ទំនាយដែលបានក្លាយជាការពិត
នៅអត្ថបទមុន យើងបានរៀបរាប់អំពីការដែលស្ដេចក្រូស៊ូបានចាញ់បោកសង្ឃនៅភូមិដេហ្វី ជាលទ្ធផលនាំឲ្យគាត់ច្បាំងចាញ់ស្ដេចពើស៊ី។ ផ្ទុយទៅវិញ គម្ពីរមានទំនាយដ៏អស្ចារ្យអំពីស្ដេចពើស៊ីដែលបានក្លាយជាការពិតយ៉ាងល្អិតល្អន់។
ប្រហែលជា២០០ឆ្នាំមុន ជាយូរមុនស្ដេចពើស៊ីកើត អេសាយដែលជាអ្នកប្រកាសទំនាយជនជាតិហេប្រឺបានរៀបរាប់អំពីបុគ្គលឈ្មោះស៊ីរូស ហើយក៏បានរៀបរាប់អំពីរបៀបដែលគាត់នឹងវាយយកក្រុងបាប៊ីឡូនដ៏ខ្លាំងក្លា។
អេសាយ ៤៤:២៤, ២៧, ២៨ ចែងថា៖ «ព្រះយេហូវ៉ា . . . មានប្រសាសន៍ថា៖ ‹ខ្ញុំជាអ្នកដែលនិយាយទៅកាន់ជម្រៅទឹកថា៖ «ចូរហួតហែងទៅ ហើយខ្ញុំនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតអស់ដែរ»។ ខ្ញុំនឹងនិយាយអំពីស៊ីរូសថា៖ «គាត់ជាគង្វាលរបស់ខ្ញុំ គាត់នឹងធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទាំងស្រុង»។ ខ្ញុំនឹងនិយាយអំពីក្រុងយេរូសាឡិមថា៖ «ក្រុងនេះនឹងត្រូវសង់ឡើងវិញ» ហើយនិយាយអំពីវិហារថា៖ «គ្រឹះវិហារនឹងត្រូវដាក់ម្ដងទៀត»›»។
យោងទៅតាមហ៊ីរ៉ូដូថុសដែលជាប្រវត្ដិវិទូជនជាតិក្រិចរៀបរាប់ថា កងទ័ពរបស់ស៊ីរូសបង្វែរទឹកទន្លេអឺប្រាត ដែលហូរកាត់ក្រុងបាប៊ីឡូន។ យុទ្ធសាស្ត្ររបស់ស៊ីរូសអាចធ្វើឲ្យកងទ័ពរបស់គាត់ចូលក្រុងដោយដើរកាត់បាតទន្លេនោះ។ ក្រោយវាយបានក្រុងបាប៊ីឡូន ស៊ីរូសបានរំដោះជនជាតិយូដាដែលបានត្រូវចាប់ជាឈ្លើយសឹកយកទៅក្រុងបាប៊ីឡូន ហើយគាត់បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅសង់ក្រុងយេរូសាឡិមឡើងវិញ ដែលបានត្រូវបំផ្លាញកាលពី៧០ឆ្នាំមុន។
អេសាយ ៤៥:១ ចែងថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ស៊ីរូស ជាអ្នកដែលលោកបានរើសតាំង ហើយលោកបានកាន់ដៃស្ដាំគាត់ ដើម្បីបង្ក្រាបប្រជាជាតិនានានៅចំពោះមុខគាត់ ដើម្បីដកអាវុធពីបណ្ដាស្ដេច និងដើម្បីបើកទ្វារទាំងពីរនៅចំពោះមុខគាត់ យ៉ាងនេះ ខ្លោងទ្វារចូលក្រុងនឹងមិនត្រូវបិទទេ»។
ពួកពើស៊ីបានចូលក្រុងនោះតាមទ្វារធំ ដែលបានត្រូវបើកចំហដោយធ្វេសប្រហែស។ បើពួកបាប៊ីឡូនដឹងអំពីគម្រោងការរបស់ស៊ីរូស នោះពួកគេទំនងជានឹងបិទទ្វារទាំងអស់។ ប៉ុន្តែជាក់ស្ដែង គេបានទុកទ្វារចំហរ។
ទំនាយដ៏អស្ចារ្យនេះគឺមួយក្នុងចំណោមទំនាយជាច្រើនទៀតក្នុងគម្ពីរដែលបានក្លាយជាការពិតយ៉ាងប្រាកដ។a មនុស្សច្រើនតែទាយដោយអាងព្រះមិនពិត តែផ្ទុយទៅវិញ ទំនាយផ្សេងៗក្នុងគម្ពីរគឺមកពីបុគ្គលដែលបានអះអាងថា៖ «តាំងពីដើមដំបូង ខ្ញុំប្រកាសទុកជាមុនអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង តាំងពីយូរមកហើយ ខ្ញុំបានប្រាប់អំពីអ្វីដែលមិនទាន់មកដល់»។—អេសាយ ៤៦:១០
មានតែព្រះពិតទេ ពោលគឺព្រះយេហូវ៉ាដែលអាចនិយាយអះអាងដូច្នេះបាន។ នាមរបស់លោកមានន័យថា«លោកធ្វើឲ្យក្លាយជា»។ នោះប្រាប់អំពីសមត្ថភាពរបស់លោកក្នុងការដឹងនិងចាត់វិធានការចំពោះព្រឹត្តិការណ៍នៅថ្ងៃអនាគតឲ្យសមស្របតាមគោលបំណងរបស់លោក។ ការដឹងដូច្នេះពង្រឹងទំនុកចិត្តរបស់យើងថាព្រះយេហូវ៉ានឹងធ្វើតាមរាល់សេចក្ដីសន្យារបស់លោកជាក់ជាមិនខាន។
ទំនាយដែលកំពុងក្លាយជាការពិតនៅសព្វថ្ងៃនេះ
តើអ្នកចង់ដឹងទំនាយក្នុងគម្ពីរអំពីព្រឹត្តិការណ៍នៅសម័យយើងឬទេ? ប្រហែលជា២.០០០ឆ្នាំមុន គម្ពីរបានប្រាប់ទុកជាមុនថា៖ «គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់»។ តើគ្រាចុងក្រោយបង្អស់នៃអ្វី? មិនមែនគ្រាចុងក្រោយបង្អស់នៃផែនដី ឬមនុស្សជាតិទេ តែជាគ្រាចុងក្រោយបង្អស់នៃទំនាស់ ការសង្កត់សង្កិន និងទុក្ខវេទនាដែលកើតឡើងចំពោះមនុស្សអស់រាប់ពាន់ឆ្នាំមកហើយ។ សូមយើងពិនិត្យមើលទំនាយខ្លះៗដែលបញ្ជាក់អំពី«គ្រាចុងក្រោយបង្អស់»។
ធីម៉ូថេទី២ ៣:១-៥ ចែងថា៖ «នៅគ្រាចុងក្រោយបង្អស់ . . . មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ គ្មានភក្ដីភាព គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ តែមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។
អ្នកក៏ប្រាកដជាឃើញថាមនុស្សបែបនោះកំពុងមានកាន់តែច្រើននៅសព្វថ្ងៃនេះ មែនទេ? តើអ្នកបានសង្កេតឃើញឬទេថានៅជុំវិញយើងគឺពេញទៅដោយមនុស្សដែលស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ និងមានអំណួត? អ្នកក៏ឃើញដែរថាមនុស្សកាន់តែមិនចង់សម្រុះសម្រួលគ្នាទេ មែនទេ? អ្នកច្បាស់ជាបានកត់សម្គាល់ថាកូនៗលែងស្ដាប់បង្គាប់ឪពុកម្ដាយ ហើយថាមនុស្សជាទូទៅស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ។ មួយវិញទៀត អ្វីទាំងនេះកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
ម៉ាថាយ ២៤:៦, ៧ ចែងថា៖ «អ្នកនឹងឮសូរសង្គ្រាម ហើយនឹងឮគេនិយាយអំពីសង្គ្រាម . . . ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។
ការប៉ាន់ស្មានខ្លះបានរៀបរាប់ថាមនុស្សស្លាប់ក្នុងសង្គ្រាមនិងក្នុងការប្រយុទ្ធតាំងពីឆ្នាំ១៩១៤ មានចំនួនសរុបជាង១០០លាននាក់ ចំនួននេះច្រើនជាងចំនួនប្រជាជនសរុបនៃប្រជាជាតិជាច្រើន។ សូមស្រមៃគិតអំពីទឹកភ្នែក ទុក្ខសោក និងទុក្ខវេទនាដែលមកពីសោកនាដកម្មនោះ។ តើប្រជាជាតិទាំងនោះបានរៀនពីកំហុសរបស់ខ្លួន ហើយបញ្ចប់សង្គ្រាមឬទេ?
ម៉ាថាយ ២៤:៧ ចែងថា៖ «នឹងមានការអត់ឃ្លាន»។
អង្គការកម្មវិធីស្បៀងអាហារពិភពលោករៀបរាប់ថា៖ «ក្នុងពិភពលោក ទោះជានៅកន្លែងដែលផលិតអាហារគ្រប់គ្រាន់ក្ដី តែមានមនុស្ស៨១៥លាននាក់ ពោលគឺមួយភាគ៩នៅតែចូលគេងដោយពោះទទេរាល់យប់។ លើសពីនេះទៀត មួយភាគបីបរិភោគអាហារដែលគ្មានជីវជាតិគ្រប់គ្រាន់»។ ការប៉ាន់ស្មានមួយ ប្រាប់ថារាល់ឆ្នាំកូនក្មេងប្រហែលបីលាននាក់ស្លាប់ដោយសារការអត់អាហារ។
លូកា ២១:១១ ចែងថា៖ «នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ»។
រាល់ឆ្នាំ មានការរញ្ជួយដីប្រហែលជា៥០.០០០ដងដែលខ្លាំងល្មមដែលធ្វើឲ្យមនុស្សដឹង។ ការរញ្ជួយដីប្រហែល១០០ដងបានធ្វើឲ្យអគារផ្សេងៗខូចខាតជាខ្លាំង ហើយមួយឆ្នាំម្ដងមានការរញ្ជួយដីដ៏ខ្លាំងកើតឡើង។ យោងទៅតាមការប៉ាន់ស្មានមួយ រវាងឆ្នាំ១៩៧៥និងឆ្នាំ២០០០ ការរញ្ជួយដីបានឆក់យកជីវិតមនុស្ស៤៧១.០០០នាក់។
ម៉ាថាយ ២៤:១៤ ចែងថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។
សាក្សីព្រះយេហូវ៉ាជាង៨លាននាក់កំពុងផ្សព្វផ្សាយ និងធ្វើជាសាក្សីបញ្ជាក់អំពីដំណឹងល្អនៃរាជាណាចក្រព្រះជាង២៤០ប្រទេសទូទាំងផែនដី។ ពួកគេប្រកាសដំណឹងល្អនៅគ្រប់កន្លែង ដូចជាក្រុង ភូមិដាច់ស្រយាល ក្នុងព្រៃ និងលើភ្នំជាដើម។ ទំនាយនោះប្រាប់ទុកជាមុនថាពេលដំណឹងល្អបានត្រូវផ្សព្វផ្សាយសព្វគ្រប់តាមគោលបំណងរបស់ព្រះ «រួចទីបញ្ចប់នឹងមកដល់»។ តើនោះមានន័យយ៉ាងណា? នោះមានន័យថាការគ្រប់គ្រងរបស់មនុស្សនឹងមកដល់ទីបញ្ចប់ ហើយនឹងមានការគ្រប់គ្រងថ្មី ពោលគឺរាជាណាចក្រព្រះ។ ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ តើសេចក្ដីសន្យាណាខ្លះនឹងក្លាយជាការពិត? ដើម្បីដឹងសូមអានអត្ថបទបន្ត។
a សូមមើលអត្ថបទដែលមានចំណងជើងថា «សាក្សីសម្ងាត់ដែលបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ»។