បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៩ ទំ. ១៥៥-១៦៥
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • អត្ថបទស្រដៀងគ្នា
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ដ
    ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
  • គោលបំណងរបស់ព្រះសម្រាប់ផែនដី ជិតនឹងសម្រេចហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ពិភពលោកថ្មីដ៏អស្ចារ្យដែលព្រះនឹងបង្កើតមក
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៩ ទំ. ១៥៥-១៦៥

ជំពូក​ទី១៩

ក្រោយ​ពី​អើម៉ាគេដូន ផែនដី​ជា​សួន​មនោរម្យ

១ (​ក​) តើ​មាន​ទស្សនៈ​ទូទៅ​ណា​ខ្លះ​អំពី​អើម៉ាគេដូន? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​អំពី​រឿង​នេះ?

​«​អើម៉ាគេដូន​»​ជា​ពាក្យ​ដែល​គួរ​ឲ្យ​រន្ធត់​ចំពោះ​មនុស្ស​ជា​ច្រើន។ ពួក​អ្នក​ដឹក​នាំ​ពិភពលោក​តែង​តែ​ប្រើ​ពាក្យ​នេះ ដើម្បី​សំដៅ​ទៅ​សង្គ្រាម​លោក​លើក​ទី៣ ដែល​អាច​នឹង​កើត​មាន​ឡើង។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អើម៉ាគេដូន ជា​កន្លែង​នៃ​សង្គ្រាម​ដ៏​សុចរិត​មួយ​ដែល​ប្រយុទ្ធ​ដោយ​ព្រះ។ (​វិវរណៈ ១៦:១៤, ១៦​) សង្គ្រាម​របស់​ព្រះ​នេះ នឹង​រៀបចំ​បើក​ផ្លូវ​សំរាប់​របប​ថ្មី​ដ៏​សុចរិត​មួយ។

២ (​ក​) តើ​ពួក​ណា​នឹង​ត្រូវ​ធ្វើ​ឲ្យ​ហិនវិនាស នៅ​អើម៉ាគេដូន? (​ខ​) ដូច្នេះ​តើ​អំពើ​ណា​ខ្លះ ដែល​យើង​ត្រូវ​តែ​ចៀស​វាង​ដោយ​ប្រាជ្ញា​នោះ?

២ មិន​ដូច​សង្គ្រាម​របស់​មនុស្ស ដែល​សម្លាប់​ទាំង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ អើម៉ាគេដូន​នឹង​ធ្វើ​ឲ្យ​ហិនវិនាស​តែ​មនុស្ស​អាក្រក់​ប៉ុណ្ណោះ។ (​ទំនុកដំកើង ៩២:៧​) ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទៅ​ជា​ចៅក្រម ហើយ​ទ្រង់​នឹង​យក​ចេញ​អស់​អ្នក​ចចេស​ដែល​មិន​ព្រម​គោរព​ក្រិត្យ​វិន័យ​ដ៏​សុចរិត​របស់​ទ្រង់។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​គ្មាន​អ្វី​ខុស​សោះ ចំពោះ​ការ​សហាយស្មន់ ប្រមឹក ការ​ភូត​កុហក ឬ​ក៏​ការ​ឆបោក​បន្លំ​ជា​ដើម។ ប៉ុន្តែ ចំពោះ​ព្រះ​វិញ អ្វី​ទាំង​នេះ​សុទ្ធតែ​ខុស​ទាំងអស់។ ដូច្នេះ នៅ​អើម៉ាគេដូន ទ្រង់​នឹង​មិន​សង្គ្រោះ​ពួក​ណា​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទេ។ (​កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨​) ដោយ​ដឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ក្នុង​រឿង​នេះ ជា​ការ​សំខាន់​ណាស់​ចំពោះ​មនុស្ស​ណា​ដែល​កំពុង​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ ឲ្យ​កែ​ប្រែ​ផ្លូវ​របស់​គេ​ចេញ។

៣ (​ក​) តើ​ព្រះ​យេស៊ូវ​បាន​ប្រៀបធៀប​ទីបញ្ចប់​នៃ​លោកីយ៍​នៅ​បច្ចុប្បន្ន​នេះ ទៅ​នឹង​អ្វី? (​ខ​) តើ​នឹង​មាន​អ្វី​កើត​ឡើង​​ចំពោះ​សាតាំង​និង​ព្រាយបិសាច​របស់​វា​នោះ? (​គ​) យោង​ទៅ​តាម​បទ​គម្ពីរ​នៅ​ទំព័រ​ជា​បន្តបន្ទាប់​នេះ តើ​ស្ថានភាព​បែប​ណា​ដែល​នឹង​ត្រូវ​បាន​សប្បាយ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី?

៣ ក្រោយ​ពី​អើម៉ាគេដូន គ្មាន​ផ្នែក​ណា​មួយ​នៃ​លោកីយ៍​កំណាច​នេះ​នឹង​នៅសល់​ឡើយ។ គឺ​មាន​តែ​ពួក​អ្នក​ដែល​បម្រើ​ព្រះ​ទេ ដែល​នឹង​រស់​នៅ​បន្ត​ទៅ​ទៀត​នោះ។ (​យ៉ូហានទី១ ២:១៧​) ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ប្រៀបធៀប​ស្ថានការណ៍​នេះ​ទៅ​នឹង​ជំនាន់​លោក​ណូអេ។ (​ម៉ាថាយ ២៤:៣៧​-​៣៩; ពេត្រុសទី២ ៣:៥​-​៧, ១៣; ២:៥​) ក្រោយ​ពី​អើម៉ាគេដូន មាន​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ ដែល​នឹង​ទៅ​ជា​រដ្ឋាភិបាល គ្រប់​គ្រង​ទៅ​លើ​ផែនដី។ សាតាំង និង​ព្រាយបិសាច​របស់​វា​នឹង​បាត់បង់​ទៅ​ទាំងអស់។ (​វិវរណៈ ២០:១​-​៣​) នៅ​លើ​ទំព័រ​ជា​បន្តបន្ទាប់​នេះ សូម​លោក​អ្នក​ពិចារណា​នូវ​ប្រសិទ្ធិពរ​ខ្លះ​ៗ ដែល​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ប្រជាជន​ណា​ដែល​ស្ដាប់បង្គាប់​នឹង​ត្រូវ​ទទួល​បាន​ដោយ​រីករាយ។

មនុស្ស​លោក​ទាំងអស់​នឹង​មាន​សន្ដិភាព រវាង​គ្នា​នឹង​គ្នា

​«​ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា . . . ជា​ម្ចាស់​នៃ​មេត្រីភាព។ ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត . . . ឡើយ​»។—អេសាយ ៩:៦, ៧

​«​នៅ​ក្នុង​គ្រា​ព្រះ​រាជបុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ។ ទ្រង់​នឹង​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ រហូត​ដល់​ទីបំផុត​ផែនដី​»។—ទំនុកដំកើង ៧២:៧, ៨

លែង​មាន​សង្គ្រាម​ទៀត

​«​ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា . . . ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី។ ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​​រំងាប់ រហូត​ដល់​ចុង​ផែនដី​»។—ទំនុកដំកើង ៤៦:៨, ៩

គេហដ្ឋាន​ដ៏​ល្អ និង​ការងារ​ដែល​គាប់ចិត្ត​សំរាប់​គ្រប់​ៗ​គ្នា

​«​មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង . . . គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ . . . ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ។ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​តទៅ​ផង​»។—អេសាយ ៦៥:២១​-​២៣

ឧក្រិដ្ឋកម្ម អំពើ​ឃោរឃៅ និង​អំពើ​សហ័ស​បាន​កន្លង​បាត់​អស់

​«​ពីព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ . . . ដល់​បន្ដិចទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ​»។—ទំនុកដំកើង ៣៧:៩, ១០

​«​តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ​»។​—សុភាសិត ២:២២

ផែនដី​ទាំងមូល​ជា​សួន​មនោរម្យ

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ​»។—លូកា ២៣:៤៣

​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​[​ផែនដី​]​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច​»។—ទំនុកដំកើង ៣៧:២៩

ពោរពេញ​ទៅ​ដោយ​របស់​របរ​ដ៏​ល្អ​ជា​ច្រើន​សំរាប់​គ្រប់​ៗ​គ្នា​នឹង​បរិភោគ

​«​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​នឹង​ចាត់​ចែង​ជប់លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស . . . ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង​យ៉ាង​ល្អ​»។—អេសាយ ២៥:៦

​«​ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​[​ផែនដី​] រហូត​ដល់​កំពូល​ភ្នំ​»។ ​«​នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​»។—ទំនុកដំកើង ៧២:១៦; ៦៧:៦

៤, ៥ (​ក​) តើ​ស្ថានភាព​ណា​ខ្លះ​ដែល​នឹង​ឈប់​លែង​មាន នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី? (​ខ​) តើ​អ្វី​ខ្លះ​ដែល​មនុស្ស​លោក​អាច​ធ្វើ​បាន ដែល​សព្វ​ថ្ងៃ​នេះ​នៅ​កន្លែង​ជា​ច្រើន​មិន​អាច​ធ្វើ​បាន​នោះ?

៤ លោក​អ្នក​ពិត​ជា​ចង់​រស់​នៅ​លើ​ផែនដី​ជា​សួន​មនោរម្យ ដែល​ដូច​ជា​សួនច្បារ​ដែល​បុរស​ទី​មួយ​អ័ដាម​បាន​ត្រូវ​បង្កើត​មក​នោះ​ហើយ។ (​លោកុប្បត្តិ ២:៨; លូកា ២៣:៤៣​) សូម​ពិចារណា​មើល—គ្មាន​សង្គ្រាម គ្មាន​ឧក្រិដ្ឋកម្ម ឬ​ភាព​ឃោរឃៅ​ទៀត​ឡើយ។ លោក​អ្នក​នឹង​អាច​ដើរ​នៅ​ទីណា​ក៏​ដោយ ពេល​ណា​ក៏​ដោយ​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នឹង​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ មនុស្ស​អាក្រក់​នឹង​លែង​មាន​ទៀត។—ទំនុកដំកើង ៣៧:៣៥​-​៣៨

៥ នេះ​បាន​សេចក្ដី​ថា នឹង​លែង​មាន​អ្នក​នយោបាយ​មិន​ស្មោះ​ត្រង់ និង​អ្នក​ដឹក​នាំ​ខាង​ពាណិជ្ជកម្ម​ដ៏​ល្មោភ ដើម្បី​សង្កត់​សង្កិន​ប្រជាជន​ទៀត​ឡើយ។ ប្រជាជន​នឹង​លែង​មាន​បន្ទុក​ដ៏​ធ្ងន់​ទៀត ពី​ការ​បង់​ពន្ធ​អាករ​យ៉ាង​ច្រើន ដែល​ចំណាយ​លើ​សស្ដ្រាវុធ​នោះ។ ក៏​នឹង​មិន​មាន​អ្នក​ណា​មួយ​រស់​នៅ​ដោយ​គ្មាន​ម្ហូបអាហារ​ល្អ និង​គ្មាន​ទី​អាស្រ័យ​នៅ​ដ៏​ស្រណុក ដោយ​ព្រោះ​តែ​ខ្លួន​គ្មាន​ប្រាក់​ទិញ​នោះ​ឡើយ។ ការ​គ្មាន​ការ​ធ្វើ អតិផរណា និង​ការ​ឡើង​ថ្លៃ​នឹង​មិន​មាន​ទៀត​ទេ។ បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា​ដល់​គ្រួសារ​ទាំង​ឡាយ​នៅ​សព្វ​ថ្ងៃ​នេះ នឹង​លែង​មាន​ទៀត។ មនុស្ស​ទាំងអស់​នឹង​មាន​ការងារ​ធ្វើ​ដោយ​រីករាយ ហើយ​ពួកគេ​មុខ​ជា​អាច​ឃើញ និង​សប្បាយ​នូវ​លទ្ធផល​នៃ​ការងារ​របស់​គេ។

៦ (​ក​) តើ​កិច្ចការ​អ្វី ដែល​អ្នក​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន​នឹង​ធ្វើ? (​ខ​) តើ​ព្រះ​នឹង​ប្រទាន​ពរ​យ៉ាង​ណា ចំពោះ​ការងារ​ដែល​បាន​សម្រេច​នោះ?

៦ ជា​បឋម ពួក​ដែល​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន នឹង​មាន​កិច្ចការ​សំអាត​ផែនដី​និង​សំអាត​នូវ​​សំណល់​បាក់​បែក​ជា​ច្រើន​នៃ​របប​ចាស់​នេះ។ ហើយ​បន្ទាប់​មក ក្រោម​ការ​ដឹក​នាំ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ ពួកគេ​នឹង​មាន​ឯក​សិទ្ធិ​រៀបចំ​ផែនដី​ដើម្បី​ធ្វើ​កសិកម្ម និង​ធ្វើ​ឲ្យ​ទៅ​ជា​ទីកន្លែង​ដ៏​ស្អាត​សំរាប់​រស់​នៅ។ តើ​នេះ​ជា​ការងារ​ដ៏​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎! ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំងអស់​ដែល​បាន​សម្រេច។ ទ្រង់​នឹង​ប្រទាន​នូវ​អាកាសធាតុ​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ស្រែ​​ចំការ​និង​ចិញ្ចឹម​បសុសត្វ ហើយ​ទ្រង់​នឹង​លៃលក​យ៉ាង​ណា ដើម្បី​ការពារ​របស់​ទាំង​នេះ​ពី​ជម្ងឺ​និង​ពី​ការ​ហិន​ហោច។

៧ (​ក​) តើ​សេចក្ដី​សន្យា​មួយ​ណា​របស់​ព្រះ ដែល​នឹង​ត្រូវ​សម្រេច? (​ខ​) តើ​ពួក​គ្រីស្ទាន​ទន្ទឹង​ចាំ​អ្វី យោង​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​នោះ?

៧ សេចក្ដី​សន្យា​របស់​អ្នក​បង្កើត​ដែល​ស្រឡាញ់​យើង​នេះ ដែល​បាន​សម្ដែង​មក​តាម​រយៈ​អ្នក​សរសេរ​គម្ពីរ​ទំនុកដំកើង​ម្នាក់ នឹង​ត្រូវ​បាន​សម្រេច គឺ​៖ ​«​ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។ (​ទំនុកដំកើង ១៤៥:១៦​) មែន​ហើយ សេចក្ដី​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ​ទាំងអស់​របស់​មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ នឹង​ធ្វើ​ឲ្យ​បាន​ស្កប់ស្កល់​យ៉ាង​ពេញលេញ​ជា​មិន​ខាន។ យើង​មិន​អាច​នឹក​ស្មាន ថា​តើ​ជីវិត​នឹង​សប្បាយ​អស្ចារ្យ​យ៉ាង​ណា​ទេ នៅ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នោះ។ ក្នុង​ការ​ប្រាប់​អំពី​របៀប​រៀបចំ​របស់​ព្រះ ដើម្បី​ជា​ពរ​ដល់​ប្រជា​រាស្ត្រ​ទ្រង់ សាវក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ​»។—ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧; ៦៦:២២

៨ (​ក​) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ការ​ផ្ទៃ​មេឃ​ថ្មី​មែនទែន​នោះ? (​ខ​) តើ​«​ផ្ទៃ​មេឃ​ថ្មី​»​ជា​អ្វី?

៨ តើ​«​ផ្ទៃ​មេឃ​ថ្មី​»​នេះ​ជា​អ្វី? នេះ​មិន​មែន​ជា​ផ្ទៃ​មេឃ​ថ្មី​មែនទែន​ទេ។ ព្រះ​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​មែនទែន​របស់​យើង​នេះ​យ៉ាង​សុក្រឹត ដែល​ផ្ដល់​សិរី​ល្អ​ដល់​ទ្រង់។ (​ទំនុកដំកើង ៨:៣; ១៩:១, ២​) ​«​ផ្ទៃ​មេឃ​ថ្មី​»​ សំដៅ​ចំពោះ​អំណាច​គ្រប់​គ្រង​មួយ​ទៅ​លើ​ផែនដី។ ​«​ផ្ទៃ​មេឃ​»​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​រៀប​ផ្គុំ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​ប្រារព្ធ​ដោយ​មនុស្ស។ នៅ​អើម៉ាគេដូន រដ្ឋាភិបាល​ទាំង​នេះ​នឹង​បាត់​សូន្យ​ទៅ។ (​ពេត្រុសទី២ ៣:៧​) ​«​ផ្ទៃ​មេឃ​ថ្មី​»​ ដែល​នឹង​ដាក់​ជំនួស​រដ្ឋាភិបាល​ទាំង​នោះ គឺ​ជា​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ។ ស្តេច​នៃ​រដ្ឋាភិបាល​នេះ ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប៉ុន្តែ ផ្នែក​នៃ​«​ផ្ទៃ​មេឃ​ថ្មី​»​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ទ្រង់ គឺ​ជា​ពួក​១៤៤.០០០​នាក់ ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។—វិវរណៈ ៥:៩, ១០; ១៤:១, ៣

៩ (​ក​) តើ​«​ផែនដី​ថ្មី​»​ជា​អ្វី? (​ខ​) តើ​ផែនដី​ដែល​នឹង​ត្រូវ​កំទេច​ចោល​ជា​អ្វី?

៩ អញ្ចឹង តើ​«​ផែនដី​ថ្មី​»​ជា​អ្វី? មិន​មែន​ជា​ផ្ទៃ​ដី​ថ្មី​មែនទែន​ទេ។ ព្រះ​ទ្រង់​បាន​ធ្វើ​ផ្ទៃ​ផែនដី​នេះ យ៉ាង​ល្អ​ត្រឹម​ត្រូវ​ល្មម​សំរាប់​មនុស្ស​លោក​រស់​នៅ ហើយ​នេះ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដែល​ផែនដី​នេះ​នឹង​ស្ថិត​នៅ​ជា​និរន្តរ៍។ (​ទំនុកដំកើង ១០៤:៥​) ​«​ផែនដី​ថ្មី​»​ សំដៅ​ចំពោះ​ក្រុម ឬ​ក៏​សង្គម​មនុស្ស​លោក​ថ្មី​មួយ។ ព្រះ​គម្ពីរ​បាន​ប្រើ​ពាក្យ​«​ផែនដី​»​ជា​ញឹកញាប់​តាម​របៀប​បែប​នេះ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​រីឯ​ផែនដី​[​មាន​ន័យ​ជា​មនុស្ស​លោក​]​ទាំងមូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ​»។ (​លោកុប្បត្តិ ១១:១​) ​«​ផែនដី​»​ដែល​នឹង​ត្រូវ​កំទេច​នេះ ជា​មនុស្ស​លោក​ដែល​តាំង​ខ្លួន​គេ​ជា​ចំណែក​មួយ​នៃ​របប​លោកីយ៍​ដ៏​កំណាច​នេះ។ (​ពេត្រុសទី២ ៣:៧​) ​«​ផែនដី​ថ្មី​»​ដែល​ដាក់​ជំនួស​ពួកគេ​នោះ​នឹង​រៀប​ផ្គុំ​ឡើង​ដោយ​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះ ដែល​ញែក​ខ្លួន​គេ​ចេញ​ពី​លោកីយ៍​នៃ​មនុស្ស​អាក្រក់​នេះ។—យ៉ូហាន ១៧:១៤; យ៉ូហានទី១ ២:១៧

១០ (​ក​) តើ​ពួក​ណា​ដែល​កំពុង​តែ​ត្រូវ​ប្រមូល ហើយ​ទៅ​ផ្ដុំ​គ្នា​នៅ​ក្នុង​អ្វី? (​ខ​) យោង​ទៅ​តាម​បទ​ព្រះ​គម្ពីរ​នៅ​លើ​ទំព័រ​បន្ត​ទៅ​នេះ តើ​អ្វី​នឹង​បាន​សម្រេច​ឡើង​ក្នុង​សួន​មនោរម្យ​លើ​ផែនដី ដែល​រដ្ឋាភិបាល​មនុស្ស​លោក​មិន​អាច​ធ្វើ​បាន​នោះ?

១០ ពេល​ឥឡូវ​នេះ មនុស្ស​លោក​គ្រប់​សាសន៍​និង​គ្រប់​សញ្ជាតិ ដែល​នឹង​ផ្គុំ​ឡើង​ធ្វើ​ជា​ផ្នែក​នៃ​«​ផែនដី​ថ្មី​»​ត្រូវ​បាន​ប្រមូល​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ សាមគ្គីភាព​និង​សន្ដិភាព​ដែល​មាន​ក្នុង​​ចំណោម​ពួកគេ គ្រាន់​តែ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​បន្ដិច​បន្តួច អំពី​ស្ថានភាព​ដែល​នឹង​ធ្វើ​ឲ្យ​ការ​រស់​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ជា​ការ​កំសាន្ត​ដ៏​រីករាយ ក្រោយ​ពី​អើម៉ាគេដូន។ ពិត​ហើយ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ៗ​ដែល​គ្មាន​រដ្ឋាភិបាល​របស់​មនុស្ស​លោក​ណា​អាច​សង្ឃឹម​នឹង​ធ្វើ​បាន​ឡើយ។ សូម​អញ្ជើញ​ពិចារណា​មើល​នូវ​ពរ​បែប​នេះ​ខ្លះ​ៗ នៅ​លើ​ទំព័រ​បន្ទាប់​ទៅ​នេះ។

ភាតរភាព​ដែល​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​​ចំណោម​មនុស្ស​លោក​ទាំងអស់

​«​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់​ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»។—កិច្ចការ ១០:៣៤, ៣៥

​«​ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ​ហើយ​គ្រប់​ទាំង​ភាសា . . . គេ​នឹង​មិន​ឃ្លាន​ឬ​ស្រេក​ទៀត​ឡើយ​»។—វិវរណៈ ៧:៩, ១៦

សន្ដិភាព​រវាង​មនុស្ស​នឹង​សត្វ

​«​នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ​នឹង​សិង្ហស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូច​ៗ​ជា​អ្នក​គង្វាល​វា​»។—អេសាយ ១១:៦; អេសាយ ៦៥:២៥

នឹង​គ្មាន​ជម្ងឺ ចាស់​ជរា ឬ​សេចក្ដី​ស្លាប់​ទៀត​ឡើយ

​«​គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង​»។—អេសាយ ៣៥:៥, ៦

​«​ហើយ​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​គេ . . . ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ​»។—វិវរណៈ ២១:៣, ៤

មនុស្ស​ស្លាប់​នឹង​ត្រឡប់​មក​មាន​ជីវិត​វិញ

​«​ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក​»។—យ៉ូហាន ៥:២៨, ២៩

​«​ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​[​ហាដេស​] ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯណោះ​មក​វិញ​ដែរ​»។—វិវរណៈ ២០:១៣

១១ តើ​អ្វី​ទៅ​ដែល​តែង​តែ​បង្ខូច​សួន​មនោរម្យ ដែល​មនុស្ស​លោក​ធ្វើ​សព្វ​ថ្ងៃ​នេះ?

១១ សួន​មនោរម្យ​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ នឹង​បាន​ល្អ​ប្រសើរ​ជាង​របស់​អ្វី​ៗ​ដែល​របប​ចាស់​នេះ​អាច​ផ្ដល់​ទៅ​ទៀត! ពិត​មែន មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ បាន​ធ្វើ​កន្លែង​ដែល​គេ​រស់​នៅ ឲ្យ​ហាក់​ដូច​ជា​សួន​មនោរម្យ​មួយ។ ប៉ុន្តែ​មនុស្ស​ដែល​រស់​នៅ​ជា​មួយ​គ្នា​នៅ​កន្លែង​ទាំង​នោះ អាច​ជា​មនុស្ស​ព្រហើន ហើយ​គិត​តែ​ខ្លួន​ឯង និង​អាច​រហូត​ដល់​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ហើយ យូរ​ៗ​ទៅ ពួកគេ​នឹង​ទៅ​ជា​ឈឺ ចាស់​ជរា និង​ស្លាប់។ យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​អើម៉ាគេដូន សួន​មនោរម្យ​នៅ​លើ​ផែនដី នឹង​ពោរពេញ​ទៅ​ដោយ​របស់​របរ​ច្រើន​ទៅ​ទៀត គឺ​មិន​គ្រាន់​តែ​មាន​​គេហដ្ឋាន​ស្អាត​ស្អំ សួនច្បារ និង​ឧទ្យាន​ទាំង​ឡាយ​នោះ​ទេ។

១២, ១៣ (​ក​) ក្រោយ​ពី​អើម៉ាគេដូន តើ​នឹង​មាន​សន្ដិ​ស្ថានភាព​ណា​ខ្លះ? (​ខ​) តើ​អ្វី​ជា​ការ​ចាំបាច់ ដើម្បី​សម្រេច​ឲ្យ​មាន​ស្ថានភាព​ទាំង​នេះ?

១២ សូម​លោក​អ្នក​គិត​មើល មនុស្ស​លោក​គ្រប់​សាសន៍ និង​គ្រប់​សញ្ជាតិ នឹង​រៀន​រស់​នៅ​ជា​មួយ​គ្នា​ជា​គ្រួសារ​តែមួយ ជា​បងប្អូន​ប្រុស​ស្រី។ ពួកគេ​ពិត​ជា​នឹង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ គ្មាន​អ្នក​ណា​មួយ​ជា​មនុស្ស​កំណាញ់ ឬ​ជា​មនុស្ស​មិន​រាក់ទាក់​ឡើយ។ គ្មាន​អ្នក​ណា​មួយ​នឹង​ស្អប់​ម្នាក់​ទៀត​ដោយ​ព្រោះ​តែ​សញ្ជាតិ សម្បុរ​ស្បែក​របស់​គេ ឬ​ក៏​ពី​ទីកន្លែង​ដែល​គេ​មក​ឡើយ។ ការ​ប្រកាន់​សាសន៍​នឹង​លែង​មាន​ទៀត​ហើយ។ មនុស្ស​គ្រប់​ៗ​គ្នា​នៅ​លើ​ផែនដី នឹង​ទៅ​ជា​មិត្ត​ហើយ​ជា​អ្នក​ជិត​ខាង​ដ៏​ពិត​របស់​អ្នក​ឯ​ទៀត​ជា​មិន​ខាន។ ពិត​មែន នេះ​នឹង​ទៅ​ជា​សួន​មនោរម្យ​ខាង​ផ្លូវ​វិញ្ញាណ​មួយ។ តើ​អ្នក​ចង់​រស់​នៅ​ក្នុង​សួន​មនោរម្យ​នៅ​ក្រោម​«​ផ្ទៃ​មេឃ​ថ្មី​»​នេះ​ទេ?

១៣ សព្វ​ថ្ងៃ​នេះ មនុស្ស​លោក​ពិគ្រោះ​នឹង​គ្នា​ជា​ច្រើន​ដង​អំពី​ការ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សន្ដិភាព ហើយ​រហូត​ទាំង​បាន​តាំង​ឲ្យ​មាន​«​អង្គការ​សហប្រជាជាតិ​»​មួយ​ផង។ ប៉ុន្តែ​មនុស្ស​លោក និង​សាសន៍​នានា បាន​បែក​បាក់​គ្នា​ជាង​ពីមុន​ទៅ​ទៀត។ តើ​អ្វី​ជា​ការ​ចាំបាច់​នោះ? ចិត្ត​របស់​មនុស្ស​លោក​ត្រូវ​តែ​ប្រែ​ជា​ចាំបាច់។ ប៉ុន្តែ នេះ​ជា​ការ​ដែល​រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ​ពុំ​អាច​ធ្វើ​បាន​ឡើយ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ សារ​នៃ​ព្រះ​គម្ពីរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ កំពុង​តែ​សម្រេច​ការ​នេះ។

១៤ តើ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​សព្វ​ថ្ងៃ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្ថានភាព​នៃ​សួន​មនោរម្យ​ទាំង​នេះ​នឹង​ទៅ​ជា​ការ​ពិត​បាន?

១៤ ក្រោយ​ពី​គេ​បាន​រៀន​ដឹង​អំពី​របប​ថ្មី​ដ៏​សុចរិត មនុស្ស​ជា​ច្រើន​បាន​ប្រែចិត្ត​មក​ស្រឡាញ់​ព្រះ។ អញ្ចឹង​ហើយ ពួកគេ​ក៏​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ដូច​ជា​ព្រះ​ដែរ។ (​យ៉ូហានទី១ ៤:៩​-​១១, ២០​) នេះ​មាន​ន័យ​ថា គេ​ត្រូវ​ធ្វើ​ការ​ប្រែប្រួល​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​គេ។ មនុស្ស​ជា​ច្រើន​ដែល​ពីដើម​ជា​អ្នក​ព្រហើន និង​ពោរពេញ​ទៅ​ដោយ​សម្អប់ ដូច​ជា​សត្វ​កាច​សាហាវ​នោះ ក៏​បាន​ប្រែ​ជា​មនុស្ស​រាបសា​និង​ស្លូតបូត​វិញ។ ប្រៀប​ដូច​ជា​សត្វ​ចៀម​ដែល​ចេះ​ស្ដាប់បង្គាប់ ពួកគេ​ត្រូវ​បាន​ប្រមូល​មក ចូល​ក្នុង​ហ្វូង​គ្រីស្ទាន។

១៥ (​ក​) តើ​មាន​ពួក​គ្រីស្ទាន​ពីរ​ក្រុម​ណា​ខ្លះ? (​ខ​) តើ​ពួក​ណា​ជា​ក្រុម​ដំបូង ដែល​នឹង​ផ្គុំ​ធ្វើ​ជា​«​ផែនដី​ថ្មី​»​នោះ?

១៥ ការ​ប្រមូល​ផ្ដុំ​ពួក​គ្រីស្ទាន​«​ហ្វូង​តូច​»​ដែល​មាន​ចំនួន​១៤៤.០០០​នាក់ ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ បាន​ប្រព្រឹត្ត​ឡើង​អស់រយៈ​ពេល​ជាង​១.៩០០​ឆ្នាំ​ហើយ។ មាន​តែមួយ​ចំនួន​តូច​ទេ ដែល​នៅសល់​លើ​ផែនដី ភាគ​ច្រើន​កំពុង​តែ​បាន​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌​ហើយ។ (​លូកា ១២:៣២; វិវរណៈ ២០:៦​) ប៉ុន្តែ​ចំពោះ​ពួក​គ្រីស្ទាន​ដទៃ​ទៀត ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​[​នៃ​ពួក​«​ហ្វូង​តូច​»​]​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្ដាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែមួយ​វិញ​»។ (​យ៉ូហាន ១០:១៦​) មួយ​«​ហ្វូង​យ៉ាង​ធំ​»​នៃ​«​ចៀម​ឯ​ទៀត​»​ឥឡូវ​នេះ​កំពុង​តែ​ប្រមូល​ចូល។ ពួកគេ​ជា​ពួក​ដំបូង ដែល​នឹង​ផ្គុំ​ធ្វើ​ជា​«​ផែនដី​ថ្មី​»។ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ការពារ​ពួកគេ​ឲ្យ​ឆ្លង​ផុត​ពី​ពេល​«​វេទនា​យ៉ាង​ធំ​»​នៅ​ទីបញ្ចប់​នៃ​របប​ដ៏​កំណាច​នេះ ដើម្បី​ឲ្យ​អាច​ចូល​រស់​នៅ​ក្នុង​សួន​មនោរម្យ​នៃ​ផែនដី​ជា​រហូត​បាន។—វិវរណៈ ៧:៩, ១០; ១៣​-​១៥

១៦ តើ​អព្ភូតហេតុ​ណា ដែល​នឹង​ធ្វើ​ឲ្យ​ការ​រស់​នៅ​ជា​មួយ​សត្វ​នានា​បាន​សប្បាយ​រីករាយ​នោះ?

១៦ ក្រោយ​ពី​អើម៉ាគេដូន អព្ភូតហេតុ​មួយ​ទៀត​នឹង​បន្ថែម​ទៅ​លើ​ស្ថានភាព​នៃ​សួន​មនោរម្យ​នោះ។ សត្វ​ចតុប្បាទ ដូច​ជា​សិង្ហ ខ្លា ខ្លា​ល្មុង និង​ខ្លាឃ្មុំ ដែល​ឥឡូវ​នេះ​អាច​ជា​សត្វ​កាច​សាហាវ នោះ​នឹង​ទៅ​ជា​ស្លូត​វិញ។ តើ​ជា​ការ​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​ដើរ​កំសាន្ត​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​សត្វ​សិង្ហ​មួយ​មក​ដើរ​រួម​ជា​មួយ​នៅ​ចំហៀង​អ្នក​ក្នុង​ពេល​មួយ​រយៈ និង​បន្ទាប់​មក​ប្រហែល​ជា​មាន​សត្វ​ខ្លាឃ្មុំ​មួយ​ទៀត! គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ខ្លាច​របស់​មាន​ជីវិត​ទៀត​ឡើយ។

១៧, ១៨ (​ក​) តើ​ការ​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ណា ដែល​នឹង​ឈប់​មាន​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី? (​ខ​) ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ថា សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​នឹង​អាច​ទទួល​បាន​យ៉ាង​សប្បាយ​រីករាយ​ដោយ​មនុស្ស​ទាំងអស់?

១៧ ប៉ុន្តែ ទោះបី​មាន​គេហដ្ឋាន​និង​សួនច្បារ​ដ៏​ស្អាត មាន​មនុស្ស​ដ៏​មាន​ចិត្ត​ល្អ​និង​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ឬ​ក៏​មាន​សត្វ​ដ៏​ស្លូត​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​យើង​ទៅ​ជា​មាន​ជម្ងឺ ចាស់​ជរា និង​ស្លាប់ នោះ​នឹង​នៅ​តែ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដដែល។ ប៉ុន្តែ តើ​អ្នក​ណា​អាច​ផ្ដល់​នូវ​សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​ដល់​មនុស្ស​ទាំងអស់​បាន? រដ្ឋាភិបាល​របស់​មនុស្ស​លោក​ពុំ​បាន​ជោគជ័យ​ក្នុង​ការ​កំចាត់​នូវ​រោគ​មហារីក ជម្ងឺ​បេះដូង និង​ជម្ងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ឡើយ។ ប៉ុន្តែ ទោះបី​ពួកគេ​អាច​សម្រេច​ការ​នោះ​បាន​ក្ដី វេជ្ជបណ្ឌិត​ទាំង​ឡាយ​ទទួល​សារភាព​ថា នៅ​តែ​មិន​អាច​ទប់​មនុស្ស​ពី​ភាព​ចាស់​ជរា​បាន​ឡើយ។ យើង​នឹង​នៅ​តែ​ទៅ​ជា​ចាស់​ជរា។ យូរ​ៗ​ទៅ ភ្នែក​យើង​នឹង​ទៅ​ជា​ស្រអាប់ សាច់​ដុំ​យើង​នឹង​ទៅ​ជា​ខ្សោយ ស្បែក​យើង​នឹង​ទៅ​ជា​ជ្រីវជ្រួញ ហើយ​សរីរាង្គ​ខាង​ក្នុង​នៃ​រាង​កាយ​យើង​នឹង​ទៅ​ជា​ខូច។ ក្រោយ​មក​យើង​នឹង​ត្រូវ​ស្លាប់។ នេះ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ហ្ន៎!

១៨ ក្រោយ​ពី​អើម៉ាគេដូន នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី អព្ភូតហេតុ​ដ៏​ធំ​ដោយសារ​ព្រះ​នឹង​ផ្លាស់ប្ដូរ​ទាំងអស់​នោះ​ចេញ ពីព្រោះ​សេចក្ដី​សន្យា​របស់​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា ខ្ញុំ​ឈឺ​ទៀត​ឡើយ​»។ (​អេសាយ ៣៣:២៤​) នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​បង្ហាញ​ឥទ្ធិពល​របស់​ទ្រង់ ដោយ​ធ្វើ​ឲ្យ​ជម្ងឺ​និង​រោគ​គ្រប់​ប្រភេទ​បាន​ជា​ឡើង​វិញ។ ជម្ងឺ​និង​រោគ​ទាំង​នោះ​ជា​លទ្ធផល​ពី​អំពើ​បាប​ដែល​យើង​បាន​ទទួល​ជា​មរតក​ពី​អ័ដាម​មក។ (​ម៉ាកុស ២:១​-​១២; ម៉ាថាយ ១៥:៣០, ៣១​) ភាព​ចាស់​ជរា​នឹង​មិន​មាន​ទៀត​ឡើយ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ។ មនុស្ស​ចាស់​នឹង​ទៅ​ជា​ក្មេង​វិញ។ មែន​ហើយ​‹សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូនក្មេង›​ទៅ​ទៀត។ (​យ៉ូប ៣៣:២៥​) តើ​ជា​ការ​រំភើប​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​អ្នក​ភ្ញាក់​ពី​សម្រាន្ត​រៀង​រាល់​ព្រឹក ហើយ​ដឹង​ថា​អ្នក​មាន​សុខភាព​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន​ៗ​ទៅ​ទៀត!

១៩ តើ​សត្រូវ​ចុង​ក្រោយ​បង្អស់​ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​ទៅ ជា​អ្វី ហើយ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​យ៉ាង​ណា​បាន?

១៩ ពិត​មែន​ហើយ គ្មាន​អ្នក​ណា​មួយ​ដែល​រស់​នៅ​ដោយ​យុវភាព សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី ដែល​នឹង​ចង់​ស្លាប់​នោះ​ទេ! ហើយ​ក៏​គ្មាន​អ្នក​ណា​នឹង​ត្រូវ​ស្លាប់​ឡើយ។ ប្រយោជន៍​ដែល​ពួកគេ​ទទួល​ពី​យញ្ញបូជា​លោះ នឹង​មាន​ន័យ​ថា នៅ​ទីបញ្ចប់ ពួកគេ​សប្បាយ​នឹង​ទទួល​អំណោយ​ទាន​ពី​ព្រះ​ជា​«​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​»។ (​រ៉ូម ៦:២៣​) ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​គ្រីស្ទ​«​បាន​សោយ​រាជ្យ ទាល់តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់ ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់​»។—កូរិនថូសទី១ ១៥:២៥, ២៦; អេសាយ ២៥:៨

២០ ក្រៅ​ពី​ពួក​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ តើ​ពួក​ណា​ទៀត​នឹង​សប្បាយ​រស់​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ដែរ ហើយ​តើ​ការ​នេះ​អាច​ធ្វើ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ?

២០ សូម្បី​តែ​មនុស្ស​ស្លាប់​ឥឡូវ​នេះ ក៏​នឹង​បាន​សប្បាយ​នៅ​សួន​មនោរម្យ​លើ​ផែនដី​ដែរ។ ពួកគេ​នឹង​ត្រឡប់​មក​មាន​ជីវិត​វិញ! ដូច្នេះ នៅ​ពេល​នោះ ជំនួស​នឹង​ការ​ប្រកាស​ពី​សេចក្ដី​ស្លាប់ នឹង​មាន​សេចក្ដី​រាយការណ៍​ដ៏​រីករាយ​អំពី​ពួក​អ្នក​ដែល​បាន​រស់​ឡើង​វិញ។ តើ​ជា​ការ​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​ទទួល​ស្វាគមន៍​ឪពុក ម្ដាយ កូនចៅ និង​អ្នក​ជា​ទី​ស្រឡាញ់​ដទៃ​ទៀត​ដែល​បាន​ស្លាប់​នោះ ពី​ផ្នូរ​របស់​គេ​វិញ! គ្មាន​កន្លែង​ធ្វើ​បុណ្យ​ខ្មោច គ្មាន​ទី​កប់​ខ្មោច​ឬ​ក៏​ថ្ម​ដាក់​នៅ​ក្បាល​ផ្នូរ​នឹង​នៅសល់ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​សោភ័ណភាព​នៃ​សួន​មនោរម្យ​លើ​ផែនដី​ឡើយ។

២១ (​ក​) តើ​អ្នក​ណា​នឹង​ជួយ​មើល​ការ​ខុសត្រូវ ដើម្បី​ឲ្យ​ក្រិត្យ​វិន័យ​និង​ការ​អប់រំ​នៃ​«​ផ្ទៃ​មេឃ​ថ្មី​»​បាន​ត្រូវ​អនុវត្ត​តាម​នោះ? (​ខ​) តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា យើង​ពិត​ជា​ចង់​បាន​«​ផ្ទៃ​មេឃ​ថ្មី​»​ និង​«​ផែនដី​ថ្មី​»​នោះ?

២១ តើ​អ្នក​ណា​នឹង​គ្រប់​គ្រង ហើយ​ដឹក​នាំ​នូវ​សកម្មភាព​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ? ក្រិត្យ​វិន័យ​និង​ការ​អប់រំ​ទាំងអស់​នឹង​មក​ពី​«​ផ្ទៃ​មេឃ​ថ្មី​»​ពី​ស្ថាន​លើ។ ប៉ុន្តែ នៅ​លើ​ផែនដី​នឹង​មាន​បុរស​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ត្រូវ​តែងតាំង​ឡើង ដើម្បី​មើល​ការ​ខុសត្រូវ​យ៉ាង​ណា​ឲ្យ​ក្រិត្យ​វិន័យ​និង​ការ​អប់រំ​ទាំង​នោះ នឹង​ត្រូវ​អនុវត្ត​តាម។ ដោយ​ព្រោះ​តែ​បុរស​ទាំង​នេះ​ជា​តំណាង​នៃ​ព្រះ​រាជាណាចក្រ​សួគ៌ា​តាម​របៀប​ដ៏​ពិសេស​មួយ ព្រះ​គម្ពីរ​បាន​ហៅ​ពួកគេ​ថា​«​ពួក​ចៅហ្វាយ​»។ (​អេសាយ ៣២:១, ២; ទំនុកដំកើង ៤៥:១៦​) សូម្បី​តែ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ បុរស​នានា​ក៏​ត្រូវ​បាន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ដើម្បី​ការពារ​និង​ចាត់​ចែង​នូវ​សកម្មភាព​របស់​ក្រុម​ជំនុំ​ដែរ។ (​កិច្ចការ ២០:២៨​) ក្រោយ​ពី​អើម៉ាគេដូន យើង​អាច​ទុក​ចិត្ត​បាន​ថា ព្រះ​គ្រីស្ទ​ទ្រង់​នឹង​ទទួល​រ៉ាប់​រង​ថា បុរស​ដែល​ត្រឹម​ត្រូវ​នឹង​តែងតាំង​ឡើង ដើម្បី​ជា​តំណាង​រាជ​រដ្ឋាភិបាល​ព្រះ ពីព្រោះ​នៅ​ពេល​នោះ ទ្រង់​នឹង​ចាត់​ចែង​កិច្ចការ​នៅ​លើ​ផែនដី​ដោយ​ព្រះ​ហស្ត​ទ្រង់​ផ្ទាល់។ តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​កំពុង​តែ​ព្យាយាម​ទន្ទឹង​ចាំ​«​ផ្ទៃ​មេឃ​ថ្មី​»​និង​«​ផែនដី​ថ្មី​»​របស់​ព្រះ​នោះ? គឺ​តាម​របៀប​ដែល​លោក​អ្នក​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ធ្វើ​តាម​សេចក្ដី​តម្រូវ​ទាំង​ឡាយ ចំពោះ​ការ​រស់​ក្នុង​របប​ថ្មី​ដ៏​សុចរិត​នោះ។—ពេត្រុសទី២ ៣:១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក