ការមានជ័យជំនះលើសាតាំងនិងកលល្បិចរបស់វា
«ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។—យ៉ាកុប ៤:៧
១. តើ‹កណ្ដាប់ដៃនៃបុគ្គលអាក្រក់›មានឥទ្ធិពលយ៉ាងណាទៅលើមនុស្សជាតិនៅសព្វថ្ងៃនេះ?
លោកយ៉ូបបានមានប្រសាសន៍យ៉ាងត្រឹមត្រូវថា៖ «ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃមនុស្ស[បុគ្គល, ព.ថ.]អាក្រក់ហើយ»។ (យ៉ូប ៩:២៤) ហើយឥឡូវនេះ យើងប្រឈមមុខនឹងគ្រាដ៏ពិបាកបំផុតនៅក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ។ ហេតុអ្វី? ពីព្រោះទាំងនេះជា«ថ្ងៃជាន់ក្រោយបង្អស់»នៃការគ្រប់គ្រងរបស់អារក្សសាតាំងនៅលើផែនដី។ មិនជាការភ្ញាក់ផ្អើលទេ ដែលនៅក្រោមកណ្ដាប់ដៃរបស់សាតាំង‹ពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង›។ (ធីម៉ូថេទី២ ៣:១, ១៣) ម្យ៉ាងវិញទៀត ការធ្វើទុក្ខបុកម្នេញ អយុត្ដិធម៌ អំពើឃោរឃៅ បទឧក្រិដ្ឋ សេចក្ដីវេទនាខាងសេដ្ឋកិច្ច ជម្ងឺរ៉ាំរ៉ៃ ការឈឺចាប់នៃភាពចាស់ជរា ការក្រៀមក្រំខាងផ្លូវចិត្ត—រឿងទាំងអស់នេះ ហើយមានច្រើនទៀតដែលអាចមានទម្ងន់យ៉ាងធ្ងន់មកលើយើង។
២. តើយើងអាចតស៊ូនឹងការប្រយុទ្ធរបស់សាតាំងនៅសព្វថ្ងៃនេះតាមរបៀបណា?
២ ជាមេសត្រូវ អារក្សសាតាំងកំពុងតែប្រឹងប្រយុទ្ធទៅលើមនុស្សជាតិ ហើយជាពិសេស ទៅលើពួកអ្នកថ្វាយបង្គំពិតរបស់ព្រះ។ គោលបំណងរបស់វាគឺចង់បំបែរពួកអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ឲ្យប្រឆាំងនឹងព្រះ ហើយឲ្យពួកគេចូលទៅក្នុងសេចក្ដីហិនវិនាសជាមួយវា និងពួកបិសាចរបស់វាដែរ។ ប៉ុន្តែ យើងត្រូវបានធានារ៉ាប់រងថា បើសិនជាយើងស៊ូទ្រាំជាអ្នកស្មោះគ្រប់ល័ក្ខណ៍នោះ អារក្សនឹងរត់ចេញពីយើង។ ដូចព្រះយេស៊ូ យើងអាច‹រៀនស្ដាប់បង្គាប់›ព្រះតាមរយៈអ្វីៗដែលយើងរងទុក្ខ ហើយតាមរយៈព្រះគុណដែលគ្មានសិទ្ធិទទួល យើងអាចបានជីវិតអស់កល្បជានិច្ច។—ហេព្រើរ ៥:៧, ៨; យ៉ាកុប ៤:៧; ពេត្រុសទី១ ៥:៨-១០
៣, ៤. (ក) តើមានសេចក្ដីទុក្ខលំបាកខាងក្រៅណាខ្លះ ដែលប៉ុលបានស៊ូទ្រាំ? (ខ) ជាអ្នកចាស់ទុំគ្រីស្ទានម្នាក់ តើប៉ុលបានខ្វល់ខ្វាយអំពីអ្វី?
៣ សាវ័កប៉ុលក៏ត្រូវបានសាកល្បងតាមវិធីជាច្រើនយ៉ាងដែរ។ ដោយបានថ្លែងថាខ្លួនជាអ្នកបំរើព្រះគ្រីស្ទម្នាក់ គាត់ក៏បានសរសេរថា៖ «ខ្ញុំក៏លើសជាងគេទៅទៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង។
៤ «ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង»? (កូរិនថូសទី២ ១១:២៣-២៩) ដូច្នេះ ប៉ុលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ នៅពេលជួបប្រទះការបៀតបៀននិងការសាកល្បងពីខាងក្រៅ ហើយជាអ្នកចាស់ទុំគ្រីស្ទានម្នាក់ គាត់បានមានចិត្តខ្វល់ខ្វាយជាខ្លាំងក្នុងការជួយបងប្អូនប្រុសស្រីក្នុងក្រុមជំនុំឲ្យបានមាំមួន និងជួយពួកគេឲ្យរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍។ នេះជាគំរូដ៏ល្អមួយសំរាប់ពួកចាស់ទុំនៅសព្វថ្ងៃនេះ!
ការមានចិត្តស្មោះគ្រប់ល័ក្ខណ៍ថ្វីបើមានការបៀតបៀន
៥. តើមានផ្លូវដោះស្រាយអ្វី ចំពោះការបៀតបៀនផ្ទាល់នោះ?
