តើអ្នកឯទៀតរៀនអ្វីពីគំរូរបស់អ្នក?
១ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ»។ (ម៉ាថ. ១១:២៩) ប្រាកដហើយ លោកបានបង្រៀនអ្នកឯទៀតដោយទុកគំរូដ៏ល្អ មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ។ ពួកអ្នកកាន់តាមលោកយេស៊ូបានរៀនច្រើនណាស់ ដោយមើលគំរូរបស់លោក។ លោកមានចិត្តស្លូត សប្បុរស ហើយបង្ហាញសេចក្ដីស្រឡាញ់។ (ម៉ាថ. ៨:១-៣; ម៉ាក. ៦:៣០-៣៤; លូក. ៦:៤៣-៤៨) លោកមានចិត្តរាបទាបពិតប្រាកដ។ (យ៉ូន. ១៣:២-៥) កាលដែលពួកអ្នកកាន់តាមទៅផ្សព្វផ្សាយជាមួយនឹងលោក ពួកគាត់ឃើញលោកយេស៊ូខំខ្នះខ្នែងក្នុងកិច្ចបម្រើ ហើយឃើញថារបៀបដែលលោកបង្រៀនសេចក្ដីពិតដល់មនុស្សផ្សេងៗក៏មានប្រសិទ្ធភាព។ (លូក. ៨:១; ២១:៣៧, ៣៨) ពេលអ្នកឯទៀតមើលគំរូយើងក្នុងកិច្ចបម្រើផ្សាយ តើនេះមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ?
២ ម្ចាស់ផ្ទះ: បើយើងស្លៀកពាក់សមរម្យ មានសុជីវធម៌ និងបង្ហាញថាយើងចេះគិតដល់ម្ចាស់ផ្ទះ នេះអាចមានឥទ្ធិពលខ្លាំងទៅលើគាត់។ (២កូ. ៦:៣; ភី. ១:២៧) ពួកគេនឹងកត់សម្គាល់បើយើងប្រើគម្ពីរច្រើនដង។ អ្នកឯទៀតនឹងកោតស្ងើចពេលយើងបង្ហាញការគោរពដោយស្ដាប់ពេលពួកគេនិយាយ។ សូមកុំមើលស្រាលថាការទុកគំរូដ៏ល្អក្នុងរឿងទាំងនេះ មិនអាចទាញចិត្តមនុស្សឲ្យស្ដាប់ដំណឹងអំពីរាជាណាចក្ររបស់ព្រះ។
៣ បងប្អូនរួមជំនឿរបស់យើង: ចូរគិតផងដែរអំពីឥទ្ធិពលដ៏ល្អដែលយើងអាចមានទៅលើបងប្អូនរួមជំនឿ។ កាលណាយើងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ នោះក៏ធ្វើឲ្យអ្នកឯទៀតខ្នះខ្នែងដែរ។ ដែករមែងសំលៀងដោយដែក។ ដូចគ្នាដែរ បើយើងរៀបចំយ៉ាងល្អ នោះពាក្យផ្សព្វផ្សាយរបស់យើងក៏នឹងធ្វើឲ្យអ្នកឯទៀតព្យាយាមឲ្យមានការប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយដំណឹងល្អដែរ។ (សុភ. ២៧:១៧) ការព្យាយាមយកចិត្តទុកដាក់កត់សរសេរព័ត៌មានច្បាស់អំពីអស់អ្នកដែលចាប់អារម្មណ៍ រួចត្រឡប់ទៅជួបមិនយូរក្រោយមក ជួយលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ ដោយខំបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូក យើងនឹងមានឥទ្ធិពលដ៏ល្អទៅលើបងប្អូនរួមជំនឿ។—២ធី. ៤:៥
៤ ម្ដងម្កាល សូមពិចារណាអំពីអ្វីដែលអ្នកធ្វើនិងនិយាយ ហើយគិតអំពីឥទ្ធិពលដែលគំរូរបស់អ្នកមានទៅលើអ្នកឯទៀត។ គំរូដ៏ល្អរបស់យើងនឹងធ្វើឲ្យព្រះយេហូវ៉ាសប្បាយ ហើយផ្ដល់លទ្ធភាពឲ្យយើងនិយាយដូចសាវ័កប៉ូលដែលបានពោលថា៖ «ចូរយកតម្រាប់តាមខ្ញុំ ដូចខ្ញុំយកតម្រាប់តាមគ្រិស្ត»។—១កូ. ១១:១
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើពួកអ្នកកាន់តាមលោកយេស៊ូបានរៀនអ្វីដោយមើលគំរូរបស់លោក?
២. តើការស្លៀកពាក់សមរម្យ និងមានសុជីវធម៌ក្នុងកិច្ចបម្រើផ្សាយធ្វើឲ្យម្ចាស់ផ្ទះកោតស្ងើចយ៉ាងណា?
៣. តើយើងអាចមានឥទ្ធិពលដ៏ល្អទៅលើបងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
៤. ហេតុអ្វីម្ដងម្កាល យើងគួរពិចារណាអំពីគំរូរបស់យើង?