ចូរផ្សាយនៅកន្លែងណាដែលមានមនុស្ស
១ ដោយទទួលស្គាល់មុខនាទីដែលព្រះវិញ្ញាណដើរតួក្នុងកិច្ចបំរើរបស់គាត់ សាវ័កប៉ុលបានថ្លែងថា៖ «ព្រះដែលធ្វើឲ្យដុះវិញ»។ គាត់ក៏បានទទួលស្គាល់ថា៖ «យើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ»។ (កូរិនថូសទី១ ៣:៥-៩) នេះជាកិច្ចការដ៏អស្ចារ្យមួយ។ តើតាមរបៀបណាដែលយើងអាចបង្ហាញជាសាធារណៈ ថាយើងមានអំណរគុណជាអ្នកធ្វើការជាមួយនឹងព្រះនោះ? គឺដោយប្រកាសប្រាប់ដំណឹងល្អដល់អ្នកណាដែលយើងជួបពីផ្ទះមួយទៅផ្ទះមួយ និងនៅកន្លែងផ្សេងៗទៀត។
២ យើងបានត្រូវបញ្ជាឲ្យទៅ «បញ្ចុះបញ្ចូលឲ្យមានសិស្ស»។ (ម៉ាថាយ ២៨:១៩) ប្រសិនបើយើងគ្រាន់តែជួបមនុស្សបីបួននាក់ពេលដែលយើងទៅផ្សាយ នោះអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាយើងបានសម្រេចតែបន្ដិចបន្តួចប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងសប្បាយរីករាយក្នុងកិច្ចបំរើរបស់យើង ពេលដែលយើងជួបមនុស្សច្រើន ហើយនិយាយជាមួយគេ។ នេះអាចពិបាកបន្ដិច ដ្បិតនេះត្រូវការការខំខ្នះខ្នែងពីយើង ក្នុងការទៅកន្លែងណាដែលមានមនុស្ស ដើម្បីឲ្យយើងមានការទាក់ទងជាមួយគេ។
៣ ឧទាហរណ៍ដែលមានប្រយោជន៍៖ យើងអាចផ្សាយនៅកន្លែងផ្សារ សួន កន្លែងឈប់សំរាក និងចំណតរថយន្ត។ ពេលដែលអ្នកជិះយានសាធារណៈ តើអ្នកប្រុងប្រៀបដើម្បីផ្សាយទេ? ស្មរបន្ទាល់ពីរនាក់ ដែលបានជិះឡានឈ្នួលដ៏ចង្អៀតមួយទៅកិច្ចប្រជុំផ្សាយ មានការសន្ទនាអំពីរូបភាពនៃសួនមនោរម្យក្នុងសៀវភៅចំណេះ ពិគ្រោះអំពីសេចក្ដីសន្យារបស់ព្រះចំពោះអនាគត។ ដូចដែលគេបានសង្ឃឹមនឹងមានកើតឡើង យុវបុរសដែលកំពុងតែឈរនៅជិត បានស្ដាប់ហើយចាប់អារម្មណ៍នូវអ្វីដែលគាត់បានឮ។ មុនពេលចាកចេញពីឡានឈ្នួល គាត់ទទួលយកសៀវភៅមួយ ហើយសុំឲ្យអ្នកណាម្នាក់មកផ្ទះរបស់គាត់។
៤ ពួកអ្នកផ្សាយជាច្រើនមានអំណរក្នុងការធ្វើបន្ទាល់ក្រៅផ្លូវការ។ បងស្រីម្នាក់បានទៅផ្សាយនៅមជ្ឈមណ្ឌលលក់ដូរ នៅថ្ងៃត្រង់ គឺនិយាយទៅរកបុគ្គលណាដែលទើបនឹងទិញឥវ៉ាន់រួច ដែលមើលទៅមិនសូវជាប្រញាប់ប្រញាល់ទៅណា។ គាត់បានឲ្យប្រកាសនវត្ថុនៅក្នុងស្បោងរបស់គាត់ទាំងអស់។ បុរសម្នាក់ដែលកំពុងតែចាំក្នុងឡានរបស់គាត់ មានចិត្តរីករាយដោយបានទទួលទស្សនាវដ្ដី។ គាត់ធ្លាប់ទៅកិច្ចប្រជុំពីមុនដែរ ហើយការសន្ទនារបស់គេធ្វើឲ្យគាត់មានការចាប់អារម្មណ៍ឡើងវិញ។
៥ នេះជាឯកសិទ្ធិក្នុងការដំកើងព្រះនាមព្រះយេហូវ៉ា។ ដោយខំខ្នះខ្នែងផ្សាយដំណឹងល្អ យើងបង្ហាញឲ្យឃើញថា យើងមិនបានភ្លេចគោលបំណងនៃព្រះគុណដែលគ្មានសិទ្ធិទទួលនោះទេ។ ពីព្រោះ «ឥឡូវនេះជាពេលវេលាហើយ»ដើម្បីជួយអ្នកដទៃ។ ចូរឲ្យយើងទៅកន្លែងណាដែលមានមនុស្ស ហើយផ្សាយដំណឹងល្អដល់គេអំពី «ថ្ងៃសង្គ្រោះ»របស់ព្រះយេហូវ៉ា។—កូរិនថូសទី២ ៦:១, ២