កូរិនថូសទី១
១៥ ឥឡូវ បងប្អូនអើយ ខ្ញុំចង់រំលឹកអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាព្រមទទួល ហើយកំពុងកាន់តាមនៅឡើយ។ ២ អ្នករាល់គ្នាកំពុងទទួលសេចក្ដីសង្គ្រោះតាមរយៈដំណឹងល្អដែលបានឮពីខ្ញុំ ប្រសិនបើនៅប្រកាន់ខ្ជាប់តាម។ បើមិនដូច្នេះ អ្នករាល់គ្នាបានជឿជាឥតប្រយោជន៍។
៣ ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នានូវសេចក្ដីដ៏សំខាន់បំផុត ជាសេចក្ដីដែលខ្ញុំក៏បានទទួលដែរ គឺថា គ្រិស្តបានទទួលមរណភាពដើម្បីលោះយើងពីភាពខុសឆ្គង* ស្របទៅតាមបទគម្ពីរ ៤ ហើយថាលោកត្រូវគេបញ្ចុះ រួចបានត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃទីបី ស្របទៅតាមបទគម្ពីរ ៥ ហើយថាលោកបានលេចមកជួបកេផាស រួចសាវ័កទាំងដប់ពីរនាក់។ ៦ បន្ទាប់មក លោកលេចមកជួបបងប្អូនជាងប្រាំរយនាក់នៅពេលតែមួយ។ បងប្អូនភាគច្រើនពីចំណោមបងប្អូនទាំងនោះ នៅរស់រហូតដល់សព្វថ្ងៃនេះ តែពួកគាត់ខ្លះបានដេកលក់ក្នុងសេចក្ដីស្លាប់ហើយ។ ៧ ក្រោយមកទៀត លោកលេចមកជួបយ៉ាកុប រួចសាវ័កទាំងអស់ ៨ តែក្រោយបង្អស់ លោកលេចមកជួបខ្ញុំ ដែលប្រៀបដូចជាកូនកើតមុនពេលកំណត់។
៩ ព្រោះក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរ ពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។ ១០ ប៉ុន្តែដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ខ្ញុំមានមុខងារនេះ។ ហើយគុណដ៏វិសេសលើសលប់ដែលលោកមានចំពោះខ្ញុំ មិនបានទៅជាអសារឥតការទេ ព្រោះខ្ញុំបានធ្វើការនឿយហត់ជាងពួកគាត់ទាំងអស់ក្នុងកិច្ចបម្រើ។ ក៏ប៉ុន្តែមិនមែនខ្ញុំទេ តែជាគុណដ៏វិសេសលើសលប់ដែលព្រះមានចំពោះខ្ញុំ។ ១១ ប៉ុន្តែទោះជាខ្ញុំឬពួកគាត់ក៏ដោយ យើងបានផ្សព្វផ្សាយតាមរបៀបនេះ ដូច្នេះអ្នករាល់គ្នាបានជឿ។
១២ ឥឡូវ ប្រសិនបើយើងកំពុងផ្សព្វផ្សាយថាគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហេតុអ្វីបានជាអ្នករាល់គ្នាខ្លះនិយាយថាមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ? ១៣ ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញមែន នោះគ្រិស្តក៏មិនបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ១៤ ប៉ុន្តែប្រសិនបើគ្រិស្តមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះការផ្សព្វផ្សាយរបស់យើងគ្មានប្រយោជន៍សោះ ហើយជំនឿរបស់យើងក៏គ្មានប្រយោជន៍ដែរ។ ១៥ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធ្វើជាសាក្សីក្លែងក្លាយអំពីព្រះដែរ ពីព្រោះយើងបានផ្ដល់សក្ខីភាពមិនពិតអំពីព្រះថា លោកបានប្រោសគ្រិស្តឲ្យរស់ឡើងវិញ ប៉ុន្តែលោកមិនបានប្រោសគ្រិស្តឲ្យរស់ឡើងវិញទេ ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ។ ១៦ ព្រោះប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ គ្រិស្តក៏មិនបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ១៧ ម្យ៉ាងទៀត ប្រសិនបើគ្រិស្តមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ ជំនឿរបស់អ្នករាល់គ្នាគឺឥតប្រយោជន៍ទទេ ហើយការខុសឆ្គងរបស់អ្នករាល់គ្នាមិនបានត្រូវអភ័យទោសឲ្យឡើយ។ ១៨ ឯពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ក្នុងគ្រិស្តបានវិនាសសាបសូន្យដែរ។ ១៩ ប្រសិនបើយើងបានសង្ឃឹមលើគ្រិស្តក្នុងជីវិតនេះប៉ុណ្ណោះ យើងជាមនុស្សគួរឲ្យអាណិតជាងគេ។
២០ ក៏ប៉ុន្តែគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់។ ២១ ព្រោះសេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះ ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ។ ២២ ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ត។ ២៣ ប៉ុន្តែម្នាក់ៗត្រូវធ្វើឲ្យមានជីវិតឡើងវិញ តាមលំដាប់របស់ខ្លួនគឺ គ្រិស្តជាផលដំបូង បន្ទាប់មក ក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោកនឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ។ ២៤ បន្ទាប់ពីនោះ គឺជាទីបញ្ចប់ ពេលដែលលោកប្រគល់រាជាណាចក្រជូនព្រះជាបិតារបស់លោក ក្រោយពីលោកបានបំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ។ ២៥ ព្រោះលោកត្រូវគ្រប់គ្រងជាស្តេច រហូតដល់ព្រះដាក់សត្រូវទាំងអស់នៅក្រោមបាតជើងលោក។ ២៦ សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់។ ២៧ ព្រោះព្រះបាន«ដាក់អ្វីៗទាំងអស់ឲ្យចុះចូលនៅក្រោមបាតជើងរបស់លោក»។ ប៉ុន្តែពេលដែលគាត់ចែងថា‹អ្វីៗទាំងអស់បានត្រូវធ្វើឲ្យចុះចូល› គឺជាក់ស្តែងហើយថា នេះមិនរួមបញ្ចូលព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះលោកទេ។ ២៨ ប៉ុន្តែក្រោយពីព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្រនោះ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ដល់មនុស្សទាំងអស់។
២៩ ពុំនោះ តើពួកគេបានប្រយោជន៍អ្វីដោយទទួលការជ្រមុជដើម្បីទៅជាមនុស្សស្លាប់? ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញសោះ ហេតុអ្វីពួកគេទទួលការជ្រមុជដើម្បីទៅជាមនុស្សស្លាប់? ៣០ ហេតុអ្វីក៏យើងប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? ៣១ បងប្អូនអើយ ការដែលខ្ញុំប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ នោះជារឿងពិតដូចអំណរដែលខ្ញុំមានក្នុងគ្រិស្តយេស៊ូជាម្ចាស់របស់យើង ដោយសារអ្នករាល់គ្នា។ ៣២ ប្រសិនបើខ្ញុំបានតយុទ្ធជាមួយនឹងសត្វសាហាវនៅក្រុងអេភេសូរ ដូចអ្នកឯទៀត តើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ ៣៣ កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ។ ៣៤ ចូរភ្ញាក់ខ្លួនដោយប្រព្រឹត្តអំពើសុចរិត ហើយកុំប្រព្រឹត្តខុសឡើយ ព្រោះមានអ្នកខ្លះគ្មានចំណេះអំពីព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាស។
៣៥ ទោះជាយ៉ាងនោះក៏ដោយ គេនឹងនិយាយថា៖ «តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច? តើពួកគេនឹងមានរូបកាយបែបណា?»។ ៣៦ មនុស្សឥតវិចារណញ្ញាណ! អ្វីដែលអ្នកសាបព្រោះមានជីវិតឡើងវិញ លុះត្រាតែវាងាប់សិន ៣៧ ហើយអ្វីដែលអ្នកសាបព្រោះ នោះមិនមានរូបរាងដូចដើមដែលនឹងដុះនោះទេ តែជាគ្រាប់ទទេ ប្រហែលជាគ្រាប់ស្រូវសាលីឬគ្រាប់ពូជផ្សេងទៀត ៣៨ ប៉ុន្តែព្រះធ្វើឲ្យមានរូបរាងតាមដែលលោកពេញចិត្ត ក៏ឲ្យរូបរាងដល់គ្រាប់នីមួយៗតាមពូជវា។ ៣៩ សាច់ទាំងអស់មិនមែនដូចគ្នាទេ តែមនុស្សជាតិមានសាច់ម្យ៉ាង សត្វស្រុកមានសាច់ម្យ៉ាងទៀត សត្វស្លាបមានសាច់ម្យ៉ាង ហើយត្រីមានសាច់ម្យ៉ាងទៀត។ ៤០ ហើយមានរូបកាយសម្រាប់ស្ថានសួគ៌ និងមានរូបកាយសម្រាប់ផែនដី តែសិរីរុងរឿងរបស់រូបកាយសម្រាប់ស្ថានសួគ៌គឺម្យ៉ាង ហើយសិរីរុងរឿងរបស់រូបកាយសម្រាប់ផែនដីគឺម្យ៉ាងទៀត។ ៤១ រស្មីរុងរឿងរបស់ថ្ងៃគឺម្យ៉ាង ឯរស្មីរុងរឿងរបស់ខែគឺម្យ៉ាងទៀត ហើយរស្មីរុងរឿងរបស់ផ្កាយគឺម្យ៉ាងទៀត តាមពិតផ្កាយនានាមានរស្មីរុងរឿងផ្សេងៗពីគ្នា។
៤២ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក៏ដូច្នេះដែរ។ រូបកាយដែលបានត្រូវសាបព្រោះអាចខូចទៅ តែរូបកាយដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនអាចខូចទៅបានទេ។ ៤៣ រូបកាយបានត្រូវសាបព្រោះដោយអាប់ឱនកិត្ដិយស តែនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានសិរីរុងរឿង។ រូបកាយបានត្រូវសាបព្រោះដោយមានភាពទន់ខ្សោយ តែនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានឫទ្ធានុភាព។ ៤៤ រូបកាយបានត្រូវសាបព្រោះជាសាច់ឈាម តែនឹងត្រូវប្រោសឲ្យរស់ឡើងវិញជាវិញ្ញាណ។* ប្រសិនបើមានរូបកាយសាច់ឈាម ក៏មានរូបកាយវិញ្ញាណដែរ។ ៤៥ បទគម្ពីរចែងដូច្នេះថា៖ «អាដាម បុរសទីមួយបានទៅជាព្រលឹង* មានជីវិត»។ ឯអាដាមចុងក្រោយបានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។ ៤៦ ទោះជាយ៉ាងនោះក៏ដោយ រូបកាយដំបូងមិនមែនជាវិញ្ញាណទេ តែជាសាច់ឈាម ប៉ុន្តែក្រោយមកមានរូបកាយជាវិញ្ញាណ។ ៤៧ បុរសទីមួយមកពីផែនដី ហើយបានត្រូវធ្វើពីធូលីដី ឯបុរសទីពីរមកពីស្ថានសួគ៌។ ៤៨ បុរសដែលបានត្រូវធ្វើពីធូលីដីមានលក្ខណៈយ៉ាងណា ពួកអ្នកដែលបានត្រូវធ្វើពីធូលីដីក៏មានលក្ខណៈយ៉ាងនោះដែរ ហើយបុរសដែលបានទៅស្ថានសួគ៌មានលក្ខណៈយ៉ាងណា ពួកអ្នកដែលនៅស្ថានសួគ៌ក៏មានលក្ខណៈយ៉ាងនោះដែរ។ ៤៩ ហើយដូចយើងមានរូបដូចរូបរបស់អ្នកដែលបានត្រូវធ្វើពីធូលីដី នោះយើងក៏នឹងមានរូបដូចរូបរបស់អ្នកដែលបានមកពីស្ថានសួគ៌ដែរ។
៥០ ក៏ប៉ុន្តែខ្ញុំសូមប្រាប់បងប្អូនថា មនុស្សដែលមានរូបកាយជាសាច់ឈាមមិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ ហើយអ្វីដែលអាចខូចទៅ មិនអាចទទួលអ្វីដែលមិនអាចខូចជាមត៌កបានទេ។ ៥១ មើល! ខ្ញុំប្រាប់អាថ៌កំបាំងដ៏ពិសិដ្ឋមួយដល់អ្នករាល់គ្នា៖ មិនមែនយើងទាំងអស់គ្នានឹងដេកលក់ក្នុងសេចក្ដីស្លាប់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ៥២ ក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង។ ព្រោះត្រែនឹងបន្លឺឡើង រួចមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមិនអាចខូចបានឡើយ ហើយយើងនឹងត្រូវផ្លាស់ប្រែ។ ៥៣ ព្រោះអ្នកដែលអាចខូចរលួយត្រូវទៅជាអ្នកដែលមិនអាចខូចរលួយ ហើយអ្នកដែលអាចស្លាប់ត្រូវទៅជាអមតៈ។ ៥៤ ប៉ុន្តែពេលអ្នកដែលអាចខូចរលួយ ទៅជាអ្នកដែលមិនអាចខូចរលួយ ហើយអ្នកដែលអាចស្លាប់ ទៅជាអមតៈ នោះអ្វីដែលបទគម្ពីរចែងនឹងបានសម្រេច គឺថា៖ «សេចក្ដីស្លាប់បានត្រូវលេបបាត់ជារៀងរហូត»។ ៥៥ «សេចក្ដីស្លាប់អើយ តើជ័យជម្នះរបស់អ្នកនៅឯណា? សេចក្ដីស្លាប់អើយ តើទ្រនិចរបស់អ្នកនៅឯណា?»។ ៥៦ ទ្រនិចដែលបណ្ដាលឲ្យស្លាប់ជាភាពខុសឆ្គង តែច្បាប់* ផ្ដល់អំណាចឲ្យភាពខុសឆ្គង។ ៥៧ ក៏ប៉ុន្តែសូមអរគុណព្រះ ព្រោះលោកផ្ដល់ជ័យជម្នះឲ្យយើងតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង!
៥៨ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ចូរពង្រឹងជំហរឲ្យមាំមួនឡើង ដោយមិនឲ្យរង្គោះរង្គើឡើយ ហើយចូរជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់ ដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើទាំងនឿយហត់ក្នុងលោកម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។