បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៧ ទំ. ២១-២៦
  • ជំនឿនិងអនាគតរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនឿនិងអនាគតរបស់អ្នក
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អតីតកាល​មាន​យ៉ាង​ណា?
  • មនុស្ស​គ្មាន​ដំណោះ​ស្រាយ​ទេ
  • របៀប​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​អនាគត
  • អនាគត​នៃ​ការ​គ្រប់​គ្រង​មនុស្ស
  • ទុក​ដាក់​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ
  • ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ព្រះរាជាណាចក្រនៃព្រះ គឺជាការគ្រប់គ្រងថ្មីរបស់ផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យារបស់ទ្រង់ចំពោះពួកស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៧ ទំ. ២១-២៦

ជំនឿ​និង​អនាគត​របស់​អ្នក

«សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម»។—ហេព្រើរ ១១:១

១. មនុស្ស​ភាគ​ច្រើន​ចង់​បាន​អនាគត​បែប​ណា?

តើ​អ្នក​ចាប់​អារម្មណ៍​នឹង​អនាគត​ទេ? មនុស្ស​ភាគ​ច្រើន​គឺ​ចាប់​អារម្មណ៍។ អ្វី​ដែល​គេ​សង្ឃឹម នោះ​គឺ​ជា​អនាគត​អំពី​សន្ដិភាព ដែល​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច មាន​ស្ថានភាព​រស់​នៅ​ដ៏​សម​រម្យ កិច្ចការ​ដែល​មាន​ផល​និង​ដែល​ចូល​ចិត្ត សុខភាព​ល្អ និង​មាន​អាយុ​យឺន​យូរ។ ច្បាស់​ហើយ ជំនាន់​និមួយ​ៗ​ក្នុង​ប្រវត្ដិសាស្ត្រ​ចង់​បាន​របស់​ទាំង​នោះ។ ហើយ​សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា ស្ថានភាព​បែប​នេះ​គឺ​ចង់​បាន​ជាង​មុន​ៗ​ទៅ​ទៀត។

២. តើ​រដ្ឋ​បុរស​ម្នាក់​បាន​បញ្ចេញ​ទស្សនៈ​យ៉ាង​ណា​អំពី​អនាគត?

២ កាល​ដែល​មនុស្ស​លោក​ឆ្ពោះ​ទៅ​កាន់​សតវត្ស​ទី​២១ តើ​មាន​ផ្លូវ​ណា​មួយ​ដើម្បី​ឲ្យ​ដឹង ថា​តើ​អនាគត​នឹង​មាន​ជា​យ៉ាង​ណា​ទេ? ផ្លូវ​មួយ​គឺ​បាន​ថ្លែង​ប្រាប់​ជាង​២០០​ឆ្នាំ​មក​ហើយ ដោយ​លោក​ផេត​ត្រី​ក ហីន​រ៉ី ជា​រដ្ឋ​បុរស​ជាតិ​អាមេរិកាំង។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឥត​ដឹង​ផ្លូវ​នៃ​ការ​វិនិច្ឆ័យ​អំពី​អនាគត​ទេ លើក​លែង​តែ​ពី​អតីតកាល»។ យោង​ទៅ​តាម​ទស្សនៈ​នេះ អនាគត​របស់​មនុស្ស​អាច​ដឹង​បាន ដោយ​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​នៅ​អតីតកាល។ មនុស្ស​ជា​ច្រើន​បាន​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ។

តើ​អតីតកាល​មាន​យ៉ាង​ណា?

៣. ចំពោះ​ការ​ទន្ទឹង​ចាំ​អនាគត​នោះ តើ​ប្រវត្ដិសាស្ត្រ​អាច​បញ្ជាក់​យ៉ាង​ណា​បាន?

៣ ប៉ុន្តែ បើ​អនាគត​នឹង​មាន​ដូច​រឿង​នៅ​អតីតកាល នោះ​តើ​អ្នក​នឹង​បាន​លើក​ទឹក​ចិត្ត​ពី​រឿង​នេះ​ទេ? តើ​អនាគត​បាន​ប្រសើរ​ឡើង​សំរាប់​សម័យ​មុន​ៗ​ទូទាំង​សតវត្ស​ទេ? គឺ​អត់​ទេ។ ទោះ​ជា​មនុស្ស​មាន​សង្ឃឹម​រាប់​ពាន់​ឆ្នាំ​ហើយ ឬ​ក៏​បាន​ជឿន​លឿន​នៅ​កន្លែង​ខ្លះ​ៗ​ក៏​ដោយ ប្រវត្ដិសាស្ត្រ​មនុស្ស​បាន​ពេញ​ទៅ​ដោយ​ឧក្រិដ្ឋកម្ម ការ​ជិះ​ជាន់ អំពើ​ឃោរឃៅ សង្គ្រាម និង​ភាព​ក្រី​ក្រ។ លោកីយ៍​នេះ​មាន​វិបត្ដិ​ភ័យ​មិន​ចេះ​ចប់ ដែល​បង្ក​ដោយ​មនុស្ស​និង​រដ្ឋាភិបាល​ដ៏​ឥត​ល្អ​របស់​គេ។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។—សាស្ដា ៨:៩

