ការធ្វើបន្ទាល់តាមក្រុមនាំឲ្យមានអំណរ
១ នៅពេលដែលព្រះយេស៊ូចាត់ពួកសិស្ស៧០នាក់ទៅផ្សព្វផ្សាយ នោះទ្រង់បានបង្រៀនពួកគេនូវអ្វីដែលគេត្រូវនិយាយ ដោយរៀបចំឲ្យពួកគេដើរមួយគូៗ ហើយប្រាប់ពួកគេពីកន្លែងណាដែលត្រូវផ្សាយនោះ។ ការរៀបចំបែបនេះនាំឲ្យពួកគេមានអំណរ។ (លូ. ១០:១-១៧) សព្វថ្ងៃនេះគឺស្រដៀងគ្នាដែរ ព្រោះការធ្វើបន្ទាល់តាមក្រុមជួយយើងឲ្យប្រដាប់ខ្លួន និងមានរបៀបរៀបរយក្នុងកិច្ចបំរើផ្សាយ ហើយលើកទឹកចិត្តរាស្ត្ររបស់ព្រះឲ្យផ្សព្វផ្សាយផងដែរ។
២ អ្នកចាស់ទុំនាំមុខ: ពួកអ្នកចាស់ទុំមានមុខនាទីដ៏សំខាន់ក្នុងការជួយឲ្យបងប្អូនទាំងអស់គ្នាចូលរួមក្នុងកិច្ចការផ្សាយយ៉ាងទៀងទាត់។ អ្នកត្រួតពិនិត្យកិច្ចបំរើជាអ្នកនាំមុខក្នុងការរៀបចំកិច្ចបំរើពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ អ្នកត្រួតពិនិត្យការសិក្សាសៀវភៅតាមក្រុម ទទួលខុសត្រូវរៀបចំសំរាប់កិច្ចផ្សព្វផ្សាយរបស់ក្រុមគាត់ ជាពិសេសនៅចុងសប្ដាហ៍។ នៅពេលដែលក្រុមជំនុំទាំងមូលជួបជុំគ្នាសំរាប់កិច្ចបំរើផ្សាយ ដូចជាបន្ទាប់ពីការសិក្សាទស្សនាវដ្ដីប៉មយាម នោះអ្នកត្រួតពិនិត្យការសិក្សាសៀវភៅតាមក្រុមម្នាក់ៗ គួរធ្វើការរៀបចំសំរាប់សមាជិកក្នុងក្រុមគាត់។
៣ «តាមបែបគួរសម ហើយដោយលំដាប់លំដោយផង»: អ្នកដែលចាត់ចែងការជួបជុំគ្នាសំរាប់កិច្ចបំរើផ្សាយ គួរចាប់ផ្ដើមតាមពេលកំណត់ ហើយគួរកំណត់ពេលត្រឹម១០ឬ១៥នាទី។ គឺល្អដែលគាត់រៀបចំក្រុមផ្សព្វផ្សាយនិមួយៗ ហើយចាត់ចែងកន្លែងណាដែលគេត្រូវផ្សាយ មុនចាប់ផ្ដើមអធិស្ឋាន (លើកលែងតែអ្នកត្រួតពិនិត្យការសិក្សាសៀវភៅតាមក្រុមនឹងធ្វើ ដូចបានពន្យល់ពីមុន)។ បើធ្វើដូច្នេះ គឺបង្ការឲ្យអ្នកផ្សាយប្រមូលគ្នាជាក្រុមធំនៅកន្លែងផ្សាយ ដែលអាចបង្វែរពីភាពថ្លៃថ្នូរនៃកិច្ចការយើង។ ការរៀបចំដូចនេះគឺស្របទៅតាមឱវាទរបស់ប៉ុលដែលថា៖ «ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង»។ (១កូ. ១៤:៤០) អស់អ្នកដែលមកប្រជុំគ្នាមុនទៅផ្សព្វផ្សាយ គួរគាំទ្រការរៀបចំនេះ ដោយមកឲ្យទាន់ពេល តាមយោបល់អ្នកនាំមុខ ហើយចេញទៅផ្សព្វផ្សាយភ្លាមៗពេលកម្មវិធីឈប់រួចហើយ។
៤ មានភាពស្និទ្ធស្នាលគ្នាក្នុងសាមគ្គីភាព: ការរៀបចំធ្វើបន្ទាល់តាមក្រុម ផ្ដល់នូវឱកាសដ៏ល្អឲ្យយើងស្គាល់បងប្អូនឯទៀតក្នុងក្រុមជំនុំ។ ទោះជាមិនមានអ្វីខុសបើយើងណាត់ទៅជាមួយនរណាម្នាក់ គឺមានប្រយោជន៍ដែរ បើយើងចូលរួមកម្មវិធីសំរាប់រៀបចំដើរផ្សព្វផ្សាយ ដោយមិនទាន់ណាត់ជាមួយអ្នកណានៅឡើយ។ អ្នកនាំមុខប្រហែលចាត់ឲ្យយើងផ្សព្វផ្សាយជាមួយបងប្អូនម្នាក់ដែលយើងអត់សូវស្គាល់ ដែលបើកឱកាសឲ្យយើង«បើកចិត្តឲ្យទូលាយឡើង»ក្នុងការបង្ហាញសេចក្ដីស្រឡាញ់។—២កូ. ៦:១១-១៣
៥ ការធ្វើបន្ទាល់តាមក្រុមលើកទឹកចិត្តយើង ហើយបង្រួបបង្រួមយើងឲ្យ«ធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ (៣យ៉ូន. ៨) សូមឲ្យយើងចូលរួមយ៉ាងពេញលេញក្នុងការធ្វើបន្ទាល់តាមក្រុមចុះ!