បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៨ ទំ. ៨៤-៩៧
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?
  • តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី?
  • តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ​នៅ​ពេល​ណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
    តើព្រះតម្រូវអ្វីពីយើង?
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៨ ទំ. ៨៤-៩៧

ជំពូក​ទី​ប្រាំ​បី

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

តើ​ព្រះ​គម្ពីរ​ប្រាប់​អ្វី​ខ្លះ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​សម្រេច​នៅ​ផែន​ដី​នៅ​ពេល​ណា?

១​. តើ​យើង​នឹង​ពិចារណា​សេចក្ដី​អធិស្ឋាន​ដ៏​ល្បី​អ្វី?

មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក​ស្គាល់​សេចក្ដី​អធិស្ឋាន​មួយ​ដែល​ហៅ​ថា សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ ឬ​សេចក្ដី​អធិស្ឋាន​ថ្វាយ​ព្រះ​វរបិតា​របស់​យើង។ នេះ​សំដៅ​លើ​សេចក្ដី​អធិស្ឋាន​ដ៏​ល្បី​មួយ​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទុក​ជា​គំរូ។ សេចក្ដី​អធិស្ឋាន​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។ បើ​អ្នក​ពិចារណា​សំណូម​ពរ​បី​ដំបូង​ក្នុង​សេចក្ដី​អធិស្ឋាន​នេះ នោះ​នឹង​ជួយ​ឲ្យ​អ្នក​រៀន​ច្រើន​ជាង​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន។

២​. តើ​សំណូម​ពរ​បី​យ៉ាង​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​នោះ?

២ នៅ​ដើម​សេចក្ដី​អធិស្ឋាន​គំរូ​នេះ ព្រះ​យេស៊ូ​បាន​ណែនាំ​សិស្ស​ទ្រង់​ថា​៖ ​«​ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩​-​១៣​) តើ​សំណូម​ពរ​ទាំង​បី​នេះ​មាន​ន័យ​ដូច​ម្ដេច?

៣​. តើ​យើង​ត្រូវ​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

៣ យើង​បាន​រៀន​ជា​ច្រើន​អំពី​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ហើយ។ ព្រម​ទាំង​យើង​ក៏​បាន​រៀន​ខ្លះ​ៗ​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ ពោល​គឺ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ហើយ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​សំរាប់​មនុស្ស​ជាតិ។ ក៏​ប៉ុន្តែ តើ​ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​សំដៅ​ទៅ​លើ​អ្វី ពេល​ដែល​ទ្រង់​ណែនាំ​យើង​ឲ្យ​អធិស្ឋាន​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់​»​? តើ​រាជ្យ​ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? ហើយ​ពេល​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ តើ​នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច? តើ​ការ​មក​ដល់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជាប់​ទាក់​ទង​យ៉ាង​ដូច​ម្ដេច​នឹង​ការ​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច?

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

៤​. តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? តើ​អ្នក​ណា​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

៤ ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឡើង ដោយ​មាន​ស្តេច​មួយ​អង្គ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ តើ​អ្នក​ណា​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ? គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ព្រះ​យេស៊ូ​ជា​ស្តេច​ខ្ពស់​ជាង​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស​ជាតិ ហើយ​ទ្រង់​ក៏​ត្រូវ​ហៅ​ថា​«​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់​»។ (​ធីម៉ូថេ​ទី១ ៦:១៥​) ព្រះ​យេស៊ូ​មាន​អំណាច​អាច​ជួយ​ច្រើន​ជាង​អ្នក​គ្រប់​គ្រង​ទាំង​អស់​ដែល​ជា​មនុស្ស​ជាតិ សូម្បី​តែ​អ្នក​គ្រប់​គ្រង​ល្អ​បំផុត​ក៏​ដោយ។

៥​. តើ​ទី​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ស្ថិត​នៅ​ឯ​ណា? តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​អ្វី?

