បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kr ជំ. ២០ ទំ. ២៣៦-២៤៧
  • កិច្ចបម្រើខាងការផ្ដល់ជំនួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កិច្ចបម្រើខាងការផ្ដល់ជំនួយ
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​«​កិច្ច​បម្រើ​ពិសិដ្ឋ​»​
  • កិច្ច​ការ​ផ្ដល់​ជំនួយ​ដែល​មាន​គោល​បំណង​ច្បាស់​លាស់
  • កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែល​ស្ថិតស្ថេរ
  • តើ​អ្នក​អាច​រួម​ចំណែក​បាន​ឬ​ទេ?
  • របៀបដែលយើងអាចផ្ដល់ជំនួយក្រោយគ្រោះមហន្តរាយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • តើសាក្សីព្រះយេហូវ៉ាជួយអ្នករងគ្រោះដោយសារមហន្តរាយធម្មជាតិទេ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០២៣ «យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា»
    របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
  • ការគាំទ្ររាជាណាចក្ររបស់ព្រះ: ការសាងសង់កន្លែងគោរពប្រណិប័តន៍និងការផ្ដល់ជំនួយ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
មើលបន្ថែមទៀត
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
kr ជំ. ២០ ទំ. ២៣៦-២៤៧

ជំពូក​ទី២០

កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ

គោល​ចំណុច​នៃ​ជំពូក​នេះ

គ្រិស្ត​សាសនិក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​មាន​មហន្តរាយ

១, ២​. (​ក​) តើ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​បាន​ប្រឈម​មុខ​បញ្ហា​អ្វី? (​ខ​) តើ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​បាន​ទទួល​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

ប្រហែល​ជា​ឆ្នាំ​៤៦ គ.ស. តំបន់​យូឌា​បាន​កើត​ទុរ្ភិក្ស។ ស្បៀងអាហារ​ដែល​នៅ​សល់​គឺ​ថ្លៃ​ហួស​ពេក ហើយ​អ្នក​កាន់​តាម​គ្រិស្ត​ដែល​រស់​នៅ​សម័យ​នោះ​គ្មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ​ឡើយ។ ពួក​គេ​ឃ្លាន ហើយ​តាម​មើល​ទៅ ពួក​គេ​នឹង​រង​គ្រោះ​ដោយ​សារ​ទុរ្ភិក្ស​នោះ។ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​មក អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា តាម​របៀប​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​ពិសោធ​ពី​មុន​ឡើយ។ តើ​អ្វី​បាន​កើត​ឡើង?

២ គ្រិស្ត​សាសនិកជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាន់ទីយ៉ូក​នា​ស្រុក​ស៊ីរី​បាន​អាណិត​អាសូរ​គ្រិស្ត​សាសនិក​ជា​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា។ ដូច្នេះ​ពួក​គេ​បាន​ប្រមូល​ប្រាក់​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ។ រួច​មក គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​បាន​ជ្រើស​រើស​បង​ប្រុស​ពីរ​នាក់​ដែល​អាច​ទទួល​ខុស​ត្រូវ​នាំ​យក​ជំនួយ​នោះ​ទៅ​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​នា​ក្រុង​យេរូសាឡិម។ បង​ប្រុស​ពីរ​នាក់​នោះ​គឺ​បាណាបាស​និង​សុល។ (​សូម​អាន សកម្មភាព ១១:២៧​-​៣០; ១២:២៥​) បង​ប្អូន​នៅ​តំបន់​យូឌា​ច្បាស់​ជា​បាន​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​ថា​បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច្នេះ!

៣​. (​ក​) តើ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​នេះ​ធ្វើ​តាម​គំរូ​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​លើក​ទី១​ដែល​យើង​ផ្ដល់​ជំនួយ​ទ្រង់​ទ្រាយ​ធំ​នៅ​សម័យ​នេះ​»​) (​ខ​) តើ​សំណួរ​អ្វី​ដែល​យើង​នឹង​ឆ្លើយ​ក្នុង​ជំពូក​នេះ?

៣ កំណត់​ហេតុ​អំពី​ព្រឹត្ដិការណ៍​នោះ​នៅ​សតវត្សរ៍​ទី១ គ.ស. ជា​កំណត់​ហេតុ​ដំបូង​បង្អស់​ដែល​បញ្ជាក់​អំពី​គ្រិស្ត​សាសនិក​នៅ​តំបន់​មួយ​បាន​ផ្ញើ​ជំនួយ​ទៅ​គ្រិស្ត​សាសនិក​នៅ​តំបន់​មួយ​ទៀត។ សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​តាម​គំរូ​របស់​បង​ប្អូន​យើង​នៅ​ក្រុង​អាន់ទីយ៉ូក។ ពេល​យើង​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​នៅ​តំបន់​មួយ​កំពុង​រង​ទុក្ខ​លំបាក​ឬ​ក៏​បាន​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​ណា​មួយ នោះ​យើង​តែង​តែ​ជួយ​ពួក​គេ។a ដើម្បី​យល់​ច្បាស់​ជាង​អំពី​របៀប​ដែល​ការ​ផ្ដល់​ជំនួយ​ទាក់​ទង​នឹង​កិច្ច​បម្រើ​របស់​យើង សូម​ពិចារណា​សំណួរ​បី​យ៉ាង​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​គឺ ហេតុ​អ្វី​យើង​ចាត់​ទុក​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ? តើ​យើង​ផ្ដល់​ជំនួយ​ក្នុង​គោល​បំណង​អ្វី? តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ?

មូលហេតុ​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​«​កិច្ច​បម្រើ​ពិសិដ្ឋ​»​

៤​. តើ​ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​អំពី​អ្វី​ខ្លះ​ស្តី​អំពី​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក?

៤ ក្នុង​សំបុត្រ​ទី២​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​ពន្យល់​ថា​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក​ពិត​មាន​ពីរ​ផ្នែក។ ទោះ​ជា​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ក៏​ដោយ ក៏​ការ​ណែនាំ​របស់​គាត់​ទាក់​ទង​នឹង​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​យ៉ូន. ១០:១៦​) ផ្នែក​ទី១​នៃ​កិច្ច​បម្រើ​របស់​យើង​ជា​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។ (​២កូ. ៥:១៨​-​២០; ១ធី. ២:៣​-​៦​) ផ្នែក​ទី២​គឺ​ជា​កិច្ច​បម្រើ​ដែល​យើង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​បង​ប្អូន​រួម​ជំនឿ។ ប៉ូល​បាន​ហៅ​ផ្នែក​ទី២​នេះ​ថា​«​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​ឬ​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ។ (​២កូ. ៨:៤​) ក្នុង​ឃ្លា​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ និង​«​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​ ពាក្យ​«​បម្រើ​»​បាន​ត្រូវ​បក​ប្រែ​ពី​ពាក្យ​ភាសា​ក្រិច​ឌីអាកូនីអា។ ហេតុ​អ្វី​នេះ​ជា​ចំណុច​សំខាន់​មួយ?

៥​. ពេល​សាវ័ក​ប៉ូល​ថា​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ​ម្យ៉ាង ហេតុ​អ្វី​នេះ​ជា​ចំណុច​សំខាន់​មួយ?