៤, ៥. (ក) ហេតុ​អ្វី​ក៏​មនុស្ស​មាន​សេចក្ដី​សង្ឃឹម​នៅ​ដើម​សតវត្ស​ទី​២០? (ខ) តើ​មាន​អ្វី​កើត​ឡើង​ដល់​សេចក្ដី​សង្ឃឹម​របស់​គេ​ចំពោះ​អនាគត?

៤ ហេតុ​ការណ៍​ពិត​គឺ​ថា ប្រវត្ដិសាស្ត្រ​ដ៏​អាក្រក់​នៃ​មនុស្ស​លោក​នៅ​មាន​តែ​ដដែល តែ​ដល់​កំរិត​ដ៏​ធំ​ជាង​មុន​ៗ​ទៅ​ទៀត។ សតវត្ស​ទី​២០​ជា​ភស្តុ​តាង​នៃ​រឿង​នេះ។ តើ​មនុស្សជាតិ​បាន​រៀន​ហើយ​ជៀស​វាង​ពី​កំហុស​នៅ​អតីតកាល​ទេ? នៅ​ដើម​សតវត្ស​នេះ គឺ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​ដ៏​ប្រសើរ ដោយ​ព្រោះ​មាន​សន្ដិភាព​មួយ​រយៈ​វែង ហើយ​ដោយ​មាន​ការ​ជឿន​លឿន​ខាង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ និង​ខាង​វិជ្ជា។ សាស្ដ្រាចារ្យ​ម្នាក់​ពី​មហា​វិទ្យាល័យ​មួយ បាន​មាន​ប្រសាសន៍​នៅ​ដើម​ទសវត្ស​នៃ​ឆ្នាំ​១៩០០​ថា មនុស្ស​ជឿ​ថា នឹង​មិន​អាច​មាន​សង្គ្រាម​ទៀត​ទេ ពី​ព្រោះ«មនុស្ស​គឺ​មាន​អារ្យធម៌​ខ្ពង់​ខ្ពស់»។ អតីត​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អង់គ្លេស បាន​មាន​ប្រសាសន៍​អំពី​ទស្សនៈ ដែល​មនុស្ស​មាន​នៅ​ពេល​នោះ​ថា៖ «អ្វី​ៗ​ទាំង​អស់​នឹង​បាន​ប្រសើរ​ឡើង​ៗ។ នេះ​ជា​ពិភព​លោក​ដែល​ខ្ញុំ​បាន​កើត​ចូល»។ ប៉ុន្តែ រួច​មក លោក​មាន​ប្រសាសន៍​ថា៖ «មួយ​រំពេច​នោះ ដោយ​ឥត​ដឹង​សោះ នៅ​ព្រឹក​មួយ​ក្នុង​ឆ្នាំ​១៩១៤ របស់​ទាំង​អស់​បាន​មក​ដល់​ទី​បញ្ចប់»។

៥ ទោះ​ជា​មាន​ជំនឿ​លើ​អនាគត​ដ៏​ប្រសើរ​នៅ​គ្រា​នោះ សតវត្ស​ថ្មី​នេះ​ទើប​តែ​បាន​ចាប់​ផ្ដើម នៅ​ពេល​ដែល​មហន្តរាយ​ដ៏​អាក្រក់​ក្រៃ​លែង​បាន​ផ្ទុះ​ឡើង—គឺ​សង្គ្រាម​លោក​លើក​ទី​១។ ជា​ឧទាហរណ៍​នៃ​លក្ខណៈ​សង្គ្រាម​នេះ សូម​គិត​មើល​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៦ ក្នុង​ចំបាំង​មួយ នៅ​ពេល​ដែល​ពួក​ទ័ព​អង់គ្លេស​បាន​ច្បាំង​នឹង​ពួក​អាល្លឺម៉ង់​ជិត​ទន្លេ​សុម នៅ​ប្រទេស​បារាំង។ គ្រាន់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ពួក​អង់គ្លេស​មាន​ទាហាន​២០.០០០​នាក់​បាន​ស្លាប់ ហើយ​ទាហាន​ជា​ច្រើន​ខាង​អាល្លឺម៉ង់​ក៏​បាន​ស្លាប់​ដែរ។ បួន​ឆ្នាំ​នៃ​ការ​កាប់​សម្លាប់ បាន​យក​ជីវិត​ជិត​ដប់​លាន​នាក់​នៃ​ពួក​ទាហាន និង​ប្រជាជន​រាប់​លាន​នាក់​ទៀត។ ចំនួន​ប្រជាជន​នៅ​ប្រទេស​បារាំង​បាន​ចុះ​ថយ​មួយ​រយៈ ដោយ​មាន​ទាហាន​ជា​ច្រើន​បាន​ស្លាប់។ សេដ្ឋកិច្ច​ទាំង​ឡាយ​បាន​ហិន​ហោច ដែល​នាំ​ឲ្យ​មាន​ភាព​ដុនដាប​ខាង​សេដ្ឋកិច្ច​ទូទាំង​ពិភព​លោក​ក្នុង​រយៈ​នៃ​ទសវត្សឆ្នាំ​១៩៣០។ ដូច្នេះ​ហើយ បាន​ជា​មនុស្ស​ខ្លះ​បាន​និយាយ​ថា ថ្ងៃ​ដែល​សង្គ្រាម​លោក​លើក​ទី​១ បាន​ចាប់​ផ្ដើម នោះ​ហើយ​ជា​ថ្ងៃ​ដែល​លោក​នេះ​បាន​ទៅ​ជា​ឆ្កួត!

៦. តើ​ការ​រស់​នៅ​បាន​ប្រសើរ​ឡើង​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១​ទេ?

៦ តើ​នេះ​ជា​អនាគត​ដែល​បាន​សង្ឃឹម​ដោយ​មនុស្ស​ជំនាន់​នោះ​ឬ? គឺ​អត់​ទេ។ សេចក្ដី​សង្ឃឹម​របស់​គេ​បាន​ហិន​ហោច​អស់​រលីង។ ហើយ​សង្គ្រាម​នោះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មាន​អ្វី​ដ៏​ប្រសើរ​ជាង​ដែរ។ គ្រាន់​តែ​២១​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ​១៩៣៩ មហន្តរាយ​ដ៏​អាក្រក់​ជាង​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​បាន​កើត​ឡើង—គឺ​សង្គ្រាម​លោក​លើក​ទី​២។ សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស​ប្រុស ស្រី និង​ក្មេង​ៗ​អស់​៥០​លាន​នាក់។ ការ​ទម្លាក់​គ្រាប់​បែក​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​បាក់​បែក​អស់។ នៅ​សង្គ្រាម​លោក​លើក​ទី​១ មាន​ពួក​ទាហាន​ជា​ច្រើន​ពាន់​នាក់​បាន​ស្លាប់​ក្នុង​រយៈ​មួយ​ថ្ងៃ តែ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ គ្រាប់​បែក​បរមាណូ​ពីរ​គ្រាប់​បាន​សម្លាប់​មនុស្ស​ជាង​១០០.០០០​នាក់ ក្នុង​កំឡុង​មួយ​វិនាទី! អ្វី​ដ៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត គឺ​ការ​កាប់​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ក្នុង​ជំរំ​ឃុំ​ឃាំង​ណាត្ស៊ី។

៧. តើ​អ្វី​ជា​ហេតុ​ការណ៍​ពិត​អំពី​សតវត្ស​ទាំង​មូល​នេះ?

៧ ប្រភព​ពត៌មាន​ជា​ច្រើន​បាន​ថ្លែង​ថា បើ​យើង​រួប​រួម​សង្គ្រាម​រវាង​សាសន៍ ការ​ប្រឆាំង​ស៊ីវិល ហើយ​ការ​បណ្ដាល​ឲ្យ​រាស្ត្រ​ខ្លួន​ស្លាប់​ដោយ​រដ្ឋាភិបាល នោះ​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​សតវត្ស​នេះ នឹង​មាន​ចំនួន​ប្រមាណ​២០០​លាន​នាក់​ផង។ ប្រភព​ពត៌មាន​ទៀត ថែម​ទាំង​និយាយ​ថា​មាន​៣៦០​លាន​នាក់។ សូម​គិត​នូវ​សេចក្ដី​យ៉ាង​រន្ធត់​នេះ​ចុះ៖ ការ​ឈឺ​ចាប់ ទឹកភ្នែក សេចក្ដី​ទុក្ខ​ព្រួយ និង​ការ​ហិនហោច​នៃ​ជីវិត​ទាំង​ឡាយ! បន្ថែម​ទៀត ជា​មធ្យម​មាន​មនុស្ស​៤០.០០០​នាក់ ភាគ​ច្រើន​គឺ​កូន​ក្មេង ស្លាប់​រៀង​រាល់​ថ្ងៃ​ពី​ភាព​ក្រី​ក្រ។ ហើយ​បី​ដង​ក្នុង​ចំនួន​នេះ បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ការ​ពន្លូត​កូន។ ម្យ៉ាង​ទៀត មនុស្ស​ជាង​មួយ​រយ​កោដិ​នាក់​គឺ​ក្រ​ណាស់ ដែល​គេ​ពុំ​អាច​រក​បាន​អាហារ​ប្រចាំ​ថ្ងៃ​ឡើយ។ ស្ថានភាព​ទាំង​នេះ​គឺ​ជា​ទី​សំអាង នូវ​អ្វី​ដែល​បាន​ទាយ​ក្នុង​ទំនាយ​ព្រះ​គម្ពីរ ថា​យើង​រស់​នៅ«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នៃ​ប្រព័ន្ធ​ដ៏​អាក្រក់​ជួជាតិ​នេះ។—ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣; ម៉ាថាយ ២៤:៣​-​១២; លូកា ២១:១០, ១១; វិវរណៈ ៦:៣​-​៨

