ជំពូកទី១០
របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
ពេលដែលលោកយេស៊ូចាត់អ្នកកាន់តាមលោកឲ្យទៅផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ»។ ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើ នោះលោកមានប្រសាសន៍ថែមទៀតថា៖ «ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (ម៉ាថ. ៩:៣៧, ៣៨) លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកអំពីរបៀបដែលពួកគាត់អាចបំពេញកិច្ចបម្រើផ្សាយ។ ប្រសាសន៍របស់លោកបានបញ្ជាក់អំពីភាពបន្ទាន់នៃកិច្ចបម្រើផ្សាយថា៖ «មុនអ្នករាល់គ្នាបានទៅដល់គ្រប់ក្រុងគ្រប់ភូមិនៅស្រុកអ៊ីស្រាអែល នោះកូនមនុស្សនឹងមកដល់»។—ម៉ាថ. ១០:២៣
២ ដូចគ្នាដែរ នៅសព្វថ្ងៃនេះយើងមានកិច្ចការច្រើនក្នុងកិច្ចបម្រើផ្សាយ។ ដំណឹងល្អនៃរាជាណាចក្រព្រះត្រូវតែផ្សព្វផ្សាយមុននឹងទីបញ្ចប់មកដល់ ប៉ុន្តែ ពេលវេលាដែលនៅសល់កាន់តែខ្លីទៅៗ! (ម៉ាក. ១៣:១០) ដោយសារយើងត្រូវផ្សព្វផ្សាយទូទាំងពិភពលោក នោះយើងជួបប្រទះស្ថានភាពស្រដៀងគ្នានឹងស្ថានភាពរបស់លោកយេស៊ូនិងអ្នកកាន់តាមលោក។ យើងមានចំនួនតិច បើប្រៀបនឹងមនុស្សរាប់ពាន់លាននាក់នៅក្នុងពិភពលោក ប៉ុន្តែយើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងជួយយើង។ ដំណឹងល្អអំពីរាជាណាចក្រព្រះនឹងត្រូវផ្សព្វផ្សាយទូទាំងផែនដី ហើយទីបញ្ចប់នឹងមកដល់ តាមពេលកំណត់របស់ព្រះយេហូវ៉ា។ ដើម្បីបំពេញកិច្ចបម្រើផ្សាយយ៉ាងពេញលេញ តើយើងនឹងចាត់ទុករាជាណាចក្ររបស់ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិតយើងឬទេ? ដើម្បីធ្វើដូច្នេះ តើយើងអាចព្យាយាមបំពេញគោលដៅអ្វីខ្លះ?
៣ លោកយេស៊ូបានប្រាប់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នកបម្រើលោកដែលបានប្រគល់ខ្លួនជូនព្រះ ដោយមានប្រសាសន៍ថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។ (ម៉ាក. ១២:៣០) ដូច្នេះ ព្រះតម្រូវឲ្យយើងបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត។ ម្ល៉ោះហើយ យើងបង្ហាញថា យើងមានភក្ដីភាពយ៉ាងស្មោះចំពោះព្រះយេហូវ៉ា ហើយពិតជាចង់ធ្វើតាមការប្រគល់ខ្លួនជូនលោក ដោយខំព្យាយាមអស់ពីសមត្ថភាពក្នុងកិច្ចបម្រើព្រះ។ (២ធី. ២:១៥) មានកិច្ចបម្រើជាច្រើនដែលយើងម្នាក់ៗអាចធ្វើបាន ស្របតាមស្ថានភាពនិងសមត្ថភាពរបស់យើង។ សូមពិចារណាអំពីកិច្ចបម្រើផ្សេងៗ ហើយសូមសម្រេចចិត្តថាអ្នកនឹងព្យាយាមសម្រេចគោលដៅអ្វីខ្លះក្នុងកិច្ចបម្រើរបស់អ្នក។
ការបម្រើជាអ្នកផ្សាយក្នុងក្រុមជំនុំ
៤ អស់អ្នកដែលទទួលយកសេចក្ដីពិតមានឯកសិទ្ធិប្រកាសផ្សាយដំណឹងល្អ។ នេះជាកិច្ចការដ៏ចាំបាច់ដែលលោកយេស៊ូប្រគល់ឲ្យអ្នកកាន់តាមលោក។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) តាមធម្មតា អ្នកកាន់តាមលោកយេស៊ូគ្រិស្តចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីដំណឹងល្អភ្លាមៗ ក្រោយពីបានឮដំណឹងនោះ។ នេះជាអ្វីដែលអនទ្រេ ភីលីព កូនេលាស និងអ្នកឯទៀតបានធ្វើ។ (យ៉ូន. ១:៤០, ៤១, ៤៣-៤៥; សកម្ម. ១០:១, ២, ២៤; ១៦:១៤, ១៥, ២៥-៣៤) ដូច្នេះ តើបុគ្គលម្នាក់អាចប្រាប់អ្នកឯទៀតអំពីដំណឹងល្អមុននឹងទទួលការជ្រមុជទឹកឬទេ? គាត់អាចប្រាប់បាន! នៅពេលដែលបុគ្គលម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក គាត់អាចចូលរួមក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ម្យ៉ាងទៀត គាត់អាចចូលរួមក្នុងផ្នែកផ្សេងទៀតក្នុងកិច្ចបម្រើផ្សាយ តាមស្ថានភាពនិងសមត្ថភាពរបស់គាត់។
៥ ក្រោយពីអ្នកផ្សាយបានទទួលការជ្រមុជទឹក គាត់ច្បាស់ជាចង់ធ្វើអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀតរៀនអំពីដំណឹងល្អ។ បងប្អូនប្រុសនិងបងប្អូនស្រីមានឯកសិទ្ធិចូលរួមក្នុងកិច្ចបម្រើផ្សាយដូចគ្នា។ យើងសប្បាយចិត្តណាស់ដែលអាចរួមចំណែកធ្វើឲ្យកិច្ចការរាជាណាចក្រជឿនទៅមុខ ទោះជាតែបន្តិចបន្តួចក៏ដោយ។ អស់អ្នកដែលបង្កើនកិច្ចបម្រើផ្សាយរបស់ខ្លួន នឹងមានសុភមង្គលមែន។
ការបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង
៦ ប្រហែលជាតំបន់ផ្សាយរបស់ក្រុមជំនុំអ្នកបានត្រូវផ្សព្វផ្សាយជារឿយៗ ហើយមនុស្សជាច្រើននៅតំបន់នោះបានឮដំណឹងល្អ។ បើដូច្នេះមែន អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកអាចបង្កើនកិច្ចបម្រើផ្សាយដោយផ្លាស់ទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ (សកម្ម. ១៦:៩) បើអ្នកកំពុងបម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ ប្រហែលជាមានក្រុមជំនុំផ្សេងទៀតដែលត្រូវការជំនួយពីអ្នក។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលប្រហែលជាមានយោបល់អំពីរបៀបដែលអ្នកអាចជួយក្រុមជំនុំឯទៀតនៅក្នុងមណ្ឌល។ ប្រសិនបើអ្នកមានចិត្តចង់បម្រើនៅតំបន់ផ្សេងទៀតក្នុងប្រទេសរបស់អ្នក អ្នកអាចសរសេរសំបុត្រសុំព័ត៌មានពីការិយាល័យសាខា។
៧ តើអ្នកចង់បម្រើនៅប្រទេសក្រៅឬទេ? បើដូច្នេះ អ្នកត្រូវពិចារណាអំពីរឿងនេះឲ្យបានដិតដល់។ សូមពិគ្រោះអំពីរឿងនេះជាមួយអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក។ ការរើទៅប្រទេសក្រៅច្បាស់ជានឹងមានឥទ្ធិពលលើអ្នកផ្ទាល់ និងអស់អ្នកដែលទៅជាមួយ។ (លូក. ១៤:២៨) ក៏ប៉ុន្តែ បើអ្នកគ្មានគម្រោងនៅទីនោះយូរទេ ប្រហែលល្អជាងបើអ្នកគិតអំពីការបម្រើនៅតំបន់មួយទៀតក្នុងប្រទេសរបស់អ្នកវិញ។
៨ នៅប្រទេសខ្លះ បងប្រុសៗដែលបាននៅក្នុងសេចក្ដីពិតមិនសូវយូរប៉ុន្មាន មានភារកិច្ចធ្វើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ បងប្រុសៗដូចនេះដែលមានចិត្តរាបទាប ស្ម័គ្រចិត្តឲ្យអ្នកចាស់ទុំដែលមានបទពិសោធន៍ច្រើនជាងនាំមុខ ទោះជាគាត់ទើបតែផ្លាស់មកក្នុងក្រុមជំនុំក្ដី។ ក៏ប៉ុន្តែ បើអ្នកជាអ្នកចាស់ទុំហើយកំពុងគិតអំពីការផ្លាស់ទៅប្រទេសដូចនេះ សូមចាំថាគោលដៅរបស់អ្នកគឺមិនមែនបម្រើជំនួសបងប្រុសនៅតំបន់នោះទេ តែចូរបម្រើជាមួយពួកគាត់វិញ។ សូមលើកទឹកចិត្តពួកគាត់ឲ្យព្យាយាមទទួលភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ (១ធី. ៣:១) សូមមានចិត្តអត់ធ្មត់បើកិច្ចការខ្លះបានត្រូវសម្រេចខុសពីរបៀបដែលធ្លាប់សម្រេចនៅប្រទេសរបស់អ្នក។ បន្ថែមទៀត សូមប្រើបទពិសោធន៍របស់អ្នកជាអ្នកចាស់ទុំ ដើម្បីជួយបងប្អូនប្រុសនៅតំបន់នោះ។ ក្រោយមក បើអ្នកត្រូវត្រឡប់ទៅប្រទេសរបស់អ្នកវិញ អ្នកចាស់ទុំនៅក្នុងតំបន់នឹងមានសមត្ថភាពច្រើនជាងក្នុងការថែរក្សាក្រុមជំនុំ។
៩ មុនការិយាល័យសាខាអាចប្រាប់ឈ្មោះក្រុមជំនុំដែលអ្នកអាចទៅជួយ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំរបស់អ្នក ត្រូវសរសេរសំបុត្ររៀបរាប់អំពីអ្នក។ ទោះជាអ្នកកំពុងបម្រើជាអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ អ្នកត្រួសត្រាយ ឬជាអ្នកផ្សព្វផ្សាយក៏ដោយ សំបុត្រនោះគឺចាំបាច់។ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំនឹងផ្ញើសំបុត្រនោះ ជាមួយនឹងសំបុត្ររបស់អ្នក ទៅការិយាល័យសាខាដែលមើលខុសត្រូវលើប្រទេសដែលអ្នកចង់រើទៅ។
ការផ្សព្វផ្សាយជាភាសាផ្សេង
១០ ដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក អ្នកប្រហែលជាអាចគិតអំពីការរៀនភាសាមួយទៀត ហើយនេះរួមបញ្ចូលភាសាសញ្ញា។ ប្រសិនបើអ្នកមានគោលដៅរៀនភាសាមួយទៀតដើម្បីផ្សព្វផ្សាយ សូមពិភាក្សាជាមួយពួកអ្នកចាស់ទុំនិងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ពួកគាត់អាចជូនយោបល់ផ្សេងៗ ហើយផ្ដល់ការលើកទឹកចិត្ត។ នៅក្រោមការណែនាំរបស់ការិយាល័យសាខា មណ្ឌលខ្លះបានរៀបចំវគ្គរៀនភាសា ដើម្បីបង្រៀនអ្នកផ្សាយនិងអ្នកត្រួសត្រាយពេញពេលដែលមានសមត្ថភាព ឲ្យចេះផ្សព្វផ្សាយជាភាសាផ្សេង។
កិច្ចបម្រើជាអ្នកត្រួសត្រាយ
១១ អ្នកផ្សាយទាំងឡាយគួរដឹងអំពីតម្រូវការទូទៅដើម្បីបម្រើជាអ្នកត្រួសត្រាយជំនួយ អ្នកត្រួសត្រាយពេញពេល ឬអ្នកត្រួសត្រាយពិសេស ព្រមទាំងតម្រូវការសម្រាប់កិច្ចបម្រើពេញពេលឯទៀត។ អ្នកត្រួសត្រាយគួរជាគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹក និងដែលទុកគំរូគួរឲ្យធ្វើតាម។ គាត់ត្រូវមានស្ថានភាពដែលអនុញ្ញាតឲ្យគាត់បំពេញចំនួនម៉ោងដែលបានកំណត់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំផ្ដល់ការយល់ព្រមចំពោះពាក្យសុំបម្រើជាអ្នកត្រួសត្រាយជំនួយ និងពាក្យសុំបម្រើជាអ្នកត្រួសត្រាយពេញពេល រីឯអ្នកត្រួសត្រាយពិសេសទទួលការតែងតាំងពីការិយាល័យសាខាវិញ។
១២ អ្នកត្រួសត្រាយជំនួយអាចបម្រើសម្រាប់មួយខែ ឬប៉ុន្មានខែជាបន្តបន្ទាប់ ឬក៏រហូត អាស្រ័យទៅលើស្ថានភាពរបស់គាត់។ អ្នកផ្សាយរាជាណាចក្រជាច្រើននាក់ចូលចិត្តបម្រើជាអ្នកត្រួសត្រាយជំនួយនៅខែពិសេស ដូចជាក្នុងអំឡុងរដូវពិធីរំលឹក ឬពេលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អ្នកផ្សាយខ្លះត្រួសត្រាយជំនួយក្នុងខែដែលពួកគេសម្រាកពីការងារ។ អ្នកផ្សាយដែលជាសិស្សសាលានិងដែលបានទទួលការជ្រមុជទឹក អាចចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងពេលវិស្សមកាល។ អ្នកផ្សាយអាចសម្រេចចិត្តត្រួសត្រាយជំនួយនៅខែដែលមានការកាត់បន្ថយចំនួនម៉ោងផ្សព្វផ្សាយ ដូចជានៅខែមីនា ខែមេសា ឬខែដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ការបម្រើជាអ្នកត្រួសត្រាយជំនួយគឺជាឯកសិទ្ធិ ហើយទោះជាអ្នកមានស្ថានភាពយ៉ាងណាក៏ដោយ អ្នកចាស់ទុំនឹងរីករាយពិចារណាពាក្យសុំរបស់អ្នក ប្រសិនបើអ្នកមានភាពស្អាតស្អំខាងសីលធម៌និងគ្មានទម្លាប់ស្មោកគ្រោកទេ អាចបំពេញចំនួនម៉ោងដែលបានកំណត់ ហើយអាចបម្រើអស់មួយខែឬច្រើនជាង។
១៣ ដើម្បីបម្រើជាអ្នកត្រួសត្រាយពេញពេល អ្នកត្រូវតែអាចបំពេញម៉ោងផ្សាយប្រចាំឆ្នាំដែលបានកំណត់។ ក្នុងនាមជាអ្នកត្រួសត្រាយពេញពេល អ្នកគួរសហការជាមួយក្រុមជំនុំរបស់អ្នក។ អ្នកត្រួសត្រាយពេញពេលដែលមានចិត្តខ្នះខ្នែងពិតជាផ្ដល់ប្រយោជន៍ដល់ក្រុមជំនុំ ពីព្រោះពួកគាត់ធ្វើឲ្យបងប្អូនឯទៀតមានចិត្តរំភើបចំពោះកិច្ចបម្រើផ្សាយ ក៏អាចធ្វើឲ្យបងប្អូនឯទៀតមានចិត្តចង់បម្រើជាអ្នកត្រួសត្រាយពេញពេលដែរ។ ក៏ប៉ុន្តែ មុនអ្នកអាចដាក់ពាក្យសុំបម្រើជាអ្នកត្រួសត្រាយពេញពេល អ្នកត្រូវជាអ្នកផ្សាយដែលទុកគំរូគួរឲ្យធ្វើតាម ហើយបានទទួលការជ្រមុជទឹកយ៉ាងហោចណាស់៦ខែ។
១៤ តាមធម្មតាអ្នកត្រួសត្រាយពិសេសបានត្រូវជ្រើសរើសពីចំណោមអ្នកត្រួសត្រាយពេញពេលដែលមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ ពួកគាត់ត្រូវតែអាចទៅបម្រើនៅតំបន់ដែលការិយាល័យសាខាចាត់ឲ្យទៅ។ ជាញឹកញយ ពួកគាត់ត្រូវចាត់ឲ្យទៅតំបន់ដាច់ស្រយាល ជាកន្លែងដែលអាចស្វែងរកអ្នកចាប់អារម្មណ៍ ហើយបង្កើតក្រុមជំនុំថ្មី។ ជួនកាល អ្នកត្រួសត្រាយពិសេសនឹងត្រូវចាត់ឲ្យទៅក្រុមជំនុំដែលពិបាកផ្សព្វផ្សាយជាទៀងទាត់នៅគ្រប់ផែនទីផ្សាយទាំងអស់។ អ្នកត្រួសត្រាយពិសេសខ្លះដែលជាអ្នកចាស់ទុំ បានត្រូវចាត់ឲ្យទៅជួយក្រុមជំនុំតូចៗ ទោះជាក្រុមជំនុំនោះផ្សព្វផ្សាយនៅគ្រប់ផែនទីទាំងអស់ជាទៀងទាត់ក៏ដោយ។ អ្នកត្រួសត្រាយពិសេសទទួលប្រាក់ឧបត្ថម្ភល្មមគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត។ អ្នកត្រួសត្រាយពិសេសខ្លះ បានត្រូវតែងតាំងជាបណ្ដោះអាសន្ន។
កិច្ចបម្រើជាសាសនទូត
១៥ គណៈកម្មាធិការកិច្ចបម្រើនៃគណៈអភិបាលចាត់តាំងសាសនទូតឲ្យទៅបម្រើនៅប្រទេសផ្សេងៗ។ បន្ទាប់មក គណៈកម្មាធិការការិយាល័យសាខានៅប្រទេសដែលពួកគាត់បម្រើ នឹងចាត់ពួកគាត់ឲ្យទៅបម្រើនៅតំបន់ដែលមានមនុស្សច្រើន។ ពួកគាត់ធ្វើកិច្ចការល្អជាច្រើន ដោយពង្រឹងក្រុមជំនុំនិងធ្វើឲ្យកិច្ចបម្រើផ្សាយកាន់តែរីកចម្រើន។ ជាញឹកញយ សាសនទូតបានទទួលការបង្ហាត់បង្រៀននៅសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ សាសនទូតទទួលបានកន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភល្មមគ្រប់គ្រាន់សម្រាប់ចំណាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
កិច្ចបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល
១៦ មុនអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទទួលការតែងតាំងពីគណៈអភិបាល ពួកគាត់ត្រូវទទួលការបង្ហាត់បង្រៀន និងមានបទពិសោធន៍បម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជំនួសសិន។ បងប្រុសដូចនេះស្រឡាញ់កិច្ចបម្រើផ្សាយ ហើយស្រឡាញ់បងប្អូនរួមជំនឿ។ ពួកគាត់ឧស្សាហ៍សិក្សាគម្ពីរយ៉ាងស៊ីជម្រៅ ត្រួសត្រាយយ៉ាងខ្នះខ្នែង ហើយជាអ្នកដែលពូកែថ្លែងសុន្ទរកថានិងបង្រៀន។ បន្ថែមទៅទៀត ពួកគាត់ជាគំរូល្អក្នុងការបង្ហាញផលដែលបង្កើតដោយសកម្មពលរបស់ព្រះ ហើយពួកគាត់មានតុល្យភាព មានគំនិតសមហេតុសមផល និងចេះវែកញែក។ បើបងប្រុសនោះបានរៀបការហើយ ប្រពន្ធគាត់ដែលជាអ្នកត្រួសត្រាយ ទុកគំរូគួរឲ្យធ្វើតាមក្នុងការប្រព្រឹត្តនិងក្នុងរបៀបដែលគាត់ទាក់ទងអ្នកឯទៀត។ នាងជាអ្នកផ្សាយដែលមានប្រសិទ្ធភាព។ នាងជាប្រពន្ធដែលចុះចូលនឹងប្ដីស្របតាមគោលការណ៍គម្ពីរ។ នាងមិននិយាយតាងនាមប្ដី ហើយពេលសន្ទនាជាមួយអ្នកឯទៀត នាងទុកឱកាសឲ្យពួកគេនិយាយផងដែរ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់ពិតជារវល់ណាស់ ដូច្នេះ អស់អ្នកដែលព្យាយាមឲ្យបានមុខងារនេះត្រូវមានសុខភាពល្អ។ អ្នកត្រួសត្រាយមិនដាក់ពាក្យសុំធ្វើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទេ។ ផ្ទុយទៅវិញ អ្នកត្រួសត្រាយដែលចង់បម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល អាចប្រាប់និងសុំយោបល់ពីអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។
សាលាកិច្ចបម្រើ
១៧ សាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ: អង្គការរបស់ព្រះត្រូវការអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រជាច្រើននាក់ទៀត ដើម្បីជួយផ្សព្វផ្សាយនៅតំបន់ដែលមិនសូវឮដំណឹងល្អ និងដើម្បីជួយឲ្យក្រុមជំនុំរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ បងប្អូនប្រុសស្រីនៅលីវនិងប្ដីប្រពន្ធ អាចដាក់ពាក្យសុំទទួលការបង្ហាត់បង្រៀនពិសេសនៅសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ក្រោយពីបញ្ចប់វគ្គសិក្សា ពួកគាត់នឹងត្រូវចាត់ឲ្យទៅបម្រើជាអ្នកត្រួសត្រាយពេញពេល នៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាងក្នុងប្រទេសរបស់ខ្លួន។ ក៏ប៉ុន្តែ ចំពោះបងប្អូនដែលអាចធ្វើបាន ពួកគាត់អាចទទួលឯកសិទ្ធិផ្សេងទៀតនៅប្រទេសរបស់ខ្លួនឬនៅប្រទេសក្រៅ។ បងប្អូនខ្លះអាចត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស ឬអ្នកត្រួសត្រាយពិសេសបណ្ដោះអាសន្ន។ នៅមហាសន្និបាតតាមភូមិភាគ មានកិច្ចប្រជុំមួយដែលពន្យល់អំពីតម្រូវការពីអ្នកត្រួសត្រាយ ប្រសិនបើពួកគាត់ចង់ចូលសាលានេះ។
១៨ សាលាគម្ពីរគីលាតនៃសមាគមប៉មយាម: បងប្អូនប្រុសស្រីនៅលីវនិងប្ដីប្រពន្ធ ដែលបានត្រូវអញ្ជើញឲ្យចូលសាលានេះ ចេះនិយាយភាសាអង់គ្លេស ហើយជាអ្នកបម្រើពេញពេលពិសេស។ ពួកគាត់ជាអ្នកដែលអាចជួយធ្វើឲ្យកិច្ចបម្រើផ្សាយជឿនទៅមុខ ឬអាចជួយពង្រឹងការរៀបចំផ្សេងៗរបស់ការិយាល័យសាខា។ ពួកគាត់បានបង្ហាញរួចហើយថា ពួកគាត់មានអំណរក្នុងការបម្រើបងប្អូនរួមជំនឿ ហើយចេះជួយពួកគេដោយសប្បុរសឲ្យរៀននិងធ្វើតាមការណែនាំពីគម្ពីរ និងពីអង្គការព្រះយេហូវ៉ា។ គណៈកម្មាធិការការិយាល័យសាខាអញ្ជើញបងប្អូនដែលមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យដាក់ពាក្យសុំ។ បងប្អូនដែលបញ្ចប់វគ្គសិក្សានឹងត្រូវចាត់ឲ្យទៅបម្រើនៅក្រោមការត្រួតពិនិត្យរបស់ការិយាល័យសាខានៅប្រទេសរបស់ខ្លួន ឬនៅប្រទេសក្រៅ។
កិច្ចបម្រើនៅបេតអែល
១៩ ការបម្រើនៅបេតអែលជាឯកសិទ្ធិដ៏ពិសេស។ ពាក្យបេតអែលមានន័យថា «ផ្ទះរបស់ព្រះ» ហើយពាក្យនេះគឺសមសម្រាប់កន្លែងដែលធ្វើកិច្ចការផ្សេងៗក្នុងកិច្ចបម្រើព្រះ។ បងប្អូនប្រុសស្រីនៅបេតអែលធ្វើកិច្ចការដ៏សំខាន់ចាំបាច់ដូចជា ការបកប្រែ បោះពុម្ព និងចែកចាយសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ។ កិច្ចបម្រើរបស់ពួកគាត់មានតម្លៃណាស់ចំពោះគណៈអភិបាល ដែលកំពុងត្រួតពិនិត្យនិងណែនាំក្រុមជំនុំនៅទូទាំងពិភពលោក។ ចំណែកសមាជិកបេតអែលជាច្រើនដែលជាអ្នកបកប្រែ ពួកគេរស់នៅហើយបម្រើក្នុងតំបន់ដែលមនុស្សនិយាយភាសានោះ។ យ៉ាងនេះ ពួកគាត់អាចឮភាសានោះក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងទៀត ពួកគាត់ក៏អាចដឹងច្បាស់ថា មនុស្សយល់ឬមិនយល់ភាសាក្នុងសៀវភៅដែលបានត្រូវបកប្រែ។
២០ កិច្ចការជាច្រើននៅបេតអែល តម្រូវឲ្យបងប្អូនប្រើកម្លាំងកាយ។ ហេតុនេះ បងប្អូនភាគច្រើនដែលទទួលការអញ្ជើញឲ្យបម្រើនៅបេតអែលគឺជាប្អូនប្រុសវ័យក្មេងដែលបានប្រគល់ខ្លួនជូនព្រះ បានទទួលការជ្រមុជទឹក មានសុខភាពល្អ ហើយមានកម្លាំងច្រើន។ ប្រសិនបើអ្នកមានចិត្តចង់បម្រើនៅបេតអែល សូមសួរអ្នកចាស់ទុំក្នុងក្រុមជំនុំអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីបម្រើនៅបេតអែល។
កិច្ចបម្រើផ្នែកសាងសង់
២១ ការសាងសង់អគារនៃអង្គការព្រះ គឺជាផ្នែកមួយនៃកិច្ចបម្រើពិសិដ្ឋ ដែលស្រដៀងនឹងកិច្ចការសាងសង់វិហារនៅសម័យសាឡូម៉ូន។ (១ព. ៨:១៣-១៨) បងប្អូនប្រុសស្រីជាច្រើននាក់បង្ហាញចិត្តខ្នះខ្នែងយ៉ាងខ្លាំង ដោយស្ម័គ្រចិត្តចំណាយពេលនិងធនធានរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចការនេះ។
២២ តើអ្នកអាចជួយខាងផ្នែកសាងសង់បានឬទេ? ប្រសិនបើអ្នកជាអ្នកផ្សាយដែលបានទទួលការជ្រមុជទឹក ហើយស្ម័គ្រចិត្តជួយក្នុងកិច្ចការនេះ នោះបងប្អូនប្រុសដែលត្រួតពិនិត្យកិច្ចការសាងសង់ក្នុងតំបន់របស់អ្នកនឹងពេញចិត្តទទួលជំនួយពីអ្នក ហើយពួកគាត់នឹងបង្ហាត់បង្រៀនអ្នក ទោះជាអ្នកមិនសូវមានជំនាញក៏ដោយ។ សូមជម្រាបអ្នកចាស់ទុំក្នុងក្រុមជំនុំថាអ្នកចង់ជួយក្នុងកិច្ចការនេះ។ អ្នកផ្សាយខ្លះដែលបានទទួលការជ្រមុជទឹក ហើយមានគុណសម្បត្តិគ្រប់គ្រាន់ បានស្ម័គ្រចិត្តជួយសាងសង់អគារនៃអង្គការព្រះនៅប្រទេសឯទៀត។
២៣ បងប្អូនមានឱកាសជាច្រើនដើម្បីជួយខាងផ្នែកសាងសង់។ អ្នកផ្សាយដែលទុកគំរូគួរឲ្យធ្វើតាម បានទទួលការជ្រមុជទឹក មានជំនាញខ្លះ ហើយអាចជួយក្នុងគម្រោងសាងសង់ជិតតំបន់របស់ពួកគាត់ អាចបម្រើជាអ្នកស្ម័គ្រចិត្តបម្រើផ្នែករចនាប្លង់និងសាងសង់តាមតំបន់។ អ្នកផ្សាយឯទៀតអាចជួយក្នុងគម្រោងសាងសង់នៅកន្លែងឆ្ងាយតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយការិយាល័យសាខាតែងតាំងពួកគាត់ឲ្យធ្វើជាអ្នកស្ម័គ្រចិត្តបម្រើផ្នែកសាងសង់សម្រាប់រយៈពេលពីរសប្ដាហ៍ទៅបីខែ។ រីឯបងប្អូនដែលបានត្រូវតែងតាំងឲ្យបម្រើផ្នែកនេះរយៈពេលយូរវិញ បានត្រូវហៅថាអ្នកបម្រើផ្នែកសាងសង់។ អ្នកបម្រើផ្នែកសាងសង់ដែលបានទទួលភារកិច្ចនៅក្រៅប្រទេស ហៅថាអ្នកបម្រើផ្នែកសាងសង់ក្រៅប្រទេស។ ក្រុមផ្នែកសាងសង់រួមមានអ្នកបម្រើផ្នែកសាងសង់និងអ្នកស្ម័គ្រចិត្តបម្រើផ្នែកសាងសង់។ ពួកគាត់នាំមុខក្នុងគម្រោងសាងសង់នីមួយៗ ហើយទទួលជំនួយពីអ្នកស្ម័គ្រចិត្តបម្រើផ្នែករចនាប្លង់និងសាងសង់តាមតំបន់ និងអ្នកស្ម័គ្រចិត្តឯទៀតពីក្រុមជំនុំដែលចូលរួមក្នុងគម្រោងសាងសង់នោះ។ ពេលចប់គម្រោងសាងសង់នៅកន្លែងមួយ ក្រុមផ្នែកសាងសង់រើទៅគម្រោងមួយទៀត ក្នុងតំបន់ដែលការិយាល័យសាខាមើលការខុសត្រូវ។
តើអ្នកមានគោលដៅអ្វីក្នុងកិច្ចបម្រើព្រះ?
២៤ បើអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា នោះអ្នកមានបំណងបម្រើលោកជារៀងរហូត។ ប៉ុន្តែ តើអ្នកមានគោលដៅអ្វីក្នុងកិច្ចបម្រើព្រះ? ការមានគោលដៅក្នុងកិច្ចបម្រើព្រះនឹងជួយអ្នកឲ្យប្រើកម្លាំងនិងធនធានរបស់អ្នកដោយឈ្លាសវៃ។ (១កូ. ៩:២៦) ការមានគោលដៅផ្សេងៗនឹងជួយអ្នកឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ ក៏នឹងជួយឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាង ស្របពេលដែលអ្នកព្យាយាមឲ្យបានឯកសិទ្ធិថែមទៀតក្នុងកិច្ចបម្រើព្រះ។—ភី. ១:១០; ១ធី. ៤:១៥, ១៦
២៥ សាវ័កប៉ូលបានទុកគំរូដ៏ល្អសម្រាប់យើងក្នុងកិច្ចបម្រើព្រះ។ (១កូ. ១១:១) ប៉ូលបានខំប្រឹងយ៉ាងខ្លាំងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ គាត់បានទទួលស្គាល់ថា ព្រះយេហូវ៉ាបានបើកឱកាសជាច្រើនឲ្យគាត់។ ប៉ូលបានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូសថា៖ «មានទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យខ្ញុំបំពេញកិច្ចបម្រើ»។ យើងក៏មានឱកាសដូចនេះដែរ មែនទេ? មែនហើយ យើងមានឱកាសជាច្រើនក្នុងការបម្រើព្រះយេហូវ៉ាជាមួយក្រុមជំនុំ ជាពិសេសនៅក្នុងការផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ប៉ុន្តែ ដូចសាវ័កប៉ូលដែរ ពេលយើងចូលតាមទ្វារដែល«បើកចំហយ៉ាងធំ» នោះមាន«អ្នកប្រឆាំងជាច្រើន»។ (១កូ. ១៦:៩) ប៉ូលសុខចិត្តអប់រំខ្លួនជានិច្ច។ គាត់បានសរសេរថា៖ «ខ្ញុំវាយដំរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូលដូចខ្ញុំបម្រើ»។ (១កូ. ៩:២៤-២៧) តើយើងមានចិត្តគំនិតដូចនេះឬទេ?
ការមានគោលដៅក្នុងកិច្ចបម្រើព្រះនឹងជួយអ្នកឲ្យប្រើកម្លាំងនិងធនធានរបស់អ្នកដោយឈ្លាសវៃ
២៦ យើងម្នាក់ៗបានត្រូវលើកទឹកចិត្តឲ្យសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ ស្របតាមស្ថានភាពរបស់ខ្លួន។ សព្វថ្ងៃនេះ បងប្អូនជាច្រើននាក់កំពុងចូលរួមក្នុងកិច្ចបម្រើពេញពេល ដោយសារពួកគាត់មានគោលដៅក្នុងកិច្ចបម្រើព្រះតាំងពីក្មេងមក។ ទោះជាពួកគាត់មានវ័យក្មេងក៏ដោយ ឪពុកម្ដាយនិងបងប្អូនឯទៀតបានលើកទឹកចិត្តពួកគាត់ឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះ។ ដូច្នេះ ពួកគាត់បានសម្រេចកិច្ចការជាច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយគ្មានការស្ដាយក្រោយទេ។ (សុភ. ១០:២២) យើងអាចមានគោលដៅល្អៗផ្សេងទៀតដូចជា ចូលរួមកិច្ចបម្រើផ្សាយរាល់សប្ដាហ៍ រកសិស្សគម្ពីរថ្មីនិងបង្រៀនគម្ពីរតាមផ្ទះ ឬចំណាយពេលច្រើនជាងក្នុងការរៀបចំសម្រាប់កិច្ចប្រជុំ។ អ្វីដែលសំខាន់គឺយើងត្រូវរក្សាជំនឿឲ្យមាំមួន ហើយបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូក។ បើយើងធ្វើដូច្នេះ យើងនឹងលើកកិត្តិយសព្រះយេហូវ៉ា ព្រមទាំងសម្រេចគោលដៅសំខាន់បំផុត ពោលគឺការបម្រើលោកជារៀងរហូត។—លូក. ១៣:២៤; ១ធី. ៤:៧ខ, ៨