៥ ដោយ​ប្រើ​ពាក្យ​ភាសា​ក្រិច​តែ​មួយ​សម្រាប់​សកម្មភាព​ទាំង​ពីរ​នោះ ប៉ូល​បាន​បញ្ជាក់​ថា​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​គឺ​ដូច​កិច្ច​បម្រើ​ឯ​ទៀត​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ធ្វើ​ដែរ។ មុន​នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​កិច្ច​បម្រើ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ . . . ឯ​សកម្មភាព​មាន​ផ្សេង​ៗ​ពី​គ្នា . . . ប៉ុន្តែ​សកម្មពល​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ​»។ (​១កូ. ១២:៤​-​៦, ១១​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប៉ូល​ក៏​បាន​បញ្ជាក់​ដែរ​ថា កិច្ច​បម្រើ​ផ្សេង​ៗ​របស់​ក្រុម​ជំនុំ​ជាប់​ទាក់​ទង​នឹង​«​កិច្ច​បម្រើ​ពិសិដ្ឋ​»។b (​រ៉ូម ១២:១, ៦​-​៨​) នេះ​ហើយ​ជា​មូលហេតុ​ដែល​ប៉ូល​យល់​ថា ជា​ការ​ត្រឹម​ត្រូវ​ដែល​គាត់​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​«​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»។—រ៉ូម ១៥:២៥, ២៦

៦​. (​ក​) ដូច​ប៉ូល​បាន​ពន្យល់​នោះ ហេតុ​អ្វី​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង? (​ខ​) សូម​ពន្យល់​នូវ​របៀប​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ត្រូវ​ធ្វើ​ឡើង​ទូ​ទាំង​ពិភព​លោក។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ពេល​មាន​មហន្តរាយ!​»​)

៦ ប៉ូល​បាន​ជួយ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​យល់​មូលហេតុ​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​បម្រើ​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​នូវ​ការ​វែក​ញែក​របស់​ប៉ូល​ថា គ្រិស្ត​សាសនិក​ផ្ដល់​ជំនួយ​ដោយ​សារ​ពួក​គេ​«​ចុះ​ចូល​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​គ្រិស្ត​»។ (​២កូ. ៩:១៣​) ដូច្នេះ គ្រិស្ត​សាសនិក​ជួយ​បង​ប្អូន​រួម​ជំនឿ ដោយ​សារ​ពួក​គេ​ចង់​អនុវត្ត​សេចក្ដី​បង្រៀន​របស់​គ្រិស្ត។ សេចក្ដី​សប្បុរស​ដែល​គ្រិស្ត​សាសនិក​បង្ហាញ​ចំពោះ​បង​ប្អូន​រួម​ជំនឿ ពិត​ជា​ការ​បង្ហាញ​នូវ​«​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​»​ចំពោះ​បង​ប្អូន​ទាំង​នោះ។ (​២កូ. ៩:១៤; ១ពេ. ៤:១០​) ហេតុ​នេះ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៧៥ បាន​ចែង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ការ​ជួយ​បង​ប្អូន​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ថា​៖ ​«​យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​លោក ចាត់​ទុក​ថា​កិច្ច​បម្រើ​បែប​នោះ​ពិត​ជា​សំខាន់​ណាស់​»។ ពិត​ណាស់ កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ម្យ៉ាង​ដែល​មាន​តម្លៃ។—រ៉ូម ១២:១, ៧; ២កូ. ៨:៧; ហេ. ១៣:១៦

កិច្ច​ការ​ផ្ដល់​ជំនួយ​ដែល​មាន​គោល​បំណង​ច្បាស់​លាស់

៧, ៨​. តើ​គោល​បំណង​ទី១​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​គឺ​ជា​អ្វី? សូម​ពន្យល់។

៧ តើ​យើង​បំពេញ​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​ដោយ​មាន​គោល​បំណង​អ្វី? ក្នុង​សំបុត្រ​ទី២​ដែល​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​ឆ្លើយ​សំណួរ​នោះ។ (​សូម​អាន កូរិនថូស​ទី២ ៩:១១​-​១៥​) ក្នុង​ខ​ទាំង​នេះ ប៉ូល​បញ្ជាក់​គោល​បំណង​សំខាន់​បី​ដែល​យើង​អាច​សម្រេច​ដោយ​រួម​ចំណែក​ក្នុង​«​កិច្ច​បម្រើ​សាធារណៈ​នេះ​»​ ពោល​គឺ កិច្ច​ការ​ផ្ដល់​ជំនួយ។ សូម​ពិចារណា​គោល​បំណង​ទាំង​នេះ​ម្ដង​មួយ​ៗ។

៨ ទី១ កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ។ សូម​កត់​សម្គាល់​ថា ក្នុង​ខ​ទាំង​ប្រាំ​ខាង​លើ​នេះ ជា​ច្រើន​ដង​ប៉ូល​នាំ​ឲ្យ​បង​ប្អូន​គិត​អំពី​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ូល​រំលឹក​គ្រិស្ត​សាសនិក​ថា​«​មនុស្ស​អរគុណ​ព្រះ​»​ និង​ថា​មាន​«​ការ​ថ្លែង​អំណរ​គុណ​ជា​ច្រើន​ដល់​ព្រះ​»។ (​ខ​១១​និង​១២​) គាត់​ក៏​បញ្ជាក់​ដែរ​ថា កិច្ច​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​គ្រិស្ត​សាសនិក​«​សរសើរ​តម្កើង​ព្រះ​»​ ថែម​ទាំង​សរសើរ​«​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​»​ចំពោះ​ពួក​គេ។ (​ខ​១៣​និង​១៤​) ប៉ូល​បញ្ចប់​ការ​ពន្យល់​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​ដោយ​ប្រកាស​ថា​៖ ​«​សូម​អរគុណ​ព្រះ​»។—ខ​១៥; ១ពេ. ៤:១១

៩​. តើ​កិច្ច​ការ​ផ្ដល់​ជំនួយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ទស្សនៈ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍​មួយ។

៩ ដូច​ប៉ូល​ដែរ អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ចាត់​ទុក​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ឱកាស​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ និង​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​លោក​មាន​លម្អ។ (​១កូ. ១០:៣១; ទីត. ២:១០​) ម្យ៉ាង​ទៀត ច្រើន​ដង កិច្ច​ការ​ផ្ដល់​ជំនួយ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អ្នក​ឯ​ទៀត ដោយ​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​ព្រះ​យេហូវ៉ា​និង​សាក្សី​របស់​លោក។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​រស់​នៅ​តំបន់​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ ធ្លាប់​មាន​ស្លាក​លើ​ទ្វារ​ថា​«​សាក្សី​ព្រះ​យេហូវ៉ា​កុំ​មក​ទី​នេះ​»។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​គាត់​ឃើញ​មនុស្ស​កំពុង​ជួស​ជុល​ផ្ទះ​ខូច​ខាត​មួយ​នៅ​ទល់​មុខ​ផ្ទះ​គាត់។ អស់​ជា​ច្រើន​ថ្ងៃ​គាត់​សង្កេត​មើល​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​រាក់​ទាក់​រួស​រាយ រួច​មក​គាត់​បាន​ទៅ​ជួប​ពួក​គេ​ដើម្បី​សួរ​ឲ្យ​ដឹង​ថា​ពួក​គេ​ជា​អ្នក​ណា។ ពេល​ដឹង​ថា​ជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា គាត់​នឹក​ស្ងើច​ក្នុង​ចិត្ត ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​យល់​ខុស​អំពី​អ្នក​រាល់​គ្នា​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​បាន​ដក​ស្លាក​នោះ​ចេញ​ពី​ទ្វារ​របស់​គាត់។

១០, ១១​. (​ក​) សូម​ឲ្យ​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​ថា​យើង​កំពុង​សម្រេច​គោល​បំណង​ទី២​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ។ (​ខ​) តើ​ព័ត៌មាន​អ្វី​ខ្លះ​ជួយ​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ជំនួយ​ថែម​ទៀត​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​»​)

១០ ទី២ យើង​«​ផ្ដល់​ជា​បរិបូរ​»​នូវ​អ្វី​ដែល​បង​ប្អូន​រួម​ជំនឿ​ត្រូវ​ការ។ (​២កូ. ៩:១២​ក​) យើង​ចង់​ជួយ​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដល់​អ្វី​ដែល​បង​ប្អូន​ត្រូវ​ការ​ជា​បន្ទាន់ និង​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ ហេតុ​អ្វី? ពី​ព្រោះ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ជា​«​រូប​កាយ​តែ​មួយ​»​ ហើយ​«​ប្រសិនបើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ​»។ (​១កូ. ១២:២០, ២៦​) ដូច្នេះ សព្វ​ថ្ងៃនេះ សេចក្ដី​ស្រឡាញ់​និង​ការ​អាណិត​អាសូរ​ជំរុញ​ចិត្ត​បង​ប្អូន​ជា​ច្រើន​ឲ្យ​ឈប់​ធ្វើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ រួច​ប្រមូល​ឧបករណ៍​ផ្សេង​ៗ ហើយ​ទៅ​កន្លែង​ដែល​មាន​មហន្តរាយ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ភ្លាម។ (​យ៉ា. ២:១៥, ១៦​) ជា​ឧទាហរណ៍ ក្រោយ​ពី​មាន​រលក​យក្ស​ស៊ូណាមី​នៅ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​២០១១ ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​បាន​ផ្ញើ​សំបុត្រ​ទៅ​គណៈ​កម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​នៅ​សហរដ្ឋ​អាម៉េរិក ដោយ​សុំ​«​បង​ប្អូន​ខ្លះ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​»​ ឲ្យ​ទៅ​ជួយ​សង់​សាល​ប្រជុំ​ឡើង​វិញ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្នុង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ជន​ស្ម័គ្រ​ចិត្ត​ជិត​៦០០​នាក់​បាន​ចុះ​ឈ្មោះ​ទៅ​ជួយ ហើយ​បាន​យល់​ព្រម​ទិញ​សំបុត្រ​យន្តហោះ​ខ្លួន​ឯង​ដើម្បី​ទៅ​ប្រទេស​ជប៉ុន! ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​បាន​សរសេរ​ថា​៖ ​«​យើង​មិន​បាន​ស្មាន​សោះ​ថា​នឹង​មាន​បង​ប្អូន​ច្រើន​យ៉ាង​នេះ​ស្ម័គ្រ​ចិត្ត​ទៅ​»។ ពេល​ដែល​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​សួរ​បង​ប្អូន​ជន​ជាតិ​ផ្សេង​ម្នាក់​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ អំពី​មូលហេតុ​ដែល​គាត់​បាន​មក​ជួយ បង​ប្អូន​នោះ​បាន​ឆ្លើយ​ថា​៖ ​«​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ជប៉ុន​គឺ​ដូច​ជា​អវយវៈ‹រូប​កាយ​របស់​យើង›។ ពេល​ពួក​គេ​ឈឺ​ចាប់ យើង​ក៏​ឈឺ​ចាប់​ជា​មួយ​នឹង​ពួក​គេ​ដែរ​»។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​លះ​បង់​ប្រយោជន៍​ខ្លួន អ្នក​ខ្លះ​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​នោះ​បាន​លះ​បង់​រហូត​ដល់​ប្រថុយ​ជីវិត​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ទៀត​ផង។c—១យ៉ូន. ៣:១៦

បងស្រីសាក្សីព្រះយេហូវ៉ាម្នាក់រៀបចំសម្ភារផ្ដល់ជំនួយក្នុងប្រទេសស្វីសដើម្បីឲ្យបងប្អូនរួមជំនឿ នាឆ្នាំ១៩៤៦

ប្រទេស​ស្វីស នា​ឆ្នាំ​១៩៤៦

លើក​ទី១​ដែល​យើង​ផ្ដល់​ជំនួយ​ទ្រង់​ទ្រាយ​ធំ​នៅ​សម័យ​នេះ

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤៥ គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ចប់​នៅ​ទ្វីប​អឺរ៉ុប បង​ន័រ​បាន​ប្រកាស​អំពី​កិច្ច​ការ​ដ៏​ធំ​មួយ គឺ​កិច្ច​ការ​ផ្ដល់​«​ជំនួយ​ដែល​ចាំ​បាច់​សម្រាប់​បង​ប្អូន​នៅ​អឺរ៉ុប​កណ្ដាល​»។

ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ឮ​សេចក្ដី​ប្រកាស​នោះ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​កាណាដា សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ផ្សេង​ទៀត​បាន​ចាប់​ផ្ដើម​រៀប​ចំ​ផ្ដល់​ជំនួយ​ជា​អាហារ​និង​សម្លៀក​បំពាក់។ ចាប់​ពី​ខែ​មករា ឆ្នាំ​១៩៤៦ ជំនួយ​បាន​ត្រូវ​ផ្ញើ​ទៅ​បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​ប្រទេស​អូទ្រីស បែលហ្សិក ប៊ុលហ្គារី ចិន ឆេកូស្លូវ៉ាគី ដាណឺម៉ាក អង់គ្លេស ហ្វាំងឡង់ បារាំង អាឡឺម៉ង់ ក្រិច ហុងគ្រី អ៊ីតាលី ហូឡង់ ន័រ​វ៉េ ហ្វីលីពីន ប៉ូឡូញ និង​រ៉ូម៉ានី។

កម្ម​វិធី​នៃ​ការ​ផ្ដល់​ជំនួយ​នេះ​មិន​មែន​ធ្វើ​ឡើង​តែ​ម្ដង​នោះ​ទេ តែ​បាន​បន្ត​រហូត​ដល់​ពីរ​ឆ្នាំ​កន្លះ! ក្នុង​អំឡុង​ពេល​នោះ បង​ប្អូន​ប្រុស​ស្រី​ជាង​៨៥.០០០​នាក់​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​បង​ប្អូន​នៅ​ប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាម ដូច​ជា​អាហារ​ជាង​៣០០.០០០​គីឡូក្រាម សម្លៀក​បំពាក់​ជាង​៤៥០.០០០​គីឡូក្រាម និង​ស្បែក​ជើង​ច្រើន​ជាង​១២៤.០០០​គូ។ នៅ​ខែ​សីហា ឆ្នាំ​១៩៤៨ កិច្ច​ការ​ផ្ដល់​ជំនួយ​ទ្រង់​ទ្រាយ​ធំ​នេះ​បាន​ត្រូវ​បញ្ចប់។ នៅ​ឆ្នាំ​១៩៤៩ ទស្សនាវដ្ដី​ប៉ម​យាម បាន​បញ្ជាក់​ថា​៖ ​«​កិច្ច​ការ​នេះ​ពិត​ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​បង​ប្អូន​រួម​ជំនឿ​ស្រឡាញ់​គ្នា​មែន។ យើង​ដឹង​ថា បង​ប្អូន​សាក្សី​ទាំង​អស់​គ្នា​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​លោក​ម្ចាស់​ទទួល​សេចក្ដី​សរសើរ។ មូលហេតុ​មួយ​ទៀត គឺ​ពួក​គេ​បាន​យល់​ថា ជំនួយ​ទាំង​អស់​នេះ​នឹង​ជួយ​បង​ប្អូន​ខ្លះ​ឲ្យ​បន្ត​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ដូច្នេះ បង​ប្អូន​សាក្សី​ចាត់​ទុក​ថា​ការ​ជួយ​បង​ប្អូន​រួម​ជំនឿ​ដូច្នេះ គឺ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់​»។ ការ​ផ្ដល់​ជំនួយ​នេះ​បាន​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ បាន​ជួយ​បង​ប្អូន​រួម​ជំនឿ ហើយ​បាន​ពង្រឹង​សាមគ្គី​ភាព​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក។

១១ មនុស្ស​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ត​នឹង​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ផង​ដែរ។ ជា​ឧទាហរណ៍ ក្រោយ​ពី​មាន​មហន្តរាយ​នៅ​រដ្ឋ​អារកាន់សាស់ សហរដ្ឋ​អាម៉េរិក នា​ឆ្នាំ​២០១៣ កាសែត​មួយ​បាន​ចុះ​ផ្សាយ​អំពី​របៀប​ដែល​ជន​ស្ម័គ្រ​ចិត្ត​ជា​សាក្សី​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​យ៉ាង​លឿន​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ជំនាញ​ខាង​ការ​ចាត់​ចែង​ជន​ស្ម័គ្រ​ចិត្ត​សម្រាប់​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​»។ ដូច​សាវ័ក​ប៉ូល​បាន​បញ្ជាក់ យើង​ពិត​ជា​«​ផ្ដល់​ជា​បរិបូរ​»​នូវ​អ្វី​ដែល​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ត្រូវ​ការ។

១២​-​១៤​. (​ក​) ហេតុ​អ្វី​ការ​សម្រេច​គោល​បំណង​ទី៣​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​គឺ​សំខាន់​ម្ល៉េះ? (​ខ​) តើ​បង​ប្អូន​បាន​និយាយ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ការ​បន្ត​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​គឺ​សំខាន់?

១២ ទី៣ យើង​ជួយ​អ្នក​រង​គ្រោះ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍។ ហេតុ​អ្វី​នេះ​គឺ​សំខាន់​ម្ល៉េះ? ប៉ូល​បញ្ជាក់​ថា​អ្នក​ដែល​ទទួល​ជំនួយ​នឹង​ត្រូវ​ជំរុញ​ឲ្យ​«​ថ្លែង​អំណរ​គុណ​ជា​ច្រើន​ដល់​ព្រះ​»។ (​២កូ. ៩:១២​ខ​) វិធី​ល្អ​បំផុត​ដែល​អ្នក​រង​គ្រោះ​អាច​អរគុណ​ព្រះ​យេហូវ៉ា គឺ​ដោយ​មាន​សកម្មភាព​ឡើង​វិញ​ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ មែន​ទេ? (​ភី. ១:១០​) នៅ​ឆ្នាំ​១៩៤៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​ចែង​ថា​៖ ​«​ប៉ូល​បាន​គាំ​ទ្រ . . . ការ​ប្រមូល​វិភាគ​ទាន ពី​ព្រោះ​នោះ​បាន​ជួយ . . . គ្រិស្ត​សាសនិក​ដែល​ខ្វះ​ខាត​ឲ្យ​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​ត្រូវ​ការ ហើយ​យ៉ាង​នោះ​ពួក​គេ​អាច​ចូល​រួម​ច្រើន​ជាង ហើយ​ខ្នះ​ខ្នែង​ជាង​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​»។ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​គោល​បំណង​ដូច​នោះ​ដែរ។ ដោយ​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ម្ដង​ទៀត បង​ប្អូន​របស់​យើង​មិន​គ្រាន់​តែ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ជិត​ខាង​ដែល​កំពុង​កើត​ទុក្ខ​នោះ​ទេ តែ​បង​ប្អូន​ក៏​ពង្រឹង​កម្លាំង​ចិត្ត​ខ្លួន​ឯង​ផង​ដែរ។—សូម​អាន កូរិនថូស​ទី២ ១:៣, ៤

១៣ សូម​ពិចារណា​អំពី​ពាក្យ​ខ្លះ​របស់​បង​ប្អូន​ដែល​បាន​ទទួល​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ​យ៉ាង​ខ្លាំង ហើយ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត ថែម​ទាំង​បាន​ទទួល​កម្លាំង​ចិត្ត​ពី​កិច្ច​ផ្សព្វ​ផ្សាយ​នោះ។ បង​ប្រុស​ម្នាក់​ប្រាប់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ នោះ​ជា​ពរ​មួយ ពី​ព្រោះ​យើង​អាច​ឈប់​ខ្វល់​ខ្វាយ​មួយ​រយៈ​ពេល​ខ្លី​អំពី​បញ្ហា​របស់​យើង ដើម្បី​ខំ​ជួយ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​»។ បង​ស្រី​ម្នាក់​ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ នោះ​ជួយ​ខ្ញុំ​ឲ្យ​ឈប់​គិត​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ជុំ​វិញ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព​»។ បង​ស្រី​ម្នាក់​ទៀត​រៀប​រាប់​ថា​៖ ​«​មាន​អ្វី​ជា​ច្រើន​ដែល​យើង​មិន​អាច​ទប់​ស្កាត់​ឬ​ជួយ​បាន​ឡើយ។ តែ​កិច្ច​បម្រើ​ផ្សាយ​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​គោល​ដៅ​ក្នុង​ជីវិត​ឡើង​វិញ។ ពេល​ដែល​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ស្តី​អំពី​ពិភព​លោក​ថ្មី នោះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​អ្វី​ៗ​ទាំង​អស់​នឹង​ថ្មី​ឡើង​វិញ​»។

១៤ ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​សកម្មភាព​មួយ​ទៀត​ដែល​បង​ប្អូន​ជា​អ្នក​រង​គ្រោះ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ម្ដង​ទៀត​ឲ្យ​បាន​លឿន​បំផុត។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​គីយ៉ូកូ​ដែល​មាន​អាយុ​ជិត​៦០​ឆ្នាំ​ពេល​មាន​មហន្តរាយ​ធម្មជាតិ។ ពេល​មាន​រលក​យក្ស​ស៊ូណាមី គាត់​បាត់​បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់ លើក​លែង​តែ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ដែល​គាត់​កំពុង​ពាក់​ប៉ុណ្ណោះ។ គាត់​ឆ្ងល់​ថា​តើ​គាត់​អាច​រស់​ដូច​ម្ដេច​បាន។ ក្រោយ​មក អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ថា​ពួក​គេ​នឹង​ធ្វើ​កិច្ច​ប្រជុំ​នៅ​ក្នុង​ឡាន​របស់​គាត់។ បង​គីយ៉ូកូ​ប្រាប់​ថា​៖ ​«​អ្នក​ចាស់​ទុំ ប្រពន្ធ​គាត់ បង​ស្រី​ម្នាក់​ទៀត និង​ខ្ញុំ​បាន​អង្គុយ​ក្នុង​ឡាន​របស់​គាត់។ កិច្ច​ប្រជុំ​នោះ​គឺ​សាមញ្ញ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​ភ្លេច​អំពី​រលក​យក្ស​ស៊ូណាមី។ នោះ​គឺ​ដូច​ជា​អព្ភូតហេតុ​មួយ។ ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ កិច្ច​ប្រជុំ​នោះ​បង្ហាញ​ឲ្យ​ឃើញ​ឥទ្ធិពល​នៃ​ការ​សេពគប់​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ពិត​»។ បង​ស្រី​ម្នាក់​ទៀត​ប្រាប់​អំពី​កិច្ច​ប្រជុំ​ដែល​គាត់​បាន​ចូល​រួម​ក្រោយ​ពី​មាន​មហន្តរាយ​ថា​៖ ​«​កិច្ច​ប្រជុំ​ទាំង​នោះ​ជា​អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ!​»។—រ៉ូម ១:១១, ១២; ១២:១២

កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែល​ស្ថិតស្ថេរ

១៥, ១៦​. (​ក​) ពេល​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​និង​នៅ​កន្លែង​ផ្សេង​ទៀត​គាំ​ទ្រ​កិច្ច​ការ​ផ្ដល់​ជំនួយ តើ​ពួក​គេ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? (​ខ​) ស្រដៀង​គ្នា​ដែរ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កិច្ច​ការ​ផ្ដល់​ជំនួយ​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ ពេល​ដែល​ប៉ូល​សរសេរ​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ គាត់​ពន្យល់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​អំពី​ប្រយោជន៍​ដែល​ពួក​គេ​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​ទទួល​ពី​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​នោះ។ គាត់​សរសេរ​ថា​៖ ​«​ពួក​គាត់[​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម ដែល​បាន​ទទួល​ជំនួយ​] អង្វរ​ព្រះ​អំពី​អ្នក​រាល់​គ្នា ហើយ​មាន​សេចក្ដីស្រឡាញ់​ចំពោះ​អ្នក​រាល់​គ្នា​ណាស់ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​ចំពោះ​អ្នក​រាល់​គ្នា​»។ (​២កូ. ៩:១៤​) ចិត្ត​ទូលាយ​របស់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស បាន​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ឲ្យ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​ពួក​គេ​នៅ​ក្រុង​កូរិនថូស រួម​ទាំង​បង​ប្អូន​ជន​ជាតិ​ដទៃ ហើយ​ក៏​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ស្រឡាញ់​បង​ប្អូន​ទាំង​នោះ​ខ្លាំង​ជាង​ដែរ។

១៦ នៅ​សព្វ​ថ្ងៃ​នេះ តើ​សម្ដី​របស់​ប៉ូល​ស្តី​អំពី​ប្រយោជន៍​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច? ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៤៥ ឆ្លើយ​សំណួរ​នោះ​ដោយ​ចែង​ថា​៖ ‹ពេល​រាស្ត្រ​មួយ​ក្រុម​របស់​ព្រះ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​មួយ​ក្រុម​ទៀត នេះ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ខ្លាំង​ណាស់!›។ នេះ​ក៏​ជា​អារម្មណ៍​របស់​បង​ប្អូន​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​សព្វ​ថ្ងៃ​នេះ​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ជួយ​ពេល​មាន​ទឹក​ជំនន់ បាន​និយាយ​ថា​៖ ​«​កិច្ច​ការ​ផ្ដល់​ជំនួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​មុន​ជា​មួយ​នឹង​បង​ប្អូន​»។ បង​ស្រី​ម្នាក់​ដែល​បាន​ទទួល​ជំនួយ​បាន​និយាយ​ថា​៖ ​«​នៅ​ផែន​ដី​នេះ ភាតរភាព​របស់​យើង​គឺ​ជា​អ្វី​ដែល​ដូច​សួន​ឧទ្យាន​បំផុត​»។—សូម​អាន សុភាសិត ១៧:១៧

១៧​. (​ក​) តើ​ពាក្យ​នៅ​អេសាយ ៤១:១៣ ទាក់​ទង​នឹង​កិច្ច​ការ​ផ្ដល់​ជំនួយ​យ៉ាង​ដូច​ម្ដេច? (​ខ​) សូម​លើក​ឧទាហរណ៍​ខ្លះ​ដែល​បញ្ជាក់​អំពី​របៀប​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ ហើយ​ពង្រឹង​សាមគ្គី​ភាព​របស់​យើង។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ជន​ស្ម័គ្រ​ចិត្ត​ជុំ​វិញ​ពិភព​លោក​ផ្ដល់​ជំនួយ​»​)

១៧ ពេល​បង​ប្អូន​ដែល​ផ្ដល់​ជំនួយ​ទៅ​ដល់​កន្លែង​មហន្តរាយ បង​ប្អូន​ដែល​ជា​អ្នក​រង​គ្រោះ​ឃើញ​វិធី​ពិសេស​មួយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សន្យា​របស់​លោក​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​»។ (​អេ. ៤១:១៣​) ក្រោយ​ពី​បង​ស្រី​ម្នាក់​បាន​រួច​ជីវិត​ពីមហន្តរាយ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​ការ​ខូច​ខាត ខ្ញុំ​មាន​អារម្មណ៍​អស់​សង្ឃឹម។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ។ ជំនួយ​ដែល​ខ្ញុំ​បាន​ទទួល​ពី​បង​ប្អូន​គឺ​អស្ចារ្យ​រក​ព័ណ៌នា​ពុំ​បាន​ឡើយ​»។ បន្ទាប់​ពី​មហន្តរាយ​មួយ​បាន​បំផ្លាញ​តំបន់​របស់​ពួក​គេ នោះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​សរសេរ​សំបុត្រ​តាង​នាម​ក្រុម​ជំនុំ​របស់​ពួក​គេ​ថា​៖ ​«​ការ​រញ្ជួយ​ដី​នោះ​បាន​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​បង​ប្អូន​របស់​យើង។ យើង​ធ្លាប់​អាន​អំពី​កិច្ច​ការ​ផ្ដល់​ជំនួយ តែ​ឥឡូវ​យើង​បាន​ឃើញ​កិច្ច​ការ​នោះ​ដោយ​ផ្ទាល់​ភ្នែក​»។

បងប្រុសភីធើ ចនសុនដែលធ្វើការខាងការសាងសង់របស់អង្គការយើង

នោះ​បាន​កែ​ប្រែ​ជីវិត​របស់​គាត់

តើ​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​វ័យ​ក្មេង? សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​ភីធើ ចនសុន ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ជា​លើក​ដំបូង​នៅ​ពេល​គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​អំណរ​ដែល​បាន​មក​ពី​ការ​ឲ្យ​ដល់​អ្នក​ឯ​ទៀត ហើយ​ក៏​បាន​ឃើញ​បង​ប្អូន​មាន​ចិត្ត​កតញ្ញូ​ដែរ។ នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ។ នេះ​បាន​ជួយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ប្រើ​ជីវិត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​សមត្ថភាព​»។ ក្រោយ​មក បង​ភីធើ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ គាត់​ក៏​បាន​បម្រើ​នៅ​បេតអែល​ដែរ ហើយ​ក្រោយ​មក​គាត់​ចាប់​ផ្ដើម​បម្រើ​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ។ សព្វ​ថ្ងៃ​នេះ បង​ភីធើ​និយាយ​ថា​៖ ​«​ការ​ចូល​រួម​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៧៤ បាន​កែ​ប្រែ​ជីវិត​របស់​ខ្ញុំ​»។ តើ​អ្នក​នៅ​ក្មេង​ឬ​ទេ? តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​បង​ភីធើ​បាន​ឬ​ទេ? ការ​ចូល​រួម​កិច្ច​ការ​ផ្ដល់​ជំនួយ ប្រហែល​ជា​អាច​ការ​ប្រែ​ជីវិត​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ដែរ​ក៏​មិន​ដឹង!

តើ​អ្នក​អាច​រួម​ចំណែក​បាន​ឬ​ទេ?

១៨​. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​ចង់​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​នោះ​បាន​កែ​ប្រែ​ជីវិត​របស់​គាត់​»​)

១៨ តើ​អ្នក​ចង់​ទទួល​អំណរ​ដែល​មក​ពី​កិច្ច​ការ​ផ្ដល់​ជំនួយ​ដែរ​ឬ​ទេ? បើ​ដូច្នេះ សូម​ចាំ​ថា​អង្គ​ការ​យើង​ច្រើន​តែ​ជ្រើស​រើស​អ្នក​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​ពី​ចំណោម​អ្នក​ដែល​ជួយ​សង់​សាល​ប្រជុំ។ ដូច្នេះ​សូម​ប្រាប់​អ្នក​ចាស់​ទុំ​ថា អ្នក​ចង់​បំពេញ​ឯកសារ​ដាក់​ពាក្យ​សុំ​ចូល​រួម​កិច្ច​ការ​សាងសង់​សាល​ប្រជុំ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​រំលឹក​យើង​ថា​៖ ​«​កុំ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​មហន្តរាយ មុន​អ្នក​បាន​ទទួល​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​»។ យ៉ាង​នេះ កិច្ច​ការ​ផ្ដល់​ជំនួយ​អាច​មាន​របៀប​រៀប​រយ​និង​សណ្ដាប់​ធ្នាប់។

១៩​. តើ​តាម​របៀប​ណា​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត?

១៩ កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​វិធី​អស្ចារ្យ​មួយ​ដែល​យើង​ធ្វើ​តាម​បង្គាប់​របស់​គ្រិស្ត​ដែល​ឲ្យ​«​ស្រឡាញ់​គ្នា​»។ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត​ពិត​ប្រាកដ។ (​យ៉ូន. ១៣:៣៤, ៣៥​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ពិត​ជា​មាន​ពរ​ដ៏​វិសេស​មែន! គឺ​យើង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ណាស់ ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ កាល​ដែល​ពួក​គេ​ផ្ដល់​ជំនួយ​ដែល​ចាំ​បាច់​ដល់​អ្នក​ដែល​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​រាជាណាចក្រ​របស់​ព្រះ!

a ជំពូក​នេះ​បញ្ជាក់​អំពី​កិច្ច​ការ​ផ្ដល់​ជំនួយ​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ ក៏​ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ក៏​ជួយ​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។—កាឡ. ៦:១០

b ប៉ូល​បាន​ប្រើ​ពាក្យ​ពហុ​វ​ចន​ឌីអាកូណុស (​អ្នក​បម្រើ​) ដើម្បី​រៀប​រាប់​អំពី​«​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»។—១ធី. ៣:១២

c សូម​មើល​អត្ថបទ​«​ការ​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ប្រទេស​បូស្នៀ​»​ (​Aiding Our Family of Believers in Bosnia​) ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ទំព័រ​២៣​-​២៧។

តើ​រាជាណាចក្រ​គឺ​ពិត​ប្រាកដ​យ៉ាង​ណា​ចំពោះ​អ្នក?

  • ហេតុ​អ្វី​យើង​ដឹង​ថា​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ផ្នែក​នៃ​កិច្ច​បម្រើ​ពិសិដ្ឋ​ដែល​យើង​បំពេញ​ជូន​ព្រះ​យេហូវ៉ា?

  • តើ​យើង​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​ក្នុង​គោល​បំណង​បី​យ៉ាង​អ្វី?

  • តើ​អ្វី​ជា​ផល​ប្រយោជន៍​ដ៏​ស្ថិតស្ថេរ​ដែល​មក​ពី​កិច្ច​ការ​ផ្ដល់​ជំនួយ?

  • តើ​តាម​របៀប​ណា​កិច្ច​ការ​ផ្ដល់​ជំនួយ​ជាប់​ទាក់​ទង​នឹង​បង្គាប់​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១៣:៣៤?

ជន​ស្ម័គ្រ​ចិត្ត​ជុំ​វិញ​ពិភព​លោក​ផ្ដល់​ជំនួយ

អាហ្វ្រិក​កណ្ដាល និង​ភាគ​ខាង​លិច

នៅ​ឆ្នាំ​១៩៩៤ មនុស្ស​ប្រហែល​ជា​៨០០.០០០​នាក់​ឬ​ច្រើន​ជាង​បាន​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​រ្វ៉ាន់ដា។ ការ​សម្លាប់​រង្គាល​នេះ​បាន​នាំ​ឲ្យ​មាន​អស្ថិរភាព​នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាហ្វ្រិក​កណ្ដាល។ ជា​លទ្ធផល​មាន​ជន​ភៀស​ខ្លួន​យ៉ាង​ច្រើន​កុះ​ករ​នៅ​ជំរំ​ជន​ភៀស​ខ្លួន។ ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​បែលហ្សិក បារាំង និង​ស្វីស បាន​ផ្ញើ​អីវ៉ាន់​ជាង​៣០០​តោន​តាម​យន្តហោះ​ទៅ​ឲ្យ​បង​ប្អូន រួម​មាន​ខោ​អាវ ថ្នាំ​ពេទ្យ តង់ អាហារ និង​សម្ភារ​ផ្សេង​ទៀត។ គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ អីវ៉ាន់​និង​សម្ភារ​ទាំង​នោះ​បាន​ទៅ​ដល់​ដៃ​របស់​បង​ប្អូន​ដែល​ត្រូវ​ការ។

បន្ថែម​ទៅ​ទៀត នៅ​ទ្វីប​អាហ្វ្រិក សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម​ពី​ប្រទេស​បារាំង​មាន​គ្នា​ដប់​នាក់​ដែល​ជា​គ្រូ​ពេទ្យ​និង​ជា​គិលានុបដ្ឋាយិកា កំពុង​ជួយ​បង​ប្អូន​របស់​យើង​ដែល​បាន​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម ការ​អត់​ឃ្លាន និង​ជំងឺ​ផ្សេង​ៗ។ គ្រាន់​តែ​ពីរ​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ ក្រុម​គ្រូ​ពេទ្យ​នោះ​បាន​ជួយ​មនុស្ស​ជាង​១០.០០០​នាក់។ កិច្ច​ការ​របស់​ពួក​គាត់​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង។ គិលានុបដ្ឋាយិកា​ម្នាក់​បាន​រៀប​រាប់​ថា​៖ ​«​ពេល​យើង​មក​ដល់​កន្លែង​ដើម្បី​ជួយ​បង​ប្អូន​របស់​យើង មនុស្ស​និយាយ​ដោយ​គោរព​ថា​៖ ‹ពួក​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គាត់​មក​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គាត់›​»។ ក្រោយ​ពី​បាន​ទទួល​ជំនួយ​ពី​គិលានុបដ្ឋាយិកា បង​ស្រី​ម្នាក់​បាន​និយាយ​ថា​៖ ​«​អរគុណ​បង។ អរគុណ​ព្រះ​យេហូវ៉ា!​»។

ជួន​កាល បង​ប្អូន​ប្រហែល​ជា​ត្រូវ​ផ្ដល់​ជំនួយ​ពេល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដែរ។ នៅ​ឆ្នាំ​២០១២ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ប្រទេស​នីហ្សេរីយ៉ា។ ពេល​នោះ​សាក្សី​ព្រះ​យេហូវ៉ា​១៣​នាក់​បាន​បាត់​បង់​ជីវិត។ ពួក​គាត់​ទាំង​អស់​គ្នា​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តូច​មួយ។ បង​ប្អូន​៥៤​នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់។ គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​បាន​រៀប​ចំ​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទាំង​អស់​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​២៤​ម៉ោង។ ពេល​អ្នក​ជំងឺ​ម្នាក់​ដែល​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​នោះ​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​បែប​នោះ​ចំពោះ​បង​ប្អូន​ដែល​រង​របួស នាង​បាន​ទូរស័ព្ទ​ទៅ​គ្រូ​គង្វាល​របស់​នាង ហើយ​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​នៅ​វិហារ​របស់​យើង​បាន​មក​លេង​ខ្ញុំ​ទេ។ សូម​មក​មន្ទីរ​ពេទ្យ​នេះ ហើយ​មើល​សេចក្ដី​ស្រឡាញ់​របស់​សាក្សី​ព្រះ​យេហូវ៉ា!​»។

ទោះ​ជា​បង​ប្អូន​របស់​យើង​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​តូច​នោះ​មាន​ទុក្ខ​សោក​ដោយ​សារ​ពួក​គាត់​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ក៏​ដោយ ពួក​គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​សារ​បង​ប្អូន​រួម​ជំនឿ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់។ បន្ថែម​ទៅ​ទៀត ក្រោយ​ពី​សង្កេត​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​ជា​អ្នក​ផ្ដល់​ជំនួយ​បាន​បង្ហាញ​ចំពោះ​បង​ប្អូន​រួម​ជំនឿ នោះ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ មុន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង ក្រុម​ជំនុំ​មាន​អ្នក​ផ្សព្វ​ផ្សាយ​៣៥​នាក់។ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ ចំនួន​អ្នក​ផ្សាយ​បាន​កើន​ឡើង​ដល់​ទៅ​៦០​នាក់។

ប្រទេស​អូស្ដ្រាលី

នៅ​ឆ្នាំ​២០១៣ តំបន់​ជា​ច្រើន​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​រដ្ឋ​ឃ្វីនស្លែន​បាន​រង​គ្រោះ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​៧០​នាក់​បាត់​បង់​ផ្ទះ​សម្បែង។ បង​ម៉ាក​និង​បង​រ៉នដា ព្រម​ទាំង​កូន​ស្រី​របស់​ពួក​គាត់​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ដែល​ជន់​លិច ទៅ​អគារ​មួយ​សម្រាប់​ជន​រង​គ្រោះ។ កន្លែង​នោះ​ពេញ​ទៅ​ដោយ​មនុស្ស។ បង​រ៉នដា​បាន​រៀប​រាប់​ថា​៖ ​«​មាន​មនុស្ស​ច្រើន​ណាស់ សូម្បី​តែ​កន្លែង​អង្គុយ​ក៏​គ្មាន​ដែរ​»។ សំឡេង​រំពង​របស់​ឧទ្ធម្ភាគចក្រ​ដែល​កំពុង​ចុះ​ចត​និង​ហោះ​ឡើង​នៅ​ក្បែរ​នោះ ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​វិល​វល់​ក្នុង​ចិត្ត។ ដោយ​ព្រួយ​បារម្ភ បង​រ៉នដា​បាន​សួរ​ទៅ​ប្ដី​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?​»។ បង​ម៉ាក​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​សុំ​ជំនួយ។ បង​រ៉នដា​បាន​និយាយ​ថា​៖ ​«​ប្រហែល​ជា​៣០​នាទី​ក្រោយ​មក ឡាន​មួយ​បាន​មក​ដល់​អគារ​នោះ ហើយ​បង​ប្រុស​បី​នាក់​ចេញ​ពី​ឡាន​មក។ ពេល​យើង​ជួប​ពួក​គាត់ ពួក​គាត់​បាន​និយាយ​ថា​៖ ‹យើង​មក​ទទួល​បង​ទៅ​ជា​មួយ​នឹង​យើង។ បង​នឹង​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្រុស​ម្នាក់›​»។ បង​រ៉នដា​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​ពិបាក​ព័ណ៌នា​អំពី​អារម្មណ៍​ដែល​យើង​មាន​នៅ​ពេល​នោះ ដោយ​បាន​ឃើញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អង្គ​ការ​ព្រះ​យេហូវ៉ា​»។

បង​ប្អូន​ស្ម័គ្រ​ចិត្ត​ជាង​២៥០​នាក់​បាន​ស្រូត​ទៅ​ដល់​កន្លែង​មាន​គ្រោះ​មហន្តរាយ​នោះ ដើម្បី​ជួយ​បង​ប្អូន​របស់​ពួក​គេ។ បង​ប្រុស​វ័យ​ចាស់​ម្នាក់​បាន​និយាយ​ថា​៖ ​«​ស្រាប់​តែ​សាក្សី​មួយ​ក្រុម​បាន​មក នាំ​គ្នា​ធ្វើ​ការ​មិន​ចេះ​នឿយ​ហត់​ដើម្បី​សម្អាត​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​នឹង​មិន​ភ្លេច​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ទេ​»។

ប្រទេស​ប្រេស៊ីល

នៅ​ឆ្នាំ​២០០៨ ទឹក​ជំនន់​និង​ដី​បាក់​ស្រុត​នៅ​រដ្ឋ​សានថា​ខាតារីណា បាន​បង្ខំ​ប្រជាជន​៨០.០០០​នាក់​ឲ្យ​រត់​ចោល​ផ្ទះ។ មនុស្ស​ម្នាក់​នៅ​តំបន់​នោះ​និយាយ​ថា​៖ ​«​គឺ​ដូច​ជា​រលក​យក្ស​ស៊ូណាមី​ដែល​នាំ​មក​ដី​ឥដ្ឋ ភក់ និង​ដើម​ឈើ​»។ បង​ប្អូន​ខ្លះ​របស់​យើង​បាន​ទៅ​ជ្រក​នៅ​សាល​សន្និបាត។ បង​ប្រុស​ម៉ាស៊ីអូ​ដែល​ជា​អ្នក​មើល​ថែ​សាល​សន្និបាត​នោះ បាន​រៀប​រាប់​ថា​៖ ​«​ពួក​គេ​បាន​រត់​ទៅ​ដោយ​មាន​តែ​សម្លៀក​បំពាក់​ជាប់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​បាន​ប្រឡាក់​ភក់​ទៀត​»។ បង​ស្រី​ម្នាក់​និយាយ​ថា​៖ ​«​ផ្ទះ​របស់​យើង​បាន​រលំ។ យើង​ពិបាក​ចិត្ត​ណាស់ ពេល​ឃើញ​ផ្ទះ​យើង​បាត់​ទៅ​ក្នុង​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំ​ចាំ​មិន​ភ្លេច​នូវ​ការ​សម្រាល​ទុក្ខ​ដែល​យើង​បាន​ទទួល​ពី​បង​ប្អូន​រួម​ជំនឿ។ យើង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ច្រើន​ណាស់! ពី​បទ​ពិសោធន៍​នេះ​ខ្ញុំ​បាន​រៀន​ថា​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ គឺ​មាន​តម្លៃ​បំផុត​»។

សាក្សីព្រះយេហូវ៉ារៀបចំនិងចាត់ចែងសម្ភារដែលបានត្រូវផ្ដល់ឲ្យ សម្រាប់ផ្ដល់ជំនួយដល់បងប្អូននៅប្រទេសប្រេស៊ីលដែលរងគ្រោះមហន្តរាយ

នៅ​ឆ្នាំ​២០០៩ សាល​សន្និបាត​មួយ​នា​រដ្ឋ​សានថា​ខាតារីណា ប្រទេស​ប្រេស៊ីល បាន​ប្រែ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ផ្ដល់​ជំនួយ​ដែល​ពេញ​ទៅ​ដោយ​សម្ភារ​ដែល​បង​ប្អូន​បាន​ផ្ដល់​ឲ្យ

សហគមន៍​ខ្លះ​នៅ​ជម្រាល​ភ្នំ​ជិត​ក្រុង​រីយ៉ូដឺសានេរ៉ូ បាន​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ដោយ​ដី​បាក់​ស្រុត។ ដើម្បី​ផ្ដល់​ជំនួយ​ដោយ​ប្រសិទ្ធភាព​ពេល​មាន​មហន្តរាយ​នេះ​ម្ដង​ៗ នោះ​បង​ប្អូន​បាន​បង្កើត​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​អចិន្ត្រៃយ៍​មួយ។ នៅ​តំបន់​នានា មាន​បង​ប្អូន​មួយ​ចំនួន​ដែល​បាន​ត្រូវ​ចាត់​តាំង​ឲ្យ​ប្រាប់​គណៈ​កម្មាធិការ ពេល​ដែល​ជិត​មាន​គ្រោះ​ដី​បាក់​ស្រុត។ លុះ​ប្រាប់​គណៈ​កម្មាធិការ​ហើយ ជន​ស្ម័គ្រ​ចិត្ត​មក​ដល់​យ៉ាង​លឿន​ដោយ​ជិះ​ឡាន​ដឹក​ទំនិញ​ដែល​មាន​អក្សរ​ថា​«​ជំនួយ​មនុស្ស​ធម៌​របស់​សាក្សី​ព្រះ​យេហូវ៉ា​»។ សមាជិក​នៃ​ក្រុម​ផ្ដល់​ជំនួយ​នោះ​មាន​សម្ភារ​សព្វ​គ្រប់ ហើយ​មាន​កិច្ច​ការ​ច្បាស់​លាស់​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​ពួក​គេ​ម្នាក់​ៗ។ ពួក​គេ​ពាក់​អាវ​កាក់​ដែល​បញ្ជាក់​ច្បាស់​ថា​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ដោយ​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ ពួក​គេ​ជួយ​បង​ប្អូន​ដែល​រង​របួស។ ក្រុម​អ្នក​ផ្ដល់​ជំនួយ​នាំ​មក​នូវ​អាហារ ទឹក បរិក្ខារ​ពេទ្យ សម្លៀក​បំពាក់ និង​សម្ភារ​សម្រាប់​បោស​សម្អាត។ ការ​សម្អាត​ភក់​ចេញ​ពី​ផ្ទះ​គឺ​ជា​កិច្ច​ការ​ពិបាក​ណាស់។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​ក្រោយ​ពី​ដី​បាក់​ស្រុត​នោះ ជន​ស្ម័គ្រ​ចិត្ត​៦០​នាក់​បាន​សម្អាត​ភក់​ចំណុះ​បួន​ឡាន​ចេញ​ពី​ផ្ទះ​តែ​មួយ​ប៉ុណ្ណោះ!

ការ​រៀប​ចំ​សម្រាប់​មហន្តរាយ

គណៈ​អភិបាល​បាន​ណែនាំ​ការិយាល័យ​សាខា​ទាំង​អស់​ទូ​ទាំង​ពិភព​លោក​ឲ្យ​ណែនាំ​អ្នក​ចាស់​ទុំ​និង​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ទាំង​ឡាយ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ពេល​មាន​មហន្តរាយ។ ជា​ឧទាហរណ៍ សូម្បី​តែ​មុន​មាន​មហន្តរាយ អ្នក​ចាស់​ទុំ​ត្រូវ​ប្រាកដ​ថា​ពួក​គេ​មាន​ព័ត៌មាន​ថ្មី​បំផុត​អំពី​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ។

ពេល​មាន​មហន្តរាយ!

  1. អ្នកចាស់ទុំទាក់ទងអ្នកផ្សាយទាំងអស់

    ១ អ្នក​ចាស់​ទុំ​ទាក់​ទង​អ្នក​ផ្សាយ​ទាំង​អស់

  2. ២ អ្នក​ចាស់​ទុំ​រាយ​ការណ៍​ប្រាប់​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ

  3. អ្នកចាស់ទុំរាយការណ៍ប្រាប់អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ។ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំរាយការណ៍ប្រាប់អ្នកធ្វើដំណើរត្រួតពិនិត្យនិងបងប្រុសៗឯទៀតដែលមានមុខងារទទួលខុសត្រូវ ហើយមានភារកិច្ចទាក់ទងការិយាល័យសាខា

    ៣ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​រាយ​ការណ៍​ប្រាប់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​បង​ប្រុស​ៗ​ឯ​ទៀត​ដែល​មាន​មុខ​ងារ​ទទួល​ខុស​ត្រូវ ហើយ​មាន​ភារកិច្ច​ទាក់​ទង​ការិយាល័យ​សាខា

  4. អាហារនិងទឹក

    ៤ អាហារ ទឹក ជម្រក ការ​ព្យាបាល ជំនួយ​ខាង​ផ្លូវ​ចិត្ត និង​ខាង​ជំនឿ​នឹង​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​ផ្សាយ​យ៉ាង​ឆាប់​បំផុត

  5. ពិនិត្យសាឡើងវិញអំពីសេចក្ដីរាយការណ៍របស់បងប្អូនដែលត្រូវការជំនួយ

    ៥ ការិយាល័យ​សាខា​រាយ​ការណ៍​ប្រាប់​គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង​នៃ​គណៈ​អភិបាល​អំពី​ស្ថានភាព​និង​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន

  6. ចាត់ចែងផ្ដល់ជំនួយជាសម្ភារ

    ៦ គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ ត្រូវ​ចាត់​ចែង​ដើម្បី​ផ្ដល់​ជំនួយ​ជា​បន្ទាន់ ព្រម​ទាំង​ជួយ​បង​ប្អូន​ឲ្យ​រៀប​ចំ​ជីវិត​ឡើង​វិញ​បន្ដិច​ម្ដង​ៗ​

  7. យន្តហោះមួយកំពុងហោះ

    ៧ គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង​ត្រូវ​ពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ ហើយ​បើ​ចាំ​បាច់ អនុញ្ញាត​ឲ្យ​ជន​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​ក្រៅ​ចូល​រួម​ជួយ​ផង​ដែរ

ជំនួយ​ថែម​ទៀត​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ

ក្របសៀវភៅស្តើងសាក្សីព្រះយេហូវ៉ានិងជំនួយពេលមានគ្រោះមហន្តរាយ

នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ សៀវភៅ​ស្តើង​មួយ​ដែល​មាន​ចំណង​ជើង​ថា សាក្សី​ព្រះ​យេហូវ៉ា​និង​ជំនួយ​ពេល​មាន​គ្រោះ​មហន្តរាយ (​Jehovah’s Witnesses and Disaster Relief​) បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ។ សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការ​ផ្ដល់​ជំនួយ​ជា​បន្ទាន់។ សៀវភៅ​ស្តើង​នេះ​បាន​ព័ណ៌នា​អំពី​សកម្មភាព​ផ្ដល់​ជំនួយ​ខ្លះ​ដែល​យើង​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៤៣​មក។ សៀវភៅ​នេះ​ក៏​មាន​ផែនទី​ដែល​បង្ហាញ​អំពី​កន្លែង​ផ្សេង​ៗ​ទូ​ទាំង​ពិភព​លោក​ដែល​យើង​ធ្លាប់​ផ្ដល់​ជំនួយ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​បាន​ពន្យល់​ថា​៖ ​«​យូរ​មុន​មាន​មហន្តរាយ​កើត​ឡើង បង​ប្អូន​ដែល​បម្រើ​ក្នុង​គណៈ​កម្មាធិការ​ខាង​ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​នឹង​យក​សៀវភៅ​ស្តើង​នេះ​ទៅ​បង្ហាញ​មន្ត្រី​សំខាន់​ៗ ក្នុង​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ញឹក​ញាប់។ ពេល​បុគ្គល​ទាំង​នោះ​ដឹង​អំពី​សកម្មភាព​ផ្ដល់​ជំនួយ​របស់​យើង នោះ​ងាយ​ស្រួល​ជាង​ឲ្យ​យើង​សុំ​ការ​អនុញ្ញាត​ពី​ពួក​គាត់​ដើម្បី​ចូល​ក្នុង​តំបន់​ដែល​មាន​មហន្តរាយ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក