ជំពូកទី១៩
ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
១ (ក) តើមានទស្សនៈទូទៅណាខ្លះអំពីអើម៉ាគេដូន? (ខ) តើព្រះគម្ពីរបានចែងយ៉ាងណាអំពីរឿងនេះ?
«អើម៉ាគេដូន»ជាពាក្យដែលគួរឲ្យរន្ធត់ចំពោះមនុស្សជាច្រើន។ ពួកអ្នកដឹកនាំពិភពលោកតែងតែប្រើពាក្យនេះ ដើម្បីសំដៅទៅសង្គ្រាមលោកលើកទី៣ ដែលអាចនឹងកើតមានឡើង។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីអើម៉ាគេដូន ជាកន្លែងនៃសង្គ្រាមដ៏សុចរិតមួយដែលប្រយុទ្ធដោយព្រះ។ (វិវរណៈ ១៦:១៤, ១៦) សង្គ្រាមរបស់ព្រះនេះ នឹងរៀបចំបើកផ្លូវសំរាប់របបថ្មីដ៏សុចរិតមួយ។
២ (ក) តើពួកណានឹងត្រូវធ្វើឲ្យហិនវិនាស នៅអើម៉ាគេដូន? (ខ) ដូច្នេះតើអំពើណាខ្លះ ដែលយើងត្រូវតែចៀសវាងដោយប្រាជ្ញានោះ?
២ មិនដូចសង្គ្រាមរបស់មនុស្ស ដែលសម្លាប់ទាំងមនុស្សល្អនិងមនុស្សអាក្រក់ អើម៉ាគេដូននឹងធ្វើឲ្យហិនវិនាសតែមនុស្សអាក្រក់ប៉ុណ្ណោះ។ (ទំនុកដំកើង ៩២:៧) ព្រះយេហូវ៉ាទ្រង់នឹងទៅជាចៅក្រម ហើយទ្រង់នឹងយកចេញអស់អ្នកចចេសដែលមិនព្រមគោរពក្រិត្យវិន័យដ៏សុចរិតរបស់ទ្រង់។ សព្វថ្ងៃនេះ មនុស្សជាច្រើនយល់ឃើញថាគ្មានអ្វីខុសសោះ ចំពោះការសហាយស្មន់ ប្រមឹក ការភូតកុហក ឬក៏ការឆបោកបន្លំជាដើម។ ប៉ុន្តែ ចំពោះព្រះវិញ អ្វីទាំងនេះសុទ្ធតែខុសទាំងអស់។ ដូច្នេះ នៅអើម៉ាគេដូន ទ្រង់នឹងមិនសង្គ្រោះពួកណាដែលនៅតែបន្តប្រព្រឹត្តអំពើទាំងនេះទេ។ (កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨) ដោយដឹងក្រិត្យវិន័យរបស់ព្រះក្នុងរឿងនេះ ជាការសំខាន់ណាស់ចំពោះមនុស្សណាដែលកំពុងតែប្រព្រឹត្តអំពើអាក្រក់បែបនេះ ឲ្យកែប្រែផ្លូវរបស់គេចេញ។
៣ (ក) តើព្រះយេស៊ូវបានប្រៀបធៀបទីបញ្ចប់នៃលោកីយ៍នៅបច្ចុប្បន្ននេះ ទៅនឹងអ្វី? (ខ) តើនឹងមានអ្វីកើតឡើងចំពោះសាតាំងនិងព្រាយបិសាចរបស់វានោះ? (គ) យោងទៅតាមបទគម្ពីរនៅទំព័រជាបន្តបន្ទាប់នេះ តើស្ថានភាពបែបណាដែលនឹងត្រូវបានសប្បាយក្នុងសួនមនោរម្យនៅលើផែនដី?
៣ ក្រោយពីអើម៉ាគេដូន គ្មានផ្នែកណាមួយនៃលោកីយ៍កំណាចនេះនឹងនៅសល់ឡើយ។ គឺមានតែពួកអ្នកដែលបម្រើព្រះទេ ដែលនឹងរស់នៅបន្តទៅទៀតនោះ។ (យ៉ូហានទី១ ២:១៧) ព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រៀបធៀបស្ថានការណ៍នេះទៅនឹងជំនាន់លោកណូអេ។ (ម៉ាថាយ ២៤:៣៧-៣៩; ពេត្រុសទី២ ៣:៥-៧, ១៣; ២:៥) ក្រោយពីអើម៉ាគេដូន មានតែព្រះរាជាណាចក្ររបស់ព្រះទេ ដែលនឹងទៅជារដ្ឋាភិបាល គ្រប់គ្រងទៅលើផែនដី។ សាតាំង និងព្រាយបិសាចរបស់វានឹងបាត់បង់ទៅទាំងអស់។ (វិវរណៈ ២០:១-៣) នៅលើទំព័រជាបន្តបន្ទាប់នេះ សូមលោកអ្នកពិចារណានូវប្រសិទ្ធិពរខ្លះៗ ដែលព្រះគម្ពីរបានបង្ហាញថា ប្រជាជនណាដែលស្ដាប់បង្គាប់នឹងត្រូវទទួលបានដោយរីករាយ។
មនុស្សលោកទាំងអស់នឹងមានសន្ដិភាព រវាងគ្នានឹងគ្នា
«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា . . . ជាម្ចាស់នៃមេត្រីភាព។ ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុត . . . ឡើយ»។—អេសាយ ៩:៦, ៧
«នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។ ទ្រង់នឹងមានអំណាច ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី»។—ទំនុកដំកើង ៧២:៧, ៨
លែងមានសង្គ្រាមទៀត
«ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា . . . ដែលទ្រង់បានធ្វើនៅផែនដី។ ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។—ទំនុកដំកើង ៤៦:៨, ៩
គេហដ្ឋានដ៏ល្អ និងការងារដែលគាប់ចិត្តសំរាប់គ្រប់ៗគ្នា
«មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង . . . គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ . . . ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ។ គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង»។—អេសាយ ៦៥:២១-២៣
ឧក្រិដ្ឋកម្ម អំពើឃោរឃៅ និងអំពើសហ័សបានកន្លងបាត់អស់
«ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ . . . ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។—ទំនុកដំកើង ៣៧:៩, ១០
«តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២២
ផែនដីទាំងមូលជាសួនមនោរម្យ
ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។—លូកា ២៣:៤៣
«ពួកអ្នកសុចរិតនឹងបានស្រុក[ផែនដី]ទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
ពោរពេញទៅដោយរបស់របរដ៏ល្អជាច្រើនសំរាប់គ្រប់ៗគ្នានឹងបរិភោគ
«ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស . . . ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ»។—អេសាយ ២៥:៦
«ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក[ផែនដី] រហូតដល់កំពូលភ្នំ»។ «នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ»។—ទំនុកដំកើង ៧២:១៦; ៦៧:៦
៤, ៥ (ក) តើស្ថានភាពណាខ្លះដែលនឹងឈប់លែងមាន នៅក្នុងសួនមនោរម្យលើផែនដី? (ខ) តើអ្វីខ្លះដែលមនុស្សលោកអាចធ្វើបាន ដែលសព្វថ្ងៃនេះនៅកន្លែងជាច្រើនមិនអាចធ្វើបាននោះ?
៤ លោកអ្នកពិតជាចង់រស់នៅលើផែនដីជាសួនមនោរម្យ ដែលដូចជាសួនច្បារដែលបុរសទីមួយអ័ដាមបានត្រូវបង្កើតមកនោះហើយ។ (លោកុប្បត្តិ ២:៨; លូកា ២៣:៤៣) សូមពិចារណាមើល—គ្មានសង្គ្រាម គ្មានឧក្រិដ្ឋកម្ម ឬភាពឃោរឃៅទៀតឡើយ។ លោកអ្នកនឹងអាចដើរនៅទីណាក៏ដោយ ពេលណាក៏ដោយទាំងថ្ងៃទាំងយប់ ដោយគ្មានការភ័យខ្លាចនឹងមានគ្រោះថ្នាក់អ្វីឡើយ។ មនុស្សអាក្រក់នឹងលែងមានទៀត។—ទំនុកដំកើង ៣៧:៣៥-៣៨
៥ នេះបានសេចក្ដីថា នឹងលែងមានអ្នកនយោបាយមិនស្មោះត្រង់ និងអ្នកដឹកនាំខាងពាណិជ្ជកម្មដ៏ល្មោភ ដើម្បីសង្កត់សង្កិនប្រជាជនទៀតឡើយ។ ប្រជាជននឹងលែងមានបន្ទុកដ៏ធ្ងន់ទៀត ពីការបង់ពន្ធអាករយ៉ាងច្រើន ដែលចំណាយលើសស្ដ្រាវុធនោះ។ ក៏នឹងមិនមានអ្នកណាមួយរស់នៅដោយគ្មានម្ហូបអាហារល្អ និងគ្មានទីអាស្រ័យនៅដ៏ស្រណុក ដោយព្រោះតែខ្លួនគ្មានប្រាក់ទិញនោះឡើយ។ ការគ្មានការធ្វើ អតិផរណា និងការឡើងថ្លៃនឹងមិនមានទៀតទេ។ បញ្ហាដែលបណ្ដាលឲ្យមានសេចក្ដីទុក្ខវេទនាដល់គ្រួសារទាំងឡាយនៅសព្វថ្ងៃនេះ នឹងលែងមានទៀត។ មនុស្សទាំងអស់នឹងមានការងារធ្វើដោយរីករាយ ហើយពួកគេមុខជាអាចឃើញ និងសប្បាយនូវលទ្ធផលនៃការងាររបស់គេ។
៦ (ក) តើកិច្ចការអ្វី ដែលអ្នករួចរស់ជីវិតពីអើម៉ាគេដូននឹងធ្វើ? (ខ) តើព្រះនឹងប្រទានពរយ៉ាងណា ចំពោះការងារដែលបានសម្រេចនោះ?
៦ ជាបឋម ពួកដែលរួចរស់ជីវិតពីអើម៉ាគេដូន នឹងមានកិច្ចការសំអាតផែនដីនិងសំអាតនូវសំណល់បាក់បែកជាច្រើននៃរបបចាស់នេះ។ ហើយបន្ទាប់មក ក្រោមការដឹកនាំនៃការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ ពួកគេនឹងមានឯកសិទ្ធិរៀបចំផែនដីដើម្បីធ្វើកសិកម្ម និងធ្វើឲ្យទៅជាទីកន្លែងដ៏ស្អាតសំរាប់រស់នៅ។ តើនេះជាការងារដ៏រីករាយយ៉ាងណាទៅហ្ន៎! ព្រះទ្រង់នឹងប្រទានពរដល់កិច្ចការទាំងអស់ដែលបានសម្រេច។ ទ្រង់នឹងប្រទាននូវអាកាសធាតុយ៉ាងត្រឹមត្រូវ ដើម្បីធ្វើស្រែចំការនិងចិញ្ចឹមបសុសត្វ ហើយទ្រង់នឹងលៃលកយ៉ាងណា ដើម្បីការពាររបស់ទាំងនេះពីជម្ងឺនិងពីការហិនហោច។
៧ (ក) តើសេចក្ដីសន្យាមួយណារបស់ព្រះ ដែលនឹងត្រូវសម្រេច? (ខ) តើពួកគ្រីស្ទានទន្ទឹងចាំអ្វី យោងទៅតាមសេចក្ដីសន្យារបស់ព្រះនោះ?
៧ សេចក្ដីសន្យារបស់អ្នកបង្កើតដែលស្រឡាញ់យើងនេះ ដែលបានសម្ដែងមកតាមរយៈអ្នកសរសេរគម្ពីរទំនុកដំកើងម្នាក់ នឹងត្រូវបានសម្រេច គឺ៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៦) មែនហើយ សេចក្ដីប្រាថ្នាដ៏ត្រឹមត្រូវទាំងអស់របស់មនុស្សដែលកោតខ្លាចដល់ព្រះ នឹងធ្វើឲ្យបានស្កប់ស្កល់យ៉ាងពេញលេញជាមិនខាន។ យើងមិនអាចនឹកស្មាន ថាតើជីវិតនឹងសប្បាយអស្ចារ្យយ៉ាងណាទេ នៅក្នុងសួនមនោរម្យនៅលើផែនដីនោះ។ ក្នុងការប្រាប់អំពីរបៀបរៀបចំរបស់ព្រះ ដើម្បីជាពរដល់ប្រជារាស្ត្រទ្រង់ សាវកពេត្រុសបានសរសេរថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧; ៦៦:២២
៨ (ក) ហេតុអ្វីក៏យើងមិនត្រូវការផ្ទៃមេឃថ្មីមែនទែននោះ? (ខ) តើ«ផ្ទៃមេឃថ្មី»ជាអ្វី?
៨ តើ«ផ្ទៃមេឃថ្មី»នេះជាអ្វី? នេះមិនមែនជាផ្ទៃមេឃថ្មីមែនទែនទេ។ ព្រះទ្រង់បានបង្កើតផ្ទៃមេឃមែនទែនរបស់យើងនេះយ៉ាងសុក្រឹត ដែលផ្ដល់សិរីល្អដល់ទ្រង់។ (ទំនុកដំកើង ៨:៣; ១៩:១, ២) «ផ្ទៃមេឃថ្មី» សំដៅចំពោះអំណាចគ្រប់គ្រងមួយទៅលើផែនដី។ «ផ្ទៃមេឃ»សព្វថ្ងៃនេះ ត្រូវបានរៀបផ្គុំឡើងដោយរដ្ឋាភិបាលដែលប្រារព្ធដោយមនុស្ស។ នៅអើម៉ាគេដូន រដ្ឋាភិបាលទាំងនេះនឹងបាត់សូន្យទៅ។ (ពេត្រុសទី២ ៣:៧) «ផ្ទៃមេឃថ្មី» ដែលនឹងដាក់ជំនួសរដ្ឋាភិបាលទាំងនោះ គឺជារដ្ឋាភិបាលសួគ៌ារបស់ព្រះ។ ស្តេចនៃរដ្ឋាភិបាលនេះ ជាព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ ផ្នែកនៃ«ផ្ទៃមេឃថ្មី»ដែលនឹងសោយរាជ្យជាមួយទ្រង់ គឺជាពួក១៤៤.០០០នាក់ ជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់ទ្រង់។—វិវរណៈ ៥:៩, ១០; ១៤:១, ៣
៩ (ក) តើ«ផែនដីថ្មី»ជាអ្វី? (ខ) តើផែនដីដែលនឹងត្រូវកំទេចចោលជាអ្វី?
