បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៧ ទំ. ៥-៨
  • តើអនាគតរបស់អ្នកនឹងទៅជាយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអនាគតរបស់អ្នកនឹងទៅជាយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អនាគត​ដែល​បាន​សរសេរ​ទុក​ជា​មុន
  • តើ​ព្រះ​ដឹង​ទុក​ជា​មុន​នូវ​របស់​ទាំង​អស់​ឬ?
  • វាសនា​ពីរ​របស់​មនុស្ស
  • តើបុព្វវាសនាអាចចុះសម្រុងជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះបានទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ព្រះយេហូវ៉ា«រមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យារបស់ទ្រង់ចំពោះពួកស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ជំនឿនិងអនាគតរបស់អ្នក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៧ ទំ. ៥-៨

តើ​អនាគត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា?

ប្រសិន​បើ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​ពិត​ជា​ប្រកប​ដោយ​សព្វញ្ញុភាព ហើយ​ជ្រាប​ទាំង​អស់​អំពី​រឿង​នៅ​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​កាល តើ​របស់​ទាំង​អស់​មិន​នឹង​កើត​ឡើង​ដូច​ព្រះ​បាន​ឃើញ​នោះ​ទេ​ឬ? ប្រសិន​បើ​ព្រះ​បាន​ឃើញ​ហើយ​ចេញ​ក្រិត្យ នៃ​ដំណើរ​និង​វាសនា​ផ្ដាច់​ព្រ័ត្រ​នៃ​មនុស្ស​ទាំង​អស់ តើ​អាច​ពិត​ជា​និយាយ​បាន​ថា​យើង​មាន​សេរី​ភាព​ដើម្បី​រើស​យក​ដំណើរ​ជីវិត និង​អនាគត​របស់​យើង​ឬ?

សំនួរ​ទាំង​នេះ​បាន​ត្រូវ​ប្រកែក​វែក​ញែក​ជា​ច្រើន​សតវត្ស​មក​ហើយ។ ការ​ជំទាស់​គំនិត​នេះ​នៅ​ធ្វើ​ឲ្យ​បែក​ខ្ញែក​សាសនា​ធំ​ៗ​ទាំង​ឡាយ។ តើ​សមត្ថភាព​របស់​ព្រះ​ដែល​អាច​ដឹង​អំពី​អនាគត អាច​ផ្សះ​ផ្សា​នឹង​ចិត្ត​សេរី​របស់​មនុស្ស​បាន​ទេ? តើ​យើង​គួរ​តែ​រក​ចម្លើយ​នៅ​ឯ​ណា?

មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ជុំ​វិញ​ផែនដី នឹង​ស្រប​គំនិត​ថា ព្រះ​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស តាម​បន្ទូល​របស់​ទ្រង់ ដូច​បាន​ជូន​មក​ដោយ​អ្នក​នាំ​សារ គឺ​ព្យាការី​របស់​ទ្រង់។ ជា​ឧទាហរណ៍ គម្ពីរ​កូរ៉ាន​សំដៅ​ទៅ​ការ​បើក​សម្ដែង ជា​អ្វី​ដែល​មក​ពី​ព្រះ៖ ថូរ៉ា (ថូរ៉ា ច្បាប់ ឬ​សៀវភៅ​ប្រាំ​របស់​ម៉ូសេ) សាពួ (ទំនុកដំកើង) និង អ៊ីនជេល (ដំណឹង​ល្អ បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ឬ​ក៏«សញ្ញា​ថ្មី») ព្រម​ទាំង​នឹង​អ្វី​ដែល​បាន​បង្ហាញ​ប្រាប់​ពួក​ព្យាការី​របស់​អ៊ីស្រាអែល។

នៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក យើង​អាន​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។ (ធីម៉ូថេ​ទី​២ ៣:១៦) យ៉ាង​ច្បាស់​ណាស់ ការ​ដឹក​នាំ​ឬ​ការ​បំភ្លឺ​ណា​មួយ​ដែល​យើង​ទទួល នោះ​គួរ​តែ​មក​ពី​ព្រះ។ បើ​ដូច្នេះ តើ​មិន​ជា​ការ​មាន​ប្រាជ្ញា​ទេ​ឬ ក្នុង​ការ​ពិចារណា​មើល​សេចក្ដី​សរសេរ​របស់​ព្យាការី​នៅ​សម័យ​បុរាណ? តើ​សេចក្ដី​ទាំង​នេះ​បាន​ប្រាប់​យ៉ាង​ណា​អំពី​អនាគត​របស់​យើង?

អនាគត​ដែល​បាន​សរសេរ​ទុក​ជា​មុន

អ្នក​ណា​មួយ​ដែល​បាន​អាន​បទ​គម្ពីរ​បរិសុទ្ធ​ដឹង​ថា គឺ​មាន​បទ​ទំនាយ​ជា​ច្រើន។ ព្រឹត្ដិការណ៍​ក្នុង​ប្រវត្ដិសាស្ត្រ​បែប​នេះ ដូច​ជា​ការ​ធ្លាក់​អំណាច​នៃ​បាប៊ីឡូន​នៅ​សម័យ​បុរាណ ការ​សង់​ឡើង​វិញ​នៃ​ក្រុង​យេរូសាឡិម (នៅ​សតវត្ស​ទី​ប្រាំ​មួយ​ទៅ​សតវត្ស​ទី​ប្រាំ ម.​ស.យ.) ហើយ​ការ​ឡើង​អំណាច​និង​ការ​ចុះអំណាច​នៃ​ស្តេច​ពី​បុរាណ​នៃ​របស់​សាសន៍​មីឌី​-​ពើស៊ី និង​ក្រិក គឺ​បាន​ទាយ​ទុក​ជា​មុន​យ៉ាង​ល្អិត​ល្អន់។ (អេសាយ ១៣:១៧​-​១៩; ៤៤:២៤–៤៥:១; ដានីយ៉ែល ៨:១​-​៧, ២០​-​២២) ការ​សម្រេច​នៃ​ទំនាយ​បែប​នេះ ជា​ភស្តុ​តាង​យ៉ាង​ខ្លាំង​មួយ​ថា បទ​គម្ពីរ​បរិសុទ្ធ​គឺ​ជា​បន្ទូល​របស់​ព្រះ ដ្បិត​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​មាន​អំណាច​មើល​ឃើញ ហើយ​ព្រម​ទាំង​សម្រេច​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត។ ក្នុង​ន័យ​បែប​នេះ បទ​គម្ពីរ​បរិសុទ្ធ​គឺ​ពិត​ជា​ឯកសារ​ដែល​បាន​សរសេរ​ទុក​ជា​មុន​មក​មែន។

ព្រះ​អង្គ​ទ្រង់​បាន​ប្រកាស​ថា៖ «អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា​គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត​ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ› »។ (អេសាយ ៤៦:៩​-​១១; ៥៥:១០, ១១) ព្រះ​នាម​របស់​ព្រះ​ផ្ទាល់ គឺ​បាន​ប្រាប់​ពួក​ព្យាការី​ពី​ដើម​នោះ​គឺ​ជា​ព្រះ​យេហូវ៉ា ដែល​មាន​ន័យ​ថា «ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»។a (លោកុប្បត្តិ ១២:៧, ៨; និក្ខមនំ ៣:១៣​-​១៥; ទំនុកដំកើង ៨៣:១៨) ព្រះ​បង្ហាញ​អង្គ​ទ្រង់​ជា​ព្រះ​ដែល​នឹង​សម្រេច​តាម​ពាក្យ​បន្ទូល​របស់​ទ្រង់ ជា​ព្រះ​ដែល​តែង​នាំ​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច។

ដូច្នេះ​ហើយ ព្រះ​បាន​ប្រើ​អំណាច​នៃ​ការ​ដឹង​ទុក​ជា​មុន​របស់​ទ្រង់ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ ទ្រង់​តែង​ប្រើ​អំណាច​នេះ​ដើម្បី​ព្រមាន​ប្រាប់​ពួក​មនុស្ស​អាក្រក់​អំពី​ការ​ជំនុំ​ជំរះ​ដែល​នឹង​មាន​លើ​គេ ព្រម​ទាំង​ប្រទាន​ពួក​អ្នក​បំរើ​របស់​ទ្រង់​នូវ​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​សង្គ្រោះ។ តើ​ព្រះ​ប្រើ​អំណាច​នេះ​ដោយ​ឥត​មាន​ព្រំ​ដែន​ឬ? តើ​មាន​ទី​សំអាង​ណា​ខ្លះ​នៅ​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ នៃ​របស់​ដែល​ព្រះ​បាន​សម្រេច​មិន​ចង់​ដឹង​ទុក​ជា​មុន​ទេ?

តើ​ព្រះ​ដឹង​ទុក​ជា​មុន​នូវ​របស់​ទាំង​អស់​ឬ?

ការ​វែក​ញែក​ទាំង​អស់​ដើម្បី​គាំទ្រ​នៃ​បុព្វ​វាសនា គឺ​បាន​សំអាង​លើ​ការ​ស្មាន ដែល​ថា​ដោយ​ព្រះ​មាន​អំណាច​ដឹង​អ្វី​ទាំង​អស់ ហើយ​អាច​សម្រេច​ព្រឹត្ដិការណ៍​នៅ​អនាគត នោះ​ទ្រង់​ច្បាស់​ជា​ដឹង​អ្វី​ទាំង​អស់ រួម​ទាំង​សកម្មភាព​នៅ​អនាគត​នៃ​មនុស្ស​ទាំង​ឡាយ។ ប៉ុន្តែ តើ​ការ​ស្មាន​នេះ​គឺ​ត្រឹម​ត្រូវ​ទេ? អ្វី​ដែល​ព្រះ​ប្រាប់​នៅ​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ​របស់​ទ្រង់ បង្ហាញ​ឲ្យ​ឃើញ​ផ្ទុយ​ទៅ​វិញ។

ជា​ឧទាហរណ៍ បទ​គម្ពីរ​ចែង​ថា «ព្រះ​ទ្រង់​ល្បង​អ័ប្រាហាំ» ដោយ​បង្គាប់​ឲ្យ​លោក​ធ្វើ​យញ្ញ​បូជា​អ៊ីសាក ជា​កូន​របស់​របស់​លោក សំរាប់​តង្វាយ​ដុត។ នៅ​ពេល​ដែល​អ័ប្រាហាំ​ជិត​នឹង​ធ្វើ​យញ្ញ​បូជា​អ៊ីសាក នោះ​ព្រះ​បាន​បញ្ឈប់​លោក ដោយ​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោត​ខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំច័យ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ»។ (លោកុប្បត្តិ ២២:១​-​១២) តើ​ព្រះ​នឹង​មាន​បន្ទូល​បែប​នេះ ប្រសិន​បើ​ទ្រង់​ជ្រាប​ទុក​ជា​មុន​ថា អ័ប្រាហាំ​នឹង​ស្ដាប់​បង្គាប់​តាម​បញ្ជា​នេះ? តើ​នេះ​នឹង​បាន​ជា​ការ​ល្បង​ល​ដ៏​ស្មោះ​ត្រង់​ឬ​ទេ?

ម្យ៉ាង​ទៀត​នោះ ព្យាការី​ពី​បុរាណ​រាយ​ការណ៍​ថា ព្រះ​បាន​មាន​បន្ទូល​អំពី​អង្គ​ទ្រង់ ថា​មាន‹ព្រះ​ទ័យ​ស្ដាយ›លើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ឬ​គិត​បំរុង​នឹង​ធ្វើ​នោះ។ ជា​ឧទាហរណ៍ ព្រះ​មាន​បន្ទូល​ថា ទ្រង់«ស្ដាយ[ពី​ពាក្យ​ហេព្រើរ ណាឆាម]ដែល​ទ្រង់​បាន​តាំង​សូល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល»។ (សាំយូអែល​ទី​១ ១៥:១១, ៣៥; ប្រៀប​ធៀប យេរេមា ១៨:៧​-​១០; យ៉ូណាស ៣:១០) ដោយ​ព្រោះ​ព្រះ​គឺ​ល្អ​គ្រប់ល័ក្ខណ៍ នោះ​ខ​ទាំង​នេះ​មិន​អាច​មាន​សេចក្ដី​ថា ព្រះ​បាន​ធ្វើ​ខុស​ដោយ​រើស​តាំង​សូល​ឲ្យ​ធ្វើ​ជា​ស្តេច​ទី​មួយ​របស់​អ៊ីស្រាអែល​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ​ទាំង​នេះ​ត្រូវ​បញ្ជាក់​ថា ព្រះ​មាន​ព្រះ​ទ័យ​ស្ដាយ ដែល​សូល​បាន​ក្លាយ​ទៅ​ជា​ឥត​មាន​ជំនឿ​ហើយ​ឥត​ស្ដាប់​បង្គាប់​ទៅ​ទៀត។ ការ​ប្រើ​ពាក្យ​បែប​នេះ​ក្នុង​ការ​សំដៅ​ទៅ​អង្គ​ទ្រង់ នោះ​គឺ​ឥត​សម​ហេតុ​ផល​ទេ ប្រសិន​បើ​ទ្រង់​បាន​ជ្រាប​ទុក​ជា​មុន​អំពី​សកម្មភាព​របស់​សូល​នោះ។

ពាក្យ​ដូច​នេះ​ក៏​មាន​ក្នុង​បទ​គម្ពីរ​ពី​បុរាណ​ភាគ​ច្រើន​ដែរ កាល​ដែល​សំដៅ​ទៅ​សម័យ​របស់​លោក​ណូអេ បទ​គម្ពីរ​ចែង​ថា៖ «នោះ​ព្រះ​យេហូវ៉ា​ទ្រង់​ស្ដាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ព្រួយ រួច​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា៖ ‹អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ . . . ដ្បិត​អញ​ស្ដាយ​ដែល​អញ​បាន​បង្កើត​គេ​មក»។ (លោកុប្បត្តិ ៦:៦, ៧) នៅ​ទី​នេះ​ដែរ គឺ​បង្ហាញ​អំពី​សកម្មភាព​របស់​មនុស្ស ដែល​មិន​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ​នោះ​ទេ។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​ស្ដាយ ទាំង​ឈឺ​ចាប់ មិន​មែន​ដោយ​សារ​សកម្មភាព​របស់​ទ្រង់​គឺ​ជា​ខុស​នោះ​ឡើយ ប៉ុន្តែ​ដោយ​សារ​អំពើ​អាក្រក់​របស់​មនុស្ស​បាន​រីក​ចំរើន​ឡើង។ ព្រះ​អាទិទេព​បាន​ស្ដាយ ដែល​បាន​ទៅ​ជា​ចាំ​បាច់​កំទេច​មនុស្ស​ទាំង​អស់ លើក​លែង​តែ​លោក​ណូអេ​និង​គ្រួសារ​របស់​លោក។ ព្រះ​ធានា​រ៉ាប់​រង​យើង​ថា៖ ‹អញ​មិន​រីករាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ›។—អេសេគាល ៣៣:១១; ប្រៀប​ធៀប ចោទិយកថា ៣២:៤, ៥

ដូច្នេះ តើ​ព្រះ​ជ្រាប​ទុក​ជា​មុន ហើយ​ព្រម​ទាំង​ចេញ​ក្រិត្យ​ឲ្យ​អ័ដាម​ប្រព្រឹត្ត​អំពើ​បាប ហើយ​កម្មផល​ដ៏​អាក្រក់ ដែល​នឹង​នាំ​ឲ្យ​មាន​លើ​មនុស្ស​លោក​ឬ? អ្វី​ដែល​យើង​ទើប​តែ​បាន​ពិចារណា​មើល បង្ហាញ​ថា​គឺ​ឥត​ពិត​ត្រឹម​ត្រូវ​ទេ។ ម្យ៉ាង​ទៀត ប្រសិន​បើ​ព្រះ​បាន​ដឹង​ទុក​ជា​មុន​អំពី​រឿង​នេះ នោះ​ទ្រង់​នឹង​ទៅ​ជា​អ្នក​បង្ក​បង្កើត​បាប នៅ​ពេល​ដែល​ទ្រង់​បាន​បង្កើត​មនុស្ស ហើយ​ដែល​ទ្រង់​ទទួល​ខុស​ត្រូវ​ដោយ​ចេតនា​ចំពោះ​អំពើ​កំណាច​និងសេចក្ដី​ទុក្ខ​វេទនា។ យ៉ាង​ច្បាស់​ណាស់ នេះ​គឺ​មិន​អាច​សម​ស្រប​នឹង​អ្វី​ដែល​បាន​ប្រាប់​អំពី​អង្គ​ទ្រង់​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។ ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​ប្រកប​ដោយ​យុត្ដិធម៌ ដែល​ស្អប់​អំពើ​កំណាច។—ទំនុកដំកើង ៣៣:៥; សុភាសិត ១៥:៩; យ៉ូហាន​ទី​១ ៤:៨

វាសនា​ពីរ​របស់​មនុស្ស

បទ​គម្ពីរ​បរិសុទ្ធ​មិន​បាន​ប្រាប់​ថា អនាគត​របស់​បុគ្គល​ម្នាក់ គឺ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់ នោះ​គឺ​ថា​ព្រះ​បាន​ទាយ​ប្រាប់ អំពី​វាសនា​ពីរ​សំរាប់​មនុស្ស។ ព្រះ​ប្រទាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​នូវ​ចិត្ត​សេរី សំរាប់​រើស​យក​វាសនា​មួយ​ណា​ជា​របស់​ខ្លួន។ ព្យាការី​ម៉ូសេ​នៅ​ជា​យូរ​យារ​មក​ហើយ​បាន​ប្រកាស​ទៅ​អ៊ីស្រាអែល​ថា៖ «អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត នឹង​សេចក្ដី​ស្លាប់ . . . នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ»។ (ចោទិយកថា ៣០:១៩, ២០) ព្រះ​យេស៊ូ​ក៏​បាន​ព្រមាន​ប្រាប់​ថា៖ «ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) ផ្លូវ​ពីរ វាសនា​ពីរ។ អនាគត​របស់​យើង​គឺ​ស្រេច​ទៅ​លើ​សកម្មភាព​របស់​យើង។ ការ​ស្ដាប់​បង្គាប់​តាម​ព្រះ​មាន​សេចក្ដី​ថា​ជីវិត ហើយ​ឥត​ស្ដាប់​បង្គាប់​តាម​ទ្រង់ មាន​ន័យ​ថា សេចក្ដី​ស្លាប់។—រ៉ូម ៦:២៣

ព្រះ«បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ ឲ្យ​ប្រែ​ចិត្ត​វិញ។ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជំរះ​លោកីយ​ដោយ​យុត្ដិធម៌»។ (កិច្ច​ការ ១៧:៣០, ៣១) ដូច​មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​របស់​លោក​ណូអេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​តាម​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​ហិន​វិនាស ដូច្នេះ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​ក៏​មិន​ស្ដាប់​បង្គាប់​តាម​បទ​បញ្ជា​របស់​ព្រះ​ដែរ។ ប៉ុន្តែ ព្រះ​មិន​បាន​សម្រេច​ទុក​ជា​មុន ថា​តើ​អ្នក​ណា​នឹង​ត្រូវ​វិនាស ហើយ​អ្នក​ណា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ តាម​ពិត ព្រះ​មាន​បន្ទូល​ថា ទ្រង់«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) សូម្បី​តែ​មនុស្ស​អាក្រក់​យ៉ាង​ណា​ក៏​អាច​ប្រែ​ចិត្ត​បាន​ដែរ ឲ្យ​ក្លាយ​ទៅ​ជា​ស្ដាប់​បង្គាប់ ហើយ​ធ្វើ​ការ​កែ​ប្រែ​ដ៏​ចាំ​បាច់​ដើម្បី​ទទួល​ព្រះ​គុណ​របស់​ព្រះ។—អេសាយ ១:១៨​-​២០; ៥៥:៦, ៧; អេសេគាល ៣៣:១៤​-​១៦; រ៉ូម ២:៤​-​៨

ចំពោះ​អ្នក​ដែល​ស្ដាប់​បង្គាប់​តាម ព្រះ​សន្យា​ថា​ឲ្យ​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​ក្នុង​សួន​មនោរម្យ​ដ៏​សុខ​សាន្ត លើ​ផែនដី​ដែល​ទ្រង់​បាន​សំអាត​អំពើ​អាក្រក់​ចេញ​ហើយ អំពើ​ឃោរឃៅ និង​សង្គ្រាម ជា​ពិភព​លោក​ដែល​នឹង​លែង​មាន​ការ​ស្រេក​ឃ្លាន សេចក្ដី​ទុក្ខ​វេទនា ការ​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់។ (ទំនុកដំកើង ៣៧:៩​-​១១; ៤៦:៩; អេសាយ ២:៤; ១១:៦​-​៩; ២៥:៦​-​៨; ៣៥:៥, ៦; វិវរណៈ ២១:៤) សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ផ្ដល់​ឲ្យ​គេ​នូវ​ឱកាស​ដើម្បី​បំរើ​ព្រះ។—ដានីយ៉ែល ១២:២; យ៉ូហាន ៥:២៨, ២៩

អ្នក​តែង​ទំនុកដំកើង​ចែង​ថា៖ «ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត​ត្រាណ។ ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​មួយ​គ្នា។ ឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់ នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ»។ (ទំនុកដំកើង ៣៧:៣៧, ៣៨) តើ​អនាគត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​គឺ​ស្រេច​ទៅ​លើ​អ្នក​ហើយ។ អ្នក​បោះ​ពុម្ព​ផ្សាយ​នៃ​ទស្សនាវដ្ដី​នេះ​នឹង​សប្បាយ​រីករាយ ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នូវ​ពត៌មាន​ថែម​ទៀត ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​ដើម្បី​ធានា​នូវ​អនាគត​ដ៏​រីករាយ និង​សុខ​សាន្ត​របស់​អ្នក។

[កំណត់​សម្គាល់]

a ព្រះ​នាម​ព្រះ​យេហូវ៉ា​មាន​ជាង​៧.០០០​ដង​នៅ​ក្នុង​បទ​គម្ពីរ សូម​មើល​ខិត្តប័ណ្ណ ព្រះ​នាម​ដ៏​ខ្ពស់​បំផុត ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៩៥ ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦]

ព្រះ​ប្រើ​អំណាច​របស់​ទ្រង់​នៃ​ការ​ដឹង​ទុក​ជា​មុន ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨]

ព្រះ«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។—ពេត្រុស​ទី​២ ៣:៩

[រូប​ភាព​នៅ​ទំព័រ​៧]

ប្រសិន​បើ​ព្រះ​ជ្រាប​ទុក​ជា​មុន​ថា អ័ប្រាហាំ​នឹង​សុខ​ចិត្ត​ធ្វើ​ការ​យញ្ញ​បូជា​កូន​របស់​លោក តើ​នេះ​នឹង​ទៅ​ជា​ការ​សាក​ល្បង​ដ៏​ស្មោះ​ត្រង់​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក