របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ
១. តើយើងនៅតែអាចទទួលប្រយោជន៍អ្វីខ្លះពីក្រុមផ្សព្វផ្សាយ ដូចដែលយើងធ្លាប់ទទួលពីការសិក្សាសៀវភៅតាមក្រុមជំនុំ?
១ តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកនៅតែនឹកដល់ការសិក្សាសៀវភៅតាមក្រុមជំនុំ? កាលណោះក្រុមក៏តូច ហើយបរិយាកាសក៏ធូរស្រាលជាងដែរ។ ដូច្នេះយើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាងជាមួយបងប្អូន ហើយមិត្តភាពនេះពង្រឹងជំនឿរបស់យើង។ (សុភ. ១៨:២៤) អ្នកត្រួតពិនិត្យក្រុមសិក្សាស្គាល់អំពីស្ថានភាពរបស់សមាជិកនីមួយៗក្នុងក្រុម ហើយគាត់ក៏អាចលើកទឹកចិត្តបងប្អូនម្នាក់ៗតាមសេចក្ដីត្រូវការរបស់ពួកគេដែរ។ (សុភ. ២៧:២៣; ១ពេ. ៥:២, ៣) យ៉ាងណាក៏ដោយ យើងនៅតែទទួលប្រយោជន៍ទាំងនេះតាមរយៈក្រុមផ្សព្វផ្សាយ។
២. ក្នុងក្រុមផ្សព្វផ្សាយរបស់យើង តើយើងអាចធ្វើយ៉ាងណាដើម្បីបង្កើតឲ្យមានមិត្តភាពជិតស្និទ្ធដែលអាចជួយពង្រឹងជំនឿរបស់យើង?
២ បង្កើតឲ្យមានចំណងមិត្តភាព: តាមធម្មតា ក្រុមផ្សព្វផ្សាយមានចំនួនសមាជិកស្មើនឹងចំនួនសមាជិកក្រុមសិក្សាសៀវភៅតាមក្រុម។ ដោយ«តស៊ូជាមួយគ្នា»ក្នុងកិច្ចផ្សព្វផ្សាយ យើងអាចបង្កើតឲ្យមានមិត្តភាពជិតស្និទ្ធ។ (ភី. ១:២៧) តើអ្នកធ្លាប់ផ្សព្វផ្សាយជាមួយបងប្អូនប៉ុន្មាននាក់ក្នុងក្រុមរបស់អ្នក? តើអ្នកអាច«បើកចិត្តឲ្យទូលាយ»ដោយផ្សព្វផ្សាយជាមួយបងប្អូនផ្សេងទៀតបានឬទេ? (២កូ. ៦:១៣) ម្ដងម្កាលយើងក៏អាចអញ្ជើញបងប្អូនម្នាក់ពីក្រុមផ្សព្វផ្សាយរបស់យើងឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬអញ្ជើញមកបរិភោគជាមួយយើង។ ក្នុងក្រុមជំនុំខ្លះ ក្រុមផ្សព្វផ្សាយផ្លាស់ប្ដូរវេនរៀបចំអាហារសម្រាប់អ្នកថ្លែងដែលជាភ្ញៀវ។ នៅសប្ដាហ៍ដែលក្រុមរបស់ពួកគាត់ត្រូវរៀបចំអាហារ សមាជិកទាំងអស់ក្នុងក្រុមនោះជួបជុំគ្នាដើម្បីបរិភោគនិងលើកទឹកចិត្តគ្នាទៅវិញទៅមក ទោះជាអ្នកថ្លែងអាចឬមិនអាចចូលរួមបាន។
៣. ក្នុងក្រុមផ្សព្វផ្សាយ តើយើងអាចទទួលការពង្រឹងជំនឿនៅពេលណាខ្លះ?
៣ ពិតមែនតែក្រុមជំនុំទាំងមូលជួបជុំគ្នាតែពីរដងក្នុងមួយសប្ដាហ៍ ប៉ុន្តែនេះមិនមានន័យថាគង្វាលក្នុងក្រុមជំនុំគួរបន្ថយសកម្មភាពក្នុងការជួបបងប្អូនដើម្បីពង្រឹងកម្លាំងចិត្តនោះទេ។ អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយបានត្រូវតែងតាំងដើម្បីលើកទឹកបងប្អូនម្នាក់ៗក្នុងក្រុមតាមសេចក្ដីត្រូវការរបស់ពួកគេ ហើយបង្ហាត់បង្រៀនពួកគេក្នុងកិច្ចផ្សព្វផ្សាយ។ បើអ្នកត្រួតពិនិត្យក្រុមមិនទាន់ណាត់ផ្សព្វផ្សាយជាមួយអ្នក សូមអញ្ជើញសុំគាត់ផ្សព្វផ្សាយជាមួយអ្នក។ ម្យ៉ាងទៀត រាល់ខែអ្នកត្រួតពិនិត្យកិច្ចបម្រើចូលរួមផ្សាយជាមួយក្រុមផ្សេងទៀត។ ក្នុងក្រុមជំនុំតូច ដែលមានក្រុមផ្សព្វផ្សាយតែពីរបីប៉ុណ្ណោះ គាត់អាចចូលរួមជាមួយក្រុមនីមួយៗពីរដងក្នុងមួយឆ្នាំ។ តើអ្នកលៃពេលដើម្បីទៅផ្សព្វផ្សាយ ពេលដែលគាត់ចូលរួមជាមួយក្រុមរបស់អ្នកទេ?
៤. (ក) តើកិច្ចប្រជុំផ្សព្វផ្សាយត្រូវរៀបចំយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងគួរគិតអំពីការឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់យើង?
៤ តាមធម្មតា មានប្រយោជន៍បើក្រុមនីមួយៗជួបជុំគ្នាដោយឡែកពេលផ្សព្វផ្សាយនៅចុងសប្ដាហ៍។ ពេលមានកិច្ចប្រជុំផ្សព្វផ្សាយច្រើនកន្លែង នៅម៉ោងដូចគ្នា នោះអ្នកផ្សាយស្រួលចូលរួមជាងដោយសារទីកន្លែងប្រជុំនិងតំបន់ផ្សាយប្រហែលជិតផ្ទះរបស់ពួកគេ។ អ្នកដឹកនាំអាចរៀបចំអ្នកផ្សាយយ៉ាងលឿន ហើយពួកគេអាចចេញទៅតំបន់ផ្សាយភ្លាមៗ។ ពេលមានក្រុមដោយឡែកពីគ្នា អ្នកត្រួតពិនិត្យក្រុមក៏ស្រួលជាងក្នុងការយកចិត្តទុកដាក់ចំពោះសមាជិកក្រុមរបស់គាត់យ៉ាងដិតដល់ដែរ។ ក៏ប៉ុន្តែ ក្នុងស្ថានភាពខ្លះប្រហែលជាល្អជាងបើក្រុមពីរឬច្រើនជាងជួបជុំជាមួយគ្នា។ បើក្រុមជំនុំទាំងមូលជួបជុំគ្នាដើម្បីផ្សព្វផ្សាយនៅថ្ងៃសៅរ៍សប្ដាហ៍ដំបូងឬក្រោយកិច្ចប្រជុំសិក្សាទស្សនាវដ្ដីប៉មយាម នោះគឺល្អបើក្រុមនីមួយៗអង្គុយជាមួយគ្នា ហើយទុកពេលបន្ដិចបន្តួចឲ្យអ្នកត្រួតពិនិត្យក្រុមនីមួយៗរៀបចំក្រុមរបស់ពួកគាត់ មុននឹងអធិដ្ឋានបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ (សូមមើលប្រអប់«តើអាចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់អ្នកបានទេ?»)។
៥. ទោះជាលែងមានការសិក្សាសៀវភៅតាមក្រុមជំនុំក៏ដោយ តើយើងអាចជឿជាក់អំពីអ្វី?
៥ ទោះជាលែងមានការសិក្សាសៀវភៅតាមក្រុមជំនុំក៏ដោយ ព្រះយេហូវ៉ានៅតែផ្ដល់អ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ (ហេ. ១៣:២០, ២១) ដោយសារព្រះយេហូវ៉ាកំពុងថែរក្សាយើង នោះយើងមិនខ្វះអ្វីសោះ។ (ទំនុក. ២៣:១) តាមរយៈក្រុមផ្សព្វផ្សាយ យើងអាចទទួលពរជាច្រើន។ បើយើងចាត់វិធានការ ហើយ«សាបព្រោះដោយបរិបូរ» នោះយើងនឹង«ប្រមូលផលបានបរិបូរដែរ»។—២កូ. ៩:៦
[ប្រអប់នៅទំព័រ៦]
តើអាចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់អ្នកបានទេ?
នៅក្រុមជំនុំខ្លះ ក្រុមផ្សព្វផ្សាយផ្សេងៗត្រូវជួបជុំជាមួយគ្នានៅចុងសប្ដាហ៍ ដោយសារគ្មានផ្ទះគ្រប់គ្រាន់សម្រាប់ធ្វើប្រជុំផ្សព្វផ្សាយ។ កិច្ចប្រជុំផ្សព្វផ្សាយគឺជាកិច្ចប្រជុំមួយរបស់ក្រុមជំនុំដែរ ដូច្នេះបើអាចមានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់អ្នក នោះជាឯកសិទ្ធិមែន។ តើអាចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់អ្នកបានទេ? កុំស្ទាក់ស្ទើរ ដោយសារអ្នកគិតថាផ្ទះរបស់អ្នកសាមញ្ញពេកមិនសមជាកន្លែងប្រជុំនោះឡើយ។ ពួកអ្នកចាស់ទុំនឹងគិតអំពីទីតាំងនៃផ្ទះរបស់អ្នក ហើយកត្ដាផ្សេងទៀតស្រដៀងនឹងកត្ដាដែលពួកគាត់ថ្លឹងថ្លែងពេលធ្លាប់ជ្រើសរើសទីតាំងសម្រាប់ការសិក្សាសៀវភៅតាមក្រុមជំនុំ។ បើអ្នកចង់មានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់អ្នក សូមប្រាប់អ្នកត្រួតពិនិត្យក្រុមរបស់អ្នក។