បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/១១ ទំ. ៣-៦
  • ជំនួយសម្រាប់ក្រុមគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនួយសម្រាប់ក្រុមគ្រួសារ
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើអ្នកអាចធ្វើឲ្យពេលនោះកាន់តែសប្បាយរីករាយឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរ«ត្រៀមខ្លួនជានិច្ច»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរសិក្សាបន្ទូលរបស់ព្រះជាក្រុមគ្រួសារជារឿយៗ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ក្រុមគ្រួសារ ចូរលើកសរសើរព្រះ ជាផ្នែកនៃក្រុមជំនុំរបស់ទ្រង់
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១/១១ ទំ. ៣-៦

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ

១​. តើ​ថ្ងៃ​ឈប់​សម្រាក​រាល់​សប្ដាហ៍​មាន​ប្រយោជន៍​យ៉ាង​ណាខ្លះ​ដល់​ក្រុម​គ្រួសារ​អ៊ីស្រាអែល?

១ ថ្ងៃ​ឈប់​សម្រាក​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ បាន​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឈប់​សម្រាក​ពី​ការងារ​ប្រចាំ​ថ្ងៃ ហើយ​មាន​ពេល​សញ្ជឹង​គិត​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា​និង​អំពី​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​លោក។ ឪពុក​ម្ដាយ​អាច​ឆ្លៀត​ឱកាស​នេះ​ប្រិតប្រៀន​ឬ​បង្រៀន​កូន​ឲ្យ​ចាំ​ជាប់​ក្នុង​ចិត្ត​នូវ​ច្បាប់​របស់​ព្រះ។ (​ចោ. ៦:៦, ៧​) ថ្ងៃ​ឈប់​សម្រាក​ផ្ដល់​ពេល​រាល់​សប្ដាហ៍​ឲ្យ​បណ្ដា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រមូល​អារម្មណ៍​ទៅ​លើ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​លោក។

២​. តើ​ថ្ងៃ​ឈប់​សម្រាក​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

២ ព្រះ​យេហូវ៉ា​លែង​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​កាន់​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ។ ក៏​ប៉ុន្តែ ច្បាប់​នេះ​បង្រៀន​យើង​អ្វី​មួយ​អំពី​ព្រះ​របស់​យើង។ លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ (​អេ. ៤៨:១៧, ១៨​) សព្វ​ថ្ងៃ​នេះ របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​របស់​លោក គឺ​តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​មាន​ល្ងាច​មួយ​សម្រាប់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។

៣​. តើ​អ្វី​ជា​គោល​បំណង​នៃ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ?

៣ តើ​អ្វី​ជា​គោល​បំណង​នៃ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ? នៅ​ខែ​មករា ឆ្នាំ​២០០៩ ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​បាន​ចាប់​ផ្ដើម​ធ្វើ​នៅ​ល្ងាច​ដែល​មាន​សាលា​កិច្ច​បម្រើ​ផ្សាយ​និង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ។ មូលហេតុ​មួយ​ដែល​មាន​ការ​កែ​សម្រួល​នេះ គឺ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​មាន​ឱកាស​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​កំណត់​ល្ងាច​មួយ​រាល់​សប្ដាហ៍​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ គ្រួសារ​នីមួយ​ៗ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​លើក​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​មក​ធ្វើ​នៅ​ល្ងាច​ដែល​ពី​មុន​ជា​ល្ងាច​ដែល​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ បើ​អាច​ធ្វើ​បាន ហើយ​ប្រើ​ពេល​នោះ​សម្រាប់​ការ​ពិភាក្សា​គម្ពីរ​តាម​សម្រួល និង​សិក្សា​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​នៃ​គ្រួសារ​នីមួយ​ៗ។

៤​. តើ​ក្រុម​គ្រួសារ​ត្រូវ​កំណត់​ពេល​សម្រាប់​ការ​ពិភាក្សា​ត្រឹម​តែ​មួយ​ម៉ោង​ឬ? សូម​ពន្យល់។

