១០
ទឹកជំនន់ដ៏ធំសម្បើម
នៅខាងក្រៅទូកធំនោះ ពួកមនុស្សបានគ្រប់គ្រងជីវភាពរបស់គេតាមរបៀបធម្មតាដូចជាមុនៗ។ ពួកគេនៅតែមិនជឿថានឹងមានទឹកជំនន់ទេ។ ពួកគេប្រហែលជាបានសើចចំអកយ៉ាងខ្លាំងជាងពីមុនទៅទៀត។ ប៉ុន្តែ បន្ដិចទៀតគេនឹងឈប់សើចចំអកជាមិនខាន។
មួយរំពេចនោះ ទឹកក៏ចាប់ផ្ដើមធ្លាក់មក។ ទឹកភ្លៀងបានធ្លាក់ចុះពីលើមេឃមក ដូចចាក់ទឹកពីធុងអញ្ចឹង។ លោកណូអេបាននិយាយត្រូវមែន! ប៉ុន្តែ ឥឡូវនេះជ្រុលពេលទៅហើយចំពោះមនុស្សឯទៀតដើម្បីចូលទៅក្នុងទូកធំនោះ។ ព្រះយេហូវ៉ាបានបិទទ្វារទូកនោះយ៉ាងជិតទៅហើយ។
បន្ដិចទៀត ទឹកលិចដីទំនាបទាំងអស់។ ទឹកក៏បានដូចជាទន្លេដ៏ធំ។ ទឹកបានរំលើងដើមឈើជាច្រើន ហើយក៏បានរមៀលដុំថ្មយ៉ាងធំៗ ព្រមទាំងបានធ្វើឲ្យមានសម្លេងយ៉ាងខ្លាំង។ មនុស្សទាំងឡាយមានសេចក្ដីភិតភ័យ។ ពួកគេបានឡើងទៅលើកន្លែងខ្ពស់។ ពួកគេបានសោកស្ដាយណាស់ ដែលគេមិនបានស្ដាប់តាមលោកណូអេ ហើយបានចូលទៅក្នុងទូកធំនោះ កាលដែលទ្វារមិនទាន់បិទនៅឡើយ! ប៉ុន្តែ ឥឡូវនេះជាការជ្រុលពេលទៅហើយ។
ទឹកចេះតែកើនខ្ពស់ឡើងៗ។ ទឹកបានធ្លាក់ចុះពីលើមេឃ អស់រយៈ៤០ថ្ងៃនិង៤០យប់។ ទឹកបានឡើងដល់ជាយភ្នំ ហើយបន្ដិចទៀត សូម្បីតែភ្នំដ៏ខ្ពស់បំផុតក៏ត្រូវលិចទឹកដែរ។ ដូច្នេះ ដូចជាព្រះបានមានបន្ទូលមក គ្រប់មនុស្សហើយនិងសត្វដែលនៅខាងក្រៅទូកធំនោះ ត្រូវស្លាប់ទាំងអស់។ ប៉ុន្តែ មនុស្សគ្រប់គ្នាដែលនៅខាងក្នុងបានត្រូវរួចរស់ជីវិត។
លោកណូអេនិងកូនប្រុសៗរបស់គាត់បានសង់ទូកធំនោះបានល្អណាស់។ ទឹកបានលើកទូកឡើង ហើយក៏បានអណ្ដែតនៅលើទឹក។ បន្ទាប់មក នៅថ្ងៃមួយ ក្រោយពីភ្លៀងបានឈប់ធ្លាក់ហើយ ថ្ងៃក៏បានចាប់ផ្ដើមបញ្ចេញពន្លឺ។ ទេសភាពនោះគួរឲ្យអស្ចារ្យមែន! គឺមានតែសមុទ្រដ៏ធំមួយនៅគ្រប់ទីកន្លែងទាំងអស់។ ហើយរបស់តែមួយដែលអាចមើលឃើញនោះ គឺទូកធំដែលកំពុងតែអណ្ដែតនៅលើទឹក។
ឥឡូវនេះ ពួកយក្សទាំងនោះបាត់អស់ហើយ។ ពួកវានឹងមិនធ្វើទុក្ខដល់មនុស្សទៀតឡើយ។ ពួកវារួមទាំងម្ដាយរបស់វានិងមនុស្សអាក្រក់ទាំងឡាយ បានស្លាប់អស់ហើយ។ ប៉ុន្តែ តើមានអ្វីកើតឡើងដល់ពួកឪពុករបស់វា?
ពួកឪពុករបស់យក្សទាំងអស់នោះ មិនមែនជាមនុស្សមែនទែនដូចយើងទេ។ គេជាពួកទេវតាដែលបានចុះមកផែនដី មករស់នៅជាមនុស្សលោក។ ដូច្នេះ នៅពេលដែលមានទឹកជំនន់ ពួកគេមិនបានស្លាប់ជាមួយនឹងមនុស្សទាំងអស់នោះទេ។ ពួកគេបានឈប់ប្រើរូបកាយមនុស្សដែលគេបានប្រែក្រឡានោះ ហើយក៏បានត្រឡប់ទៅស្ថានសួគ៌វិញជាទេវតា។ ប៉ុន្តែ ពួកគេមិនបានអនុញ្ញាតឲ្យចូលរួមក្នុងក្រុមគ្រួសារនៃពួកទេវតារបស់ព្រះទៀតទេ។ ដូច្នេះហើយ ពួកគេក៏បានទៅជាពួកទេវតារបស់សាតាំង។ ព្រះគម្ពីរហៅពួកគេជាព្រាយបិសាច។
ព្រះទ្រង់ឥឡូវនេះធ្វើឲ្យមានខ្យល់បក់ ហើយទឹកជំនន់នោះក៏ចាប់ផ្ដើមស្រកទៅ។ ប្រាំខែក្រោយមក ទូកធំនោះក៏បានកឿងនៅលើកំពូលភ្នំមួយ។ ជាច្រើនថ្ងៃកន្លងមក ពួកអ្នកដែលនៅខាងក្នុងទូកធំនោះ អាចមើលទៅក្រៅឃើញកំពូលភ្នំនានា។ ទឹកកាន់តែស្រកទៅបន្ដិចម្ដងៗ។
ក្រោយមក លោកណូអេក៏លែងសត្វស្លាបខ្មៅមួយហៅថា ក្អែកឲ្យហើរចេញពីទូកធំទៅ។ វាបានហើរចេញមួយសន្ទុះ ហើយក៏បានត្រឡប់មកវិញ ពីព្រោះវាមិនអាចរកកន្លែងល្អទំបានឡើយ។ វាចេះតែហើរទៅហើរមកៗ ហើយពេលណាដែលវាត្រឡប់មកវិញ វាមកទំលើទូកធំនោះ។
លោកណូអេចង់ដឹងថាតើទឹកបានរីងស្ងួតចេញពីផែនដីហើយឬនៅ ដូច្នេះលោកក៏លែងព្រាបមួយឲ្យហើរចេញពីទូកធំទៅ។ ប៉ុន្តែព្រាបនោះក៏ត្រឡប់មកវិញដែរ ដោយគ្មានកន្លែងណានឹងទំឡើយ។ លោកណូអេបានលែងព្រាបឲ្យហើរទៅជាលើកទីពីរ ហើយវាក៏បានពាំស្លឹកអូលីវមកវិញនៅនឹងចំពុះវា។ ដូច្នេះ លោកណូអេបានដឹងថាទឹកបានស្រកអស់ហើយ។ លោកណូអេបានលែងព្រាបជាលើកទីបី ហើយនៅទីបំផុតវាក៏រកកន្លែងរស់នៅបាន។
ឥឡូវនេះ ព្រះទ្រង់បានមានបន្ទូលនឹងលោកណូអេថា៖ ‹ចូរឯងចេញពីទូកមកចុះ ព្រមទាំងគ្រួសារឯងទាំងអស់និងសត្វទាំងអស់ដែរ›។ ពួកគេបាននៅក្នុងទូកធំនោះ លើសជាងមួយឆ្នាំហើយ។ ដូច្នេះ យើងអាចនឹកក្នុងចិត្តថា ពួកគេនឹងច្បាស់ជាសប្បាយចិត្តណាស់ ដោយបានចេញទៅខាងក្រៅ ហើយមានជីវិតរស់នៅនោះ!
លោកុប្បត្តិ ៧:១០-២៤; ៨:១-១៧; ពេត្រុសទី១ ៣:១៩, ២០