អត្ថបទសិក្សា ៦
តើអ្នកទុកចិត្តថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវឬទេ?
«លោកជាថ្មដា កិច្ចការរបស់លោកគឺល្អឥតខ្ចោះ ព្រោះគ្រប់ទាំងផ្លូវរបស់លោកសុទ្ធតែយុត្តិធម៌។ ព្រះនៃសេចក្ដីស្មោះត្រង់ មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ឡើយ លោកគឺសុចរិតនិងទៀងត្រង់ជានិច្ច»។—បច. ៣២:៤
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
សេចក្ដីសង្ខេបa
១-២. (ក) ហេតុអ្វីមនុស្សជាច្រើននៅសព្វថ្ងៃនេះពិបាកទុកចិត្តពួកអ្នកដែលមានអំណាច? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនពិបាកទុកចិត្តពួកអ្នកដែលមានអំណាច។ ពួកគេបានឃើញថាច្បាប់និងប្រព័ន្ធនយោបាយច្រើនតែលម្អៀងទៅខាងពួកអ្នកមាន និងពួកអ្នកមានអំណាច ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។ គម្ពីរចែងយ៉ាងត្រឹមត្រូវថា៖ «មនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា»។ (អទ. ៨:៩) បន្ថែមទៅទៀត ពួកអ្នកដឹកនាំសាសនាខ្លះធ្វើអាក្រក់ផ្សេងៗ ដែលនាំឲ្យមនុស្សខ្លះលែងមានទំនុកចិត្តទៅលើព្រះ។ ដូច្នេះ ពេលបុគ្គលណាម្នាក់ព្រមសិក្សាគម្ពីរជាមួយយើង យើងត្រូវជួយគាត់ឲ្យរៀនចេះមានទំនុកចិត្តទៅលើព្រះយេហូវ៉ា និងពួកអ្នកដែលលោកបានតែងតាំងនៅផែនដី។
២ មិនគ្រាន់តែសិស្សគម្ពីរប៉ុណ្ណោះទេ ដែលត្រូវរៀនឲ្យចេះទុកចិត្តព្រះយេហូវ៉ានិងអង្គការរបស់លោក។ សូម្បីតែយើងដែលបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ ក៏មិនត្រូវបាត់បង់ជំនឿថាអ្វីៗដែលព្រះយេហូវ៉ាធ្វើគឺតែងតែល្អបំផុត។ ជួនកាល អ្វីណាមួយកើតឡើងដែលអាចល្បងលទំនុកចិត្តរបស់យើងទៅលើលោក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាស្ថានភាពបីដែលអាចល្បងលជំនឿរបស់យើងគឺ៖ (១) ពេលយើងអានកំណត់ហេតុខ្លះក្នុងគម្ពីរ (២) ពេលយើងទទួលការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា និង(៣) ពេលយើងមានការពិបាកនៅថ្ងៃអនាគត។
ចូរទុកចិត្តព្រះយេហូវ៉ាកាលដែលអានគម្ពីរ
៣. ហេតុអ្វីកំណត់ហេតុខ្លះក្នុងគម្ពីរអាចធ្វើឲ្យយើងងឿងឆ្ងល់?
