ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
‹ចូរប្រុងប្រយ័ត្នចុះ! មេកំណាចដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់›។—ពេត្រុសទី១ ៥:៨
១. សូមពន្យល់អំពីរបៀបដែលទេវតាមួយរូបបានក្លាយទៅជាសាថាន។
មានពេលមួយ ដែលបុគ្គលវិញ្ញាណមួយរូបនេះមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា។ ប៉ុន្តែ ក្រោយមកបុគ្គលវិញ្ញាណឬទេវតារូបនេះចង់ឲ្យមនុស្សគោរពប្រណិប័តន៍វា។ វាមិនបានបោះបង់ចោលភ្លាមៗនូវសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវនេះទេ ផ្ទុយទៅវិញវាបានឲ្យសេចក្ដីប៉ងប្រាថ្នានោះដុះដាលឡើងក្នុងចិត្តរបស់វារហូតដល់វាបានប្រព្រឹត្តអំពើខុសឆ្គង។ (យ៉ាកុប ១:១៤, ១៥) យើងមិនដឹងឈ្មោះដើមរបស់វាទេ ប៉ុន្តែក្រោយមកយើងហៅវាថា សាថាន។ យើងក៏ដឹងដែរថាវា«មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។ ម្យ៉ាងទៀត វាបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា ហើយបានក្លាយទៅជា«ឪពុកនៃការភូតភរ»។—យ៉ូហាន ៨:៤៤
២, ៣. តើពាក្យ«សាថាន» «មេកំណាច» «ពស់» និង«នាគ» បង្ហាញយ៉ាងណាអំពីសត្រូវដ៏ធំបំផុតរបស់ព្រះយេហូវ៉ា?
២ តាំងពីសាថានបានបះបោរប្រឆាំង នោះវាបានទៅជាសត្រូវដ៏ធំបំផុតរបស់ព្រះយេហូវ៉ា ហើយក៏ជាសត្រូវរបស់មនុស្សជាតិទាំងអស់ដែរ។ យើងអាចដឹងថាសាថានពិតជាខូចអាក្រក់ខ្លាំងណាស់ ដោយពិចារណាអ្វីដែលគម្ពីរបានរៀបរាប់អំពីវា។ សាថានមានន័យថា«អ្នកប្រឆាំង» ដែលបង្ហាញថាទេវតាអាក្រក់នេះស្អប់ការគ្រប់គ្រងរបស់ព្រះ ហើយវាខំប្រឹងអស់ពីសមត្ថភាពរបស់វាដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងនោះ។ អ្វីដែលសាថានចង់ឃើញខ្លាំងបំផុតនោះ គឺទីបញ្ចប់នៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។
៣ នៅការបើកបង្ហាញ ១២:៩ សាថានបានត្រូវហៅថាមេកំណាច ដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។ សាថានបានធ្វើឲ្យព្រះអាប់ឱនកិត្ដិយស ដោយហៅលោកថាអ្នកកុហក។ ពាក្យ«ពស់ដំបូងបង្អស់»បានរំលឹកយើងថាសាថានធ្លាប់ប្រើសត្វពស់ដើម្បីបោកបញ្ឆោតនាងអេវ៉ា។ ពាក្យ«នាគដ៏ធំ»គឺជាពាក្យដ៏សមត្រឹមត្រូវដើម្បីពិពណ៌នាអំពីសាថាន ដោយសារវាគឺកាចសាហាវ ឥតមេត្ដា ហើយអាក្រក់ណាស់។ វាមានបំណងរារាំងមិនឲ្យព្រះយេហូវ៉ាសម្រេចគោលបំណងរបស់លោក ព្រមទាំងចង់បំផ្លាញរាស្ត្ររបស់លោកទៀតផង។
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ យើងដឹងច្បាស់ថា អ្នកដែលមានលទ្ធភាពបំផ្លាញចិត្តស្មោះគ្រប់លក្ខណៈរបស់យើងខ្លាំងជាងគេបំផុត គឺសាថាន។ ហេតុនេះហើយបានជាគម្ពីរព្រមានយើងថា៖ «ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាច ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។ (ពេត្រុសទី១ ៥:៨) ដូច្នេះ អត្ថបទនេះនឹងពិចារណាលក្ខណៈបីយ៉ាងរបស់សាថាន។ លក្ខណៈទាំងនេះប្រាប់យើងអំពីមូលហេតុដែលយើងត្រូវការពារខ្លួនពីសត្រូវដ៏អាក្រក់នេះ ដែលជាសត្រូវរបស់ព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។
សាថានមានឫទ្ធានុភាព
៥, ៦. (ក) សូមឲ្យឧទាហរណ៍ដែលបង្ហាញថាពួកទេវតាមាន«ឥទ្ធិឫទ្ធិខ្លាំង»។ (ខ) តើសាថានមាន«សមត្ថភាពបណ្ដាលឲ្យស្លាប់»ក្នុងន័យយ៉ាងណា?
៥ ពួកទេវតាមាន«ឥទ្ធិឫទ្ធិខ្លាំង»។ (ទំនុកតម្កើង ១០៣:២០) ពួកទេវតាមានប្រាជ្ញាជាងមនុស្ស ហើយខ្លាំងជាងពួកគេ។ ពួកទេវតាស្មោះត្រង់ប្រើឫទ្ធានុភាពរបស់ពួកគេដើម្បីធ្វើអំពើល្អ។ ជាឧទាហរណ៍ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានសម្លាប់ពួកទាហានរបស់ជនជាតិអាសស៊ើរដែលជាសត្រូវអស់១៨៥.០០០នាក់។ មនុស្សម្នាក់គ្មានសមត្ថភាពនឹងធ្វើដូច្នេះបានឡើយ ហើយសូម្បីតែកងទ័ពទាំងមូលក៏ពិបាកនឹងធ្វើដូច្នេះដែរ។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) នៅពេលមួយទៀត ទេវតាមួយរូបបានប្រើសមត្ថភាព និងឫទ្ធានុភាពរបស់ខ្លួនដើម្បីរំដោះពួកសាវ័ករបស់លោកយេស៊ូឲ្យចេញពីគុក។ ទោះជាពួកអ្នកយាមឈរនៅជិតនោះក៏ដោយ ពួកគេមិនបានកត់សម្គាល់ថាទេវតានោះបានបើកទ្វារគុកដោះលែងពួកសាវ័ក រួចមកចាក់សោវិញទេ!—សកម្មភាព ៥:១៨-២៣
៦ ពួកទេវតាស្មោះត្រង់ប្រើឫទ្ធានុភាពរបស់ពួកគេដើម្បីធ្វើអំពើល្អ ប៉ុន្តែសាថានប្រើឫទ្ធានុភាពរបស់វាដើម្បីធ្វើអំពើអាក្រក់។ មួយវិញទៀត សាថានប្រាកដជាមានឫទ្ធានុភាព និងអំណាចខ្លាំងក្លា។ គម្ពីរបានហៅវាថា«អ្នកគ្រប់គ្រងពិភពលោកនេះ» និង«ព្រះនៃរបៀបរបបពិភពលោកនេះ»។ (យ៉ូហាន ១២:៣១; កូរិនថូសទី២ ៤:៤) មិនត្រឹមតែប៉ុណ្ណោះទេ សាថានមាន«សមត្ថភាពបណ្ដាលឲ្យស្លាប់»ទៀតផង។ (ហេប្រឺ ២:១៤) នេះមិនមានន័យថា វាសម្លាប់មនុស្សទាំងអស់ដោយផ្ទាល់នោះទេ។ ដូច្នេះ តើនេះមានន័យយ៉ាងណា? ទី១ ពិភពលោកនេះពោរពេញទៅដោយអំពើហិង្សា និងការស្អប់គ្នា ដែលជាចិត្តគំនិតរបស់សាថាន។ ទី២ ដោយសារនាងអេវ៉ាបានជឿពាក្យកុហករបស់សាថាន ហើយអាដាមឈប់ស្ដាប់បង្គាប់ព្រះ នោះបានធ្វើឲ្យមនុស្សទាំងអស់មានភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) គឺដូចលោកយេស៊ូបានហៅសាថានថា«ឃាតករ»។ (យ៉ូហាន ៨:៤៤) វាពិតជាសត្រូវដែលមានឫទ្ធានុភាពមែន។
បើគ្មានជំនួយពីព្រះយេហូវ៉ាទេ យើងមិនអាចច្បាំងឈ្នះសាថានបានឡើយ
៧. តើតាមរបៀបណាពួកវិញ្ញាណកំណាចបានបង្ហាញថាពួកវាមានឫទ្ធានុភាព?
៧ ពេលយើងប្រឆាំងសាថាន យើងក៏ប្រឆាំងអស់អ្នកដែលគាំទ្រវា និងដែលប្រឆាំងការគ្រប់គ្រងរបស់ព្រះ។ អ្នកទាំងនោះរួមបញ្ចូលពួកទេវតាបះបោរឯទៀតមួយក្រុមធំដែលបានត្រូវហៅថាពួកវិញ្ញាណកំណាច។ (ការបើកបង្ហាញ ១២:៣, ៤) ជាច្រើនដងពួកវាបានបង្ហាញថាពួកវាខ្លាំងជាងមនុស្ស ដោយបណ្ដាលឲ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង។ (ម៉ាថាយ ៨:២៨-៣២; ម៉ាកុស ៥:១-៥) សូមកុំភ្លេចឲ្យសោះថាពួកវិញ្ញាណកំណាច និងអ្នកគ្រប់គ្រងរបស់វាពិតជាមានឫទ្ធានុភាពខ្លាំងណាស់។ (ម៉ាថាយ ៩:៣៤) បើគ្មានជំនួយពីព្រះយេហូវ៉ាទេ យើងមិនអាចច្បាំងឈ្នះសាថានបានឡើយ។
សាថានគ្មានមេត្ដា
៨. (ក) តើសាថានមានគោលដៅអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តាមការសង្កេតឃើញរបស់អ្នក តើពិភពលោកនេះបង្ហាញលក្ខណៈឥតមេត្ដារបស់សាថានយ៉ាងដូចម្ដេច?
៨ សាវ័កពេត្រុសបានប្រដូចសាថានទៅនឹង«តោដែលកំពុងគ្រហឹម»។ សៀវភៅមួយបានពន្យល់ថាពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«កំពុងគ្រហឹម»មានន័យថា«សម្រែករបស់សត្វសាហាវដែលស្រេកឃ្លានចំណី»។ ពាក្យនោះពិតជាសមត្រឹមត្រូវណាស់ចំពោះសាថានដែលមានចិត្តគំនិតអាក្រក់ និងឥតមេត្ដា! វាបានគ្រប់គ្រងពិភពលោកទាំងមូលនេះរួចហើយ ប៉ុន្តែវានៅតែមិនស្កប់ចិត្តទៀត។ សាថានគឺដូចជាសត្វតោដែលស្រេកឃ្លានចង់ស៊ីសត្វឲ្យបានច្រើនថែមទៀត។ (យ៉ូហានទី១ ៥:១៩) គោលដៅសំខាន់របស់វាគឺពួកអ្នកដែលព្រះបានរើសតាំងដែលរស់នៅផែនដីនៅឡើយ ព្រមទាំង«ចៀមឯទៀត»ដែលគាំទ្រពួកគាត់។ (យ៉ូហាន ១០:១៦; ការបើកបង្ហាញ ១២:១៧) សាថានមានគោលដៅបំផ្លាញចោលអ្នកបម្រើរបស់ព្រះយេហូវ៉ា។ តាំងពីសតវត្សរ៍ទី១រហូតមកដល់សព្វថ្ងៃនេះ ការបៀតបៀនដែលគ្រិស្តសាសនិកពិតបានជួបប្រទះ ជាភ័ស្តុតាងដែលបញ្ជាក់ថាសាថានពិតជាគ្មានមេត្ដាមែន។
៩, ១០. (ក) តើតាមរបៀបណាសាថានបានវាយប្រហារប្រជាជាតិអ៊ីស្រាអែល? (សូមលើកឧទាហរណ៍) (ខ) ហេតុអ្វីសាថានមានមូលហេតុពិសេសដើម្បីផ្ដោតអារម្មណ៍ទាំងស្រុងទៅលើប្រជាជាតិអ៊ីស្រាអែលពីសម័យបុរាណ? (គ) នៅសព្វថ្ងៃនេះ ពេលអ្នកបម្រើណាម្នាក់របស់ព្រះយេហូវ៉ាប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើអ្នកគិតថាសាថានមានអារម្មណ៍យ៉ាងណា?
៩ សាថានបានបង្ហាញលក្ខណៈឥតមេត្ដារបស់វាតាមវិធីមួយទៀត។ សត្វតោដែលស្រេកឃ្លាន វាមិនអាណិតសត្វដែលវាបានចាប់ជាចំណីនោះទេ។ វាមិនអាណិត មុនសម្លាប់សត្វ ហើយវាក៏មិនស្ដាយក្រោយដែរ។ ស្រដៀងគ្នាដែរ សាថានគ្មានចិត្តអាណិតអាសូរទាល់តែសោះចំពោះអស់អ្នកដែលវាបានវាយប្រហារ។ ជាឧទាហរណ៍ តើអ្នកគិតថាសាថានមានអារម្មណ៍យ៉ាងណារាល់លើកដែលវាឃើញជនជាតិអ៊ីស្រាអែលធ្វើអំពើខុសឆ្គង ដូចជាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងចិត្តលោភលន់ជាដើម? តើអ្នកអាចស្រមៃឃើញសាថានកំពុងរីករាយនឹងជោគជ័យរបស់វា កាលដែលវាឃើញលទ្ធផលដ៏គួរឲ្យខ្លោចផ្សាដែលមកពីអំពើប្រាសចាកសីលធម៌របស់ស៊ីមរី និងចិត្តលោភលន់របស់កេហាស៊ីឬទេ?—ជនគណនា ២៥:៦-៨, ១៤, ១៥; ពង្សាវតារក្សត្រទី២ ៥:២០-២៧
១០ សាថានមានមូលហេតុពិសេសដើម្បីវាយប្រហារប្រជាជាតិអ៊ីស្រាអែលពីសម័យបុរាណ។ សូមនឹកឃើញថាមេស្ស៊ីនឹងមកតាមរយៈប្រជាជាតិនោះ ហើយលោកនឹងកិនកម្ទេចសាថាន ព្រមទាំងបង្ហាញថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ (លោកុប្បត្តិ ៣:១៥) សាថានមិនចង់ឲ្យជនជាតិអ៊ីស្រាអែលទទួលការពេញចិត្តពីព្រះយេហូវ៉ាទេ។ ដូច្នេះ វាបានខំអស់ពីសមត្ថភាពដើម្បីឲ្យពួកគេប្រព្រឹត្តអំពើខុសឆ្គងដែលនាំឲ្យពួកគេលែងស្អាតបរិសុទ្ធតាមទស្សនៈរបស់ព្រះ។ សូមកុំគិតស្មានឲ្យសោះថា សាថានមានចិត្តអាណិតអាសូរចំពោះដាវីឌពេលដែលគាត់បានប្រព្រឹត្តអំពើផិតក្បត់ ហើយថាវាអាណិតអាសូរចំពោះម៉ូសេពេលដែលគាត់បានបាត់បង់ឱកាសចូលក្នុងស្រុកដែលព្រះបានសន្យា។ សាថានពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលវាឃើញអ្នកបម្រើណាម្នាក់របស់ព្រះប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ តាមពិត មេកំណាចប្រើជោគជ័យដូចនោះដើម្បីដៀលត្មះព្រះយេហូវ៉ា។—សុភាសិត ២៧:១១
១១. ហេតុអ្វីសាថានទំនងជាបានផ្ដោតអារម្មណ៍លើសារ៉ា?
១១ ជាពិសេសសាថានស្អប់វង្សត្រកូលដែលមេស្ស៊ីនឹងត្រូវកើតមក។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងក្រោយពីព្រះយេហូវ៉ាបានប្រាប់អាប្រាហាំថា គាត់នឹងក្លាយទៅជា«នគរ១យ៉ាងធំ»។ (លោកុប្បត្តិ ១២:១-៣) ពេលអាប្រាហាំនិងសារ៉ានៅស្រុកអេស៊ីប ផារ៉ូបាននាំសារ៉ាទៅលំនៅរបស់គាត់ ហើយចង់យកនាងធ្វើជាប្រពន្ធរបស់គាត់។ ប៉ុន្តែ ព្រះយេហូវ៉ាបានការពារសារ៉ា ហើយបានសង្គ្រោះនាងពីស្ថានភាពពិបាកនោះ។ (សូមអាន លោកុប្បត្តិ ១២:១៤-២០) មុនអ៊ីសាកកើតមក ក៏មានរឿងស្រដៀងគ្នានេះបានកើតឡើងនៅក្រុងកេរ៉ាដែរ។ (លោកុប្បត្តិ ២០:១-៧) តើសាថានអាចជាអ្នកដែលធ្វើឲ្យស្ថានភាពទាំងនេះកើតឡើងឬទេ? សូមនឹកឃើញថា សារ៉ាបានចាកចេញពីក្រុងអ៊ើរដែលជាក្រុងអ្នកមាន ហើយទៅរស់នៅក្នុងត្រសាលវិញ។ ដូច្នេះ តើសាថានបានរំពឹងថារាជវាំងដ៏ល្អប្រណីតរបស់ផារ៉ូ និងរបស់អ័ប៊ីម្ម៉ាឡិចនឹងធ្វើឲ្យនាងចាញ់ការល្បួងរបស់វាឬទេ? តើសាថានបានគិតថានាងនឹងក្បត់ប្ដីរបស់នាង ថែមទាំងក្បត់ព្រះយេហូវ៉ា ដោយរៀបការជាមួយនឹងស្តេចណាម្នាក់ក្នុងចំណោមស្តេចទាំងពីរនោះឬទេ? គម្ពីរមិនបានចែងអំពីរឿងនេះទេ ប៉ុន្តែមេកំណាចទំនងជាសប្បាយរីករាយខ្លាំងណាស់ បើសារ៉ាបាត់បង់ឱកាសធ្វើជាវង្សត្រកូលរបស់មេស្ស៊ី។ សាថានប្រាកដជាមិនស្ដាយក្រោយទាល់តែសោះ បើវាអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍ កេរ្ដិ៍ឈ្មោះ និងចំណងមិត្តភាពរបស់ស្ត្រីដ៏ល្អនោះជាមួយនឹងព្រះយេហូវ៉ា។ សាថានពិតជាអាក្រក់ ហើយឥតមេត្ដាមែន!
សាថានមិនខ្វល់អំពីអ្វីដែលត្រូវឬអ្វីដែលខុសទេ
១២, ១៣. (ក) ក្រោយពីលោកយេស៊ូបានកើតមក តើសាថានបានបង្ហាញលក្ខណៈឥតមេត្ដាយ៉ាងដូចម្ដេច? (ខ) តើអ្នកគិតថាសាថានមានអារម្មណ៍យ៉ាងណាចំពោះមនុស្សវ័យក្មេងដែលស្រឡាញ់ព្រះយេហូវ៉ា និងដែលព្យាយាមបម្រើលោកនៅសព្វថ្ងៃនេះ?
១២ លោកយេស៊ូបានកើតមករាប់រយឆ្នាំក្រោយអាប្រាហាំ។ សូមកុំស្មានថា សាថានបានឃើញទារកនោះ ហើយវាគិតថាទារកនោះស្អាតនិងគួរឲ្យស្រឡាញ់នោះឡើយ។ សាថានបានដឹងថាទារកនេះនឹងធំឡើងក្លាយទៅជាមេស្ស៊ីដែលព្រះបានសន្យា។ លោកយេស៊ូជាបុគ្គលសំខាន់ចម្បងនៃពូជរបស់អាប្រាហាំ ហើយក្រោយមកលោកនឹង«បំផ្លាញស្នាដៃរបស់មេកំណាច»។ (យ៉ូហានទី១ ៣:៨) តើសាថាននឹងគិតថាការសម្លាប់កូនក្មេងគឺសាហាវពេកឬទេ? វាមិនគិតដូច្នោះទេ។ វាមិនខ្វល់អំពីអ្វីដែលត្រូវឬអ្វីដែលខុសនោះឡើយ។ ម្យ៉ាងទៀត វាបានចាត់វិធានការភ្លាមៗដើម្បីព្យាយាមសម្លាប់កុមារយេស៊ូ។ តើតាមរបៀបណា?
១៣ ពេលស្តេចហេរ៉ូឌបានឮពីពួកអ្នកចេះហោរាសាស្ត្រថា«ស្តេចនៃជនជាតិយូដា»បានកើតមក គាត់ខឹងខ្លាំងណាស់ ថែមទាំងចង់សម្លាប់ទារកនោះទៀតផង។ (ម៉ាថាយ ២:១-៣, ១៣) ដូច្នេះ គាត់បានបញ្ជាគេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ដែលមានអាយុពីរឆ្នាំចុះក្នុងភូមិបេថ្លេហិម និងតំបន់នៅជុំវិញនោះ។ (សូមអាន ម៉ាថាយ ២:១៣-១៨) លោកយេស៊ូបានត្រូវសង្គ្រោះពីការសម្លាប់ដ៏សាហាវនោះ។ ប៉ុន្តែ តើរឿងនេះធ្វើឲ្យយើងដឹងអ្វីអំពីសាថានដែលជាសត្រូវរបស់យើង? រឿងនេះធ្វើឲ្យយើងដឹងថា មេកំណាចមិនបានចាត់ទុកជីវិតមនុស្សថាមានតម្លៃទេ សូម្បីតែជីវិតរបស់កូនក្មេងក៏ដោយ។ សាថានពិតជា«តោដែលកំពុងគ្រហឹម»មែន។ សូមកុំភ្លេចថាវាឥតមេត្ដាខ្លាំងណាស់!
សាថានគឺជាអ្នកបោកបញ្ឆោត
១៤, ១៥. តើតាមរបៀបណាសាថាន«បានធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត»?