៤ ដើម្បី​ទៅ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ យើង​ត្រូវ​ការ​ពេល​ដើម្បី​ស្លៀក​ពាក់ និង​ធ្វើ​ដំណើរ​ជា​ដើម។ សម្រាប់​យើង​ជា​ច្រើន​នាក់ យើង​ត្រូវ​ការ​ពេល​ច្រើន​ជាង​មួយ​ម៉ោង​ដើម្បី​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​នោះ​ដែល​មាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។ ដោយ​សារ​មាន​ការ​កែ​សម្រួល​កិច្ច​ប្រជុំ ឥឡូវ​នេះ​យើង​មាន​ល្ងាច​មួយ​ដើម្បី​គោរព​ប្រណិប័តន៍​ជា​គ្រួសារ។ ហេតុ​នេះ យើង​មិន​ចាំ​បាច់​កំណត់​ពេល​សម្រាប់​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ជា​ក្រុម​គ្រួសារ​ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​និង​អ្វី​ដែល​គ្រួសារ​យើង​អាច​ធ្វើ​បាន ហើយ​កំណត់​ពេល​សម​ស្រប​តាម​នោះ។

៥​. តើ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​ក្នុង​ការ​ពិភាក្សា​ជា​ក្រុម​គ្រួសារ​ឬ​ទេ? សូម​ពន្យល់។

៥ តើ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​ក្នុង​ការ​ពិភាក្សា​ជា​ក្រុម​គ្រួសារ​ឬ? កាល​ណា​គូ​ស្វាមីភរិយា​និង​ក្រុម​គ្រួសារ​ដែល​មាន​កូន​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ណា​មួយ​ស្តី​អំពី​គម្ពីរ​ជា​មួយ​គ្នា នោះ​ពួក​គេ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១:១២​) គ្រួសារ​នោះ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ឡើង។ ដូច្នេះ ការ​ពិភាក្សា​អំពី​បទ​គម្ពីរ​គួរ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ក៏​ប៉ុន្តែ សមាជិក​គ្រួសារ​ម្នាក់​ៗ​ក៏​អាច​ចំណាយ​ពេល​សិក្សា​ដោយ​ខ្លួន​ឯង​ដែរ។ ជា​ឧទាហរណ៍ បន្ទាប់​ពី​ពិភាក្សា​គ្នា​ជា​ក្រុម គ្រួសារ​អាច​នៅ​ជា​មួយ​គ្នា ពេល​ដែល​សមាជិក​ម្នាក់​ៗ​បន្ត​សិក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា អ្នក​ខ្លះ​ប្រហែលជា​បញ្ចប់​ការ​រៀប​ចំ​កិច្ច​ប្រជុំ ឬ​អំណាន​ទស្សនាវដ្ដី។ គ្រួសារ​ខ្លះ​សម្រេច​ចិត្ត​មិន​បើក​ទូរទស្សន៍​ពេញ​មួយ​ល្ងាច​នោះ។

៦​. តើ​យើង​អាច​ដឹក​នាំ​ការ​ពិភាក្សា​យ៉ាង​ដូច​ម្ដេច?

៦ តើ​យើង​អាច​ដឹក​នាំ​ការ​ពិភាក្សា​នោះ​យ៉ាង​ដូច​ម្ដេច? ការ​ពិភាក្សា​មិន​ចាំ​បាច់​ធ្វើ​ឡើង​ជា​សំណួរ​និង​ចម្លើយ​ជា​និច្ច​នោះ​ទេ។ ដើម្បី​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មាន​ភាព​រស់​រវើក​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ គ្រួសារ​ជា​ច្រើន​មាន​កម្មវិធី​ដែល​ស្រដៀង​គ្នា​នឹង​សាលា​កិច្ច​បម្រើ​ផ្សាយ​និង​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ។ ពួក​គេ​បែងចែក​ការ​ពិភាក្សា​ជា​ផ្នែក​ផ្សេង​ៗ ហើយ​ធ្វើ​ការ​ពិភាក្សា​តាម​វិធី​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែលជា​អាន​គម្ពីរ​ជា​មួយ​គ្នា រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ផ្នែក ហើយ​ហាត់​ពាក្យ​ផ្សព្វ​ផ្សាយ។ នៅ​ទំព័រ​ទី​៦​មាន​យោបល់​ថែម​ទៀត។

៧​. តើ​ឪពុក​ម្ដាយ​គួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​បរិយាកាស​បែប​ណា?

៧ តើ​ឪពុក​ម្ដាយ​គួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​បរិយាកាស​បែប​ណា ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ? គ្រួសារ​របស់​អ្នក​នឹង​រៀន​បាន​ល្អ​បំផុត​ក្នុង​បរិយាកាស​ធូរ​ស្រាល​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ជួនកាល អ្នក​អាច​សិក្សា​នៅ​ក្រៅ​ផ្ទះ​បើ​អាកាសធាតុ​ល្អ។ សូម​ឈប់​សម្រាក​បន្ដិច​បើ​ចាំ​បាច់។ គ្រួសារ​ខ្លះ​រៀប​ចំ​ឲ្យ​មាន​អាហារ​បន្ដិច​បន្តួច​ឬ​ភេសជ្ជៈ​ក្រោយ​កម្ម​វិធី។ ឪពុក​ម្ដាយ​នឹង​មិន​យក​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដើម្បី​ស្តីបន្ទោស​ឬ​ប្រដៅ​កូន​ឡើយ តែ​ពួក​គេ​ប្រហែលជា​ត្រូវ​យក​ពេល​ខ្លះ​ដើម្បី​ពិភាក្សា​អំពី​ទម្លាប់​មួយ​ឬ​បញ្ហា​ជាក់​លាក់​ណា​មួយ​ដែល​ពួក​គេ​បាន​ដឹង។ ក៏​ប៉ុន្តែ បើ​កូន​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ខ្មាស​បង​ប្អូន​គាត់ នោះ​ប្រហែលជា​ការ​ល្អ​បើ​ឪពុក​ម្ដាយ​ពិភាក្សា​ជា​មួយ​នឹង​កូន​ដោយ​ឡែក​ពី​គេ នៅ​ពេល​មួយ​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍​នោះ។ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មិន​គួរ​ជា​ឱកាស​មួយ​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​តឹង​រឹង​ពេក​ទេ តែ​គួរ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​ដែល​យើង​គោរព​ប្រណិប័តន៍។—១ធី. ១:១១

៨, ៩​. តើ​មេ​គ្រួសារ​ត្រូវ​រៀប​ចំ​អ្វី​ខ្លះ?

៨ តើ​មេ​គ្រួសារ​អាច​រៀប​ចំ​យ៉ាង​ដូច​ម្ដេច? ក្រុម​គ្រួសារ​នឹង​ទទួល​ប្រយោជន៍​ច្រើន​បំផុត បើ​មេ​គ្រួសារ​រៀប​ចំ​ជា​មុន​សម្រាប់​ល្ងាច​នីមួយ​ៗ​ដែល​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ដោយ​សម្រេច​ថា​ពួក​គេ​នឹង​ពិភាក្សា​រឿង​អ្វី ហើយ​សម្រេច​ថា​វិធី​ណា​គឺ​ល្អ​បំផុត​ដើម្បី​ពិភាក្សា​អំពី​រឿង​នោះ។ (​សុភ. ២១:​៥​) ប្ដី​គួរ​ពិគ្រោះ​ជា​មួយ​នឹង​ប្រពន្ធ​គាត់​អំពី​រឿង​នេះ។ (​សុភ. ១៥:​២២​) ជា​មេ​គ្រួសារ ម្ដង​ម្កាល អ្នក​ក៏​គួរ​សួរ​មតិ​កូន​ៗ​របស់​អ្នក​ដែរ។ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​យល់​ធ្លុះ​ជ្រៅ​អំពី​អ្វី​ដែល​ពួក​គេ​ចាប់​អារម្មណ៍​និង​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្វល់ខ្វាយ។

៩ នៅ​សប្ដាហ៍​ភាគ​ច្រើន មេ​គ្រួសារ​នឹង​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ពេក​ដើម្បី​រៀប​ចំ​ទេ។ ក្រុម​គ្រួសារ​ទំនង​ជា​នឹង​សប្បាយ​ចិត្ត​បើ​មាន​ផ្នែក​ខ្លះ​ដែល​ពួក​គេ​ធ្វើ​រាល់​សប្ដាហ៍ ហើយ​មេ​គ្រួសារ​នឹង​មិន​ចាំ​បាច់​បង្កើត​កម្មវិធី​ថ្មី​ទាំង​ស្រុង​រាល់​លើក​ទេ។ គាត់​ប្រហែលជា​នឹង​ឃើញ​ថា​មាន​ប្រយោជន៍​បើ​គាត់​រៀប​ចំ​កម្មវិធី ក្រោយ​ការ​សិក្សា​នោះ​ចប់ កាល​ដែល​គាត់​នៅ​ចាំ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ មេ​គ្រួសារ​ខ្លះ​សរសេរ​យ៉ាង​ខ្លី​នូវ​អ្វី​ដែល​ក្រុម​គ្រួសារ​ត្រូវ​ពិភាក្សា​នៅ​សប្ដាហ៍​នោះ ហើយ​បិទ​នៅ​កន្លែង​ដែល​ពួក​គេ​អាច​ឃើញ​ដោយ​ងាយ ដូច​ជា​នៅ​ទូទឹកកក​ជា​ដើម។ នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រំភើប​ចិត្ត ហើយ​គិត​ទុក​ជា​មុន ថែម​ទាំង​ទុក​ពេល​ឲ្យ​ពួក​គេ​រៀប​ចំ បើ​ចាំ​បាច់។

១០​. តើ​អ្នក​ដែល​រស់​នៅ​តែ​ម្នាក់​ឯង​អាច​ប្រើ​យ៉ាង​ដូច​ម្ដេច​នូវ​ល្ងាច​ដែល​ទុក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?

១០ ចុះ​យ៉ាង​ណា​បើ​ខ្ញុំ​មាន​តែ​ម្នាក់​ឯង​ឬ​មិន​មាន​ក្រុម​គ្រួសារ​ជា​អ្នក​ជឿ? អ្នក​ដែល​រស់​នៅ​ម្នាក់​ឯង​អាច​ប្រើ​ល្ងាច​ដែល​ទុក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​ការ​សិក្សា​ដោយ​ខ្លួន​ឯង។ កម្មវិធី​សិក្សា​ដោយ​ខ្លួន​ឯង​ដ៏​ល្អ​គួរ​រួម​បញ្ចូល​អំណាន​គម្ពីរ ការ​រៀប​ចំ​កិច្ច​ប្រជុំ និង​ការ​អាន​ទស្សនាវដ្ដី​ប៉ម​យាម។ បន្ថែម​នឹង​នេះ អ្នក​ផ្សាយ​ខ្លះ​ស្រាវជ្រាវ​អំពី​ប្រធានបទ​ណា​មួយ​ដែល​ពួក​គេ​ចាប់​អារម្មណ៍។ ម្ដង​ម្កាល ពួក​គេ​ប្រហែលជា​អាច​អញ្ជើញ​អ្នក​ផ្សាយ​ម្នាក់​ទៀត​ឬ​ក្រុម​គ្រួសារ​មួយ​ទៀត​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គេ​ដើម្បី​ពិភាក្សា​គម្ពីរ​ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

១១, ១២​. តើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​នៅ​ល្ងាច​មួយ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១១ តើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​នៅ​ល្ងាច​មួយ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ? អ្នក​ដែល​ចូល​រួម​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ពួក​គេ​នឹង​ចូល​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត សមាជិក​ក្រុម​គ្រួសារ​ដែល​គោរព​ប្រណិប័តន៍​ជា​មួយ​គ្នា ពង្រឹង​ទំនាក់​ទំនង​រវាង​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ ស្វាមីភរិយា​មួយ​គូ​បាន​សរសេរ​អំពី​ពរ​ដែល​ពួក​គេ​បាន​ទទួល​ថា​៖ ​«​ជា​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ដែល​គ្មាន​កូន យើង​ពិត​ជា​ទន្ទឹង​រង់​ចាំ​យប់​ដែល​យើង​គោរព​ប្រណិប័តន៍​ជា​គ្រួសារ។ យើង​មាន​អារម្មណ៍​ថា យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​ចូល​ទៅ​កាន់​តែ​ជិត​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ឥឡូវ ពេល​ភ្ញាក់​ឡើង​នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក​សម្រាប់​សិក្សា​ជា​មួយ​គ្នា នោះ​យើង​សួរ​គ្នា​ថា​៖ ‹តើ​យប់​នេះ​ជា​យប់​អី? ជា​យប់​នៃ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ!›​»។

១២ ការ​រៀប​ចំ​ឲ្យ​មាន​ល្ងាច​សម្រាប់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ក៏​ជួយ​ក្រុម​គ្រួសារ​ដែល​រវល់​ដែរ។ ម្ដាយ​ម្នាក់​ដែល​គ្មាន​គូ ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់​បាន​សរសេរ​ថា​៖ ​«​នៅ​អតីតកាល ការ​សិក្សា​របស់​ក្រុម​គ្រួសារ​យើង​មិន​បាន​ល្អ​ទេ។ យើង​ធ្វើ​ការ​សិក្សា​យូរ​ៗ​ម្ដង ហើយ​លើក​ថ្ងៃ​រហូត ពីព្រោះ​ខ្ញុំ​នឿយ​ហត់។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ។ ហេតុ​នេះ ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​បង​ប្អូន​ដើម្បី​អរគុណ​ច្រើន​ណាស់ ចំពោះ​ការ​រៀប​ចំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ។ យើង​បាន​សិក្សា​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់ ហើយ​បាន​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​នោះ​»។

១៣​. តើ​ប្រយោជន៍​ដែល​គ្រួសារ​អ្នក​ទទួល​ពី​របៀប​រៀប​ចំ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​អ្វី?

១៣ ដូច​ថ្ងៃ​ឈប់​សម្រាក​ដែរ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ​គឺ​ជា​អំណោយ​មួយ​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ជា​អំណោយ​ដែល​អាច​ជួយ​ក្រុម​គ្រួសារ។ (​យ៉ា. ១:១៧​) ជំនួយ​ដែល​ក្រុម​គ្រួសារ​អ៊ីស្រាអែល​បាន​ទទួល​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ គឺ​អាស្រ័យ​ទៅ​លើ​ក្រុម​គ្រួសារ​ទាំង​នោះ​ប្រើ​ពេល​វេលា​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ធ្វើ​អ្វី​ខ្លះ។ ស្រដៀង​គ្នា​ដែរ ប្រយោជន៍​ដែល​គ្រួសារ​យើង​នឹង​ទទួល​គឺ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​ល្ងាច​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​យើង​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ (​២កូ. ៩:​៦; កាឡ. ៦:៧, ៨; កូឡ. ៣:២៣, ២៤​) ដោយ​ចេះ​ប្រើ​របៀប​រៀប​ចំ​នេះ គ្រួសារ​អ្នក​អាច​ពោល​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​ថា​៖ ​«​ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ​»។—ទំនុក. ៧៣:២៨

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

ល្ងាច​ដែល​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មិន​គួរ​ជា​ឱកាស​មួយ​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​តឹង​រឹង​ពេក​ទេ តែ​គួរ​ជា​ឱកាស​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍ ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​

[ប្រអប់​នៅ​ទំព័រ​៦]

សូម​រក្សា​ទុក​

យោបល់​ខ្លះ​សម្រាប់​ប្រើ​នៅ​ល្ងាច​ដែល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ

គម្ពីរ:

• អាន​មួយ​ផ្នែក​នៃ​អំណាន​ប្រចាំ​សប្ដាហ៍​ជា​មួយ​គ្នា។ បើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ហុច​ឱកាស នោះ​បុគ្គល​ម្នាក់​អាច​អាន​ពាក្យ​របស់​អ្នក​ពោល ហើយ​អ្នក​ឯ​ទៀត​អាច​អាន​ពាក្យ​សម្ដី​របស់​តួ​អង្គ​ផ្សេង​ៗ។

• ដើរតួ​ផ្នែក​ណា​មួយ​ក្នុង​អំណាន​គម្ពីរ។

• ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ៗ​អាន​ជំពូក​ក្នុង​គម្ពីរ​ទុក​ជា​មុន ហើយ​កត់​សំណួរ​មួយ​ឬ​ពីរ​ដែល​គាត់​ឆ្ងល់​អំពី​ជំពូក​នោះ។ បន្ទាប់​មក​ធ្វើ​ការ​ស្រាវជ្រាវ​ជា​មួយ​គ្នា​អំពី​សំណួរ​របស់​សមាជិក​ម្នាក់​ៗ។

• រាល់​សប្ដាហ៍ ចូរ​កាត់​ក្រដាស​តូច​មួយ ហើយ​សរសេរ​បទ​គម្ពីរ​មួយ​លើ​ក្រដាស​នោះ បន្ទាប់​មក​ខំ​ទន្ទេញ​ឲ្យ​ចាំ រួច​ពន្យល់​បទ​គម្ពីរ​នោះ។ សន្សំ​ទុក​ក្រដាស​នោះ​ឲ្យ​បាន​ច្រើន ហើយ​មើល​សា​ឡើង​វិញ​រាល់​សប្ដាហ៍​ដើម្បី​ដឹង​ថា​អ្នក​ចាំ​បទ​គម្ពីរ​បាន​ប៉ុន្មាន។

កិច្ច​ប្រជុំ:

• រៀប​ចំ​ជា​មួយ​គ្នា​នូវ​ផ្នែក​ណា​មួយ​នៃ​កិច្ច​ប្រជុំ។

• ហាត់​ច្រៀង​ចម្រៀង​រាជាណាចក្រ​សម្រាប់​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​ខាង​មុខ។

