ជំពូកទី៤
ព្រះ—ទ្រង់ជាអ្នកណា?
១ (ក) តើព្រះណាខ្លះដែលមនុស្សលោកបានថ្វាយបង្គំ? (ខ) តើព្រះគម្ពីរបានធ្វើការវែកញែកឲ្យឃើញភាពខុសគ្នាយ៉ាងណាខ្លះ រវាង«ព្រះជាច្រើន» និង«ព្រះតែមួយ»?
ពាសពេញពិភពលោក មានព្រះជាច្រើនណាស់ដែលមនុស្សលោកថ្វាយបង្គំ។ នៅក្នុងសាសនាសិនតូ ពុទ្ធសាសនា សាសនាហិណ្ឌូ និងសាសនានៃពួកកុលសម្ព័ន្ធ មានព្រះរាប់លានអង្គ។ នៅក្នុងសម័យនៃពួកសាវករបស់ព្រះយេស៊ូវ ព្រះដូចជាព្រះសេយូស និងព្រះហ៊ើមេស គឺជាព្រះដែលត្រូវបានយកមកថ្វាយបង្គំ។ (កិច្ចការ ១៤:១១, ១២) ដូច្នេះព្រះគម្ពីរក៏ស្របថា«មានព្រះជាច្រើន»ប៉ុន្តែក៏បានចែងប្រាប់ទៀតថា«គង់តែខាងយើង មានព្រះតែមួយប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់»។ (កូរិនថូសទី១ ៨:៥, ៦) បើគេសួរអ្នកថា ‹តើព្រះមួយអង្គនេះជាអ្នកណា›? តើអ្នកនឹងឆ្លើយយ៉ាងណាដែរ?
២ តើមនុស្សមានទស្សនៈផ្សេងៗគ្នាយ៉ាងណាអំពីព្រះ?
២ មនុស្សជាច្រើននឹងឆ្លើយថា‹ទ្រង់ជាព្រះអម្ចាស់›។ ឬក៏ពួកគេប្រហែលជានិយាយថា៖ ‹ទ្រង់ជាបុគ្គលវិញ្ញាណមួយនៅស្ថានសួគ៌›។ វចនានុក្រមមួយបានហៅព្រះថា៖ «ព្រះអាទិទេព»។ កាលណាសួរថា៖ ‹តើព្រះនាមរបស់ព្រះជាអ្វី›? អ្នកខ្លះឆ្លើយថា‹ព្រះយេស៊ូវ›។ អ្នកផ្សេងៗទៀតមិនគិតថាព្រះទ្រង់ជាបុគ្គលមួយអង្គទេ ប៉ុន្តែជាឥទ្ធិពលដ៏ខ្លាំងក្លាដែលស្ថិតនៅគ្រប់កន្លែង។ ហើយសូម្បីតែអ្នកខ្លះក៏នៅមានការសង្ស័យពីសេចក្ដីដែលថាមានព្រះនោះ។ តើយើងអាចដឹងជាពិតប្រាកដថាមានព្រះបានទេ?
ពិតជាមានព្រះមែន
៣ តើផ្ទះមួយបានកើតមានឡើងតាមរបៀបណា?
៣ ពេលអ្នកឃើញអាគារដ៏ស្អាតមួយ តើអ្នកមានដែលងឿងឆ្ងល់អំពីអ្នកណាដែលជាអ្នកសង់នោះទេ? ប្រសិនបើអ្នកណាម្នាក់បានប្រាប់អ្នកថា អាគារនោះគ្មានអ្នកណាបានសង់ទេ គឺបានកើតឡើងមកដោយខ្លួនឯងប៉ុណ្ណោះ តើអ្នកជឿទេ? អ្នកពិតជាមិនជឿឡើយ! ដូចជាអ្នកសរសេរព្រះគម្ពីរម្នាក់បានមានប្រសាសន៍មកថា៖ «គ្រប់ទាំងផ្ទះតែងមានគេធ្វើ»។ អ្នកណាក៏ដឹងរឿងនេះដែរ។ ដូច្នេះហើយ តើយើងមិនអាចទទួលស្គាល់ទេឬអ្វី នូវសេចក្ដីសន្និដ្ឋានដ៏សមហេតុសមផលរបស់អ្នកសរសេរព្រះគម្ពីរនោះដែលថា៖ «ឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»?—ហេព្រើរ ៣:៤
៤ តើផ្កាយរាប់រយកោដិ បានកើតមានឡើងតាមរបៀបណាដែរ?
៤ សូមពិចារណាអំពីសកលលោកដែលមានផ្កាយរាប់រយកោដិនោះ។ ផ្កាយទាំងអស់នេះធ្វើដំណើរនៅក្នុងផ្ទៃមេឃ យោងតាមច្បាប់ដែលធ្វើឲ្យពួកវាមានរបៀបរៀបរយដ៏ល្អគ្រប់សព្វរវាងគ្នានឹងគ្នា។ «អ្នកណាដែលបានបង្កើតរបស់ទាំងនេះ»? នេះជាសំនួរដែលបានសួរជាយូរយារមកហើយ។ ចម្លើយដែលត្រូវបានផ្ដល់មក គឺសមហេតុសមផលណាស់ ថា៖ ព្រះអង្គ«ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ»។ (អេសាយ ៤០:២៦) នេះគឺច្បាស់ជាការល្ងង់ខ្លៅមែនហើយដោយគិតថា ផ្កាយរាប់រយកោដិបានកើតមកដោយខ្លួនឯង ហើយក៏អាចបង្កបង្កើតខ្លួនឯងបានជាប្រព័ន្ធផ្កាយដ៏មហិមា ដែលធ្វើដំណើរតាមរបៀបរបបដ៏អស្ចារ្យ ដោយគ្មានការដឹកនាំនោះ!—ទំនុកដំកើង ១៤:១
៥ (ក) តើមានលទ្ធភាពណា ដែលផ្នែកគ្រឿងផ្សេងៗអាចផ្គុំឡើងដោយខ្លួនឯងឲ្យបានទៅជាកាំបិតកាប់សាច់មួយ? (ខ) តើការទាំងនេះបានបង្ហាញយ៉ាងណាអំពីសកលលោកយើង?
៥ សកលលោកដែលបានរៀបចំមកយ៉ាងខ្ពង់ខ្ពស់នេះ មិនអាចកើតមកដោយខ្លួនឯងបានទេ។ គឺប្រាកដជាមានអ្នកបង្កើតដ៏មានបញ្ញា ដែលប្រកបដោយតេជានុភាពដ៏មហិមាម្នាក់។ (ទំនុកដំកើង ១៩:១, ២) អ្នកជំនួញម្នាក់បានត្រូវសួរថាហេតុអ្វីបានជាគាត់ជឿថាមានព្រះនោះ គាត់បានពន្យល់ថា នៅក្នុងរោងចក្ររបស់គាត់ ក្មេងស្រីម្នាក់ចំណាយពេលអស់ពីរថ្ងៃទើបរៀនចេះតម្លើងគ្រឿង១៧ដុំ ដើម្បីឲ្យបានទៅជាកាំបិតកាប់សាច់មួយ។ គាត់បានមានប្រសាសន៍ថា «ខ្ញុំគ្រាន់តែជាអ្នកផលិតគ្រឿងកាំបិតផ្សេងៗប៉ុណ្ណោះ។ ប៉ុន្តែរឿងនេះខ្ញុំដឹងថា បើអ្នកយកគ្រឿងទាំង១៧ដុំនោះទៅដាក់ក្នុងធុងសំរាប់លាងមួយ ហើយក្រលុកហើយក្រលុកទៀតរហូតដល់អស់រយៈពេល១៧រយកោដិឆ្នាំ ក៏អ្នកមិនអាចបានកាំបិតកាប់សាច់មួយឡើយ»។ សកលលោកនេះ រួមទាំងជីវិតជាច្រើនសណ្ឋាននៅលើផែនដី គឺមានភាពស្មុគស្មាញពិបាកជាងកាំបិតកាប់សាច់ទៅទៀត។ បើគ្រាន់តែកាំបិតបែបនេះត្រូវការអ្នកជំនាញម្នាក់នោះ យើងអាចដឹងជាពិតប្រាកដថា ច្បាស់ជាមានព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានបង្កើតរបស់សព្វសារពើទាំងអស់នេះហើយ។ តើកិត្ដិយសនេះមិនត្រូវបានទៅលើទ្រង់ចំពោះអ្វីៗដែលទ្រង់បានបង្កើតទេឬ?—វិវរណៈ ៤:១១; កិច្ចការ ១៤:១៥-១៧; ១៧:២៤-២៦
ព្រះ ជាបុគ្គលដ៏ពិតមួយអង្គឬ?