១៤ វិធីតែមួយគត់ដែលសាថានអាចនាំមនុស្សឲ្យប្រឆាំងព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ គឺដោយបោកបញ្ឆោតពួកគេ។ (យ៉ូហានទី១ ៤:៨) សាថានបោកបញ្ឆោតមនុស្សដើម្បីកុំឲ្យពួកគេ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»។ នេះមានន័យថា ពួកគេមិនទទួលស្គាល់ថា ពួកគេត្រូវមានចំណងមិត្តភាពជាមួយនឹងព្រះទេ។ (ម៉ាថាយ ៥:៣) មេកំណាចបាន«ធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត» ដើម្បីឲ្យពួកគេមិនអាចយល់សេចក្ដីពិតអំពីព្រះយេហូវ៉ា។—កូរិនថូសទី២ ៤:៤
១៥ វិធីសំខាន់មួយដែលសាថានប្រើដើម្បីបោកបញ្ឆោតមនុស្ស គឺតាមរយៈសាសនាមិនពិត។ វាដឹងថាព្រះយេហូវ៉ា«មានសេចក្ដីប្រច័ណ្ឌ»ឬតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ (និក្ខមនំ ២០:៥) ដូច្នេះ សូមស្រមៃគិតថាសាថានសប្បាយចិត្តខ្លាំងយ៉ាងណា ពេលដែលវាឃើញមនុស្សគោរពបូជាដូនតារបស់ពួកគេ អ្វីៗនៅក្នុងធម្មជាតិ ឬសត្វផ្សេងៗ ពោលគឺអ្នកណាក៏ដោយ ឬអ្វីណាក៏ដោយ ក្រៅពីព្រះយេហូវ៉ា។ ប៉ុន្តែគួរឲ្យស្ដាយណាស់ ទោះជាមនុស្សជាច្រើនគិតថាការគោរពប្រណិប័តន៍របស់ពួកគេបានទទួលការពេញចិត្តពីព្រះក៏ដោយ តាមពិតការគោរពប្រណិប័តន៍របស់ពួកគេបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីជំនឿមិនពិត និងទំនៀមទម្លាប់ដែលឥតប្រយោជន៍។ ជនជាតិអ៊ីស្រាអែលនៅសម័យអេសាយស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះ។ ព្រះយេហូវ៉ាបានសួរពួកគេថា៖ «ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំងឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ? ចូរស្ដាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស»។—អេសាយ ៥៥:២
សូម្បីតែអ្នកបម្រើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ាក៏សាថានអាចបោកបញ្ឆោតបានដែរ
១៦, ១៧. (ក) ហេតុអ្វីបានជាលោកយេស៊ូប្រាប់ពេត្រុសថា៖ «នែ! សាថាន ចូរទៅឆ្ងាយពីខ្ញុំទៅ»? (ខ) តើតាមរបៀបណាសាថានអាចបោកបញ្ឆោតយើងដើម្បីឲ្យយើងឈប់ចាំយាម?
១៦ សូម្បីតែអ្នកបម្រើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ា ក៏សាថានអាចបោកបញ្ឆោតបានដែរ។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងពេលដែលលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា មិនយូរទៀតលោកនឹងត្រូវគេសម្លាប់។ ពេលនោះសាវ័កពេត្រុសដែលស្រឡាញ់លោកយេស៊ូបាននិយាយថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ ប៉ុន្តែ លោកយេស៊ូបានប្រាប់ពេត្រុសថា៖ «នែ! សាថាន ចូរទៅឆ្ងាយពីខ្ញុំទៅ!»។ (ម៉ាថាយ ១៦:២២, ២៣) ហេតុអ្វីបានជាលោកយេស៊ូហៅពេត្រុសថា«សាថាន»? ពីព្រោះលោកយេស៊ូដឹងអំពីអ្វីដែលហៀបនឹងកើតឡើង។ មិនយូរក្រោយពីនោះ លោកយេស៊ូនឹងស្លាប់ដើម្បីធ្វើជាគ្រឿងបូជាលោះ ហើយលោកនឹងបង្ហាញថាមេកំណាចគឺជាអ្នកកុហក។ ដូច្នេះ នោះគឺជាគ្រាដ៏សំខាន់ណាស់ក្នុងប្រវត្ដិសាស្ត្រមនុស្ស មិនមែនជាគ្រាដែលលោកយេស៊ូត្រូវ«អាណិតខ្លួន»នោះទេ។ បើលោកយេស៊ូឈប់ចាំយាម សាថានច្បាស់ជាសប្បាយចិត្តយ៉ាងខ្លាំង។
១៧ ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ហើយ ដូច្នេះយើងក៏កំពុងរស់នៅក្នុងគ្រាដ៏សំខាន់ដែរ។ សាថានចង់ឲ្យយើង«អាណិតខ្លួន» ដោយឲ្យយើងផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលពិភពលោកនេះចាត់ទុកថាជាជោគជ័យ។ វាចង់ឲ្យយើងភ្លេចខ្លួនថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ ហើយចង់ឲ្យយើងឈប់ចាំយាមទៀត។ សូមកុំឲ្យរឿងនោះកើតឡើងចំពោះអ្នកឲ្យសោះ! ផ្ទុយទៅវិញ«ចូរចាំយាម»។ (ម៉ាថាយ ២៤:៤២) សូមកុំជឿពាក្យកុហករបស់សាថានថា ទីបញ្ចប់នៅយូរទៀត ឬទីបញ្ចប់នឹងមិនមកនោះឡើយ។
១៨, ១៩. (ក) តើតាមរបៀបណាសាថានព្យាយាមបោកបញ្ឆោតយើង ដោយធ្វើឲ្យយើងគិតថាយើងមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា? (ខ) តើព្រះយេហូវ៉ាជួយយើងឲ្យចាំយាមជានិច្ចយ៉ាងដូចម្ដេច?
១៨ សាថានក៏ព្យាយាមបោកបញ្ឆោតយើងតាមវិធីផ្សេងទៀតដែរ។ វាចង់ឲ្យយើងជឿថា យើងមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាទេ ហើយថាលោកនឹងមិនអភ័យទោសចំពោះភាពខុសឆ្គងរបស់យើងឡើយ។ ប៉ុន្តែ ពាក្យកុហកទាំងនេះគឺមកពីសាថាន។ សូមគិតអំពីរឿងនេះ តើអ្នកណាដែលពិតជាមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា? គឺសាថាន។ តើអ្នកណាដែលព្រះមិនអភ័យទោសឲ្យ? គឺសាថាន។ ប៉ុន្តែ ចំណែកយើងវិញ គម្ពីរចែងថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក»។ (ហេប្រឺ ៦:១០) ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំព្យាយាមអស់ពីសមត្ថភាពរបស់យើងដើម្បីធ្វើឲ្យលោកពេញចិត្ត ហើយកិច្ចបម្រើរបស់យើងចំពោះលោកគឺមិនមែនឥតប្រយោជន៍ទេ។ (សូមអាន កូរិនថូសទី១ ១៥:៥៨) ដូច្នេះ សូមកុំចាញ់បោកសាថាន ដោយជឿពាក្យកុហករបស់វាឡើយ។
១៩ ដូចដែលយើងបានរៀនខាងលើ សាថានមានឫទ្ធានុភាព គ្មានមេត្ដា ហើយបោកបញ្ឆោត។ តើតាមរបៀបណាយើងអាចច្បាំងឈ្នះសត្រូវដែលមានលក្ខណៈទាំងនេះបាន? ព្រះយេហូវ៉ានឹងជួយយើង។ គម្ពីរដែលជាបណ្ដាំរបស់លោកបង្រៀនយើងអំពីវិធីសាស្ត្រផ្សេងៗរបស់សាថាន ដើម្បីឲ្យយើង«ដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាន»។ (កូរិនថូសទី២ ២:១១) ពេលយើងដឹងអំពីកលល្បិចផ្សេងៗដែលសាថានប្រើដើម្បីវាយប្រហារយើង នោះជួយយើងឲ្យងាយស្រួលជាងក្នុងការចាំយាមជានិច្ច។ ប៉ុន្តែ គ្រាន់តែដឹងអំពីវិធីសាស្ត្រផ្សេងៗរបស់សាថានប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ។ គម្ពីរប្រាប់ថា៖ «ចូរតស៊ូនឹងមេកំណាច រួចវានឹងរត់ចេញពីអ្នករាល់គ្នា»។ (យ៉ាកុប ៤:៧) អត្ថបទបន្ទាប់នឹងពិចារណាវិធីបីយ៉ាងដែលយើងអាចប្រយុទ្ធឈ្នះសាថានបាន។