៣ កាលដែលយើងអានបណ្ដាំរបស់ព្រះ យើងប្រហែលជាឆ្ងល់អំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះបុគ្គលផ្សេងៗ និងការសម្រេចចិត្តខ្លះរបស់លោក។ ជាឧទាហរណ៍ សៀវភៅជំរឿនបណ្ដាជនរៀបរាប់ថា ព្រះយេហូវ៉ាបានដាក់ទោសជនជាតិអ៊ីស្រាអែលម្នាក់ឲ្យស្លាប់ ដោយសារគាត់បានរើសអុសនៅថ្ងៃឈប់សម្រាក។ រាប់រយឆ្នាំក្រោយមក នៅសៀវភៅសាំយូអែលទី២យើងរៀនថា ព្រះយេហូវ៉ាបានអភ័យទោសឲ្យស្ដេចដាវីឌចំពោះអំពើផិតក្បត់និងឃាតកម្ម។ (ជប. ១៥:៣២, ៣៥; ២សាំ. ១២:៩, ១៣) យើងប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីព្រះយេហូវ៉ាអាចអភ័យទោសឲ្យដាវីឌចំពោះអំពើផិតក្បត់និងឃាតកម្ម ប៉ុន្តែបែរជាដាក់ទោសបុរសដែលរើសអុសនោះឲ្យស្លាប់ចំពោះកំហុសដែលមើលទៅមិនមែនជាអំពើខុសឆ្គងធ្ងន់ធ្ងរទៅវិញ?›។ ដើម្បីឆ្លើយសំណួរនេះ សូមពិចារណាកត្តាបីដែលយើងគួរចាំពេលដែលយើងអានគម្ពីរ។
៤. តើដើមកំណើត ១៨:២០, ២១ និងការបំភ្លឺច្បាប់ ១០:១៧ពង្រឹងទំនុកចិត្តរបស់យើងទៅលើការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤ គម្ពីរមិនតែងតែផ្ដល់ព័ត៌មានទាំងអស់អំពីកំណត់ហេតុណាមួយទេ។ ជាឧទាហរណ៍ យើងដឹងថាដាវីឌបានប្រែចិត្តយ៉ាងស្មោះចំពោះការប្រព្រឹត្តរបស់គាត់។ (ចសព. ៥១:២-៤) ប៉ុន្តែ តើបុរសដែលបានបំពានច្បាប់ថ្ងៃឈប់សម្រាកជាមនុស្សបែបណា? តើគាត់ស្ដាយក្រោយចំពោះអ្វីដែលគាត់បានធ្វើឬទេ? តើគាត់មិនបានធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាពីមុនមកឬ? តើគាត់មិនបានអើពើ ឬថែមទាំងធ្លាប់បដិសេធការព្រមានឬទេ? គម្ពីរមិនបានចែងទេ។ ប៉ុន្តែ យើងអាចជឿជាក់អំពីចំណុចនេះថា ព្រះយេហូវ៉ា«មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ឡើយ»។ (បច. ៣២:៤) ការសម្រេចចិត្តរបស់លោកមានមូលដ្ឋានលើព័ត៌មានទាំងអស់ មិនមែនលើអ្វីដែលគេនិយាយ ឬមិនមែនដោយលម្អៀងឬអ្វីផ្សេងទៀតដែលច្រើនតែនាំឲ្យមនុស្សមានទស្សនៈមិនត្រឹមត្រូវឡើយ។ (សូមអាន ដើមកំណើត ១៨:២០, ២១; ការបំភ្លឺច្បាប់ ១០:១៧) កាលដែលយើងកាន់តែរៀនអំពីព្រះយេហូវ៉ានិងខ្នាតតម្រារបស់លោក យើងនឹងកាន់តែទុកចិត្តការវិនិច្ឆ័យរបស់លោក។ ទោះជាយើងអានគម្ពីរនិងមានចម្ងល់ដែលយើងមិនអាចឆ្លើយបាននៅឥឡូវនេះក្ដី យើងដឹងព័ត៌មានគ្រប់គ្រាន់អំពីព្រះរបស់យើងដើម្បីជឿជាក់ថា លោក«ធ្វើអ្វីគ្រប់យ៉ាងដោយសុចរិត»។—ចសព. ១៤៥:១៧
៥. តើភាពមិនល្អឥតខ្ចោះមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងស្ដីអំពីយុត្តិធម៌? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «ភាពមិនល្អឥតខ្ចោះមានឥទ្ធិពលទៅលើទស្សនៈរបស់យើងស្ដីអំពីយុត្តិធម៌»)
៥ យើងមិនតែងតែអាចវិនិច្ឆ័យយ៉ាងត្រឹមត្រូវបានទេ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ។ ព្រះបានបង្កើតយើងឲ្យមានភាពដូចលោក ដូច្នេះយើងចង់ឲ្យមនុស្សទទួលបានយុត្តិធម៌។ (ដក. ១:២៦) ប៉ុន្តែ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងអាចវិនិច្ឆ័យខុសចំពោះរឿងផ្សេងៗ ទោះជាយើងគិតថាយើងមានព័ត៌មានទាំងអស់ក្ដី។ ជាឧទាហរណ៍ យ៉ូណាសមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកក្រុងនីនីវេ។ (យ៉ូណ. ៣:១០–៤:១) ប៉ុន្តែ សូមគិតអំពីលទ្ធផល។ អ្នកក្រុងនីនីវេជាង១២០.០០០នាក់បានប្រែចិត្ត ហើយបានរួចជីវិត! នៅទីបំផុត គឺយ៉ូណាសដែលបានវិនិច្ឆ័យខុសចំពោះអ្នកក្រុងនីនីវេ មិនមែនព្រះយេហូវ៉ាឡើយ។
៦. ហេតុអ្វីព្រះយេហូវ៉ាមិនចាំបាច់ពន្យល់យើងអំពីការសម្រេចចិត្តរបស់លោក?
៦ ព្រះយេហូវ៉ាមិនចាំបាច់ពន្យល់មនុស្សជាតិអំពីមូលហេតុដែលលោកធ្វើការសម្រេចចិត្តឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នកបម្រើរបស់លោកនៅអតីតកាលប្រាប់អំពីការព្រួយបារម្ភរបស់ពួកគេស្ដីអំពីការសម្រេចចិត្តរបស់លោក។ (ដក. ១៨:២៥; យ៉ូណ. ៤:២, ៣) ម្យ៉ាងទៀតនៅពេលខ្លះ ព្រះយេហូវ៉ាបានពន្យល់អំពីការសម្រេចចិត្តរបស់លោក។ (យ៉ូណ. ៤:១០, ១១) ប៉ុន្តែ ព្រះយេហូវ៉ាមិនចាំបាច់ពន្យល់អំពីមូលហេតុដែលលោកធ្វើការសម្រេចចិត្តឡើយ។ ដោយសារលោកជាអ្នកបង្កើតរបស់យើង លោកមិនចាំបាច់សុំការអនុញ្ញាតពីយើងមុនឬក្រោយពីលោកធ្វើអ្វីណាមួយទេ។—អេ. ៤០:១៣, ១៤; ៥៥:៩
ចូរទុកចិត្តព្រះយេហូវ៉ាពេលទទួលការណែនាំ
៧. តើអ្វីប្រហែលជាពិបាកចំពោះយើង ហើយហេតុអ្វី?
៧ យើងច្បាស់ជាយល់ស្របទាំងស្រុងថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែ យើងប្រហែលជាពិបាកទុកចិត្តបងប្អូនប្រុសដែលលោកបានតែងតាំង។ យើងប្រហែលជាឆ្ងល់ថា តើពួកអ្នកដែលមានអំណាចមួយកម្រិតក្នុងអង្គការរបស់ព្រះយេហូវ៉ាពិតជាធ្វើតាមការណែនាំពីលោកឬធ្វើតាមគំនិតខ្លួនឯង? អ្នកខ្លះដែលរស់នៅសម័យគម្ពីរប្រហែលជាធ្លាប់គិតដូចនេះ។ សូមពិចារណាអំពីបុគ្គលដែលមានក្នុងវគ្គ៣។ សាច់ញាតិម្នាក់របស់បុរសដែលបានបំពានច្បាប់ថ្ងៃឈប់សម្រាកប្រហែលជាបានឆ្ងល់ថា តើម៉ូសេពិតជាបានទទួលយោបល់ពីព្រះយេហូវ៉ាមុនគាត់កាត់ទោសបុរសនោះឲ្យស្លាប់ឬយ៉ាងណា? ម្យ៉ាងទៀត មិត្តភក្ដិរបស់អ៊ូរីជាជនជាតិហេតដែលមានប្រពន្ធប្រព្រឹត្តអំពើផិតក្បត់ជាមួយដាវីឌ ប្រហែលជាសន្និដ្ឋានថាដាវីឌបានប្រើឋានៈរបស់គាត់ជាស្ដេចដើម្បីរួចផុតពីទោសដែលគាត់សមនឹងទទួល។ តាមការពិត ព្រះយេហូវ៉ាទុកចិត្តពួកអ្នកដែលលោកតែងតាំងឲ្យនាំមុខក្នុងអង្គការរបស់លោកនិងក្នុងក្រុមជំនុំ ដូច្នេះបើយើងមិនទុកចិត្តបងប្អូនប្រុសទាំងនេះទេ យើងមិនអាចនិយាយថាយើងទុកចិត្តព្រះយេហូវ៉ាឡើយ។
៨. តើអ្វីដែលបានត្រូវកត់ទុកនៅសកម្មភាព ១៦:៤, ៥ និងរបៀបរៀបចំរបស់ក្រុមជំនុំគ្រិស្តសាសនិកនៅសព្វថ្ងៃមានភាពស្រដៀងគ្នាយ៉ាងណា?