៦ ហេតុអ្វីក៏យើងអាចដឹងជាប្រាកដថា ព្រះទ្រង់ជាបុគ្គលដ៏ពិតមួយអង្គមែននោះ?
៦ ថ្វីបើមនុស្សភាគច្រើននិយាយថា ពួកគេជឿទៅលើព្រះក៏ដោយ តែពួកគេជាច្រើនមិនគិតថាទ្រង់ជាបុគ្គលដ៏ពិតទេ។ តើទ្រង់ជាបុគ្គលដ៏ពិតមែនទេ? រឿងនេះអាចយល់បានថាទីណាដែលមានបញ្ញាទីនោះក៏មានសតិដែរ។ ហើយយើងដឹងទៀតថាទីណាមានសតិ ទីនោះក៏មានខួរក្បាលនៅក្នុងកាយដែលមានទ្រង់ទ្រាយដ៏ច្បាស់លាស់មួយដែរ។ ដូច្នេះហើយ សតិដ៏ខ្ពង់ខ្ពស់ដែលបណ្ដាលឲ្យកើតមានរបស់របរទាំងអស់នោះ ជារបស់ផងបុគ្គលដ៏ខ្ពង់ខ្ពស់ម្នាក់ គឺព្រះដ៏មានគ្រប់ព្រះចេស្ដា។ ថ្វីបើទ្រង់មិនមានរូបកាយខាងសាច់ឈាមក៏ដោយ តែទ្រង់មានរូបកាយខាងវិញ្ញាណវិញ។ តើបុគ្គលជាវិញ្ញាណមានរូបកាយទេ? ពិតជាមាន ព្រះគម្ពីរបានចែងថា៖ «បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ»។—កូរិនថូសទី១ ១៥:៤៤; យ៉ូហាន ៤:២៤
៧ (ក) អ្វីដែលបង្ហាញថា ព្រះទ្រង់មានកន្លែងមួយសំរាប់ជាទីលំនៅទ្រង់នោះ? (ខ) អ្វីដែលបង្ហាញថា ទ្រង់មានរូបកាយនោះ?
៧ ដោយព្រះជាបុគ្គលមួយអង្គដែលមានរូបកាយខាងវិញ្ញាណនោះ ទ្រង់ក៏ត្រូវមានកន្លែងមួយសំរាប់ជាទីលំនៅទ្រង់ដែរ។ ព្រះគម្ពីរបានប្រាប់យើងថា ស្ថានសួគ៌ជា«ទីលំនៅរបស់ទ្រង់»។ (ពង្សាវតារក្សត្រទី១ ៨:៤៣) ម្យ៉ាងទៀត យើងបានត្រូវប្រាប់ថា «ដ្បិតព្រះគ្រីស្ទទ្រង់ . . . បានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ដ្រនៃព្រះ ដំណាងយើងរាល់គ្នា»។ (ហេព្រើរ ៩:២៤) មនុស្សខ្លះនឹងត្រូវទទួលរង្វាន់ ដែលជាជីវិតនៅស្ថានសួគ៌ជាមួយព្រះ នៅពេលនោះពួកគេនឹងទទួលរូបកាយខាងវិញ្ញាណ។ ព្រះគម្ពីរបានចែងថា នៅពេលនោះពួកគេនឹងឃើញព្រះ ហើយពួកគេនឹងបានដូចជាទ្រង់ដែរ។ (យ៉ូហានទី១ ៣:២) ការទាំងនេះបង្ហាញឲ្យឃើញទៀតថា ព្រះទ្រង់ជាបុគ្គលម្នាក់ ហើយមានរូបកាយមួយដែរ។
៨, ៩ (ក) តើឧទាហរណ៍ពីរោងចក្រអគ្គីសនីមួយអាចបង្ហាញយ៉ាងណា អំពីឥទ្ធិពលរបស់ព្រះ ដែលអាចផ្ដល់បានឆ្ងាយនោះ? (ខ) អ្វីជាវិញ្ញាណបរិសុទ្ធរបស់ព្រះ ហើយតើនេះអាចសម្រេចអ្វីបាន?
៨ ប៉ុន្តែប្រហែលជាមានអ្នកណាមួយសួរថា៖ ‹បើព្រះទ្រង់ជាបុគ្គលដ៏ពិតដែលគង់នៅក្នុងទីកន្លែងកំណត់មួយនៅលើស្ថានសួគ៌ តើទ្រង់អាចទតឃើញអ្វីៗទាំងអស់ដែលកើតឡើងនៅគ្រប់ទិសទីបានយ៉ាងណា? ហើយតើឥទ្ធិពលរបស់ទ្រង់អាចបង្កើតលទ្ធផលនៅគ្រប់ផ្នែកនៃសកលលោកបានយ៉ាងណា›? (របាក្សត្រទី២ ១៦:៩) ចំពោះហេតុការណ៍ដែលថាព្រះជាបុគ្គលម្នាក់ នោះមិនអាចដាក់កំរិតទៅលើឥទ្ធិពលឬភាពមហិមារបស់ទ្រង់បានឡើយ។ ហើយការទាំងនេះក៏មិនត្រូវបន្ថយនូវការគោរពរបស់យើងចំពោះទ្រង់ដែរ។ (របាក្សត្រទី១ ២៩:១១-១៣) ដើម្បីជួយយើងឲ្យយល់នូវរឿងនេះ សូមពិចារណាអំពីអានុភាពដែលអាចផ្ដល់បានយ៉ាងឆ្ងាយពីរោងចក្រអគ្គីសនីមួយ។
៩ រោងចក្រអគ្គីសនីស្ថិតនៅកន្លែងណាមួយនៅក្នុងឬក៏ជិតទីក្រុងមួយ។ ប៉ុន្តែអគ្គីសនីបានត្រូវចែកចាយពាសពេញតំបន់នោះ ផ្ដល់ទាំងភ្លើងនិងថាមពល។ រឿងនេះក៏ស្រដៀងនឹងព្រះដែរ។ ទ្រង់គង់នៅស្ថានសួគ៌។ (អេសាយ ៥៧:១៥; ទំនុកដំកើង ១២៣:១) ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដែលជាសកម្មពលដ៏មើលមិនឃើញនោះ អាចបង្កើតលទ្ធផលនៅគ្រប់ទិសទីពាសពេញសកលលោកបាន។ ដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ព្រះបានបង្កើតផ្ទៃមេឃ ផែនដី និងអ្វីៗដែលមានជីវិតទាំងអស់។ (ទំនុកដំកើង ៣៣:៦, ពថ; លោកុប្បត្តិ ១:២; ទំនុកដំកើង ១០៤:៣០) ក្នុងការបង្កើតនូវរបស់ទាំងនេះ ព្រះទ្រង់មិនបាច់មានវត្តមានផ្ទាល់អង្គទ្រង់ទេ។ ទ្រង់អាចបញ្ជូនព្រះវិញ្ញាណទ្រង់ សកម្មពលរបស់ទ្រង់ ឲ្យធ្វើអ្វីដែលទ្រង់មានព្រះបំណង ទោះបីទ្រង់គង់នៅឆ្ងាយយ៉ាងណាក៏ដោយ។ ទ្រង់ជាព្រះដែលគួរឲ្យស្ញប់ស្ញែងម្ល៉េះហ្ន៎!—យេរេមា ១០:១២; ដានីយ៉ែល ៤:៣៥
ព្រះទ្រង់ជាបុគ្គលប្រភេទណា
១០ តើអ្វីជាវិធីមួយដែលយើងអាចស្គាល់ព្រះបាន?
១០ តើព្រះជាបុគ្គលប្រភេទមួយដែលយើងអាចបង្កើនសេចក្ដីស្រឡាញ់បានទេ កាលណាយើងបានស្គាល់ទ្រង់ច្បាស់នោះ? អ្នកប្រហែលមានប្រសាសន៍ថា ‹ប្រហែលជាបាន› ‹ប៉ុន្តែដោយយើងមិនអាចឃើញព្រះនោះ តើយើងអាចស្គាល់ទ្រង់យ៉ាងដូចម្ដេចបាន›? (យ៉ូហាន ១:១៨) ព្រះគម្ពីរបង្ហាញនូវវិធីមួយដោយចែងថា៖ «ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ (រ៉ូម ១:២០) ដូច្នេះហើយរបស់របរទាំងអស់ដែលព្រះបានបង្កើតអាចជួយយើងឲ្យយល់ដឹង តើទ្រង់ជាបុគ្គលប្រភេទណា ប្រសិនបើយើងពិតជាយកការនេះមកពិចារណានិងគិតនោះ។
១១ តើយើងអាចរៀនអំពីព្រះបានយ៉ាងណាខ្លះ កាលណាយើងពិនិត្យនូវរបស់ដែលទ្រង់បានបង្កើតនោះ?
១១ ដូចជាយើងបានឃើញមកហើយ ការពិនិត្យមើលនូវផ្ទៃមេឃដែលពោរពេញដោយតារាទាំងឡាយនោះ ពិតជាប្រាប់យើងអំពីភាពមហិមា និងតេជានុភាពដ៏សម្បើមរបស់ព្រះអង្គហើយ! (ទំនុកដំកើង ៨:៣, ៤; អេសាយ ៤០:២៦) បន្ទាប់មក សូមត្រិះរិះពិចារណាអំពីផែនដី។ ព្រះទ្រង់បានដាក់ផែនដីនៅកន្លែងមួយក្នុងលំហអាកាស ដែលទទួលនូវកំដៅនិងពន្លឺចំនួនត្រឹមត្រូវល្មមពីសុរិយា។ ហើយសូមពិចារណាអំពីជលចក្រ។ ភ្លៀងធ្លាក់ស្រោចទៅលើផែនដី។ ទឹកក៏ហូរទៅក្នុងទន្លេ រួចហូរចូលទៅក្នុងសមុទ្រ។ កំដៅថ្ងៃលើកយកចំហាយទឹកចេញពីសមុទ្រ រួចក៏ធ្លាក់ជាភ្លៀងស្រោចទៅលើផែនដីម្ដងទៀត។ (សាស្ដា ១:៧) នៅមានចក្រដ៏អស្ចារ្យជាច្រើនទៀត ដែលព្រះទ្រង់បានដាក់ឲ្យមានប្រតិបត្ដិការដើម្បីផ្ដល់នូវម្ហូបអាហារ ទីជម្រក និងអ្វីផ្សេងៗទាំងអស់ ដែលមនុស្សនិងសត្វត្រូវការ! ហើយតើរបស់ដ៏អស្ចារ្យទាំងអស់នេះ ប្រាប់យើងអំពីព្រះជាបុគ្គលប្រភេទណា? គឺទ្រង់ពិតជាព្រះដែលប្រកបដោយប្រាជ្ញាដ៏មហិមាមួយអង្គ ហើយទ្រង់ជាព្រះដ៏សប្បុរសនិងស្ងួនគ្រងអ្វីៗដែលទ្រង់បានបង្កើតទាំងអស់ផង។—សុភាសិត ៣:១៩, ២០; ទំនុកដំកើង ១០៤:១៣-១៥, ២៤, ២៥
១២ តើរូបកាយផ្ទាល់របស់អ្នកបង្រៀនយ៉ាងណាខ្លះអំពីព្រះ?
១២ សូមពិចារណាពីរូបកាយរបស់អ្នកផ្ទាល់។ រូបកាយនេះពិតជាត្រូវបានបង្កើតមក មិនគ្រាន់តែសំរាប់រស់នៅប៉ុណ្ណោះទេ។ តែពិតជាបានត្រូវរៀបចំមកយ៉ាងអស្ចារ្យ ដើម្បីឲ្យសប្បាយនឹងជីវិតដែរ។ (ទំនុកដំកើង ១៣៩:១៤) ភ្នែករបស់យើងមិនគ្រាន់តែអាចឃើញខ្មៅនិងសប៉ុណ្ណោះទេ ផ្ទុយទៅវិញ យើងអាចឃើញគ្រប់ពណ៌ទាំងអស់ ហើយពិភពលោកនេះសម្បូណ៌ទៅដោយពណ៌ជាច្រើនដើម្បីជាទីគាប់ចិត្ត។ យើងអាចស្រងយកក្លិន និងភ្លក់រសជាតិ។ ដូច្នេះហើយ ការបរិភោគមិនគ្រាន់តែជាមុខងារចាំបាច់ទេ តែអាចជាទីចូលចិត្តយ៉ាងខ្លាំង។ ប្រសាទទាំងនេះ មិនមែនជាការចាំបាច់ដើម្បីជីវិតទេ គឺជាអំណោយទានពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ សប្បុរស និងព្រះទ័យចេះគិតគូរដល់យើងផង។—លោកុប្បត្តិ ២:៩; យ៉ូហានទី១ ៤:៨
១៣ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ កាលណាពិនិត្យនូវរបៀបទាក់ទងរបស់ទ្រង់ជាមួយមនុស្សលោក?
១៣ ការពិនិត្យមើលនូវការទាក់ទងរបស់ព្រះជាមួយមនុស្សលោកក៏បង្ហាញដែរថា តើទ្រង់ជាព្រះប្រភេទណា។ ព្រះអង្គមានព្រះទ័យឈ្វេងយល់យ៉ាងច្បាស់ពីយុត្ដិធម៌របស់ទ្រង់។ ទ្រង់មិនសម្ដែងអនុគ្រោះនិយមចំពោះសាសន៍ណាមួយនៃមនុស្សលោកទេ។ (កិច្ចការ ១០:៣៤, ៣៥) ទ្រង់ក៏ពោរពេញទៅដោយសេចក្ដីមេត្ដាករុណា និងព្រះហឫទ័យសប្បុរស។ ព្រះគម្ពីរបានចែងអំពីការទាក់ទងរបស់ទ្រង់ ជាមួយនឹងជនជាតិអ៊ីស្រាអែលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីទាសភាពនៅប្រទេសអេស៊ីព្ទ ថា៖ «ទ្រង់មានសេចក្ដីមេត្ដាករុណា . . . ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ»។ យ៉ាងណាក៏ដោយ ពួកអ៊ីស្រាអែលបានឈប់ស្ដាប់បង្គាប់ដល់ទ្រង់ជាញឹកញយ ហើយបានធ្វើឲ្យព្រះហឫទ័យព្រះព្រួយ។ ដូចព្រះគម្ពីរបានចែងថា៖ «ហើយនាំឲ្យព្រួយព្រះហឫទ័យ . . . ហើយសូម្បីតែព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ក៏គេបញ្ឈឺព្រះទ័យទ្រង់ដែរ»។ (ទំនុកដំកើង ៧៨:៣៨-៤០, ៤១, ពថ; ១០៣:៨, ១៣, ១៤) ម្យ៉ាងទៀត ពេលដែលអ្នកបម្រើទ្រង់បានគោរពវិន័យរបស់ទ្រង់ ព្រះទ្រង់មានព្រះហឫទ័យរីករាយណាស់។ (សុភាសិត ២៧:១១) ព្រះទ្រង់ក៏បានពណ៌នាប្រាប់ អំពីព្រះហឫទ័យទ្រង់ដែរ ពេលដែលអ្នកបម្រើរបស់ទ្រង់ត្រូវទទួលការរងទុក្ខដោយសារខ្មាំងសត្រូវ៖ «អ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។ (សាការី ២:៨) តើអ្នកមិនត្រូវបានញ៉ាំងឲ្យមានចិត្តស្រឡាញ់ព្រះមួយអង្គ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដល់មនុស្សលោកដ៏មិនសំខាន់ ពីគ្រប់សាសន៍ទេឬ?—អេសាយ ៤០:២២; យ៉ូហាន ៣:១៦
តើព្រះជាព្រះយេស៊ូវ ឬក៏ជាត្រីឯកភាពមួយឬ?
១៤ តើសេចក្ដីបង្រៀននៃត្រីឯកភាពជាអ្វី?
១៤ តើព្រះដ៏អស្ចារ្យនេះជាអ្នកណា? មនុស្សខ្លះនិយាយថា ព្រះនាមរបស់ទ្រង់ជាព្រះយេស៊ូវ។ អ្នកដទៃទៀតនិយាយថាទ្រង់ជាត្រីឯកភាព ថ្វីបើពាក្យ«ត្រីឯកភាព»មិនមាននៅក្នុងព្រះគម្ពីរក៏ដោយ។ យោងទៅតាមសេចក្ដីបង្រៀននៃត្រីឯកភាព មានបុគ្គលបីអង្គនៅក្នុងព្រះមួយ គឺថា«មានព្រះមួយ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ»។ អង្គការនៃសាសនាជាច្រើនបង្រៀនសេចក្ដីនេះ ថ្វីបើពួកគេទទួលសារភាពថា នេះជាការ«អាថ៌កំបាំង»មួយក៏ដោយ។ តើទស្សនៈបែបនេះចំពោះព្រះត្រឹមត្រូវទេ?
១៥ តើព្រះគម្ពីរបានបង្ហាញយ៉ាងណាថា ព្រះនិងព្រះយេស៊ូវជាបុគ្គលផ្សេងពីគ្នា ហើយមិនស្មើនឹងគ្នាទេនោះ?
១៥ អញ្ចឹង តើព្រះយេស៊ូវធ្លាប់មានបន្ទូលថា ទ្រង់ជាព្រះទេ? ទេ ទ្រង់មិនដែលមានបន្ទូលដូច្នេះឡើយ។ ផ្ទុយទៅវិញ នៅក្នុងព្រះគម្ពីរ ទ្រង់ត្រូវបានហៅជា«ព្រះរាជបុត្រានៃព្រះ»។ ហើយទ្រង់បានមានបន្ទូលថា៖ «ព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ»។ (យ៉ូហាន ១០:៣៤-៣៦; ១៤:២៨) ម្យ៉ាងទៀត ព្រះយេស៊ូវបានពន្យល់ថាមានរឿងខ្លះដែលទ្រង់និងពួកទេវតាក៏មិនដឹងដែរ ប៉ុន្តែមានតែព្រះទេដែលទ្រង់ជ្រាបប៉ុណ្ណោះ។ (ម៉ាកុស ១៣:៣២) បន្តទៅទៀត នៅក្នុងឱកាសមួយ ព្រះយេស៊ូវទ្រង់បានអធិស្ឋានទៅព្រះ ដោយមានបន្ទូលថា៖ «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ (លូកា ២២:៤២) ប្រសិនបើព្រះយេស៊ូវជាព្រះដ៏មានគ្រប់ព្រះចេស្ដានោះ ទ្រង់នឹងមិនអធិស្ឋានចំពោះខ្លួនទ្រង់ឡើយ មែនទេ? តាមការពិត ក្រោយពីមរណភាពរបស់ព្រះយេស៊ូវ ព្រះគម្ពីរបានចែងថា៖ «ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ»។ (កិច្ចការ ២:៣២) ហេតុដូច្នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះយេស៊ូវ គឺច្បាស់ជាបុគ្គលពីរអង្គដែលផ្សេងពីគ្នា។ សូម្បីតែក្រោយពីមរណភាព ពីការមានព្រះជន្មរស់ឡើងវិញ និងពីការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់ក៏ដោយ ព្រះយេស៊ូវក៏នៅតែមិនស្មើនឹងព្រះវរបិតាទ្រង់ឡើយ។—កូរិនថូសទី១ ១១:៣; ១៥:២៨
១៦ ទោះបីព្រះយេស៊ូវបានត្រូវសំដៅជាព្រះ អ្វីដែលបង្ហាញថា ទ្រង់មិនមែនជាព្រះដ៏គ្រប់ព្រះចេស្ដាទេនោះ?
១៦ ប្រហែលជាមានអ្នកណាមួយសួរថា ‹ប៉ុន្តែ តើព្រះយេស៊ូវមិនបានហៅថាជាព្រះមួយអង្គ ក្នុងព្រះគម្ពីរទេឬអ្វី›? នេះជាការពិតមែន។ ប៉ុន្តែសាតាំងក៏បានហៅថាជាព្រះមួយដែរ។ (កូរិនថូសទី២ ៤:៤) នៅក្នុងយ៉ូហាន ១:១ ដែលសំដៅទៅលើព្រះយេស៊ូវជា«ព្រះបន្ទូល» សេចក្ដីបកប្រែនៃព្រះគម្ពីរខ្លះចែងថា៖ «កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ»។ ប៉ុន្តែសូមកត់សម្គាល់នូវវគ្គទី២ ដែលចែងថា ព្រះបន្ទូល«គង់នៅជាមួយនឹងព្រះ តាំងពីដើមមក»។ ហើយថ្វីបើមនុស្សបានឃើញព្រះយេស៊ូវមែននោះ វគ្គទី១៨បានចែងមកថា៖ «គ្មានអ្នកណាដែលឃើញព្រះឡើយ»។ ដូច្នេះហើយ យើងអាចរកឃើញថា សេចក្ដីបកប្រែខ្លះនៃវគ្គទី១ បានឲ្យមតិត្រឹមត្រូវដូចភាសាដើមនៃព្រះគម្ពីរដែលអានថា៖ «ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះជាអាទិទេព» គឺថាព្រះបន្ទូលមានឥទ្ធិពលខ្លាំងក្លាដូចព្រះអញ្ចឹង។ (សេចក្ដីបកប្រែគម្ពីរអាមេរិកាំង ជាភាសាអង់គ្លេស) យ៉ាងច្បាស់ណាស់ ព្រះយេស៊ូវមិនមែនជាព្រះដែលមានគ្រប់ព្រះចេស្ដានោះទេ។ តាមការពិត ព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅព្រះវរបិតាទ្រង់ជា «ព្រះនៃខ្ញុំ» និងជា «ព្រះពិតតែ១»។—យ៉ូហាន ២០:១៧; ១៧:៣
១៧ តើការចាក់ព្រះវិញ្ញាណបរិសុទ្ធទៅលើអ្នកកាន់តាមព្រះយេស៊ូវបានបញ្ជាក់យ៉ាងណាថា នេះមិនមែនជាបុគ្គលទេនោះ?
១៧ រីឯ«ព្រះវិញ្ញាណបរិសុទ្ធ»វិញ ដែលបានហៅជាបុគ្គលទីបីនៃត្រីឯកភាពនោះ យើងបានឃើញរួចមកហើយថា នេះមិនមែនជាបុគ្គលទេ តែជាសកម្មពលរបស់ព្រះ។ យ៉ូហាន-បាទីស្ទបានមានប្រសាសន៍ថា ព្រះយេស៊ូវនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺដូចគាត់បានធ្វើបុណ្យជ្រមុជដោយទឹកដែរ។ ដូច្នេះហើយ ដូចជាទឹកមិនមែនជាបុគ្គល ព្រះវិញ្ញាណបរិសុទ្ធក៏មិនមែនជាបុគ្គលដែរ។ (ម៉ាថាយ ៣:១១) អ្វីៗដែលយ៉ូហានបានទាយទុកពីមុន បានត្រូវសម្រេចឡើង ក្រោយពេលដែលព្រះយេស៊ូវបានទទួលមរណភាព និងបានមានព្រះជន្មរស់ឡើងវិញ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់ទៅលើអ្នកកាន់តាមទ្រង់ ដែលបានប្រជុំគ្នានៅទីក្រុងយេរូសាឡិម។ ព្រះគម្ពីរបានចែងថា៖ «រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់»។ (កិច្ចការ ២:៤) តើពួកគេបានពេញទៅដោយបុគ្គលណាមួយឬ? មិនមែនទេ។ ប៉ុន្តែពួកគេបានពេញទៅដោយសកម្មពលរបស់ព្រះ។ ដូច្នេះហើយ ហេតុការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា ត្រីឯកភាពមិនមែនជាសេចក្ដីបង្រៀនពីព្រះគម្ពីរទេ។ តាមការពិតទៅ ជាយូរយារមុនពេលដែលព្រះយេស៊ូវបានយាងមកផែនដី មានព្រះជាច្រើនដែលគេថ្វាយបង្គំជាក្រុមដែលមានបីអង្គ ឬក៏ត្រីឯកភាពនៅកន្លែងផ្សេងៗ ដូចជានៅប្រទេសអេស៊ីព្ទ និងក្រុងបាប៊ីឡូននៅសម័យបុរាណ។
ព្រះនាមព្រះ
១៨ (ក) តើ«ព្រះ»ជានាមផ្ទាល់របស់ព្រះដែលមានគ្រប់ព្រះចេស្ដាឬ? (ខ) អ្វីជាព្រះនាមទ្រង់ផ្ទាល់?
១៨ ប្រាកដហើយ មនុស្សគ្រប់ៗគ្នាដែលអ្នកស្គាល់សុទ្ធតែមានឈ្មោះទាំងអស់។ ព្រះក៏មានព្រះនាមផ្ទាល់អង្គទ្រង់ដែរ ដើម្បីញែកទ្រង់ឲ្យខុសគ្នាពីព្រះដទៃទាំងអស់។ អ្នកខ្លះប្រហែលជាសួរថា ‹តើ«ព្រះ»មិនមែនជាព្រះនាមទ្រង់ទេឬ›? មិនមែនទេ ពីព្រោះ«ព្រះ»គ្រាន់តែជាឋានន្តរទេ ដូច«ប្រធានាធិបតី» «ស្តេច» និង «ចៅក្រម» ក៏ជាឋានន្តរដែរ។ យើងអាចដឹងព្រះនាមព្រះពីព្រះគម្ពីរ ដែលនៅក្នុងនោះលេចមានឡើងប្រហែល៧.០០០ដង។ ឧទាហរណ៍ នៅក្នុងសេចក្ដីបកប្រែរបស់សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ក្នុងទំនុកដំកើង ៨៣:១៨ បានចែងថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ ម្យ៉ាងទៀត ព្រះនាមរបស់ព្រះត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរភាគច្រើន នៅវិវរណៈ ១៩:១-៦ ដែលបានសម្ដែងជាផ្នែកនៃឃ្លាមួយដែលថា«ហាលេលូយ៉ា»។ នេះមានន័យថា «ចូរសរសើរដល់យ៉ា» «យ៉ា»ជាពាក្យសរសេរកាត់របស់ព្រះនាមយេហូវ៉ា។
១៩ (ក) ហេតុអ្វីក៏មនុស្សខ្លះមានការភ្ញាក់ផ្អើល កាលណាគេឃើញព្រះនាមព្រះនៅក្នុងព្រះគម្ពីររបស់គេនោះ? (ខ) តើនៅកន្លែងណាខ្លះ ដែលព្រះនាមព្រះបានលេចឡើងនៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្ស?
១៩ មនុស្សខ្លះមានការភ្ញាក់ផ្អើលពេលដែលគេឃើញព្រះនាមរបស់ព្រះក្នុងព្រះគម្ពីររបស់គេ ពីព្រោះព្រះគម្ពីរខ្លះមិនសូវប្រើព្រះនាមព្រះ ឬក៏ប្រហែលជាលប់ព្រះនាមនោះចេញពីបទគម្ពីរភាសាក្រិក(សញ្ញាថ្មី)ទាំងអស់ផង។ អ្នកបកប្រែព្រះគម្ពីរតែងតែដាក់ពាក្យដូចជា«ព្រះ»ឬ«ព្រះអម្ចាស់»ជំនួសនឹងព្រះនាមព្រះទៅវិញ។ ឧទាហរណ៍ សេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សប្រើព្រះនាម«យេហូវ៉ា»មួយម៉ាត់នេះ មាននៅតែនិក្ខមនំ ៦:៣ ទំនុកដំកើង ៨៣:១៨ ហើយនៅអេសាយ ១២:២ និង ២៦:៤ប៉ុណ្ណោះ។
២០ (ក) ហេតុអ្វីក៏ព្រះនាមព្រះមិនបានយកមកប្រើជាញឹកញាប់? (ខ) តើត្រូវប្រើព្រះនាមនោះទេ?
២០ អ្នកប្រហែលជាសួរថា ‹ប៉ុន្តែហេតុអ្វីក៏មិនប្រើព្រះនាមរបស់ព្រះនៅគ្រប់កន្លែងដូចនៅក្នុងឯកសារដើមនៃព្រះគម្ពីរ? ហេតុអ្វីក៏ឋានន្តរដូចជាព្រះអម្ចាស់ និងព្រះបានយកទៅដាក់ជំនួសក្នុងកន្លែងជាច្រើននោះទៅវិញ›? នៅក្នុងអារម្ភកថានៃសេចក្ដីបកប្រែព្រះគម្ពីរបមាណីយអាមេរិកាំង បានពន្យល់ពីមូលហេតុដែលព្រះនាមព្រះយេហូវ៉ាត្រូវបានយកមកប្រើឥឡូវនេះ ហើយអំពីមូលហេតុដែលជាយូរណាស់មកហើយ មិនបានប្រើព្រះនាមនោះ ថា៖ «ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់នោះ ពួកអ្នកកែជនជាតិអាមេរិក បានជឿមូលមតិគ្នាទាំងស្រុងថា ជំនឿឆ្វេងនៃពួកសាសន៍យូដា ដែលពន្យល់ថា ព្រះនាមរបស់ព្រះពិសិដ្ឋពេកមិនត្រូវយកមកប្រើ នោះឈប់លែងមានឥទ្ធិពលទៅលើព្រះគម្ពីរជាភាសាអង់គ្លេស ឬកំណែថ្មីណាទៀតឡើយ . . . ព្រះនាមផ្ទាល់នេះដែលទាក់ទងនឹងការពិសិដ្ឋជាច្រើន ឥឡូវបានដាក់នៅកន្លែងដើមឡើងវិញ ក្នុងព្រះគម្ពីរដ៏ពិសិដ្ឋដែលគួរតែមានដោយគ្មានជំទាស់ឡើយ»។ មែនហើយ ពួកអ្នកបកប្រែព្រះគម្ពីរទៅភាសាអង់គ្លេសនោះយល់ថា មូលហេតុដែលព្រះនាមព្រះមិនបានបញ្ចូលក្នុងបទគម្ពីរខ្លះនោះ គឺមិនល្អទេ។ ដូច្នេះហើយ ពួកគេបានដាក់ព្រះនាមទ្រង់ ទៅក្នុងព្រះគម្ពីរនៅកន្លែងត្រឹមត្រូវដូចដើមវិញ។
២១ តើសេចក្ដីបកប្រែព្រះគម្ពីរដូវ៉េយរបស់ពួកកាតូលិក បានចែងយ៉ាងណាអំពីព្រះនាមយេហូវ៉ា?
២១ ប៉ុន្តែ នៅតែមានពួកអ្នកខ្លះប្រកែកមិនព្រមយកព្រះនាមព្រះទៅប្រើ ដោយពួកគេអះអាងថាពាក្យ«យេហូវ៉ា» មិនពិតជាព្រះនាមរបស់ព្រះទេ។ ឧទាហរណ៍ សេចក្ដីបកប្រែព្រះគម្ពីរដូវ៉េយរបស់ពួកកាតូលិក ដែលមិនបានប្រើព្រះនាមព្រះនៅក្នុងឯកសារខ្លួននោះ បាននិយាយនៅក្នុងកំណត់ចំណាំរបស់គេអំពីនិក្ខមនំ ៦:៣ ថា៖ «ពួកអ្នកទាន់សម័យខ្លះបានបង្កើតនាមយេហូវ៉ា . . . សូរសព្ទពិតនៃនាមនេះ ដែលមាននៅក្នុងឯកសារភាសាហេព្រើរ បានបាត់បង់ដោយលែងប្រើជាយូរយារណាស់មកហើយ»។
២២ (ក) តើព្រះនាមព្រះជាភាសាហេព្រើរបានតំណាងដោយអក្សរអ្វី? (ខ) ហេតុអ្វីក៏មានបញ្ហាក្នុងការឲ្យដឹង នូវរបៀបដែលព្រះនាមទ្រង់ត្រូវបានបន្លឺសម្លេងពីប្រភពដើមនោះ?
២២ ពិតមែនហើយ ដូចជាព្រះគម្ពីរនៃពួកកាតូលិកចែងនៅត្រង់នេះអញ្ចឹង គឺមាននាមរបស់ព្រះក្នុងឯកសារភាសាហេព្រើរ ដែលជាភាសាបានយកទៅប្រើ ក្នុងការសរសេរសៀវភៅទាំង៣៩ក្បាលផ្នែកដំបូងនៃព្រះគម្ពីរ។ នៅក្នុងនោះ ព្រះនាមនោះបានត្រូវតំណាងដោយអក្សរភាសាហេព្រើរបួនតួ យហវហ។ នៅសម័យបុរាណភាសាហេព្រើរបានត្រូវសរសេរឡើងដោយគ្មានស្រៈទេ អក្សរដូចជា អា អេ អុ អូ អួ អៀ ។ល។ ដែលអាចជួយយើងក្នុងការបញ្ចេញសព្ទឲ្យបានត្រឹមត្រូវនោះ។ ដូច្នេះហើយ បញ្ហាសព្វថ្ងៃនេះគឺយើងគ្មានមធ្យោបាយណាឲ្យដឹងជាពិត ថាតើស្រៈណាខ្លះដែលពួកសាសន៍ហេព្រើរបានប្រើជាមួយនឹងព្យញ្ជនៈយហវហនោះឡើយ។
២៣ តើការសរសេរថា«អពពព»ចំពោះ«អាពាហ៍ពិពាហ៍» អាចជួយយើងឲ្យយល់ពីបញ្ហានៃការបន្លឺសម្លេងព្រះនាមព្រះយ៉ាងណា?
២៣ ដើម្បីជួយយើងឲ្យយល់នូវបញ្ហានេះ សូមពិចារណាពាក្យថា «អាពាហ៍ពិពាហ៍»។ ឧបមាថា គេបានចាប់ផ្ដើមសរសេរ«អពពព»ជានិច្ច ហើយតាំងពីពេលនោះមក ពាក្យនេះមិនដែលបានអានឲ្យចេញសម្លេងឡើយ។ អញ្ចឹង តើមនុស្សដែលរស់ពីពេលឥឡូវនេះទៅ១.០០០ឆ្នាំនៅខាងមុខអាចដឹងរបៀបបន្លឺសព្ទពាក្យ«អពពព»បានយ៉ាងណា ពេលដែលគាត់បានឃើញអក្សរនេះ? ដោយគាត់មិនដែលបានឮសោះនូវការបន្លឺសម្លេងនៃពាក្យនេះ ហើយគាត់ក៏មិនដឹងថាស្រៈណាដែលយកទៅប្រើក្នុងពាក្យនោះដែរ គាត់ប្រាកដជាមិនដឹងសោះ។ រឿងនេះក៏ស្រដៀងនឹងព្រះនាមព្រះដែរ។ មនុស្សក៏មិនបានដឹងឲ្យបានច្បាស់លាស់នូវរបៀបដែលត្រូវបន្លឺសម្លេងនោះទេ ទោះបីមានពួកវិជ្ជាករខ្លះគិតថា«យ៉ាវ៉េ»ជាការបន្លឺត្រឹមត្រូវក៏ដោយ។ យ៉ាងណាក៏ដោយ សណ្ឋានជា«យេហូវ៉ា»បានត្រូវប្រើជាច្រើនសតវត្សមកហើយ ហើយត្រូវបានទទួលស្គាល់នៅស្ទើរតែគ្រប់កន្លែង។
២៤ (ក) ដើម្បីឲ្យបានស្រុះស្របនឹងគ្នា ហេតុអ្វីជាការប្រពៃដែលយើងត្រូវប្រើព្រះនាមព្រះ? (ខ) យោងទៅតាមបទគម្ពីរកិច្ចការ ១៥:១៤ ហេតុអ្វីជាការសំខាន់ក្នុងការប្រើព្រះនាមព្រះ?
២៤ ប៉ុន្តែ តើយើងត្រូវប្រើព្រះនាមព្រះទេ បើយើងប្រហែលជានិយាយមិនត្រូវនឹងរបៀបដែលបាននិយាយពីដើមដំបូងនោះ? ទោះជាយ៉ាងណា យើងប្រើឈ្មោះរបស់បុគ្គលដទៃទៀតនៅក្នុងព្រះគម្ពីរដែរ ថ្វីបើយើងមិនអាចបន្លឺសម្លេងឈ្មោះនោះតាមរបៀបដូចជាភាសាហេព្រើរប្រភពដើមនោះក៏ដោយ។ ឧទាហរណ៍ ព្រះនាមព្រះយេស៊ូវក្នុងភាសាហេព្រើរហៅថា«យេស៊្សូវ៉ា»។ ក៏ដូចគ្នាដែរ ជាការត្រឹមត្រូវក្នុងការប្រើព្រះនាមព្រះ ដែលបានបញ្ចេញឲ្យឃើញនៅក្នុងព្រះគម្ពីរ ទោះជាយើងហៅជា«យ៉ាវ៉េ» «យេហូវ៉ា» ឬក៏តាមរបៀបផ្សេងទៀតដែលនិយមនៅក្នុងភាសាយើងក៏ដោយ។ ការដែលមិនត្រឹមត្រូវនោះ គឺការខកខានមិនប្រើព្រះនាមនោះ។ ហេតុអ្វី? ពីព្រោះពួកអ្នកដែលមិនប្រើព្រះនាម នោះមិនអាចបានសម្គាល់ជាពួកដែលព្រះទ្រង់បានរើសយកជា«រាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់»បានឡើយ។ (កិច្ចការ ១៥:១៤) យើងមិនគ្រាន់តែស្គាល់ព្រះនាមព្រះប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវសរសើរព្រះនាមទ្រង់នៅមុខអ្នកដទៃដែរ ដូចជាព្រះយេស៊ូវបានធ្វើមកពេលដែលទ្រង់គង់នៅលើផែនដី។—ម៉ាថាយ ៦:៩; យ៉ូហាន ១៧:៦, ២៦
ព្រះមួយអង្គដែលមានគោលបំណង
២៥ (ក) តើរឿងអ្វីអំពីព្រះដែលអាចធ្វើឲ្យយើងមានការពិបាកនឹងយល់? (ខ) អ្វីដែលបានបណ្ដាលព្រះយេហូវ៉ាឲ្យចាប់ផ្ដើមបង្កើតនោះ?
២៥ ទោះបីរឿងនេះប្រហែលជាពិបាកចំពោះសតិយើងក្នុងការយល់ក្ដី ព្រះយេហូវ៉ាទ្រង់មិនដែលមានទីចាប់ផ្ដើមឡើយ ហើយក៏នឹងគ្មានទីបញ្ចប់ដែរ។ ទ្រង់ជា«ស្តេចនៃអស់ទាំងកល្ប»។ (ទំនុកដំកើង ៩០:២; ធីម៉ូថេទី១ ១:១៧) មុនពេលដែលទ្រង់បានចាប់ផ្ដើមបង្កើត ព្រះយេហូវ៉ាទ្រង់គង់នៅតែឯកអង្គក្នុងលំហនៃសកលលោក។ ប៉ុន្តែទ្រង់មិនដែលមានព្រះហឫទ័យព្រួយដោយនៅតែឯកអង្គនោះទេ ពីព្រោះទ្រង់ជាបុគ្គលមានអ្វីគ្រប់សព្វទាំងអស់ចំពោះអង្គទ្រង់ ហើយមិនខ្វះអ្វីសោះឡើយ។ គឺជាសេចក្ដីស្រឡាញ់ដែលបណ្ដាលឲ្យទ្រង់ចាប់ផ្ដើមបង្កើត ផ្ដល់ជីវិតឲ្យទៅអ្នកផ្សេង ដើម្បីឲ្យគេបានសប្បាយរីករាយដែរ។ របស់ជាច្រើនដែលទ្រង់បានបង្កើតមុនដំបូងបង្អស់នោះ គឺជាបុគ្គលវិញ្ញាណស្រដៀងនឹងទ្រង់ដែរ។ ព្រះទ្រង់មានអង្គការនៃពួកបុត្រាសួគ៌ាយ៉ាងធំមួយ មុនពេលដែលទ្រង់បានរៀបចំផែនដីសំរាប់មនុស្សលោកនោះ។ ព្រះយេហូវ៉ាមានព្រះបំណងឲ្យពួកគេ បានទទួលនូវសេចក្ដីសប្បាយរីករាយជាខ្លាំងនឹងជីវិត ហើយនឹងកិច្ចការដែលទ្រង់បានផ្ដល់ពួកគេឲ្យធ្វើនោះ។—យ៉ូប ៣៨:៤, ៧
២៦ ហេតុអ្វីក៏យើងអាចដឹងជាពិតប្រាកដថា គោលបំណងចំពោះផែនដីនឹងត្រូវបានសម្រេចឡើង?
២៦ ពេលដែលទ្រង់បានរៀបចំផែនដីរួចហើយនោះ ព្រះយេហូវ៉ាបានដាក់ស្វាមីភរិយាមួយគូ អ័ដាមនិងអេវ៉ា នៅលើផែនដីមួយភាគដែលបានរៀបចំទៅជាសួនមនោរម្យមួយហើយ។ គោលបំណងរបស់ទ្រង់គឺឲ្យពួកគេបង្កើតកូនចៅ ដែលជាអ្នកគោរពនិងថ្វាយបង្គំទ្រង់ និងជាអ្នកពង្រីកសួនមនោរម្យនោះឲ្យពេញផែនដីទាំងមូល។ (លោកុប្បត្តិ ១:២៧, ២៨) ប៉ុន្តែ ដូចជាយើងបានរៀនមកហើយ គោលបំណងដ៏ធំនេះបានត្រូវបង្អាក់។ អ័ដាមនិងអេវ៉ាបានជ្រើសយកការមិនគោរពស្ដាប់បង្គាប់ដល់ព្រះ ហើយគោលបំណងនេះក៏មិនបានសម្រេចដែរ។ ប៉ុន្តែនឹងត្រូវសម្រេចឡើងនៅពេលខាងមុខ បើមិនអញ្ចឹងទេ នឹងត្រូវជារឿងបរាជ័យចំពោះព្រះយេហូវ៉ា បើសិនជាមិនបានសម្រេចតាមបំណងទ្រង់នោះ។ ហើយទ្រង់នឹងមិនបណ្ដោយឲ្យការនោះកើតឡើងទាល់តែសោះ! ទ្រង់បានប្រកាសថា៖ «អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ . . . អញបានចេញវាចាហើយ អញនឹងឲ្យការនោះកើតឡើងផង»។—អេសាយ ៤៦:១០, ១១
២៧ (ក) ហេតុអ្វីក៏យើងត្រូវទទួលការខុសត្រូវចំពោះព្រះ? (ខ) ដូច្នេះ តើមានសំនួរអ្វីខ្លះដែលយើងត្រូវតែគិតឲ្យបានប្រាកដប្រជា?
២៧ តើអ្នកយល់អំពីមុខងាររបស់អ្នកជាអ្វីទេ ក្នុងគោលបំណងរបស់ព្រះនោះ? គឺមិនមែនធ្វើស្រេចតែចិត្តអ្នកចង់ ដោយមិនពិចារណាដល់ព្រះហឫទ័យព្រះនោះទេ។ សាតាំង អ័ដាម និងអេវ៉ា ពួកគេបានប្រព្រឹត្តរបៀបនេះ។ ពួកគេបានដឹងអ្វីជាបំណងព្រះហឫទ័យរបស់ព្រះ ប៉ុន្តែពួកគេមិនបានប្រព្រឹត្តតាមគោលបំណងនោះទេ។ ហើយព្រះទ្រង់ក៏ធ្វើឲ្យពួកគេទទួលការខុសត្រូវចំពោះអំពើខ្លួន។ តើយើងទាំងអស់គ្នាទទួលការខុសត្រូវចំពោះព្រះដែរឬ? មែនហើយ ពីព្រោះព្រះទ្រង់ជាប្រភពនៃជីវិតយើង។ ជីវិតរបស់ពួកយើងទាំងអស់គ្នាស្រេចទៅលើព្រះអង្គ។ (ទំនុកដំកើង ៣៦:៩; ម៉ាថាយ ៥:៤៥) បើអញ្ចឹង តើដល់កំរិតណា ដែលយើងត្រូវដឹកនាំជីវភាពរស់នៅយើងឲ្យស្របទៅតាមគោលបំណងរបស់ព្រះចំពោះយើងនោះ? យើងត្រូវតែគិតឲ្យបានប្រាកដប្រជាអំពីរឿងនេះ ពីព្រោះឱកាសដើម្បីទទួលជីវិតអស់កល្បជានិច្ចរបស់យើង គឺស្រេចទៅលើការប្រព្រឹត្តនេះហើយ។
របៀបដែលត្រូវថ្វាយបង្គំព្រះយេហូវ៉ា
២៨ តើជំនួយអ្វីដែលបណ្ដាជនខ្លះបានយកទៅប្រើ ក្នុងការថ្វាយបង្គំព្រះ?
២៨ របៀបដែលយើងត្រូវថ្វាយបង្គំព្រះយេហូវ៉ានោះជាការសំខាន់ណាស់។ យើងត្រូវតែថ្វាយបង្គំតាមរបៀបដែលទ្រង់បានមានព្រះបន្ទូលប្រាប់ ទោះបីការនេះប្រហែលជាខុសពីរបៀបដែលយើងបានរៀនមកហើយក៏ដោយ។ ឧទាហរណ៍ ជាទំនៀមទម្លាប់មួយចំពោះបណ្ដាជនខ្លះ នូវការប្រើរូបបដិមាករក្នុងការថ្វាយបង្គំរបស់ពួកគេ។ ពួកគេប្រហែលជានិយាយថា គេមិនថ្វាយបង្គំរូបបដិមាករនោះទេ គ្រាន់តែសំរាប់មើលនិងពាល់ ដើម្បីជួយពួកគេក្នុងការថ្វាយបង្គំព្រះប៉ុណ្ណោះ។ ប៉ុន្តែតើព្រះទ្រង់ចង់ឲ្យយើងថ្វាយបង្គំទ្រង់ ដោយមានរូបបដិមាករជាជំនួយទេ?
២៩ តើព្រះគម្ពីរបានបង្ហាញយ៉ាងណា អំពីការមិនត្រឹមត្រូវក្នុងការប្រើរូបបដិមាករសំរាប់ថ្វាយបង្គំនោះ?
២៩ ទេ ទ្រង់មិនមានចំណង់ដូច្នេះទេ។ ដោយសារមូលហេតុនេះហើយ បានជាលោកម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះទ្រង់មិនដែលបានបញ្ចេញជារូបរាងណាមួយឲ្យពួកគេឃើញទាល់តែសោះ។ (ចោទិយកថា ៤:១៥-១៩) តាមការពិត ក្រិត្យវិន័យមួយនៅក្នុងចំណោមក្រិត្យទាំងដប់ប្រការនោះបានចែងថា៖ «កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណា . . . ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាមនោះឡើយ»។ (និក្ខមនំ ២០:៤, ៥) មានតែព្រះយេហូវ៉ាមួយអង្គទេ ដែលត្រូវទទួលនូវការថ្វាយបង្គំនោះ។ ម្ដងហើយម្ដងទៀត ព្រះគម្ពីរបានបង្ហាញថាជាការខុសស្រឡះក្នុងការធ្វើរូបបដិមាករមួយ ឬលុតជង្គង់ក្រាបថ្វាយបង្គំនៅមុខរបស់នោះ ឬក៏អ្នកណាមួយ ឬរបស់ណាមួយ លើកលែងតែព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះ។—អេសាយ ៤៤:១៤-២០; ៤៦:៦, ៧; ទំនុកដំកើង ១១៥:៤-៨
៣០ (ក) តើព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការមានប្រសាសន៍របស់ពួកសាវកទ្រង់ បង្ហាញថាការប្រើរូបបដិមាករជាការខុសយ៉ាងណា? (ខ) យោងទៅតាមចោទិយកថា ៧:២៥ យើងគួរតែធ្វើយ៉ាងណាចំពោះរូបបដិមាករ?
៣០ ដូចជាយើងបានយល់មកហើយ ព្រះយេស៊ូវទ្រង់មិនដែលប្រើរូបបដិមាករក្នុងការថ្វាយបង្គំព្រះទាល់តែសោះ។ ទ្រង់បានពន្យល់ថា៖ «ព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ (យ៉ូហាន ៤:២៤) ប្រព្រឹត្តឲ្យសមតាមដំបូន្មាននេះ គ្មានអ្នកកាន់តាមព្រះយេស៊ូវមួយណា បានប្រើរូបបដិមាករជាជំនួយក្នុងការថ្វាយបង្គំទេ។ តាមការពិត សាវករបស់ទ្រង់ឈ្មោះប៉ុលបានសរសេរថា៖ «ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»។ (កូរិនថូសទី២ ៥:៧) ហើយសាវករបស់ទ្រង់ឈ្មោះយ៉ូហាន បានព្រមានថា៖ «ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។ (យ៉ូហានទី១ ៥:២១) ហេតុអ្វីក៏អ្នកមិនក្រឡេកមើលនៅជុំវិញផ្ទះអ្នក និងសួរខ្លួនអ្នក ថាតើអ្នកកំពុងប្រព្រឹត្តតាមដំបូន្មាននេះទេ?—ចោទិយកថា ៧:២៥
៣១ (ក) ទោះជាយើងប្រហែលជាមិនយល់ពីមូលហេតុដែលព្រះបានប្រទានច្បាប់ខ្លះដល់យើងក៏ដោយ អ្វីដែលនឹងជម្រុញយើងឲ្យគោរពស្ដាប់បង្គាប់នោះ? (ខ) តើយើងត្រូវខំប្រឹងប្រែងប្រព្រឹត្តយ៉ាងណា ហើយយើងគួរតែទទួលសេចក្ដីអញ្ជើញណាដែរ?
៣១ ការថ្វាយបង្គំព្រះយេហូវ៉ាជាអ្នកបង្កើត តាមរបៀបដែលទ្រង់បង្គាប់ ពិតជាផ្ដល់ឲ្យយើងនូវសុភមង្គលដ៏ពិត។ (យេរេមា ១៤:២២) ព្រះគម្ពីរបានបង្ហាញថាអ្វីៗដែលទ្រង់តម្រូវ នោះដើម្បីជាសេចក្ដីល្អដល់យើង និងជាប្រយោជន៍ដ៏អនន្តដល់យើងដែរ។ ជាការពិតហើយ ដោយសារចំណេះវិជ្ជា និងការពិសោធន៍ដ៏ស្តួចស្តើងរបស់យើង ធ្វើឲ្យយើងយល់មិនអស់ នូវមូលហេតុនៃច្បាប់ខ្លះដែលព្រះបានប្រទានមកជាការសំខាន់ ឬរបៀបដែលច្បាប់នោះនឹងមានប្រសិទ្ធិភាពដើម្បីជាសេចក្ដីល្អចំពោះយើងនោះ។ ប៉ុន្តែ ជំនឿយ៉ាងមាំរបស់យើងដែលដឹងថា ព្រះទ្រង់មានចំណេះខ្ពស់ជាងយើងឆ្ងាយណាស់នោះ នឹងជម្រុញយើងឲ្យគោរពស្ដាប់បង្គាប់តាមទ្រង់ដោយស្ម័គ្រចិត្តជាមិនខាន។ (ទំនុកដំកើង ១៩:៧-១១) អញ្ចឹង សូមយើងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសិក្សាអ្វីៗទាំងអស់អំពីព្រះយេហូវ៉ា ហើយទទួលនូវសេចក្ដីអញ្ជើញរបស់ទ្រង់ គឺថា៖ «មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់»។—ទំនុកដំកើង ៩៥:៦, ៧
[ប្រអប់នៅទំព័រ៤២]
កន្លែងទាំងបួនដែលព្រះនាមព្រះបានលេចឡើងនៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សជាភាសាអង់គ្លេស ត្រូវបានបង្ហាញនៅទីនេះ
3 And I appeared unto Abraham, unto Isaac, and unto Jacob by the name of God Almighty, but by my name JEHOVAH was I not known to them.
18 That men may know that thou, whose name alone is JEHOVAH, art the most high over all the earth.
2 Behold, God is my salvation; I will trust and not be afraid: for the LORD JEHOVAH is my strength and my song; he also is become my salvation.
4 Trust ye in the LORD for ever: for in the LORD JEHOVAH is everlasting strength:
[រូបភាពនៅទំព័រ៣៤, ៣៥]
ប្រសិនបើផ្ទះមានអ្នកសង់ម្នាក់នោះ . . . សកលលោកដ៏ស្មុគស្មាញ ក៏ពិតជាមានអ្នកបង្កើតម្នាក់ដែរ
[រូបភាពនៅទំព័រ៣៩]
ដោយព្រោះតែព្រះយេស៊ូវបានអធិស្ឋានទៅព្រះ សូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះ មិនតាមព្រះទ័យទ្រង់ទេនោះ ដូច្នេះអង្គទាំងពីរមិនអាចជាបុគ្គលតែមួយដូចគ្នាបានឡើយ
[រូបភាពនៅទំព័រ៤០, ៤១]
តើព្រះវិញ្ញាណបរិសុទ្ធអាចជាបុគ្គលម្នាក់បានយ៉ាងដូចម្ដេច បើវិញ្ញាណនោះបានបំពេញសិស្ស ១២០នាក់នៅពេលជាមួយគ្នានោះ?
[រូបភាពនៅទំព័រ៤៥]
តើប្រើរូបបដិមាករក្នុងការថ្វាយបង្គំជាការត្រឹមត្រូវទេ?