ការបើកបង្ហាញ
១៤ ហើយមើល! ខ្ញុំឃើញកូនចៀមកំពុងឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមួយសែនបួនម៉ឺនបួនពាន់នាក់ឈរជាមួយនឹងលោកដែរ ហើយនាមរបស់លោកនិងនាមរបស់បិតាលោកបានត្រូវសរសេរនៅលើថ្ងាសពួកគេ។ ២ រួចមក ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃ* ដូចសន្ធឹកទឹកហូរ និងដូចសំឡេងផ្គរលាន់យ៉ាងខ្លាំង ឯសំឡេងដែលខ្ញុំឮ គឺដូចសំឡេងអ្នកចម្រៀងដែលកំពុងច្រៀងផងដេញពិណបន្ទរតាមផង។ ៣ ពួកគេកំពុងច្រៀងចម្រៀងដែលហាក់ដូចជាចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខចេរូប៊ីនទាំងបួន និងនៅមុខពួកអ្នកចាស់ទុំ ហើយគ្មានអ្នកណាអាចច្រៀងចម្រៀងនោះបានស្ទាត់ឡើយ ក្រៅពីមួយសែនបួនម៉ឺនបួនពាន់នាក់ដែលបានត្រូវទិញពីផែនដី។ ៤ អ្នកទាំងនោះជាអ្នកដែលបានរក្សាខ្លួនឲ្យស្អាតបរិសុទ្ធ ដោយមិនរួមដំណេកជាមួយនឹងស្ត្រីឡើយ តាមពិត ពួកគេគឺដូចក្រមុំបរិសុទ្ធ។ ពួកគេដើរតាមកូនចៀមជាប់ ទោះជាលោកទៅកន្លែងណាក៏ដោយ។ ពួកគេបានត្រូវទិញពីចំណោមមនុស្សជាតិ ទុកជាផលដំបូងជូនព្រះនិងកូនចៀម ៥ គ្មានពាក្យភូតភរណាក្នុងមាត់ពួកគេឡើយ ពួកគេឥតខ្ចោះ។
៦ រួចមក ខ្ញុំឃើញទេវតាមួយទៀតដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍ ជាដំណឹងដែលនាំឲ្យរីករាយសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី និងដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍ ៧ គាត់បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងធ្វើការវិនិច្ឆ័យបានមកដល់ហើយ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃនិងផែនដី សមុទ្រ និងរន្ធទឹកទាំងឡាយ»។
៨ ទេវតាមួយទៀតបានមកតាមក្រោយ គឺទេវតាទីពីរ ហើយប្រាប់ថា៖ «ក្រុងនោះបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លាបានរលំហើយ! គឺក្រុងដែលបានធ្វើឲ្យប្រជាជាតិទាំងអស់ផឹកស្រានៃកំហឹង នៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរបស់ក្រុងនោះ!»។
៩ ហើយមានទេវតាមួយទៀតមកតាមក្រោយ គឺទេវតាទីបី។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប្រសិនបើអ្នកណាគោរពប្រណិប័តន៍សត្វសាហាវនិងរូបរបស់វា ព្រមទាំងទទួលសញ្ញានៅលើថ្ងាសឬនៅលើដៃ ១០ អ្នកនោះនឹងផឹកស្រានៃកំហឹងរបស់ព្រះដែលនឹងត្រូវចាក់ដោយឥតលាយទៅក្នុងពែងនៃសេចក្ដីក្រោធរបស់លោក ហើយអ្នកនោះនឹងទទួលទារុណកម្មដោយភ្លើងនិងស្ពាន់ធ័រ ក្រោមក្រសែភ្នែករបស់បណ្ដាទេវតាបរិសុទ្ធនិងកូនចៀម។ ១១ ឯផ្សែងដែលចេញពីទារុណកម្មរបស់អ្នកទាំងនោះហុយឡើងជានិរន្តរ៍ ហើយពួកគេទទួលទារុណកម្មទាំងយប់ទាំងថ្ងៃឥតស្រាកស្រាន្ត គឺអស់អ្នកដែលគោរពប្រណិប័តន៍សត្វសាហាវនិងរូបរបស់វា និងអ្នកណាដែលទទួលសញ្ញាសម្គាល់ពីឈ្មោះរបស់វា។ ១២ ការនោះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំ គឺអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងកាន់ខ្ជាប់តាមជំនឿលោកយេស៊ូ»។
១៣ បន្ទាប់មក ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃថា៖ «ចូរសរសេរដូចតទៅនេះថា៖ ចាប់ពីពេលនេះទៅ អ្នកណាដែលស្លាប់ដោយរួបរួមជាមួយនឹងលោកម្ចាស់ អ្នកនោះមានសុភមង្គលហើយ។ សកម្មពល* ប្រាប់ថា ចូរឲ្យពួកគេសម្រាកពីការនឿយហត់របស់ពួកគេ ពីព្រោះអ្វីៗដែលពួកគេបានធ្វើក៏ទៅជាមួយនឹងពួកគេដែរ»។
១៤ ហើយមើល! ខ្ញុំឃើញពពកសមួយ ហើយនៅលើពពកនោះមានអ្នកអង្គុយដែលមើលទៅដូចជាកូនមនុស្ស ហើយលោកមានមកុដមាសលើក្បាលនិងកាន់កណ្ដៀវមុតមួយនៅដៃ។
១៥ រួចមក ទេវតាមួយទៀតបានចេញពីបន្ទប់បរិសុទ្ធនៅវិហារ ដោយបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់លោកដែលអង្គុយលើពពកថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវទៅច្រូតចុះ ពីព្រោះគ្រាដែលត្រូវច្រូតបានមកដល់ ដោយសារចម្រូតនៅផែនដីគឺទុំអស់ហើយ»។ ១៦ លោកដែលអង្គុយលើពពកបានលូកដៃដែលកាន់កណ្ដៀវទៅច្រូតចម្រូតនៅផែនដី។
១៧ ទេវតាមួយទៀតក៏ចេញពីបន្ទប់បរិសុទ្ធនៅវិហារដែលនៅស្ថានសួគ៌ ដោយកាន់កណ្ដៀវមុតមួយដែរ។
១៨ រួចទេវតាមួយទៀតបានចេញពីទីបូជា ហើយគាត់មានអំណាចលើភ្លើង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់អ្នកដែលកាន់កណ្ដៀវមុតនោះថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវមុតនោះទៅច្រូតចង្កោមទំពាំងបាយជូរពីវល្លិទំពាំងបាយជូរនៃផែនដីចុះ ពីព្រោះទំពាំងបាយជូរទាំងនោះទុំហើយ»។ ១៩ ហើយទេវតានោះក៏លូកដៃដែលកាន់កណ្ដៀវទៅផែនដីច្រូតវល្លិទំពាំងបាយជូរនៃផែនដី រួចបោះទៅក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ដែលជាតំណាងកំហឹងរបស់ព្រះ។ ២០ ហើយទំពាំងបាយជូរទាំងនោះបានត្រូវជាន់នៅខាងក្រៅក្រុង ហើយឈាមបានចេញពីអាងនោះឡើងខ្ពស់ដល់បង្ហៀរសេះ ចម្ងាយមួយពាន់ប្រាំមួយរយស្ដាដ។*