អត្ថបទប្រភេទថ្មីដើម្បីជួយរកសិស្សគម្ពីរ
១. តើទស្សនាវដ្ដីប៉មយាមនឹងមានអត្ថបទថ្មីអ្វី? ហើយតើអត្ថបទនោះបានត្រូវរៀបចំឡើងដើម្បីអ្វី?
១ ចាប់ពីខែកុម្ភៈ ទស្សនាវដ្ដីប៉មយាមនឹងមានអត្ថបទប្រភេទថ្មីមួយ ដើម្បីជួយយើងរកសិស្សគម្ពីរ។ អត្ថបទនោះមានចំណងជើងថា«សូមរៀនពីបណ្ដាំរបស់ព្រះ»។ មនុស្សខ្លះក្នុងតំបន់ផ្សាយច្បាស់ជានឹងចូលចិត្តអានអត្ថបទទាំងនេះ តែតាមពិតអត្ថបទទាំងនេះបានត្រូវរៀបចំឡើងដើម្បីពិភាក្សាជាមួយនឹងម្ចាស់ផ្ទះ។
២. តើអត្ថបទថ្មីមានលក្ខណៈអ្វីខ្លះ?
២ លក្ខណៈនៃអត្ថបទ: ចំណងជើងនៃអត្ថបទ និងចំណងជើងតូចជាសំណួរសម្រាប់សួរម្ចាស់ផ្ទះក្នុងអំឡុងការពិភាក្សា។ បទគម្ពីរសំខាន់ៗមិនបានត្រូវដកស្រង់ទេ ដើម្បីឲ្យម្ចាស់ផ្ទះអាចបើកមើលខនោះក្នុងបណ្ដាំរបស់ព្រះ។ វគ្គនីមួយៗគឺខ្លី ដើម្បីឲ្យអ្នកអាចពិភាក្សាជាមួយនឹងម្ចាស់ផ្ទះនៅមាត់ទ្វារតែម្ដង។ អត្ថបទនីមួយៗលើកទឹកចិត្តឲ្យមើលសៀវភៅព្រះគម្ពីរបង្រៀនដើម្បីជួយអ្នកឲ្យប្ដូរទៅសៀវភៅនោះ ពេលដែលសមរម្យ។
៣. ពេលដែលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ តើយើងអាចប្រើអត្ថបទថ្មីក្នុងទស្សនាវដ្ដីដើម្បីបង្រៀនគម្ពីរនៅមាត់ទ្វារយ៉ាងដូចម្ដេច?
៣ របៀបប្រើអត្ថបទថ្មី: ពេលដែលអ្នកចង់ជូនទស្សនាវដ្ដី អ្នកអាចសួរសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ស្តីអំពីប្រធាននៃអត្ថបទនោះ។ ជាឧទាហរណ៍ អត្ថបទក្នុងទស្សនាវដ្ដីថ្ងៃទី១ ខែកុម្ភៈ បញ្ជាក់អំពីសារៈសំខាន់នៃគម្ពីរ។ អ្នកអាចសួរថា «តើលោកអ្នកគិតថាគម្ពីរជាបណ្ដាំរបស់ព្រះ ឬគ្រាន់តែជាសៀវភៅល្អមួយប៉ុណ្ណោះ? [ទុកឲ្យគេឆ្លើយ] ខ្ញុំមានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ស្តីអំពីរឿងនេះ»។ សូមបង្ហាញសំណួរទី១ រួចអានវគ្គដំបូង ក្រោយមកបើកមើលបទគម្ពីរក្នុងវគ្គនោះ។ បន្ទាប់មក សួរសំណួរទី១ម្ដងទៀត ហើយឲ្យម្ចាស់ផ្ទះបញ្ចេញយោបល់។ សូមពិភាក្សាព័ត៌មានឲ្យបានច្រើនតាមកាលៈទេសៈ ដោយយោងតាមសំណួរដែលមានលេខ។ មុនចេញទៅវិញ សូមបង្ហាញសំណួរលេខបន្ទាប់នោះ ហើយណាត់ជួបគាត់ម្ដងទៀតដើម្បីពិភាក្សាចំណុចនោះ។ សូមត្រឡប់ទៅរាល់សប្ដាហ៍ដើម្បីពិភាក្សាព័ត៌មានថែមទៀតក្នុងអត្ថបទនោះ រហូតដល់អ្នកអាចយកទស្សនាវដ្ដីថ្មីមក។ វិធីមួយទៀត គឺអ្នកអាចសួរម្ចាស់ផ្ទះត្រង់ៗ ស្នើសុំបង្រៀនគម្ពីរដល់គាត់។ រួចមកអ្នកអាចប្រើអត្ថបទក្នុងទស្សនាវដ្ដីដើម្បីបង្ហាញវិធីដែលយើងបង្រៀនគម្ពីរ។
៤. តើយើងអាចប្រើអត្ថបទទាំងនេះយ៉ាងដូចម្ដេចពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍?
៤ ម្យ៉ាងទៀត យើងអាចប្រើអត្ថបទថ្មីនោះដោយប្រសិទ្ធភាព ពេលដែលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ឬមួយពេលនិយាយជាមួយនឹងអ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់។ អ្នកប្រហែលជាគ្រាន់តែនិយាយថា «ទស្សនាវដ្ដីប៉មយាមមានអត្ថបទប្រភេទថ្មី។ ខ្ញុំសូមបង្ហាញលោកអ្នកអំពីវិធីប្រើអត្ថបទនោះ»។ យើងអធិដ្ឋានសុំឲ្យអត្ថបទប្រភេទថ្មីនេះផ្ដល់លទ្ធភាពឲ្យមនុស្សជាច្រើនថែមទៀត «មានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—១ធី. ២:៤