ពួកគេ«បានឃើញ»អ្វីៗដែលព្រះបានសន្យា
«ទោះជាពួកគេមិនបានទទួលអ្វីដែលបានត្រូវសន្យាក៏ដោយ ក៏ពួកគេបានឃើញការនោះពីចម្ងាយ»។—ហេប្រឺ ១១:១៣
១. តើយើងអាចទទួលប្រយោជន៍អ្វីពីសមត្ថភាពស្រមៃគិតអំពីអ្វីៗដែលយើងមិនទាន់ឃើញ? (សូមមើលរូបភាពនៅដើមអត្ថបទ)
ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអំណោយដ៏អស្ចារ្យមួយ គឺសមត្ថភាពស្រមៃគិតអំពីអ្វីៗដែលយើងមិនទាន់ឃើញ។ សមត្ថភាពនេះជួយយើងឲ្យទន្ទឹងរង់ចាំអ្វីៗដ៏ល្អនាអនាគត ហើយក៏ជួយយើងឲ្យគិតទុកជាមុន ព្រមទាំងជួយយើងឲ្យជៀសវាងពីបញ្ហាផ្សេងៗផងដែរ។ ព្រះយេហូវ៉ាស្គាល់អំពីអនាគត ហើយលោកប្រាប់យើងអំពីអ្វីខ្លះដែលយើងអាចសង្ឃឹមទទួលនៅថ្ងៃមុខ។ ទោះជាយើងមិនអាចឃើញអ្វីៗទាំងនោះក្ដី ក៏យើងអាចស្រមៃគិតអំពីរឿងទាំងនោះបាន ហើយមានជំនឿថាអ្វីៗទាំងនោះនឹងកើតឡើង។—កូរិនថូសទី២ ៤:១៨
២, ៣. (ក) តើការស្រមៃគិតអាចជួយយើងយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
២ ជួនកាល យើងប្រហែលជាស្រមៃគិតអំពីអ្វីៗដែលគ្មានថ្ងៃនឹងកើតឡើងបានទេ។ ជាឧទាហរណ៍ ក្មេងស្រីតូចម្នាក់ប្រហែលជាស្រមៃគិតថានាងកំពុងជិះសត្វមេអំបៅមួយ។ រឿងនោះច្បាស់ជាមិនអាចកើតឡើងបានទេ។ ប៉ុន្តែ នាងហាណាដែលជាម្ដាយរបស់សាំយូអែលបានស្រមៃគិតអំពីអ្វីដែលអាចកើតឡើង។ នាងបានបន្តគិតអំពីថ្ងៃដែលនាងនឹងនាំកូនប្រុសរបស់នាងទៅឯត្រសាលដើម្បីធ្វើការជាមួយនឹងពួកសង្ឃ។ នោះមិនគ្រាន់តែជាការស្រមៃគិតទេ តែជាអ្វីមួយដែលនាងបានសម្រេចចិត្តរួចហើយ។ ដូច្នេះ ការស្រមៃគិតអំពីថ្ងៃនោះ បានផ្ដល់កម្លាំងឲ្យហាណាដើម្បីធ្វើតាមសេចក្ដីសន្យារបស់នាងចំពោះព្រះយេហូវ៉ា។ (សាំយូអែលទី១ ១:២២) ម្យ៉ាងទៀត ពេលយើងស្រមៃគិតអំពីអ្វីដែលព្រះយេហូវ៉ាបានសន្យា នោះយើងកំពុងស្រមៃគិតអំពីអ្វីៗដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។—ពេត្រុសទី២ ១:១៩-២១
៣ នៅសម័យគម្ពីរ រាស្ត្រជាច្រើនរបស់ព្រះយេហូវ៉ាអាចស្រមៃគិតអំពីអ្វីដែលលោកបានសន្យា។ ហេតុអ្វីជាការល្អដែលពួកគេធ្វើដូច្នេះ? ហើយហេតុអ្វីជាការល្អដែលយើងស្រមៃគិតថាជីវិតរបស់យើងនឹងទៅជាយ៉ាងណាពេលដែលសេចក្ដីសន្យារបស់ព្រះនឹងក្លាយទៅជាការពិត?
ជំនឿរបស់ពួកគេកាន់តែរឹងមាំ ពេលដែលពួកគេស្រមៃគិតអំពីអនាគត
៤. ហេតុអ្វីអេបិលអាចស្រមៃគិតអំពីអនាគតដែលប្រសើរជាង?
៤ អេបិលគឺជាបុរសដំបូងដែលមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ គាត់បានដឹងអំពីអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅសត្វពស់ ក្រោយពីអាដាមនិងអេវ៉ាបានធ្វើអំពើខុសឆ្គង។ ប្រសាសន៍នោះគឺ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៤, ១៥) ទោះជាអេបិលមិនបានដឹងច្បាស់អំពីអ្វីដែលនឹងកើតឡើងក៏ដោយ គាត់ច្បាស់ជាបានគិតច្រើនអំពីអ្វីដែលព្រះបានមានប្រសាសន៍។ អេបិលប្រហែលជាបានគិតថា ‹តើអ្នកណានឹងត្រូវសត្វពស់ធ្វើឲ្យរបួស ហើយជួយមនុស្សឲ្យទៅជាល្អឥតខ្ចោះឡើងវិញ?›។ អេបិលមានជំនឿថាអ្វីក៏ដោយដែលព្រះយេហូវ៉ាបានសន្យានឹងក្លាយទៅជាការពិត ដូច្នេះពេលដែលគាត់ជូនគ្រឿងបូជា ព្រះយេហូវ៉ាពេញចិត្តនឹងគ្រឿងបូជានោះ។—សូមអាន លោកុប្បត្តិ ៤:៣-៥; ហេប្រឺ ១១:៤
៥. តើការស្រមៃគិតអំពីអនាគតបានជួយអេណុកយ៉ាងណា?
៥ អេណុកគឺជាបុរសម្នាក់ទៀតដែលមានជំនឿខ្លាំងទៅលើព្រះ។ គាត់បានរស់នៅក្នុងចំណោមមនុស្សអាក្រក់ដែលនិយាយ«សម្ដីដ៏គួរខ្ពើមរអើម»ប្រឆាំងព្រះ។ ប៉ុន្តែ អេណុកមានចិត្តក្លាហានក្នុងការផ្សព្វផ្សាយអំពីសាររបស់ព្រះ។ គាត់បានប្រាប់បណ្ដាជនថាព្រះយេហូវ៉ានឹងបំផ្លាញមនុស្សអាក្រក់ចោល។ (យូដាស ១៤, ១៥) តើអ្វីបានជួយគាត់ឲ្យធ្វើដូច្នេះ? អេណុកប្រហែលជាបានស្រមៃគិតថាពិភពលោកនឹងទៅជាយ៉ាងណាពេលដែលមនុស្សគ្រប់រូបក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា។—សូមអាន ហេប្រឺ ១១:៥, ៦
៦. ក្រោយទឹកជំនន់ តើណូអេប្រហែលជាបានគិតអំពីអ្វី?
៦ ណូអេមានជំនឿទៅលើព្រះយេហូវ៉ា។ ហេតុនេះហើយបានជាព្រះមិនបំផ្លាញគាត់ក្នុងទឹកជំនន់ឡើយ។ (ហេប្រឺ ១១:៧) ដោយសារជំនឿ ណូអេបានជូនសត្វជាគ្រឿងបូជាដល់ព្រះយេហូវ៉ា។ (លោកុប្បត្តិ ៨:២០) ក្រោយទឹកជំនន់ ពិភពលោកបានទៅជាអាក្រក់ម្ដងទៀត។ ពេលនោះនីមរ៉ុឌបានចាប់ផ្ដើមធ្វើជាអ្នកគ្រប់គ្រង ហើយចង់ឲ្យមនុស្សបះបោរប្រឆាំងព្រះយេហូវ៉ា។ (លោកុប្បត្តិ ១០:៨-១២) ទោះជាយ៉ាងនោះក្ដី ជំនឿរបស់ណូអេនៅតែរឹងមាំ។ ដូចអេបិលដែរ ណូអេបានជឿជាក់ថានៅថ្ងៃណាមួយព្រះនឹងបំផ្លាញចោលភាពខុសឆ្គងនិងសេចក្ដីស្លាប់។ មួយវិញទៀត ណូអេប្រហែលជាបានគិតអំពីគ្រាដែលលែងមានអ្នកគ្រប់គ្រងដ៏ឃោរឃៅទៀត។ ស្រដៀងគ្នាដែរ យើងអាចស្រមៃគិតអំពីគ្រាដ៏អស្ចារ្យនោះដែលកាន់តែជិតមកដល់ហើយ!—រ៉ូម ៦:២៣
ពួកគេបានស្រមៃគិតអំពីគ្រាដែលសេចក្ដីសន្យារបស់ព្រះនឹងបានសម្រេច
៧. តើអាប្រាហាំ អ៊ីសាក និងយ៉ាកុបបានស្រមៃគិតអំពីអនាគតបែបណា?
៧ អាប្រាហាំ អ៊ីសាក និងយ៉ាកុបអាចស្រមៃគិតអំពីអនាគតដ៏អស្ចារ្យ ដោយសារព្រះយេហូវ៉ាបានសន្យាចំពោះពួកគាត់ថាមនុស្សពីគ្រប់ប្រជាជាតិនឹងទទួលពរតាមរយៈ«ពូជ»របស់ពួកគាត់។ (លោកុប្បត្តិ ២២:១៨; ២៦:៤; ២៨:១៤) ព្រះក៏បានសន្យាចំពោះពួកគាត់ដែរថា ក្រុមគ្រួសាររបស់ពួកគាត់នឹងក្លាយទៅជាប្រជាជាតិដ៏ធំមួយ ហើយនឹងរស់នៅក្នុងស្រុកដ៏ស្អាតដែលព្រះបានសន្យា។ (លោកុប្បត្តិ ១៥:៥-៧) ដោយសារអាប្រាហាំ អ៊ីសាក និងយ៉ាកុបបានដឹងថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងក្លាយទៅជាការពិត នោះពួកគាត់អាចស្រមៃឃើញយ៉ាងច្បាស់ថាក្រុមគ្រួសាររបស់ពួកគាត់បានរស់នៅក្នុងស្រុកនោះរួចហើយ។ តាមពិត ចាប់តាំងពីអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ព្រះយេហូវ៉ាបានជួយអ្នកបម្រើស្មោះត្រង់របស់លោកឲ្យដឹងអំពីរបៀបដែលមនុស្សនឹងមានជីវិតល្អឥតខ្ចោះម្ដងទៀតនៅអនាគត។
៨. តើអ្វីបានជួយអាប្រាហាំឲ្យមានជំនឿរឹងមាំ និងឲ្យស្ដាប់បង្គាប់ព្រះ?
៨ ដោយសារអាប្រាហាំមានជំនឿរឹងមាំ គាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ាសូម្បីតែក្នុងស្ថានភាពពិបាកខ្លាំងក៏ដោយ។ អាប្រាហាំនិងអ្នកស្មោះភក្ដីឯទៀតអាចស្រមៃឃើញយ៉ាងច្បាស់អំពីអ្វីៗដែលព្រះយេហូវ៉ាបានសន្យា ទោះជាសេចក្ដីសន្យាទាំងនេះមិនទាន់កើតឡើងក្នុងអំឡុងគ្រាដែលពួកគេរស់នៅក្ដី។ គម្ពីរចែងថា៖ «ពួកគេបានឃើញការនោះពីចម្ងាយ ហើយបានរីករាយនឹងការនោះ»។ (សូមអាន ហេប្រឺ ១១:៨-១៣) អាប្រាហាំបានដឹងថា នៅអតីតកាលព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោកជានិច្ច ដូច្នេះគាត់ជឿជាក់ថាអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានសន្យាសម្រាប់អនាគត ក៏នឹងកើតឡើងយ៉ាងពិតប្រាកដផងដែរ។
មនុស្សនៅសម័យគម្ពីរទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានិងរដ្ឋាភិបាលរបស់លោក នឹងគ្រប់គ្រងលើផែនដី ជារៀងរហូត
៩. តើជំនឿរបស់អាប្រាហាំទៅលើសេចក្ដីសន្យារបស់ព្រះបានជួយគាត់យ៉ាងដូចម្ដេច?