៥ តើ​ទី​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ស្ថិត​នៅ​ឯ​ណា? យើង​អាច​ឆ្លើយ​សំនួរ​នេះ​ដោយ​សួរ​សំនួរ​ថា តើ​ព្រះ​យេស៊ូ​នៅ​ឯ​ណា? អ្នក​បាន​រៀន​ពី​មុន​ថា ព្រះ​យេស៊ូ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​ព្យួរ​នឹង​បង្គោល​ទារុណកម្ម ហើយ​ក្រោយ​មក​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ មិន​យូរ​ក្រោយ​នោះ ទ្រង់​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ។ (​កិច្ច​ការ ២:៣៣​) ដូច្នេះ ទី​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​នៅ​ស្ថាន​សួគ៌។ ហេតុ​នេះ​ហើយ​ក្នុង​ព្រះ​គម្ពីរ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​ហៅ​ថា​«​នគរ[​ឬ​ព្រះ​រាជាណាចក្រ​របស់​]​ទ្រង់​នៅ​ស្ថាន​សួគ៌​»។ (​ធីម៉ូថេ​ទី២ ៤:១៨​) ទោះ​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​ពិត​មែន តែ​ព្រះ​រាជាណាចក្រ​នោះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី។—វិវរណៈ ១១:១៥

៦, ៧​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ជា​ស្តេច​ដ៏​ល្អ​ក្រៃ​លែង?

៦ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ជា​ស្តេច​ដ៏​ល្អ​ក្រៃ​លែង? ហេតុ​មួយ​គឺ ទ្រង់​មិន​ចេះ​សោយ​ទិវង្គត។ ព្រះ​គម្ពីរ​បញ្ជាក់​ភាព​ខុស​គ្នា​រវាង​ព្រះ​យេស៊ូ​និង​ស្តេច​ដែល​ជា​មនុស្ស​ជាតិ ដោយ​ចែង​ថា​៖ ​«​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន​»។ (​ធីម៉ូថេ​ទី១ ៦:១៦​) នេះ​មាន​ន័យ​ថា ផល​ប្រយោជន៍​ដែល​ព្រះ​យេស៊ូ​បាន​សម្រេច នោះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ហើយ​ទ្រង់​ពិត​ជា​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ណាស់​ដល់​រាស្ត្រ​ទ្រង់។

៧ សូម​ពិចារណា​ទំនាយ​នេះ​ពី​ព្រះ​គម្ពីរ ដែល​ទាយ​អំពី​ព្រះ​យេស៊ូ​ថា​៖ ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ​វិញ្ញាណ​នៃ​គំនិត​វាង​វៃ នឹង​ឫទ្ធានុភាព ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​នឹង​ជំនុំ​ជំ​រះ​មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្ដី​តាម​ត្រចៀក​ស្ដាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំ​ជំ​រះ​ពួក​ទាល់​ក្រ​ដោយ​សេចក្ដី​សុចរិត ហើយ​សំរេច​ក្ដី​ឲ្យ​មនុស្ស​រាប​សា​នៅ​ផែន​ដី ដោយ​សេចក្ដី​ទៀង​ត្រង់​»។ (​អេសាយ ១១:២​-​៤​) តាម​រយៈ​ទំនាយ​នោះ​បាន​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូ​ជា​ស្តេច​សុចរិត​ហើយ​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា​ចំពោះ​មនុស្ស​នៅ​ផែន​ដី។ តើ​អ្នក​ចង់​មាន​អ្នក​គ្រប់​គ្រង​ដែល​មាន​លក្ខណៈ​បែប​នេះ​ឬ​ទេ?

៨​. តើ​អ្នក​ណា​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូ?

៨ ការ​ពិត​មួយ​ទៀត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ ព្រះ​យេស៊ូ​នឹង​មិន​គ្រប់​គ្រង​តែ​មួយ​អង្គ​ទ្រង់​នោះ​ឡើយ។ មាន​អ្នក​ឯ​ទៀត​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់​ដែរ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​បើ​យើង​ទ្រាំទ្រ[​ឬ​«​ស៊ូ​ទ្រាំ​»​, ខ.ស.​] នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​»។ (​ធីម៉ូថេ​ទី២ ២:១២​) ប៉ុល ធីម៉ូថេ និង​អ្នក​ស្មោះ​ភក្ដី​ឯ​ទៀត​ដែល​ព្រះ​បាន​ជ្រើស​រើស នឹង​គ្រប់​គ្រង​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ទទួល​ឯកសិទ្ធិ​នេះ?

៩​. តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូ? តើ​ព្រះ​បាន​ចាប់​ផ្ដើម​ជ្រើស​រើស​អ្នក​ទាំង​នោះ​នៅ​ពេល​ណា?

៩ ដូច​ជំពូក​ទី​៧​បាន​បញ្ជាក់​នោះ សាវ័ក​យ៉ូហាន​ឃើញ​ចក្ខុនិមិត្ត​មួយ ហើយ​ក្នុង​នោះ​គាត់​ឃើញ​«​កូន​ចៀម[​ព្រះ​យេស៊ូ​គ្រីស្ទ​]ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន[​មាន​ឋានៈ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​] ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់​ដែល​មាន​ព្រះ​នាម​ទ្រង់ នឹង​ព្រះ​នាម​ព្រះ​វរបិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ​»។ តើ​មនុស្ស​១៤៤.០០០​នាក់​នេះ​ជា​នរណា? យ៉ូហាន​ប្រាប់​យើង​ថា​៖ ​«​គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម​»។ (​វិវរណៈ ១៤:១, ៤​) ពួក​គេ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​យ៉ាង​ស្មោះ​ភក្ដី ហើយ​បាន​ត្រូវ​ជ្រើស​រើស​ជា​ពិសេស​ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់​នៅ​ស្ថាន​សួគ៌។ ក្រោយ​ពី​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ នោះ​ពួក​គេ​នឹង​«​សោយ​រាជ្យ[​មក​]លើ​ផែន​ដី​»​ជា​មួយ​នឹង​ព្រះ​យេស៊ូ។ (​វិវរណៈ ៥:​១០​) តាំង​ពី​សម័យ​ពួក​សាវ័ក ព្រះ​បាន​ជ្រើស​រើស​គ្រីស្ទាន​ស្មោះ​ភក្ដី​ដើម្បី​បង្គ្រប់​ចំនួន​១៤៤.០០០​នាក់។

១០​. ហេតុ​អ្វី​បាន​ជា​ការ​រៀបចំ​ឲ្យ​ព្រះ​យេស៊ូ​និង​មនុស្ស​១៤៤.០០០​នាក់​គ្រប់​គ្រង​មក​លើ​មនុស្ស​ជាតិ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ?

១០ ព្រះ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដោយ​រៀបចំ​ឲ្យ​ព្រះ​យេស៊ូ​និង​មនុស្ស​១៤៤.០០០​នាក់​គ្រប់​គ្រង​មក​លើ​មនុស្ស​ជាតិ។ ហេតុ​មួយ​គឺ ព្រះ​យេស៊ូ​ធ្លាប់​ជា​មនុស្ស​ហើយ​ធ្លាប់​រង​ការ​ឈឺ​ចាប់​ដូច​មនុស្ស​ដែរ។ ប៉ុល​បាន​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា​ទ្រង់​«​មិន​មែន​មិន​អាច​នឹង​អាណិត​អាសូរ​ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ​»។ (​ហេព្រើរ ៤:១៥; ៥:៨​) អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់​ធ្លាប់​ជា​មនុស្ស​ហើយ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែរ។ ម្យ៉ាង​ទៀត ពួក​គាត់​ធ្លាប់​តស៊ូ​នឹង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​ខ្លួន ហើយ​ក៏​ធ្លាប់​ទ្រាំ​ឈឺ​នឹង​ជំងឺ​សព្វ​បែប​យ៉ាង។ ដូច្នេះ​ពួក​គាត់​ប្រាកដ​ជា​យល់​ពី​បញ្ហា​ដែល​មនុស្ស​ប្រឈម​មុខ!

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី?

១១​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា សិស្ស​របស់​ទ្រង់​គួរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច​នៅ​ស្ថាន​សួគ៌?

១១ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​សិស្ស​របស់​ទ្រង់​គួរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​នោះ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា​ពួក​គេ​គួរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច​«​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ ព្រះ​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ទេវតា​ដ៏​ស្មោះ​ភក្ដី​តែង​តែ​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​សម្រេច​នៅ​ទី​នោះ។ ប៉ុន្តែ នៅ​ជំពូក​ទី៣​ក្នុង​សៀវភៅ​នេះ​យើង​បាន​រៀន​អំពី​ទេវតា​អាក្រក់​មួយ​រូប​ដែល​បាន​ឈប់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​បាន​នាំ​ឲ្យ​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប។ នៅ​ជំពូក​ទី​១០​យើង​នឹង​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​ទេវតា​អាក្រក់​នោះ ដែល​ហៅ​ថា​អារក្ស​សាតាំង។ សាតាំង​ហើយ​ពួក​បិសាច​ឬ​ទេវតា​ឯ​ទៀត​ដែល​កាន់​តាម​វា បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ស្ថាន​សួគ៌​មួយ​រយៈ។ ដូច្នេះ មិន​មែន​បុគ្គល​គ្រប់​រូប​នៅ​ស្ថាន​សួគ៌​បាន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នៅ​ពេល​នោះ​ទេ។ ប៉ុន្តែ ពេល​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង ស្ថានភាព​នោះ​បាន​ផ្លាស់​ប្ដូរ ពី​ព្រោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ស្តេច​ថ្មី​នោះ ទ្រង់​ត្រូវ​ច្បាំង​ជា​មួយ​នឹង​សាតាំង។—វិវរណៈ ១២:៧​-​៩

១២​. តើ​ព្រឹត្ដិការណ៍​សំខាន់​ពីរ​យ៉ាង​អ្វី​ដែល​ត្រូវ​រៀប​រាប់​នៅ​វិវរណៈ ១២:១០?

១២ ទំនាយ​ត​ទៅ​នេះ​ពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង: ​«​នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​បាន​មក​ដល់​ហើយ! ដ្បិត​អា​នោះ​[​សាតាំង​]ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំ​លាក់​ទៅ​ហើយ!​»។ (​វិវរណៈ ១២:១០​) តើ​អ្នក​បាន​កត់​សម្គាល់​ព្រឹត្ដិការណ៍​សំខាន់​ពីរ​យ៉ាង​ដែល​រៀប​រាប់​ក្នុង​ខ​នោះ​ទេ? ទី​មួយ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ។ ទី​ពីរ សាតាំង​នឹង​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​មក​ឯ​ផែន​ដី។

១៣​. ក្រោយ​ពី​សាតាំង​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​នោះ តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៣ តើ​អ្វី​ជា​លទ្ធផល​ពី​ព្រឹត្ដិការណ៍​ទាំង​ពីរ​នោះ? ស្តី​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ដោយ​ហេតុ​នោះ ឱ​ស្ថាន​សួគ៌​នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ! ចូរ​អរ​សប្បាយ​ឡើង!​»។ (​វិវរណៈ ១២:១២​) ប្រាកដ​ហើយ ទេវតា​ស្មោះ​ភក្ដី​នៅ​ស្ថាន​សួគ៌​បាន​អរ​សប្បាយ​ដោយ​ព្រោះ សាតាំង​និង​ពួក​បិសាច​មិន​នៅ​ទី​នោះ​ត​ទៅ​ទៀត ហើយ​បុគ្គល​គ្រប់​រូប​នៅ​ស្ថាន​សួគ៌​គឺ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ នៅ​ទី​នោះ​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច​គ្មាន​អ្វី​រំខាន​ឡើយ។ ឥឡូវ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច​នៅ​ស្ថាន​សួគ៌។

រូបភាពបង្ហាញទុក្ខលំបាក សង្គ្រាម ឧក្រិដ្ឋកម្ម និងការបំពុលបរិស្ថាន

១៤​. តើ​អ្វី​បាន​កើត​ឡើង​ដោយ​សារ​សាតាំង​បាន​ត្រូវ​ទម្លាក់​មក​ឯ​ផែន​ដី?

១៤ ចុះ​យ៉ាង​ណា​វិញ​នៅ​ផែន​ដី? ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​វេទនា​ដល់​ផែន​ដី​នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ​»។ (​វិវរណៈ ១២:១២​) សាតាំង​ខឹង​ដោយ​សារ​វា​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​វា​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដោយ​សារ​វា​ខឹង​នោះ វា​នាំ​ឲ្យ​«​វេទនា​»​ឬ​មាន​ទុក្ខ​លំបាក​នៅ​ផែន​ដី។ នៅ​ជំពូក​បន្ទាប់​យើង​នឹង​រៀន​ថា​«​វេទនា​»​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ។ ក៏​ប៉ុន្តែ ដោយ​ដឹង​ថា​សាតាំង​នៅ​ផែន​ដី នេះ​នាំ​ឲ្យ​យើង​ឆ្ងល់​ថា​តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​សម្រេច​នៅ​ផែន​ដី​យ៉ាង​ដូច​ម្ដេច?

១៥​. តើ​អ្វី​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ផែន​ដី?

១៥ សូម​ចាំ​នូវ​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ផែន​ដី។ អ្នក​បាន​រៀន​អំពី​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​ជំពូក​ទី៣។ នៅ​សួន​ច្បារ​អេដែន ព្រះ​បាន​បញ្ជាក់​ថា​ព្រះ​ហឫទ័យ​របស់​ទ្រង់​គឺ​ចង់​ឲ្យ​ផែន​ដី​ក្លាយ​ជា​សួន​មនោ​រម្យ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត​មាន​ជីវិត​ជា​រៀង​រហូត។ សាតាំង​បាន​នាំ​ឲ្យ​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប ហើយ​នេះ​បាន​ប៉ះ​ពាល់​ដល់​ការ​សម្រេច​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ផែន​ដី តែ​នោះ​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​ផ្លាស់​ប្ដូរ​ឡើយ។ ព្រះ​យេហូវ៉ា​នៅ​តែ​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​«​ពួក​អ្នក​សុចរិត​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​ទំនុក​ដំកើង ៣៧:២៩​) ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​បាន​សម្រេច។ តើ​នឹង​ធ្វើ​ឲ្យ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៦, ១៧​. តើ​ដានីយ៉ែល ២:៤៤ ឲ្យ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

១៦ សូម​ពិចារណា​ទំនាយ​នៅ​ដានីយ៉ែល ២:៤៤។ ខ​នោះ​ចែង​ថា​៖ ​«​រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង​ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។ តើ​ខ​នោះ​ឲ្យ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

១៧ ទី​មួយ ខ​នោះ​ឲ្យ​យើង​ដឹង​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ស្ថាបនា​ឡើង​«​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ​»​ ឬ​ពេល​ដែល​មាន​រដ្ឋាភិបាល​ឯ​ទៀត​នៅ​ផែន​ដី។ ទី​ពីរ ខ​នោះ​ក៏​ប្រាប់​យើង​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ គ្មាន​រដ្ឋាភិបាល​ណា​ផ្សេង​ទៀត​ដែល​នឹង​ឈ្នះ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ហើយ​គ្រប់​គ្រង​ជំនួស​នោះ​ឡើយ។ ទី​បី ខ​នោះ​ថែម​ទាំង​ប្រាប់​ឲ្យ​យើង​ដឹង​ថា​នឹង​មាន​សង្គ្រាម​រវាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​រដ្ឋាភិបាល​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ជាតិ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ទទួល​ជ័យ​ជំនះ។ នៅ​ទី​បំផុត​មាន​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​តែ​មួយ​គត់​ដែល​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។ ពេល​នោះ រដ្ឋាភិបាល​ល្អ​បំផុត​នឹង​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ។

១៨​. តើ​សង្គ្រាម​រវាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​រដ្ឋាភិបាល​របស់​មនុស្ស​មាន​ឈ្មោះ​អ្វី?

១៨ ព្រះ​គម្ពីរ​រៀប​រាប់​ជា​ច្រើន​អំពី​សង្គ្រាម​រវាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស។ ជា​ឧទាហរណ៍​ព្រះ​គម្ពីរ​បង្រៀន​ថា ពេល​ដែល​ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់ វិញ្ញាណ​អាក្រក់​នឹង​ផ្សាយ​សេចក្ដី​ភូតភរ​ដើម្បី​បញ្ឆោត​«​អស់​ទាំង​ស្តេច​នៅ​ផែន​ដី​ទាំង​មូល​»។ តើ​នឹង​បញ្ឆោត​ដោយ​មាន​គោល​បំណង​អ្វី? ​«​ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំ​បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»។ ស្តេច​នៅ​ផែន​ដី​នឹង​ត្រូវ​ប្រមូល​គ្នា​«​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ាគេដូន​»។ (​វិវរណៈ ១៦:១៤, ១៦​) យោង​ទៅ​តាម​ខ​ទាំង​ពីរ​នោះ ចំ​បាំង​រវាង​រដ្ឋាភិបាល​មនុស្ស​និង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​ហៅ​ថា​សង្គ្រាម​អើម៉ាគេដូន។

១៩, ២០​. ហេតុ​អ្វី​ព្រះ​ហឫទ័យ​របស់​ព្រះ​មិន​ទាន់​សម្រេច​នៅ​ផែន​ដី​ឥឡូវ​នេះ?

១៩ តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ដោយ​ច្បាំង​ជា​មួយ​នឹង​រដ្ឋាភិបាល​របស់​មនុស្ស​ក្នុង​សង្គ្រាម​អើម៉ាគេដូន? សូម​គិត​ម្ដង​ទៀត​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ផែន​ដី។ ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​ផែន​ដី​នេះ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត​និង​គ្រប់​ល័ក្ខណ៍​ដែល​បំរើ​ទ្រង់​ក្នុង​សួន​មនោ​រម្យ។ ហេតុ​អ្វី​នោះ​មិន​កើត​ឡើង​នៅ​ឥឡូវ​នេះ? ទី​មួយ យើង​មាន​បាប ក៏​ទៅ​ជា​ចាស់​ជរា​ហើយ​ស្លាប់។ ប៉ុន្តែ​ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​៥​នោះ ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ជា​រៀង​រហូត។ អ្នក​ប្រហែល​ជា​ចាំ​ពាក្យ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ដែល​ថា​៖ ​«​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ​»។—យ៉ូហាន ៣:១៦

២០ បញ្ហា​មួយ​ទៀត​គឺ មនុស្ស​ជា​ច្រើន​ធ្វើ​អំពើ​អាក្រក់។ ពួក​គេ​ភូតភរ កេង​ប្រវ័ញ្ច ហើយ​ធ្វើ​អំពើ​អសីលធម៌។ ពួក​គេ​មិន​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ។ មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល​ក្នុង​សង្គ្រាម​របស់​ព្រះ ពោល​គឺ​សង្គ្រាម​អើម៉ាគេដូន។ (​ទំនុក​ដំកើង ៣៧:១០​) មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​ហឫទ័យ​របស់​ព្រះ​មិន​ទាន់​សម្រេច​នៅ​ផែន​ដី គឺ​ដោយ​សារ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស​មិន​ណែនាំ​ប្រជាជន​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នោះ​ទេ។ រដ្ឋាភិបាល​ជា​ច្រើន​គឺ​ខ្វះ​សមត្ថភាព សាហាវ ឬ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ។ ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖ ​«​មនុស្ស​ម្នាក់​មាន​អំណាច​លើ​ម្នាក់​ទៀត​ឲ្យ​គេ​ត្រូវ​វេទនា​»។—សាស្ដា ៨:៩

២១​. តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច​នៅ​ផែន​ដី​យ៉ាង​ដូច​ម្ដេច?

២១ ក្រោយ​ពី​សង្គ្រាម​អើម៉ាគេដូន​នឹង​មាន​រដ្ឋាភិបាល​តែ​មួយ​គត់​គ្រប់​គ្រង​លើ​មនុស្ស គឺ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច ហើយ​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន។ ជា​ឧទាហរណ៍ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ដក​សាតាំង​និង​ពួក​បិសាច​របស់​វា​ចេញ។ (​វិវរណៈ ២០:១​-​៣​) ហើយ​ថែម​ទាំង​ប្រើ​អំណាច​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ស្មោះ​ភក្ដី​ឈប់​ឈឺ​ឬ​ស្លាប់​ទៀត។ ដូច្នេះ​ហើយ ពួក​គេ​នឹង​អាច​រស់​ជា​រៀង​រហូត​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​វិវរណៈ ២២:១​-​៣​) ពេល​នោះ​ផែន​ដី​នឹង​ក្លាយ​ជា​សួន​មនោ​រម្យ។ យ៉ាង​នេះ​ព្រះ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី ហើយ​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? នេះ​មាន​ន័យ​ថា​នៅ​ទី​បំផុត ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ មនុស្ស​ទាំង​អស់​នឹង​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា។

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ​នៅ​ពេល​ណា?

២២​. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មិន​បាន​មក​ដល់​ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​ផែន​ដី​ឬ​ភ្លាម​ៗ​ក្រោយ​ទ្រង់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

២២ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់​»​នោះ ព្រះ​រាជាណាចក្រ​របស់​ព្រះ​ច្បាស់​ជា​មិន​ទាន់​មក​ដល់​នៅ​ពេល​នោះ​ឡើយ។ តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​ពេល​ដែល​ព្រះ​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​ឬ? មិន​មែន​ទេ! ពី​ព្រោះ​ពេត្រុស​ហើយ​ប៉ុល​បាន​សរសេរ​ថា ក្រោយ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​បាន​ធ្វើ​តាម​ទំនាយ​នៅ​ទំនុក​ដំកើង ១១០:១​ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា‹ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង› ​»។ (​កិច្ច​ការ ២:៣២​-​៣៥; ហេព្រើរ ១០:១២, ១៣​) ព្រះ​យេស៊ូ​ត្រូវ​រង់​ចាំ​មួយ​រយៈ។

២៣​. (​ក​) តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? (​ខ​) តើ​ជំពូក​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី?

២៣ តើ​ព្រះ​យេស៊ូ​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ប៉ុន្មាន? ក្នុង​កំលុង​សតវត្សរ៍​ទី​១៩ សិស្ស​ព្រះ​គម្ពីរ​ដែល​សិក្សា​ដោយ​ចិត្ត​ស្មោះ​បាន​រិះ​គិត​ឃើញ​ថា គ្រា​រង់​ចាំ​នោះ​បាន​ចប់​នៅ​ឆ្នាំ​១៩១៤។ (​ស្តី​អំពី​ឆ្នាំ​នេះ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ឆ្នាំ​១៩១៤​ជា​ឆ្នាំ​សំខាន់​មួយ​ក្នុង​បទ​ទំនាយ​ព្រះ​គម្ពីរ​»​) ព្រឹត្ដិការណ៍​ពិភព​លោក​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤​បញ្ជាក់​ថា អ្វី​ដែល​សិស្ស​ព្រះ​គម្ពីរ​ទាំង​នោះ​បាន​គិត​ឃើញ​គឺ​ត្រឹម​ត្រូវ។ ការ​សម្រេច​នៃ​ទំនាយ​ព្រះ​គម្ពីរ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩១៤​ព្រះ​គ្រីស្ទ​បាន​ទៅ​ជា​ស្តេច ហើយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង។ ដូច្នេះ យើង​កំពុង​តែ​រស់​នៅ‹វេលា​ខ្លី​ណាស់›​ដែល​នៅ​សល់​សំរាប់​សាតាំង។ (​វិវរណៈ ១២:១២; ទំនុក​ដំកើង ១១០:២​) យើង​ក៏​អាច​និយាយ​ដោយ​ប្រាកដ​ថា មិន​យូរ​ទៀត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​សម្រេច​នៅ​ផែន​ដី។ តើ​អ្នក​គិត​ថា​នេះ​ជា​ដំណឹង​ល្អ​ឬ​ទេ? តើ​អ្នក​ជឿ​ថា​នេះ​គឺ​ពិត​ទេ? ជំពូក​បន្ទាប់​នឹង​បង្ហាញ​ថា ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​ដូច្នេះ​មែន។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច ហើយ​១៤៤.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្ស​ជាតិ​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់។—វិវរណៈ ១៤:១, ៤

▪ ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ ហើយ​នៅ​ពេល​នោះ សាតាំង​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​មក​ឯ​ផែន​ដី។—វិវរណៈ ១២:៩

▪ មិន​យូរ​ទៀត ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​របស់​មនុស្ស​ចោល ហើយ​ផែន​ដី​នឹង​ទៅ​ជា​សួន​មនោ​រម្យ។—វិវរណៈ ១៦:១៤, ១៦

[អក្សរ​ធំ​នៅ​ទំព័រ​៩៦]

ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ

[រូប​ភាព​នៅ​ទំព័រ​៩៦, ៩៧]

[រូប​ភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​៩៥]

ការ​បោះ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ចេញ​ពី​ស្ថាន​សួគ៌​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​នៅ​ផែន​ដី មិន​យូរ​ទេ​សេចក្ដី​វេទនា​នោះ​នឹង​លែង​មាន​ត​ទៅ​ទៀត

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក