ប្រអប់សំនួរ
◼ តើការរួបរួមជាមួយក្រុមជំនុំដែលមានតំបន់ផ្សាយជុំវិញផ្ទះយើង មានប្រយោជន៍អ្វីខ្លះ?
តាមរយៈក្រុមជំនុំ យើងទទួលការលើកទឹកចិត្ត ដែល ‹បណ្ដាលឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ ហើយប្រព្រឹត្តការល្អ›។ (ហេ. ១០:២៤, ២៥) យើងរៀននូវសេចក្ដីពិត ហើយក្រុមជំនុំបានជួយយើងឲ្យមានសមត្ថភាព ដើម្បីបំពេញភារកិច្ចបញ្ចុះបញ្ចូលឲ្យមានសិស្ស ។ (ម៉ាថ. ២៨:១៩, ២០) យើងទទួលកម្លាំងដើម្បីស៊ូទ្រាំយ៉ាងស្មោះត្រង់ពេលមានទុក្ខលំបាកផ្សេងៗ ហើយក៏មានពួកអ្នកត្រួតពិនិត្យដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដើម្បីជួយយើងពុះពារទៅមុខជានិច្ចទោះជាមានការបង្ខិតបង្ខំនិងកង្វល់កាន់តែច្រើនក៏ដោយ។ ក្រុមជំនុំពិតជាមានមុខនាទីសំខាន់ណាស់ ក្នុងការជួយយើងឲ្យរស់នៅខាងវិញ្ញាណតទៅទៀត។ ប៉ុន្តែ តើការរួបរួមជាមួយក្រុមជំនុំដែលមានតំបន់ផ្សាយជុំវិញផ្ទះយើង មានប្រយោជន៍មែនឬ?
កាលៈទេសៈក្នុងជីវិតនៃបងប្អូនម្នាក់ៗ គឺខុសស្រឡះពីគ្នា ហើយក៏មានកត្ដាផ្សេងៗ ដូចជាការងារធ្វើរបស់យើង គូដែលមិនមានជំនឿដូចយើង និងរបៀបធ្វើដំណើរទៅឯកិច្ចប្រជុំជាដើម អាចមានឥទ្ធិពលទៅលើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីការជ្រើសរើសឲ្យចូលរួមក្រុមជំនុំមួយណា។ ប៉ុន្តែ ពេលដែលបងប្អូនរួបរួមជាមួយក្រុមជំនុំដែលមានតំបន់ផ្សាយនៅជុំវិញផ្ទះខ្លួន នេះមានប្រយោជន៍ជាក់លាក់ខាងវិញ្ញាណផង ហើយមានប្រយោជន៍ផ្សេងៗទៀតដែរ។ ពួកអ្នកចាស់ទុំអាចទាក់ទងនឹងបងប្អូនអ្នកផ្សាយនិមួយៗបានលឿនជាង បើមានគ្រាអាសន្ន។ ប្រអប់សំនួរពីមុនៗក៏មានបញ្ជាក់ពីប្រយោជន៍ផ្សេងៗទៀតដែរ។—ខែឧសភា ឆ្នាំ១៩៩១, ខែមីនា ឆ្នាំ១៩៧៦, ខែមករា ឆ្នាំ១៩៦៧ (ជាភាសាអង់គ្លេស)
តាមធម្មតា ការចូលរួមកិច្ចប្រជុំជិតៗផ្ទះយើងនោះ គឺស្រួលជាង ក៏ហុចឱកាសឲ្យយើងទៅដល់សាលប្រជុំមុនម៉ោងដើម្បីពិភាក្សាជាមួយនឹងបងប្អូនឯទៀត យើងអាចរួមច្រៀងចំរៀងព្រមទាំងអធិស្ឋានជាមួយនឹងពួកគេពេលដែលចាប់ផ្ដើមកម្មវិធី ហើយបើមានការបន្ដិចបន្តួចយើងអាចធ្វើឲ្យហើយមុនបាន។ ពេលដែលមានអ្នកចាប់អារម្មណ៍ថ្មីៗរស់នៅក្នុងតំបន់របស់យើង គឺស្រួលឲ្យយើងទៅជួបនិងបង្រៀនពួកគេអំពីព្រះគម្ពីរ ទាំងស្រួលអញ្ជើញពួកគេឲ្យមកកិច្ចប្រជុំដែរ។
យើងជឿជាក់ថា មេគ្រួសារម្នាក់ៗនឹងពិចារណាគិតអំពីរឿងនេះ ព្រមទាំងអធិស្ឋានផង ហើយគិតថ្លឹងថ្លែងកត្ដាទាំងឡាយដើម្បីសម្រេចចិត្តថា ផ្លូវណានឹងផ្ដល់គុណប្រយោជន៍ច្រើនបំផុត ទាំងខាងវិញ្ញាណនិងខាងផ្លូវកាយរបស់ក្រុមគ្រួសារ។—១ធី. ៥:៨