៨ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាដឹកនាំអង្គការរបស់លោកផ្នែកនៅផែនដីតាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥) ដូចគណៈអភិបាលនៅសតវត្សរ៍ទី១ ខ្ញុំបម្រើនេះមើលការខុសត្រូវលើរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោក និងផ្ដល់ការណែនាំដល់ពួកអ្នកចាស់ទុំ។ (សូមអាន សកម្មភាព ១៦:៤, ៥) បន្ទាប់មក ពួកអ្នកចាស់ទុំធ្វើឲ្យប្រាកដថាពួកគេធ្វើតាមការណែនាំនោះក្នុងក្រុមជំនុំ។ យើងបង្ហាញការទុកចិត្តថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវ ដោយធ្វើតាមការណែនាំដែលយើងទទួលពីអង្គការរបស់លោក និងពួកអ្នកចាស់ទុំ។
៩. តើយើងប្រហែលជាពិបាកធ្វើតាមការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំនៅពេលណា ហើយហេតុអ្វី?
៩ ជួនកាល យើងប្រហែលជាពិបាកគាំទ្រការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំ។ ជាឧទាហរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមជំនុំនិងមណ្ឌលជាច្រើនបានត្រូវរៀបចំឡើងវិញ។ ក្នុងករណីខ្លះ ពួកអ្នកចាស់ទុំបានសុំអ្នកផ្សាយឲ្យចូលរួមក្រុមជំនុំផ្សេងដើម្បីឲ្យសាលប្រជុំនីមួយៗមានអ្នកចូលរួមពេញល្មម។ បើយើងបានត្រូវសុំឲ្យចូលរួមក្រុមជំនុំថ្មី យើងប្រហែលជាពិបាកចាកចេញពីមិត្តភក្ដិនិងក្រុមគ្រួសារ។ តើពួកអ្នកចាស់ទុំទទួលការណែនាំពីព្រះដែលប្រាប់ពួកគេថាត្រូវចាត់អ្នកផ្សាយម្នាក់ៗឲ្យទៅកន្លែងណាមួយឬទេ? មិនមែនទេ។ ហេតុនេះហើយ យើងប្រហែលជាពិបាកធ្វើតាមការណែនាំដែលយើងទទួល។ ប៉ុន្តែ ព្រះយេហូវ៉ាទុកចិត្តឲ្យពួកអ្នកចាស់ទុំធ្វើការសម្រេចចិត្តបែបនេះ ហើយយើងក៏ត្រូវទុកចិត្តពួកគេដែរ។b
១០. យោងទៅតាមហេប្រឺ ១៣:១៧ ហេតុអ្វីយើងគួរសហការជាមួយពួកអ្នកចាស់ទុំ?
១០ ហេតុអ្វីយើងគួរសហការជាមួយពួកអ្នកចាស់ទុំនិងគាំទ្រការសម្រេចចិត្តរបស់ពួកគេ ទោះជាការសម្រេចចិត្តនោះមិនមែនជាអ្វីដែលយើងចង់បានក្ដី? ពីព្រោះពេលយើងធ្វើដូច្នេះ យើងជួយរក្សាឲ្យមានសាមគ្គីភាពក្នុងចំណោមរាស្ត្ររបស់ព្រះ។ (អេភ. ៤:២, ៣) ក្រុមជំនុំរីកចម្រើនពេលដែលទាំងអស់គ្នាចុះចូលដោយចិត្តរាបទាបចំពោះការសម្រេចចិត្តរបស់ក្រុមពួកអ្នកចាស់ទុំ។ (សូមអាន ហេប្រឺ ១៣:១៧) សំខាន់ជាងនេះទៅទៀត យើងបង្ហាញព្រះយេហូវ៉ាថាយើងទុកចិត្តលោក ដោយសហការជាមួយពួកអ្នកដែលលោកទុកចិត្តឲ្យមើលថែយើង។—សកម្ម. ២០:២៨
១១. តើអ្វីអាចជួយយើងឲ្យពង្រឹងទំនុកចិត្តរបស់យើងទៅលើការណែនាំដែលយើងទទួលពីពួកអ្នកចាស់ទុំ?
១១ យើងអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើការណែនាំដែលយើងទទួលពីពួកអ្នកចាស់ទុំដោយចាំថា ពួកគេអធិដ្ឋានសុំឫទ្ធានុភាពបរិសុទ្ធពេលពិចារណាអំពីរឿងផ្សេងៗក្នុងក្រុមជំនុំ។ ពួកគេក៏ពិចារណាយ៉ាងដិតដល់អំពីគោលការណ៍គម្ពីរដែលជាប់ទាក់ទងនឹងរឿងនោះ និងការណែនាំដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ។ ពួកគេពិតជាចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយមើលថែរាស្ត្ររបស់លោកឲ្យបានល្អបំផុត។ បងប្អូនប្រុសដ៏ស្មោះត្រង់ទាំងនេះដឹងថាពួកគេត្រូវទទួលខុសត្រូវចំពោះព្រះស្ដីអំពីរបៀបដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ (១ពេ. ៥:២, ៣) សូមគិតអំពីចំណុចនេះ ក្នុងពិភពលោកដែលបែកបាក់គ្នាដោយសារពូជសាសន៍ សាសនា និងនយោបាយ រាស្ត្ររបស់ព្រះយេហូវ៉ាមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះពិតតែមួយ។ នេះអាចកើតឡើងបានដោយសារតែព្រះយេហូវ៉ាជួយអង្គការរបស់លោក!
១២. តើពួកអ្នកចាស់ទុំត្រូវគិតយ៉ាងដិតដល់អំពីអ្វីខ្លះ ពេលស្វែងយល់ថាបុគ្គលណាម្នាក់បានប្រែចិត្តឬយ៉ាងណា?
១២ ព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចសំខាន់ដល់ពួកអ្នកចាស់ទុំដើម្បីរក្សាក្រុមជំនុំឲ្យស្អាតស្អំ។ បើគ្រិស្តសាសនិកណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកចាស់ទុំពិនិត្យពិចារណាថា តើបុគ្គលនោះអាចបន្ដនៅក្នុងក្រុមជំនុំឬយ៉ាងណា? ក្នុងចំណោមរឿងផ្សេងៗ ពួកគេត្រូវស្វែងយល់ថាតើបុគ្គលនោះពិតជាស្ដាយក្រោយចំពោះអ្វីដែលគាត់បានធ្វើឬទេ? គាត់ប្រហែលជាអះអាងថាគាត់ប្រែចិត្ត ប៉ុន្តែតើគាត់ពិតជាស្អប់អ្វីដែលគាត់បានធ្វើឬទេ? តើគាត់តាំងចិត្តមិនប្រព្រឹត្តអំពើខុសឆ្គងនោះម្ដងទៀតឬ? បើការសេពគប់អាក្រក់បាននាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គង តើគាត់សុខចិត្តឈប់រាប់អានពួកអ្នកទាំងនោះឬទេ? ពួកអ្នកចាស់ទុំអធិដ្ឋានទៅព្រះយេហូវ៉ា ហើយពិចារណាអំពីហេតុការណ៍ពិត និងអ្វីដែលគម្ពីរចែង ព្រមទាំងអារម្មណ៍របស់អ្នកប្រព្រឹត្តអំពើខុសឆ្គងនោះចំពោះអ្វីដែលគាត់បានធ្វើ។ ក្រោយមក ពួកគេសម្រេចចិត្តថាអ្នកប្រព្រឹត្តអំពើខុសឆ្គងនោះអាចបន្តនៅក្នុងក្រុមជំនុំឬយ៉ាងណា។ ក្នុងករណីខ្លះ ត្រូវបណ្ដាច់មិត្តភាពបុគ្គលនោះ។—១កូ. ៥:១១-១៣
១៣. តើយើងប្រហែលជាបារម្ភអំពីអ្វី បើមិត្តភក្ដិឬសាច់ញាតិរបស់យើងបានត្រូវបណ្ដាច់មិត្តភាព?