• បើ​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​សុន្ទរកថា​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ​ឬ​មាន​ការ​សម្ដែង​នៅ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ សូម​ពិភាក្សា​គ្នា​អំពី​របៀប​រៀប​ចំ​សុន្ទរកថា​ឬ​ការ​សម្ដែង​នោះ ឬ​ហាត់​ពាក្យ​នោះ​នៅ​មុខ​ក្រុម​គ្រួសារ។

សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ:

• ពិភាក្សា​ព័ត៌មាន​ក្នុង​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ឬ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។

• ហាត់​អំពី​របៀប​ដែល​អាច​ប្រព្រឹត្ត​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ណា​មួយ​ដែល​ទំនង​ជា​កើត​ឡើង​នៅ​សាលា។

• ហាត់​ដោយ​ឲ្យ​ឪពុក​ម្ដាយ​ដើរតួ​ជា​កូន​ៗ ឯ​កូន​ៗ​ធ្វើ​ជា​ឪពុក​ម្ដាយ។ កូន​ៗ​ស្រាវជ្រាវ​ប្រធានបទ​មួយ បន្ទាប់​មក​បញ្ជាក់​ហេតុ​ផល​ប្រាប់​ឪពុក​ម្ដាយ។

កិច្ច​បម្រើ​ផ្សាយ:

• ហាត់​ពាក្យ​ផ្សាយ​ដែល​អាច​ប្រើ​ក្នុង​កិច្ច​បម្រើ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ។

• ពិភាក្សា​អំពី​គោលដៅ​ដែល​ក្រុម​គ្រួសារ​អាច​សម្រេច​បាន ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​ក្នុង​អំឡុង​ខែ​ដែល​មាន​ពិធី​រំលឹក​ឬ​នៅ​ពេល​មាន​វិស្សមកាល។

• ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ៗ​ពីរ​បី​នាទី​ដើម្បី​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ​សំណួរ​មួយ​ដែល​ម្ចាស់​ផ្ទះ​ប្រហែលជា​សួរ​ពេល​ផ្សព្វ​ផ្សាយ។ រួច​មក​ហាត់​អំពី​របៀប​ឆ្លើយ។

យោបល់​បន្ថែម:

• អាន​ជា​មួយ​គ្នា​នូវ​អត្ថបទ​មួយ​ពី​ទស្សនាវដ្ដី​ថ្មី។

• សុំ​សមាជិក​គ្រួសារ​ម្នាក់​ៗ​អាន​ជា​មុន​ពី​ទស្សនាវដ្ដី​ថ្មី​នូវ​អត្ថបទ​មួយ​ដែល​គាត់​ចាប់​អារម្មណ៍ ហើយ​ឲ្យ​គាត់​រៀប​រាប់​អំពី​អត្ថបទ​នោះ។

• ម្ដង​ម្កាល សូម​អញ្ជើញ​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ឬ​គូ​ស្វាមីភរិយា​ឲ្យ​ចូល​រួម​ជា​មួយ​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​ប្រហែលជា​សម្ភាស​ពួក​គាត់។

• ពិភាក្សា​ជា​មួយ​គ្នា​នូវ​អត្ថបទ ​«​ចូរ​បង្រៀន​កូន​របស់​អ្នក​»​ឬ ​«​ការ​ស្រាវជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ​​»​ពី​ទស្សនាវដ្ដី​ប៉ម​យាម។

• អាន ហើយ​ពិភាក្សា​មួយ​ផ្នែក​ពី​សៀវភៅ​ថ្មី​ដែល​បាន​ចេញ​នៅ​មហាសន្និបាត។

• បន្ទាប់​ពី​បាន​ចូល​រួម​មហាសន្និបាត​ឬ​សន្និបាត សូម​ពិនិត្យ​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ។

• ទៅ​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​ពិភាក្សា​ពី​អ្វី​នោះ​បង្រៀន​យើង​អំពី​ព្រះ​យេហូវ៉ា។

• ធ្វើ​កិច្ចការ​អ្វី​មួយ​ជា​មួយ​គ្នា ដូច​ជា​គូរ​ផែនទី​ឬ​តារាង ឬ​ធ្វើ​គំ​រូពី​របស់​ណា​មួយ​ដែល​មាន​ក្នុង​គម្ពីរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក