បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៣ ទំ. ២២-២៧
  • តើអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​ចំពោះ​អ្វី​ដែល​សំខាន់​បំផុត
  • ព្រះ​យេហូវ៉ា​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង
  • របៀប​ប្រឈម​មុខ​នឹង​ការ​ខ្នះ​ខ្នែង​របស់​សត្រូវ
  • ការ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ
  • «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរយើងរួមគ្នាលើកព្រះនាមព្រះយេហូវ៉ាឡើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ព្រះយេហូវ៉ា«ជាអ្នកប្រោស»រាស្ដ្រទ្រង់ឲ្យរួចនៅសម័យគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរមានប្រាជ្ញាឡើង ដោយកោតខ្លាចព្រះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៣ ទំ. ២២-២៧

តើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?

«សូម​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ»។—ទំនុកដំកើង ១៤៣:៨

១. តើ​ស្តេច​សាឡូម៉ូន​បាន​សន្និដ្ឋាន​យ៉ាង​ណា​អំពី​សកម្មភាព​និង​ការ​សម្រេច​របស់​មនុស្ស​លោក?

អ្នក​ប្រហែល​ជា​ដឹង​ថា ជីវិត​គឺ​ពោរ​ពេញ​ទៅ​ដោយ​សកម្មភាព​និង​សេចក្ដី​ខ្វល់​ខ្វាយ។ នៅ​ពេល​ដែល​អ្នក​គិត​អំពី​រឿង​នេះ អ្នក​អាច​សម្គាល់​ឃើញ​សកម្មភាព​ខ្លះ​ជា​អ្វី​ដែល​ចាំ​បាច់។ សកម្មភាព​និង​សេចក្ដី​ខ្វល់​ខ្វាយ​ឯ​ទៀត គឺ​មិន​សូវ​សំខាន់​ទេ ឬ​ថែម​ទាំង​ឥត​ប្រយោជន៍​ផង។ ហេតុ​ដែល​អ្នក​បាន​ដឹង​អំពី​រឿង​នេះ មាន​ន័យ​ថា អ្នក​បាន​យល់​ស្រប​តាម​បុរស​ដ៏​មាន​ប្រាជ្ញា​ជាង​គេ​ម្នាក់ គឺ​ស្តេច​សាឡូម៉ូន។ ក្រោយ​ពី​បាន​ពិនិត្យ​មើល​សកម្មភាព​នៃ​ជីវិត​សា​ឡើង​វិញ​ហើយ ទ្រង់​បាន​សន្និដ្ឋាន​ថា៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។ (សាស្ដា ២:៤​-​៩, ១១; ១២:១៣) តើ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

២. តើ​សំនួរ​ដ៏​សំខាន់​អ្វី​ខ្លះ​ដែល​មនុស្ស​កោត​ខ្លាច​ព្រះ​ត្រូវ​សួរ​ខ្លួន​គេ ហើយ​មាន​សំនួរ​ដែល​ទាក់​ទង​គ្នា​ណា​ទៀត?

២ បើ​សិន​ជា​អ្នក​ចង់«កោត​ខ្លាច​ដល់​ព្រះ​ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់» សូម​សួរ​ខ្លួន​ឯង​នូវ​សំនួរ​នេះ​ចុះ ‹តើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ›? ត្រូវ​ហើយ អ្នក​ប្រហែល​ជា​មិន​បាន​គិត​អំពី​សំនួរ​នេះ​រៀង​រាល់​ថ្ងៃ​ទេ ប៉ុន្តែ​ហេតុ​អ្វី​ក៏​មិន​គិត​ឥឡូវ​នេះ​ទៅ? តាម​ការ​ពិត សូម​គិត​អំពី​សំនួរ​ដែល​ទាក់​ទង​ឯ​ទៀត ដូច​ជា ‹តើ​ខ្ញុំ​ប្រហែល​ជា​ដាក់​ទម្ងន់​ហួស​ហេតុ​ទៅ​លើ​កិច្ច​ការ វិជ្ជា​ជីវៈ ឬ​វត្ថុ​ទ្រព្យ​ឬ? តើ​ផ្ទះ​សម្បែង គ្រួសារ និង​បុគ្គល​ស្ងួន​ភ្ងា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​របស់​ខ្ញុំ›? ក្មេង​ជំទង់​ម្នាក់​សួរ​ថា ‹តើ​ដល់​កំរិត​ណា​ដែល​ការ​រៀន​សូត្រ​ត្រូវ​ការ​ការ​ប្រុង​ស្មារតី​និង​ពេល​វេលា​របស់​ខ្ញុំ? តើ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​តែ​កីឡា ឬ​គ្រឿង​កំសាន្ត ឬ​គ្រឿង​បច្ចេកទេស​ឬ›? មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​ឬ​មាន​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ យើង​គួរ​តែ​សួរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា ‹តើ​ការ​បំរើ​ព្រះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​របស់​ខ្ញុំ›? អ្នក​ប្រហែល​ជា​យល់​ស្រប​នឹង​ការ​រៀបចំ​អាទិភាព។ ប៉ុន្តែ​យ៉ាង​ដូច​ម្ដេច​និង​នៅ​ទី​ណា​ដែល​យើង​អាច​ទទួល​ជំនួយ ក្នុង​ការ​រៀបចំ​ដ៏​ប្រាជ្ញា​នូវ​អាទិភាព?

៣. តើ​ការ​រៀបចំ​អាទិភាព ជាប់​ទាក់​ទង​អ្វី​ខ្លះ​ចំពោះ​ពួក​គ្រីស្ទាន?

៣ «សំខាន់​បំផុត» មាន​គោល​ន័យ​ជា​អ្វី​មួយ​ដែល​មក​មុន​គេ​បង្អស់ ឬ​ដែល​ត្រូវ​ការ​ពិចារណា​មើល​មុន​គេ។ មិន​ថា​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ឬ​អ្នក​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​សិស្ស​ព្រះ​គម្ពីរ​ស្មោះ​ត្រង់​រាប់​លាន​នាក់​ដែល​ចូល​រួម​ជា​មួយ​គេ​ក៏​ដោយ សូម​ពិចារណា​មើល​សេចក្ដី​ពិត​នេះ​ចុះ៖ «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ»។ (សាស្ដា ៣:១) យ៉ាង​ត្រឹម​ត្រូវ​ណាស់ នេះ​គឺ​រួម​បញ្ចូល​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ខ្វល់​ខ្វាយ​ដល់​ទំនាក់​ទំនង​គ្រួសារ​របស់​អ្នក។ (កូល៉ុស ៣:១៨​-​២១) នេះ​គឺ​ទាក់​ទង​ការ​ផ្ដល់​ស្បៀង​អាហារ​សំរាប់​គ្រួសារ​របស់​អ្នក តាម​រយៈ​ការងារ។ (ថែស្សាឡូនីច​ទី​២ ៣:១០​-​១២; ធីម៉ូថេ​ទី​១ ៥:៨) ហើយ​អ្នក​អាច​ចំណាយ​ពេល​វេលា​សំរាប់​កិច្ច​ការ​កំសាន្ត​មួយ​ដង​មួយ​កាល។ (ប្រៀប​ធៀប ម៉ាកុស ៦:៣១) ប៉ុន្តែ បើ​គិត​ឲ្យ​មែន​ទែន​ទៅ តើ​អ្នក​មិន​ឃើញ​ថា​របស់​ទាំង​នេះ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក​ទេ​ឬ? គឺ​មាន​អ្វី​មួយ​ទៀត​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត។

៤. តើ​តាម​របៀប​ណា​ដែល​ភីលីព ១:៩, ១០ ជាប់​ទាក់​ទង​នឹង​ការ​រៀបចំ​អាទិភាព​របស់​យើង?

៤ អ្នក​ប្រហែល​ជា​ទទួល​ស្គាល់​ថា គោល​ការណ៍​ណែនាំ​នៃ​ព្រះ​គម្ពីរ ជា​ជំនួយ​ដ៏​មាន​តម្លៃ​ណាស់​ចំពោះ​ការ​រៀបចំ​អាទិភាព និង​ការ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​មាន​ប្រាជ្ញា។ ឧទាហរណ៍ នៅ​ភីលីព ១:៩, ១០ ពួក​គ្រីស្ទាន​ត្រូវ​បាន​ដាស់​តឿន​ឲ្យ«ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក»។ តើ​សំរាប់​គោល​បំណង​អ្វី? សាវ័ក​ប៉ុល​និយាយ​ទៀត​ថា៖ «ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំងសេចក្ដី​ដែល​ប្រសើរ»។ តើ​នេះ​មិន​សម​ហេតុ​ផល​ទេ​ឬ? អាស្រ័យ​ទៅ​លើ​ចំណេះ​ត្រឹម​ត្រូវ គ្រីស្ទាន​ដែល​ចេះ​វែក​ញែក​អាច​សម្គាល់​ដឹង​នូវ​អ្វី​ដែល​សំខាន់—ដែល​សំខាន់​បំផុត—ក្នុង​ជីវិត។

គំរូ​ចំពោះ​អ្វី​ដែល​សំខាន់​បំផុត

៥. ក្នុង​ការ​រៀប​រាប់​គំរូ​សំរាប់​ពួក​គ្រីស្ទាន តើ​ព្រះ​គម្ពីរ​បង្ហាញ​ថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ព្រះ​យេស៊ូ?

៥ យើង​រក​ឃើញ​ចំណេះ​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ពាក្យ​របស់​សាវ័ក​ពេត្រុស៖ «ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​សំរាប់​ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុស​ទី​១ ២:២១) ត្រូវ​ហើយ បើ​ចង់​ដឹង​ថា​តើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត យើង​អាច​ពិនិត្យ​មើល​បន្ទូល​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​អំពី​រឿង​នេះ។ ទំនុកដំកើង ៤០:៨ បាន​ចែង​ជា​ទំនាយ​អំពី​ទ្រង់​ថា៖ «ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ​ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ»។ ទ្រង់​បាន​មាន​បន្ទូល​ស្រដៀង​នេះ​ថា៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។—យ៉ូហាន ៤:៣៤; ហេព្រើរ ១២:២

៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​លទ្ធផល​ដូច​ព្រះ​យេស៊ូ ក្នុង​ការ​ដាក់​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ទី​មួយ?

៦ សូម​កត់​សម្គាល់​ចំណុច​សំខាន់​នៅ​ត្រង់​នោះ—ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ គំរូ​របស់​ព្រះ​យេស៊ូ​ដាក់​ទម្ងន់​អ្វី​ដែល​ពួក​សិស្ស​របស់​ទ្រង់​ត្រូវ​ទុក​ជា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា «តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ»។ (លូកា ៦:៤០) ហើយ​កាល​ដែល​ព្រះ​យេស៊ូ​បាន​ដើរ​តាម​ផ្លូវ​ដែល​ព្រះ​វរបិតា​ទ្រង់​បាន​មាន​បំណង​នោះ ទ្រង់​បាន​បង្ហាញ​ថា គឺ​មាន«សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ» ក្នុង​ការ​រក្សា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ (ទំនុកដំកើង ១៦:១១; កិច្ច​ការ ២:២៨) តើ​អ្នក​ឃើញ​ថា​នេះ​មាន​ន័យ​យ៉ាង​ណា​ទេ? កាល​ដែល​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ជ្រើស​យក​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ ពួក​គេ​មាន«សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ» ហើយ​មាន​ជីវិត​ដ៏​ពិត​ប្រាកដ។ (ធីម៉ូថេ​ទី​១ ៦:១៩) ដូច្នេះ​គឺ​មាន​មូលហេតុ​ច្រើន​ណាស់ ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ឲ្យ​ទៅ​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​យើង។

៧, ៨. តើ​ព្រះ​យេស៊ូ​បាន​ប្រឈម​មុខ​សេចក្ដី​ទុក្ខ​លំបាក​អ្វី​ខ្លះ ហើយ​តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​នេះ?

៧ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ថ្វាយ​ខ្លួន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ភ្លាម អារក្ស​បាន​ខំ​ព្យាយាម​បំបែរ​ទ្រង់​ចេញ​ពី​ការ​នេះ។ តើ​តាម​របៀប​ណា? ដោយ​ប្រើ​សេចក្ដី​ល្បួង​បី​យ៉ាង។ ក្នុង​សេចក្ដី​ល្បួង​និមួយ​ៗ​ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​យ៉ាង​ជាក់​លាក់​ពី​បទ​គម្ពីរ។ (ម៉ាថាយ ៤:១​-​១០) ប៉ុន្តែ ទ្រង់​នៅ​មាន​សេចក្ដី​ទុក្ខ​លំបាក​ថែម​ទៀត—ការ​បៀត​បៀន ការ​សើច​ចំអក យូដាស​បាន​ក្បត់​ទ្រង់ ការ​ចោទ​ប្រកាន់​មិន​ពិត ហើយ​រួច​មក ទ្រង់​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម។ ប៉ុន្តែ គ្មាន​សេចក្ដី​ទុក្ខ​លំបាក​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាជ្យ​បុត្រា​ស្មោះ​របស់​ព្រះ​លែង​មាន​ការ​ខ្ជាប់​ខ្ជួន​ឡើយ។ នៅ​គ្រា​ដ៏​សំខាន់​មួយ ព្រះយេស៊ូ​បាន​អធិស្ឋាន​ថា៖ «កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ (ម៉ាថាយ ២៦:៣៩, ៤២) តើ​យើង​រាល់​គ្នា​មិន​រំជួល​ចិត្ត​ពី​គំរូ​នៃ​ចិត្ត​ភក្ដី​របស់​ព្រះ​យេស៊ូ ដែល​បណ្ដាល​ឲ្យ​យើង«ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន»ទេ​ឬ?—រ៉ូម ១២:១២

៨ ត្រូវ​ហើយ នៅ​ពេល​ដែល​យើង​រៀបចំ​អាទិភាព​ក្នុង​ជីវិត​របស់​យើង គឺ​ត្រូវ​ការ​ការ​ដឹក​នាំ​ពី​ព្រះ ជា​ពិសេស បើ​សិន​ជា​យើង​ប្រឈម​មុខ​នឹង​ពួក​សត្រូវ​នៃ​សេចក្ដី​ពិត​និង​ពួក​ប្រឆាំង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ សូម​នឹក​ចាំ​ពី​សេចក្ដី​អង្វរ​ស្មោះ​ត្រង់​របស់​ស្តេច​ដាវីឌ​សូម​ការ​ណែនាំ នៅ​ពេល​ដែល​ទ្រង់​មាន​ការ​ប្រឆាំង​ពី​ពួក​សត្រូវ។ យើង​នឹង​យល់​អំពី​រឿង​នេះ កាល​ដែល​យើង​ពិចារណា​មើល​មួយ​ចំណែក​នៃ​ទំនុកដំកើង ១៤៣។ នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​នូវ​របៀប​ដែល​យើង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​មាន​ចិត្ត​មាំ​មួន​ក្នុង​ការ​បន្ត​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

ព្រះ​យេហូវ៉ា​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង

៩. (ក) ទោះ​បី​ដាវីឌ​ជា​មនុស្ស​មាន​បាប តើ​ពាក្យ​និង​សកម្មភាព​របស់​គាត់​បង្ហាញ​យ៉ាង​ណា? (ខ) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ចុះ​ចាញ់​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

៩ ថ្វី​បើ​ជា​មនុស្ស​មាន​បាប ដាវីឌ​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​ការ​អធិស្ឋាន​របស់​គាត់។ គាត់​បាន​អង្វរ​ដោយ​ចិត្ត​រាប​ទាប​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល​បង្គំ សូម​ផ្ទៀង​ព្រះ​កាណ៌​ស្ដាប់​សេចក្ដី​ទូល​អង្វរ​របស់​ទូល​បង្គំ សូម​ឆ្លើយ​តប​មក​ទូល​បង្គំ​ផង ដោយ​សេចក្ដី​ស្មោះ​ត្រង់​នឹង​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​កុំ​ឲ្យ​កើត​ក្ដី​នឹង​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​នៅ​ព្រះ​នេត្រ​ទ្រង់​គ្មាន​មនុស្ស​រស់​ណា​មួយ​ដែល​សុចរិត​ទេ»។ (ទំនុកដំកើង ១៤៣:១, ២) ដាវីឌ​បាន​ដឹង​អំពី​ភាព​ឥត​ល្អ​គ្រប់ល័ក្ខណ៍​របស់​គាត់ តែ​គាត់​មាន​ចិត្ត​ពិត​ប្រាកដ​ទៅ​លើ​ព្រះ។ ដូច្នេះ គាត់​បាន​ទុក​ចិត្ត​ថា​គាត់​នឹង​ទទួល​ចម្លើយ​ដោយ​សេចក្ដី​សុចរិត។ តើ​នេះ​មិន​លើក​ទឹក​ចិត្ត​យើង​ទេ​ឬ? ទោះ​បី​ជា​យើង​មិន​ដល់​កំរិត​នៃ​សេចក្ដី​សុចរិត​របស់​ព្រះ​ក៏​ដោយ យើង​អាច​ទុក​ចិត្ត​ថា​ទ្រង់​នឹង​ស្ដាប់​យើង បើ​សិន​ជា​យើង​មាន​ចិត្ត​ពិត​ប្រាកដ​ចំពោះ​ទ្រង់។ (សាស្ដា ៧:២០; យ៉ូហាន​ទី​១ ៥:១៤) កាល​ដែល​យើង​ខំ​បន្ត​អធិស្ឋាន យើង​ត្រូវ​តែ​ខំ​ឲ្យ«ឈ្នះ​សេចក្ដី​អាក្រក់ ដោយ​សារ​សេចក្ដី​ល្អ​វិញ» ក្នុង​សម័យ​ដ៏​អាក្រក់​នេះ។—រ៉ូម ១២:២០, ២១; យ៉ាកុប ៤:៧

១០. ហេតុ​អ្វី​ក៏​ដាវីឌ​មាន​គ្រា​ព្រួយ​បារម្ភ?

១០ ដាវីឌ​មាន​សត្រូវ​ជា​ច្រើន​ដូច​យើង​ដែរ។ មិន​ថា​ជា​អ្នក​រត់​គេច​ពី​ស្តេច​សូល ដែល​បាន​ជំរុញ​គាត់​ឲ្យ​ទៅ​នៅ​កន្លែង​ជ្រក​តែ​ឯកឯង ដែល​គ្មាន​មនុស្ស​ចូល​ទៅ​បាន​នោះ ឬ​ជា​ស្តេច​ដែល​បាន​រំខាន​ដោយ​ពួក​សត្រូវ​ក៏​ដោយ ដាវីឌ​ក៏​មាន​គ្រា​ព្រួយ​បារម្ភ​ដែរ។ គាត់​បាន​រៀប​រាប់​នូវ​របៀប​ដែល​រឿង​នេះ​បាន​មាន​ឥទ្ធិពល​មក​លើ​គាត់៖ «ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត​បៀន​ព្រលឹង​នៃ​ទូល​បង្គំ . . . ក៏​ធ្វើ​ឲ្យ​ទូល​បង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត . . . ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ​ត្រូវ​អន់​ថយ​ទៅ ហើយ​ចិត្ត​នៅ​ក្នុង​ទូល​បង្គំ​ក៏​នៅ​តែលតោល»។ (ទំនុកដំកើង ១៤៣:៣, ៤) តើ​អ្នក​មាន​មូលហេតុ​ក្នុង​ការ​មាន​អារម្មណ៍​ដូច​នេះ​ទេ?

១១. តើ​ពួក​អ្នក​បំរើ​របស់​ព្រះ​នៅ​សម័យ​ទំនើប​បាន​ប្រឈម​មុខ​នឹង​គ្រា​ព្រួយ​បារម្ភ​អ្វី?

១១ ការ​បង្ខិត​បង្ខំ​ពី​ពួក​សត្រូវ សេចក្ដី​ទុក្ខ​លំបាក​ពី​ព្រោះ​មាន​ការ​ខ្វះ​ខាត​ខាង​សេដ្ឋកិច្ច ជម្ងឺ​ធ្ងន់​ធ្ងរ ឬ​បញ្ហា បាន​បណ្ដាល​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះ​ទៅ​ជា​អស់​សង្ឃឹម។ នៅ​ពេល​ខ្លះ​ទៀត ចិត្ត​របស់​គេ​បាន​ទៅ​ជា​ស្លុត។ ជា​ម្នាក់​ៗ នេះ​ហាក់​បី​ជា​ពួក​គេ​បាន​ស្រែក​ឡើង​ថា៖ «ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក​ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ . . . សូម​លើក​សេចក្ដី​ខ្ពង់​ខ្ពស់​នៃ​ទូល​បង្គំ​ឡើង ហើយ​វិល​មក​ជួយ​កំសាន្ត​ទូល​បង្គំ​វិញ»។ (ទំនុកដំកើង ៧១:២០, ២១) តើ​ពួក​គេ​បាន​ទទួល​ជំនួយ​ដោយ​យ៉ាង​ណា?

របៀប​ប្រឈម​មុខ​នឹង​ការ​ខ្នះ​ខ្នែង​របស់​សត្រូវ

១២. តើ​តាម​របៀប​ណា​ដែល​ស្តេច​ដាវីឌ​បាន​ដោះ​ស្រាយ​គ្រោះ​ថ្នាក់​ហើយ​សេចក្ដី​ទុក្ខ​លំបាក?

១២ ទំនុកដំកើង ១៤៣:៥ បញ្ជាក់​នូវ​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​និង​សេចក្ដី​ទុក្ខ​លំបាក៖ «ទូល​បង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ​របស់​ទ្រង់ ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់​ដែរ»។ ដាវីឌ​បាន​នឹក​ចាំ​ពី​ការ​ប្រស្រ័យ​ទាក់​ទង​របស់​ព្រះ​ជា​មួយ​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​នូវ​របៀប​ដែល​គាត់​បាន​ពិសោធ​ការ​រំដោះ​ដែរ។ គាត់​បាន​រំពឹង​គិត​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ព្រះ​នាម​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់។ ត្រូវ​ហើយ ដាវីឌ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​ព្រះ។

១៣. នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក តើ​ការ​នឹក​ចាំ​ពី​គំរូ​នៃ​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​នៅ​សម័យ​ដើម​និង​សម័យ​ទំនើប​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

១៣ តើ​យើង​មិន​តែង​តែ​នឹក​ចាំ​ពី​ការ​ប្រស្រ័យ​ទាក់​ទង​របស់​ព្រះ​ជា​មួយ​ប្រជារាស្ត្រ​ទ្រង់​ទេ​ឬ? យ៉ាង​ប្រាកដ​ហើយ! នេះ​គឺ​រួម​បញ្ចូល​ប្រវត្ដិ​របស់‹ពួក​ស្មរបន្ទាល់​ជា​ច្រើន›មុន​សម័យ​គ្រីស្ទាន។ (ហេព្រើរ ១១:៣២​-​៣៨; ១២:១) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ក្នុង​សតវត្ស​ទី​មួយ ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ«នឹក​ចាំ​ពី​ជាន់​មុន» ហើយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ស៊ូ​ទ្រាំ។ (ហេព្រើរ ១០:៣២​-​៣៤) ចុះ​យ៉ាង​ណា​វិញ ចំពោះ​ការ​ពិសោធ​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ​ក្នុង​សម័យ​ទំនើប​នេះ ដូច​ជា​ពួក​អ្នក​ដែល​បាន​រៀប​រាប់​មក​ក្នុង​សៀវភៅ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ?a ដំណើរ​រឿង​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នោះ ហើយ​នៅ​ក្នុង​ទស្សនាវដ្ដី​ឯ​ទៀត ជួយ​យើង​ឲ្យ​នឹក​ចាំ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ប្រជារាស្ត្រ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បម្រាម ការ​ជាប់​គុក សកម្មភាព​នៃ​ពួក​ឥត​សណ្ដាប់​ធ្នាប់ និង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស និង​បន្ទាយ​ទាសី។ គឺ​មាន​សេចក្ដី​ទុក្ខ​លំបាក​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម ដូច​ជា​ក្នុង​ប្រទេស​បឺរុនឌី ប្រទេស​លីបឺយ៉ា រ្វ៉ាន់ដា និង​អតីត​យូកូស្លាវា។ នៅ​ពេល​មាន​ការ​ប្រឆាំង ប្រជារាស្ត្រ​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ ពី​ព្រោះ​ពួក​គេ​បាន​រក្សា​ការ​ប្រស្រ័យ​ទាក់​ទង​ដ៏​មាំ​មួន​ជា​មួយ​ព្រះ​យេហូវ៉ា។ ព្រះ​ហស្ត​របស់​ទ្រង់​គាំទ្រ​ពួក​អ្នក​ដែល​ដាក់​ការ​ធ្វើ​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ។

១៤. (ក) តើ​អ្វី​ជា​ឧទាហរណ៍​មួយ​អំពី​ការ​ទ្រ​ទ្រង់​របស់​ព្រះ​ដល់​បុគ្គល​ម្នាក់​ក្នុង​ស្ថានការណ៍​ដែល​ប្រហែល​ជា​ដូច​យើង? (ខ) តើ​អ្នក​បាន​រៀន​អ្វី​ពី​គំរូ​នោះ?

១៤ ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្លើយ​ថា អ្នក​មិន​ដែល​ពិសោធ​ការ​រំលោភ​ដ៏​ឃោរ​ឃៅ​នោះ​ទេ ហើយ​អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​នឹង​មិន​ជួប​ប្រទះ​ដូច​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ជួយ​ទំនុក​បំរុង​របស់​ព្រះ​ដល់​ប្រជារាស្ត្រ​ទ្រង់ មិន​មែន​ចាំ​បាច់​មាន​តែ​ក្នុង​កាលៈទេសៈ​ដ៏​អស្ចារ្យ​នោះ​ទេ។ ទ្រង់​បាន​ជួយ​មនុស្ស«ធម្មតា»ជា​ច្រើន​ក្នុង​កាលៈទេសៈ«ធម្មតា»។ នេះ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន៖ នៅ​ក្នុង​ប៉ម​យាម​ភាសា​អង់គ្លេស នៃ​ខែ​ធ្នូ ទី​១ ១៩៩៦ មាន​ដំណើរ​រឿង ដែល​រៀប​រាប់​ដោយ​បង​ស្រី ភិណាឡូប ម៉ារីស។ នេះ​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​នៃ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​គ្រីស្ទាន! តើ​អ្នក​អាច​នឹក​ចាំ​នូវ​អ្វី​ៗ​ដែល​នាង​បាន​ស៊ូ​ទ្រាំ​ពី​មនុស្ស​ជិត​ខាង​របស់​នាង​ទេ នូវ​របៀប​ដែល​នាង​បាន​ត​យុទ្ធ​នឹង​ភាព​ពិការ​ធ្ងន់​ធ្ងរ ហើយ​នូវ​ការ​ខំ​ខ្នះ​ខ្នែង​របស់​នាង​ក្នុង​ការ​បន្ត​ធ្វើ​កិច្ច​បំរើ​ពេញ​ពេល? ចុះ​យ៉ាង​ណា​វិញ ចំពោះ​ការ​ពិសោធ​ដ៏​ល្អ​ក្នុង​ក្រុង​ម៉ៃឋិលិន? ចំណុច​សំខាន់​គឺ តើ​អ្នក​ឃើញ​ថា​ឧទាហរណ៍​បែប​នេះ ជា​ជំនួយ​សំរាប់​យើង​រាល់​គ្នា​ក្នុង​ការ​រៀបចំ​អាទិភាព ដោយ​យក​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ទុក​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​យើង​ទេ?

១៥. តើ​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ​របស់​ព្រះ​យេហូវ៉ា ដែល​យើង​ត្រូវ​តែ​រំពឹង​គិត?

១៥ ការ​រំពឹង​គិត​អំពី​សកម្មភាព​របស់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​បាន​មាំ​មួន ដូច​ដាវីឌ​ដែរ។ ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សំ​វិធានការ​នៃ​ការ​សង្គ្រោះ តាម​រយៈ​ការ​សោយ​ទិវង្គត​របស់​បុត្រា​ទ្រង់ ដំណើរ​រស់​ឡើង​វិញ និង​សិរី​រុង​រឿង។ (ធីម៉ូថេ​ទី​១ ៣:១៦) ទ្រង់​បាន​ស្ថាបនា​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ ដោយ​ដេញ​សាតាំង​និង​ពួក​បិសាច​របស់​វា​ចេញ​ពី​ទី​នោះ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ពិត​នៅ​លើ​ផែនដី​នេះ។ (វិវរណៈ ១២:៧​-​១២) ទ្រង់​បាន​សង់​សួន​មនោរម្យ​ខាង​វិញ្ញាណ​ហើយ​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​មាន​គ្នា​ច្រើន។ (អេសាយ ៣៥:១​-​១០; ៦០:២២) រាស្ត្រ​ទ្រង់​ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​បន្ទាល់​លើក​ចុង​ក្រោយ មុន​នឹង​សេចក្ដី​វេទនា​ជា​ខ្លាំង​ផ្ទុះ​ឡើង។ (វិវរណៈ ១៤:៦, ៧) ត្រូវ​ហើយ យើង​មាន​របស់​ច្រើន​ណាស់​ដើម្បី​រំពឹង​គិត។

១៦. តើ​យើង​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​ខ្វល់​ខ្វាយ​នឹង​អ្វី ហើយ​តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​យ៉ាង​ណា?

១៦ ដោយ​មាន​ចិត្ត​ខ្វល់​ខ្វាយ​នឹង​កិច្ច​ការ​របស់​ព្រះ ជា​ជាង​ជាប់​រវល់​នឹង​កិច្ច​ការ​របស់​មនុស្ស នេះ​ធ្វើ​ឲ្យ​យើង​យល់​ដឹង​ថា​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​ពុំ​អាច​ទប់​ទល់​បាន​ទេ។ ប៉ុន្តែ កិច្ចការ​ទាំង​នោះ​មិន​មែន​តែ​សេចក្ដី​បង្កើត​ដ៏​អស្ចារ្យ​ក្នុង​ស្ថាន​សួគ៌​និង​នៅ​លើ​ផែនដី​ប៉ុណ្ណោះ​ទេ។ (យ៉ូប ៣៧:១៤; ទំនុកដំកើង ១៩:១; ១០៤:២៤) កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​គឺ​រួម​បញ្ចូល​ការ​រំដោះ​រាស្ត្រ​ទ្រង់​ចេញ​ពី​ពួក​សត្រូវ​ដែល​គេ​ជិះ​ជាន់ ដូច​បាន​បង្ហាញ​មក​ក្នុង​ការ​ពិសោធ​នៃ​រាស្ត្រ​ដែល​ទ្រង់​បាន​រើស​យក​ក្នុង​សម័យ​បុរាណ។—និក្ខមនំ ១៤:៣១; ១៥:៦

ការ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ

១៧. តើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​យ៉ាង​ណា​ចំពោះ​ដាវីឌ ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ប្រាកដ​អំពី​រឿង​នេះ?

១៧ ដាវីឌ​បាន​អធិស្ឋាន​សុំ​ជំនួយ ខ្លាច​ក្រែង​សំណើម​នៃ​ជីវិតទៅ​ជា​ស្ងួត ដោយ​និយាយ​ថា៖ «ទូល​បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ ព្រលឹង​ទូល​បង្គំ​ស្រេក​រក​ទ្រង់​ដូច​ជា​ដី​ហួត​ហែង​ស្រេក​រក​ទឹក។ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូល​បង្គំ ដ្បិត​វិញ្ញាណ​ទូល​បង្គំ​អន់​ថយ​ហើយ សូម​កុំ​លាក់​ព្រះ​ភក្ដ្រ​នឹង​ទូល​បង្គំ​ឡើយ ក្រែង​ទូល​បង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ»។ (ទំនុកដំកើង ១៤៣:៦, ៧) ទោះ​បី​គាត់​មាន​បាប​ក៏​ដោយ ដាវីឌ​បាន​ដឹង​ថា ព្រះ​បាន​ជ្រាប​ដឹង​អំពី​ស្ថានការណ៍​របស់​គាត់។ (ទំនុកដំកើង ៣១:៧) នៅ​ពេល​ខ្លះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា​ភាព​វិញ្ញាណ​របស់​យើង​បាន​ចុះ​អាប់​ឱន​យ៉ាង​ខ្លាំង។ ប៉ុន្តែ នេះ​មិន​មែន​ជា​ស្ថានការណ៍​អស់​សង្ឃឹម​ទេ។ ព្រះ​យេហូវ៉ា ទ្រង់​ដែល​ឮ​ការ​អធិស្ឋាន​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​ស្រួល​បាន​វិញ​យ៉ាង​លឿន តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ប្រើ​អត្ថបទ​ក្នុង​ប៉ម​យាម ឬ​ក្នុង​កិច្ច​ប្រជុំ​ដែល​ហាក់​ដូច​ជា​បាន​ធ្វើ​ឡើង​សំរាប់​យើង​តែ​ម្ដង។—អេសាយ ៣២:១, ២

១៨, ១៩. (ក) តើ​អ្វី​ដែល​ជា​សេចក្ដី​ស្នើ​សុំ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​អាច​ដឹង​អ្វី​ជា​ប្រាកដ?

១៨ ការ​ទុក​ចិត្ត​របស់​យើង​ក្នុង​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​អង្វរ​ទ្រង់​ថា៖ «សូម​ឲ្យ​ទូល​បង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូល​បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ»។ (ទំនុកដំកើង ១៤៣:៨) តើ​ទ្រង់​មិន​បាន​ជួយ​បង​ស្រី​ម៉ារីស ទុក​គាត់​ចោល​នៅ​ឯ​កោះ​ក្រិក​នោះ​ឬ? ដូច្នេះ តើ​ទ្រង់​នឹង​មិន​ជួយ​អ្នក​ឬ កាល​ដែល​អ្នក​ធ្វើ​តាម​បំណង​របស់​ទ្រង់​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក? អារក្ស​និង​ពួក​បិសាច​វា​ចង់​បង្ខាំង​យើង​ឬ​បញ្ឈប់​កិច្ច​ការ​របស់​យើង​នៃ​ការ​ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ទោះ​បី​ជា​យើង​បំរើ​ក្នុង​ប្រទេស​ដែល​គេ​អនុញ្ញាត​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ពិត ឬ​យើង​បំរើ​ព្រះ​ក្នុង​ប្រទេស​ដែល​គេ​បម្រាម​ក៏​ដោយ ការ​អធិស្ឋាន​រួប​រួម​គ្នា​របស់​យើង​គឺ​ស្រប​តាម​នឹង​សេចក្ដី​ស្នើ​សុំ​របស់​ដាវីឌ៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ប្រោស​ទូល​បង្គំ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ទូល​បង្គំ​រត់​មក​ពឹង​ជ្រក​នៅ​ទ្រង់»។ (ទំនុកដំកើង ១៤៣:៩) សេចក្ដី​សុខ​សាន្ត​របស់​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ គឺ​អាស្រ័យ​ទៅ​លើ​ការ​នៅ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត។—ទំនុកដំកើង ៩១:១

១៩ យើង​មាន​មូលដ្ឋាន​ដ៏​មាំ​មួន​ចំពោះ​ជំនឿ​ស៊ប់​របស់​យើង​នូវ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (រ៉ូម ១២:១, ២) ដូច្នេះ សូម​ទប់​ទល់​ការ​ខំ​ខ្នះ​ខ្នែង​លោកីយ៍​ដែល​ខំ​ដាក់​មក​លើ​អ្នក ចំពោះ​អ្វី​ដែល​គេ​គិត​ជា​សំខាន់​ក្នុង​កលល្បិច​របស់​មនុស្ស។ សូម​បន្ត​ធ្វើ​ឲ្យ​ឃើញ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​របស់​អ្នក ថា​អ្នក​ដឹង​ពី​អ្វី​ដែល​សំខាន់​បំផុត—គឺ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។—ម៉ាថាយ ៦:១០; ៧:២១

២០. (ក) តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ដាវីឌ​នៅ​ទំនុកដំកើង ១៤៣:១​-​៩? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​មាន​ចិត្ត​ដូច​ដាវីឌ​ដែរ?

២០ ខ​ប្រាំ​បួន​ដំបូង​នៃ​ទំនុកដំកើង ១៤៣ បញ្ជាក់​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​របស់​ដាវីឌ​ជា​មួយ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​ពួក​សត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ គាត់​បាន​សុំ​ការ​ណែនាំ​ពី​ព្រះ។ គាត់​បាន​រៀប​រាប់​ប្រាប់​អស់​ពី​ចិត្ត រក​ផ្លូវ​ត្រឹម​ត្រូវ​ក្នុង​ការ​ដើរ។ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី​និង​ពួក​គូកន​របស់​គេ។ ពួក​គេ​ចាត់​ទុក​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​មាន​តម្លៃ​ណាស់ កាល​ដែល​ពួក​គេ​អធិស្ឋាន​សូម​ការ​ណែនាំ​ពី​ទ្រង់។ ពួក​គេ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត ថ្វី​បើ​មាន​ការ​ពិបាក​ពី​អារក្ស​និង​លោកីយ៍​របស់​វា​ក៏​ដោយ។

២១. ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ម្ល៉េះ​ចំពោះ​យើង​ក្នុង​ការ​ទុក​គំរូ​ដ៏​ល្អ បើ​សិន​ជា​យើង​ចង់​បង្រៀន​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​ខ្ពស់​លើស​គេ​ក្នុង​ជីវិត​របស់​គេ?

២១ មនុស្ស​រាប់​លាន​នាក់​ដែល​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ត្រូវ​តែ​ទទួល​ស្គាល់​ថា​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​អ្វី​ដ៏​សំខាន់​បំផុត។ យើង​អាច​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​រឿង​នេះ នៅ​ពេល​ដែល​ពិគ្រោះ​ជំពូក ១៣​នៃ​សៀវភៅ Knowledge That Leads to Everlasting Life, ដែល​បញ្ជាក់​នូវ​គោល​ការណ៍​ដែល​ទាក់​ទង​ក្នុង​ការគោរព​តាម​ពាក្យ​សំដី។b ប្រាកដ​ហើយ គេ​ត្រូវ​តែ​ឃើញ​យើង​បង្ហាញ​គំរូ​ដ៏​ល្អ​នូវ​អ្វី​ដែល​យើង​កំពុង​តែ​បង្រៀន​ពួក​គេ។ បន្ទាប់​ពី​កំឡុង​ខ្លី​ក្រោយ​មក ពួក​គេ​ក៏​នឹង​ដឹង​នូវ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​ដែរ។ កាល​ដែល​មនុស្ស​រាប់​លាន​នាក់​នេះ​យល់​នូវ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ ពួក​គេ​ជា​ច្រើន​នឹង​យក​ជំហាន​នៃ​ការ​ថ្វាយ​ខ្លួន​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ក្រោយ​មក ក្រុម​ជំនុំ​អាច​ជួយ​ពួក​គេ​ឲ្យ​បន្ត​ក្នុង​ការ​ដើរ​តាម​ផ្លូវ​នៃ​ជីវិត។

២២. តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២២ មនុស្ស​ជា​ច្រើន​គេ​ទទួល​ស្គាល់​យ៉ាង​រហ័ស​ថា ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ។ ប៉ុន្តែ តើ​តាម​របៀប​ដ៏​សន្សឹម​ៗ​ណា​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​ពួក​អ្នក​បំរើ​ទ្រង់​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​នោះ? តើ​ពួក​គេ​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​នេះ? សំនួរ​ទាំង​នេះ​នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់ រួម​បញ្ចូល​នឹង​ការ​ពិគ្រោះ​នៃ​ខ​ដ៏​សំខាន់​នៃ​ទំនុកដំកើង ១៤៣:១០។

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

b បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៩៥​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្វី​ជា​ចម្លើយ​របស់​អ្នក?

◻ ដោយ​អនុវត្ត​តាម​ភីលីព ១:៩, ១០ តើ​តាម​របៀប​ណា​ដែល​យើង​អាច​រៀបចំ​អាទិភាព?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ បង្ហាញ​ថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ទ្រង់?

◻ តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​សកម្មភាព​របស់​ដាវីឌ នៅ​ពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក?

◻ តើ​តាម​របៀប​ណា​ដែល​ទំនុកដំកើង ១៤៣:១​-​៩ ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

◻ តើ​អ្វី​ដែល​ជា​សេចក្ដី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង?

[រូប​ភាព​នៅ​ទំព័រ​២៣]

សកម្មភាព​របស់​ដាវីឌ​បញ្ជាក់​ឲ្យ​ឃើញ​ថា​គាត់​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា

[អ្នក​ផ្ដល់​សិទ្ធិ]

Reproduced from Illustrirte Pracht - Bibel/Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក