តើយើងធ្លាប់ឮនោះពីមុនទេ?
១ យើងបានឮពីមុនពិតមែន! ព្រះយេហូវ៉ាមានបន្ទូលម្ដងហើយម្ដងទៀតអំពីរឿងជាច្រើនក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ទ្រង់។ ជាញឹកញយ ព្រះយេស៊ូក៏បានមានបន្ទូលប្រាប់សេចក្ដីបង្រៀនរបស់ទ្រង់អំពីផ្នែកផ្សេងៗនៃព្រះរាជាណាចក្រ ម្ដងហើយម្ដងទៀតដែរ។ ពួកសាវ័ករបស់ទ្រង់បានសើរើជានិច្ចនូវរឿងខាងវិញ្ញាណជាមួយអ្នកដែលមានមូលដ្ឋានដ៏មាំមួនទៅលើសេចក្ដីពិត។—រ៉ូម ១៥:១៥; ពេត្រុសទី២ ១:១២, ១៣; ៣:១, ២
២ នៅសម័យយើងនេះ អង្គការព្រះយេហូវ៉ាបានរៀបចំសាច់រឿងសំខាន់ៗដើម្បីយកមកសើរើម្ដងហើយម្ដងទៀតនៅឯកិច្ចប្រជុំ។ ប្រកាសនវត្ថុមួយចំនួនបានត្រូវសិក្សាជាច្រើនដង។ មែនហើយ ការឮអ្វីដែលយើងធ្លាប់ឮពីមុនគឺជាការសំខាន់ណាស់!
៣ ការនិយាយម្ដងហើយម្ដងទៀតបំពេញសេចក្ដីត្រូវការមួយដ៏សំខាន់ណាស់: ការរំឭកពីព្រះយេហូវ៉ាធ្វើឲ្យយើងយល់យ៉ាងជ្រាលជ្រៅខ្លាំងឡើង ជួយពង្រីកទស្សនៈរបស់យើង ហើយពង្រឹងការតាំងចិត្តរបស់យើងដើម្បីនៅជាប់នឹងផ្លូវខាងវិញ្ញាណ។ (ទំនុកដំកើង ១១៩:១២៩) ការសើរើនូវខ្នាតតម្រានិងគោលការណ៍របស់ព្រះ គឺប្រៀបដូចជាការឆ្លុះកញ្ចក់។ នោះជួយយើងពិនិត្យពិច័យខ្លួនយើង ហើយជួយយើងទប់ទល់នឹងភាពទោរទន់ទៅជាអ្នកដែល«បានភ្លេចសេចក្ដីដែលស្ដាប់»។—យ៉ាកុប ១:២២-២៥
៤ បើសិនជាយើងមិនរំឭកខ្លួនយើងជានិច្ចអំពីសេចក្ដីពិត នោះអ្វីផ្សេងទៀតនឹងមានអានុភាពទៅលើចិត្តរបស់យើង។ ការរំឭកពីព្រះជួយចំរើនកម្លាំងរបស់យើង ដើម្បីទប់ទល់នឹងអានុភាពដែលបង្ខូចនៃពិភពលោករបស់អារក្សសាតាំង។ (ទំនុកដំកើង ១១៩:២, ៣, ៩៩, ១៣៣; ភីលីព ៣:១) ការរំឭកយ៉ាងទៀងទាត់ដែលយើងទទួលអំពីការសម្រេចនៃគោលបំណងរបស់ព្រះ នោះជំរុញឲ្យយើង«ចាំយាម»។ (ម៉ាកុស ១៣:៣២-៣៧) ការនិយាយម្ដងហើយម្ដងទៀតអំពីសេចក្ដីពិតពីបទគម្ពីរជួយយើងឲ្យនៅដើរតាមផ្លូវដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។—ទំនុកដំកើង ១១៩:១៤៤
៥ របៀបទទួលប្រយោជន៍ផ្ទាល់ខ្លួន: យើងត្រូវតែ‹ធ្វើឲ្យចិត្តរបស់យើងល្អៀងទៅខាងសេចក្ដីបន្ទាល់របស់ទ្រង់›។ (ទំនុកដំកើង ១១៩:៣៦) នៅពេលដែលមានរឿងមួយដែលយើងធ្លាប់ឮ នឹងត្រូវយកមកពិចារណានៅឯកិច្ចប្រជុំ យើងគួររៀបចំជាមុន ទាំងរកមើលបទគម្ពីរដែលត្រូវដាក់ក្នុងរឿងនោះ ហើយសញ្ជឹងគិតអំពីរបៀបដែលយើងអាចអនុវត្តតាមពីពត៌មាននោះ។ កុំឲ្យយើងរំលងលំហាត់សើរើឡើងវិញក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យឡើយ ដោយគិតថានោះមិនចាំបាច់ទេ។ (លូកា ៨:១៨) យើងមិនចង់ឈប់ស្ដាប់ដោយសារសេចក្ដីពិតបឋមៗត្រូវយកមកនិយាយម្ដងហើយម្ដងទៀតនៅឯកិច្ចប្រជុំរបស់យើងនោះទេ។—ហេព្រើរ ៥:១១
៦ សូមឲ្យយើងមានអាកប្បកិរិយាដូចអ្នកសរសេរទំនុកដំកើងដែលថា៖ «ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្ដិគ្រប់យ៉ាង»។ (ទំនុកដំកើង ១១៩:១៤) ពិតមែន យើងបានឮអ្វីដ៏មានតម្លៃទាំងនេះពីមុន ហើយច្បាស់ជានឹងឮម្ដងទៀត។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាជ្រាបថាយើងត្រូវតែឮពត៌មានទាំងនោះ!