ជំពូកទី៣
ចូរស្រឡាញ់អ្នកដែលព្រះស្រឡាញ់
«អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។—សុភាសិត ១៣:២០
១-៣. (ក) តើគម្ពីរបញ្ជាក់ការពិតអ្វីដែលប្រកែកពុំបាននោះ? (ខ) តើយើងអាចធ្វើដូចម្ដេចដើម្បីជ្រើសរើសមិត្តភក្ដិដែលនឹងមានឥទ្ធិពលល្អមកលើយើង?
សំឡីជក់វត្ថុរាវណាក៏ដោយដែលនៅជាប់វា។ ដូចគ្នាដែរ មនុស្សយើងងាយយកខ្នាតតម្រា បុគ្គលិកលក្ខណៈ និងគំនិតរបស់អ្នកដែលយើងសេពគប់យ៉ាងជិតស្និទ្ធមកធ្វើជារបស់យើង។ ជួនកាលយើងធ្វើដូច្នេះដោយមិនដឹងខ្លួនទេ។
២ គម្ពីរបញ្ជាក់ការពិតមួយដែលពុំអាចប្រកែកបានឡើយ គឺ៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) សុភាសិតនេះមិនសំដៅទៅលើការស្គាល់គ្នាធម្មតាទេ។ ពាក្យ«ដើរជាមួយ»បង្កប់អត្ថន័យថាសេពគប់គ្នាឥតដាច់។a ឯកសារយោងមួយអំពីគម្ពីរបកស្រាយពាក្យនោះថា«ការដើរជាមួយបុគ្គលណាម្នាក់ បង្កប់អត្ថន័យថាយើងស្រឡាញ់បុគ្គលនោះ ហើយចិត្តយើងនៅជាប់នឹងគាត់»។ យើងច្រើនតែយកតម្រាប់តាមមនុស្សដែលយើងស្រឡាញ់ មែនទេ? ហើយពីព្រោះចិត្តយើងនៅជាប់នឹងអ្នកដែលយើងស្រឡាញ់ នោះពួកគេអាចមានឥទ្ធិពលខ្លាំងមកលើយើង ទោះជាឥទ្ធិពលនោះល្អឬអាក្រក់ក៏ដោយ។
៣ ដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ ជាការចាំបាច់ដែលយើងរកមិត្តភក្ដិដែលនឹងមានឥទ្ធិពលល្អមកលើយើង។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? បើនិយាយឲ្យចំទៅ យើងអាចធ្វើដូច្នេះដោយស្រឡាញ់អ្នកដែលព្រះស្រឡាញ់ ហើយយកមិត្តរបស់លោកមកធ្វើជាមិត្តរបស់យើងដែរ។ សូមគិតទៅមើល! បើយើងជ្រើសរើសមិត្តភក្ដិដែលព្រះយេហូវ៉ាយកជាមិត្តរបស់លោកដែរ នោះយើងនឹងមានមិត្តដ៏ល្អបំផុត មែនទេ? បើដូច្នេះ សូមពិចារណាអំពីប្រភេទមនុស្សដែលព្រះស្រឡាញ់។ ក្រោយពីបានយល់ច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ា នោះយើងនឹងមានសមត្ថភាពច្រើនជាងក្នុងការជ្រើសរើសមិត្តភក្ដិដ៏ល្អ។
ពួកអ្នកដែលព្រះស្រឡាញ់
៤. ហេតុអ្វីព្រះយេហូវ៉ាមានសិទ្ធិជ្រើសរើសថាអ្នកណាសមធ្វើជាមិត្តរបស់លោក? ហើយហេតុអ្វីព្រះយេហូវ៉ាហៅអាប្រាហាំថា‹សំឡាញ់របស់ខ្ញុំ›?
៤ ព្រះយេហូវ៉ាមិនយកអ្នកណាក៏ដោយមកធ្វើជាមិត្តសម្លាញ់របស់លោកទេ។ លោកពិតជាមានសិទ្ធិជ្រើសរើស ថាអ្នកណាសមធ្វើជាមិត្តរបស់លោក មែនទេ? យ៉ាងណាមិញ លោកជាម្ចាស់ដ៏ឧត្តមបំផុត ហើយមិត្តភាពជាមួយនឹងលោកជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុត។ បើដូច្នេះ តើព្រះជ្រើសរើសអ្នកណាឲ្យធ្វើជាមិត្តសម្លាញ់របស់លោក? ព្រះយេហូវ៉ាចូលទៅជិតអ្នកដែលទុកចិត្តលោក ហើយមានជំនឿជឿជាក់លើលោក។ ជាឧទាហរណ៍ សូមគិតអំពីគំរូរបស់អាប្រាហាំដែលមានកេរ្ដិ៍ឈ្មោះជាអ្នកមានជំនឿដែលគួរឲ្យស្ងើចសរសើរ។ ការសាកល្បងជំនឿរបស់ឪពុកម្នាក់ដោយសុំគាត់បូជាជីវិតកូន ច្បាស់ជាការសាកល្បងដ៏ពិបាកបំផុត។b ប៉ុន្តែអាប្រាហាំ«បម្រុងនឹងបូជាអ៊ីសាក» ដោយមានជំនឿជឿជាក់ថា«ព្រះអាចប្រោសឲ្យអ៊ីសាករស់ឡើងវិញ សូម្បីតែស្លាប់ទៅហើយក្ដី»។ (ហេប្រឺ ១១:១៧-១៩) ដោយសារអាប្រាហាំបង្ហាញជំនឿបែបនោះ ហើយបានស្ដាប់បង្គាប់ នោះព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់ដោយហៅគាត់ថា‹សំឡាញ់របស់ខ្ញុំ›។—អេសាយ ៤១:៨; យ៉ាកុប ២:២១-២៣
៥. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអ្នកដែលស្ដាប់បង្គាប់លោកដោយស្មោះត្រង់?
៥ ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើការស្ដាប់បង្គាប់លោកដោយស្មោះត្រង់។ លោកស្រឡាញ់អ្នកដែលចាត់ទុកថាការរក្សាភាពស្មោះត្រង់ចំពោះលោកជាអ្វីដែលសំខាន់បំផុត។ ដូចយើងបានរៀនក្នុងជំពូកទី១នៃសៀវភៅនេះ ព្រះយេហូវ៉ាពេញចិត្តណាស់ចំពោះអ្នកដែលសម្រេចចិត្តស្ដាប់បង្គាប់លោកដោយសារពួកគេស្រឡាញ់លោក។ សុភាសិត ៣:៣២ចែងថា៖ «ឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ»។ ព្រះយេហូវ៉ាអញ្ជើញយ៉ាងកក់ក្ដៅអស់អ្នកដែលបំពេញតាមខ្នាតតម្រារបស់លោកដោយស្មោះត្រង់ ឲ្យមកធ្វើជាភ្ញៀវក្នុង«រោង»របស់លោក។ នេះបង្កប់អត្ថន័យថាពួកគេបានត្រូវទទួលស្វាគមន៍ឲ្យមកគោរពប្រណិប័តន៍លោក ហើយអាចអធិដ្ឋានទៅលោកដោយសេរី។—ទំនុកតម្កើង ១៥:១-៥
៦. តើយើងអាចបង្ហាញថាយើងស្រឡាញ់លោកយេស៊ូយ៉ាងដូចម្ដេច? ហើយតើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលស្រឡាញ់បុត្ររបស់លោក?
៦ ព្រះយេហូវ៉ាស្រឡាញ់អ្នកដែលស្រឡាញ់លោកយេស៊ូ ជាបុត្រតែមួយរបស់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ ហើយបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងលំនៅជាមួយនឹងគាត់»។ (យ៉ូហាន ១៤:២៣) តើយើងអាចបង្ហាញថាយើងស្រឡាញ់លោកយេស៊ូយ៉ាងដូចម្ដេច? ពេលយើងធ្វើតាមបញ្ញត្ដិរបស់លោកយេស៊ូ រួមទាំងបង្គាប់ដែលឲ្យផ្សព្វផ្សាយដំណឹងល្អ ហើយបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោក នោះច្បាស់ជាបង្ហាញថាយើងស្រឡាញ់លោកមែន។ (ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៤:១៥, ២១) ម្យ៉ាងទៀត យើងបង្ហាញថាយើងស្រឡាញ់លោកយេស៊ូ ពេលដែលយើង«ខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់» ដោយខំអស់ពីសមត្ថភាពរបស់យើងដែលជាមនុស្សមិនល្អឥតខ្ចោះ ដើម្បីប្រព្រឹត្តនិងនិយាយតាមគំរូដែលលោកបានទុកឲ្យ។ (ពេត្រុសទី១ ២:២១) ព្រះយេហូវ៉ាពេញចិត្តណាស់ ពេលមនុស្សដែលបានត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះបុត្ររបស់លោក ព្យាយាមដើរតាមលំអានដានរបស់គ្រិស្ត។
៧. ហេតុអ្វីយើងគួរយកមិត្តរបស់ព្រះយេហូវ៉ាមកធ្វើជាមិត្តរបស់យើង?
៧ ជំនឿ ភាពស្មោះត្រង់ ការចេះស្ដាប់បង្គាប់ ព្រមទាំងសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូនិងការប្រព្រឹត្តរបស់លោក ជាគុណសម្បត្ដិខ្លះដែលព្រះយេហូវ៉ារក ពេលលោកជ្រើសរើសមនុស្សឲ្យធ្វើជាមិត្ត។ យើងម្នាក់ៗគប្បីសួរខ្លួនយើងថា ‹តើមិត្តជិតស្និទ្ធរបស់ខ្ញុំបង្ហាញគុណសម្បត្ដិទាំងនេះឬ? តើខ្ញុំបានយកមិត្តរបស់ព្រះយេហូវ៉ាមកធ្វើជាមិត្តរបស់ខ្ញុំឬទេ?›។ ជាការល្អបើយើងធ្វើដូច្នេះ។ អ្នកដែលអប់រំខ្លួនឲ្យមានគុណសម្បត្ដិដែលព្រះពេញចិត្ត ហើយផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ អាចមានឥទ្ធិពលល្អមកលើយើង ហើយជំរុញយើងឲ្យធ្វើតាមការតាំងចិត្តរបស់យើងដែលចង់ធ្វើឲ្យព្រះពេញចិត្ត (សូមមើលប្រអប់ដែលមានចំណងជើងថា «តើមិត្តភក្ដិល្អជាមនុស្សប្រភេទណា?»)។
ចូររៀនពីគំរូក្នុងគម្ពីរ
៨. ហេតុអ្វីអ្នកស្ងើចសរសើរមិត្តភាពរវាង (ក) ន៉ាអូមីនិងរូថ? (ខ) យុវជនជាតិហេប្រឺបីនាក់? (គ) ប៉ូលនិងធីម៉ូថេ?
៨ បទគម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលបានទទួលប្រយោជន៍ដោយសារពួកគេបានជ្រើសរើសមិត្តដ៏ល្អ។ អ្នកអាចអានអំពីមិត្តភាពរវាងន៉ាអូមីនិងកូនប្រសាស្រីរបស់គាត់ឈ្មោះរូថ ហើយអាចអានអំពីយុវជនជាតិហេប្រឺបីនាក់ ដែលបានរក្សាចំណងមិត្តភាពដ៏រឹងមាំពេលនៅក្រុងបាប៊ីឡូន។ ម្យ៉ាងទៀត អ្នកអាចអានអំពីមិត្តភាពរវាងប៉ូលនិងធីម៉ូថេ។ (នាងរស់ ១:១៦; ដានីយ៉ែល ៣:១៧, ១៨; កូរិនថូសទី១ ៤:១៧; ភីលីព ២:២០-២២) ប៉ុន្តែ សូមផ្ដោតអារម្មណ៍ទៅលើគំរូមួយទៀតដែលល្អប្រសើរ គឺមិត្តភាពរវាងដាវីឌនិងយ៉ូណាថាន។
៩, ១០. តើអ្វីជាមូលដ្ឋាននៃមិត្តភាពរវាងដាវីឌនិងយ៉ូណាថាន?
៩ គម្ពីរចែងថា ក្រោយពីដាវីឌសម្លាប់កូលីយ៉ាត នោះ«ចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ»។ (សាំយូអែលទី១ ១៨:១) ចាប់ពីពេលនោះទៅ ពួកគាត់មានចំណងមិត្តភាពដែលកាត់ផ្ដាច់ពុំបាន ហើយទោះជាពួកគាត់មានអាយុខុសគ្នាឆ្ងាយក៏ដោយ មិត្តភាពនោះបានស្ថិតស្ថេររហូតដល់យ៉ូណាថានស្លាប់នៅសមរភូមិ។c (សាំយូអែលទី២ ១:២៦) តើអ្វីជាមូលដ្ឋាននៃចំណងមិត្តភាពដ៏រឹងមាំរបស់មិត្តសម្លាញ់ទាំងពីរនេះ?
១០ ដាវីឌនិងយ៉ូណាថានមានភាពជិតស្និទ្ធដោយសារពួកគាត់ស្រឡាញ់ព្រះ ហើយចង់រក្សាភាពស្មោះត្រង់នឹងលោក។ មិត្តទាំងពីរនាក់នេះចង់ធ្វើឲ្យព្រះពេញចិត្ត ហើយនេះធ្វើឲ្យពួកគាត់មានសាមគ្គីភាព។ ដាវីឌនិងយ៉ូណាថានបានបង្ហាញគុណសម្បត្ដិដែលធ្វើឲ្យពួកគាត់ស្រឡាញ់គ្នាទៅវិញទៅមក។ យ៉ូណាថានច្បាស់ជាបានស្ងើចសរសើរភាពក្លាហាននិងចិត្តខ្នះខ្នែងរបស់យុវជននេះ ដែលបានការពារនាមរបស់ព្រះយេហូវ៉ាយ៉ាងអង់អាច។ ដាវីឌប្រាកដជាបានគោរពបុរសវ័យចាស់រូបនេះ ដែលបានគាំទ្រការរៀបចំរបស់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយបានចាត់ទុកប្រយោជន៍របស់ដាវីឌថាសំខាន់ជាងប្រយោជន៍ខ្លួន។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងពេលដាវីឌធ្លាក់ទឹកចិត្ត ដោយត្រូវរស់នៅតំបន់ស្ងាត់ជ្រងំដើម្បីភៀសខ្លួនឲ្យរួចពីកំហឹងរបស់ស្តេចសូលដ៏ទុច្ចរិតនោះ។ យ៉ូណាថានបានបង្ហាញភាពស្មោះត្រង់យ៉ាងអស្ចារ្យ ដោយផ្ដើម«ទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង»។ (សាំយូអែលទី១ ២៣:១៦) សូមគិតថាដាវីឌមានអារម្មណ៍យ៉ាងណាពេលមិត្តជាទីស្រឡាញ់របស់គាត់បានមកជួយនិងលើកទឹកចិត្តគាត់!d
១១. ដោយពិចារណាអំពីគំរូរបស់ដាវីឌនិងយ៉ូណាថាន តើអ្នករៀនអ្វីខ្លះអំពីមិត្តភាព?
១១ តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់យ៉ូណាថាននិងដាវីឌ? មេរៀនដែលលេចធ្លោជាងគេគឺ គំនិតរបស់មិត្តទាំងពីរនាក់ស្តីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ នោះត្រូវមានមូលដ្ឋានលើចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ នេះជាកត្ដាសំខាន់បំផុត។ ពេលដែលយើងមានភាពជិតស្និទ្ធជាមួយនឹងអ្នកដែលមានជំនឿ និងគោលការណ៍សីលធម៌ដូចយើង ហើយចង់រក្សាភាពស្មោះត្រង់នឹងព្រះដូចយើង នោះយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយប្ដូរយោបល់និងបទពិសោធន៍គ្នា ហើយប្រាប់អំពីអារម្មណ៍របស់ខ្លួន។ (សូមអាន រ៉ូម ១:១១, ១២) ក្នុងចំណោមអ្នករួមជំនឿ យើងអាចរកឃើញមនុស្សដែលចង់រក្សាភាពស្មោះត្រង់នឹងព្រះបាន។ ប៉ុន្តែ តើនេះមានន័យថាមនុស្សទាំងអស់ដែលមកកិច្ចប្រជុំសុទ្ធតែជាការសេពគប់ល្អឬ? មិនមានន័យដូច្នេះទេ។
តើយើងគួរជ្រើសរើសមនុស្សបែបណាធ្វើជាមិត្តជិតស្និទ្ធ?
១២, ១៣. (ក) ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នពេលដែលជ្រើសរើសការសេពគប់ សូម្បីតែក្នុងចំណោមបងប្អូនរួមជំនឿក៏ដោយ? (ខ) តើក្រុមជំនុំនៅសតវត្សរ៍ទី១ត្រូវប្រឈមមុខនឹងបញ្ហាអ្វី? តើនោះបានជំរុញប៉ូលឲ្យព្រមានពួកគេត្រង់ៗយ៉ាងដូចម្ដេច?
១២ សូម្បីតែក្នុងក្រុមជំនុំ ក៏យើងត្រូវប្រុងប្រយ័ត្នដែរ ដើម្បីយើងអាចសេពគប់តែនឹងអ្នកណាដែលនឹងជួយយើងឲ្យពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះ។ តើចំណុចដែលថា យើងត្រូវប្រុងប្រយ័ត្ន គួរធ្វើឲ្យយើងភ្ញាក់ផ្អើលឬ? តាមពិត មិនគួរធ្វើឲ្យភ្ញាក់ផ្អើលទេ។ ដូចផ្លែឈើនៅដើមតែមួយមិនទុំដំណាលគ្នាទេ នោះគ្រិស្តសាសនិកខ្លះក្នុងក្រុមជំនុំ ក៏ត្រូវការពេលយូរជាងដើម្បីមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះដែរ។ ដូច្នេះ យើងឃើញថាក្នុងក្រុមជំនុំទាំងអស់ មានគ្រិស្តសាសនិកដែលរីកចម្រើនដល់កម្រិតខុសៗគ្នា។ (ហេប្រឺ ៥:១២–៦:៣) ទោះជាយ៉ាងនោះក៏ដោយ យើងនៅតែបង្ហាញចិត្តអត់ធ្មត់និងសេចក្ដីស្រឡាញ់ចំពោះអ្នកដែលទើបនឹងជឿថ្មី ឬអ្នកដែលខ្សោយ ពីព្រោះយើងចង់ជួយពួកគេឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។—រ៉ូម ១៤:១; ១៥:១
១៣ ម្ដងម្កាល ប្រហែលជាមានស្ថានភាពមួយក្នុងក្រុមជំនុំដែលតម្រូវឲ្យយើងប្រុងប្រយ័ត្ននឹងការសេពគប់របស់យើង។ ប្រហែលជាបុគ្គលខ្លះមានការប្រព្រឹត្តដែលគួរឲ្យសង្ស័យ។ អ្នកឯទៀតប្រហែលជាចាប់ផ្ដើមខឹងក្រុមជំនុំ ហើយបែរជាមានទម្លាប់រអ៊ូរទាំ។ ក្រុមជំនុំនៅសតវត្សរ៍ទី១ គ.ស. ក៏បានប្រឈមមុខនឹងបញ្ហាបែបនេះដែរ។ សមាជិកភាគច្រើនក្នុងក្រុមជំនុំនោះគឺស្មោះត្រង់នឹងព្រះ ប៉ុន្តែបងប្អូនខ្លះមិនបានប្រព្រឹត្តត្រឹមត្រូវទេ។ ដោយហេតុថាមានបុគ្គលខ្លះក្នុងក្រុមជំនុំកូរិនថូសមិនបានកាន់តាមសេចក្ដីបង្រៀនខ្លះរបស់គ្រិស្តសាសនិក នោះប៉ូលបានព្រមានក្រុមជំនុំនោះថា៖ «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។ (កូរិនថូសទី១ ១៥:១២, ៣៣) ប៉ូលបានព្រមានធីម៉ូថេថា សូម្បីតែក្នុងចំណោមបងប្អូនរួមជំនឿ ក៏ប្រហែលជាមានបុគ្គលខ្លះដែលមិនប្រព្រឹត្តល្អដែរ។ ធីម៉ូថេបានត្រូវណែនាំឲ្យជៀសចេញពីបុគ្គលបែបនោះ ដោយមិនយកពួកគេធ្វើជាមិត្តជិតស្និទ្ធរបស់គាត់។—សូមអាន ធីម៉ូថេទី២ ២:២០-២២
១៤. តើយើងអាចអនុវត្តតាមគោលការណ៍ដែលប៉ូលបានបញ្ជាក់អំពីការសេពគប់យ៉ាងដូចម្ដេច?
១៤ តើយើងអាចអនុវត្តតាមគោលការណ៍ដែលប៉ូលបានបញ្ជាក់យ៉ាងដូចម្ដេច? គឺដោយមិនសេពគប់បុគ្គលណាដែលអាចមានឥទ្ធិពលអាក្រក់មកលើយើង ទោះជាបុគ្គលនោះនៅក្នុងឬក្រៅក្រុមជំនុំក៏ដោយ។ (ថែស្សាឡូនិចទី២ ៣:៦, ៧, ១៤) យើងត្រូវការពារចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ សូមចាំថា ដោយមិនដឹងខ្លួន យើងនឹងចាប់ផ្ដើមមានចិត្តគំនិតនិងការប្រព្រឹត្តដូចមិត្តជិតស្និទ្ធរបស់យើង។ យើងមិនអាចយកសំឡីទៅជ្រលក់ទឹកស្អុយ ហើយសង្ឃឹមថាវានឹងជក់តែទឹកស្អាតទេ។ ដូចគ្នាដែរ យើងក៏មិនអាចសេពគប់មនុស្សដែលមានឥទ្ធិពលអាក្រក់ ហើយសង្ឃឹមថាយើងនឹងទទួលឥទ្ធិពលល្អដែរ។—កូរិនថូសទី១ ៥:៦
ក្នុងចំណោមអ្នករួមជំនឿ យើងអាចរកឃើញការសេពគប់ល្អ
១៥. ក្នុងក្រុមជំនុំ តើអ្នកអាចរកឃើញយ៉ាងដូចម្ដេចនូវមិត្តល្អដែលព្យាយាមពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា?
១៥ ក៏ប៉ុន្តែយើងមានហេតុគួរឲ្យសប្បាយមែន ពីព្រោះក្នុងចំណោមអ្នករួមជំនឿយើងអាចរកឃើញការសេពគប់ល្អជាច្រើន។ (ទំនុកតម្កើង ១៣៣:១) ក្នុងក្រុមជំនុំ តើអ្នកអាចរកឃើញយ៉ាងដូចម្ដេចនូវមិត្តល្អដែលព្យាយាមពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា? កាលដែលអ្នកព្យាយាមមានគុណសម្បត្ដិនិងការប្រព្រឹត្តដូចព្រះ នោះអ្នកឯទៀតដែលកំពុងធ្វើដូច្នេះដែរ នឹងចាប់អារម្មណ៍មកលើអ្នក។ ដំណាលគ្នានោះ អ្នកប្រហែលជាត្រូវធ្វើតាមជំហានមួយចំនួនដើម្បីមានមិត្តភក្ដិថ្មី។ (សូមមើលប្រអប់ដែលមានចំណងជើងថា «របៀបដែលយើងរកបានមិត្តភក្ដិល្អ») សូមស្វែងរកអ្នកដែលបង្ហាញគុណសម្បត្ដិដែលអ្នកចង់បង្ហាញដែរ។ សូមធ្វើតាមឱវាទក្នុងគម្ពីរដែលឲ្យ«បើកចិត្តឲ្យទូលាយ» ដោយខំចងមិត្តភាពជាមួយនឹងបងប្អូនរួមជំនឿ ទោះជាពួកគេមានវប្បធម៌ឬជាតិអ្វីក៏ដោយ។ (កូរិនថូសទី២ ៦:១៣; សូមអាន ពេត្រុសទី១ ២:១៧) កុំសេពគប់តែអ្នកដែលមានអាយុស្រករអ្នកឡើយ។ សូមចាំថា យ៉ូណាថានចាស់ជាងដាវីឌឆ្ងាយណាស់។ បងប្អូនវ័យចាស់ជាច្រើននាក់មានបទពិសោធន៍និងប្រាជ្ញាច្រើន ហើយនោះអាចផ្ដល់ប្រយោជន៍ច្រើនដល់អ្នកដែលមានមិត្តភាពជាមួយនឹងពួកគាត់។
ពេលមានបញ្ហាកើតឡើង
១៦, ១៧. បើបងប្អូនរួមជំនឿធ្វើឲ្យយើងអន់ចិត្ត ហេតុអ្វីយើងមិនគួរដកខ្លួនចេញពីក្រុមជំនុំ?
១៦ ជួនកាលអាចមានបញ្ហាកើតឡើង ដោយសារបងប្អូនក្នុងក្រុមជំនុំមានបុគ្គលិកលក្ខណៈនិងប្រវត្ដិខុសគ្នាឆ្ងាយ។ ប្រហែលជាបងប្អូនម្នាក់និយាយឬធ្វើអ្វីដែលនាំឲ្យយើងអន់ចិត្ត។ (សុភាសិត ១២:១៨) ជួនកាលមានបញ្ហាកើតឡើងដោយសារបងប្អូនមានបុគ្គលិកលក្ខណៈខុសគ្នា ឬដោយសារមានការយល់ច្រឡំ ឬខ្វែងគំនិតគ្នា។ ពេលដែលមានបញ្ហាបែបនេះ តើយើងនឹងជំពប់ដួល ហើយឈប់ចូលរួមជាមួយក្រុមជំនុំឬ? បើយើងមានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះយេហូវ៉ានិងចំពោះអ្នកដែលលោកស្រឡាញ់ នោះយើងនឹងមិនឈប់ចូលរួមជាមួយក្រុមជំនុំទេ។
១៧ ក្នុងនាមជាអ្នកបង្កើតយើងនិងជាអ្នកទ្រទ្រង់ជីវិតយើង នោះព្រះយេហូវ៉ាគួរនឹងទទួលពីយើងនូវសេចក្ដីស្រឡាញ់និងភក្ដីភាពផ្ដាច់មុខ។ (ការបើកបង្ហាញ ៤:១១) ម្យ៉ាងទៀត ក្រុមជំនុំដែលលោកពេញចិត្តប្រើ គឺគួរនឹងទទួលនូវការគាំទ្រពីយើង។ (ហេប្រឺ ១៣:១៧) ដូច្នេះ បើបងប្អូនរួមជំនឿណាម្នាក់ធ្វើឲ្យយើងអន់ចិត្តឬខកចិត្ត នោះយើងនឹងមិនដកខ្លួនចេញពីក្រុមជំនុំ ដើម្បីបង្ហាញថាយើងមិនសប្បាយចិត្តទេ។ តើយើងអាចធ្វើដូច្នេះដូចម្ដេចបាន? យ៉ាងណាមិញ ព្រះយេហូវ៉ាមិនមែនជាអ្នកដែលធ្វើឲ្យយើងអន់ចិត្តទេ។ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យយើងបោះបង់ចោលលោកនិងរាស្ត្រលោកឡើយ!—សូមអាន ទំនុកតម្កើង ១១៩:១៦៥
១៨. (ក) តើយើងអាចធ្វើអ្វីដើម្បីបង្កើតឲ្យមានសន្ដិភាពក្នុងក្រុមជំនុំ? (ខ) បើយើងសម្រេចចិត្តអភ័យទោសឲ្យអ្នកឯទៀតពេលមានមូលហេតុត្រឹមត្រូវ តើយើងទទួលពរអ្វីខ្លះ?
១៨ សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿជំរុញយើងឲ្យបង្កើតឲ្យមានសន្ដិភាពក្នុងក្រុមជំនុំ។ ព្រះយេហូវ៉ាមិនតម្រូវឲ្យអ្នកដែលលោកស្រឡាញ់ ធ្វើជាមនុស្សល្អឥតខ្ចោះទេ ហើយយើងមិនគួរតម្រូវឲ្យបងប្អូនយើងធ្វើជាមនុស្សល្អឥតខ្ចោះដែរ។ សេចក្ដីស្រឡាញ់ជួយយើងមិនឲ្យទើសចិត្តឬអន់ចិត្តពេលអ្នកឯទៀតមានកំហុសបន្ដិចបន្តួច ដោយចាំថាយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយជួនកាលធ្វើខុស។ (សុភាសិត ១៧:៩; ពេត្រុសទី១ ៤:៨) សេចក្ដីស្រឡាញ់ជួយយើង«អភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (កូឡុស ៣:១៣) ឱវាទនោះមិនតែងតែស្រួលធ្វើតាមទេ។ បើយើងពុំអាចយកឈ្នះអារម្មណ៍អន់ចិត្តបានទេ នោះយើងប្រហែលជានឹងខឹងងំ ដោយគិតថានេះជាវិធីធ្វើទោសអ្នកដែលបានធ្វើឲ្យយើងអន់ចិត្ត។ ប៉ុន្តែតាមពិត បើយើងចិញ្ចឹមទុកកំហឹងក្នុងចិត្ត នោះយើងកំពុងធ្វើទុក្ខខ្លួនយើង។ បើយើងសម្រេចចិត្តអភ័យទោសឲ្យអ្នកឯទៀតពេលមានមូលហេតុត្រឹមត្រូវ នោះនាំឲ្យយើងទទួលពរជាច្រើន។ (លូកា ១៧:៣, ៤) ការអភ័យទោសធ្វើឲ្យយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត ជួយការពាររក្សាសន្ដិភាពក្នុងក្រុមជំនុំ ហើយសំខាន់បំផុត ជួយការពារចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។—ម៉ាថាយ ៦:១៤, ១៥; រ៉ូម ១៤:១៩
ពេលដែលត្រូវឈប់សេពគប់
១៩. តើយើងត្រូវឈប់សេពគប់ជាមួយនឹងបុគ្គលណាម្នាក់នៅពេលណា?
១៩ ជួនកាលយើងប្រហែលជាត្រូវឈប់សេពគប់ជាមួយនឹងបុគ្គលម្នាក់ដែលធ្លាប់ជាសមាជិកក្រុមជំនុំ។ នេះកើតឡើងពេលបុគ្គលម្នាក់ដែលបំពានច្បាប់របស់ព្រះ ហើយមិនប្រែចិត្តបានត្រូវបណ្ដាច់មិត្តភាព ឬមួយបោះបង់ចោលជំនឿដោយបង្រៀនសេចក្ដីបង្រៀនមិនពិត ឬដកខ្លួនចេញពីក្រុមជំនុំ។ បណ្ដាំរបស់ព្រះចែងប្រាប់យើងត្រង់ៗថា«ឈប់ចូលលាយឡំ»ជាមួយនឹងបុគ្គលបែបនោះ។e (សូមអាន កូរិនថូសទី១ ៥:១១-១៣; យ៉ូហានទី២ ៩-១១) ការឈប់សេពគប់បុគ្គលដែលធ្លាប់ជាមិត្តភក្ដិរបស់យើងឬជាសាច់ញាតិ ប្រហែលជាពិបាកណាស់។ តើយើងនឹងកាន់ជំហរមាំមួន ហើយបង្ហាញថាយើងចាត់ទុកភក្ដីភាពចំពោះព្រះយេហូវ៉ា និងច្បាប់ដ៏សុចរិតយុត្ដិធម៌របស់លោកជាអ្វីសំខាន់បំផុតឬទេ? សូមចាំថា ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើភក្ដីភាពនិងការស្ដាប់បង្គាប់។
២០, ២១. (ក) ហេតុអ្វីការបណ្ដាច់មិត្តភាពជារបៀបរៀបចំមួយដែលសឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? (ខ) ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសការសេពគប់ដោយប្រុងប្រយ័ត្ន?
២០ តាមពិត ការបណ្ដាច់មិត្តភាពជារបៀបរៀបចំមួយដែលសឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ តើសឲ្យឃើញយ៉ាងដូចម្ដេច? ការបណ្ដាច់មិត្តភាពបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងតែមិនប្រែចិត្តនោះ ជាវិធីបង្ហាញសេចក្ដីស្រឡាញ់ចំពោះនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ា និងខ្នាតតម្រារបស់លោក។ (ពេត្រុសទី១ ១:១៥, ១៦) ការបណ្ដាច់មិត្តភាពជួយរក្សាក្រុមជំនុំ ដោយការពារសមាជិកដ៏ស្មោះត្រង់ពីឥទ្ធិពលអាក្រក់នៃអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា។ យ៉ាងនេះ បងប្អូនស្មោះត្រង់អាចបន្តគោរពប្រណិប័តន៍ព្រះ ដោយមានទំនុកចិត្តថាក្រុមជំនុំជាទីដែលមានសុវត្ថិភាពពីឥទ្ធិពលនៃពិភពលោកដ៏ទុច្ចរិតនេះ។ (កូរិនថូសទី១ ៥:៧; ហេប្រឺ ១២:១៥, ១៦) ការប្រដៅដ៏តឹងរ៉ឹងនោះក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលបានធ្វើខុសដែរ។ ការបណ្ដាច់មិត្តភាពនោះប្រហែលជាអ្វីដែលគាត់ត្រូវការដើម្បីភ្ញាក់ដឹងខ្លួន ហើយចាត់វិធានការត្រឡប់មកឯព្រះយេហូវ៉ាវិញ។—ហេប្រឺ ១២:១១
២១ យើងត្រូវទទួលស្គាល់ការពិតថា មិត្តជិតស្និទ្ធរបស់យើងមានឥទ្ធិពលខ្លាំងមកលើចិត្តគំនិតនិងការប្រព្រឹត្តរបស់យើង។ ហេតុនេះ ជាការសំខាន់ណាស់ដែលយើងជ្រើសរើសការសេពគប់ដោយប្រុងប្រយ័ត្ន។ បើយើងចងមិត្តភាពជាមួយនឹងអ្នកដែលជាមិត្តរបស់ព្រះយេហូវ៉ា ហើយស្រឡាញ់អ្នកដែលលោកស្រឡាញ់ នោះយើងនឹងមានការសេពគប់ដ៏ល្អបំផុត។ ឥទ្ធិពលរបស់ពួកគេនឹងជួយយើងធ្វើតាមការតាំងចិត្តរបស់យើងដែលចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
a ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ភប់ប្រសព្វ»ក៏បានត្រូវបកប្រែថា«កំដរ»ដែរ។—ពួកចៅហ្វាយ ១៤:២០
b ដោយសុំអាប្រាហាំបូជាកូន នោះព្រះយេហូវ៉ាបង្ហាញឲ្យឃើញទុកជាមុនអំពីអ្វីដែលលោកនឹងធ្វើ គឺបូជាបុត្រតែមួយរបស់លោក។ (យ៉ូហាន ៣:១៦) ក្នុងករណីរបស់អាប្រាហាំ ព្រះយេហូវ៉ាបានឃាត់គាត់ហើយផ្ដល់សត្វចៀមមួយដើម្បីឲ្យគាត់បូជាជំនួសអ៊ីសាក។—លោកុប្បត្តិ ២២:១, ២, ៩-១៣
c ដាវីឌ«នៅក្មេងណាស់» ពេលដែលគាត់សម្លាប់កូលីយ៉ាត ហើយពេលដែលយ៉ូណាថានស្លាប់ ដាវីឌមានអាយុប្រហែល៣០ឆ្នាំ។ (សាំយូអែលទី១ ១៧:៣៣; ៣១:២; សាំយូអែលទី២ ៥:៤) យ៉ូណាថានមានអាយុជិត៦០ឆ្នាំពេលដែលគាត់ស្លាប់ ដូច្នេះតាមមើលទៅគាត់ចាស់ជាងដាវីឌប្រហែល៣០ឆ្នាំ។
d យោងទៅតាមសាំយូអែលទី១ ២៣:១៧ យ៉ូណាថានបាននិយាយអ្វីប្រាំយ៉ាងដើម្បីលើកទឹកចិត្តដាវីឌ (១) គាត់ប្រាប់ដាវីឌថា កុំខ្លាចឡើយ។ (២) គាត់ពង្រឹងទំនុកចិត្តរបស់ដាវីឌថា សូលនឹងរកដាវីឌមិនឃើញទេ។ (៣) គាត់រំលឹកដាវីឌថាដាវីឌនឹងទទួលតំណែងជាស្តេច ដូចព្រះបានសន្យា។ (៤) គាត់សន្យាថាគាត់នឹងបង្ហាញភក្ដីភាពចំពោះដាវីឌ។ (៥) គាត់ប្រាប់ដាវីឌថា សូលក៏ដឹងថាគាត់មានភក្ដីភាពចំពោះដាវីឌដែរ។
e ដើម្បីបានព័ត៌មានថែមទៀតអំពីរបៀបដែលយើងត្រូវប្រព្រឹត្តចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពឬបានដកខ្លួនចេញនោះ សូមមើលសេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «របៀបប្រព្រឹត្តចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព»។