ម៉ាថាយ
១០ ដូច្នេះ លោកបានហៅអ្នកកាន់តាមទាំងដប់ពីរនាក់មកឯលោក រួចបានប្រគល់អំណាចឲ្យពួកគាត់បណ្ដេញពួកវិញ្ញាណ* អសោច ហើយធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង។
២ សាវ័ក* ទាំងដប់ពីរនាក់មានឈ្មោះដូចតទៅនេះ៖ មុនដំបូងមានស៊ីម៉ូនដែលហៅថាពេត្រុស* ហើយអនទ្រេជាប្អូនរបស់គាត់ ក៏មានយ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ហើយអ្នកទាំងពីរជាកូនរបស់សេបេដេ។ ៣ មានភីលីព បាថូឡូម៉េ* ថូម៉ាស់ ម៉ាថាយ* ដែលជាអ្នកយកពន្ធ យ៉ាកុបដែលជាកូនអាល់ផៀស ថាដេ* ៤ ស៊ីម៉ូនកាណានាន* និងយ៉ូដាសអ៊ីស្ការីយ៉ុតដែលក្រោយមកក្បត់លោកយេស៊ូ។
៥ លោកយេស៊ូបានចាត់អ្នកទាំងដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ថា៖ «កុំទៅតំបន់របស់ជនជាតិដទៃ ឬចូលទៅក្នុងក្រុងរបស់ជនជាតិសាម៉ារីឡើយ។ ៦ ក៏ប៉ុន្តែ ចូរទៅឯចៀមវង្វេងបាត់ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ៧ កាលដែលអ្នករាល់គ្នាធ្វើដំណើរទៅ ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›។ ៨ ចូរធ្វើឲ្យអ្នកឈឺជាសះស្បើយ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកកើតជំងឺឃ្លង់ជាស្អាត ហើយបណ្ដេញវិញ្ញាណកំណាច។ អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ។ ៩ កុំរកមាស ប្រាក់ ឬស្ពាន់សម្រាប់ដាក់ក្នុងថង់សៀតចង្កេះ ១០ ឬថង់យាមសម្រាប់ពេលធ្វើដំណើរ ឬសម្លៀកបំពាក់ក្នុងពីរបន្លាស់ ឬក៏ស្បែកជើង ឬក៏ដំបង ពីព្រោះកម្មករគឺសមនឹងទទួលអាហារ។
១១ «ពេលដែលអ្នករាល់គ្នាចូលក្នុងក្រុងឬភូមិណាមួយ ចូរស្វែងរកអ្នកណាដែលសមនឹងទទួលអ្នកជាភ្ញៀវ រួចចូរនៅជាមួយនឹងអ្នកនោះ រហូតដល់អ្នកចេញពីទីនោះ។ ១២ ពេលដែលអ្នកចូលទៅក្នុងផ្ទះណាមួយ ចូរជម្រាបសួរអ្នកផ្ទះនោះ ហើយជូនពរឲ្យពួកគេបានប្រកបដោយសេចក្ដីសុខ។ ១៣ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខ ចូរឲ្យសេចក្ដីសុខកើតមានដល់អ្នកផ្ទះនោះដូចអ្នកបានជូនពរចុះ។ ប៉ុន្តែ បើអ្នកផ្ទះនោះមិនសមនឹងទទួលទេ ចូរឲ្យសេចក្ដីសុខដែលអ្នកបានជូនពរវិលមកឯអ្នករាល់គ្នាវិញ។ ១៤ នៅកន្លែងណាដែលមនុស្សមិនទទួលស្វាគមន៍អ្នករាល់គ្នាឬស្ដាប់ពាក្យរបស់អ្នកទេ ចូររលាស់ធូលីដីពីជើងអ្នកចេញ ពេលដែលចេញពីផ្ទះឬក្រុងនោះ។ ១៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនិងក្រុងកូម៉ូរ៉ានឹងទទួលទោសស្រាលជាងក្រុងនោះ។
១៦ «មើល! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យសត្វចៀមទៅកណ្ដាលហ្វូងឆ្កែចចក។ ដូច្នេះ ចូរប្រុងប្រយ័ត្នដូចសត្វពស់ តែមានចិត្តស្លូតត្រង់ដូចសត្វព្រាប។ ១៧ ចូរប្រុងប្រយ័ត្ននឹងមនុស្ស ពីព្រោះពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ ក៏នឹងវាយអ្នកនឹងរំពាត់ខ្សែតីនៅក្នុងសាលាប្រជុំដែរ។ ១៨ អ្នករាល់គ្នានឹងត្រូវគេបង្ខំឲ្យទៅឯពួកអភិបាលនិងស្តេច ដោយសារអ្នកកាន់តាមខ្ញុំ។ នោះអ្នកនឹងអាចធ្វើជាសាក្សីអំពីខ្ញុំនៅចំពោះពួកគេនិងជនជាតិដទៃ។ ១៩ ក៏ប៉ុន្តែ ពេលដែលពួកគេបញ្ជូនអ្នកទៅ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វីឬនិយាយយ៉ាងណានោះឡើយ ពីព្រោះអ្នកនឹងដឹងនូវអ្វីៗដែលត្រូវនិយាយនៅពេលនោះឯង ២០ ព្រោះមិនមែនតែអ្នកទេដែលនិយាយ តែគឺជាសកម្មពល* នៃបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ ដែលនិយាយតាមរយៈអ្នក។ ២១ ម្យ៉ាងទៀត បងប្អូននឹងបញ្ជូនបងប្អូនខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងប្រឆាំងឪពុកម្ដាយថែមទាំងឲ្យគេសម្លាប់ដែរ ២២ ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ។ ២៣ កាលណាគេបៀតបៀនអ្នកនៅក្រុងមួយ ចូររត់ទៅក្រុងមួយទៀត ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអ្នករាល់គ្នាបានទៅដល់គ្រប់ក្រុងគ្រប់ភូមិនៅស្រុកអ៊ីស្រាអែល នោះកូនមនុស្សនឹងមកដល់។
២៤ «សិស្សមិនធំជាងគ្រូឡើយ ហើយខ្ញុំបម្រើក៏មិនធំជាងម្ចាស់ដែរ។ ២៥ បើសិស្សបានស្មើនឹងគ្រូ ហើយខ្ញុំបម្រើបានស្មើនឹងម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើមនុស្សបានហៅម្ចាស់ផ្ទះថាបេលសេប៊ូល* នោះពួកគេប្រាកដជានឹងហៅពួកអ្នកផ្ទះនោះដូចគ្នា! ២៦ ដូច្នេះ កុំខ្លាចពួកគេឡើយ ព្រោះគ្រប់រឿងលាក់កំបាំងនឹងត្រូវបើកឲ្យឃើញ ហើយគ្រប់រឿងសម្ងាត់នឹងត្រូវបើកឲ្យដឹង។ ២៧ អ្វីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺវិញ ហើយអ្វីដែលអ្នកឮខ្ញុំខ្សឹប ចូរយកទៅប្រកាសប្រាប់ពីលើដំបូលផ្ទះ។ ២៨ កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែមិនអាចសម្លាប់ព្រលឹង* បាននោះឡើយ។ តែត្រូវខ្លាចលោកដែលអាចធ្វើឲ្យវិនាសទាំងរូបកាយទាំងព្រលឹង* នៅក្នុងជ្រលងភ្នំហ៊ីណុំ* វិញ។ ២៩ គេលក់ចាបពូកពីរក្បាលថ្លៃមួយសេន* មែនទេ? ប៉ុន្តែ គ្មានចាបណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ។ ៣០ សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ ៣១ ដូច្នេះ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត។
៣២ «ម្ល៉ោះហើយ អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះនៅមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ដែរ។ ៣៣ ប៉ុន្តែ អ្នកណាដែលបដិសេធ មិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងបដិសេធ មិនទទួលស្គាល់អ្នកនោះនៅមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ដែរ។ ៣៤ កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្ដិភាពមកឯផែនដីឡើយ។ ខ្ញុំបានមកដើម្បីនាំឲ្យមានទំនាស់* មិនមែនដើម្បីនាំឲ្យមានសន្ដិភាពទេ។ ៣៥ ព្រោះខ្ញុំបានមកដើម្បីនាំឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន កូនស្រីទាស់នឹងម្ដាយខ្លួន ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក។ ៣៦ ដូច្នេះ សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ។ ៣៧ អ្នកណាដែលស្រឡាញ់ឪពុកឬម្ដាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីជាងស្រឡាញ់ខ្ញុំ អ្នកនោះក៏មិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំដែរ។ ៣៨ អ្នកណាដែលមិនព្រមលីបង្គោលទារុណកម្ម* របស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ។ ៣៩ អ្នកដែលរក្សាជីវិត* ខ្លួន អ្នកនោះនឹងវិនាសជីវិត ហើយអ្នកណាដែលលះបង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងរស់។
៤០ «អ្នកណាដែលទទួលអ្នករាល់គ្នា ក៏ទទួលខ្ញុំដែរ ហើយអ្នកណាដែលទទួលខ្ញុំ ក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ ៤១ អ្នកណាដែលទទួលអ្នកប្រកាសទំនាយ ដោយសារបុគ្គលនោះជាអ្នកប្រកាសទំនាយ អ្នកនោះនឹងទទួលរង្វាន់ដូចអ្នកប្រកាសទំនាយ ហើយអ្នកណាដែលទទួលមនុស្សសុចរិតម្នាក់ ដោយសារបុគ្គលនោះជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ ៤២ បើអ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយពែងឲ្យអ្នកតូចម្នាក់ផឹក ដោយសារបុគ្គលនោះជាអ្នកកាន់តាមខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។