១៣ តើអ្វីអាចល្បងលទំនុកចិត្តរបស់យើងទៅលើពួកអ្នកចាស់ទុំ? បើបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពមិនមែនជាមិត្តជិតស្និទ្ធឬសាច់ញាតិ យើងប្រហែលជាស្រួលយល់ស្របនឹងការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំ។ ប៉ុន្តែ យើងប្រហែលជាមានអារម្មណ៍ផ្សេងបើបុគ្គលដែលបានបណ្ដាច់មិត្តភាពនោះជាបុគ្គលជិតស្និទ្ធនឹងយើង។ យើងប្រហែលជាបារម្ភថាពួកអ្នកចាស់ទុំមិនពិចារណារកហេតុការណ៍ពិតទាំងអស់ ឬយើងប្រហែលជាឆ្ងល់ថា តើពួកគេពិតជាវិនិច្ឆ័យរឿងនោះដូចព្រះយេហូវ៉ាឬយ៉ាងណា? តើអ្វីអាចជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះការសម្រេចចិត្តនោះ?
១៤. បើពួកអ្នកចាស់ទុំសម្រេចចិត្តថាមិត្តភក្ដិឬសាច់ញាតិណាម្នាក់របស់យើងគួរបណ្ដាច់មិត្តភាព តើអ្វីអាចជួយយើង?
១៤ យើងគួរចាំថាការបណ្ដាច់មិត្តភាពគឺជាការរៀបចំរបស់ព្រះយេហូវ៉ា ហើយថានោះផ្ដល់ប្រយោជន៍ដល់ក្រុមជំនុំ និងអាចជួយអ្នកប្រព្រឹត្តអំពើខុសឆ្គងផងដែរ។ បើអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តបានត្រូវអនុញ្ញាតឲ្យបន្ដនៅក្នុងក្រុមជំនុំ គាត់អាចនាំឲ្យអ្នកឯទៀតប្រព្រឹត្តអំពើខុសឆ្គងដែរ។ (កាឡ. ៥:៩) បន្ថែមទៅទៀត គាត់ប្រហែលជាមិនទទួលស្គាល់ថាអំពើខុសឆ្គងរបស់គាត់គឺធ្ងន់ធ្ងរទេ ហើយគាត់ប្រហែលជាគិតថាគាត់មិនចាំបាច់កែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់គាត់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ាឡើងវិញឡើយ។ (អទ. ៨:១១) យើងអាចប្រាកដថា ពេលពួកអ្នកចាស់ទុំសម្រេចចិត្តថាគួរបណ្ដាច់មិត្តភាពបុគ្គលណាម្នាក់ឬយ៉ាងណា ពួកគេយល់ថានេះជាភារកិច្ចដ៏ធ្ងន់ធ្ងរ។ ដូចពួកអ្នកសម្រេចក្ដីនៅអ៊ីស្រាអែលសម័យបុរាណ ពួកគេទទួលស្គាល់ថាពួកគេ«មិនមែនវិនិច្ឆ័យតាងនាមមនុស្សណាម្នាក់ទេ តែតាងនាមព្រះ[យេហូវ៉ា]វិញ»។—២ប្រ. ១៩:៦, ៧
ការទុកចិត្តព្រះយេហូវ៉ានៅឥឡូវនេះ បង្ហាត់បង្រៀនយើងសម្រាប់ថ្ងៃអនាគត
តើអ្វីនឹងជួយយើងឲ្យទុកចិត្ត និងធ្វើតាមការណែនាំដែលយើងទទួលក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង? (សូមមើលវគ្គ១៥)
១៥. ហេតុអ្វីយើងត្រូវទុកចិត្តការណែនាំពីព្រះយេហូវ៉ានៅឥឡូវនេះច្រើនជាងពេលមុន?
១៥ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ យើងត្រូវទុកចិត្តអ្វីៗដែលព្រះយេហូវ៉ាធ្វើជាងពេលមុនៗទៅទៀត។ ហេតុអ្វី? ពីព្រោះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងប្រហែលជាទទួលការណែនាំដែលមើលទៅចម្លែក ពិបាកធ្វើតាម ឬមិនសមហេតុសមផល។ ព្រះយេហូវ៉ានឹងមិននិយាយមកយើងដោយផ្ទាល់ទេ។ លោកទំនងជានឹងផ្ដល់ការណែនាំតាមរយៈពួកអ្នកដែលលោកបានតែងតាំង។ ពេលនោះនឹងមិនមែនជាពេលឲ្យយើងសង្ស័យលើការណែនាំឬឆ្ងល់ថា ‹តើការណែនាំនោះពិតជាមកពីព្រះយេហូវ៉ា ឬតើនេះគ្រាន់តែជាមតិយោបល់របស់បងប្អូនប្រុសដែលនាំមុខ?›។ តើអ្នកនឹងទុកចិត្តព្រះយេហូវ៉ានិងអង្គការរបស់លោកក្នុងអំឡុងគ្រាដ៏សំខាន់នោះឬទេ? ចម្លើយចំពោះសំណួរនេះ អាចសឲ្យឃើញតាមរយៈទស្សនៈរបស់អ្នកនៅឥឡូវនេះចំពោះការណែនាំដែលអ្នកទទួលពីពួកអ្នកដែលនាំមុខ។ បើអ្នកទុកចិត្តការណែនាំដែលយើងទទួលនៅសព្វថ្ងៃនេះ ហើយឆាប់ធ្វើតាម អ្នកទំនងជានឹងធ្វើដូចគ្នាក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។—លូក. ១៦:១០
១៦. តើទំនុកចិត្តរបស់យើងទៅលើការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាប្រហែលជានឹងល្បងលនៅថ្ងៃអនាគតឆាប់ៗខាងមុខនេះយ៉ាងដូចម្ដេច?
១៦ យើងក៏ត្រូវគិតយ៉ាងដិតដល់អំពីប្រតិកម្មរបស់យើងចំពោះការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅទីបញ្ចប់នៃពិភពលោកដ៏ទុច្ចរិតនេះ។ ឥឡូវនេះ យើងសង្ឃឹមថាមនុស្សជាច្រើនដែលមិនបម្រើព្រះយេហូវ៉ា រួមទាំងសាច់ញាតិរបស់យើងដែលមិនមែនជាសាក្សី នឹងសម្រេចចិត្តបម្រើលោកមុនទីបញ្ចប់មកដល់។ ប៉ុន្តែនៅសង្គ្រាមអាម៉ាគេដូន តាមរយៈលោកយេស៊ូព្រះយេហូវ៉ានឹងធ្វើការសម្រេចចិត្តអំពីអនាគតរបស់ពួកគេ។ (ម៉ាថ. ២៥:៣១-៣៣; ២ថែ. ១:៧-៩) យើងនឹងមិនមែនជាអ្នកសម្រេចចិត្តថាអ្នកណានឹងទទួលសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា ហើយថាអ្នកណានឹងមិនទទួលនោះទេ។ (ម៉ាថ. ២៥:៣៤, ៤១, ៤៦) តើយើងនឹងអាចទុកចិត្តទៅលើការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា ឬតើយើងនឹងឈប់បម្រើលោកដោយសារយើងមិនយល់ស្របនឹងការសម្រេចចិត្តរបស់លោក? ច្បាស់ណាស់ យើងត្រូវពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ានៅឥឡូវនេះ ដើម្បីយើងនឹងទុកចិត្តលោកទាំងស្រុងនៅថ្ងៃអនាគត។
១៧. តើយើងនឹងទទួលប្រយោជន៍អ្វីពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ?
១៧ សូមស្រមៃគិតថាយើងនឹងមានអារម្មណ៍យ៉ាងណាទៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា ពេលឃើញលទ្ធផលនៃការវិនិច្ឆ័យរបស់លោក។ ពេលនោះនឹងលែងមានសាសនាមិនពិត អ្នករកស៊ីដែលលោភលន់ ឬរដ្ឋាភិបាលដែលជិះជាន់ប្រជាជន និងធ្វើឲ្យពួកគេរងទុក្ខ។ បញ្ហាសុខភាព ភាពចាស់ជរា និងការស្លាប់របស់បុគ្គលជាទីស្រឡាញ់ នឹងលែងមានទៀតក្នុងជីវិតប្រចាំថ្ងៃ។ សាថាននិងពួកវិញ្ញាណកំណាចនឹងមិនមានឥទ្ធិពលទៅលើមនុស្សជាតិអស់មួយពាន់ឆ្នាំ។ ផលអាក្រក់ទាំងអស់ដែលមកពីការបះបោររបស់ពួកវានឹងមិនមានទៀតឡើយ។ (បប. ២០:២, ៣) នៅពេលនោះ យើងនឹងសប្បាយចិត្តណាស់ដែលយើងបានទុកចិត្តអ្វីៗដែលព្រះយេហូវ៉ាធ្វើ!
១៨. តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់ជនជាតិអ៊ីស្រាអែលដែលបានត្រូវកត់ទុកនៅជំរឿនបណ្ដាជន ១១:៤-៦ និង២១:៥?
១៨ តើជីវិតនៅក្នុងពិភពលោកថ្មីប្រហែលជានឹងនាំឲ្យមានការពិបាកខ្លះដែលអាចល្បងលទំនុកចិត្តរបស់យើងទៅលើការប្រព្រឹត្តរបស់ព្រះយេហូវ៉ាឬទេ? ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងមិនយូរក្រោយពីជនជាតិអ៊ីស្រាអែលបានត្រូវរំដោះចេញពីការធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីប។ អ្នកខ្លះបានចាប់ផ្ដើមត្អូញត្អែរ ដោយសារពួកគេនឹកអាហារស្រស់ៗដែលពួកគេធ្លាប់បរិភោគនៅទីនោះ ហើយពួកគេបានមើលងាយម៉ាណាដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ។ (សូមអាន ជំរឿនបណ្ដាជន ១១:៤-៦; ២១:៥) តើយើងប្រហែលជានឹងមានគំនិតស្រដៀងនឹងនោះក្រោយពីគ្រាទុក្ខវេទនាជាខ្លាំងបានត្រូវបញ្ចប់ឬទេ? យើងមិនដឹងថានឹងមានកិច្ចការច្រើនយ៉ាងណាដើម្បីសម្អាតផែនដី ហើយបន្តិចម្ដងៗធ្វើឲ្យផែនដីទៅជាសួនឧទ្យានទេ។ នៅពេលនោះ ទំនងជានឹងមានការងារច្រើនដើម្បីធ្វើ ហើយនៅដើមដំបូងជីវិតយើងប្រហែលជាមិនស្រួលឡើយ។ តើយើងនឹងត្អូញត្អែរអំពីអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យនៅពេលនោះឬទេ? បើយើងមានចិត្តកតញ្ញូចំពោះអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យនៅឥឡូវនេះ យើងនឹងកាន់តែមានចិត្តកតញ្ញូចំពោះអ្វីដែលលោកនឹងផ្ដល់ឲ្យនៅពេលនោះ។
១៩. តើអ្នកនឹងសង្ខេបមេរៀនសំខាន់ពីអត្ថបទនេះយ៉ាងដូចម្ដេច?
១៩ យើងត្រូវតែជឿជាក់ថាការប្រព្រឹត្តរបស់ព្រះយេហូវ៉ាតែងតែត្រឹមត្រូវ។ យើងក៏ត្រូវមានទំនុកចិត្តទៅលើពួកអ្នកដែលព្រះយេហូវ៉ាទុកចិត្តឲ្យធ្វើតាមការណែនាំពីលោក។ សូមកុំភ្លេចពាក្យដែលព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយរបស់លោកថា៖ «ចូររក្សាចិត្តស្ងប់និងមានទំនុកចិត្តលើខ្ញុំ នោះអ្នករាល់គ្នា នឹងមានកម្លាំងឡើងវិញ»។—អេ. ៣០:១៥
ចម្រៀងលេខ៩៨ បទគម្ពីរគឺមកពីព្រះ
a អត្ថបទនេះនឹងជួយយើងឲ្យយល់អំពីមូលហេតុដែលយើងត្រូវតែពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ា និងពួកអ្នកដែលលោកបានតែងតាំងនៅផែនដី។ យើងក៏នឹងពិចារណាអំពីប្រយោជន៍ដែលយើងទទួលនៅឥឡូវនេះពីការធ្វើដូច្នេះ និងរបៀបដែលនេះជួយយើងឲ្យត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការពិបាកនៅថ្ងៃអនាគត។
b ជួនកាលអាចមានស្ថានភាពពិសេសដែលតម្រូវឲ្យបុគ្គលម្នាក់ឬក្រុមគ្រួសារមួយបន្ដនៅក្រុមជំនុំដដែល។ សូមមើល«ប្រអប់សំនួរ» នៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ២០០២។