៥ តើមធ្យោបាយអ្វីដែលសាតាំងប្រើដើម្បីនឹងបំបាក់បំបែកចិត្តស្មោះគ្រប់ល័ក្ខណ៍នោះ? ដូចជាបានបង្ហាញមកនៅខាងលើនេះ ឧបាយកលដ៏ឃោរឃៅជាងគេមួយរបស់សាតាំង គឺការបៀតបៀនផ្ទាល់ ប៉ុន្តែ ក៏អាចរកផ្លូវដោះស្រាយបានដែរ។ អេភេសូរ ៦:១០, ១១ ឲ្យឱវាទយើងថា៖ «ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។
៦. តើអាចបង្ហាញយ៉ាងដូចម្ដេចថា ស្មរបន្ទាល់ព្រះយេហូវ៉ាបានមាន«ជ័យជំនះ»នោះ?
៦ ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានជួបប្រទះនឹងការសាកល្បងជាញឹកញាប់។ ដូច្នេះ យើងអាចនិយាយដូចប៉ុលមានប្រសាសន៍ថា៖ «ក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង»។ (រ៉ូម ៨:៣៧) រឿងនេះត្រូវបានបង្ហាញមកដោយប្រវត្ដិនៃចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ស្មរបន្ទាល់ព្រះយេហូវ៉ា នៅក្នុងបន្ទាយឃុំឃាំងមនុស្សនៅប្រទេសអាល្លឺម៉ង់ ប្រទេសអូត្រីហ្ស ប្រទេសប៉ូឡូញ និងប្រទេសយូកូស្លាវា ក្នុងកំឡុងរវាងឆ្នាំ១៩៣៣និង១៩៤៥នៃសម័យណាត្សី គឺជាសម័យដែលអឺរ៉ុបខាងកើតនៅក្រោមការជិះជាន់នៃរបបកុម្មុយនិស្ត រវាងឆ្នាំ១៩៤៥និង១៩៨៩ ហើយនៅកំឡុងការធ្វើទុក្ខបៀតបៀននៅកន្លែងខ្លះនៃទ្វីបអាហ្វ្រិក និងអាមេរិកឡាតាំងនៅពេលថ្មីៗនេះ។
៧. តើគំរូដ៏រំភើបនៃចិត្តស្មោះគ្រប់ល័ក្ខណ៍ណា ដែលបានរាយការណ៍មកពីប្រទេសអេស្យូពី?
៧ ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអេស្យូពីបានផ្ដល់ឲ្យគំរូនៃចិត្តស្មោះគ្រប់ល័ក្ខណ៍ដ៏រំភើបមួយនៅរវាងឆ្នាំ១៩៧៤និង១៩៩១។ អ្នកចាប់បង្ខាំងខាងនយោបាយម្នាក់ បានប្រាប់បងប្រុសដែលជាប់គុកម្នាក់ថា៖ «ការលែងសិង្ហចេញពីសួនសត្វនោះ វាប្រសើរជាងលែងពួកអ្នកទៅទៀត»! ពួកអ្នកបៀតបៀនដ៏អាក្រក់ទាំងនេះបានធ្វើទារុណកម្មដល់ស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបីបួនឆ្នាំក្រោយមក តុលាការឧទ្ធរណ៍ក៏បានបញ្ជាឲ្យប្រហារជីវិតទៅ។ សពរបស់បងប្រុសម្នាក់បានដាក់នៅសាធារណៈ សំរាប់ជាគំរូនៃការព្រមាន។ បងប្អូនឯទៀតដែលបានសុំឲ្យវិនិច្ឆ័យសាជាថ្មីចំពោះការកាត់ទោសប្រហារជីវិតនោះ ត្រូវបានតុលាការដែលសមហេតុផលដោះលែងឲ្យរួចខ្លួនទៅ ហើយអ្នកខ្លះពីពួក‹អ្នកដែលមានជ័យជំនះ›ដ៏ស្មោះត្រង់ទាំងនេះ បានមានចំណែកក្នុងកម្មវិធីមហាសន្និបាតតាមតំបន់នៃសេចក្ដីបង្រៀនរបស់ព្រះ នៅទីក្រុងអាឌិស អាបាបានៅដើមឆ្នាំ១៩៩៤។a—យ៉ូហាន ១៦:៣៣; ប្រៀបធៀប កូរិនថូសទី១ ៤:៩
៨. តើសាតាំងបានខំព្យាយាមឆ្លៀតយកប្រយោជន៍ពី«ការបោសសំអាតជាតិពន្ធ»យ៉ាងដូចម្ដេច?
៨ សាតាំងមិនបានជោគជ័យទេ ក្នុងការបំបាក់បំបែកចិត្តស្មោះគ្រប់ល័ក្ខណ៍នៃបងប្អូនប្រុសស្រីទៀងត្រង់ ដោយការប្រយុទ្ធផ្ទាល់នេះ។ ដូច្នេះ តើវាប្រើកលល្បិចបែបណាទៀត? វិវរណៈ ១២:១២ ចែងអំពីថ្ងៃជាន់ក្រោយបង្អស់នេះថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ ដោយពុំបានជោគជ័យក្នុងការកំទេចប្រជារាស្ត្រស្មោះត្រង់របស់ព្រះតាមរយៈការធ្វើបៀតបៀននោះ វាមានកំហឹងប៉ុនប៉ងសម្លាប់រង្គាលប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ព្រមទាំងប្រជាជនទាំងអស់ដែរ។ ដូច្នេះហើយបានជាការបោសសំអាតជាតិពន្ធ ត្រូវបានប្រតិបត្ដិឡើងនៅកន្លែងផ្សេងៗនៅអតីតប្រទេសយូកូស្លាវា ហើយការប្រល័យពូជសាសន៍ក៏ត្រូវបានប៉ុនប៉ងធ្វើឡើងនៅប្រទេសលីបេរ្យ៉ា ប្រទេសប៊ុរុនឌី និងរ្វ៉ាន់ដាដែរ។
៩. ហេតុអ្វីក៏កលល្បិចរបស់សាតាំងតែងតែបានបរាជ័យ? សូមឲ្យឧទាហរណ៍។
៩ ប៉ុន្តែ មធ្យោបាយរបស់សាតាំងជារឿយៗបានឡកមកលើវាវិញ ដ្បិតទុក្ខវេទនារបស់វាធ្វើឲ្យមនុស្សទៀងត្រង់យល់ដឹងថា សេចក្ដីសង្ឃឹមរបស់គេគឺមានតែទៅលើរាជាណាចក្ររបស់ព្រះប៉ុណ្ណោះ ដែលបានប្រកាសផ្សាយយ៉ាងខ្នះខ្នែងដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ (ម៉ាថាយ ១២:២១) ប្រាកដហើយ ពួកចំណូលចិត្តមកឯសាលព្រះរាជាណាចក្រយ៉ាងកកកុញ! ជាឧទាហរណ៍ នៅប្រទេសបូសនានិងហឺហ្សីហ្គូវិញ៉ាដែលមានការប្រយុទ្ធដ៏ឃោរឃៅនោះ នៅពេលធ្វើបុណ្យរំឭកមរណភាពនៃព្រះយេស៊ូនៅខែមីនា ថ្ងៃទី២៦ ឆ្នាំ១៩៩៤មានប្រជុំជន១៣០៧នាក់ ដែលមាន២៩១នាក់ច្រើនជាងឆ្នាំមុនទៅទៀត។ ចំនួនប្រជុំជនច្រើនបំផុតត្រូវបានកត់ទុក ដូចជានៅទីក្រុងសារីអេវ៉ (៤១៤) ទីក្រុងហ្សិននីសៀ (២២៣) និងទីក្រុងធុតស្លា (៣៣៩) និងទីក្រុងបែនយ៉ាលូកា (២៥៥) និងនៅឯទីក្រុងផ្សេងៗទៀត។ ក្នុងប្រទេសក្រូអាស៊ីដែលនៅជិតនោះ មានចំនួនប្រជុំជនថ្មីដល់៨៣២៦នាក់។ ការប្រយុទ្ធដ៏ឃោរឃៅដែលកំពុងតែកើតឡើងនៅជុំវិញពួកគេ មិនបានបង្ខាំងពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅស្រុកទេសទាំងនោះពីការគោរពបញ្ញត្តឲ្យ«សម្ដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក»នោះទេ។—កូរិនថូសទី១ ១១:២៦
ការប្រយុទ្ធដ៏ឃោរឃៅនៅប្រទេសរ្វ៉ាន់ដា
១០, ១១. (ក) តើមានអ្វីបានកើតឡើងដល់ប្រទេសរ្វ៉ាន់ដាដែលអះអាងថាជាប្រទេសគ្រីស្ទាននោះ? (ខ) តើពួកសាសនទូតស្មោះត្រង់បានមានប្រសាសន៍យ៉ាងណា?
១០ នៅប្រទេសរ្វ៉ាន់ដាក្នុងឆ្នាំ១៩៩៣ មានអ្នកផ្សាយព្រះរាជាណាចក្រ២០៨០នាក់ ហើយមានប្រជុំជនប្រមាណ៤០៧៥នាក់បានមកមហាសន្និបាតតាមតំបន់ដែលមានចំណងជើងសេចក្ដីបង្រៀនរបស់ព្រះ ព្រមទាំងមានមនុស្សចំនួន២៣០នាក់បានជ្រមុជទឹក។ ក្នុងចំណោមពួកអ្នកជ្រមុជទឹកទាំងនេះ មាន១៤២នាក់បានដាក់ពាក្យសុំធ្វើជាអ្នកត្រួសត្រាយជំនួយភ្លាម។ ចំនួនសិស្សរៀនព្រះគម្ពីរតាមផ្ទះក៏បានចំរើនទៅដល់៧.៦៥៥នាក់នៅក្នុងឆ្នាំ១៩៩៤—យ៉ាងជាក់ស្តែងណាស់ សាតាំងមិនចូលចិត្តឃើញការចំរើនទាំងនេះទេ! ទោះបីជាប្រជាជនភាគច្រើនអះអាងថាជាគ្រីស្ទានក្ដី ការសម្លាប់រង្គាលរវាងកុលសម្ព័ន្ធក៏បានចាប់ផ្ដើមឡើង។ ទស្សនាវដ្ដីលឺសឺវ៉ាទ័រ រ៉ូម៉ាណូនៃសាសនាកាតូលិកបានទទួលសារភាពថា៖ «នេះជាជនឃាតពេញទី ដែលគួរឲ្យស្ដាយណាស់ ពីព្រោះសូម្បីតែពួកកាតូលិកក៏មានការទទួលខុសត្រូវដែរ»។ មនុស្សប្រុសស្រីនិងក្មេងៗប្រមាណកន្លះលាននាក់បានស្លាប់ ហើយមានមនុស្សប្រមាណពីរលាននាក់គ្មានផ្ទះសម្បែង ឬបានបង្ខំឲ្យភៀសខ្លួនចេញ។ ក្នុងការរក្សាអព្យាក្រឹតភាពរបស់គេ ស្មរបន្ទាល់ព្រះយេហូវ៉ាបានខំព្យាយាមស្នាក់នៅជាមួយគ្នា។ បងប្អូនប្រុសស្រីរបស់យើងរាប់រយនាក់បានត្រូវគេប្រហារជីវិត។ ប៉ុន្តែ នៅក្នុងក្រុមជំនុំមួយដែលមានអ្នកផ្សាយព្រះរាជាណាចក្រ៦៥នាក់ ហើយមានអ្នកផ្សាយ១៣នាក់បានត្រូវគេសម្លាប់នោះ ចំនួនប្រជុំជនបានចំរើនជាង១៧០នាក់រហូតមកដល់ខែសីហាឆ្នាំ១៩៩៤។ គ្រឿងផ្គត់ផ្គង់ពីស្មរបន្ទាល់នៅប្រទេសផ្សេងៗទៀត បានផ្ញើមកដល់មុនគេ។ យើងសូមអធិស្ឋានឲ្យព្រះជួយទ្រទ្រង់ពួកអ្នកដែលរួចរស់ជីវិត។—រ៉ូម ១២:១២; ថែស្សាឡូនីចទី២ ៣:១, ២ ហេព្រើរ ១០:២៣-២៥
១១ ក្នុងកំឡុងអំពើដ៏អាក្រក់ទាំងនេះ សាសនទូតបីនាក់ដែលនៅប្រទេសរ្វ៉ាន់ដាបានរត់ចេញរួច។ ពួកគេសរសេរថា៖ «យើងដឹងថា បងប្អូនរបស់យើងនៅជុំវិញពិភពលោកបានប្រឈមមុខនឹងស្ថានការណ៍ស្រដៀងគ្នានេះដែរ ឬក៏បានជួបប្រទះនឹងស្ថានការណ៍អាក្រក់ជាងនេះផង ហើយយើងដឹងទៀតថា រឿងទាំងនេះជាសញ្ញានៃថ្ងៃជាន់ក្រោយបង្អស់នៃរបបដ៏អាក្រក់ជួជាតិនេះ។ ប៉ុន្តែ នៅពេលដែលបុគ្គលម្នាក់បានជួបប្រទះនឹងស្ថានការណ៍នេះផ្ទាល់ខ្លួន នោះនឹងធ្វើឲ្យគេដឹងរឹតតែច្បាស់ឡើងអំពីការជាក់ស្តែងនៃរបស់ផ្សេងៗ និងធ្វើឲ្យបុគ្គលនោះអបអរនូវតម្លៃនៃជីវិតណាស់។ បទគម្ពីរខ្លះមានសារៈសំខាន់ថ្មីចំពោះយើង ហើយយើងទទឹងចាំទៅអនាគត កាលដែលសេចក្ដីវេទនាមុនៗទាំងប៉ុន្មាន នឹងលែងនឹកឃើញទៀត។ ប៉ុន្តែនៅពេលឥឡូវនេះ យើងចង់តែឲ្យនៅជាប់រវល់នឹងកិច្ចបំរើរបស់ព្រះយេហូវ៉ា»ជានិច្ច។
ពួកយុវជនដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍
១២, ១៣. (ក) តើក្មេងស្រីម្នាក់បានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍យ៉ាងណា? (ខ) នៅសព្វថ្ងៃនេះ តើពួកយុវជនរបស់យើងអាចស្វែងរកការលើកទឹកចិត្តនៅទីណាបាន?
១២ ព្រះយេស៊ូបានបង្ហាញថា អ្នកណាដែលសមាជិកនៃក្រុមគ្រួសារបានលែងទទួលស្គាល់ដោយសារតែសេចក្ដីពិតនោះ នឹងបានទទួលរង្វាន់ជា«១រយភាគឡើង»។ (ម៉ាកុស ១០:២៩, ៣០) នេះជាការជាក់ស្តែងមែន ចំពោះនាងអិនថិលយ៉ា ជាក្មេងស្រីម្នាក់ដែលមានអាយុ១០ឆ្នាំនៅប្រទេសអាហ្វ្រិកខាងជើង ដែលបានស្រឡាញ់ព្រះនាមរបស់ព្រះ—យេហូវ៉ា—កាលដែលនាងបានឮអំពីព្រះនាមនោះភ្លាម។ នាងបានសិក្សាជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានដើរទៅប្រជុំអស់រយៈពេល៩០នាទីក្នុងមួយជើង ថ្វីបើគ្រួសាររបស់នាងតែងតែមិនឲ្យនាងចូលផ្ទះ នៅពេលនាងត្រឡប់មកពីប្រជុំវិញក្ដី។ កាលដែលនាងមានអាយុ១៣ឆ្នាំ នាងក៏ចាប់ផ្ដើមដើរផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយគ្រួសារក៏ប្រឆាំងរឹតតែខ្លាំងឡើង។ នៅថ្ងៃមួយញាតិសន្ដានបានចាប់ចងដៃជើងនាង ហើយដាក់ឲ្យនៅកណ្ដាលថ្ងៃដល់ប្រាំពីរម៉ោង ហើយយូរៗម្ដងពួកគេបាចទឹកក្រខ្វក់ទៅលើនាង។ ពួកគេបានវាយនាងយ៉ាងខ្លាំង បានធ្វើឲ្យនាងខូចភ្នែកម្ខាង ហើយនៅទីបំផុត ក៏បានដេញនាងឲ្យចេញពីផ្ទះទៅ។ យ៉ាងណាក៏ដោយ នាងរកការបានធ្វើនៅឯមន្ទីរពេទ្យ ហើយក្រោយមក ក៏បានទៅជាគិលានុបដ្ឋាយិកា។ នាងបានជ្រមុជទឹកកាលដែលនាងមានអាយុ២០ឆ្នាំ ហើយបានចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយភ្លាម។ ដោយបានស្ញប់ស្ញែងនឹងចិត្តស្មោះគ្រប់ល័ក្ខណ៍របស់នាង គ្រួសាររបស់នាងក៏ទទួលនាងឲ្យមកនៅផ្ទះវិញ ហើយសមាជិកប្រាំបួននាក់ក៏បានយល់ព្រមសិក្សាព្រះគម្ពីរដែរ។
១៣ នាងអិនថិលយ៉ាបានទទួលការលើកទឹកចិត្តពីទំនុកដំកើង ១១៦ ជាពិសេសពីខ១-៤ ដែលនាងបានអានម្ដងហើយម្ដងទៀត៖ «ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្ដាប់សំឡេងខ្ញុំនឹងពាក្យដែលខ្ញុំទូលអង្វរ។ ហេតុព្រោះទ្រង់បានផ្អៀងព្រះការណ៍មកស្ដាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត។ ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ។ នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា៖ ‹ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង›»! ព្រះយេហូវ៉ាទ្រង់តបឆ្លើយនឹងការអធិស្ឋានបែបនេះ!
១៤. តើពួកស្មរបន្ទាល់ជាតិប៉ូឡូញបានបង្ហាញចិត្តស្មោះគ្រប់ល័ក្ខណ៍ដ៏ប្រសើរដូចម្ដេច?
១៤ ដូចនៅសម័យព្រះយេស៊ូដែរ សាតាំងតែងតែប្រើការនិយមសាសនាហួសហេតុដើម្បីធ្វើឲ្យមានការបៀតបៀន—ប៉ុន្តែ វាពុំបានជោគជ័យទេ។ បងប្រុសម្នាក់នៅប្រទេសប៉ូឡូញជាគំរូដ៏អស្ចារ្យ ដូចបានពិពណ៌នាក្នុងសៀវភៅប្រចាំឆ្នាំ១៩៩៤នៃស្មរបន្ទាល់ព្រះយេហូវ៉ា។ សូម្បីតែពួកក្មេងៗក៏ត្រូវបានបង្ខំឲ្យបង្ហាញជាភស្តុតាងថាខ្លួនជាអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដែរ។ នៅឆ្នាំ១៩៤៦ ក្មេងស្រីម្នាក់ដែលមានអាយុ១៥ឆ្នាំ ត្រូវបានគេប្រាប់ថា៖ «ចូរធ្វើសញ្ញាឈើឆ្កាងកាតូលិកចុះ។ បើមិនអញ្ចឹងទេ គេនឹងបាញ់អ្នកចោល»! ដោយសារនាងបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ គេបានអូសនាងទៅក្នុងព្រៃ ធ្វើទារុណកម្មដល់នាងយ៉ាងអាក្រក់ក្រៃលែង ហើយក៏បានបាញ់នាងចោលទៅ។—ប្រៀបធៀប ម៉ាថាយ ៤:៩, ១០
កលល្បិចឯទៀតរបស់សាតាំង
១៥, ១៦. (ក) តើនយោបាយរបស់សាតាំងជាអ្វី ហើយតើយើងអាចទប់ទល់នឹងវាយ៉ាងណាបាន? (ខ) ហេតុអ្វីក៏ក្មេងៗរបស់យើងមិនចាំបាច់ធ្លាក់ចូលដែរនោះ?
១៥ ប្រាកដហើយ នយោបាយរបស់អារក្សសាតាំងគឺ«គ្រប់គ្រង ឬធ្វើឲ្យវិនាសអន្តរាយ»! វាមានអាវុធឃោរឃៅជាច្រើនណាស់ ដើម្បីនឹងប្រើប្រាស់តាមចិត្តវា។ ដូច្នេះ នេះមិនជាការចំឡែកទេ ដែលសាវ័កប៉ុលបានព្រមានថា៖ «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ហេតុនោះបានជាត្រូវយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល»។ (អេភេសូរ ៦:១២, ១៣) ការប្រាថ្នាចង់បានទ្រព្យសម្បត្ដិច្រើន គ្រឿងកំសាន្តនិងឃោសនាការដ៏ថោកទាបបទភ្លេងសាតាំង ការបង្ខិតបង្ខំពីមិត្តនៅឯសាលា ការរំលោភគ្រឿងញៀន និងការប្រមឹក—ទាំងនេះ ក៏អាចធ្វើឲ្យជីវិតរបស់អ្នកមានគ្រោះថ្នាក់ដែរ។ ដូច្នេះហើយបានជាសាវ័កប៉ុលព្រមានទៀតថា៖ «ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន»។—អេភេសូរ ៦:១៦
១៦ ការធ្វើដូច្នេះជាការចាំបាច់ណាស់ ជាពិសេសនៅសព្វថ្ងៃនេះ ដោយព្រោះតែបទភ្លេងចំឡែក ដែលសាតាំងកំពុងតែធ្វើឲ្យជ្រួតជ្រាបពាសពេញលោកីយ៍នេះ។ ក្នុងករណីខ្លះ គឺមានការទាក់ទងនឹងសាតាំងផ្ទាល់តែម្ដង។ របាយការណ៍ពីក្រុងសែន ឌីអេហ្គ (ស.រ.អ) ការិយាល័យតម្រួតតំបន់បានថ្លែងថា៖ «យើងមានទីប្រគំតន្ត្រីជាសាធារណៈមួយនៅទីនេះ ដែលក្រុមភ្លេង ធ្វើឲ្យក្មេងៗប្រមាណ១៥.០០០នាក់ ស្រែក‹តាំងសា›ដដែលៗ—នេះមានន័យថាសាតាំង បើនិយាយប្រច្រាស»។ ការថ្វាយបង្គំសាតាំងបានប្រៀបដូចជាប្រហោងក្នុងដីមួយ ដែលក្មេងៗធ្លាក់ចូល «ពីព្រោះពួកគេបានដើរតត្រកទៅដោយគ្មានទីសង្ឃឹម ដោយមានកំហឹងនិងតែម្នាក់ឯង»។ ឱពួកក្មេងៗនៅក្នុងក្រុមជំនុំគ្រីស្ទានអើយ អ្នកមិនត្រូវចាំបាច់ធ្លាក់ចូលដែរទេ! ព្រះយេហូវ៉ាប្រទានឲ្យអ្នកមានក្រោះខាងវិញ្ញាណ ដែលព្រួញរបស់សាតាំងមិនអាចទម្លុះបានឡើយ។—ទំនុកដំកើង ១៦:៨, ៩
១៧. តើអាចមានជ័យជំនះលើការក្រៀមក្រំចិត្តយ៉ាងណាបាន?
១៧ ព្រួញឆេះរបស់សាតាំង បានត្រូវធ្វើមកជាស្នៀតបញ្ឆោតទៅលើចិត្ត។ តាមរយៈសេចក្ដីលំបាកនៃជីវិត ដូចជាជម្ងឺខាងរូបកាយ ឬការមានចិត្តក្រៀមក្រំ មេសត្រូវរបស់យើងអាចធ្វើឲ្យមនុស្សខ្លះមានអារម្មណ៍ថា គេជាមនុស្សឥតប្រយោជន៍។ មនុស្សខ្លះប្រហែលជាធ្លាក់ទឹកចិត្ត ពីព្រោះពួកគេមិនអាចចំណាយពេលច្រើនម៉ោងក្នុងកិច្ចបំរើព្រះ ឬពីព្រោះពួកគេខានទៅប្រជុំខ្លះនៅឯក្រុមជំនុំ។ សេចក្ដីស្រឡាញ់ពីពួកចាស់ទុំនិងបងប្អូនប្រុសស្រីដែលមានចិត្តសប្បុរស អាចជួយឲ្យមានជ័យជំនះលើការក្រៀមក្រំចិត្តបាន។ ចូរចងចាំថា ព្រះយេហូវ៉ាទ្រង់មានព្រះទ័យស្រឡាញ់ដល់ពួកអ្នកបំរើស្មោះត្រង់របស់ទ្រង់ណាស់។ (យ៉ូហានទី១ ៤:១៦, ១៩) ទំនុកដំកើង ៥៥:២២ ចែងថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។
១៨. តើមានឧបាយកលរបស់សាតាំងណាខ្លះ ដែលអ្នកខ្លះត្រូវតែតយុទ្ធនោះ?
១៨ «ឧបាយកល»របស់សាតាំងនៅពេលថ្មីៗនេះ បានលេចឡើងក្នុងទម្រង់មួយទៀត។ នៅក្នុងប្រទេសខ្លះ មនុស្សពេញវ័យជាច្រើនបានពិសោធនូវគំនិតលុកលុយ ដែលឲ្យយល់ដឹងច្បាស់ថា ពួកគេត្រូវបានពួកនិកាយសាតាំងនិយមរំលោភធ្វើបាបយ៉ាងឃោរឃៅកាលនៅពីក្មេង។ តើគំនិតបែបនេះបានមកពីណា? ថ្វីបើមានការស្រាវជ្រាវជាច្រើនក្ដី មតិនៃពួកអ្នកឯកទេសខាងលោកីយ៍មានការខុសគ្នាច្រើនណាស់។ មនុស្សខ្លះមានទស្សនៈថាគំនិតបែបនេះ ជាអនុស្សាវរីយ។ ប៉ុន្តែមនុស្សឯទៀតមានទស្សនៈថាជាគំនិតរវើរវាយ—ប្រហែលជាអន្ទោកអន្ទោងដោយការព្យាបាលរោគដែលគួរឲ្យសង្ស័យ—ប៉ុន្តែនៅមានអ្នកឯទៀតគិតថា នេះជាការមមាលម្យ៉ាង ដែលបានបណ្ដាលមកដោយការខូចបង់នៃកុមារភាព។
១៩. (ក) តើលោកយ៉ូបបានស៊ូទ្រាំនឹងគំនិតអ្វី? (ខ) តើពួកចាស់ទុំអាចយកគំរូតាមអេលីហូវយ៉ាងណាបាន?
១៩ ជាការគួរឲ្យចាប់អារម្មណ៍ដែរ ដែលអ្នកបំរើរបស់ព្រះម្នាក់ឈ្មោះយ៉ូប បានអត់ទ្រាំនឹង‹គំនិតទុក្ខព្រួយ› ដែលសាតាំងបានសម្ដែងមកតាមរយៈអេលីផាសនិងសូផារ។ (យ៉ូប ៤:១៣-១៨; ២០:២, ៣) ដូច្នេះ យ៉ូបបានរងទុក្ខនឹង«សេចក្ដីមួម៉ៅ» ដែលធ្វើឲ្យគាត់និយាយ«ពាក្យជ្រួលហួស»អំពី«សេចក្ដីស្ញែងខ្លាច»ដែលធ្វើឲ្យគំនិតរបស់គាត់ឈឺចាប់។ (យ៉ូប ៦:២-៤; ៣០:១៥, ១៦) អេលីហូវបានស្ដាប់យ៉ូបដោយឥតមាត់ក ហើយបានជួយគាត់យ៉ាងស្មោះត្រង់ឲ្យឃើញនូវសព្វបញ្ញារបស់ព្រះយេហូវ៉ាចំពោះរឿងនេះ។ ដូច្នេះ នៅសព្វថ្ងៃនេះដែរ ពួកចាស់ទុំដែលមានចិត្តអធ្យាស្រ័យ បង្ហាញថាគេយកចិត្តទុកដាក់នឹងពួកអ្នកកើតទុក្ខ ដោយមិនបន្ថែម‹ការបង្ខិតបង្ខំ›ដល់បុគ្គលបែបនេះ។ ប៉ុន្តែ ដូចអេលីហូវ ពួកគេស្ដាប់យ៉ាងអត់ធ្មត់ ហើយរួចមក ក៏លាបប្រេងធូរស្បើយ ដែលជាពាក្យបន្ទូលរបស់ព្រះ។ (យ៉ូប ៣៣:១-៣, ៧; យ៉ាកុប ៥:១៣-១៥) ដូច្នេះ ចំពោះអ្នកណាដែលមានអារម្មណ៍របស់ខ្លួនត្រូវបានធ្វើទុក្ខដោយការខូចបង់ ទោះបីជាពិតឬក៏ជាគំនិតរវើរវាយក្ដី ឬជាអ្នកដែលមានការ«ខ្លាច . . . សប្ដិវិញ ហើយបំភ័យទូលបង្គំដោយការជាក់ស្តែង»ដូចជាយ៉ូបដែរ អ្នកនោះអាចទទួលការសម្រាលទុក្ខពីព្រះគម្ពីរនៅក្នុងក្រុមជំនុំបាន។—យ៉ូប ៧:១៤; យ៉ាកុប ៤:៧
២០. តើអាចជួយជនគ្រីស្ទានដែលមានសេចក្ដីទុក្ខព្រួយ ឲ្យរក្សាស្ថេរភាពខាងវិញ្ញាណរបស់គេយ៉ាងដូចម្ដេចបាន?
២០ នៅបច្ចុប្បន្ននេះ ជនគ្រីស្ទានម្នាក់អាចដឹងជាពិតប្រាកដថា តាមរយៈមួយឬរយៈផ្សេងៗទៀត សាតាំងជាអ្នកបង្កបង្កើតឲ្យមានគំនិតដ៏អាក្រក់នេះ។ បើមានបុគ្គលខ្លះនៅក្នុងក្រុមជំនុំរងទុក្ខការនេះ ជាការដ៏មានប្រាជ្ញាបើគេយល់ថា ការមានអារម្មណ៍ភ័យខ្លាចបែបនេះ ជាការប៉ុនប៉ងផ្ទាល់របស់សាតាំង ដើម្បីនឹងបង្ខូចដល់ស្ថេរភាពខាងវិញ្ញាណរបស់គេ។ ពួកទាំងនេះត្រូវការការអត់ធ្មត់និងអធ្យាស្រ័យដែលគាំទ្រនៅក្នុងព្រះគម្ពីរ។ តាមរយៈការអធិស្ឋានទៅព្រះយេហូវ៉ា និងតាមរយៈការទទួលប្រយោជន៍ពីគង្វាលខាងវិញ្ញាណ ពួកអ្នកដែលមានការពិសោធសេចក្ដីទុក្ខព្រួយនឹងបានឥទ្ធិឫទ្ធិដ៏លើសលប់ដែលផ្ដល់មកពីព្រះ។ (អេសាយ ៣២:២; កូរិនថូសទី២ ៤:៧, ៨) ដោយធ្វើបែបនេះ ពួកគេនឹងអាចស៊ូទ្រាំយ៉ាងស្មោះត្រង់ ហើយបដិសេធចោលមិនឲ្យគំនិតលុកលុយដ៏អាក្រក់មករំខានដល់សន្ដិភាពនៃក្រុមជំនុំឡើយ។ (យ៉ាកុប ៣:១៧, ១៨) ត្រូវហើយ ពួកគេអាចទប់ទល់នឹងអារក្សបាន ដោយមានទឹកចិត្តដូចព្រះយេស៊ូ កាលដែលទ្រង់បានមានបន្ទូលថា៖ «នែ សាតាំង ចូរឯងថយចេញពីអញទៅ»!—ម៉ាថាយ ៤:១០; យ៉ាកុប ៤:៧
២១. តើព្រះគម្ពីរព្រមានយ៉ាងណា អំពីមធ្យោបាយដ៏ប៉ិនប្រសប់របស់សាតាំង?
២១ យើងដឹងថាគោលបំណងរបស់សាតាំង គឺដើម្បីនឹងធ្វើឲ្យគំនិតរបស់យើងទៅជាពុករលួយ ដូចសាវ័កប៉ុលបានព្រមាននៅឯកូរិនថូសទី២ ១១:៣ ថា៖ «តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ»។ ការហិនហោចខាងសាច់ឈាមនៅបច្ចុប្បន្ននេះ ឬសង្គមមនុស្សបានបែកខ្ញែកចេញពីព្រះនៅសព្វថ្ងៃនេះ រំឭកយើងអំពីភាពចុះអន់ថយដែលបានបណ្ដាលមកពីអំពើពុករលួយនិងសេចក្ដីឃោរឃៅរបស់មនុស្សមាឌធំសម្បើមនៅជំនាន់លោកណូអេ។ (លោកុប្បត្តិ ៦:៤, ១២, ១៣, លូកា ១៧:២៦) ដូច្នេះហើយ មិនជាការភ្ញាក់ផ្អើលទេ ដែលសាតាំងប្រើឧបាយកលនិងមធ្យោបាយដ៏ប៉ិនប្រសប់ដើម្បីបញ្ចេញកំហឹងរបស់វា ជាពិសេសទៅលើប្រជារាស្ត្ររបស់ព្រះ។—ពេត្រុសទី១ ៥:៨; វិវរណៈ ១២:១៧
២២. ដោយសាតាំងលែងរំខានយើងនោះ តើប្រសិទ្ធិពរអ្វីខ្លះដែលយើងនឹងទទួល?
២២ នៅសៀវភៅយ៉ូបក្នុងជំពូកចុងបញ្ចប់ មិនបានរៀបរាប់អំពីសាតាំងទេ។ ការចោទប្រកាន់ដ៏អាក្រក់ជួរជាតិរបស់វា ដែលថាមនុស្សមិនអាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នឹងព្រះ នោះបានបញ្ជាក់ឲ្យឃើញថាខុសតាមរយៈចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យ៉ូប។ យ៉ាងដូច្នេះដែរ នៅនាអនាគតដ៏ឆាប់ៗនេះ នៅពេល«មនុស្ស១ហ្វូងយ៉ាងធំ»នៃពួកអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍«ចេញពីគ្រាវេទនាយ៉ាងធំមក» នោះសាតាំងនឹងត្រូវទម្លាក់ទៅក្នុងជង្ហុកធំហើយ។ ពួកបុរសនិងពួកស្ត្រីដែលមានជំនឿ រួមបញ្ចូលទាំងលោកយ៉ូបដែលមានចិត្តស្មោះត្រង់ នឹងចូលរួមជាមួយ«មនុស្ស១ហ្វូងយ៉ាងធំ» ដើម្បីនឹងទទួលប្រសិទ្ធពរពីសួនមនោរម្យ គឺធំសម្បើមជាងប្រសិទ្ធិពរដែលបានផ្ដល់ឲ្យទៅលោកយ៉ូបទៅទៀត!—វិវរណៈ ៧:៩-១៧; ២០:១-៣, ១១-១៣; យ៉ូប ១៤:១៣
[កំណត់សម្គាល់]
a សូមមើលសៀវភៅប្រចាំឆ្នាំ១៩៩២ នៃស្មរបន្ទាល់ព្រះយេហូវ៉ា ទំព័រ១៧៧។ (ជាភាសាអង់គ្លេស)។
សំនួររៀនសាឡើងវិញ
◻ តើយ៉ូប ព្រះយេស៊ូ និងប៉ុលបានទុកគំរូដ៏ប្រសើរនៃចិត្តស្មោះគ្រប់ល័ក្ខណ៍យ៉ាងណា?
◻ តើពួករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍បានប្រឈមមុខនឹងសាតាំងយ៉ាងដូចម្ដេច?
◻ តើក្មេងៗអាចទប់ទល់នឹងឧបាយកលដ៏ប៉ិនប្រសប់របស់សាតាំងយ៉ាងដូចម្ដេច?
◻ តើអាចធ្វើយ៉ាងណា ដើម្បីនឹងស៊ូទ្រាំនឹងឧបាយកលរបស់សាតាំង?
[រូបភាពនៅទំព័រ១០]
នៅប្រទេសអេស្យូពី មីស្វាត់និងយ៉ូឡង់ឥឡូវនេះកំពុងតែបំរើព្រះយេហូវ៉ាពេញពេល ដោយយកគំរូតាមឪពុករបស់គេ ដែលត្រូវបានគេប្រហារជីវិតចោល
[រូបភាពនៅទំព័រ១០]
អិនថិលយ៉ា ជាក្មេងដែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នៅប្រទេសអាហ្វ្រិកខាងជើង