៧៥
ក្មេងប្រុសបួននាក់ក្នុងស្រុកបាប៊ីឡូន
ចំពោះប្រជាជនអ៊ីស្រាអែលណាដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ស្តេចនេប៊ូក្នេសាចាប់យកទៅស្រុកបាប៊ីឡូនទាំងអស់។ ក្រោយមក ស្តេចក៏រើសយកពួកយុវជនណាដែលមានរូបរាងសង្ហា និងមានគំនិតវាងវៃជាងគេបង្អស់ពីចំណោមពួកគេ។ ពីចំណោមនោះ មានក្មេងប្រុសបួននាក់ ដែលអ្នកឃើញក្នុងរូបនេះ។ ម្នាក់ឈ្មោះដានីយ៉ែល ហើយបីនាក់ទៀត ពួកសាសន៍បាប៊ីឡូនហៅគេថា សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ។
ស្តេចនេប៊ូក្នេសាមានគម្រោងការណ៍នឹងហ្វឹកហ្វឺនពួកយុវជនទាំងនេះ ដើម្បីឲ្យបំរើទ្រង់នៅក្នុងវាំង។ បន្ទាប់ពីការហ្វឹកហ្វឺនអស់រយៈពេលបីឆ្នាំ ទ្រង់នឹងរើសយកតែអ្នកណាដែលមានគំនិតវាងវៃជាងគេបង្អស់ ដើម្បីនឹងជួយទ្រង់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ស្តេចមានព្រះហឫទ័យចង់ឲ្យយុវជនទាំងនោះមានកម្លាំងខ្លាំងក្លា ហើយឲ្យមានសុខភាពល្អ ក្នុងរវាងការហ្វឹកហ្វឺនរបស់គេនោះ។ ដូច្នេះ ទ្រង់ក៏បញ្ជាពួកអ្នកបំរើទ្រង់ឲ្យផ្ដល់ម្ហូបអាហារនិងស្រាហ្លួងដ៏ប្រសើរៗទៅពួកគេ ដែលជាម្ហូបអាហារទ្រង់និងរាជវង្សទ្រង់សោយ។
សូមក្រឡេកមើលយុវជនដានីយ៉ែលនេះ។ តើអ្នកដឹងថាគាត់កំពុងតែនិយាយអ្វីទៅកាន់អាសផ្នាសជានាយលើពួកបំរើនៃស្តេចនេប៊ូក្នេសាទេ? ដានីយ៉ែលកំពុងតែប្រាប់ថា គាត់មិនចង់បរិភោគម្ហូបអាហារហ្លួងដ៏ប្រសើរពីតុស្តេចទេ។ ប៉ុន្តែ លោកអាសផ្នាសព្រួយបារម្ភណាស់។ លោកនិយាយថា ‹ព្រះរាជាបានសម្រេចរួចហើយ នូវអ្វីដែលពួកឯងត្រូវបរិភោគនិងផឹក។ ហើយបើពួកឯងមិនមានរូបរាងនិងសុខភាពល្អដូចពួកយុវជនឯទៀតទេ នោះទ្រង់នឹងសម្លាប់ខ្ញុំហើយ›។
ដូច្នេះ ដានីយ៉ែលក៏ទៅឯអ្នកតម្រួត ដែលលោកអាសផ្នាសបានតាំងឲ្យត្រួតលើគាត់និងមិត្តគាត់ទាំងបីនោះ។ គាត់និយាយថា ‹សូមល្បងលពួកយើងបាន១០ថ្ងៃមើល។ សូមឲ្យយើងទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ។ រួចសូមលោកប្រៀបធៀបយើងជាមួយនឹងយុវជនឯទៀត ដែលទទួលទានម្ហូបហ្លួង ហើយសូមលោកមើលតើអ្នកណាមានរូបស្រស់ជាង›។
អ្នកតម្រួតនោះក៏យល់ព្រមធ្វើយ៉ាងដូច្នេះ។ លុះដល់គ្រប់១០ថ្ងៃហើយ ដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់ មានសុខភាពល្អជាងពួកយុវជនឯទៀតទាំងអស់។ ដូច្នេះ អ្នកតម្រួតក៏អនុញ្ញាតឲ្យពួកគេបន្តទទួលទានបន្លែ ជាជាងម្ហូបដែលស្តេចផ្ដល់ឲ្យវិញ។
គំរប់បីឆ្នាំហើយ ពួកយុវជនទាំងអស់ក៏ត្រូវបានយកទៅឯស្តេចនេប៊ូក្នេសា។ ក្រោយពីបានមានបន្ទូលសន្ទនាជាមួយពួកគេរួចហើយ ស្តេចនេប៊ូក្នេសាបានឃើញថា ដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់នោះ ជាអ្នកដ៏វាងវៃជាងគេបង្អស់។ ដូច្នេះ ទ្រង់ក៏ទុកពួកគេឲ្យជួយទ្រង់នៅក្នុងវាំង។ ហើយនៅពេលណាដែលស្តេចសួរដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នូវសំនួរណាមួយ ឬក៏ឲ្យដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ពួកគេចេះដឹងច្រើនជាងពួកសង្ឃនិងពួកប្រាជ្ញរបស់ទ្រង់១០ដងទៅទៀត។