បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៧ ទំ. ១៦០-១៦៩
  • ស្វែងរកសន្ដិសុខក្នុងចំណោមរាស្ដ្ររបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្វែងរកសន្ដិសុខក្នុងចំណោមរាស្ដ្ររបស់ព្រះ
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›
  • ‹អាហារ​នៅ​ពេល​ត្រឹម​ត្រូវ›
  • ‹សូម​បំពាក់​ខ្លួន​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់›
  • កន្លែង​ដែល​ប្រកប​ដោយ​សន្ដិសុខ
  • ចូរ​សប្បាយ​នឹង​សន្ដិសុខ ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា
  • «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អង្គការដែលមើលឃើញរបស់ព្រះ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច?
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៧ ទំ. ១៦០-១៦៩

ជំពូក​ទី១៧

ស្វែង​រក​សន្ដិសុខ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ

១, ២​. តើ​តាម​របៀប​ណា​ដែល​ស្ថានភាព​របស់​មនុស្ស​ជាតិ ស្រដៀង​នឹង​ស្ថានភាព​របស់​មនុស្ស​ក្នុង​តំបន់​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​សង្ឃរា?

សូម​នឹក​គិត​ថា ព្យុះ​សង្ឃរា​ដ៏​សាហាវ​មួយ បាន​កំទេច​តំបន់​ដែល​អ្នក​រស់​នៅ។ ផ្ទះ​របស់​អ្នក​ត្រូវ​រលំ​បាក់​បែក ហើយ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​អ្នក​ក៏​ត្រូវ​បាត់បង់​អស់​គ្មាន​សល់។ អាហារ​គឺ​មាន​ស្តួចស្តើង។ ស្ថានភាព​មើល​ទៅ​ដូច​ជា​គ្មាន​សង្ឃឹម​សោះ។ រួច​មក គ្រឿង​ផ្គត់ផ្គង់​ដែល​មិន​នឹក​ថា​មាន ស្រាប់​តែ​បាន​មក​ដល់។ អាហារ​និង​សំលៀកបំពាក់ បាន​ត្រូវ​ផ្ដល់​មក​ជា​ច្រើន​ក្រៃលែង។ ផ្ទះ​ថ្មី​មួយ​គឺ​បាន​សង់​ឡើង​សំរាប់​អ្នក។ អ្នក​ច្បាស់​ជា​នឹង​ដឹង​គុណ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​មាន​ស្បៀង​ជំនួយ​ទាំង​នេះ​មិន​ខាន​ឡើយ។

២ ហេតុ​ការណ៍​ស្រដៀង​គ្នា​មួយ កំពុង​តែ​កើត​ឡើង​សព្វ​ថ្ងៃ​នេះ។ ដូច​ព្យុះ​សង្ឃរា​នោះ ការ​បះបោរ​របស់​អ័ដាម​និង​អេវ៉ា បាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​បង់​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ជាតិ។ សួន​មនោរម្យ​ដែល​ជា​ទីលំនៅ​របស់​មនុស្ស​ជាតិ​បាន​បាត់បង់​ទៅ។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស មិន​បាន​ជោគជ័យ​ទេ​ក្នុង​ការ​ផ្ដល់​ជម្រក​ឲ្យ​មនុស្ស​ជ្រកកោន ពី​សង្គ្រាម ឧក្រិដ្ឋកម្ម និង​អយុត្ដិធម៌។ សាសនា​ក្លែង​ក្លាយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​អនេក ស្រេក​ឃ្លាន​អាហារ​ល្អ​ខាង​វិញ្ញាណ។ ប៉ុន្តែ បើ​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​កំពុង​តែ​ផ្ដល់​អាហារ សំលៀកបំពាក់ និង​ជម្រក។ តើ​តាម​របៀប​ណា​ដែល​ទ្រង់​ធ្វើ​ការ​នេះ?

‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›

៣​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​គ្រោង​ទុក​សំរាប់​មនុស្ស​ជាតិ ដូច​បាន​បង្ហាញ​ដោយ​ឧទាហរណ៍​ណា​ខ្លះ?

៣ គ្រឿង​ផ្គត់ផ្គង់ ធម្មតា​គឺ​ផ្ដល់​មក​តាម​ខ្សែ​រយៈ​ដ៏​រៀប​រយ​មួយ ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ផ្ដល់​ជំនួយ​គ្រោង​ទុក​ខាង​វិញ្ញាណ​ដល់​រាស្ត្រ​របស់​ទ្រង់​តាម​ខ្សែ​រយៈ​ស្រដៀង​គ្នា​អញ្ចឹង​ដែរ។ ជា​ឧទាហរណ៍ ពួក​អ៊ីស្រាអែល​ជា​«ពួក​ជំនុំ​នៃ​ព្រះ​យេហូវ៉ា» អស់​រយៈ​ប្រហែល​១.៥០០​ឆ្នាំ។ ក្នុង​ចំណោម​ពួក​ទាំង​នេះ គឺ​មាន​ពួក​អ្នក​ដែល​បាន​បំរើ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​ប្រើ​ឲ្យ​បង្រៀន​ច្បាប់​របស់​ទ្រង់។ (របាក្សត្រទី១ ២៨:៨; របាក្សត្រទី២ ១៧:​៧-៩) នៅ​សតវត្ស​ទី​មួយ ស.យ. ព្រះ​យេហូវ៉ា​បាន​បង្កើត​អង្គការ​គ្រីស្ទាន។ ក្រុមជំនុំ​ទាំង​ឡាយ​ក៏​បាន​កើត​ឡើង​មក ហើយ​ពួក​ក្រុមជំនុំ​ទាំង​នេះ​សម្រេច​កិច្ចការ​ក្រោម​ការ​ដឹក​នាំ​នៃ​គណៈ​អភិបាល ដែល​ប្រកប​ទៅ​ដោយ​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ។ (កិច្ចការ ១៥:​២២​-​៣១) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ទាក់ទង​ជា​មួយ​រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​គណៈ​ដ៏​រៀប​រយ​មួយ។ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​អំពី​រឿង​នេះ?

៤​. តើ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› គឺ​ត្រូវ​ជា​អ្នក​ណា​ក្នុង​សម័យ​នេះ ហើយ​ជំនួយ​គ្រោង​ទុក​ខាង​វិញ្ញាណ​របស់​ព្រះ​បាន​ផ្ដល់​មក​តាម​របៀប​ណា?

៤ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​នៅ​គ្រា​ដែល​ទ្រង់​មាន​វត្តមាន​ក្នុង​អំណាច​ព្រះរាជាណាចក្រ នោះ​គេ​នឹង​ឃើញ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› កំពុង​ផ្ដល់​‹អាហារ​នៅ​ពេល​ត្រឹម​ត្រូវ›​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់។ (ម៉ាថាយ ២៤:​៤៥​-​៤៧) ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​តំណែង​ជា​ស្តេច​នៃ​ស្ថានសួគ៌​ក្នុង​ឆ្នាំ​១៩១៤ តើ​‹អ្នក​បំរើ›​នេះ​ត្រូវ​ជា​អ្នក​ណា? គឺ​ប្រាកដ​ជា​មិន​មែន​ពួក​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​ឡើយ។ ពួក​គេ​ភាគ​ច្រើន​ឃើញ​តែ​បំប៉ន​ហ្វូង​បរិស័ទ​របស់​គេ​ដោយ​ឃោសនា ដែល​គាំទ្រ​រដ្ឋាភិបាល​ជាតិ​របស់​ខ្លួន ក្នុង​សង្គ្រាម​លោក​លើក​ទី១។ ប៉ុន្តែ​អាហារ​ខាង​វិញ្ញាណ​ដែល​ត្រឹម​ត្រូវ​ហើយ​ទាន់​ពេល នោះ​គឺ​បាន​ផ្ដល់​មក​ដោយ​ក្រុម​គ្រីស្ទាន​ពិត ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ហើយ​ដែល​ជា​ចំណែក​នៃ​ពួក​ដែល​ព្រះ​យេស៊ូ​បាន​ហៅ​ថា ‹ពួក​ហ្វូង​តូច›។ (លូកា ១២:⁠៣២) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ បាន​ផ្សាយ​ព្រះរាជាណាចក្រ​របស់​ព្រះ មិន​មែន​រដ្ឋាភិបាល​របស់​មនុស្ស​ទេ។ ជា​លទ្ធផល ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​មក​នេះ «ពួក​ចៀម​ឯ​ទៀត» ដែល​មាន​ចំនួន​រាប់​លាន​នាក់ ដែល​សម្ដែង​ចិត្ត​ជា​សុចរិត បាន​ចូល​រួម​ជា​មួយ​‹អ្នក​បំរើ›​ចាក់​ប្រេង​តាំង ក្នុង​ការ​កាន់​សាសនា​ពិត។ (យ៉ូហាន ១០:⁠១៦) ដោយ​ប្រើ​‹អ្នក​បំរើ​ស្មោះ​ត្រង់› និង​គណៈ​អភិបាល​របស់​គេ​នៅ​សម័យ​បច្ចុប្បន្ន​នេះ ព្រះ​ដឹក​នាំ​រាស្ត្រ​ដ៏​រៀប​រយ​របស់​ទ្រង់ ឲ្យ​រៀប​ចំ​អាហារ សំលៀក​បំពាក់ និង​ជម្រក​ខាង​វិញ្ញាណ​សំរាប់​ឲ្យ​អ្នក​ដែល​ចង់​ទទួល​ជំនួយ​គ្រោង​ទុក​ទាំង​នេះ។

‹អាហារ​នៅ​ពេល​ត្រឹម​ត្រូវ›

៥​. តើ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​មាន​ស្ថានភាព​ខាង​វិញ្ញាណ​យ៉ាង​ណា ប៉ុន្តែ ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​អ្វី​អំពី​រឿង​នេះ?

៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា⁠៖ «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ[ព្រះ​យេហូវ៉ា]មក​ដែរ»។ (ម៉ាថាយ ៤:⁠៤) ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ​សោះ។ ដូច​អេម៉ុស ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​ទាយ​មក​ថា នឹង​មាន​«អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​វិញ»។ (អេម៉ុស ៨:⁠១១) សូម្បី​តែ​អ្នក​កាន់​សាសនា​ជាប់​មាំមួន ក៏​ក្រ​ខ្សត់​អាហារ​ខាង​វិញ្ញាណ​ដែរ។ ប៉ុន្តែ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា គឺ​ចង់​«ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ២:​៣, ៤) ស្រប​តាម​នេះ ទ្រង់​ក៏​កំពុង​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ជា​ច្រើន​ក្រៃលែង។ ប៉ុន្តែ តើ​គេ​អាច​ទទួល​អាហារ​នេះ​ពី​កន្លែង​ណា?

៦​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​បំប៉ន​រាស្ត្រ​របស់​ទ្រង់ ក្នុង​សម័យ​ដើម?

៦ ទូទាំង​ប្រវត្ដិសាស្ត្រ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដល់​រាស្ត្រ​របស់​ទ្រង់ ដែល​រួម​គ្នា​ជា​ក្រុម។ (អេសាយ ៦៥:⁠១៣) ជា​ឧទាហរណ៍ ពួក​សង្ឃ​អ៊ីស្រាអែល​ប្រមូល​ពួក​បុរស ស្ត្រី និង​ក្មេង​ឲ្យ​ផ្ដុំ​គ្នា ដើម្បី​បង្រៀន​ច្បាប់​របស់​ព្រះ។ (ចោទិយកថា ៣១:​៩, ១២) ក្រោម​ការ​ដឹក​នាំ​នៃ​គណៈ​អភិបាល ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ បាន​រៀប​ចំ​ក្រុមជំនុំ​និង​ប្រជុំ​គ្នា​ដើម្បី​អប់រំ​និង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​រាល់​គ្នា។ (រ៉ូម ១៦:៥; ភីលេម៉ូន ១, ២) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ធ្វើ​តាម​គំរូ​នេះ។ លោក​អ្នក​បាន​ត្រូវ​អញ្ជើញ​ដោយ​សេចក្ដី​រាក់ទាក់​ឲ្យ​មក​ចូល​រួម​ក្នុង​ការ​ប្រជុំ​ទាំង​អស់​របស់​គេ។

៧​. តើ​តាម​របៀប​ណា​ដែល​ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន​ជា​រឿយ⁠ៗ ទាក់ទង​នឹង​ចំណេះ​ហើយ​និង​សេចក្ដី​ជំនឿ?

៧ ប្រាកដ​ហើយ អ្នក​ប្រហែល​ជា​បាន​រៀន​ចេះ​ច្រើន​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន។ ប្រហែល​ជា​ស្មរបន្ទាល់​ម្នាក់ បាន​ជួយ​អ្នក។ (កិច្ចការ ៨:​៣០​-​៣៥) ប៉ុន្តែ ជំនឿ​របស់​អ្នក​គឺ​អាច​ប្រៀប​ដូច​នឹង​រុក្ខជាតិ ដែល​នឹង​ស្វិត​ស្លាប់​ទៅ ប្រសិន​បើ​មិន​បាន​ថែទាំ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ទេ​នោះ។ ដូច្នេះ អ្នក​ត្រូវ​តែ​ទទួល​យក​គ្រឿង​បំប៉ន​ដ៏​ត្រឹម​ត្រូវ​ខាង​វិញ្ញាណ។ (ធីម៉ូថេទី១ ៤:⁠៦) ការ​ប្រជុំ​គ្រីស្ទាន​ផ្ដល់​នូវ​កម្មវិធី​អប់រំ​មិន​ចេះ​ដាច់ ក្នុង​បំណង​ចង់​ជួយ​បំប៉ន​អ្នក​ខាង​វិញ្ញាណ ហើយ​ជួយ​អ្នក​ឲ្យ​លូត​លាស់​ជានិច្ច​ក្នុង​ជំនឿ កាល​ដែល​អ្នក​កំពុង​ចំរើន​ចំណេះ​អំពី​ព្រះ។​—⁠កូល៉ុស ១:​៩, ១០

៨​. ហេតុ​អ្វី​ក៏​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រជុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

៨ ការ​ប្រជុំ​គឺ​សំរាប់​បំពេញ​គោល​បំណង​ដ៏​សំខាន់​មួយ​ទៀត។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា»។ (ហេព្រើរ ១០:​២៤, ២៥) ពាក្យ​ក្រិក​ដែល​បាន​បកប្រែ​ជា​«ពិចារណា​មើល» ក៏​អាច​មាន​ន័យ​ថា «សម្រួច»។ សុភាសិត​ព្រះ​គម្ពីរ​ចែង​ថា⁠៖ «ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ»។ (សុភាសិត ២៧:⁠១៧) យើង​គ្រប់​គ្នា​ត្រូវ​ការ​‹ការ​សម្រួច›​ជានិច្ច។ ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​រៀង​រាល់​ថ្ងៃ​ពី​លោកីយ៍​នេះ អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​រិល​លែង​មុត​ស្រួច​ទៀត។ ពេល​ដែល​យើង​ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន នោះ​នឹង​មាន​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (រ៉ូម ១:​១១, ១២) ពួក​សមាជិក​ក្រុមជំនុំ ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល ថា​ឲ្យ​«កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក» ហើយ​ការ​ធ្វើ​បែប​នេះ នឹង​សម្រួច​ជំនឿ​របស់​យើង។ (ថែស្សាឡូនីចទី១ ៥:⁠១១) ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន​ជា​រឿយ⁠ៗ ក៏​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ ហើយ​ព្រម​ទាំង​បើក​ឱកាស​ឲ្យ​សរសើរ​ដំកើង​ទ្រង់​ទៀត​ផង។​—⁠ទំនុកដំកើង ៣៥:⁠១៨

‹សូម​បំពាក់​ខ្លួន​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់›

៩​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់?

៩ សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ ‹សូម​បំពាក់​ខ្លួន​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់ ដ្បិត​នេះ​ជា​ចំណង​នៃ​សេចក្ដី​គ្រប់​ល័ក្ខណ៍›។ (កូល៉ុស ៣:⁠១៤) ដោយ​រួសរាយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សំលៀកបំពាក់​នេះ​សំរាប់​យើង។ តើ​តាម​របៀប​ណា? ពួក​គ្រីស្ទាន​អាច​សម្ដែង​សេចក្ដី​ស្រឡាញ់ ពីព្រោះ​វា​ជា​ផលផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ (កាឡាទី ៥:​២២, ២៣) ព្រះ​យេហូវ៉ា​អង្គ​ទ្រង់ បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​បំផុត ដោយ​ចាត់​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​អង្គ​បាន​បង្កើត​ផ្ទាល់ ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ៣:⁠១៦) ការ​សម្ដែង​យ៉ាង​វិសេស​បវរ​នូវ​សេចក្ដី​ស្រឡាញ់​នេះ បាន​ផ្ដល់​គំរូ​មួយ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម ក្នុង​ការ​បង្ហាញ​គុណសម្បត្ដិ​នេះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា⁠៖ «បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម្ល៉េះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»។​—⁠យ៉ូហានទី១ ៤:⁠១១

១០​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​‹បងប្អូន​រួបរួម​គ្នា​ទាំង​អស់›?

១០ ដោយ​អ្នក​ចូល​រួម​ប្រជុំ​នៅ​ឯ​សាលព្រះរាជាណាចក្រ នោះ​អ្នក​នឹង​បាន​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់។ នៅ​ទី​នោះ អ្នក​នឹង​ជួប​មនុស្ស​ផ្សេង​គ្នា​ជា​ច្រើន។ អ្នក​ច្បាស់​ជា​នឹង​មាន​ចិត្ត​ទាក់ទាញ​ដល់​ពួក​គេ​ភ្លាម​ពុំ​ខាន។ ប្រាកដ​ហើយ បុគ្គលិកលក្ខណៈ​ក៏​គង់​ខុស​ប្លែក⁠ៗពី​គ្នា​ដែរ សូម្បី​ក្នុង​ចំណោម​អស់​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​ពីដើម អ្នក​គេច​វាង​តែ​ម្ដង​អស់​អ្នក​ណា​ដែល​មិន​មាន​ការ​ចាប់​អារម្មណ៍​ឬ​លក្ខណៈ​ដូច​អ្នក។ ប៉ុន្តែ ឯ​ពួក​គ្រីស្ទាន គឺ​ត្រូវ​‹មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​រួបរួម​គ្នា​ទាំង​អស់›។ (ពេត្រុសទី១ ២:⁠១៧) ដូច្នេះ សូម​តាំង​ចិត្ត​ប៉ង​ប្រាថ្នា រក​ស្គាល់​មនុស្ស​ទាំង​អស់​ក្នុង​សាលព្រះរាជាណាចក្រ​ឲ្យ​បាន​ដិត​ដល់ ទោះបី​ពួក​គេ​មាន​អាយុ បុគ្គលិកលក្ខណៈ ពូជ​សាសន៍ កំពស់​ចំណេះវិជ្ជា មិន​ដូច​ខ្លួន​អ្នក​ក៏​ដោយ។ អ្នក​មុខ​ជា​នឹង​ឃើញ​ថា បុគ្គល​និមួយ⁠ៗមាន​គុណសម្បត្ដិ​យ៉ាង​ល្អ​វិសេស​ក្នុង​ប្រការ​ណា​មួយ​មិន​ខាន។

១១​. ហេតុ​អ្វី​ក៏​អ្នក​មិន​ត្រូវ​ខ្វល់​ចិត្ត ដោយ​មាន​បុគ្គលិកលក្ខណៈ​ខុស​ប្លែក​ពី​គ្នា​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១១ ភាព​ផ្សេង⁠ៗគ្នា​នៃ​បុគ្គលិកលក្ខណៈ​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ មិន​ចាំបាច់​ធ្វើ​ឲ្យ​អ្នក​មាន​កង្វល់​ឡើយ។ ដើម្បី​ពន្យល់ សូម​នឹក​គិត​អំពី​រថយន្ត​ជា​ច្រើន ដែល​កំពុង​ធ្វើ​ដំណើរ​ក្បែរ​អ្នក​នៅ​តាម​ផ្លូវ។ រថយន្ត​ទាំង​អស់​មិន​មែន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ដូច​គ្នា​ទេ ហើយ​ក៏​មិន​មែន​មាន​សភាព​ដូច​គ្នា​ដែរ។ រថយន្ត​ខ្លះ​ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​អស់​ច្រើន​គីឡូម៉ែត្រ​ហើយ ប៉ុន្តែ​ដូច​អ្នក រថយន្ត​ខ្លះ​វិញ​ទើប​តែ​ចេញ​ដំណើរ។ ប៉ុន្តែ ទោះ​ជា​មាន​ការ​ខុស​គ្នា​ទាំង​នេះ​ក៏​ដោយ រថយន្ត​ទាំង​អស់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​មុខ​ជា​មួយ​គ្នា។ នេះ​ក៏​ស្រដៀង​គ្នា​ចំពោះ​បុគ្គល​ទាំង​ឡាយ ដែល​រួម​គ្នា​បង្កើត​ជា​ក្រុមជំនុំ​មួយ។ ទាំង​អស់​គ្នា​មិន​មែន​បណ្ដុះ​បណ្ដាល​គុណសម្បត្ដិ​គ្រីស្ទាន ក្នុង​ល្បឿន​ដូច​គ្នា​ទេ។ ម្យ៉ាង​ទៀត ទាំង​អស់​គ្នា​ក៏​ឥត​មាន​សភាព​ដូច​គ្នា​ដែរ ខាង​រូប​កាយ​ឬ​ខាង​ចិត្ត។ អ្នក​ខ្លះ​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​ហើយ អ្នក​ខ្លះ​ទៀត​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​គឺ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ទាំង​«រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១»។ (កូរិនថូសទី១ ១:⁠១០) ដូច្នេះ សូម​រក​គុណសម្បត្ដិ​ល្អ​វិញ ជាជាង​រក​គុណសម្បត្ដិ​ទន់ខ្សោយ​នៃ​ពួក​អ្នក​ក្នុង​ក្រុមជំនុំ។ ធ្វើ​បែប​នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​កក់ក្ដៅ ដ្បិត​អ្នក​នឹង​ដឹង​ថា ព្រះ​ទ្រង់​គឺ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​មែន។ ហើយ​នេះ​ច្បាស់​ជា​កន្លែង​ដែល​អ្នក​ចង់​គង់​នៅ។​—⁠កូរិនថូសទី១ ១៤:⁠២៥

១២, ១៣​. (ក) ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា? (ខ) ហេតុ​អ្វី​ក៏​ការ​ឥត​ចង​គំនុំ​គឺ​ជា​ការ​សំខាន់?

១២ ពីព្រោះ​មនុស្ស​ទាំង​អស់​គឺ​ឥត​គ្រប់​ល័ក្ខណ៍ ជួន​កាល​មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​មួយ ដែល​រកាំ​ចិត្ត​អ្នក។ (រ៉ូម ៣:⁠២៣) យ៉ាកុប​ជា​សិស្ស​ម្នាក់​បាន​សរសេរ​យ៉ាង​ពិត​ត្រឹម​ត្រូវ​ថា⁠៖ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ⁠ៗដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ»។ (យ៉ាកុប ៣:២) តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត? សុភាសិត​មួយ​នៃ​ព្រះ​គម្ពីរ​ចែង​ថា⁠៖ «[ការ​យល់​ធ្លុះ​ជ្រៅ]​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ»។ (សុភាសិត ១៩:១១) មាន​ការ​យល់​ធ្លុះ​ជ្រៅ គឺ​មាន​ន័យ​ថា មើល​ឃើញ​ដល់​ជម្រៅ​នៃ​ស្ថានការណ៍​ណា​មួយ យល់​នូវ​កត្ដា​ដែល​ជា​មូលដ្ឋាន​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​និយាយ​ឬ​ប្រព្រឹត្ត​ក្នុង​របៀប​ណា​មួយ។ យើង​ភាគ​ច្រើន​ប្រើ​ការ​យល់​ធ្លុះ​ជ្រៅ​មិន​តិច​ឡើយ ក្នុង​ការ​ដោះសា​កំហុស​ផ្ទាល់​ខ្លួន​របស់​យើង។ ហេតុ​អ្វី​ក៏​មិន​ប្រើ​ការ​យល់​ធ្លុះ​ជ្រៅ​របស់​យើង​នេះ ដើម្បី​ឲ្យ​យល់​និង​គ្រប​បាំង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​អ្នក​ឯ​ទៀត​ផង?​—⁠ម៉ាថាយ ៧:​១​-​៥; កូល៉ុស ៣:១៣

១៣ សូម​កុំ​ភ្លេច​ថា​យើង​ត្រូវ​តែ​អត់​ឱន​ទោស​ឲ្យ​អ្នក​ឯ​ទៀត ប្រសិន​បើ​យើង​ចង់​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ៦:​៩, ១២, ១៤, ១៥) ប្រសិន​បើ​យើង​កាន់​សេចក្ដី​ពិត នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​អ្នក​ឯ​ទៀត ក្នុង​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពុំ​ខាន។ (យ៉ូហានទី១ ១:​៦, ៧; ៣:​១៤​-​១៦; ៤:​២០, ២១) ដូច្នេះ ប្រសិន​បើ​អ្នក​ជួបប្រទះ​បញ្ហា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ សូម​តតាំង​កុំ​ឲ្យ​ចង​គំនុំ។ ប្រសិន​បើ​អ្នក​បាន​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​នឹង​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា ហើយ​អ្នក​នឹង​ចូល​សូម​ទោស​ដោយ​ឥត​រុញរា ប្រសិន​បើ​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​អាក់អន់​ចិត្ត​នោះ។​—⁠ម៉ាថាយ ៥:​២៣, ២៤; ១៨:​១៥​-​១៧

១៤​. តើ​យើង​គួរ​បំពាក់​ខ្លួន​ដោយ​គុណសម្បត្ដិ​អ្វី​ខ្លះ?

១៤ សំលៀកបំពាក់​ខាង​វិញ្ញាណ​របស់​យើង គួរ​តែ​រួម​បញ្ចូល​គុណសម្បត្ដិ​ផ្សេង⁠ៗទៀត ដែល​ជាប់​ទាក់ទង​យ៉ាង​ជិតដិត​នឹង​សេចក្ដី​ស្រឡាញ់។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់»។ លក្ខណៈ​ទាំង​នេះ ដែល​មាន​រួម​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ គឺ​ជា​ចំណែក​នៃ​‹បុគ្គលិកលក្ខណៈ​ថ្មី›​ដែល​ស្រប​តាម​ព្រះ។ (កូល៉ុស ៣:​១០, ១២) តើ​អ្នក​នឹង​ខំ​ប្រឹងប្រែង​បំពាក់​ខ្លួន​ក្នុង​របៀប​នេះ​ឬ​ទេ? ជា​ពិសេស ប្រសិន​បើ​អ្នក​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ជា​បងប្អូន នោះ​អ្នក​នឹង​មាន​សញ្ញា​មួយ​សម្គាល់​អ្នក​ថា​ជា​សិស្ស​របស់​ព្រះ​យេស៊ូ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា⁠៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​—⁠យ៉ូហាន ១៣:⁠៣៥

កន្លែង​ដែល​ប្រកប​ដោយ​សន្ដិសុខ

១៥​. តើ​តាម​របៀប​ណា​ដែល​ក្រុមជំនុំ​ប្រៀប​ដូច​ជម្រក​មួយ?

១៥ ក្រុមជំនុំ​ក៏​ធ្វើ​ជា​ជម្រក​មួយ ជា​ទី​ជ្រក​ការពារ​ដែល​អ្នក​អាច​រក​សន្ដិសុខ​បាន។ ក្នុង​នោះ អ្នក​នឹង​ឃើញ​មាន​មនុស្ស​ចិត្ត​ស្មោះ​ត្រង់ ដែល​ខំ​ប្រឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។ ពួក​គេ​ជា​ច្រើន​បាន​បោះបង់​ចោល​អស់​ហើយ​នូវ​ទម្លាប់​និង​អាកប្បកិរិយា​អាក្រក់ ដែល​អ្នក​ប្រហែល​ជា​កំពុង​ខំ​ពុះពារ​យក​ជ័យជំនះ​លើ។ (ទីតុស ៣:⁠៣) គេ​នឹង​អាច​ជួយ​អ្នក ពីព្រោះ​យើង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​«យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក»។ (កាឡាទី ៦:⁠២) តាម​ធម្មតា ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច នៅ​ទីបំផុត​គឺ​ជា​ភារកិច្ច​របស់​ខ្លួន​អ្នក​ទេ។ (កាឡាទី ៦:៥; ភីលីព ២:⁠១២) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រុមជំនុំ​គ្រីស្ទាន ទុក​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​សំរាប់​ជួយ​និង​គាំទ្រ​យើង។ ទោះ​ជា​អ្នក​មាន​បញ្ហា​ពិបាក​យ៉ាង​ណា​ក៏​ដោយ អ្នក​មាន​ធនធាន​មួយ​ដ៏​មាន​តម្លៃ​—⁠គឺ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​នឹង​ទ្រទ្រង់​អ្នក​ក្នុង​គ្រា​សោក​ទុក្ខ​ឬ​គ្រា​ខ្វះ​ខាត។​—⁠ប្រៀបធៀប លូកា ១០:​២៩​-​៣៧; កិច្ចការ ២០:⁠៣៥

១៦​. តើ​ពួក​អ្នក​ចាស់​ទុំ​ក្រុមជំនុំ​ផ្ដល់​ឲ្យ​ជំនួយ​អ្វី?

១៦ ក្នុង​ចំណោម​ពួក​ដែល​នឹង​រួបរួម​គាំទ្រ​អ្នក គឺ​មាន​«អំណោយ​ទាន​ជា​មនុស្ស»​—⁠គឺ​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​រើស​តាំង ឬ​អ្នក​មើល​ខុសត្រូវ​ក្នុង​ក្រុមជំនុំ ដែល​ឃ្វាល​ហ្វូង​បរិស័ទ​ដោយ​ស្ម័គ្រ​ចិត្ត​និង​ដោយ​ខ្នះខ្នែង។ (អេភេសូរ ៤:​៨, ១១, ១២; កិច្ចការ ២០:⁠២៨; ពេត្រុសទី១ ៥:​២, ៣) អេសាយ​បាន​ទាយ​អំពី​ពួក​គេ​ថា⁠៖ «[គេ​ម្នាក់⁠ៗ]នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ»។​—⁠អេសាយ ៣២:២

១៧​. (ក) តើ​ជំនួយ​បែប​ណា​ដែល​ព្រះ​យេស៊ូ​ចង់​ប្រទាន​ឲ្យ​នោះ? (ខ) តើ​ជំនួយ​អ្វី​ដែល​ព្រះ​បាន​សន្យា​គ្រោង​ទុក​សំរាប់​រាស្ត្រ​របស់​ទ្រង់?

១៧ ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី នោះ​ឥត​មាន​ការ​មើល​ខុសត្រូវ​ដោយ​សេចក្ដី​ស្រឡាញ់​សោះ ពី​ពួក​មេ​ដឹក​នាំ​សាសនា។ ស្ថានភាព​នៃ​បណ្ដាជន​បាន​ធ្វើ​ឲ្យ​ទ្រង់​រំជួល​ព្រះទ័យ​យ៉ាង​ខ្លាំង​ពេក​ក្រៃ ហើយ​ជា​ពិសេស ទ្រង់​ចង់​ជួយ​គេ​ណាស់​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​ពួក​គេ ពីព្រោះ​«គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:⁠៣៦) នេះ​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​ភាព​អកុសល​នៃ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដែល​អត់​ទ្រាំ​នឹង​បញ្ហា​ដែល​ធ្វើ​ឲ្យ​កើត​ទុក្ខ​សោក ទាំង​ឥត​មាន​អ្នក​ណា​ដែល​គេ​អាច​បែរ​ទៅ​រក​ជំនួយ​ខាង​វិញ្ញាណ​និង​ការ​សម្រាល​ទុក្ខ! ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មាន​ជំនួយ​ខាង​វិញ្ញាណ ពីព្រោះ​ទ្រង់​បាន​សន្យា​ថា⁠៖ «អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់បង់​ណា​មួយ​ដែរ»។​—⁠យេរេមា ២៣:៤

១៨​. ហេតុ​អ្វី​ក៏​យើង​គួរ​ចូល​ទៅ​រក​អ្នក​ចាស់​ទុំ ប្រសិន​បើ​យើង​ត្រូវ​ការ​ជំនួយ​ខាង​វិញ្ញាណ?

១៨ សូម​រក​ស្គាល់​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​រើស​តាំង​ក្នុង​ក្រុមជំនុំ​ឲ្យ​បាន​ដិត​ដល់។ ពួក​គេ​មាន​ការ​ពិសោធន៍​ជា​ច្រើន ក្នុង​ការ​អនុវត្ត​តាម​ចំណេះ​អំពី​ព្រះ ពីព្រោះ​ពួក​គេ​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​ជា​អ្នក​មើល​ខុសត្រូវ ដូច​ដែល​បាន​ចែង​មក​ក្នុង​ព្រះ​គម្ពីរ។ (ធីម៉ូថេទី១ ៣:​១​-​៧; ទីតុស ១:​៥​-​៩) សូម​ចូល​ទៅ​កាន់​ពួក​គេ​ម្នាក់ កុំ​ឲ្យ​រុញរា​ឡើយ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​ឈ្នះ​លើ​ទម្លាប់​ឬ​លក្ខណៈ​ណា​មួយ​ដែល​ទាស់​នឹង​សេចក្ដី​តម្រូវ​របស់​ព្រះ។ អ្នក​នឹង​ឃើញ​ថា​ពួក​អ្នក​ចាស់​ទុំ ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ថា​ឲ្យ​«ជួយ​កំសាន្ត ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់»។​—⁠ថែស្សាឡូនីចទី១ ២:​៧, ៨; ៥:⁠១៤

ចូរ​សប្បាយ​នឹង​សន្ដិសុខ ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា

១៩​. តើ​ពរ​អ្វី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​ដែល​រក​សន្ដិសុខ ក្នុង​អង្គការ​របស់​ទ្រង់?

១៩ ទោះបី​យើង​សព្វ​ថ្ងៃ​នេះ​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ព្រះយេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​អាហារ សំលៀកបំពាក់ និង​ជម្រក​ខាង​វិញ្ញាណ។ ប្រាកដ​ហើយ យើង​ត្រូវ​តែ​រង់ចាំ​ដល់​ពិភពលោក​ថ្មី​ដែល​ព្រះ​បាន​សន្យា ដើម្បី​ពិសោធ​នឹង​ផល​ប្រយោជន៍​នៃ​សួន​មនោរម្យ​មែន​ទែន។ ប៉ុន្តែ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា គឺ​កំពុង​សប្បាយ​នឹង​សន្ដិសុខ​នៃ​សួន​មនោរម្យ​ខាង​វិញ្ញាណ​ក្នុង​គ្រា​ឥឡូវ​នេះ​ហើយ។ អំពី​ពួក​គេ អេសេគាល​បាន​ទាយ​ថា⁠៖ ‹គេ​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ដោយ​សុខសាន្ត ដោយ​គ្មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​គេ​រន្ធត់​ខ្លាច›។​—⁠អេសេគាល ៣៤:⁠២៨

២០​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​នឹង​សង​ឲ្យ​វិញ ចំពោះ​អ្វី⁠ៗដែល​យើង​ប្រហែល​ជា​បូជា​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់?

២០ តើ​យើង​គួរ​ដឹង​គុណ​យ៉ាង​ណា ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​គ្រោង​ទុក​ខាង​វិញ្ញាណ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ តាម​រយៈ​បន្ទូល​និង​អង្គការ​របស់​ទ្រង់! សូម​ឲ្យ​ជិត​ស្និទ្ធ​នឹង​រាស្ត្រ​របស់​ព្រះ។ សូម​កុំ​ឲ្យ​រុញរា​ភ័យ​ខ្លាច​ក្រែង​បងប្អូន​ញាតិ​មិត្ត​របស់​អ្នក​គិត​ថា​យ៉ាង​ណា ពេល​អ្នក​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ព្រះ។ អ្នក​ខ្លះ​ប្រហែល​ជា​មិន​យល់​ស្រប​ទេ ពីព្រោះ​អ្នក​ចូល​រួម​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ទៅ​ប្រជុំ​នៅ​ឯ​សាលព្រះរាជាណាចក្រ។ ប៉ុន្តែ ព្រះ​ទ្រង់​នឹង​សង​ឲ្យ​អ្នក​យ៉ាង​ច្រើន​វិញ ចំពោះ​អ្វី⁠ៗដែល​អ្នក​បាន​បូជា​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់។ (ម៉ាឡាគី ៣:⁠១០) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា⁠៖ «មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ម្ដាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង សេចក្ដី​បៀតបៀន​ដែរ ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់កល្ប​ជានិច្ច​ផង»។ (ម៉ាកុស ១០:២៩, ៣០) ត្រូវ​ហើយ ទោះ​ជា​អ្នក​បាន​ទុក​ចោល​អ្វី​ពី​ក្រោយ​ឬ​ត្រូវ​តែ​អត់​ទ្រាំ​នឹង​អ្វី​ក៏​ដោយ អ្នក​គង់​នឹង​រក​បាន​មិត្តភាព​ដ៏​គួរ​ចូល​ចិត្ត និង​សន្ដិសុខ​ខាង​វិញ្ញាណ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។

សាកល្បង​ចំណេះ​របស់​អ្នក

តើ​អ្នក​ណា​ជា​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›?

តើ​ព្រះ​យេហូវ៉ា​បាន​គ្រោង​ទុក​ជំនួយ​អ្វី​ខ្លះ ដើម្បី​បំប៉ន​យើង​ខាង​វិញ្ញាណ?

តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​អាច​ជួយ​យើង?

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៦៥]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក