ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅសាំយូអែលទី១
ពេលនោះគឺនៅឆ្នាំ១១១៧ មុនគ.ស.។ បីរយឆ្នាំបានកន្លងទៅហើយតាំងតែពីយ៉ូស្វេបានវាយយកស្រុកសន្យា។ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានមកជួបព្យាការីរបស់ព្រះយេហូវ៉ា ទាំងមានសំណូមពរដ៏អស្ចារ្យមួយ។ ព្យាការីនោះបានអធិស្ឋានទូលព្រះអំពីរឿងនេះ ហើយព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងសំណូមពររបស់ពួកគេ។ នេះបានបញ្ជាក់ថាទីបញ្ចប់នៃសម័យរបស់ពួកចៅហ្វាយបានមកដល់ហើយ និងជាពេលចាប់ផ្ដើមនៃសម័យរបស់បណ្ដាស្តេចដែលសោយរាជ្យនៅប្រទេសអ៊ីស្រាអែល។ សៀវភៅសាំយូអែលទី១រៀបរាប់អំពីព្រឹត្ដិការណ៍ដ៏រំភើបដែលទាក់ទងនឹងការផ្លាស់ប្ដូរដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រនៃប្រទេសអ៊ីស្រាអែល។
សៀវភៅសាំយូអែលទី១ត្រូវបានសរសេរដោយសាំយូអែល ណាថាន់និងកាឌ់ដែលចាប់ផ្ដើមពីឆ្នាំ១១៨០ដល់១០៧៨មុនគ.ស. ពោលគឺក្នុងរយៈពេល១០២ឆ្នាំ។ (របាក្សត្រទី១ ២៩:២៩) នេះគឺជាកំណត់ហេតុអំពីមេដឹកនាំបួននាក់នៅអ៊ីស្រាអែល។ មេដឹកនាំពីរនាក់បំរើជាចៅហ្វាយ ហើយពីរនាក់ទៀតបំរើជាស្តេច។ មេដឹកនាំពីរនាក់គោរពស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយពីរនាក់ទៀតឥតស្ដាប់បង្គាប់ទ្រង់ទេ។ យើងក៏អានអំពីស្ត្រីពីរនាក់ដែលទុកគំរូដ៏ល្អប្រសើរ និងឧត្តមសេនីយ៍ដែលក្លាហានតែមានចិត្តស្លូតបូត។ គំរូទាំងនេះផ្ដល់នូវមេរៀនដ៏មានតម្លៃចំពោះការយកតម្រាប់តាមចិត្តគំនិតនិងការប្រព្រឹត្ត ព្រមទាំងជួយយើងឲ្យចៀសវាងនូវចិត្តគំនិតនិងការប្រព្រឹត្តបែបនោះដែរ។ ហេតុដូច្នេះហើយ សាច់រឿងនៅក្នុងសាំយូអែលទី១ មានអានុភាពលើចិត្តគំនិតនិងការប្រព្រឹត្តរបស់យើងដែរ។—ហេព្រើរ ៤:១២
សាំយូអែលទទួលតំណែងជាចៅហ្វាយបន្ទាប់ពីអេលី
បុណ្យប្រមូលផលគឺមកដល់ហើយ។ ហាណាដែលរស់នៅក្រុងរ៉ាម៉ាមានចិត្តអរក្រៃលែង។a ព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់នាង ហើយនាងសម្រាលបានកូនប្រុសមួយ។ ហាណាធ្វើតាមសេចក្ដីសន្យារបស់គាត់ដោយអនុញ្ញាតឲ្យសាំយូអែលបំរើនៅឯ«ដំណាក់នៃព្រះយេហូវ៉ា»។ សាំយូអែលក៏បំរើ«នៅចំពោះអេលីដ៏ជាសង្ឃ»។ (សាំយូអែលទី១ ១:២៤; ២:១១) នៅពេលដែលសាំយូអែលនៅក្មេងនៅឡើយ ព្រះយេហូវ៉ាកាត់ទោសដល់ក្រុមគ្រួសារអេលីតាមរយៈសាំយូអែល។ កាលដែលសាំយូអែលធំឡើង នោះសាសន៍អ៊ីស្រាអែលទាំងអស់បានទទួលស្គាល់គាត់ជាព្យាការីរបស់ព្រះយេហូវ៉ា។
នៅទីបំផុត ពួកភីលីស្ទីនមកច្បាំងនឹងពួកអ៊ីស្រាអែល។ ពួកគេបានវាយឈ្នះ ហើយយកហឹបនៃសេចក្ដីសញ្ញានិងបានសម្លាប់កូនប្រុសពីរនាក់របស់លោកអេលី។ ពេលដែលលោកអេលីដែលមានវ័យចាស់បានឮដំណឹងនោះ គាត់ក៏ស្លាប់ទៅ។ លោកអេលី«បានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ»។ (សាំយូអែលទី១ ៤:១៨) ពួកភីលីស្ទីននាំយកហឹបនៃព្រះមកឲ្យពួកអ៊ីស្រាអែលវិញ ព្រោះការមានហឹបនោះធ្វើឲ្យពួកគេជួបប្រទះតែអ្វីដែលអាក្រក់។ ឥឡូវ សាំយូអែលគ្រប់គ្រងប្រទេសអ៊ីស្រាអែល ហើយមានសន្ដិភាពនៅក្នុងប្រទេស។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២:១០—ហេតុអ្វីបានជាហាណាអធិស្ឋានឲ្យព្រះយេហូវ៉ា«ប្រទានអំណាចដល់ស្តេចនៃទ្រង់» ទោះជាគ្មានស្តេចគ្រប់គ្រងប្រទេសអ៊ីស្រាអែលនោះ? ហេតុការណ៍ពិតគឺថាពួកអ៊ីស្រាអែលនឹងត្រូវមានស្តេចជាមនុស្សដែលបានទាយទុកនៅក្នុងក្រិត្យវិន័យម៉ូសេ។ (ចោទិយកថា ១៧:១៤-១៨) ក្នុងកាលដែលយ៉ាកុបជិតនឹងស្លាប់ នោះលោកបានមានប្រសាសន៍ថា៖ «ដំបងរាជ្យ[ជាសញ្ញានៃអំណាចរបស់ស្តេច]នឹងមិនដែលឃ្លាតពីយូដា»។ (លោកុប្បត្តិ ៤៩:១០) ម្យ៉ាងវិញទៀត ស្តីអំពីសារ៉ាដែលជាអយ្យកានៃពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាបានមានបន្ទូលថា៖ «នឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក»។ (លោកុប្បត្តិ ១៧:១៦) ដូច្នេះ ហាណាច្បាស់ជាអធិស្ឋានអំពីស្តេចនៅថ្ងៃមុខហើយ។
៣:៣—តើសាំយូអែលពិតជាបានសម្រាន្តនៅក្នុងទីបរិសុទ្ធបំផុតឬ? អត់ទេ! សាំយូអែលជាពួកលេវី គាត់ជាកូនចៅកេហាត់ដែលមិនបានបំរើជាសង្ឃ។ (របាក្សត្រទី១ ៦:៣៣-៣៨) ហេតុនេះហើយ សាំយូអែលគ្មានសិទ្ធិ«ចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត»នោះទេ។ (ជនគណនា ៤:១៧-២០) សាំយូអែលមានសិទ្ធិចូលទៅក្នុងទីធ្លានៃរោងឧបោសថតែប៉ុណ្ណោះ។ គាត់ច្បាស់ជាបានសម្រាន្តនៅកន្លែងនោះហើយ។ តាមមើលទៅ លោកអេលីសម្រាន្តនៅក្នុងទីធ្លាដែរ។ ឃ្លាដែលថា«ជាកន្លែងដែលមានហឹបនៃព្រះ»គឺសំដៅទៅកន្លែងម្ដុំរោងឧបោសថ។
៧:៧-៩, ១៧—ការធ្វើយញ្ញបូជាត្រូវធ្វើឡើងជាទៀងទាត់នៅកន្លែងដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ ហេតុអ្វីបានជាសាំយូអែលថ្វាយតង្វាយដុតនៅឯមីសប៉ានិងតម្លើងអាសនៈនៅរ៉ាម៉ាវិញ? (ចោទិយកថា ១២:៤-៧, ១៣, ១៤; យ៉ូស្វេ ២២:១៩) ក្រោយពីគេយកហឹបដ៏ពិសិដ្ឋចេញពីរោងឧបោសថនៅស៊ីឡូរ នោះព្រះយេហូវ៉ាលែងមានវត្តមាននៅទីនោះហើយ។ ដូច្នេះ ជាអ្នកតំណាងរបស់ព្រះ សាំយូអែលថ្វាយតង្វាយដុតនៅមីសប៉ា និងតម្លើងអាសនៈនៅរ៉ាម៉ា។ តាមមើលទៅ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងទង្វើនេះ។
មេរៀនសំរាប់យើង:
១:១១, ១២, ២១-២៣; ២:១៩: ហាណាបានទុកគំរូដ៏ល្អចំពោះស្ត្រីដែលកោតខ្លាចព្រះ ដោយសារគាត់ពឹងព្រះដោយអធិស្ឋាន មានចិត្តរាបទាប ដឹងគុណចំពោះសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយគាត់មានសេចក្ដីស្រឡាញ់ដែលប្រកបដោយភាពកក់ក្ដៅចំពោះកូនជានិច្ច។
១:៨: អែលកាណាបានទុកគំរូដ៏ល្អចំពោះការផ្ដល់កម្លាំងចិត្តឲ្យអ្នកដទៃដោយពាក្យសំដីរបស់គាត់! (យ៉ូប ១៦:៥) មុនដំបូង គាត់មិនបានស្តីឲ្យភរិយាទេ តែគាត់បែរជាសួរថា៖ «ម្ដេចក៏នាងកើតទុក្ខ?»។ នេះបានលើកទឹកចិត្តភរិយាឲ្យប្រាប់នូវអារម្មណ៍របស់ខ្លួន។ រួចមក អែលកាណាធ្វើឲ្យភរិយាគាត់ទុកចិត្តនឹងសេចក្ដីស្រឡាញ់របស់គាត់ ដោយពោលថា៖ «តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី?»។
២:២៦; ៣:៥-៨, ១៥, ១៩: ដោយខំព្យាយាមធ្វើកិច្ចការដែលព្រះចាត់ឲ្យយើងធ្វើ ឆ្លៀតយកប្រយោជន៍ពីជំនួយខាងវិញ្ញាណ ព្រមទាំងមានសុជីវធម៌ហើយការគោរព នោះយើងក្លាយទៅជាមនុស្សដែល«ជាទីគាប់ព្រះហឫទ័យ»ដល់ព្រះយេហូវ៉ានិងមនុស្សផងដែរ។
៤:៣, ៤, ១០: សូម្បីតែហឹបនៃសេចក្ដីសន្យាដែលជាអ្វីដ៏បរិសុទ្ធក៏មិនមែនជារបស់ស័ក្ដិសិទ្ធិដើម្បីការពារឡើយ។ យើងត្រូវតែ«រក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។—យ៉ូហានទី១ ៥:២១
ស្តេចទីមួយរបស់សាសន៍អ៊ីស្រាអែល តើទទួលជ័យជំនះឬបរាជ័យ?
សាំយូអែលមានចិត្តភក្ដីចំពោះព្រះយេហូវ៉ាអស់មួយជីវិត ប៉ុន្តែកូនៗរបស់គាត់ពុំបានដើរតាមផ្លូវរបស់ព្រះទេ។ នៅពេលដែលពួកចាស់ទុំនៅអ៊ីស្រាអែលស្នើសុំឲ្យមានស្តេច នោះព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកគេមានស្តេច។ សាំយូអែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដោយចាក់ប្រេងតាំងសូលឲ្យធ្វើជាស្តេច ជាបុរសដ៏សង្ហានៃកូនចៅរបស់បេនយ៉ាមីន។ សូលបានពង្រឹងអំណាចជាស្តេចដោយវាយឈ្នះពួកសាសន៍អាំម៉ូន។
យ៉ូណាថានដែលជាបុត្រដ៏ក្លាហានរបស់សូលបានវាយឈ្នះភូមិភាគមួយរបស់ពួកភីលីស្ទីន។ ពួកភីលីស្ទីនបានលើកទ័ពយ៉ាងច្រើនមកច្បាំងពួកអ៊ីស្រាអែល។ សូលភ័យស្លន់ស្លោហើយថ្វាយតង្វាយដុត ដោយឥតគោរពតាមបង្គាប់របស់ព្រះ។ ដោយចិត្តក្លាហាន យ៉ូណាថានបានទៅជាមួយអ្នកកាន់គ្រឿងសស្ដ្រាវុធរបស់គាត់ប៉ុណ្ណោះ ដើម្បីទៅច្បាំងនៅបន្ទាយរបស់ពួកភីលីស្ទីន។ ប៉ុន្តែ ដោយសារស្តេចសូលធ្វើដោយមិនគិតមុខក្រោយ នោះធ្វើឲ្យពួកគេមិនអាចទទួលបានជ័យជំនះទាំងស្រុងឡើយ។ ស្តេចសូលបន្ត«ច្បាំងនឹងខ្មាំងសត្រូវ»នៅគ្រប់ទីកន្លែង។ (សាំយូអែលទី១ ១៤:៤៧) ប៉ុន្តែ ក្រោយពីបានឈ្នះពួកសាសន៍អាម៉ាលេក ស្តេចសូលមិនបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាទេ ដោយទុកឲ្យអ្វីៗដែលត្រូវ‹សម្លាប់ចោល›នោះមានជីវិត។ (លេវីវិន័យ ២៧:២៨, ២៩) ដោយហេតុនេះ ព្រះយេហូវ៉ាក៏បដិសេធលែងទទួលស្គាល់សូលជាស្តេចទៀត។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៩:៩—តើឃ្លាដែលថា«អ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ»មានខ្លឹមសារយ៉ាងណា? ពាក្យទាំងនេះប្រហែលជាបញ្ជាក់ថា នៅសម័យសាំយូអែលនិងកំឡុងឆ្នាំនៃស្តេចអ៊ីស្រាអែល ពួកហោរាមានឋានៈកាន់តែធំ។ ក្រោយមកគេប្រើពាក្យ«ហោរា»វិញជាជាងប្រើពាក្យ«អ្នកមើលឆុត»។ សាំយូអែលត្រូវគេចាត់ទុកជាហោរាទីមួយក្នុងចំណោមហោរាទាំងប៉ុន្មាន។—កិច្ចការ ៣:២៤
១៤:២៤-៣២, ៤៤, ៤៥—យ៉ូណាថានឥតស្ដាប់តាមសម្បថរបស់ស្តេចសូលហើយបរិភោគសំណុំឃ្មុំ តើគាត់បាត់បង់ព្រះគុណរបស់ព្រះឬទេ? ទង្វើនេះហាក់ដូចជាមិនបានធ្វើឲ្យយ៉ូណាថានបាត់បង់នូវព្រះគុណរបស់ព្រះឡើយ។ មុនដំបូង យ៉ូណាថានមិនបានដឹងអំពីសម្បថរបស់បិតាទេ។ ម្យ៉ាងវិញទៀត ស្តេចសូលបានស្បថដោយត្រូវជំរុញដោយចិត្តខ្នះខ្នែងខុសទំនង ឬប្រើអំណាចជាស្តេចក្នុងផ្លូវខុស ហើយនេះបានបណ្ដាលឲ្យមានបញ្ហាជាច្រើនចំពោះមនុស្ស។ ព្រះពុំអាចសព្វព្រះហឫទ័យនឹងសម្បថបែបនោះឡើយ។ ទោះជាយ៉ូណាថានសុខចិត្តទទួលនូវពិន័យចំពោះការបំពានសម្បថនោះ តែគាត់ត្រូវនៅរស់។
១៥:៦—ហេតុអ្វីបានជាសូលមានព្រះទ័យសប្បុរសចំពោះពួកសាសន៍កែន? ពួកសាសន៍កែនជាកូនចៅរបស់ឪពុកក្មេករបស់លោកម៉ូសេ។ ពួកគេបានជួយពួកអ៊ីស្រាអែលក្រោយពីបានចាកចេញពីភ្នំស៊ីណាយ។ (ជនគណនា ១០:២៩-៣២) នៅស្រុកកាណាន ពួកកែនក៏រស់នៅជាមួយនឹងកូនចៅយូដាអស់មួយរយៈដែរ។ (ពួកចៅហ្វាយ ១:១៦) ទោះជាក្រោយមកពួកគេរស់នៅក្នុងចំណោមសាសន៍អាម៉ាលេកនិងសាសន៍ដទៃក៏ដោយ ក៏ពួកកែននៅតែរក្សាចំណងមិត្តភាពជាមួយនឹងសាសន៍អ៊ីស្រាអែលដែរ។ ដូច្នេះហើយ បានជាសូលសង្គ្រោះពួកគេនោះ។
មេរៀនសំរាប់យើង:
៩:២១; ១០:២២, ២៧: ភាពស្លូតបូតនិងចិត្តរាបទាបដែលសូលធ្លាប់មាននៅពេលឡើងសោយរាជ្យបានការពារទ្រង់ពីការប្រព្រឹត្តដោយឥតគិតមុខគិតក្រោយ នៅពេលដែល«ពួកពាលអនាថា»មិនទទួលយកទ្រង់ជាស្តេច។ ចិត្តគំនិតបែបនេះពិតជាជួយការពារពីការប្រព្រឹត្តដោយមិនត្រឹមត្រូវ!
១២:២០, ២១: ចូរកុំឲ្យ«ការឥតអំពើ» ពោលគឺការទុកចិត្តលើមនុស្ស ទំនុកចិត្តលើកម្លាំងកងទ័ពរបស់សាសន៍ទាំងឡាយ ឬរូបព្រះ បង្វែរអារម្មណ៍អ្នកពីការបំរើព្រះយេហូវ៉ាឲ្យសោះ។
១២:២៤: កត្ដាសំខាន់ចំពោះការបន្តកោតខ្លាចព្រះយេហូវ៉ានិងបំរើព្រះឲ្យអស់អំពីចិត្ត គឺដោយ«ពិចារណាមើលការដ៏ធំវិសេស»ដែលទ្រង់បានធ្វើសំរាប់រាស្ត្រទ្រង់នៅពីបុរាណ ព្រមទាំងនៅសម័យទំនើបនេះដែរ។
១៣:១០-១៤; ១៥:២២-២៥, ៣០: ចូរប្រយ័ត្នចំពោះការបំពានសិទ្ធិ មិនថាបង្ហាញតាមរយៈការប្រព្រឹត្តដោយមិនគោរពឬចិត្តអំនួត។—សុភាសិត ១១:២
ក្មេងគង្វាលត្រូវបានរើសតាំងឲ្យសោយរាជ្យ
សាំយូអែលចាក់ប្រេងតាំងដាវីឌពីកុលសម្ព័ន្ធយូដាឲ្យសោយរាជ្យនៅថ្ងៃមុខ។ ក្រោយមកទៀត ដាវីឌសម្លាប់កូលីយ៉ាតជាសាសន៍ភីលីស្ទីនដែលមានមាឌធំដោយប្រើតែដុំថ្មប៉ុណ្ណោះ។ ចំណងមិត្តភាពរបស់ដាវីឌនិងយ៉ូណាថានកាន់តែជិតស្និទ្ធ។ ស្តេចសូលបានតាំងដាវីឌឲ្យមើលខុសត្រូវលើកងទ័ពរបស់ទ្រង់។ ស្ត្រីនៃសាសន៍អ៊ីស្រាអែលបានច្រៀងអបអរសាទរដាវីឌដោយសារជ័យជំនះជាច្រើនរបស់គាត់ថា៖ «សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន»។ (សាំយូអែលទី១ ១៨:៧) ស្តេចសូលមានព្រះទ័យច្រណែនណាស់ក៏រកវិធីសម្លាប់ដាវីឌ។ ក្រោយពីស្តេចសូលបានរកសម្លាប់គាត់បីដង នោះដាវីឌក៏រត់គេចនិងក្លាយទៅជាអ្នករត់គេចខ្លួន។
ដាវីឌបានទុកឲ្យស្តេចសូលមានជីវិតពីរដងក្នុងកាលដែលគាត់ជាអ្នករត់គេចខ្លួន។ គាត់ក៏បានជួបអ័ប៊ីកែលដែលជាស្រីស្អាតហើយរៀបការជាមួយនឹងនាង។ ស្តេចសូលសុំយោបល់ព្រះយេហូវ៉ាក្នុងកាលដែលពួកភីលីស្ទីនមកវាយលុកសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ ព្រះយេហូវ៉ាលែងសព្វព្រះហឫទ័យនឹងស្តេចសូល។ សាំយូអែលបានទទួលមរណភាពហើយ។ ដោយចិត្តអន្ទះអន្ទែងនោះស្តេចសូលក៏ទៅសុំយោបល់ពីគ្រូខាប ហើយគ្រូនេះប្រាប់សូលថាទ្រង់នឹងត្រូវស្លាប់ក្នុងចំបាំងទាស់នឹងពួកភីលីស្ទីន។ ក្នុងចំបាំងនោះ សូលបានរងរបួសយ៉ាងខ្លាំង ហើយបុត្រទ្រង់ទាំងឡាយក៏ក្ស័យសង្ខារដែរ។ កំណត់នេះចប់ដោយបង្ហាញថាស្តេចសូលជាអ្នកទទួលបរាជ័យ។ ហើយដាវីឌកំពុងតែលាក់ខ្លួន។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១៦:១៤—តើវិញ្ញាណអាក្រក់អ្វីដែលបំភ័យដល់សូលយ៉ាងខ្លាំង? វិញ្ញាណអាក្រក់ដែលធ្វើឲ្យសូលគ្មានក្ដីសុខសាន្ត គឺជាទំនោរអាក្រក់នៃចិត្តគំនិត ពោលគឺការចង់ធ្វើអាក្រក់ចេញពីចិត្តគាត់។ នៅពេលដែលព្រះយេហូវ៉ាដកវិញ្ញាណបរិសុទ្ធ នោះសូលបាត់បង់នូវការការពារ ហើយវិញ្ញាណអាក្រក់របស់ខ្លួនក៏មកសន្ធប់លើគាត់វិញ។ ដោយហេតុព្រះបានអនុញ្ញាតឲ្យវិញ្ញាណនោះមកជំនួសវិញ្ញាណបរិសុទ្ធរបស់ទ្រង់ នេះជាហេតុដែលខនេះចែងថា «ព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមក»។
១៧:៥៥-៥៨—យោងទៅតាមសាំយូអែលទី១ ១៦:១៧-២៣ ហេតុអ្វីបានជាសូលសួរដាវីឌជាកូនអ្នកណា? សូលមិនគ្រាន់តែសួរអំពីឪពុករបស់ដាវីឌទេ។ តាមមើលទៅ គាត់ចង់ដឹងអំពីឪពុកដែលមានកូនអាចប្រព្រឹត្តកិច្ចការដ៏អង់អាច ដោយអាចសម្លាប់មនុស្សមាឌធំសម្បើមនេះ។
មេរៀនសំរាប់យើង:
១៦:៦, ៧: ជាជាងស្ងើចចិត្តដោយអាការក្រៅឬវិនិច្ឆ័យគេភ្លាមៗ យើងខំមានទស្សនៈដូចព្រះយេហូវ៉ាចំពោះការពិនិត្យមើលអ្នកដទៃ។
១៧:៤៧-៥០: យើងអាចប្រឈមមុខដោយចិត្តក្លាហាននឹងការប្រឆាំងឬការបៀតបៀនពីសត្រូវដែលចង់បំភ័យយើងយ៉ាងខ្លាំង ពីព្រោះ«ចំបាំងនេះស្រេចនៅព្រះយេហូវ៉ា»។
១៨:១, ៣; ២០:៤១, ៤២: មិត្តស្មោះភក្ដីអាចរកឃើញក្នុងចំណោមមនុស្សដែលស្រឡាញ់ព្រះយេហូវ៉ា។
២១:១២, ១៣: ព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើការប៉ិនប្រសប់និងសមត្ថភាពរិះគិតរបស់យើងឲ្យដោះស្រាយនឹងស្ថានការណ៍ដ៏ពិបាក។ ទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ដែលផ្ដល់ឲ្យយើងមានគំនិតឆ្លៀវឆ្លាត ចំណេះនិងសមត្ថភាពរិះគិត។ (សុភាសិត ១:៤) យើងក៏មានជំនួយពីអ្នកចាស់ទុំក្នុងក្រុមជំនុំផងដែរ។
២៤:៦; ២៦:១១: ដាវីឌទុកគំរូយ៉ាងល្អចំពោះការគោរពយ៉ាងស្មោះដល់អ្នកដែលព្រះយេហូវ៉ាបានរើសតាំង!
២៥:២៣-៣៣: សុភនិច្ឆ័យរបស់អ័ប៊ីកែលគឺជាគំរូដ៏ល្អ។
២៨:៨-១៩: វិញ្ញាណអាក្រក់អាចប្រែក្រឡាទៅជាបុគ្គលណាម្នាក់ដែលស្លាប់ហើយ ដើម្បីខំបំភាន់ឬធ្វើបាបមនុស្ស។ យើងត្រូវតែចៀសវាងមន្តអាគមគ្រប់ប្រភេទ។—ចោទិយកថា ១៨:១០-១២
៣០:២៣, ២៤: សេចក្ដីសម្រេចចិត្តនេះគឺមានមូលដ្ឋានលើជនគណនា ៣១:២៧ ដែលបង្ហាញថាព្រះយេហូវ៉ាចាត់ទុកអស់អ្នកដែលមានមុខនាទីគាំទ្រក្នុងក្រុមជំនុំ ជាបុគ្គលដែលមានតម្លៃ។ ដូច្នេះ អ្វីៗក៏ដោយដែលយើងធ្វើ សូមឲ្យយើង«ធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។—កូល៉ុស ៣:២៣
តើអ្វីដែល«វិសេសលើសជាងយញ្ញបូជា»?
ពីបទពិសោធន៍របស់លោកអេលី សាំយូអែល សូល ហើយដាវីឌ តើយើងបានរៀនអ្វីដ៏សំខាន់? នោះគឺ៖«ដែលស្ដាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត ឯសេចក្ដីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្ដីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនឹងការថ្វាយបង្គំដល់រូបព្រះដែរ»។—សាំយូអែលទី១ ១៥:២២, ២៣
យើងមានឯកសិទ្ធិមែនដោយចូលរួមក្នុងកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះនិងកិច្ចការបង្កើតឲ្យមានសិស្ស! កាលដែលយើងថ្វាយព្រះយេហូវ៉ានូវ«ដង្វាយនៃបបូរមាត់» នោះយើងត្រូវខំប្រឹងស្ដាប់បង្គាប់តាមការដឹកនាំដែលទ្រង់ប្រទាន តាមរយៈព្រះបន្ទូលជាលាយល័ក្ខណ៍អក្សរនិងអង្គការរបស់ទ្រង់នៅផែនដី។—ហូសេ ១៤:២; ហេព្រើរ ១៣:១៥
[កំណត់សម្គាល់]
a កន្លែងផ្សេងៗដែលរៀបរាប់ក្នុងសៀវភៅសាំយូអែលទី១ សូមមើលសៀវភៅស្តើង“See the Good Land” នៅទំព័រ១៨-១៩ដែលមានជាភាសាអង់គ្លេសបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៣១]
ស្តេចទីមួយរបស់សាសន៍អ៊ីស្រាអែលបានផ្លាស់ប្ដូរលក្ខណៈពីមនុស្សដែលមានចិត្តរាបទាបនិងអ្នកគ្រប់គ្រងដ៏ស្លូតបូត ទៅជាមនុស្សមានះនិងស្តេចដែលបំពានសិទ្ធិ
[រូបភាពនៅទំព័រ៣២]
តើយើងអាចមានទំនុកចិត្តយ៉ាងណា កាលដែលប្រឈមមុខ នឹងសត្រូវដែលចង់បំភ័យយើងយ៉ាងខ្លាំង?