បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៧ ទំ. ២៩-ទំ. ៣២ វ. ១១
  • គោលសំខាន់ៗពីសៀវភៅសាំយូអែលទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅសាំយូអែលទី១
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាំយូអែល​ទទួល​តំណែង​ជា​ចៅហ្វាយ​បន្ទាប់​ពី​អេលី
  • (សាំយូអែលទី១ ១:១​–​៧:១៧)
  • ស្តេច​ទី​មួយ​របស់​សាសន៍​អ៊ីស្រាអែល តើ​ទទួល​ជ័យជំនះ​ឬ​បរាជ័យ?
  • (សាំយូអែលទី១ ៨:១​–​១៥:៣៥)
  • ក្មេង​គង្វាល​ត្រូវ​បាន​រើស​តាំង​ឲ្យ​សោយ​រាជ្យ
  • (សាំយូអែលទី១ ១៦:១​–​៣១:១៣)
  • តើ​អ្វី​ដែល​«វិសេស​លើស​ជាង​យញ្ញបូជា»?
  • ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សូល—ស្ដេចទីមួយនៃសាសន៍ស្រាអែល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សេចក្ដីសង្ខេបពីសាំយូអែលទី១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • កុមារម្នាក់បំរើព្រះ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៧ ទំ. ២៩-ទំ. ៣២ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​សាំយូអែលទី១

ពេល​នោះ​គឺ​នៅ​ឆ្នាំ​១១១៧ មុនគ.ស.។ បី​រយ​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​តាំង​តែ​ពី​យ៉ូស្វេ​បាន​វាយ​យក​ស្រុក​សន្យា។ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​មក​ជួប​ព្យាការី​របស់​ព្រះ​យេហូវ៉ា ទាំង​មាន​សំណូម​ពរ​ដ៏​អស្ចារ្យ​មួយ។ ព្យាការី​នោះ​បាន​អធិស្ឋាន​ទូល​ព្រះ​អំពី​រឿង​នេះ ហើយ​ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​សំណូម​ពរ​របស់​ពួក​គេ។ នេះ​បាន​បញ្ជាក់​ថា​ទីបញ្ចប់​នៃ​សម័យ​របស់​ពួក​ចៅហ្វាយ​បាន​មក​ដល់​ហើយ និង​ជា​ពេល​ចាប់​ផ្ដើម​នៃ​សម័យ​របស់​បណ្ដា​ស្តេច​ដែល​សោយ​រាជ្យ​នៅ​ប្រទេស​អ៊ីស្រាអែល។ សៀវភៅ​សាំយូអែលទី១​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដ៏​រំភើប​ដែល​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​ប្រទេស​អ៊ីស្រាអែល។

សៀវភៅ​សាំយូអែលទី១​ត្រូវ​បាន​សរសេរ​ដោយ​សាំយូអែល ណាថាន់​និង​កាឌ់​ដែល​ចាប់​ផ្ដើម​ពី​ឆ្នាំ​១១៨០​ដល់​១០៧៨​មុនគ.ស. ពោល​គឺ​ក្នុង​រយៈ​ពេល​១០២​ឆ្នាំ។ (របាក្សត្រទី១ ២៩:២៩) នេះ​គឺ​ជា​កំណត់​ហេតុ​អំពី​មេ​ដឹក​នាំ​បួន​នាក់​នៅ​អ៊ីស្រាអែល។ មេ​ដឹក​នាំ​ពីរ​នាក់​បំរើ​ជា​ចៅហ្វាយ ហើយ​ពីរ​នាក់​ទៀត​បំរើ​ជា​ស្តេច។ មេ​ដឹក​នាំ​ពីរ​នាក់​គោរព​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ពីរ​នាក់​ទៀត​ឥត​ស្ដាប់​បង្គាប់​ទ្រង់​ទេ។ យើង​ក៏​អាន​អំពី​ស្ត្រី​ពីរ​នាក់​ដែល​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ និង​ឧត្តម​សេនីយ៍​ដែល​ក្លាហាន​តែ​មាន​ចិត្ត​ស្លូតបូត។ គំរូ​ទាំង​នេះ​ផ្ដល់​នូវ​មេ​រៀន​ដ៏​មាន​តម្លៃ​ចំពោះ​ការ​យក​តម្រាប់​តាម​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត ព្រម​ទាំង​ជួយ​យើង​ឲ្យ​ចៀស​វាង​នូវ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​បែប​នោះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ សាច់​រឿង​នៅ​ក្នុង​សាំយូអែលទី១ មាន​អានុភាព​លើ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង​ដែរ។—ហេព្រើរ ៤:១២

សាំយូអែល​ទទួល​តំណែង​ជា​ចៅហ្វាយ​បន្ទាប់​ពី​អេលី

(សាំយូអែលទី១ ១:១​–​៧:១៧)

បុណ្យ​ប្រមូល​ផល​គឺ​មក​ដល់​ហើយ។ ហាណា​ដែល​រស់​នៅ​ក្រុង​រ៉ាម៉ា​មាន​ចិត្ត​អរ​ក្រៃលែង។a ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​នាង ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ។ ហាណា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ដោយ​អនុញ្ញាត​ឲ្យ​សាំយូអែល​បំរើ​នៅ​ឯ​«ដំណាក់​នៃ​ព្រះ​យេហូវ៉ា»។ សាំយូអែល​ក៏​បំរើ​«នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ»។ (សាំយូអែលទី១ ១:២៤; ២:១១) នៅ​ពេល​ដែល​សាំយូអែល​នៅ​ក្មេង​នៅ​ឡើយ ព្រះ​យេហូវ៉ា​កាត់​ទោស​ដល់​ក្រុម​គ្រួសារ​អេលី​តាម​រយៈ​សាំយូអែល។ កាល​ដែល​សាំយូអែល​ធំ​ឡើង នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​ទទួល​ស្គាល់​គាត់​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា។

នៅ​ទីបំផុត ពួក​ភីលីស្ទីន​មក​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល។ ពួក​គេ​បាន​វាយ​ឈ្នះ ហើយ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​និង​បាន​សម្លាប់​កូន​ប្រុស​ពីរ​នាក់​របស់​លោក​អេលី។ ពេល​ដែល​លោក​អេលី​ដែល​មាន​វ័យ​ចាស់​បាន​ឮ​ដំណឹង​នោះ គាត់​ក៏​ស្លាប់​ទៅ។ លោក​អេលី​«បាន​គ្រប់គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៤០​ឆ្នាំ»។ (សាំយូអែលទី១ ៤:១៨) ពួក​ភីលីស្ទីន​នាំ​យក​ហឹប​នៃ​ព្រះ​មក​ឲ្យ​ពួក​អ៊ីស្រាអែល​វិញ ព្រោះ​ការ​មាន​ហឹប​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​តែ​អ្វី​ដែល​អាក្រក់។ ឥឡូវ សាំយូអែល​គ្រប់គ្រង​ប្រទេស​អ៊ីស្រាអែល ហើយ​មាន​សន្ដិភាព​នៅ​ក្នុង​ប្រទេស។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២:១០—ហេតុ​អ្វី​បាន​ជា​ហាណា​អធិស្ឋាន​ឲ្យ​ព្រះ​យេហូវ៉ា​«ប្រទាន​អំណាច​ដល់​ស្តេច​នៃ​ទ្រង់» ទោះ​ជា​គ្មាន​ស្តេច​គ្រប់គ្រង​ប្រទេស​អ៊ីស្រាអែល​នោះ? ហេតុ​ការណ៍​ពិត​គឺ​ថា​ពួក​អ៊ីស្រាអែល​នឹង​ត្រូវ​មាន​ស្តេច​ជា​មនុស្ស​ដែល​បាន​ទាយ​ទុក​នៅ​ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ។ (ចោទិយកថា ១៧:១៤​-​១៨) ក្នុង​កាល​ដែល​យ៉ាកុប​ជិត​នឹង​ស្លាប់ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ដំបង​រាជ្យ[ជា​សញ្ញា​នៃ​អំណាច​របស់​ស្តេច]នឹង​មិន​ដែល​ឃ្លាត​ពី​យូដា»។ (លោកុប្បត្តិ ៤៩:១០) ម្យ៉ាង​វិញ​ទៀត ស្តី​អំពី​សារ៉ា​ដែល​ជា​អយ្យកា​នៃ​ពួក​អ៊ីស្រាអែល នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​៖ «នឹង​មាន​ស្តេច​នៃ​សាសន៍​ជា​ច្រើន​ចេញ​ពី​នាង​មក»។ (លោកុប្បត្តិ ១៧:​១៦) ដូច្នេះ ហាណា​ច្បាស់​ជា​អធិស្ឋាន​អំពី​ស្តេច​នៅ​ថ្ងៃ​មុខ​ហើយ។

៣:៣—តើ​សាំយូអែល​ពិត​ជា​បាន​សម្រាន្ត​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ឬ? អត់​ទេ! សាំយូអែល​ជា​ពួក​លេវី គាត់​ជា​កូន​ចៅ​កេហាត់​ដែល​មិន​បាន​បំរើ​ជា​សង្ឃ។ (របាក្សត្រទី១ ៦:៣៣​-​៣៨) ហេតុ​នេះ​ហើយ សាំយូអែល​គ្មាន​សិទ្ធិ​«ចូល​ទៅ​ឯ​របស់​ទាំង​ប៉ុន្មាន ដែល​បរិសុទ្ធ​បំផុត»​នោះ​ទេ។ (ជនគណនា ៤:១៧​-​២០) សាំយូអែល​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ទីធ្លា​នៃ​រោង​ឧបោសថ​តែ​ប៉ុណ្ណោះ។ គាត់​ច្បាស់​ជា​បាន​សម្រាន្ត​នៅ​កន្លែង​នោះ​ហើយ។ តាម​មើល​ទៅ លោក​អេលី​សម្រាន្ត​នៅ​ក្នុង​ទីធ្លា​ដែរ។ ឃ្លា​ដែល​ថា​«ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ»​គឺ​សំដៅ​ទៅ​កន្លែង​ម្ដុំ​រោង​ឧបោសថ។

៧:៧​-​៩, ១៧—ការ​ធ្វើ​យញ្ញបូជា​ត្រូវ​ធ្វើ​ឡើង​ជា​ទៀងទាត់​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ ហេតុ​អ្វី​បាន​ជា​សាំយូអែល​ថ្វាយ​តង្វាយ​ដុត​នៅ​ឯ​មីសប៉ា​និង​តម្លើង​អាសនៈ​នៅ​រ៉ាម៉ា​វិញ? (ចោទិយកថា ១២:៤​-​៧, ១៣, ១៤; យ៉ូស្វេ ២២:១៩) ក្រោយ​ពី​គេ​យក​ហឹប​ដ៏​ពិសិដ្ឋ​ចេញ​ពី​រោង​ឧបោសថ​នៅ​ស៊ីឡូរ នោះ​ព្រះ​យេហូវ៉ា​លែង​មាន​វត្តមាន​នៅ​ទី​នោះ​ហើយ។ ដូច្នេះ ជា​អ្នក​តំណាង​របស់​ព្រះ សាំយូអែល​ថ្វាយ​តង្វាយ​ដុត​នៅ​មីសប៉ា និង​តម្លើង​អាសនៈ​នៅ​រ៉ាម៉ា។ តាម​មើល​ទៅ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ទង្វើ​នេះ។

មេ​រៀន​សំរាប់​យើង:

១:១១, ១២, ២១​-​២៣; ២:១៩: ហាណា​បាន​ទុក​គំរូ​ដ៏​ល្អ​ចំពោះ​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ ដោយសារ​គាត់​ពឹង​ព្រះ​ដោយ​អធិស្ឋាន មាន​ចិត្ត​រាប​ទាប ដឹង​គុណ​ចំពោះ​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដែល​ប្រកប​ដោយ​ភាព​កក់ក្ដៅ​ចំពោះ​កូន​ជានិច្ច។

១:៨: អែលកាណា​បាន​ទុក​គំរូ​ដ៏​ល្អ​ចំពោះ​ការ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​ដទៃ​ដោយ​ពាក្យ​សំដី​របស់​គាត់! (យ៉ូប ១៦:៥) មុន​ដំបូង គាត់​មិន​បាន​ស្តី​ឲ្យ​ភរិយា​ទេ តែ​គាត់​បែរ​ជា​សួរ​ថា​៖ «ម្ដេច​ក៏​នាង​កើត​ទុក្ខ?»។ នេះ​បាន​លើក​ទឹក​ចិត្ត​ភរិយា​ឲ្យ​ប្រាប់​នូវ​អារម្មណ៍​របស់​ខ្លួន។ រួច​មក អែលកាណា​ធ្វើ​ឲ្យ​ភរិយា​គាត់​ទុក​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​របស់​គាត់ ដោយ​ពោល​ថា​៖ «តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជាជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី?»។

២:២៦; ៣:៥​-​៨, ១៥, ១៩: ដោយ​ខំ​ព្យាយាម​ធ្វើ​កិច្ចការ​ដែល​ព្រះ​ចាត់​ឲ្យ​យើង​ធ្វើ ឆ្លៀត​យក​ប្រយោជន៍​ពី​ជំនួយ​ខាង​វិញ្ញាណ ព្រម​ទាំង​មាន​សុជីវធម៌​ហើយ​ការ​គោរព នោះ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​«ជា​ទីគាប់​ព្រះ​ហឫទ័យ»​ដល់​ព្រះ​យេហូវ៉ា​និង​មនុស្ស​ផង​ដែរ។

៤:៣, ៤, ១០: សូម្បី​តែ​ហឹប​នៃ​សេចក្ដី​សន្យា​ដែល​ជា​អ្វី​ដ៏​បរិសុទ្ធ​ក៏​មិន​មែន​ជា​របស់​ស័ក្ដិ​សិទ្ធិ​ដើម្បី​ការពារ​ឡើយ។ យើង​ត្រូវ​តែ​«រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ»។—យ៉ូហានទី១ ៥:២១

ស្តេច​ទី​មួយ​របស់​សាសន៍​អ៊ីស្រាអែល តើ​ទទួល​ជ័យជំនះ​ឬ​បរាជ័យ?

(សាំយូអែលទី១ ៨:១​–​១៥:៣៥)

សាំយូអែល​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត ប៉ុន្តែ​កូនៗ​របស់​គាត់​ពុំ​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះ​ទេ។ នៅ​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​អ៊ីស្រាអែល​ស្នើ​សុំ​ឲ្យ​មាន​ស្តេច នោះ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ស្តេច។ សាំយូអែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដោយ​ចាក់​ប្រេង​តាំង​សូល​ឲ្យ​ធ្វើ​ជា​ស្តេច ជា​បុរស​ដ៏​សង្ហា​នៃ​កូន​ចៅ​របស់​បេនយ៉ាមីន។ សូល​បាន​ពង្រឹង​អំណាច​ជា​ស្តេច​ដោយ​វាយ​ឈ្នះ​ពួក​សាសន៍​អាំម៉ូន។

យ៉ូណាថាន​ដែល​ជា​បុត្រ​ដ៏​ក្លាហាន​របស់​សូល​បាន​វាយ​ឈ្នះ​ភូមិភាគ​មួយ​របស់​ពួក​ភីលីស្ទីន។ ពួក​ភីលីស្ទីន​បាន​លើក​ទ័ព​យ៉ាង​ច្រើន​មក​ច្បាំង​ពួក​អ៊ីស្រាអែល។ សូល​ភ័យ​ស្លន់​ស្លោ​ហើយ​ថ្វាយ​តង្វាយ​ដុត ដោយ​ឥត​គោរព​តាម​បង្គាប់​របស់​ព្រះ។ ដោយ​ចិត្ត​ក្លាហាន យ៉ូណាថាន​បាន​ទៅ​ជា​មួយ​អ្នក​កាន់​គ្រឿង​សស្ដ្រាវុធ​របស់​គាត់​ប៉ុណ្ណោះ ដើម្បី​ទៅ​ច្បាំង​នៅ​បន្ទាយ​របស់​ពួក​ភីលីស្ទីន។ ប៉ុន្តែ ដោយសារ​ស្តេច​សូល​ធ្វើ​ដោយ​មិន​គិត​មុខ​ក្រោយ នោះ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​ជ័យជំនះ​ទាំង​ស្រុង​ឡើយ។ ស្តេច​សូល​បន្ត​«ច្បាំង​នឹង​ខ្មាំង​សត្រូវ»​នៅ​គ្រប់​ទី​កន្លែង។ (សាំយូអែលទី១ ១៤:៤៧) ប៉ុន្តែ ក្រោយ​ពី​បាន​ឈ្នះ​ពួក​សាសន៍​អាម៉ាលេក ស្តេច​សូល​មិន​បាន​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា​ទេ ដោយ​ទុក​ឲ្យ​អ្វីៗ​ដែល​ត្រូវ‹សម្លាប់​ចោល›នោះ​មាន​ជីវិត។ (លេវីវិន័យ ២៧:២៨, ២៩) ដោយ​ហេតុ​នេះ ព្រះ​យេហូវ៉ា​ក៏​បដិសេធ​លែង​ទទួល​ស្គាល់​សូល​ជា​ស្តេច​ទៀត។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

៩:៩—តើ​ឃ្លា​ដែល​ថា​«អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពីដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ»​មាន​ខ្លឹមសារ​យ៉ាង​ណា? ពាក្យ​ទាំង​នេះ​ប្រហែល​ជា​បញ្ជាក់​ថា នៅ​សម័យ​សាំយូអែល​និង​កំឡុង​ឆ្នាំ​នៃ​ស្តេច​អ៊ីស្រាអែល ពួក​ហោរា​មាន​ឋានៈ​កាន់​តែ​ធំ។ ក្រោយ​មក​គេ​ប្រើ​ពាក្យ​«ហោរា»​វិញ​ជាជាង​ប្រើ​ពាក្យ​«អ្នក​មើល​ឆុត»។ សាំយូអែល​ត្រូវ​គេ​ចាត់​ទុក​ជា​ហោរា​ទី​មួយ​ក្នុង​ចំណោម​ហោរា​ទាំង​ប៉ុន្មាន។—កិច្ចការ ៣:២៤

១៤:២៤​-​៣២, ៤៤, ៤៥—យ៉ូណាថាន​ឥត​ស្ដាប់​តាម​សម្បថ​របស់​ស្តេច​សូល​ហើយ​បរិភោគ​សំណុំ​ឃ្មុំ តើ​គាត់​បាត់បង់​ព្រះ​គុណ​របស់​ព្រះ​ឬ​ទេ? ទង្វើ​នេះ​ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​យ៉ូណាថាន​បាត់បង់​នូវ​ព្រះ​គុណ​របស់​ព្រះ​ឡើយ។ មុន​ដំបូង យ៉ូណាថាន​មិន​បាន​ដឹង​អំពី​សម្បថ​របស់​បិតា​ទេ។ ម្យ៉ាង​វិញ​ទៀត ស្តេច​សូល​បាន​ស្បថ​ដោយ​ត្រូវ​ជំរុញ​ដោយ​ចិត្ត​ខ្នះខ្នែង​ខុស​ទំនង ឬ​ប្រើ​អំណាច​ជា​ស្តេច​ក្នុង​ផ្លូវ​ខុស ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ចំពោះ​មនុស្ស។ ព្រះ​ពុំ​អាច​សព្វ​ព្រះ​ហឫទ័យ​នឹង​សម្បថ​បែប​នោះ​ឡើយ។ ទោះ​ជា​យ៉ូណាថាន​សុខ​ចិត្ត​ទទួល​នូវ​ពិន័យ​ចំពោះ​ការ​បំពាន​សម្បថ​នោះ តែ​គាត់​ត្រូវ​នៅ​រស់។

១៥:៦—ហេតុ​អ្វី​បាន​ជា​សូល​មាន​ព្រះទ័យ​សប្បុរស​ចំពោះ​ពួក​សាសន៍​កែន? ពួក​សាសន៍​កែន​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ។ ពួក​គេ​បាន​ជួយ​ពួក​អ៊ីស្រាអែល​ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ភ្នំ​ស៊ីណាយ។ (ជនគណនា ១០:២៩​-​៣២) នៅ​ស្រុក​កាណាន ពួក​កែន​ក៏​រស់​នៅ​ជា​មួយ​នឹង​កូន​ចៅ​យូដា​អស់​មួយ​រយៈ​ដែរ។ (ពួក​ចៅហ្វាយ ១:១៦) ទោះ​ជា​ក្រោយ​មក​ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​អាម៉ាលេក​និង​សាសន៍​ដទៃ​ក៏​ដោយ ក៏​ពួក​កែន​នៅ​តែ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល​ដែរ។ ដូច្នេះ​ហើយ បាន​ជា​សូល​សង្គ្រោះ​ពួក​គេ​នោះ។

មេ​រៀន​សំរាប់​យើង:

៩:២១; ១០:២២, ២៧: ភាព​ស្លូតបូត​និង​ចិត្ត​រាប​ទាប​ដែល​សូល​ធ្លាប់​មាន​នៅ​ពេល​ឡើង​សោយ​រាជ្យ​បាន​ការពារ​ទ្រង់​ពី​ការ​ប្រព្រឹត្ត​ដោយ​ឥត​គិត​មុខ​គិត​ក្រោយ នៅ​ពេល​ដែល​«ពួក​ពាល​អនាថា»​មិន​ទទួល​យក​ទ្រង់​ជា​ស្តេច។ ចិត្ត​គំនិត​បែប​នេះ​ពិត​ជា​ជួយ​ការពារ​ពី​ការ​ប្រព្រឹត្ត​ដោយ​មិន​ត្រឹម​ត្រូវ!

១២:២០, ២១: ចូរ​កុំ​ឲ្យ​«ការ​ឥត​អំពើ» ពោល​គឺ​ការ​ទុក​ចិត្ត​លើ​មនុស្ស ទំនុក​ចិត្ត​លើ​កម្លាំង​កងទ័ព​របស់​សាសន៍​ទាំង​ឡាយ ឬ​រូប​ព្រះ បង្វែរ​អារម្មណ៍​អ្នក​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។

១២:២៤: កត្ដា​សំខាន់​ចំពោះ​ការ​បន្ត​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​បំរើ​ព្រះ​ឲ្យ​អស់​អំពី​ចិត្ត គឺ​ដោយ​«ពិចារណា​មើល​ការ​ដ៏​ធំ​វិសេស»​ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​រាស្ត្រ​ទ្រង់​នៅ​ពី​បុរាណ ព្រម​ទាំង​នៅ​សម័យ​ទំនើប​នេះ​ដែរ។

១៣:១០​-​១៤; ១៥:២២​-​២៥, ៣០: ចូរ​ប្រយ័ត្ន​ចំពោះ​ការ​បំពាន​សិទ្ធិ មិន​ថា​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​ដោយ​មិន​គោរព​ឬ​ចិត្ត​អំនួត។—សុភាសិត ១១:២

ក្មេង​គង្វាល​ត្រូវ​បាន​រើស​តាំង​ឲ្យ​សោយ​រាជ្យ

(សាំយូអែលទី១ ១៦:១​–​៣១:១៣)

សាំយូអែល​ចាក់​ប្រេង​តាំង​ដាវីឌ​ពី​កុលសម្ព័ន្ធ​យូដា​ឲ្យ​សោយ​រាជ្យ​នៅ​ថ្ងៃ​មុខ។ ក្រោយ​មក​ទៀត ដាវីឌ​សម្លាប់​កូលីយ៉ាត​ជា​សាសន៍​ភីលីស្ទីន​ដែល​មាន​មាឌ​ធំ​ដោយ​ប្រើ​តែ​ដុំ​ថ្ម​ប៉ុណ្ណោះ។ ចំណង​មិត្តភាព​របស់​ដាវីឌ​និង​យ៉ូណាថាន​កាន់​តែ​ជិត​ស្និទ្ធ។ ស្តេច​សូល​បាន​តាំង​ដាវីឌ​ឲ្យ​មើល​ខុសត្រូវ​លើ​កងទ័ព​របស់​ទ្រង់។ ស្ត្រី​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ច្រៀង​អបអរ​សាទរ​ដាវីឌ​ដោយសារ​ជ័យជំនះ​ជា​ច្រើន​របស់​គាត់​ថា​៖ «សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន»។ (សាំយូអែលទី១ ១៨:៧) ស្តេច​សូល​មាន​ព្រះទ័យ​ច្រណែន​ណាស់​ក៏​រក​វិធី​សម្លាប់​ដាវីឌ។ ក្រោយ​ពី​ស្តេច​សូល​បាន​រក​សម្លាប់​គាត់​បី​ដង នោះ​ដាវីឌ​ក៏​រត់​គេច​និង​ក្លាយ​ទៅ​ជា​អ្នក​រត់​គេច​ខ្លួន។

ដាវីឌ​បាន​ទុក​ឲ្យ​ស្តេច​សូល​មាន​ជីវិត​ពីរ​ដង​ក្នុង​កាល​ដែល​គាត់​ជា​អ្នក​រត់​គេច​ខ្លួន។ គាត់​ក៏​បាន​ជួប​អ័ប៊ីកែល​ដែល​ជា​ស្រី​ស្អាត​ហើយ​រៀប​ការ​ជា​មួយ​នឹង​នាង។ ស្តេច​សូល​សុំ​យោបល់​ព្រះ​យេហូវ៉ា​ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​មក​វាយ​លុក​សាសន៍​អ៊ីស្រាអែល។ ប៉ុន្តែ ព្រះ​យេហូវ៉ា​លែង​សព្វ​ព្រះ​ហឫទ័យ​នឹង​ស្តេច​សូល។ សាំយូអែល​បាន​ទទួល​មរណភាព​ហើយ។ ដោយ​ចិត្ត​អន្ទះអន្ទែង​នោះ​ស្តេច​សូល​ក៏​ទៅ​សុំ​យោបល់​ពី​គ្រូខាប ហើយ​គ្រូ​នេះ​ប្រាប់​សូល​ថា​ទ្រង់​នឹង​ត្រូវ​ស្លាប់​ក្នុង​ចំបាំង​ទាស់​នឹង​ពួក​ភីលីស្ទីន។ ក្នុង​ចំបាំង​នោះ សូល​បាន​រង​របួស​យ៉ាង​ខ្លាំង ហើយ​បុត្រ​ទ្រង់​ទាំង​ឡាយ​ក៏​ក្ស័យ​សង្ខារ​ដែរ។ កំណត់​នេះ​ចប់​ដោយ​បង្ហាញ​ថា​ស្តេច​សូល​ជា​អ្នក​ទទួល​បរាជ័យ។ ហើយ​ដាវីឌ​កំពុង​តែ​លាក់​ខ្លួន។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១៦:១៤—តើ​វិញ្ញាណ​អាក្រក់​អ្វី​ដែល​បំភ័យ​ដល់​សូល​យ៉ាង​ខ្លាំង? វិញ្ញាណ​អាក្រក់​ដែល​ធ្វើ​ឲ្យ​សូល​គ្មាន​ក្ដី​សុខសាន្ត គឺ​ជា​ទំនោរ​អាក្រក់​នៃ​ចិត្ត​គំនិត ពោល​គឺ​ការ​ចង់​ធ្វើ​អាក្រក់​ចេញ​ពី​ចិត្ត​គាត់។ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ដក​វិញ្ញាណ​បរិសុទ្ធ នោះ​សូល​បាត់បង់​នូវ​ការ​ការពារ ហើយ​វិញ្ញាណ​អាក្រក់​របស់​ខ្លួន​ក៏​មក​សន្ធប់​លើ​គាត់​វិញ។ ដោយ​ហេតុ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​វិញ្ញាណ​នោះ​មក​ជំនួស​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ នេះ​ជា​ហេតុ​ដែល​ខ​នេះ​ចែង​ថា «ព្រះ​យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក»។

១៧:៥៥​-​៥៨—យោង​ទៅ​តាម​សាំយូអែលទី១ ១៦:១៧​-​២៣ ហេតុ​អ្វី​បាន​ជា​សូល​សួរ​ដាវីឌ​ជា​កូន​អ្នក​ណា? សូល​មិន​គ្រាន់​តែ​សួរ​អំពី​ឪពុក​របស់​ដាវីឌ​ទេ។ តាម​មើល​ទៅ គាត់​ចង់​ដឹង​អំពី​ឪពុក​ដែល​មាន​កូន​អាច​ប្រព្រឹត្ត​កិច្ចការ​ដ៏​អង់អាច ដោយ​អាច​សម្លាប់​មនុស្ស​មាឌ​ធំ​សម្បើម​នេះ។

មេ​រៀន​សំរាប់​យើង:

១៦:៦, ៧: ជាជាង​ស្ងើច​ចិត្ត​ដោយ​អាការ​ក្រៅ​ឬ​វិនិច្ឆ័យ​គេ​ភ្លាមៗ យើង​ខំ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ពិនិត្យ​មើល​អ្នក​ដទៃ។

១៧:៤៧​-​៥០: យើង​អាច​ប្រឈម​មុខ​ដោយ​ចិត្ត​ក្លាហាន​នឹង​ការ​ប្រឆាំង​ឬ​ការ​បៀតបៀន​ពី​សត្រូវ​ដែល​ចង់​បំភ័យ​យើង​យ៉ាង​ខ្លាំង ពីព្រោះ​«ចំបាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា»។

១៨:១, ៣; ២០:៤១, ៤២: មិត្ត​ស្មោះ​ភក្ដី​អាច​រក​ឃើញ​ក្នុង​ចំណោម​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។

២១:១២, ១៣: ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ប្រើ​ការ​ប៉ិនប្រសប់​និង​សមត្ថភាព​រិះ​គិត​របស់​យើង​ឲ្យ​ដោះស្រាយ​នឹង​ស្ថានការណ៍​ដ៏​ពិបាក។ ទ្រង់​បាន​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​ផ្ដល់​ឲ្យ​យើង​មាន​គំនិត​ឆ្លៀវឆ្លាត ចំណេះ​និង​សមត្ថភាព​រិះ​គិត។ (សុភាសិត ១:៤) យើង​ក៏​មាន​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ផង​ដែរ។

២៤:៦; ២៦:១១: ដាវីឌ​ទុក​គំរូ​យ៉ាង​ល្អ​ចំពោះ​ការ​គោរព​យ៉ាង​ស្មោះ​ដល់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង!

២៥:២៣​-​៣៣: សុភនិច្ឆ័យ​របស់​អ័ប៊ីកែល​គឺ​ជា​គំរូ​ដ៏​ល្អ។

២៨:៨​-​១៩: វិញ្ញាណ​អាក្រក់​អាច​ប្រែក្រឡា​ទៅ​ជា​បុគ្គល​ណា​ម្នាក់​ដែល​ស្លាប់​ហើយ ដើម្បី​ខំ​បំភាន់​ឬ​ធ្វើ​បាប​មនុស្ស។ យើង​ត្រូវ​តែ​ចៀស​វាង​មន្តអាគម​គ្រប់​ប្រភេទ។—ចោទិយកថា ១៨:១០​-​១២

៣០:២៣, ២៤: សេចក្ដី​សម្រេច​ចិត្ត​នេះ​គឺ​មាន​មូលដ្ឋាន​លើ​ជនគណនា ៣១:២៧ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​អស់​អ្នក​ដែល​មាន​មុខ​នាទី​គាំទ្រ​ក្នុង​ក្រុមជំនុំ ជា​បុគ្គល​ដែល​មាន​តម្លៃ។ ដូច្នេះ អ្វីៗ​ក៏​ដោយ​ដែល​យើង​ធ្វើ សូម​ឲ្យ​យើង​«ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ»។—កូល៉ុស ៣:២៣

តើ​អ្វី​ដែល​«វិសេស​លើស​ជាង​យញ្ញបូជា»?

ពី​បទ​ពិសោធន៍​របស់​លោក​អេលី សាំយូអែល សូល ហើយ​ដាវីឌ តើ​យើង​បាន​រៀន​អ្វី​ដ៏​សំខាន់? នោះ​គឺ​៖​«ដែល​ស្ដាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត ឯ​សេចក្ដី​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត​វិជ្ជា​ដែរ ហើយ​សេចក្ដី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ»។—សាំយូអែលទី១ ១៥:២២, ២៣

យើង​មាន​ឯកសិទ្ធិ​មែន​ដោយ​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស! កាល​ដែល​យើង​ថ្វាយ​ព្រះ​យេហូវ៉ា​នូវ​«ដង្វាយ​នៃ​បបូរ​មាត់» នោះ​យើង​ត្រូវ​ខំ​ប្រឹង​ស្ដាប់​បង្គាប់​តាម​ការ​ដឹក​នាំ​ដែល​ទ្រង់​ប្រទាន តាម​រយៈ​ព្រះ​បន្ទូល​ជា​លាយ​ល័ក្ខណ៍​អក្សរ​និង​អង្គការ​របស់​ទ្រង់​នៅ​ផែនដី។—ហូសេ ១៤:២; ហេព្រើរ ១៣:១៥

[កំណត់​សម្គាល់]

a កន្លែង​ផ្សេងៗ​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​សាំយូអែលទី១ សូម​មើល​សៀវភៅ​ស្តើង“See the Good Land” នៅ​ទំព័រ​១៨​-​១៩​ដែល​មាន​ជា​ភាសា​អង់គ្លេស​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៣១]

ស្តេច​ទី​មួយ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ផ្លាស់ប្ដូរ​លក្ខណៈ​ពី​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​អ្នក​គ្រប់គ្រង​ដ៏​ស្លូតបូត ទៅ​ជា​មនុស្ស​មានះ​និង​ស្តេច​ដែល​បំពាន​សិទ្ធិ

[រូបភាព​នៅ​ទំព័រ​៣២]

តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា កាល​ដែល​ប្រឈម​មុខ នឹង​សត្រូវ​ដែល​ចង់​បំភ័យ​យើង​យ៉ាង​ខ្លាំង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក