជាមួយនឹងគ្រិស្ត ចូរបន្តស្វែងរកអ្វីដែលនៅស្ថានលើ ជាកន្លែងដែលគ្រិស្តអង្គុយនៅខាងស្ដាំព្រះ។ ២ ចូរផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ។ ៣ ព្រោះអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាបានត្រូវលាក់ទុកជាមួយនឹងគ្រិស្ត ស្របតាមបំណងប្រាថ្នារបស់ព្រះ។ ៤ កាលគ្រិស្តដែលជាជីវិតរបស់យើងត្រូវសម្ដែងឲ្យឃើញ នោះអ្នករាល់គ្នាក៏នឹងត្រូវសម្ដែងឲ្យឃើញជាមួយនឹងលោកដែរ ដោយមានសិរីរុងរឿង។
៥ ដូច្នេះ ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយ* របស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក តម្រេក សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការច្រណែនចង់បានរបស់អ្នកដទៃ ដែលទុកដូចជាការគោរពបូជារូបព្រះ។ ៦ ដោយសារការទាំងនោះ កំហឹងរបស់ព្រះនឹងមក។ ៧ អ្នករាល់គ្នាក៏ធ្លាប់ប្រព្រឹត្តអំពើទាំងនោះជាទម្លាប់ដែរ។ ៨ ប៉ុន្តែឥឡូវ ចូរអ្នករាល់គ្នាលះចោលការទាំងអស់នោះទាំងស្រុង គឺកំហឹង អំពើអាក្រក់ និងពាក្យប្រមាថមើលងាយ ហើយពាក្យអាសអាភាសមិនត្រូវចេញពីមាត់អ្នករាល់គ្នាឡើយ។ ៩ កុំកុហកគ្នាឡើយ។ ចូរដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា ១០ រួចបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលកំពុងត្រូវកែប្រែឲ្យថ្មីឡើងតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ ១១ ដែលគ្មានជនជាតិក្រិច ឬជនជាតិយូដា គ្មានការកាត់ចុងស្បែក* ឬមិនកាត់ចុងស្បែក គ្មានជនបរទេស ជនជាតិស៊ិទា ខ្ញុំបម្រើ ឬអ្នកមានសេរីភាពឡើយ ប៉ុន្តែគ្រិស្តគឺជាអ្វីៗទាំងអស់ ហើយនៅក្នុងអ្វីៗទាំងអស់។
១២ ម្ល៉ោះហើយ ក្នុងនាមជាអ្នកដែលព្រះបានជ្រើសរើស ជាអ្នកបរិសុទ្ធនិងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់។ ១៣ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ។ ១៤ ប៉ុន្តែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ។
១៥ ម្យ៉ាងទៀត ចូរឲ្យសេចក្ដីសុខសាន្តរបស់គ្រិស្តគ្រប់គ្រងចិត្តអ្នករាល់គ្នា ព្រោះតាមការពិត អ្នករាល់គ្នាបានត្រូវហៅដើម្បីមានសេចក្ដីសុខសាន្តបែបនេះ ដើម្បីធ្វើជារូបកាយតែមួយ។ ហើយចូរបង្ហាញអំណរគុណ។ ១៦ ចូរឲ្យបណ្ដាំរបស់គ្រិស្តស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាសព្វគ្រប់។ ចូរបន្តបង្រៀននិងដាស់តឿនគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ដ៏ពីរោះ ហើយដោយច្រៀងជូនព្រះយេហូវ៉ាក្នុងចិត្ត។ ១៧ ហើយទោះជាអ្នករាល់គ្នាធ្វើឬនិយាយអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ក្នុងនាមលោកម្ចាស់យេស៊ូ ដោយអរគុណព្រះជាបិតាតាមរយៈលោក។
១៨ ប្រពន្ធទាំងឡាយអើយ ចូរចុះចូលនឹងប្ដី ព្រោះធ្វើបែបនេះគឺសមរម្យសម្រាប់អ្នកកាន់តាមលោកម្ចាស់។ ១៩ ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជានិច្ច ហើយកុំក្រេវក្រោធនឹងនាង។ ២០ កូនរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត។ ២១ ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនខឹង ព្រោះធ្វើដូច្នេះនាំឲ្យកូនធ្លាក់ទឹកចិត្ត។ ២២ ខ្ញុំបម្រើទាំងឡាយអើយ ចូរស្ដាប់បង្គាប់ពួកអ្នកដែលជាម្ចាស់របស់អ្នករាល់គ្នានៅផែនដី មិនគ្រាន់តែពេលដែលពួកគេឃើញប៉ុណ្ណោះ ដូចអ្នកដែលចង់ផ្គាប់ចិត្តមនុស្ស ប៉ុន្តែដោយចិត្តស្មោះ និងដោយកោតខ្លាចព្រះយេហូវ៉ា។ ២៣ ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា មិនមែនដើម្បីមនុស្សទេ ២៤ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នានឹងទទួលមត៌កពីព្រះយេហូវ៉ាជារង្វាន់។ ចូរខំប្រឹងធ្វើការដូចជាខ្ញុំបម្រើដើម្បីលោកម្ចាស់ គឺគ្រិស្ត។ ២៥ អ្នកណាដែលធ្វើខុសពិតជានឹងទទួលផលតាមកំហុសរបស់អ្នកនោះ ព្រោះព្រះមិនចេះលម្អៀងទេ។