មនុស្ស​គ្មាន​ដំណោះ​ស្រាយ​ទេ

៨. ហេតុ​អ្វី​ក៏​មេ​ដឹក​នាំ​មនុស្ស​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​លោក​នេះ?

៨ កាល​ដែល​សតវត្ស​ទី​២០​នេះ កាន់​តែ​មក​ដល់​ទី​បញ្ចប់ យើង​អាច​បន្ថែម​ការ​ពិសោធ​របស់​វា ទៅ​នឹង​សតវត្ស​ទាំង​ឡាយ​នៅ​មុន​ៗ។ តើ​ប្រវត្ដិសាស្ត្រ​ទាំង​នោះ​ប្រាប់​យើង​យ៉ាង​ណា? នេះ​គឺ​ប្រាប់​យើង​ថា ពួក​មេ​ដឹក​នាំ​របស់​មនុស្ស មិន​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​នៃ​លោក​នេះ​ទេ ហើយ​គេ​ក៏​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ឥឡូវ​នេះ​ដែរ ហើយ​ចំពោះ​អនាគត​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ទៀត ពី​ព្រោះ​នេះ​គឺ​ហួស​ពី​សមត្ថភាព​របស់​គេ។ ពួក​មេ​ដឹក​នាំ​មនុស្សជាតិ នឹង​មិន​អាច​ផ្ដល់​អនាគត​បែប​ណា​ដែល​យើង​ចង់​បាន​នោះ​ទេ ទោះ​ជា​គេ​មាន​ចេតនា​ដ៏​ល្អ​យ៉ាង​ណា​ក៏​ដោយ។ ហើយ​មនុស្ស​ខ្លះ​ដែល​មាន​អំណាច គឺ​មិន​មាន​ចេតនា​ល្អ​ប៉ុន្មាន​នោះ​ទេ។ គេ​ច្រើន​តែ​ចង់​បាន​ឋានៈ​និង​អំណាច​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្ដិ​និង​ដោយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មែន​សំរាប់​ប្រយោជន៍​អ្នក​ដទៃ​ឡើយ។

៩. ហេតុ​អ្វី​ក៏​មាន​មូលហេតុ​សង្ស័យ​ថា វិទ្យា​សាស្ត្រ​មាន​ដំណោះ​ស្រាយ​សំរាប់​បញ្ហា​របស់​មនុស្ស?

៩ តើ​វិទ្យា​សាស្ត្រ​អាច​ដោះ​ស្រាយ​បាន​ទេ? គឺ​មិន​អាច​ទេ បើ​យើង​ពិចារណា​មើល​ពី​អតីតកាល​នោះ។ វិទ្យា​សាស្ត្រ​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់ ក្នុង​ការ​បង្កើត​សាស្ដ្រាវុធ​ដ៏​អាក្រក់​គ្រប់​ប្រភេទ។ ប្រទេស​ទាំង​ឡាយ រួម​បញ្ចូល​ប្រទេស​ដែល​អាច​ទិញ​បាន នោះ​ចំណាយ​ជាង​៧​ម៉ឺន​កោដិ​ដុល្លារ​ទិញ​សាស្ដ្រាវុធ​រៀង​រាល់​ឆ្នាំ! ម្យ៉ាង​ទៀត ‹ការ​រីក​ចំរើន​ខាង​វិទ្យា​សាស្ត្រ› ក៏​ទទួល​ខុស​ត្រូវ​ដែរ ចំពោះ​ជាតិ​គីមី​ដែល​បណ្ដាល​ឲ្យ​កខ្វក់​នូវ​ខ្យល់ ដី ទឹក និង​អាហារ។

១០. ហេតុ​អ្វី​ក៏​វិជ្ជា​អប់រំ មិន​ធានា​អនាគត​យ៉ាង​ប្រសើរ?

១០ តើ​យើង​អាច​សង្ឃឹម​ថា គ្រឹះស្ថាន​ខាង​ការ​អប់រំ​នៃ​លោក​នេះ នឹង​ជួយ​ឲ្យ​ស្ថាបនា​បាន​អនាគត​ដ៏​ប្រសើរ ហើយ​បង្រៀន​ក្បួន​ខ្នាត​សីលធម៌​ខ្ពង់​ខ្ពស់ ឲ្យ​គិត​ពី​ប្រយោជន៍​របស់​អ្នក​ដទៃ ហើយ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​បាន​ទេ? គឺ​អត់​ទេ។ ផ្ទុយ​ទៅ​វិញ គេ​គិត​តែ​អំពី​អាជីព​និង​ការ​រក​ប្រាក់។ គេ​បាន​ស្ថាបនា​គំនិត​ដ៏​ប្រជែង​គ្នា ជា​ជាង​ការ​ចូល​ដៃ​គ្នា។ វិទ្យាល័យ​ទាំង​ឡាយ​ក៏​មិន​បង្រៀន​សីលធម៌​ដែរ។ ផ្ទុយ​ទៅ​វិញ គេ​បណ្ដោយ​ឲ្យ​មាន​សេរី​ភាព​ខាង​កាម ដែល​បាន​បណ្ដាល​ឲ្យ​ចំរើន​ចំនួន​នៃ​ក្មេង​ស្រី​ៗ​មាន​ផ្ទៃ​ពោះ និង​រោគ​ខាង​កាម​ជា​ច្រើន។

១១. តើ​តាម​របៀប​ណា​ដែល​ប្រវត្ដិ​នៃ​សហគ្រាស នាំ​ឲ្យ​សង្ស័យ​អំពី​អនាគត​ដ៏​ល្អ?

១១ តើ​សហគ្រាស​ដ៏​ធំ​នៃ​លោក​នេះ នឹង​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​មើល​ថែ​រក្សា​ផែនដី​យើង ជា​ជាង​ធ្វើ​ឲ្យ​កខ្វក់​ទេ? តើ​គេ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ ពី​ឥឡូវ​ត​ទៅ​ដោយ​ផលិត​របស់​ដែល​មាន​ប្រយោជន៍​ល្អ ជា​ជាង​រក​តែ​ចំណេញ​ទេ? នោះ​ច្បាស់​ជា​មិន​អាច​ធ្វើ​បាន​ទេ។ តើ​គេ​នឹង​ឈប់​ផលិតកម្ម​វិធី​ទូរទស្សន៍ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​និង​អំពើ​ឥត​សីលធម៌ ដែល​បង្ខូច​គំនិត​មនុស្ស ជា​ពិសេស​ដល់​ក្មេង​ៗ​ទេ? ក្នុង​ករណី​នេះ ដូច​នៅ​មុន​ៗ គឺ​មិន​មែន​ជា​អ្វី​ដ៏​លើក​ទឹក​ចិត្ត​នោះ​ទេ។ ដោយ​សារ​កម្ម​វិធី​ទូរទស្សន៍​ភាគ​ច្រើន​នោះ ទូរទស្សន៍​បាន​ក្លាយ​ទៅ​ជា​រណ្ដៅ​នៃ​អំពើ​ឥត​សីលធម៌ និង​អំពើ​ឃោរឃៅ។

១២. តើ​អ្វី​ជា​ស្ថានភាព​របស់​មនុស្ស​ចំពោះ​ជម្ងឺ​និង​សេចក្ដី​ស្លាប់?

១២ បន្ថែម​ទៀត ទោះ​ជា​ពួក​គ្រូ​ពេទ្យ​មាន​ចេតនា​ល្អ​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​អាច​ឈ្នះ​លើ​ជម្ងឺ​និង​សេចក្ដី​ស្លាប់​ឡើយ។ ជា​ឧទាហរណ៍ នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​១ សហគមន៍​ខាង​ព្យាបាល មិន​អាច​ទប់​ទល់​នឹង​គ្រុន​ចាញ់​អេស្ប៉ាញ​ញ៉ុល។ ទូទាំង​ពិភព​លោក ជម្ងឺ​នេះ​បាន​សម្លាប់​មនុស្ស​២០​លាន​នាក់។ សព្វ​ថ្ងៃ​នេះ ជម្ងឺ​ខាង​បេះ​ដូង មហារីក និង​ជម្ងឺ​ឯ​ទៀត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ គឺ​មាន​ពាស​ពេញ។ វិធី​ព្យាបាល​ក៏​មិន​អាច​ឈ្នះ​នឹង​ជម្ងឺ​ទំនើប​នៃ​រោគ​អេដស៍។ ផ្ទុយ​ទៅ​វិញ នៅ​សន្និបាត​មួយ​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ផ្សាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​សន្និដ្ឋាន​ថា រោគ​អេដស៍​បន្ត​រាល​ដាល គឺ​មាន​ល្បឿន​យ៉ាង​លឿន​ពីរ​ដង​ជាង​បាន​គិត​ទៅ​ទៀត។ មនុស្ស​ជា​ច្រើន​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​រោគ​នេះ​ទៅ​ហើយ។ នៅ​ឆ្នាំ​មុន​នេះ មនុស្ស​បី​លាន​នាក់​ទៀត​បាន​ឆ្លង​ជាប់​រោគ​នេះ។

របៀប​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​អនាគត

១៣, ១៤. (ក) តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​យ៉ាង​ណា​អំពី​អនាគត? (ខ) ហេតុ​អ្វី​ក៏​មនុស្ស​មិន​អាច​នាំ​ឲ្យ​មាន​អនាគត​ដ៏​ប្រសើរ?

១៣ ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា មនុស្សជាតិ​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់ គឺ​ល្អ​ណាស់! ប៉ុន្តែ គេ​មិន​ដាក់​ជំនឿ និង​ការ​ទុក​ចិត្ត​របស់​គេ ថា​អនាគត​ដ៏​ល្អ​នេះ​នឹង​មាន​ឡើង​ដោយ​សារ​មនុស្ស​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​ទុក​ចិត្ត​លើ​ព្រះ​អាទិទេព ព្រះ​យេហូវ៉ា។ ទ្រង់​ជ្រាប​ជា​ប្រាកដ​អំពី​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា—ហើយ​នេះ​នឹង​ជា​អនាគត​ដ៏​ល្អ​អស្ចារ្យ! ទ្រង់​ក៏​ដឹង​ថា​មនុស្ស​មិន​អាច​នាំ​ឲ្យ​មាន​អនាគត​បែប​នេះ​ឡើយ។ ដោយ​សារ​ទ្រង់​បាន​បង្កើត​គេ នោះ​ទ្រង់​ជ្រាប​ពី​កំរិត​របស់​គេ ជាង​បុគ្គល​ណា​ទៅ​ទៀត។ ក្នុង​ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ច្បាស់​ថា ទ្រង់​មិន​បាន​បង្កើត​មនុស្ស​មក​ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​គេ​ដោយ​ជោគ​ជ័យ​នោះ​ទេ បើ​ឥត​មាន​ដឹក​នាំ​ពី​ព្រះ​នោះ។ ការ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ដោយ​ឥត​ពឹង​លើ​ទ្រង់​ជា​យូរ​យារ​មក​ហើយ​នេះ បាន​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ពី​ការ​ឥត​មាន​សមត្ថភាព​នោះ។ អ្នក​និពន្ធ​ម្នាក់​បាន​ទទួល​ស្គាល់​ថា៖ «គំនិត​របស់​មនុស្ស​បាន​សាក​ល្បង​គ្រប់​ទាំង​អំណាច ហើយ​ឥត​មាន​ប្រយោជន៍​ទេ»។

១៤ នៅ​យេរេមា ១០:២៣ យើង​អាន​ពាក្យ​របស់​ព្យាការី​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ ហើយ​នៅ​ទំនុកដំកើង ១៤៦:៣ ចែង​ថា៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។ តាម​ពិត ដោយ​ព្រោះ​មនុស្ស​បាន​កើត​មក​ឥត​គ្រប់ល័ក្ខណ៍ ដូច​រ៉ូម ៥:១២​បាន​បង្ហាញ នោះ​បន្ទូល​នៃ​ព្រះ​ព្រមាន​យើង​កុំ​ឲ្យ​ទុក​ចិត្ត​លើ​ខ្លួន​យើង​ឲ្យ​សោះ។ យេរេមា ១៧:៩ ចែង​ថា៖ «ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង»។ ដូច្នេះ សុភាសិត ២៨:២៦ ចែង​ថា៖ «អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងី​ល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច»។

១៥. តើ​ពី​កន្លែង​ណា​ដែល​អាច​រក​ឃើញ​ប្រាជ្ញា​ដើម្បី​ដឹក​នាំ​យើង​បាន?

១៥ តើ​យើង​អាច​រក​ឃើញ​ប្រាជ្ញា​នេះ​ពី​កន្លែង​ណា? «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នោះ​គឺ​ជា​យោបល់»។ (សុភាសិត ៩:១០) ត្រូវ​ហើយ គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​មាន​ប្រាជ្ញា ដែល​អាច​នាំ​យើង​ឲ្យ​ឆ្លង​កាត់​តាម​គ្រា​ដ៏​លំបាក​នេះ។ ហើយ​ទ្រង់​ប្រទាន​ឲ្យ​យើង​ទទួល​ប្រាជ្ញា​របស់​ទ្រង់ តាម​រយៈ​ព្រះ​គម្ពីរ​បរិសុទ្ធ ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​សំរាប់​ការ​ដឹក​នាំ​របស់​យើង។—សុភាសិត ២:១​-​៩; ៣:១​-​៦; ធីម៉ូថេ​ទី​២ ៣:១៦, ១៧

អនាគត​នៃ​ការ​គ្រប់​គ្រង​មនុស្ស

១៦. តើ​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​សម្រេច​អំពី​អនាគត?