៩ ដោយសារអាប្រាហាំមានជំនឿទៅលើអ្វីដែលព្រះយេហូវ៉ាបានសន្យាចំពោះគាត់ គាត់បានបន្តធ្វើតាមអ្វីដែលលោកបានសុំឲ្យគាត់ធ្វើ។ ជាឧទាហរណ៍ គាត់បានចាកចេញពីផ្ទះនៅក្រុងអ៊ើរ ហើយតាំងពីពេលនោះមករហូតដល់អស់មួយជីវិតរបស់គាត់ គាត់មិនបានរស់នៅក្រុងណាមួយជាអចិន្ត្រៃយ៍ទេ។ គាត់បានដឹងថាក្រុងដែលនៅជុំវិញគាត់នឹងមិនស្ថិតស្ថេរជារៀងរហូតឡើយ ដោយសារអ្នកគ្រប់គ្រងមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា។ (យ៉ូស្វេ ២៤:២) ផ្ទុយទៅវិញ គាត់បានទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានិងរដ្ឋាភិបាលរបស់លោកនឹងគ្រប់គ្រងលើផែនដីជារៀងរហូត។ រដ្ឋាភិបាលនេះគឺជា«ក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត»។ (ហេប្រឺ ១១:១០) អាប្រាហាំ ក៏ដូចជាអេបិល អេណុក ណូអេ និងអ្នកផ្សេងទៀតដែរ បានជឿទៅលើការប្រោសឲ្យរស់ឡើងវិញ។ ពេលពួកគាត់ស្រមៃគិតអំពីការរស់ជារៀងរហូតនៅផែនដីដ៏សែនស្អាត នោះជំនឿរបស់ពួកគាត់ទៅលើព្រះយេហូវ៉ាកាន់តែរឹងមាំ។—សូមអាន ហេប្រឺ ១១:១៥, ១៦
១០. តើការដែលសារ៉ាទន្ទឹងរង់ចាំអំពីអនាគតបានជួយគាត់យ៉ាងណា?
១០ សារ៉ាដែលជាប្រពន្ធរបស់អាប្រាហាំ មានជំនឿរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ទោះជានាងមានអាយុ៩០ឆ្នាំ ហើយមិនទាន់មានកូនក៏ដោយ នាងបានទន្ទឹងរង់ចាំគ្រាដែលនាងនឹងមានកូនមួយ។ សារ៉ាថែមទាំងអាចស្រមៃគិតថាកូនរបស់នាងនឹងក្លាយទៅជាប្រជាជាតិដ៏ធំមួយ។ (ហេប្រឺ ១១:១១, ១២) ហេតុអ្វីនាងអាចជឿជាក់អំពីរឿងនោះ? ពីព្រោះព្រះយេហូវ៉ាបានប្រាប់ប្ដីរបស់នាងថា៖ «អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្ដាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក»។ (លោកុប្បត្តិ ១៧:១៦) ដូចព្រះយេហូវ៉ាបានសន្យា នាងមានកូនប្រុសមួយមែន ដែលមានឈ្មោះអ៊ីសាក។ ការអស្ចារ្យនេះបានធ្វើឲ្យនាងជឿជាក់ថា សេចក្ដីសន្យាផ្សេងទៀតរបស់ព្រះយេហូវ៉ា ប្រាកដជានឹងកើតឡើងជាមិនខាន។ ស្រដៀងគ្នាដែរ យើងអាចពង្រឹងជំនឿរបស់យើង ពេលយើងស្រមៃគិតអំពីអ្វីៗដ៏អស្ចារ្យទាំងអស់ដែលព្រះយេហូវ៉ាបានសន្យាចំពោះយើង។
គាត់បានបន្តរំពឹងគិតអំពីរង្វាន់
១១, ១២. តើអ្វីបានជួយម៉ូសេឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង?
១១ ម៉ូសេក៏មានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែរ។ គាត់បានធំឡើងជាសមាជិកក្រុមគ្រួសាររបស់ស្តេចនៅស្រុកអេស៊ីប។ ប៉ុន្តែ ដោយសារម៉ូសេបានរៀនអំពីព្រះយេហូវ៉ាពីឪពុកម្ដាយរបស់គាត់ដែលជាជនជាតិហេប្រឺ នោះគាត់បានស្រឡាញ់ព្រះយេហូវ៉ាខ្លាំងជាងអ្វីៗទាំងអស់ ហើយគាត់មិនចង់បានអំណាចនិងទ្រព្យសម្បត្ដិទេ។ ម៉ូសេបានរៀនដឹងថាព្រះយេហូវ៉ាបានសន្យារំដោះជនជាតិហេប្រឺពីទាសភាព ហើយផ្ដល់ឲ្យពួកគេនូវស្រុកដែលលោកបានសន្យា។ (លោកុប្បត្តិ ១៣:១៤, ១៥; និក្ខមនំ ២:៥-១០) កាលដែលម៉ូសេស្រមៃគិតអំពីសេចក្ដីសន្យាទាំងនេះកាន់តែច្រើន នោះគាត់ក៏ស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំងដែរ។
១២ ស្តីអំពីអ្វីដែលម៉ូសេបានបន្តរំពឹងគិត គម្ពីរបានប្រាប់យើងថា៖ «ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ ដោយសម្រេចចិត្តឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង ពីព្រោះគាត់ចាត់ទុកការរងការជេរប្រមាថក្នុងនាមជាគ្រិស្តថាជាទ្រព្យវិសេសជាងទ្រព្យទាំងអស់ក្នុងស្រុកអេស៊ីប ព្រោះគាត់សម្លឹងចំទៅរង្វាន់»។—ហេប្រឺ ១១:២៤-២៦
១៣. តើការដែលម៉ូសេបន្តរំពឹងគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានជួយគាត់យ៉ាងណា?
១៣ ម៉ូសេច្បាស់ជាបានរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងរំដោះជនជាតិហេប្រឺពីទាសភាព។ ដូចអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ា ម៉ូសេក៏បានដឹងដែរថាព្រះយេហូវ៉ានឹងជួយមនុស្សទាំងអស់ឲ្យរួចពីសេចក្ដីស្លាប់។ (យ៉ូប ១៤:១៤, ១៥; ហេប្រឺ ១១:១៧-១៩) ដូច្នេះ ម៉ូសេបានយល់ថាព្រះយេហូវ៉ាស្រឡាញ់មនុស្សខ្លាំងណាស់។ នេះបានធ្វើឲ្យម៉ូសេស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង ហើយក៏ជួយគាត់ឲ្យមានជំនឿកាន់តែរឹងមាំទៅលើលោកដែរ។ ម្យ៉ាងទៀត នេះបានជួយគាត់ឲ្យបន្តបម្រើព្រះយេហូវ៉ាអស់មួយជីវិត។ (ចោទិយកថា ៦:៤, ៥) ទោះជានៅពេលដែលផារ៉ូចង់សម្លាប់គាត់ក្ដី ម៉ូសេមិនបានភ័យខ្លាចឡើយ។ គាត់បានដឹងថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់គាត់នៅអនាគត។—និក្ខមនំ ១០:២៨, ២៩
សូមស្រមៃគិតអំពីអ្វីៗដែលរដ្ឋាភិបាលរបស់ព្រះនឹងធ្វើ
១៤. តើមនុស្សខ្លះស្រមៃគិតអំពីអ្វីខ្លះនៅអនាគត?
១៤ មនុស្សជាច្រើនគិតអំពីអនាគត ហើយពួកគេស្រមៃគិតអំពីអ្វីៗដែលគ្មានថ្ងៃនឹងកើតឡើងបានទេ។ ជាឧទាហរណ៍ អ្នកខ្លះដែលមានជីវភាពក្រីក្រយ៉ាងខ្លាំង ស្រមៃគិតថាពួកគេនឹងក្លាយទៅជាអ្នកមាន ហើយគ្មានអ្វីដែលត្រូវបារម្ភទៀត។ ប៉ុន្តែ គម្ពីរប្រាប់ថាជីវិតក្នុងពិភពលោកសាថាន«សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយ»ជានិច្ច។ (ទំនុកតម្កើង ៩០:១០) អ្នកខ្លះទៀតស្រមៃគិតថារដ្ឋាភិបាលមនុស្សនឹងដោះស្រាយបញ្ហាផ្សេងៗរបស់ពិភពលោកនេះ។ ប៉ុន្តែ គម្ពីរប្រាប់ថាមានតែរដ្ឋាភិបាលរបស់ព្រះប៉ុណ្ណោះដែលអាចធ្វើដូច្នោះបាន។ (ដានីយ៉ែល ២:៤៤) រីឯមនុស្សជាច្រើនគិតថាពិភពលោកនេះនឹងមិនត្រូវបំផ្លាញចោលឡើយ។ ផ្ទុយទៅវិញ គម្ពីរចែងថាព្រះនឹងបំផ្លាញចោលពិភពលោកដ៏អាក្រក់នេះ។ (សេផានា ១:១៨; យ៉ូហានទី១ ២:១៥-១៧) ពួកអ្នកដែលស្រមៃគិតអំពីអ្វីៗដែលផ្ទុយពីអ្វីដែលព្រះយេហូវ៉ាប្រាប់ នឹងខកចិត្តយ៉ាងខ្លាំង។
១៥. (ក) តើការស្រមៃគិតអំពីអនាគតដែលព្រះបានសន្យាចំពោះយើងអាចជួយយើងយ៉ាងណា? (ខ) ក្នុងចំណោមអ្វីដែលព្រះបានសន្យា តើអ្នកទន្ទឹងរង់ចាំអ្វីជាងគេ?
១៥ ព្រះយេហូវ៉ាបានសន្យាឲ្យយើងមានអនាគតដ៏អស្ចារ្យ។ ពេលយើងគិតអំពីគ្រានោះ យើងមានអារម្មណ៍សប្បាយរីករាយជាង ហើយយើងអាចមានចិត្តក្លាហានដែលយើងត្រូវការដើម្បីបន្តបម្រើលោក។ ទោះជាអ្នកនឹងរស់នៅនៅស្ថានសួគ៌ ឬនៅផែនដីក្ដី តើអ្នកអាចស្រមៃឃើញថាអ្នកកំពុងធ្វើអ្វីៗដែលព្រះយេហូវ៉ាបានសន្យាចំពោះអ្នកឬទេ? បើអ្នកសង្ឃឹមរស់នៅជារៀងរហូតនៅផែនដី សូមស្រមៃគិតថាអ្នកនិងមិត្តរបស់អ្នកកំពុងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានដ៏សែនស្អាត។ បងប្អូនដែលត្រួតពិនិត្យកិច្ចការនោះយកចិត្តទុកដាក់ចំពោះអ្នក។ ម្យ៉ាងទៀត មនុស្សទាំងអស់ដែលនៅជុំវិញអ្នកស្រឡាញ់ព្រះយេហូវ៉ាដូចអ្នកដែរ។ អ្នកមានសុខភាពល្អ និងមានកម្លាំងច្រើន ហើយអ្នកគ្មានកង្វល់អំពីអ្វីសោះ។ អ្នកសប្បាយរីករាយ ដោយសារអ្នកអាចប្រើសមត្ថភាព និងជំនាញដើម្បីជួយអ្នកឯទៀត ហើយលើកកិត្ដិយសព្រះយេហូវ៉ា។ អ្នកប្រហែលជាថែមទាំងជួយបង្រៀនមនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញឲ្យស្គាល់ព្រះយេហូវ៉ាទៀតផង។ (យ៉ូហាន ១៧:៣; សកម្មភាព ២៤:១៥) ពេលអ្នកស្រមៃគិតអំពីអ្វីៗទាំងនេះ នោះមិនមានន័យថាអ្នកកំពុងយល់សប្ដិឡើយ។ អ្វីៗទាំងនេះនឹងក្លាយទៅជាការពិត ពីព្រោះនេះជាអ្វីដែលគម្ពីរចែងអំពីអនាគត។—អេសាយ ១១:៩; ២៥:៨; ៣៣:២៤; ៣៥:៥-៧; ៦៥:២២
ចូរនិយាយគ្នាអំពីអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំ
១៦, ១៧. តើការដែលយើងនិយាយគ្នាអំពីអនាគតដែលព្រះយេហូវ៉ាបានសន្យាចំពោះយើងនឹងជួយយើងយ៉ាងណា?
១៦ ពេលយើងប្រាប់បងប្អូនរបស់យើងអំពីអ្វីដែលយើងចង់ធ្វើក្នុងពិភពលោកថ្មី នោះយើងកំពុងជួយគ្នាទៅវិញទៅមកឲ្យស្រមៃគិតអំពីអនាគតដ៏ល្អនេះកាន់តែច្បាស់។ ពិតមែនតែយើងមិនដឹងច្បាស់ថាយើងម្នាក់ៗនឹងធ្វើអ្វីក៏ដោយ ប៉ុន្តែពេលយើងនិយាយអំពីអ្វីដែលយើងទន្ទឹងរង់ចាំ នោះបង្ហាញថាយើងមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ យ៉ាងនេះ យើងលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យបន្តបម្រើព្រះយេហូវ៉ាក្នុងគ្រាលំបាក ដូចសាវ័កប៉ូលនិងបងប្អូនរបស់គាត់នៅក្រុងរ៉ូមបានធ្វើដែរ។—រ៉ូម ១:១១, ១២
១៧ ពេលអ្នកគិតអំពីអនាគតដែលព្រះយេហូវ៉ាបានសន្យា នោះនឹងជួយអ្នកមិនឲ្យគិតច្រើនពេកអំពីបញ្ហារបស់អ្នក។ នៅពេលមួយ ពេត្រុសមានការព្រួយបារម្ភ ដូច្នេះគាត់បានជម្រាបលោកយេស៊ូថា៖ «មើល! យើងខ្ញុំបានចាកចេញពីអ្វីៗទាំងអស់ ហើយបានតាមលោក តើនឹងមានផលប្រយោជន៍អ្វីសម្រាប់យើង?»។ លោកយេស៊ូចង់ឲ្យពេត្រុសនិងអ្នកកាន់តាមឯទៀតគិតអំពីអ្វីៗដ៏អស្ចារ្យដែលពួកគាត់នឹងធ្វើនាអនាគត ហេតុនេះ លោកក៏ប្រាប់ពួកគាត់ថា៖ «ពេលដែលកូនមនុស្សអង្គុយលើបល្ល័ង្ករុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានកាន់តាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយវិនិច្ឆ័យសេចក្ដីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ ហើយអ្នកណាដែលបានចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬឪពុក ឬម្ដាយ ឬកូន ឬស្រែចម្ការ ព្រោះតែនាមខ្ញុំ អ្នកនោះនឹងទទួលអ្វីៗទាំងនោះច្រើនដងលើសមុនទៅទៀត ក៏នឹងទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក»។ (ម៉ាថាយ ១៩:២៧-២៩) ដូច្នេះ ពេត្រុសនិងអ្នកកាន់តាមឯទៀតអាចស្រមៃគិតថាពួកគេកំពុងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ ហើយជួយមនុស្សដែលស្ដាប់បង្គាប់នៅផែនដីឲ្យមានភាពល្អឥតខ្ចោះ។
១៨. តើការស្រមៃគិតអំពីគ្រាដែលព្រះនឹងធ្វើតាមអ្វីដែលលោកបានសន្យានឹងជួយយើងយ៉ាងណា?
១៨ យើងបានរៀនអំពីអ្វីដែលបានជួយអ្នកបម្រើរបស់ព្រះយេហូវ៉ាឲ្យមានជំនឿមាំមួន។ ជាឧទាហរណ៍ អេបិលបានស្រមៃគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពីអនាគតដែលប្រសើរជាង ហើយដោយសារគាត់មានជំនឿទៅលើសេចក្ដីសន្យានោះ គាត់បានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ចំណែកឯអាប្រាហាំវិញ គាត់បានស្រមៃគិតអំពីពេលដែលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពី«ពូជ»នឹងក្លាយទៅជាការពិត។ ដូច្នេះ គាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែនៅពេលពិបាកយ៉ាងខ្លាំងក្ដី។ (លោកុប្បត្តិ ៣:១៥) រីឯម៉ូសេ គាត់បានទន្ទឹងរង់ចាំទទួលរង្វាន់ដែលព្រះយេហូវ៉ាបានសន្យាចំពោះគាត់ ហើយនេះបានជួយគាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ា និងនៅស្មោះត្រង់ចំពោះលោក។ (ហេប្រឺ ១១:២៦) ពេលយើងស្រមៃគិតអំពីគ្រាដែលព្រះយេហូវ៉ានឹងធ្វើតាមអ្វីទាំងអស់ដែលលោកបានសន្យា នោះជំនឿរបស់យើង និងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះលោកនឹងកាន់តែខ្លាំងឡើង។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីវិធីមួយទៀតដែលយើងអាចប្រើការស្រមៃគិតរបស់យើង។