ព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យារបស់ទ្រង់ចំពោះពួកស្មោះត្រង់
«ព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់»។—ហេព្រើរ ១០:២៣
១, ២. ហេតុអ្វីក៏យើងអាចទុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា?
ព្រះយេហូវ៉ាចង់ឲ្យអ្នកបំរើរបស់ទ្រង់បណ្ដុះ ហើយរក្សាជំនឿដ៏មុតមាំលើទ្រង់និងសេចក្ដីសន្យារបស់ទ្រង់។ ដោយមានជំនឿបែបនេះ យើងអាចទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង ដើម្បីធ្វើអ្វីដែលទ្រង់បានសន្យាថានឹងធ្វើនោះ។ បន្ទូលរបស់ទ្រង់ចែងថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថថា៖ ‹ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ។ ក៏នឹងសម្រេចដូចជាអញបានកំណត់ទុកផង›»។—អេសាយ ១៤:២៤
២ សេចក្ដីដែលថា «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថ» បង្ហាញថា ទ្រង់ផ្ដល់សេចក្ដីស្បថដើម្បីសម្រេចសេចក្ដីសន្យារបស់ទ្រង់។ ហេតុនេះហើយបានជាបន្ទូលរបស់ទ្រង់ ចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) នៅពេលដែលយើងទុកចិត្តលើព្រះយេហូវ៉ា ហើយអនុញ្ញាតឲ្យប្រាជ្ញារបស់ទ្រង់ដឹកនាំខ្លួនយើង នោះផ្លូវរបស់យើងនឹងនាំដល់ជីវិតអស់កល្បជានិច្ចជាមិនខាន ដ្បិតប្រាជ្ញារបស់ព្រះគឺ«ជាដើមឈើនៃជីវិត ដល់អស់អ្នកណាដែលចាប់យកបាន»។—សុភាសិត ៣:១៨; យ៉ូហាន ១៧:៣
ជំនឿពិតនៅសម័យពីបុរាណ
៣. តើតាមរបៀបណាដែលលោកណូអេបង្ហាញជំនឿលើព្រះយេហូវ៉ា?
៣ ប្រវត្ដិនៃការប្រព្រឹត្តរបស់ព្រះយេហូវ៉ា ចំពោះពួកអ្នកដែលមានជំនឿពិត បង្ហាញថាអាចទុកចិត្តលើទ្រង់បាន។ ជាឧទាហរណ៍ ជាង៤.៤០០ឆ្នាំកន្លងទៅនេះ ព្រះបានមានបន្ទូលប្រាប់លោកណូអេថា មនុស្សនៅសម័យរបស់លោកនឹងត្រូវកំទេចចោល ដោយទឹកជំនន់ពិភពលោក។ ទ្រង់បានបង្គាប់គាត់ឲ្យសង់ទូកធំមួយ ដើម្បីសង្គ្រោះមនុស្សនិងជីវិតរបស់សត្វទាំងឡាយ។ តើលោកណូអេបានធ្វើយ៉ាងណា? ហេព្រើរ ១១:៧ ចែងប្រាប់យើងថា៖ «ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំ សំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក»។ ហេតុអ្វីក៏លោកណូអេមានជំនឿលើអ្វី ដែលមិនដែលកើតឡើងពីមុន ជាអ្វីដែល«មិនទាន់ឃើញនៅឡើយ»? ពីព្រោះលោកមានចំណេះអំពីការប្រព្រឹត្តរបស់ព្រះ ជាមួយមនុស្ស ហើយបានដឹងថា អ្វីដែលព្រះទ្រង់មានបន្ទូលនឹងបានសម្រេចជាមិនខាន។ ដូច្នេះ លោកណូអេបានដឹងប្រាកដថា ទឹកជំនន់នឹងមានឡើងជាមិនខាន។—លោកុប្បត្តិ ៦:៩-២២
៤, ៥. ហេតុអ្វីក៏លោកអ័ប្រាហាំទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា?
៤ ឧទាហរណ៍មួយទៀត គឺអំពីជំនឿពិតរបស់លោកអ័ប្រាហាំ។ ជិត៣.៩០០ឆ្នាំកន្លងទៅនេះ ពេលដែលព្រះបានមានបន្ទូលប្រាប់គាត់ឲ្យបូជាកូនរបស់គាត់ អ៊ីសាក ជាកូនប្រុសតែមួយពីសារ៉ា ជាប្រពន្ធរបស់គាត់។ (លោកុប្បត្តិ ២២:១-១០) តើអ័ប្រាហាំបានតបឆ្លើយយ៉ាងណា? ហេព្រើរ ១១:១៧ រៀបរាប់ថា៖ «ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក»។ ប៉ុន្តែ ដល់គ្រាចុងបញ្ចប់ ទេវតារបស់ព្រះយេហូវ៉ាបានបញ្ឈប់អ័ប្រាហាំ។ (លោកុប្បត្តិ ២២:១១, ១២) ប៉ុន្តែ ហេតុអ្វីក៏លោកអ័ប្រាហាំគិតចង់ធ្វើអំពើបែបនេះ? ពីព្រោះដូចនៅហេព្រើរ ១១:១៩ ចែងថា៖ «លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន[អ៊ីសាក] ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ»។ ប៉ុន្តែ តើអ័ប្រាហាំអាចមានជំនឿលើដំណើររស់ឡើងវិញយ៉ាងណាបាន បើគាត់មិនដែលឃើញសោះ ហើយគ្មានសេចក្ដីណាចែងអំពីពួកប្រោសឲ្យរស់ឡើងវិញផង?
៥ សូមចងចាំថា សារ៉ាមានអាយុ៨៩ឆ្នាំ ពេលដែលព្រះបានសន្យាប្រាប់គេ ថានឹងមានកូនប្រុសមួយ។ ស្បូនរបស់សារ៉ាហាក់ដូចជាស្លាប់ទៅហើយ គឺមិនអាចទ្រទ្រង់កូនបានទេ។ (លោកុប្បត្តិ ១៨:៩-១៤) ប៉ុន្តែ ព្រះបានធ្វើឲ្យស្បូនសារ៉ាបានល្អឡើងវិញ ហើយនាងបានបង្កើតអ៊ីសាក។ (លោកុប្បត្តិ ២១:១-៣) អ័ប្រាហាំបានដឹងថា ដោយសារព្រះអាចធ្វើឲ្យស្បូនស្លាប់របស់សារ៉ាទៅជាមានជីវិតវិញ នោះទ្រង់ក៏អាចធ្វើឲ្យអ៊ីសាកមានជីវិតវិញបានដែរ បើត្រូវការនោះ។ រ៉ូម ៤:២០, ២១ ចែងអំពីអ័ប្រាហាំថា៖ «លោកក៏មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្ដីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថាសេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសម្រេចបាន»។
៦. ហេតុអ្វីក៏លោកយ៉ូស្វេទុកចិត្តលើព្រះយេហូវ៉ា?
៦ ជាង៣.៤០០ឆ្នាំកន្លងទៅនេះ ពេលដែលយ៉ូស្វេមានអាយុជាងមួយរយឆ្នាំ ហើយក្រោយពីបានពិសោធនូវការទុកចិត្តលើព្រះអស់មួយជីវិតហើយ គាត់បានឲ្យមូលហេតុនេះនៃការទុកចិត្តរបស់គាត់ថា៖ «ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២៣:១៤
៧, ៨. តើពួកគ្រីស្ទានស្មោះត្រង់នៅសតវត្សទីមួយបានធ្វើកិច្ចការអ្វីដែលអាចសង្គ្រោះគេបាន ហើយហេតុអ្វី?
៧ ប្រហែលជា១.៩០០ឆ្នាំកន្លងទៅនេះ មនុស្សដែលមានចិត្តរាបទាបជាច្រើនបង្ហាញថាគេមានជំនឿពិត។ គេក៏បានដឹងពីការសម្រេចនៃបទទំនាយនៃព្រះគម្ពីរ ថាព្រះយេស៊ូជាព្រះមេស្ស៊ី ហើយទទួលយកការបង្រៀនរបស់ទ្រង់។ ដោយមានគ្រឹះដ៏មុតមាំនេះក្នុងហេតុការណ៍ពិត និងក្នុងបទគម្ពីរភាសាហេព្រើរ គេបានមានជំនឿលើអ្វីៗដែលព្រះយេស៊ូបានបង្រៀន។ ដូច្នេះ ពេលដែលព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ ថាសេចក្ដីជំនុំជំរះរបស់ព្រះនឹងមានមកលើស្រុកយូដានិងក្រុងយេរូសាឡិម ដោយសារភាពឥតស្មោះត្រង់របស់គេ នោះគេបានជឿលើទ្រង់។ ហើយពេលដែលទ្រង់មានបន្ទូលប្រាប់គេ ឲ្យធ្វើអ្វីដើម្បីសង្គ្រោះជីវិតរបស់គេ នោះគេបានធ្វើតាមមែន។
៨ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកជឿថា ពេលដែលក្រុងយេរូសាឡិមបានឡោមព័ទ្ធដោយកងទ័ពពាហិរជន នោះគេត្រូវរត់ចេញ។ កងទ័ពរ៉ូមបានមកប្រឆាំងក្រុងយេរូសាឡិមក្នុងឆ្នាំ៦៦នៃសករាជយើង។ ប៉ុន្តែ រួចមកទ័ពបានចេញដោយគ្មានមូលហេតុ។ នោះគឺជាសញ្ញាឲ្យពួកគ្រីស្ទានចាកចេញទីក្រុង ដ្បិតព្រះយេស៊ូបានមានបន្ទូលថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ (លូកា ២១:២០, ២១) អស់ពួកអ្នកដែលមានជំនឿពិតបានចាកចេញពីក្រុងយេរូសាឡិម ហើយរត់ទៅរកកន្លែងផុតពីគ្រោះថ្នាក់។
កម្មផលនៃការគ្មានជំនឿ
៩, ១០. (ក) តើតាមរបៀបណាដែលមេដឹកនាំសាសនា បង្ហាញនូវការឥតជំនឿរបស់គេលើព្រះយេស៊ូ? (ខ) តើអ្វីជាកម្មផលនៃការគ្មានជំនឿ?
៩ តើពួកអ្នកដែលគ្មានជំនឿពិតបានធ្វើអ្វី? ពួកគេឥតរត់គេចចេញទេ ពេលដែលមានឱកាសនោះ។ គេបានគិតថា ពួកអ្នកដឹកនាំរបស់គេនឹងអាចសង្គ្រោះគេបាន។ ពួកអ្នកដឹកនាំទាំងនោះ និងពួកកាន់តាមគេ ក៏បានឃើញនូវភាពជាព្រះមេស្ស៊ីរបស់ព្រះយេស៊ូដែរ។ ដូច្នេះ ហេតុអ្វីក៏គេមិនបានធ្វើតាមអ្វីដែលទ្រង់មានបន្ទូលនោះ? នេះគឺដោយព្រោះចិត្តដ៏អាក្រក់របស់គេ។ នេះបានលាតត្រដាងឡើង ពេលដែលគេឃើញមនុស្សសាមញ្ញទៅឯព្រះយេស៊ូ ក្រោយពីទ្រង់បានប្រោសឡាសារឲ្យរស់ឡើងវិញ។ យ៉ូហាន ១១:៤៧, ៤៨ រៀបរាប់ថា៖ «ពួកសង្គ្រាជ នឹងពួកផារីស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា៖ ‹តើយើងត្រូវធ្វើដូចម្ដេច ព្រោះមនុស្សនេះ[ព្រះយេស៊ូ]ធ្វើទីសំគាល់ច្រើនណាស់? បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើង› »។ ខ៥៣ ចែងថា៖ «ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ»។
១០ នេះជាអព្ភូតហេតុដ៏អស្ចារ្យមែន ដែលព្រះយេស៊ូបានធ្វើ—ដោយនាំឡាសារឲ្យរស់ឡើងវិញ! ប៉ុន្តែ មេដឹកនាំសាសនាចង់ធ្វើគត់ព្រះយេស៊ូ ដោយទ្រង់បានប្រព្រឹត្តបែបនេះ។ អំពើកំណាចដ៏អាក្រក់របស់គេ ក៏បានឃើញទៀត នៅពេលដែល«ពួកសង្គ្រាជ គេជំនុំគ្នានឹងសម្លាប់ទាំងឡាសារដែរ ដ្បិត ដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ»។ (យ៉ូហាន ១២:១០, ១១) ឡាសារទើបតែបានប្រោសពីសេចក្ដីស្លាប់ ហើយគេចង់ឲ្យគាត់ស្លាប់ម្ដងទៀត! ពួកសង្ឃដែលអាក្រក់ទាំងនោះ មិនខ្វល់ខ្វាយអំពីព្រះហឫទ័យរបស់ព្រះទេ ឬអំពីសុខភាពនៃមនុស្សធម្មតាឡើយ។ គេមានចិត្តកំណាញ់ណាស់ ខ្វល់ខ្វាយតែឋានៈ និងប្រយោជន៍របស់គេទេ។ «គេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ»។ (យ៉ូហាន ១២:៤៣) ប៉ុន្តែ គេបានទទួលកម្មផលដោយសារការឥតជំនឿ ព្រោះនៅឆ្នាំ៧០ ស.យ. កងទ័ពរ៉ូមបានត្រឡប់មកវិញ ហើយកំទេចចោលកន្លែងនិងស្រុកគេ ហើយជាច្រើននាក់បានបាត់បង់ជីវិត។
ជំនឿដែលបានបង្ហាញនៅសម័យយើងនេះ
១១. នៅដើមនៃសតវត្សនេះ តើជំនឿពិតបានបង្ហាញឲ្យឃើញយ៉ាងដូចម្ដេច?
១១ នៅសតវត្សយើងនេះ ក៏មានមនុស្សប្រុសស្រីជាច្រើនដែលមានជំនឿពិតដែរ។ ជាឧទាហរណ៍ នៅដើមនៃទសវត្សឆ្នាំ១៩០០ មនុស្សទូទៅទន្ទឹងចាំអនាគតដែលសុខសាន្ត ហើយដែលរីកចំរើន។ នៅពេលដដែលគ្នានេះ អស់អ្នកដែលដាក់ជំនឿលើព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ បានប្រកាសថាមនុស្សនឹងចូលក្នុងសម័យដែលឃើញបញ្ហាច្រើនជាងក្នុងប្រវត្ដិសាស្ត្រ។ នេះហើយជាអ្វីដែលបន្ទូលរបស់ព្រះបានទាយប្រាប់ក្នុងម៉ាថាយ ជំពូក២៤ ធីម៉ូថេទី២ ជំពូក៣ និងកន្លែងផ្សេងៗទៀត។ អ្វីដែលពួកមនុស្សដែលមានជំនឿទាំងនេះបាននិយាយ បានកើតឡើងមែន ចាប់ផ្ដើមពីឆ្នាំ១៩១៤ សង្គ្រាមលោកលើកទី១បានផ្ទុះឡើង។ ពិភពលោកគឺបានចូល«ថ្ងៃជាន់ក្រោយបង្អស់»ដែលបានទាយមក ជា«គ្រាដ៏លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ហេតុអ្វីក៏ពួកអ្នកបំរើព្រះយេហូវ៉ាអាចដឹងសេចក្ដីពិតអំពីរឿងនេះ ពេលដែលអ្នកដទៃឥតដឹងសោះ? ពីព្រោះដូចយ៉ូស្វេ គេមានជំនឿលើបន្ទូលរបស់ព្រះយេហូវ៉ាទាំងអស់នឹងបានសម្រេចជាមិនខាន។
១២. សព្វថ្ងៃនេះ តើរាស្ត្ររបស់ទ្រង់ទុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាមួយណា?
១២ សព្វថ្ងៃនេះ ពួកអ្នកបំរើព្រះយេហូវ៉ា ដែលដាក់ជំនឿលើទ្រង់ មានជាងប្រាំមួយលាននាក់ជុំវិញផែនដី។ គេដឹងពីទីសំអាងក្នុងការសម្រេចនៃបន្ទូលរបស់ព្រះ ដែលបន្ដិចទៀត ព្រះនឹងធ្វើឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ដ៏ពុករលួយនេះ។ ដូច្នេះ គេទុកចិត្តថា ពេលនោះគឺជិតណាស់ ក្នុងកាលដែលគេឃើញការសម្រេចនៃយ៉ូហានទី១ ២:១៧ ដែលចែងថា៖ «ឯលោកីយ៍នេះនឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ អ្នកបំរើរបស់ទ្រង់ទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ថាទ្រង់នឹងសម្រេចសេចក្ដីសន្យានេះ។
១៣. តើដល់កំរិតណាដែលអ្នកអាចទុកចិត្តលើព្រះយេហូវ៉ា?
១៣ តើដល់កំរិតណាដែលអ្នកអាចទុកចិត្តលើព្រះយេហូវ៉ា? អ្នកអាចទុកចិត្តលើព្រះយេហូវ៉ា រហូតនឹងហ៊ានប្ដូរជីវិតរបស់អ្នកផង! ទោះជាអ្នកបាត់បង់ជីវិតដោយសារបំរើទ្រង់ក្ដី នោះទ្រង់នឹងឲ្យជីវិតដ៏ប្រសើរវិញតាមរយៈដំណើររស់ឡើងវិញ! ព្រះយេស៊ូធានារ៉ាប់រងយើងថា៖ «ពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ[នោះគឺថាក្នុងគំនិតរបស់ព្រះ] នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) តើអ្នកដឹងថា មានអ្នកដឹកនាំណាខាងនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកជំនួញ គ្រូពេទ្យ ឬមនុស្សណាមួយអាចធ្វើនេះបានទេ? គឺអត់ទេ អតីតប្រវត្ដិសាស្ត្ររបស់គេ បង្ហាញថាគេមិនអាចធ្វើបានទេ។ រីឯព្រះយេហូវ៉ាទ្រង់អាចធ្វើបាន ហើយទ្រង់នឹងធ្វើមែន!
អនាគតដ៏អស្ចារ្យសំរាប់ពួកស្មោះត្រង់
១៤. តើអនាគតដ៏អស្ចារ្យអ្វីដែលបន្ទូលរបស់ព្រះបានសន្យាដល់ពួកស្មោះត្រង់?
១៤ ព្រះយេស៊ូបានបង្ហាញភាពពិតប្រាកដនៃពិភពលោកថ្មី នៅក្រោមព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ព្រះ ដោយមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងបានផែនដីជាមរដក»។ (ម៉ាថាយ ៥:៥) នោះគឺបានពង្រឹងសេចក្ដីសន្យារបស់ព្រះនៅទំនុកដំកើង ៣៧:២៩៖ «ពួកអ្នកសុចរិតនឹងបាន[ផែនដី]ទុកជាមរដក ហើយនឹងនៅក្នុង[ផែនដី]នោះជានិច្ច»។ ហើយគ្រាន់តែមុនការសោយទិវង្គតរបស់ព្រះយេស៊ូ នៅពេលដែលជនឧក្រិដ្ឋម្នាក់បានមានជំនឿលើទ្រង់ នោះព្រះយេស៊ូមានបន្ទូលប្រាប់បុរសនេះថា៖ «អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។ (លូកា ២៣:៤៣) ត្រូវហើយ ជាស្តេចនៃព្រះរាជាណាចក្រ ទ្រង់នឹងធានារ៉ាប់រងថា បុរសនេះនឹងបានប្រោសឲ្យរស់ឡើងវិញលើផែនដី ហើយមានឱកាសរស់នៅជារៀងរហូតនៅក្នុងសួនមនោរម្យនោះ។ សព្វថ្ងៃនេះ អស់អ្នកដែលទុកចិត្តលើព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា អាចទន្ទឹងចាំការរស់នៅក្នុងសួនមនោរម្យនោះ នៅពេលដែល«ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។—វិវរណៈ ២១:៤
១៥, ១៦. ហេតុអ្វីក៏ជីវិតនឹងបានសុខសាន្តម្ល៉េះនៅក្នុងពិភពលោកថ្មី?
១៥ សូមឲ្យយើងសញ្ជឹងគិតទៅមុខដល់ពិភពលោកថ្មីនោះ។ សូមគិតថា យើងកំពុងរស់នៅក្នុងលោកនោះរួចទៅហើយ។ មួយរំពេចនោះ យើងឃើញមនុស្សដ៏សប្បាយរីករាយរស់នៅជាមួយគ្នា ប្រកបដោយសន្ដិភាពទាំងស្រុង។ គេកំពុងអរសប្បាយនឹងស្ថានការណ៍ស្រដៀងនឹងអ្វីដែលបានរៀបរាប់នៅអេសាយ ១៤:៧៖ «ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ។ គេទំលាយសម្លេងច្រៀងចេញមក»។ ហេតុអ្វីក៏ពួកគេប្រព្រឹត្តបែបនោះ? សូមកត់សម្គាល់ថា ទ្វារផ្ទះគឺមិនមានសោទេ។ គឺមិនចាំបាច់ជាប់សោទេ ព្រោះឥតមានចោរ ឧក្រិដ្ឋកម្ម ឬអំពើឃោរឃៅឡើយ។ នេះគឺដូចបន្ទូលរបស់ព្រះចែងអញ្ចឹងមែន៖ «គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។—មីកា ៤:៤
១៦ ក៏នឹងឥតមានសង្គ្រាមដែរ ពីព្រោះនៅទីនេះ សង្គ្រាមបានត្រូវចាត់ជាខុសច្បាប់ ហើយសាស្ដ្រាវុធទាំងអស់នឹងត្រូវធ្វើជាឧបករណ៍នៃសន្ដិភាពវិញ។ ក្នុងន័យជាពេញលេញ អេសាយ ២:៤ ក៏នឹងបានសម្រេច៖ «គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ។ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។ ប៉ុន្តែ នេះហើយជាអ្វីដែលយើងសង្ឃឹមថានឹងមាននោះ! ហេតុអ្វី? ពីព្រោះពួកអ្នកដែលរស់នៅក្នុងពិភពលោកថ្មីបានរៀនធ្វើដូច្នេះ កាលដែលគេកំពុងតែបំរើព្រះក្នុងពិភពលោកចាស់។
១៧. តើស្ថានភាពរស់នៅបែបណា នឹងមាននៅក្រោមព្រះរាជាណាចក្ររបស់ព្រះ?
១៧ មានអ្វីមួយទៀតដែលអ្នកនឹងកត់សម្គាល់។ គឺឥតមានភាពក្រីក្រទេ នឹងគ្មានអ្នកណាមួយដែលនឹងរស់នៅក្នុងខ្ទម ឬស្លៀកពាក់ខោអាវរហែករយ៉ីរយ៉ៃ ឬឥតមានផ្ទះសម្បែងនោះឡើយ។ មនុស្សគ្រប់គ្នានឹងមានផ្ទះរស់នៅដ៏ស្រួល ហើយនឹងមានបរិវេណដ៏ល្អស្អាត ដោយមានដើមឈើនិងផ្កាដ៏ស្រស់ៗទាំងឡាយ។ (អេសាយ ៣៥:១, ២; ៦៥:២១, ២២; អេសេគាល ៣៤:២៧) ហើយដូចជាអ្នកបានឃើញ គឺនឹងឥតមានការអត់ឃ្លាន ពីព្រោះព្រះបានសម្រេចសន្យារបស់ទ្រង់ ថានឹងមានសំបូរអាហារសំរាប់មនុស្សគ្រប់គ្នា៖ «ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។ (ទំនុកដំកើង ៧២:១៦) ប្រាកដហើយ នៅក្រោមការដឹកនាំរបស់ព្រះរាជាណាចក្រនៃព្រះ នោះសួនមនោរម្យដ៏រុងរឿងនឹងបានពង្រីកពាសពេញផែនដី ដូចអ្វីដែលព្រះបានសន្យានៅឯសួនអេដែនមែន។—លោកុប្បត្តិ ២:៨
១៨. ក្នុងពិភពលោកថ្មី តើអ្វីដែលនឹងលែងគំរាមកំហែងមនុស្ស?
១៨ ម្យ៉ាងទៀត អ្នកនឹងមានចិត្តអស្ចារ្យ ចំពោះកម្លាំងស្វាហាប់ដែលមនុស្សគ្រប់គ្នាមាន។ នេះគឺដោយសារ ឥឡូវនេះគេមានរូបកាយនិងគំនិតគ្រប់ល័ក្ខណ៍។ គឺលែងមានជម្ងឺ ការឈឺចាប់ ឬសេចក្ដីស្លាប់ទៀតទេ។ គ្មានអ្នកណាមួយនឹងត្រូវអង្គុយជិះកៅអីមានកង់ ឬដេកពេទ្យទៀតឡើយ។ របស់ទាំងនេះនឹងលែងមានទៀតហើយ។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) សូម្បីតែសត្វទាំងឡាយក៏ឥតគំរាមកំហែងជីវិតមនុស្សទៀតទេ ដ្បិតដោយអំណាចរបស់ព្រះ សត្វនឹងបានក្លាយទៅជាស្លូតវិញ។—អេសាយ ១១:៦-៨; ៦៥:២៥; អេសេគាល ៣៤:២៥
១៩. ហេតុអ្វីក៏រៀងរាល់ថ្ងៃក្នុងពិភពលោកថ្មី នឹងទៅជា«រីករាយ»?
១៩ នេះជាអារ្យធម៌ដ៏ល្អអស្ចារ្យដែលបានស្ថាបនាឡើង ដោយពួករស់នៅដ៏ស្មោះត្រង់នៃពិភពលោកថ្មីនេះ! កម្លាំងនិងជំនាញរបស់គេ នឹងយកមកប្រើសំរាប់ការស្វែងរកដែលមានប្រយោជន៍ មិនមែនសំរាប់ធ្វើឲ្យឈឺចាប់នោះទេ គឺនឹងរួមដៃជាមួយគ្នា មិនមែនដើម្បីប្រជែងនឹងគេទេ។ ហើយមនុស្សគ្រប់គ្នាដែលអ្នកជួប នោះគឺជាបុគ្គលដែលអ្នកអាចទុកចិត្តលើបាន ពីព្រោះដូចព្រះបានសន្យាមក មនុស្សទាំងអស់«ជាសិស្សរបស់ព្រះយេហូវ៉ា»។ (អេសាយ ៥៤:១៣) ដោយព្រោះមនុស្សគ្រប់គ្នាបានគ្រប់គ្រងដោយក្រិត្យវិន័យរបស់ព្រះ នោះផែនដីនឹងពេញដោយមនុស្សដែល«ស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ (អេសាយ ១១:៩) ប្រាកដហើយ រៀងរាល់ថ្ងៃក្នុងពិភពលោកថ្មីនេះ គឺនឹងបានដូចទំនុកដំកើង ៣៧:១១ បានចែងមក គឺនឹងបាន«រីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។
អនាគតដ៏សប្បាយរីករាយបានធានារ៉ាប់រង
២០. តើអ្វីដែលយើងត្រូវធ្វើឲ្យទទួលបានអនាគតដ៏សុខសាន្តនោះ?
២០ តើយើងត្រូវធ្វើអ្វីឥឡូវនេះ ដើម្បីឲ្យមានចំណែកក្នុងអនាគតដ៏សប្បាយនោះ? អេសាយ ៥៥:៦ ប្រាប់យើងថា៖ «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ។ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»។ ហើយកាលដែលយើងស្វែងរកនោះ អាកប្បកិរិយារបស់យើងនឹងត្រូវឲ្យបានដូចអ្វីដែលបានចែងនៅទំនុកដំកើង ១៤៣:១០ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត»។ អស់អ្នកដែលធ្វើបែបនេះ អាចដើរដោយគ្មានទោសចំពោះព្រះយេហូវ៉ា ឆ្លងកាត់ថ្ងៃជាន់ក្រោយបង្អស់នេះ ហើយអាចទន្ទឹងចាំអនាគតដ៏ល្អ។ «ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ។ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា។ ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ»។—ទំនុកដំកើង ៣៧:៣៧, ៣៨
២១, ២២. តើព្រះកំពុងតែស្ថាបនាអ្វីសព្វថ្ងៃនេះ ហើយតើការបង្ហាត់នេះនឹងបានសម្រេចយ៉ាងដូចម្ដេច?
២១ ឥឡូវនេះ ព្រះយេហូវ៉ាអញ្ជើញមនុស្សក្នុងលោកនេះ គឺអស់អ្នកដែលចង់រៀនអំពីទ្រង់ និងចង់ដាក់ជំនឿលើទ្រង់។ ទ្រង់កំពុងតែស្ថាបនាពួកគេឲ្យទៅជាគ្រឹះនៃសង្គមថ្មីរបស់ទ្រង់លើផែនដី ដូចទំនាយរបស់ព្រះគម្ពីរបានប្រាប់ថា៖ «នៅជាន់ក្រោយបង្អស់ [ជាគ្រាដែលយើងកំពុងតែរស់នៅនេះ] . . . ប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា៖ ‹ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា[គឺការថ្វាយបង្គំពិតរបស់ទ្រង់] . . . ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ› »។—អេសាយ ២:២, ៣
២២ វិវរណៈ ៧:៩ រៀបរាប់អំពីពួកទាំងនេះជា«មនុស្ស១ហ្វូងយ៉ាងធំ . . . គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ខ១៤ ចែងថា៖ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក» ដែលនឹងរួចរស់ជីវិតពីទីបញ្ចប់នៃលោកនេះ។ គ្រឹះនេះសំរាប់ពិភពលោកថ្មី គឺឥឡូវនេះមានជាងប្រាំមួយលាននាក់ដែលមានជំនឿមុតមាំ ហើយមានរាប់រយពាន់នាក់ទៀត បានក្លាយចូលគ្រឹះនេះជារៀងរាល់ឆ្នាំ។ ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ឥឡូវនេះកំពុងតែបានត្រូវបង្ហាត់ សំរាប់ជីវិតដ៏អស់កល្បជានិច្ចក្នុងពិភពលោកថ្មីរបស់ទ្រង់។ ពួកគេកំពុងតែរៀនជំនាញខាងវិញ្ញាណនិងផ្សេងៗទៀត ដើម្បីកែប្រែផែនដីនេះទៅជាសួនមនោរម្យ។ ហើយគេទុកចិត្តទាំងស្រុងថា សួនមនោរម្យដែលនឹងមកនៅខាងមុខនេះ ជាការពិត ពីព្រោះ«ព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់»។—ហេព្រើរ ១០:២៣
ចំណុចសំរាប់ពិនិត្យសាឡើងវិញ
◻ តើអ្វីជាកម្មផលនៃការឥតមានជំនឿ នៅសតវត្សទីមួយ?
◻ តើរាស្ត្ររបស់ព្រះអាចទុកចិត្តលើទ្រង់ដល់កំរិតណា?
◻ តើពួកស្មោះត្រង់នឹងមានអនាគតបែបណា?
◻ តើអ្វីដែលយើងត្រូវធ្វើ ដើម្បីឲ្យបានអនាគតដ៏សប្បាយសំរាប់ខ្លួនយើងក្នុងពិភពលោកថ្មីរបស់ព្រះ?
[រូបភាពនៅទំព័រ៣០]
ឥឡូវនេះ ព្រះយេហូវ៉ាកំពុងតែស្ថាបនាគ្រឹះនៃសង្គមថ្មីនៅលើផែនដី