១៦ បើ​ដូច្នេះ តើ​អ្វី​ទៅ​ដែល​បន្ទូល​របស់​ព្រះ​ប្រាប់​យើង​អំពី​អនាគត? ព្រះ​គម្ពីរ​ប្រាប់​យើង​ថា អនាគត​នឹង​ប្រាកដ​ជា​មិន​ដូច​នូវ​អ្វី​ដែល​មនុស្ស​បាន​សម្រេច​ក្នុង​អតីតកាល​ទេ។ ដូច្នេះ ទស្សនៈ​របស់​លោក​ផេត​ត្រី​ក ហីន​រ៉ី គឺ​ខុស​ទៅ​វិញ។ អនាគត​ចំពោះ​ផែនដី​នេះ​និង​សំរាប់​មនុស្ស​គ្រប់​គ្នា គឺ​ស្រេច​ទៅ​លើ​ព្រះ​យេហូវ៉ា មិន​មែន​លើ​មនុស្សជាតិ​ទេ។ ព្រះ​ហឫទ័យ​របស់​ទ្រង់​នឹង​បាន​សម្រេច​លើ​ផែនដី មិន​មែន​តាម​ចិត្ត​នៃ​មនុស្ស​ឬ​សាសន៍​នៃ​លោកីយ៍​នេះ​ឡើយ។ «នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត​ស្ថេរ​នៅ»។—សុភាសិត ១៩:២១

១៧, ១៨. តើ​អ្វី​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​សំរាប់​សម័យ​របស់​យើង?

១៧ ចុះ​យ៉ាង​ណា​វិញ ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​សំរាប់​សម័យ​យើង​នេះ? ទ្រង់​មាន​បំណង​ដើម្បី​បញ្ចប់​របប​លោកីយ៍​ដែល​អាក្រក់​និង​ដែល​ឥត​សីលធម៌​នេះ។ ការ​សោយ​រាជ្យ​ដ៏​អាក្រក់​ជា​ច្រើន​សតវត្ស​ដោយ​មនុស្ស បន្ដិច​ទៀត​នឹង​ត្រូវ​ដាក់​ជំនួស​ដោយ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ទំនាយ​នៅ​ដានីយ៉ែល ២:៤៤ ចែង​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ[ដែល​មាន​សព្វ​ថ្ងៃ​នេះ] ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ[នៅ​ស្ថាន​សួគ៌]១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ ព្រះ​រាជាណាចក្រ​នេះ​នឹង​ដក​ឥទ្ធិពល​ដ៏​អាក្រក់​របស់​អារក្ស​សាតាំង​ចេញ ជា​អ្វី​មួយ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន។ ការ​គ្រប់​គ្រង​របស់​វា​លើ​លោកីយ៍​នេះ​នឹង​លែង​មាន​ជា​រៀង​រហូត​ទៅ។—រ៉ូម ១៦:២០; កូរិនថូស​ទី​២ ៤:៤; យ៉ូហាន​ទី​១ ៥:១៩

១៨ សូម​កត់​សម្គាល់​ថា រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​នឹង​បំបាក់​បំបែក​ការ​គ្រប់​គ្រង​គ្រប់​ប្រភេទ​របស់​មនុស្ស។ ការ​គ្រប់​គ្រង​នៅ​ផែនដី​នេះ គឺ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​ទៀត​ឡើយ។ ពួក​អ្នក​ដែល​រួម​ចំណែក​បង្គ្រប់​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ នឹង​កាន់កាប់​លើ​បញ្ហា​នៅ​ផែនដី សំរាប់​ជា​ប្រយោជន៍​ឲ្យ​មនុស្សជាតិ។ (វិវរណៈ ៥:១០; ២០:៤​-​៦) នៅ​លើ​ផែនដី មនុស្ស​ស្មោះ​ត្រង់​នឹង​រួម​កម្លាំង​ធ្វើ​តាម​សេចក្ដី​បង្គាប់​ពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ នេះ​ជា​ការ​គ្រប់​គ្រង ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​សុំ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។—ម៉ាថាយ ៦:១០

១៩, ២០. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ពី​ការ​រៀបចំ​នៃ​ព្រះ​រាជាណាចក្រ? (ខ) តើ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​លោក?

១៩ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដាក់​ជំនឿ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ នេះ​ជា«ផ្ទៃ​មេឃ​ថ្មី» ដែល​សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។ (ពេត្រុស​ទី​២ ៣:១៣) «ផែនដី​ថ្មី» គឺ​ជា​សង្គម​មនុស្ស​ថ្មី ដែល​នឹង​គ្រប់​គ្រង​ដោយ«ផ្ទៃ​មេឃ​ថ្មី» គឺ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ នេះ​ហើយ​ជា​ការ​រៀបចំ​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់ ដោយ​ចក្ខុនិមិត្ត​ជូន​សាវ័ក​យ៉ូហាន ដែល​បាន​សរសេរ​ថា៖ «រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ . . . ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។—វិវរណៈ ២១:១, ៤

២០ សូម​កត់​សម្គាល់​ថា ផែនដី​ថ្មី​នឹង​បាន​សុចរិត។ លក្ខណៈ​ដ៏​ទុច្ចរិត​នឹង​ដក​យក​ចេញ ដោយ​អំពើ​របស់​ព្រះ នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦) ទំនាយ​នៅ​សុភាសិត ២:២១, ២២ ចែង​ដូច​នេះ​ថា៖ «ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់ល័ក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អា​ក្រក​នឹង​ត្រូវ​កាត់​ឲ្យ​សូន​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។ ហើយ​ទំនុកដំកើង ៣៧:៩ សន្យា​ថា៖ «ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែនដី​ជា​មរដក»។ តើ​លោក​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​បែប​នេះ​ទេ​ឬ?

ទុក​ដាក់​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ

២១. ហេតុ​អ្វី​ក៏​យើង​អាច​ដាក់​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា?

២១ តើ​យើង​អាច​ដាក់​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​ទេ? សូម​ស្ដាប់​នូវ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​តាម​ព្យាការី​របស់​ទ្រង់​ឈ្មោះ​អេសាយ៖ «ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា​គំនិត​សម្រេច​របស់​អញ​នឹង​ស្ថិត​ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ»។ នៅ​ចុង​ខ​១១ ចែង​ថា៖ «អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សម្រេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង»។ (អេសាយ ៤៦:៩​-​១១) ត្រូវ​ហើយ យើង​អាច​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​ទ្រង់ ហាក់​ដូច​ជា​សេចក្ដី​សន្យា​ទាំង​នោះ​បាន​សម្រេច​ពិត​រួច​ទៅ​ហើយ។ ព្រះ​គម្ពីរ​បង្ហាញ​តាម​របៀប​នេះ​ថា៖ «រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។—ហេព្រើរ ១១:១

២២. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់?

២២ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​នឹង​បង្ហាញ​ជំនឿ​បែប​នេះ ពី​ព្រោះ​គេ​ដឹង​ថា ទ្រង់​នឹង​បំពេញ​សេចក្ដី​សន្យា​ទាំង​នោះ។ ជា​ឧទាហរណ៍​នៅ​ទំនុកដំកើង ៣៧:២៩ យើង​អាន​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ តើ​យើង​អាច​ជឿ​លើ​រឿង​នេះ​ទេ? ត្រូវ​ហើយ ពី​ព្រោះ​ហេព្រើរ ៦:១៨ ចែង​ថា៖ «ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ»។ តើ​ព្រះ​ជា​ម្ចាស់​នៃ​ផែនដី ដែល​ទ្រង់​អាច​ប្រទាន​ផែនដី​ឲ្យ​មនុស្ស​រាប​ទាប​ឬ? វិវរណៈ ៤:១១ ប្រកាស​ថា៖ «ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។ ដូច្នេះ ទំនុកដំកើង ២៤:១ ចែង​ថា៖ «ផែនដី​នឹង​សារពើ​នៅ​ផែនដី​ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ហើយ​ជា​ម្ចាស់​នៃ​ផែនដី ហើយ​នឹង​ផ្ដល់​ឲ្យ​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​ទ្រង់។ ដើម្បី​ស្ថាបនា​ការ​ទុក​ចិត្ត​លើ​រឿង​នេះ អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ ចំពោះ​រាស្ត្រ​ទ្រង់​នៅ​អតីតកាល ព្រម​ទាំង​ចំពោះ​រាស្ត្រ​ទ្រង់​នៅ​សម័យ​យើង​នេះ ហើយ​នូវ​ហេតុ​ដែល​យើង​អាច​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ទ្រង់​នឹង​ធ្វើ​ដូច​នេះ​នៅ​អនាគត​ដែរ។

ចំណុច​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

◻ តើ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​មនុស្ស​ទូទាំង​ប្រវត្ដិសាស្ត្រ?

◻ ហេតុ​អ្វី​ក៏​យើង​មិន​ទុក​ចិត្ត​លើ​មនុស្ស​សំរាប់​អនាគត​ដ៏​ប្រសើរ​នោះ?

◻ តើ​អ្វី​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​អនាគត?

◻ ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ទ្រង់?

[រូប​ភាព​នៅ​ទំព័រ​២២]

ព្រះ​គម្ពីរ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ផ្លូវ​របស់​មនុស្ស​មិន​ស្រេច . . . ដំ​រង់​ជំហាន​របស់​ខ្លួន»។—យេរេមា ១០:២៣

[អ្នក​ផ្ដល់​សិទ្ធិ]

Bomb: U.S. National Archives photo; famished children: WHO/OXFAM; refugees: UN PHOTO 186763/J. Isaac; Mussolini and Hitler: U.S. National Archives photo

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក