ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយឆ្លើយតបនឹងម្ចាស់ផ្ទះដែលខឹង
ហេតុអ្វីសំខាន់?: មនុស្សជាច្រើនដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ ពួកគេចេះគួរសម។ ប៉ុន្តែ លោកយេស៊ូបានប្រកាសទុកជាមុនថា មនុស្សខ្លះនឹងស្អប់យើង។ (យ៉ូន. ១៧:១៤) ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលឡើយនៅពេលយើងជួបម្ចាស់ផ្ទះដែលខឹង។ នៅពេលយើងជួបស្ថានភាពដូចនេះ យើងចង់ឆ្លើយតបតាមរបៀបមួយដែលធ្វើឲ្យព្រះយេហូវ៉ាជាអ្នកដែលយើងតំណាងពេញចិត្ត។ (រ៉ូម ១២:១៧-២១; ១ពេ. ៣:១៥) បើយើងធ្វើដូច្នេះ យើងប្រហែលជាមិនធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំទេ។ ម្យ៉ាងទៀត នេះក៏ធ្វើឲ្យម្ចាស់ផ្ទះនិងអ្នកសង្កេតមើលយើង ទំនងជាចង់ស្ដាប់សាក្សីព្រះយេហូវ៉ាដែលជួបគាត់នៅពេលក្រោយ។—២កូ. ៦:៣
របៀបអនុវត្ត:
• សូមរក្សាចិត្តស្ងប់និងរាក់ទាក់ជានិច្ច។ អាកប្បកិរិយាបែបនេះនឹងជួយធ្វើឲ្យស្ថានភាពនោះទៅជាល្អជាង។ សូមចាំថា ម្ចាស់ផ្ទះខឹងមិនមែនដោយសារយើងទេ។ (សាស្ដ. ៧:៩) គាត់ប្រហែលជាខឹងដោយសារគាត់មានបញ្ហាផ្ទាល់ខ្លួន ឬដោយសារយើងបានទៅជួបគាត់នៅពេលមិនល្អ។ ទោះបីជាគាត់ខឹងនឹងដំណឹងដែលយើងផ្សាយក៏ដោយ ជាញឹកញយនេះគឺដោយសារគាត់បានឮព័ត៌មានមិនត្រឹមត្រូវអំពីយើង។—២កូ. ៤:៤
• សូមឆ្លើយតបដោយសុភាពនិងសប្បុរស។ (សុភ. ១៥:១) ឧទាហរណ៍ តើអ្នកបានធ្វើឲ្យគាត់ភ្ញាក់ពីគេងឬក៏រំខានគាត់ឬទេ? ទោះបីជាយើងមិនសុំទោសគាត់ចំពោះកិច្ចផ្សព្វផ្សាយរបស់យើងក៏ដោយ តែដោយចិត្តរាបទាបយើងអាចសុំទោសគាត់ដោយសារយើងបានទៅជួបគាត់នៅពេលមិនល្អ។ ម្យ៉ាងទៀត តើគាត់ខឹងដោយសារគាត់បានឮព័ត៌មានមិនត្រឹមត្រូវអំពីយើងឬ? បើដូច្នេះមែន អ្នកអាចនិយាយថា៖ «ខ្ញុំយល់អំពីមូលហេតុដែលបងខឹង។ ប៉ុន្តែ ព័ត៌មានដែលបងបានឮអំពីយើងទំនងជាមិនត្រឹមត្រូវទេ។ តើខ្ញុំអាចពន្យល់បងបានទេ?»។ តើគាត់ប្រឆាំងនឹងជំនឿណាមួយរបស់យើង ដូចជាការបណ្ដាច់មិត្តភាពឬការបដិសេធចាក់បញ្ចូលឈាមឬ? ដូច្នេះ អ្នកអាចនិយាយថា៖ «ខ្ញុំយល់អារម្មណ៍បង។ អ្នកឯទៀតក៏មានអារម្មណ៍ដូចបងដែរ។ តើខ្ញុំអាចបង្ហាញបងអំពីមូលដ្ឋាននៃរឿងនោះពីគម្ពីរបានទេ?»។
• បើម្ចាស់ផ្ទះខឹងយ៉ាងខ្លាំង ប្រហែលជាការល្អបំផុតឲ្យយើងចាកចេញដោយមិនព្យាយាមឆ្លើយតបឡើយ។ បើគាត់ប្រាប់ថាគាត់មិនចង់ឲ្យសាក្សីព្រះយេហូវ៉ាមកជួបគាត់ម្ដងទៀតទេ អ្នកអាចឆ្លើយតបថាយើងនឹងធ្វើតាមពាក្យរបស់គាត់។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• សូមហាត់ពាក្យឆ្លើយតបទៅម្ចាស់ផ្ទះដែលខឹង ក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
• ក្រោយពីបានចាកចេញពីម្ចាស់ផ្ទះដែលខឹង សូមពិគ្រោះជាមួយនឹងដៃគូផ្សាយអំពីរបៀបដែលអ្នកអាចឆ្លើយតបល្អជាង។