៧ «ហាដេស»និង«ហ្ស៊ីអូល» ផ្នូរទូទៅរបស់មនុស្សជាតិ
ភាសាក្រិច ᾅδης (ហាដេស); ភាសាឡាតាំង in·ferʹnus (អ៊ីនហ៊្វៃនូស); ភាសាហេប្រឺ שאול (ហ្ស៊ីអូល) ភាសាស៊ីរីអាក់ (ហ្ស៊ីអ៊ូល) «ស្ថានឃុំព្រលឹងមនុស្សស្លាប់»
មិនមែនជាការបកប្រែត្រឹមត្រូវ
ពាក្យហាដេសមាន១០ដង
ពាក្យហាដេស ប្រហែលជាមានន័យថា«ទីដែលមើលមិនឃើញ»។ ពាក្យនេះមាន១០ដងក្នុងសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ខគម្ពីរទាំង១០នោះគឺ ម៉ាថាយ ១១:២៣; ១៦:១៨; លូកា ១០:១៥; ១៦:២៣; សកម្មភាព ២:២៧, ៣១; ការបើកបង្ហាញ ១:១៨; ៦:៨; ២០:១៣, ១៤។
ក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យហ្ស៊ីអូលមានន័យដូចគ្នានឹងពាក្យហាដេស ហើយពាក្យនោះមាន៦៦ដងក្នុងសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរភាសាហេប្រឺ។ នៅសកម្មភាព ២:២៧ ពេត្រុសដកស្រង់ពីទំនុកតម្កើង ១៦:១០។ ខនោះបង្ហាញថាហាដេសមានន័យដូចពាក្យហ្ស៊ីអូល ហើយក៏សំដៅទៅផ្នូរទូទៅរបស់មនុស្សជាតិ (ខុសពីពាក្យថាហ្វុស ដែលសំដៅទៅផ្នូរមួយ)។ ពាក្យឡាតាំងដែលមានន័យដូចហាដេសគឺអ៊ីនហ៊្វៃនូស (ជួនកាលអ៊ីនហ៊្វៃរុស)។ ពាក្យនេះមានន័យថា«ដែលស្ថិតនៅខាងក្រោម»ឬ«តំបន់ខាងក្រោម» ហើយពាក្យនេះពណ៌នាយ៉ាងត្រឹមត្រូវអំពីទីបញ្ចុះសព។ ដូច្នេះ ពាក្យនេះគឺសមនឹងប្រើក្នុងន័យស្រដៀងនឹងពាក្យភាសាក្រិចនិងភាសាហេប្រឺ។
ក្នុងគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ពាក្យហាដេសនិងហ្ស៊ីអូលទាក់ទងនឹងសេចក្ដីស្លាប់ និងមនុស្សស្លាប់ មិនមែនទាក់ទងនឹងជីវិត និងមនុស្សរស់ទេ។ (ការបើកបង្ហាញ ២០:១៣) ពាក្យទាំងនេះមិនបង្ហើបអត្ថន័យអំពីសេចក្ដីរីករាយ ឬការឈឺចាប់សោះឡើយ។
ពាក្យហ្ស៊ីអូលក្នុងបទគម្ពីរភាសាហេប្រឺ
មានគេផ្ដល់យោបល់ជាច្រើនអំពីឫសគល់នៃពាក្យហេប្រឺហ្ស៊ីអូល ក៏ប៉ុន្តែតាមមើលទៅ ពាក្យនេះក្លាយមកពីកិរិយាសព្ទហេប្រឺ שׁאל(ហ្សាអាល) ដែលមានន័យថា«សួរ»ឬ«សុំ»។ នេះបញ្ជាក់ថាហ្ស៊ីអូលជាកន្លែងមួយក្នុងន័យធៀប (មិនមែនជាស្ថានភាពមួយទេ) ដែលចង់បានឬទាមទារមនុស្សទាំងអស់ឥតរើសមុខ ដោយសារហ្ស៊ីអូលទទួលមនុស្សស្លាប់ទុកក្នុងនោះ។ ហ្ស៊ីអូលនៅក្នុងផែនដី តែងជាប់ទាក់ទងនឹងមនុស្សស្លាប់ ហើយមានន័យច្បាស់ថាជាផ្នូរទូទៅរបស់មនុស្សជាតិ ទីបញ្ចុះសព ឬកន្លែងក្នុងដីដែលមានមនុស្សស្លាប់ (មិនមែននៅក្នុងសមុទ្រទេ)។ ផ្ទុយទៅវិញ ពាក្យហេប្រឺកេវឺ សំដៅទៅផ្នូរ ឬកន្លែងបញ្ចុះសពរបស់មនុស្សម្នាក់។—លោកុប្បត្ដិ ២៣:៤, ៦, ៩, ២០