៩ អញ្ចឹង តើ«ផែនដីថ្មី»ជាអ្វី? មិនមែនជាផ្ទៃដីថ្មីមែនទែនទេ។ ព្រះទ្រង់បានធ្វើផ្ទៃផែនដីនេះ យ៉ាងល្អត្រឹមត្រូវល្មមសំរាប់មនុស្សលោករស់នៅ ហើយនេះជាបំណងព្រះហឫទ័យរបស់ទ្រង់ ដែលផែនដីនេះនឹងស្ថិតនៅជានិរន្តរ៍។ (ទំនុកដំកើង ១០៤:៥) «ផែនដីថ្មី» សំដៅចំពោះក្រុម ឬក៏សង្គមមនុស្សលោកថ្មីមួយ។ ព្រះគម្ពីរបានប្រើពាក្យ«ផែនដី»ជាញឹកញាប់តាមរបៀបបែបនេះ។ ជាឧទាហរណ៍ ព្រះគម្ពីរបានចែងថា៖ «រីឯផែនដី[មានន័យជាមនុស្សលោក]ទាំងមូល នោះមានភាសាមានសំដីតែ១ទេ»។ (លោកុប្បត្តិ ១១:១) «ផែនដី»ដែលនឹងត្រូវកំទេចនេះ ជាមនុស្សលោកដែលតាំងខ្លួនគេជាចំណែកមួយនៃរបបលោកីយ៍ដ៏កំណាចនេះ។ (ពេត្រុសទី២ ៣:៧) «ផែនដីថ្មី»ដែលដាក់ជំនួសពួកគេនោះនឹងរៀបផ្គុំឡើងដោយអ្នកបម្រើដ៏ពិតរបស់ព្រះ ដែលញែកខ្លួនគេចេញពីលោកីយ៍នៃមនុស្សអាក្រក់នេះ។—យ៉ូហាន ១៧:១៤; យ៉ូហានទី១ ២:១៧
១០ (ក) តើពួកណាដែលកំពុងតែត្រូវប្រមូល ហើយទៅផ្ដុំគ្នានៅក្នុងអ្វី? (ខ) យោងទៅតាមបទព្រះគម្ពីរនៅលើទំព័របន្តទៅនេះ តើអ្វីនឹងបានសម្រេចឡើងក្នុងសួនមនោរម្យលើផែនដី ដែលរដ្ឋាភិបាលមនុស្សលោកមិនអាចធ្វើបាននោះ?
១០ ពេលឥឡូវនេះ មនុស្សលោកគ្រប់សាសន៍និងគ្រប់សញ្ជាតិ ដែលនឹងផ្គុំឡើងធ្វើជាផ្នែកនៃ«ផែនដីថ្មី»ត្រូវបានប្រមូលចូលក្នុងក្រុមជំនុំគ្រីស្ទាន។ សាមគ្គីភាពនិងសន្ដិភាពដែលមានក្នុងចំណោមពួកគេ គ្រាន់តែជាការសម្ដែងឲ្យឃើញជាមុនបន្ដិចបន្តួច អំពីស្ថានភាពដែលនឹងធ្វើឲ្យការរស់នៅក្នុងសួនមនោរម្យលើផែនដីជាការកំសាន្តដ៏រីករាយ ក្រោយពីអើម៉ាគេដូន។ ពិតហើយ ព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីៗដែលគ្មានរដ្ឋាភិបាលរបស់មនុស្សលោកណាអាចសង្ឃឹមនឹងធ្វើបានឡើយ។ សូមអញ្ជើញពិចារណាមើលនូវពរបែបនេះខ្លះៗ នៅលើទំព័របន្ទាប់ទៅនេះ។
ភាតរភាពដែលចេះស្រឡាញ់គ្នាទៅវិញទៅមក ក្នុងចំណោមមនុស្សលោកទាំងអស់
«ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។—កិច្ចការ ១០:៣៤, ៣៥
«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារហើយគ្រប់ទាំងភាសា . . . គេនឹងមិនឃ្លានឬស្រេកទៀតឡើយ»។—វិវរណៈ ៧:៩, ១៦
សន្ដិភាពរវាងមនុស្សនឹងសត្វ
«នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា»។—អេសាយ ១១:៦; អេសាយ ៦៥:២៥
នឹងគ្មានជម្ងឺ ចាស់ជរា ឬសេចក្ដីស្លាប់ទៀតឡើយ
«គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។—អេសាយ ៣៥:៥, ៦
«ហើយទ្រង់នឹងគង់ជាមួយនឹងគេ . . . ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
មនុស្សស្លាប់នឹងត្រឡប់មកមានជីវិតវិញ
«ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។—យ៉ូហាន ៥:២៨, ២៩
«ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហាដេស] ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ»។—វិវរណៈ ២០:១៣
១១ តើអ្វីទៅដែលតែងតែបង្ខូចសួនមនោរម្យ ដែលមនុស្សលោកធ្វើសព្វថ្ងៃនេះ?
១១ សួនមនោរម្យនៅក្រោមព្រះរាជាណាចក្ររបស់ព្រះ នឹងបានល្អប្រសើរជាងរបស់អ្វីៗដែលរបបចាស់នេះអាចផ្ដល់ទៅទៀត! ពិតមែន មនុស្សខ្លះសព្វថ្ងៃនេះ បានធ្វើកន្លែងដែលគេរស់នៅ ឲ្យហាក់ដូចជាសួនមនោរម្យមួយ។ ប៉ុន្តែមនុស្សដែលរស់នៅជាមួយគ្នានៅកន្លែងទាំងនោះ អាចជាមនុស្សព្រហើន ហើយគិតតែខ្លួនឯង និងអាចរហូតដល់ស្អប់គ្នាទៅវិញទៅមកផង។ ហើយ យូរៗទៅ ពួកគេនឹងទៅជាឈឺ ចាស់ជរា និងស្លាប់។ យ៉ាងណាក៏ដោយ ក្រោយពីអើម៉ាគេដូន សួនមនោរម្យនៅលើផែនដី នឹងពោរពេញទៅដោយរបស់របរច្រើនទៅទៀត គឺមិនគ្រាន់តែមានគេហដ្ឋានស្អាតស្អំ សួនច្បារ និងឧទ្យានទាំងឡាយនោះទេ។
១២, ១៣ (ក) ក្រោយពីអើម៉ាគេដូន តើនឹងមានសន្ដិស្ថានភាពណាខ្លះ? (ខ) តើអ្វីជាការចាំបាច់ ដើម្បីសម្រេចឲ្យមានស្ថានភាពទាំងនេះ?
១២ សូមលោកអ្នកគិតមើល មនុស្សលោកគ្រប់សាសន៍ និងគ្រប់សញ្ជាតិ នឹងរៀនរស់នៅជាមួយគ្នាជាគ្រួសារតែមួយ ជាបងប្អូនប្រុសស្រី។ ពួកគេពិតជានឹងស្រឡាញ់គ្នាទៅវិញទៅមក។ គ្មានអ្នកណាមួយជាមនុស្សកំណាញ់ ឬជាមនុស្សមិនរាក់ទាក់ឡើយ។ គ្មានអ្នកណាមួយនឹងស្អប់ម្នាក់ទៀតដោយព្រោះតែសញ្ជាតិ សម្បុរស្បែករបស់គេ ឬក៏ពីទីកន្លែងដែលគេមកឡើយ។ ការប្រកាន់សាសន៍នឹងលែងមានទៀតហើយ។ មនុស្សគ្រប់ៗគ្នានៅលើផែនដី នឹងទៅជាមិត្តហើយជាអ្នកជិតខាងដ៏ពិតរបស់អ្នកឯទៀតជាមិនខាន។ ពិតមែន នេះនឹងទៅជាសួនមនោរម្យខាងផ្លូវវិញ្ញាណមួយ។ តើអ្នកចង់រស់នៅក្នុងសួនមនោរម្យនៅក្រោម«ផ្ទៃមេឃថ្មី»នេះទេ?
១៣ សព្វថ្ងៃនេះ មនុស្សលោកពិគ្រោះនឹងគ្នាជាច្រើនដងអំពីការរស់នៅជាមួយគ្នាដោយសន្ដិភាព ហើយរហូតទាំងបានតាំងឲ្យមាន«អង្គការសហប្រជាជាតិ»មួយផង។ ប៉ុន្តែមនុស្សលោក និងសាសន៍នានា បានបែកបាក់គ្នាជាងពីមុនទៅទៀត។ តើអ្វីជាការចាំបាច់នោះ? ចិត្តរបស់មនុស្សលោកត្រូវតែប្រែជាចាំបាច់។ ប៉ុន្តែ នេះជាការដែលរដ្ឋាភិបាលនៃលោកីយ៍នេះពុំអាចធ្វើបានឡើយ ក្នុងការធ្វើឲ្យមានអព្ភូតហេតុបែបនេះ។ យ៉ាងណាក៏ដោយ សារនៃព្រះគម្ពីរអំពីសេចក្ដីស្រឡាញ់របស់ព្រះ កំពុងតែសម្រេចការនេះ។
១៤ តើអ្វីដែលកំពុងតែកើតមានឡើងសព្វថ្ងៃនេះ ដែលបង្ហាញឲ្យឃើញថាស្ថានភាពនៃសួនមនោរម្យទាំងនេះនឹងទៅជាការពិតបាន?
១៤ ក្រោយពីគេបានរៀនដឹងអំពីរបបថ្មីដ៏សុចរិត មនុស្សជាច្រើនបានប្រែចិត្តមកស្រឡាញ់ព្រះ។ អញ្ចឹងហើយ ពួកគេក៏ប្រព្រឹត្តតាមផ្លូវដែលប្រកបដោយសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ដូចជាព្រះដែរ។ (យ៉ូហានទី១ ៤:៩-១១, ២០) នេះមានន័យថា គេត្រូវធ្វើការប្រែប្រួលដ៏ធំមួយក្នុងជីវិតរបស់គេ។ មនុស្សជាច្រើនដែលពីដើមជាអ្នកព្រហើន និងពោរពេញទៅដោយសម្អប់ ដូចជាសត្វកាចសាហាវនោះ ក៏បានប្រែជាមនុស្សរាបសានិងស្លូតបូតវិញ។ ប្រៀបដូចជាសត្វចៀមដែលចេះស្ដាប់បង្គាប់ ពួកគេត្រូវបានប្រមូលមក ចូលក្នុងហ្វូងគ្រីស្ទាន។
១៥ (ក) តើមានពួកគ្រីស្ទានពីរក្រុមណាខ្លះ? (ខ) តើពួកណាជាក្រុមដំបូង ដែលនឹងផ្គុំធ្វើជា«ផែនដីថ្មី»នោះ?
១៥ ការប្រមូលផ្ដុំពួកគ្រីស្ទាន«ហ្វូងតូច»ដែលមានចំនួន១៤៤.០០០នាក់ ដែលនឹងសោយរាជ្យជាមួយព្រះគ្រីស្ទ បានប្រព្រឹត្តឡើងអស់រយៈពេលជាង១.៩០០ឆ្នាំហើយ។ មានតែមួយចំនួនតូចទេ ដែលនៅសល់លើផែនដី ភាគច្រើនកំពុងតែបានសោយរាជ្យជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌ហើយ។ (លូកា ១២:៣២; វិវរណៈ ២០:៦) ប៉ុន្តែចំពោះពួកគ្រីស្ទានដទៃទៀត ព្រះយេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះ[នៃពួក«ហ្វូងតូច»]នៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្ដាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែមួយវិញ»។ (យ៉ូហាន ១០:១៦) មួយ«ហ្វូងយ៉ាងធំ»នៃ«ចៀមឯទៀត»ឥឡូវនេះកំពុងតែប្រមូលចូល។ ពួកគេជាពួកដំបូង ដែលនឹងផ្គុំធ្វើជា«ផែនដីថ្មី»។ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកគេឲ្យឆ្លងផុតពីពេល«វេទនាយ៉ាងធំ»នៅទីបញ្ចប់នៃរបបដ៏កំណាចនេះ ដើម្បីឲ្យអាចចូលរស់នៅក្នុងសួនមនោរម្យនៃផែនដីជារហូតបាន។—វិវរណៈ ៧:៩, ១០; ១៣-១៥
១៦ តើអព្ភូតហេតុណា ដែលនឹងធ្វើឲ្យការរស់នៅជាមួយសត្វនានាបានសប្បាយរីករាយនោះ?
១៦ ក្រោយពីអើម៉ាគេដូន អព្ភូតហេតុមួយទៀតនឹងបន្ថែមទៅលើស្ថានភាពនៃសួនមនោរម្យនោះ។ សត្វចតុប្បាទ ដូចជាសិង្ហ ខ្លា ខ្លាល្មុង និងខ្លាឃ្មុំ ដែលឥឡូវនេះអាចជាសត្វកាចសាហាវ នោះនឹងទៅជាស្លូតវិញ។ តើជាការប្រសើរយ៉ាងណាទៅហ្ន៎ ក្នុងការដើរកំសាន្តក្នុងព្រៃ ហើយត្រូវបានសត្វសិង្ហមួយមកដើររួមជាមួយនៅចំហៀងអ្នកក្នុងពេលមួយរយៈ និងបន្ទាប់មកប្រហែលជាមានសត្វខ្លាឃ្មុំមួយទៀត! គ្មានអ្នកណាមួយនឹងត្រូវខ្លាចរបស់មានជីវិតទៀតឡើយ។
១៧, ១៨ (ក) តើការបណ្ដាលឲ្យមានទុក្ខព្រួយណា ដែលនឹងឈប់មាននៅក្នុងសួនមនោរម្យលើផែនដី? (ខ) ហេតុអ្វីក៏យើងអាចជឿជាក់ថា សុខភាពដ៏ល្អឥតខ្ចោះនឹងអាចទទួលបានយ៉ាងសប្បាយរីករាយដោយមនុស្សទាំងអស់?
១៧ ប៉ុន្តែ ទោះបីមានគេហដ្ឋាននិងសួនច្បារដ៏ស្អាត មានមនុស្សដ៏មានចិត្តល្អនិងពោរពេញដោយសេចក្ដីស្រឡាញ់ ឬក៏មានសត្វដ៏ស្លូតយ៉ាងណាក៏ដោយ ប្រសិនបើយើងទៅជាមានជម្ងឺ ចាស់ជរា និងស្លាប់ នោះនឹងនៅតែមានសេចក្ដីទុក្ខព្រួយដដែល។ ប៉ុន្តែ តើអ្នកណាអាចផ្ដល់នូវសុខភាពដ៏ល្អឥតខ្ចោះដល់មនុស្សទាំងអស់បាន? រដ្ឋាភិបាលរបស់មនុស្សលោកពុំបានជោគជ័យក្នុងការកំចាត់នូវរោគមហារីក ជម្ងឺបេះដូង និងជម្ងឺផ្សេងៗជាច្រើនទៀតឡើយ។ ប៉ុន្តែ ទោះបីពួកគេអាចសម្រេចការនោះបានក្ដី វេជ្ជបណ្ឌិតទាំងឡាយទទួលសារភាពថា នៅតែមិនអាចទប់មនុស្សពីភាពចាស់ជរាបានឡើយ។ យើងនឹងនៅតែទៅជាចាស់ជរា។ យូរៗទៅ ភ្នែកយើងនឹងទៅជាស្រអាប់ សាច់ដុំយើងនឹងទៅជាខ្សោយ ស្បែកយើងនឹងទៅជាជ្រីវជ្រួញ ហើយសរីរាង្គខាងក្នុងនៃរាងកាយយើងនឹងទៅជាខូច។ ក្រោយមកយើងនឹងត្រូវស្លាប់។ នេះគួរឲ្យសោកស្ដាយណាស់ហ្ន៎!
១៨ ក្រោយពីអើម៉ាគេដូន នៅក្នុងសួនមនោរម្យលើផែនដី អព្ភូតហេតុដ៏ធំដោយសារព្រះនឹងផ្លាស់ប្ដូរទាំងអស់នោះចេញ ពីព្រោះសេចក្ដីសន្យារបស់ព្រះគម្ពីរបានចែងថា៖ «ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថា ខ្ញុំឈឺទៀតឡើយ»។ (អេសាយ ៣៣:២៤) នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានគង់នៅលើផែនដី ទ្រង់បានបង្ហាញឥទ្ធិពលរបស់ទ្រង់ ដោយធ្វើឲ្យជម្ងឺនិងរោគគ្រប់ប្រភេទបានជាឡើងវិញ។ ជម្ងឺនិងរោគទាំងនោះជាលទ្ធផលពីអំពើបាបដែលយើងបានទទួលជាមរតកពីអ័ដាមមក។ (ម៉ាកុស ២:១-១២; ម៉ាថាយ ១៥:៣០, ៣១) ភាពចាស់ជរានឹងមិនមានទៀតឡើយ នៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ។ មនុស្សចាស់នឹងទៅជាក្មេងវិញ។ មែនហើយ‹សាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង›ទៅទៀត។ (យ៉ូប ៣៣:២៥) តើជាការរំភើបចិត្តយ៉ាងណាទៅហ្ន៎ ដែលអ្នកភ្ញាក់ពីសម្រាន្តរៀងរាល់ព្រឹក ហើយដឹងថាអ្នកមានសុខភាពប្រសើរជាងពីថ្ងៃមុនៗទៅទៀត!
១៩ តើសត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវធ្វើឲ្យសាបសូន្យទៅ ជាអ្វី ហើយនឹងត្រូវធ្វើឲ្យសាបសូន្យយ៉ាងណាបាន?
១៩ ពិតមែនហើយ គ្មានអ្នកណាមួយដែលរស់នៅដោយយុវភាព សុខភាពដ៏ល្អឥតខ្ចោះនៅក្នុងសួនមនោរម្យលើផែនដី ដែលនឹងចង់ស្លាប់នោះទេ! ហើយក៏គ្មានអ្នកណានឹងត្រូវស្លាប់ឡើយ។ ប្រយោជន៍ដែលពួកគេទទួលពីយញ្ញបូជាលោះ នឹងមានន័យថា នៅទីបញ្ចប់ ពួកគេសប្បាយនឹងទទួលអំណោយទានពីព្រះជា«ជីវិតដ៏អស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:២៣) ដូចជាព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទ«បានសោយរាជ្យ ទាល់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៥, ២៦; អេសាយ ២៥:៨
២០ ក្រៅពីពួកដែលកំពុងរស់នៅសព្វថ្ងៃនេះ តើពួកណាទៀតនឹងសប្បាយរស់នៅក្នុងសួនមនោរម្យលើផែនដីដែរ ហើយតើការនេះអាចធ្វើបានយ៉ាងដូចម្ដេចទៅ?
២០ សូម្បីតែមនុស្សស្លាប់ឥឡូវនេះ ក៏នឹងបានសប្បាយនៅសួនមនោរម្យលើផែនដីដែរ។ ពួកគេនឹងត្រឡប់មកមានជីវិតវិញ! ដូច្នេះ នៅពេលនោះ ជំនួសនឹងការប្រកាសពីសេចក្ដីស្លាប់ នឹងមានសេចក្ដីរាយការណ៍ដ៏រីករាយអំពីពួកអ្នកដែលបានរស់ឡើងវិញ។ តើជាការអស្ចារ្យយ៉ាងណាទៅហ្ន៎ ក្នុងការទទួលស្វាគមន៍ឪពុក ម្ដាយ កូនចៅ និងអ្នកជាទីស្រឡាញ់ដទៃទៀតដែលបានស្លាប់នោះ ពីផ្នូររបស់គេវិញ! គ្មានកន្លែងធ្វើបុណ្យខ្មោច គ្មានទីកប់ខ្មោចឬក៏ថ្មដាក់នៅក្បាលផ្នូរនឹងនៅសល់ ដែលអាចធ្វើឲ្យខូចដល់សោភ័ណភាពនៃសួនមនោរម្យលើផែនដីឡើយ។
២១ (ក) តើអ្នកណានឹងជួយមើលការខុសត្រូវ ដើម្បីឲ្យក្រិត្យវិន័យនិងការអប់រំនៃ«ផ្ទៃមេឃថ្មី»បានត្រូវអនុវត្តតាមនោះ? (ខ) តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងពិតជាចង់បាន«ផ្ទៃមេឃថ្មី» និង«ផែនដីថ្មី»នោះ?
២១ តើអ្នកណានឹងគ្រប់គ្រង ហើយដឹកនាំនូវសកម្មភាពក្នុងសួនមនោរម្យនៅលើផែនដីនេះ? ក្រិត្យវិន័យនិងការអប់រំទាំងអស់នឹងមកពី«ផ្ទៃមេឃថ្មី»ពីស្ថានលើ។ ប៉ុន្តែ នៅលើផែនដីនឹងមានបុរសដ៏ស្មោះត្រង់ជាច្រើនបានត្រូវតែងតាំងឡើង ដើម្បីមើលការខុសត្រូវយ៉ាងណាឲ្យក្រិត្យវិន័យនិងការអប់រំទាំងនោះ នឹងត្រូវអនុវត្តតាម។ ដោយព្រោះតែបុរសទាំងនេះជាតំណាងនៃព្រះរាជាណាចក្រសួគ៌ាតាមរបៀបដ៏ពិសេសមួយ ព្រះគម្ពីរបានហៅពួកគេថា«ពួកចៅហ្វាយ»។ (អេសាយ ៣២:១, ២; ទំនុកដំកើង ៤៥:១៦) សូម្បីតែនៅក្នុងក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះ បុរសនានាក៏ត្រូវបានតែងតាំងដោយវិញ្ញាណបរិសុទ្ធរបស់ព្រះ ដើម្បីការពារនិងចាត់ចែងនូវសកម្មភាពរបស់ក្រុមជំនុំដែរ។ (កិច្ចការ ២០:២៨) ក្រោយពីអើម៉ាគេដូន យើងអាចទុកចិត្តបានថា ព្រះគ្រីស្ទទ្រង់នឹងទទួលរ៉ាប់រងថា បុរសដែលត្រឹមត្រូវនឹងតែងតាំងឡើង ដើម្បីជាតំណាងរាជរដ្ឋាភិបាលព្រះ ពីព្រោះនៅពេលនោះ ទ្រង់នឹងចាត់ចែងកិច្ចការនៅលើផែនដីដោយព្រះហស្តទ្រង់ផ្ទាល់។ តើតាមរបៀបណាដែលអ្នកអាចបង្ហាញថា អ្នកកំពុងតែព្យាយាមទន្ទឹងចាំ«ផ្ទៃមេឃថ្មី»និង«ផែនដីថ្មី»របស់ព្រះនោះ? គឺតាមរបៀបដែលលោកអ្នកត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើតាមសេចក្ដីតម្រូវទាំងឡាយ ចំពោះការរស់ក្នុងរបបថ្មីដ៏សុចរិតនោះ។—ពេត្រុសទី២ ៣:១៤