វិធីប្រាំយ៉ាងដើម្បីរកសិស្សគម្ពីរ
១. បើពិបាករកសិស្សគម្ពីរនៅក្នុងតំបន់ផ្សាយរបស់យើង តើយើងគួរធ្វើដូចម្ដេច? ហើយហេតុអ្វី?
១ តើអ្នកធ្លាប់មានការពិបាកក្នុងការស្វែងរកសិស្សគម្ពីរឬទេ? បើដូច្នេះមែន សូមបន្តព្យាយាម។ ព្រះយេហូវ៉ានឹងផ្ដល់ពរដល់អស់អ្នកដែលនៅតែធ្វើតាមបំណងប្រាថ្នារបស់លោក។ (កាឡ. ៦:៩) នៅខាងក្រោមនេះ មានវិធីប្រាំយ៉ាងដែលអាចជួយអ្នក។
២. តើយើងអាចសុំឲ្យគេរៀនគម្ពីរដោយចំៗយ៉ាងដូចម្ដេច?
២ ស្នើសុំដោយចំៗឲ្យគេរៀនគម្ពីរ: មនុស្សជាច្រើនដឹងថា យើងស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ប៉ុន្តែ ពួកគេប្រហែលជាមិនដឹងទេថា យើងក៏ស្នើសុំឲ្យរៀនគម្ពីរដែរ។ ដូច្នេះ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមសួរម្ចាស់ផ្ទះដោយត្រង់ៗ។ អ្នកក៏អាចសួរបុគ្គលដែលអ្នកបានត្រឡប់ទៅជួបថា តើពួកគេចង់រៀនគម្ពីរឬទេ? បើពួកគេមិនចង់ អ្នកអាចបន្តទុកសៀវភៅ ដើម្បីបណ្ដុះចំណាប់អារម្មណ៍ពួកគេ។ ជាឧទាហរណ៍ បងប្រុសម្នាក់បានត្រឡប់ទៅជួបប្ដីប្រពន្ធមួយគូដែលបានទទួលទស្សនាវដ្ដីជាទៀងទាត់អស់ជាច្រើនឆ្នាំហើយ។ បន្ទាប់ពីបានឲ្យទស្សនាវដ្ដីលេខថ្មីបំផុតដល់ពួកគេ បងប្រុសបម្រុងនឹងចាកចេញ ស្រាប់តែគាត់នឹកឃើញសួរថា៖ «តើអ្នកចង់រៀនគម្ពីរទេ?»។ គាត់ភ្ញាក់ផ្អើលមែនទែនពេលដែលពួកគេឆ្លើយថា ចង់រៀន។ ឥឡូវពួកគេទទួលការជ្រមុជទឹករួចហើយ។
៣. តើយើងគួរសន្មតថាអ្នកដែលមកកិច្ចប្រជុំកំពុងរៀនគម្ពីរជាមួយបងប្អូនណាម្នាក់ឬ? សូមពន្យល់។
៣ សួរអ្នកចាប់អារម្មណ៍ដែលមកកិច្ចប្រជុំ: អ្នកមិនត្រូវឆាប់សន្មតថា អ្នកដែលមកកិច្ចប្រជុំសុទ្ធតែជាសិស្សគម្ពីរនោះទេ។ បងប្រុសម្នាក់បាននិយាយថា៖ «ចំនួនអ្នកដែលបានរៀនគម្ពីរជាមួយខ្ញុំ ជាងពាក់កណ្ដាលគឺជាអ្នកដែលខ្ញុំបានសួរពេលដែលពួកគេមកកិច្ចប្រជុំ»។ បងស្រីយើងបានទៅជួបស្ត្រីម្នាក់ដែលមានការខ្មាសអៀន គាត់មានកូនស្រីដែលបានទទួលការជ្រមុជទឹក ហើយធ្លាប់នៅក្នុងក្រុមជំនុំរបស់គាត់។ ស្ត្រីនោះបានចូលរួមកិច្ចប្រជុំអស់ប្រហែល១៥ឆ្នាំហើយ។ គាត់តែងតែមកដល់ពេលកិច្ចប្រជុំចាប់ផ្ដើម និងចេញទៅវិញភ្លាមពេលកិច្ចប្រជុំចប់។ ស្ត្រីនោះព្រមរៀនគម្ពីរ ហើយនៅទីបំផុតគាត់បានក្លាយទៅជាសាក្សីព្រះយេហូវ៉ាម្នាក់។ បងស្រីយើងបាននិយាយថា៖ «ខ្ញុំស្ដាយដែលខ្ញុំមិនគួរចាំរហូតដល់១៥ឆ្នាំ ទើបសួរគាត់ថា ចង់រៀនគម្ពីរទេ?»។
៤. តើយើងអាចរកសិស្សគម្ពីរដោយសួររកអ្នកចាប់អារម្មណ៍ឯទៀតយ៉ាងដូចម្ដេច?
៤ សួររកអ្នកចាប់អារម្មណ៍ឯទៀត: បងស្រីម្នាក់ចូលចិត្តទៅជាមួយបងប្អូនផ្សេងទៀត ពេលពួកគាត់បង្រៀនសិស្សគម្ពីរ។ ដោយសុំការអនុញ្ញាតពីអ្នកបង្រៀនគម្ពីរ នៅពេលបង្រៀនចប់ នោះគាត់សួរសិស្សគម្ពីរថា តើនាងមានស្គាល់នរណាម្នាក់ដែលចង់រៀនគម្ពីរទេ? ពេលជូនសៀវភៅព្រះគម្ពីរបង្រៀន ដល់បុគ្គលដែលអ្នកធ្លាប់ត្រឡប់ទៅជួប អ្នកអាចសួរថា៖ «តើអ្នកស្គាល់នរណាទៀតដែលចង់ទទួលសៀវភៅនេះមួយក្បាលទេ?»។ ជួនកាលមានស្ថានភាពខ្លះដែលធ្វើឲ្យអ្នកផ្សាយឬអ្នកត្រួសត្រាយមិនអាចបង្រៀនគម្ពីរដល់អ្នកដែលពួកគាត់បានជួបក្នុងតំបន់ផ្សាយ។ ដូច្នេះ សូមប្រាប់បងប្អូនផ្សេងទៀតឲ្យដឹងថា អ្នកអាចបង្រៀនគម្ពីរបាន។
៥. បើយើងស្នើសុំគូដែលមិនមែនជាអ្នកជឿឲ្យរៀនគម្ពីរ ហេតុអ្វីយើងគួរសួរគូរបស់គាត់ដែលជាអ្នកជឿក្នុងក្រុមជំនុំជាមុនសិន?
៥ គូដែលមិនមែនជាអ្នកជឿ: ក្នុងក្រុមជំនុំរបស់អ្នក តើមានអ្នកផ្សាយដែលបានរៀបការជាមួយអ្នកដែលមិនមែនជាអ្នកជឿឬទេ? អ្នកដែលមិនជឿខ្លះជៀសវាងនិយាយអំពីរឿងដែលទាក់ទងនឹងគម្ពីរជាមួយគូរបស់ខ្លួនដែលជាគ្រិស្តសាសនិក។ ប៉ុន្តែ ពួកគេនឹងព្រមតាមការអញ្ជើញឲ្យរៀនគម្ពីរជាមួយអ្នកផ្សេងទៀតដែលមិនមែនជាសមាជិកក្នុងក្រុមគ្រួសាររបស់ខ្លួន។ ជាការល្អបំផុត បើអ្នកពិគ្រោះជាមួយគូដែលជាអ្នកជឿជាមុនសិន ដើម្បីឲ្យដឹងអំពីអ្វីដែលគួរនិយាយ មុននឹងអ្នកទៅជួបគូរបស់គាត់ដែលមិនមែនជាអ្នកជឿ។
៦. តើសេចក្ដីអធិដ្ឋានអាចជួយអ្នកក្នុងការព្យាយាមរកសិស្សគម្ពីរយ៉ាងដូចម្ដេច?
៦ អធិដ្ឋាន: សុំកុំមើលស្រាលអានុភាពនៃសេចក្ដីអធិដ្ឋាន។ (យ៉ា. ៥:១៦) ព្រះយេហូវ៉ាសន្យាថា លោកនឹងស្ដាប់សេចក្ដីអធិដ្ឋានណាដែលស្របតាមបំណងប្រាថ្នារបស់លោក។ (១យ៉ូន. ៥:១៤) បងប្រុសម្នាក់ដែលជាប់រវល់ខ្លាំង បានចាប់ផ្ដើមអធិដ្ឋានសុំមានសិស្សគម្ពីរម្នាក់។ ប្រពន្ធរបស់គាត់ឆ្ងល់ថា តើគាត់នឹងមានពេលសម្រាប់សិស្សគម្ពីរទេ? ជាពិសេស បើសិស្សនោះមានបញ្ហាច្រើន។ ដូច្នេះ នាងបានជម្រាបព្រះយេហូវ៉ាឲ្យដឹងអំពីការខ្វល់ខ្វាយរបស់នាង ពេលដែលនាងអធិដ្ឋានសុំឲ្យប្ដីមានសិស្សគម្ពីរម្នាក់។ ពីរសប្ដាហ៍ក្រោយ ព្រះយេហូវ៉ាឆ្លើយតបសេចក្ដីអធិដ្ឋានរបស់ពួកគាត់ គឺអ្នកត្រួសត្រាយមួយរូបបានជួបបុរសម្នាក់ដែលចង់រៀនគម្ពីរ ដូច្នេះគាត់បានសុំបងប្រុសនោះឲ្យទៅបង្រៀន។ ប្រពន្ធគាត់បានរៀបរាប់ថា៖ «អស់អ្នកដែលប្រហែលជាគិតថា ការបង្រៀនគម្ពីរជាអ្វីដែលគាត់មិនអាចធ្វើបាន នោះខ្ញុំអាចនិយាយបានថា៖ សូមអធិដ្ឋានយ៉ាងចំៗ ហើយកុំឈប់អធិដ្ឋានអំពីរឿងនោះឲ្យសោះ។ ខ្ញុំមិនដែលនឹកស្មានថាខ្ញុំអាចមានអំណរខ្លាំងដល់ម្ល៉េះទេ»។ បើអ្នកបន្តព្យាយាម នោះអ្នកនឹងមានសិស្សគម្ពីរម្នាក់ ហើយអ្នកនឹងមានអំណរដែលមកពីការជួយមនុស្សឲ្យដើរតាម«ផ្លូវដែលទៅឯជីវិត»។—ម៉ាថ. ៧:១៣, ១៤